បណ្ណាល័យ
មេរៀន​ទី ១១២ ៖ កូរិនថូស ទី១ ១៥:៣០-១៦:២៤


មេរៀន​ទី ១១២

កូរិនថូស ទី១ ១៥:៣០-១៦:២៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​បន្ត​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​ការ​រស់​ឡើង​វិញ ។ លោក​បាន​រីករាយ​នៅ​ក្នុង​ជ័យ​ជំនះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​លើ​សេចក្ដី​ស្លាប់ ។ ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ ឲ្យធ្វើការ​បរិច្ចាគ​សម្រាប់​ពួក​បរិសុទ្ធ​ក្រីក្រ​នៅ​យេរូសាឡិម ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ១៥:៣០-៥២

ប៉ុល​បង្រៀន​អំពី​ការ​រស់​ឡើង​វិញ

សូមសរសេរសំណួរខាងក្រោម​នេះ​នៅលើ​ក្ដារ​ខៀនពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​មនុស្ស​អាច​នឹង​ជ្រើស​យក​ការ​មាន​ជីវិត​រស់​នៅ​តាម​របៀប​ណា ប្រសិន​បើ​ពួកគេ​មិន​បាន​ជឿ​ថា ពួកគេ​នឹង​រស់​ឡើងវិញ​​ម្ដង​ទៀត​បន្ទាប់​ពី​ពួកគេ​បាន​ស្លាប់​ផង​នោះ ?

នៅពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នៅ​លើ​ក្ដារខៀន ។

សូម​សង្ខេប កូរិនថូសទី ១ ១៥:៣០–៣៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​សុំ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ( ដែល​មួយ​ចំនួន​ជឿ​ខុស​ថា នឹង​គ្មាន​ការ​រស់​ឡើង​វិញ​ទេ ) ឲ្យ​ពិចារណា​​ពី​ហេតុផល​ដែល​មនុស្ស​ម្នាក់​ ដែល​បាន​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ នឹង​ស៊ូទ្រាំ​នូវ​ការ​បៀត​បៀន ហើយ​ស៊ូ​ស្លាប់ ប្រសិន​បើ​គ្មាន​ការ​រស់​ឡើង​វិញ​ពី​ស្លាប់​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១៥:៣២​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា​ប៉ុល​បានណែនាំ​ពី​លក្ខណៈ​អ្វីខ្លះ​ដែល​មនុស្ស​មួយ​ចំនួន​អាច​មាន ប្រសិន​បើ​គ្មាន​ការ​រស់​ឡើង​វិញ​ពី​ស្លាប់​ទេ​នោះ ។

  • យោង​តាម ខ​ទី ៣២ តើ​ប៉ុល​បាន​ណែនាំ​ពី​លក្ខណៈ​អ្វីខ្លះ ដែល​មនុស្ស​មួយ​ចំនួន​អាច​មាន ប្រសិន​បើ​ពួកគេ​មិន​ជឿ​លើ​ការ​រស់​ឡើង​វិញ​នោះ ?

  • ដោយសារ​ការ​រស់​ឡើង​វិញ​មាន​ពិត ហេតុអ្វី​លក្ខណៈ​នេះ​ជា​រឿង​គ្រោះថ្នាក់ ​ដើម្បីសម្រប​តាម ?

នៅ​ពេល​ពួកគេ​សិក្សា​ផ្នែក​ដែលនៅសល់​នៃ កូរិនថូសទី១ ១៥ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ការ​មាន​ចំណេះដឹង​មួយ​អំពី​ការ​រស់​ឡើង​វិញ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ជ្រើស​រើស​របស់​ពួកគេ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​យ៉ាង​ដូចម្ដេច ។ (កំណត់​ចំណាំ ៖ នៅ​ពេល​សេចក្ដីពិត​នានា​បាន​បង្ហាញ​ឡើង សូម​សរសេរ​វា​នៅ​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១៥:៣៥​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​ដែល​មនុស្ស​ទូទៅ​ អាច​សួរ​អំពី​ការ​រស់​ឡើង​វិញ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេប កូរិនថូសទី ១ ១៥:៣៦–៣៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ ដោយ​ប្រើ​គ្រាប់​ពូជ​មួយ​​ធ្វើ​ជា​តំណាង​ឲ្យ​រូបកាយ​រមែង​ស្លាប់ បន្ទាប់​ពី​សេចក្ដី​ស្លាប់ ហើយ​បញ្ចុះទៅ​ក្នុង​ដី​នឹង​លេចចេញ​មក​ជា​​ការ​រស់​ឡើង​វិញ ។

សូម​ដាក់​បង្ហាញ ( ឬ ​គូរ​រូប​នៅ​លើ​ក្ដារ​ខៀន ) រូបភាព ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​មួយ​ចំនួន ។

រូបភាព
drawing, sun, moon, stars
  • ចេញ​ពី​ទស្សនវិស័យ​របស់​យើង​នៅ​លើ​ផែនដី​នេះ តើ​ពន្លឺ​ព្រះអាទិត្យ​ខុស​គ្នា​ពី​ពន្លឺ​ព្រះចន្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ពន្លឺ​ព្រះចន្ទ​ខុស​ពី​ពន្លឺ​ផ្កាយ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានកូរិនថូសទី ១ ១៥:៣៩-៤២​​ឲ្យឮៗ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង ខ​ទី ៤០​ចែង​ថា « ក៏​មាន​រូប​កាយ​ទាំង​ឡាយ​ខាង​សេឡេស្ទាល និង​រូប​កាយ​ទាំង​ឡាយ​ខាង​ទេរេសទ្រាល និង​រូប​កាយ​ទាំង​ឡាយ​ខាង​ទេឡេស្ទាល ប៉ុន្តែ​សិរី​ល្អ​របស់​សេឡេស្ទាល នោះ​មួយ និង​របស់​ទេរេសទ្រាល នោះ​មួយ​ផ្សេង​ទៀត និង​របស់​ទេឡេស្ទាលនោះ​មួយ​ផ្សេង​ទៀត » ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​ប៉ុល​បាន​ប្រើ​ពន្លឺ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ ដើម្បី​ពន្យល់​ពី​ភាពខុស​គ្នា​នៅ​ក្នុង​រូបកាយ​​ដែល​បាន​រស់​ឡើង​វិញ​យ៉ាង​ដូចម្ដេច ។ សូម​ពន្យល់ថា​នៅក្នុ​ង​បរិបទ​នេះ​ ពាក្យ​សិរីល្អ អាច​សំដៅ​ទៅ​លើ​ពន្លឺ ភាព​រុង​រឿង ឬ​ប្រាជ្ញា ។

  • តើ​ប៉ុល​បាន​ប្រៀប​ធៀប​សិរីល្អ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ទៅនឹង​អ្វី ? ( សិរីល្អ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ) ។

  • តើ​ភាព​ខុស​គ្នា​នៅ​ក្នុង​ពន្លឺ ឬ​សិរីល្អ​អាច​បង្រៀន​យើង​អ្វីខ្លះ​ អំពី​រូបកាយ​​ដែល​បាន​រស់​ឡើង​វិញ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​ពី​គោលលទ្ធិ​ខាង​ក្រោម​​នេះ ៖ សិរីល្អ​សម្រាប់​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​មាន​កម្រិត​ខុសៗ​គ្នា ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌិង ស្ម៊ីធ ​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ថា តើ​សិរីល្អ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​នឹង​ខុស​គ្នា​យ៉ាង​ដូចម្ដេច ។ ពីមុន​សិស្ស​អាន សូម​ពន្យល់​ថា កាល​ប្រធាន​ស្ម៊ីធ ថ្លែង​ពី « រូបកាយ​សេឡេស្ទាល » លោក​ចង់​សំដៅ​លើ​ជន​ដែល​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ( សូម​មើល គ. និង ស. ១៣១:១–៤ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នឹង​មាន​​ប្រភេទ​រូបកាយ​ខុសៗ​គ្នា រូបកាយ​ទាំងនោះ​នឹង​មិន​ដូច​គ្នា​ឡើយ ។ រូបកាយ​ដែល​មនុស្ស​ម្នាក់​ទទួល​បាន​ នឹង​កំណត់​អំពី​កន្លែង​របស់​គាត់​នៅ​នា​ពេល​ក្រោយ ។ វា​នឹង​មាន​ជា​រូបកាយ​សេឡេស្ទាល រូបកាយ​ទេរេសទ្រាល និង​រូបកាយ​ទេឡេស្ទាល ។ …

« … មនុស្ស​មួយ​ចំនួន​នឹង​ទទួល​បាន​រូបកាយ​សេឡេស្ទាល​ជាមួយ​នឹង​អំណាច​នៃ​ភាព​តម្កើង​ឡើង និង​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ជានិច្ច ។ រូបកាយ​ទាំងនេះ​ភ្លឺ​ចែង​ចាំង​ដូចជា​ព្រះអាទិត្យ ដូចដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​មាន​ដែរ ។ … ជន​ដែល​ចូល​ទៅ​ក្នុង​នគរ​ទេរេទ្រាល​នឹង​មាន​រូបកាយ​ទេរេទ្រាល ហើយ​វា​នឹង​មិន​ជះ​រស្មី​ដូចជា​ព្រះ​អាទិត្យ​ទេ ប៉ុន្តែ​វា​នឹង​រុង​រឿង​ជាង​រូបកាយ​នៃ​ជន​ដែល​ទទួល​បាន​សិរី​ល្អ​ទេឡេស្ទាល » ( ​Doctrines of Salvation និពន្ធដោយ Bruce R. McConkie វ៉ុល ៣ [ ឆ្នាំ​ ១៩៥៤–៥៦ ] ២:២៨៦, ២៨៧ ) ។

  • តើ​សិរីល្អ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​ខុស​គ្នា​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ពាក្យ​សេឡេស្ទាល​នៅ​ត្រង់​គំនូរ​ព្រះអាទិត្យ ​ពាក្យ ទេរេទ្រាល នៅ​ត្រង់​ព្រះចន្ទ និង​ពាក្យ ទេឡេស្ទាល​នៅ​ត្រង់​ផ្កាយ​លើ​ក្ដារ​ខៀន ។ នៅ​ក្រោម​គំនូរ ឬ រូបភាព​នីមួយៗ សូម​គូរ​ការពិពណ៌នាសាមញ្ញ​មួយ​នៃ​រាងកាយ ដោយ​រូបកាយ​សេឡេស្ទាល​មាន​សិរី​ល្អ​ច្រើន​ជាង​​រូបកាយ​ទេរេទ្រាល ហើយ​រូប​កាយ​ទេរេទ្រាល​​មាន​សិរីល្អ​ច្រើន​ជាង​រូប​កាយ​ទេឡេស្ទាល ។

រូបភាព
drawing, sun, moon, stars, stick figures
  • យោង​តាមប្រធាន​ ស្ម៊ីធ តើ​រូបកាយ ឬ​សិរី​ល្អ​ដែល​មនុស្ស​ម្នាក់​ទទួល​បាន​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នឹង​កំណត់ពី​អ្វីខ្លះ ?

  • យោង​តាមប្រធាន​ ស្ម៊ីធ តើ​ជន​ដែល​ទទួល​បាន​រូបកាយ​សេឡេស្ទាល​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​នឹង​ទទួល​បាន​អ្វីខ្លះ ​ជា​ផ្នែក​មួយ​នៃ​សិរីល្អ​របស់​ពួកគេ​ ខុស​ពី​ជន​ដែល​គ្មាន​រូបកាយ​សេឡស្ទាល ? ( សូម​សរសេរ អំណាច​នៃ​ការ​តម្កើង​ឡើង និង​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ជានិច្ច នៅ​​ក្រោម​គំនូរ​រូបកាយ​សេឡេស្ទាល ) ។

សូម​ពន្យល់​ថា « អំណាច​នៃ​ការ​តម្កើង​ឡើង » រួម​មាន​សមត្ថភាព​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដូច​ជា​ព្រះ ហើយ « ការ​រីកចម្រើន​ដ៏​អស់​កល្ប​ជា​និច្ច » គឺ​ជា​សមត្ថភាព​ដើម្បី​បន្ត​មាន​កូនចៅ​នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ។ ពរជ័យ​ទាំងនេះ​មាន​តែ​ចំពោះ​ជន​ដែល​ត្រូវ​បាន​តម្កើង​ឡើង​ នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ ( សូម​មើល គ. និង ស. ១៣១:១–៤, ១៣២:១៩–២០ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ​ដើម្បី​ទទួល​បាន​រូបកាយ​សេឡេស្ទាល​នៅ​ក្នុង​ការ​រស់​ឡើង​វិញ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២២​ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​រូបកាយ​សេឡេស្ទាល​មួយ ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​រូបកាយ​សេឡេស្ទាល​មួយ ? ( សូម​ពន្យល់​ថា ដើម្បី « នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល » [ ខ​ទី ២២​ ] មាន​ន័យ​ថា ត្រូវ​ទទួល​បាន​​​ពិធី​បរិសុទ្ធទាំងអស់ ហើយ​ធ្វើ និង​រក្សា​រាល់​សេចក្ដី​សញ្ញា​ដែល​ចាំបាច់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ) ។

  • តើ​ការ​ដឹង​អំពី​សិរីល្អ និង​ពរជ័យ​ដែល​មាន​តែ​ចំពោះ​មនុស្ស​​ដែល​បាន​រស់​ឡើង​វិញ​​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ​អាច​ជះឥទ្ធិពល​​ដល់​ការ​ជ្រើស​រើស​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កូរិនថូសទី ១ ១៥:៤២–៥២ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ជាក់​​បន្ថែម​ទៀត​​អំពី​លក្ខណៈ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ​ ។ លោក​បាន​ហៅ​រូបកាយ​រមែង​ស្លាប់​មួយ​ថា​ជា « រូបកាយ​ខាង​សាច់​ឈាម » ( ខ​ទី ៤៤, ​៤៦ ) ហើយ​ពុក​រលួយ និង​រូបកាយ​ដែល​រស់​ឡើង​វិញ​ជារូបកាយ « ខាង​វិញ្ញាណ » (ខ​ទី ៤៤, ៤៦ ) ហើយ « មិន​ពុក​រលួយ » ( ខ​ទី ៥២​ ) មាន​ន័យ​ថា អមតៈ ឬ​ពុំ​រង​សេចក្ដី​ស្លាប់​ឡើយ ។

កូរិនថូស​ទី១ ១៥:៥៣-៥៨

ប៉ុល​បាន​រីករាយ​នៅ​ក្នុង​ជ័យ​ជំនះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​លើ​សេចក្ដី​ស្លាប់

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៥:៥៣​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​គោលលទ្ធិ​ណាខ្លះ ដែល​ប៉ុល​បាន​បង្រៀន​​អំពី​គោលបំណង​នៃ​រូបកាយ​របស់​យើង នៅពេល​ដែល​យើង​រស់ឡើងវិញ ។

  • យោង​តាម ខ​ទី ៥៣ តើ​រូបកាយ​យើង​បន្ទាប់​ពីការ​រស់​ឡើង​វិញ​​នឹង​មាន​ស្ថានភាពបែបណា? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​​មួយ​ ដែល​ស្រដៀង​​គ្នា​នឹង​គោលលទ្ធិ​​ខាង​ក្រោម ៖ យើង​នឹង​រស់​ឡើង​វិញ​នៅ​ក្នុង​ស្ថានភាព​មួយ​​ដែល​មាន​រូបកាយ​ពុំ​ពុករលួយ ហើយ​អតមៈ​ ) ។

  • តើ​រូបកាយ​យើង​ដែល​បាន​រស់​ឡើង​វិញ​នឹង​ពុំ​ពុក​រលួយ​តាម​របៀប​ណា ? ( វា​នឹង​ពុំ​ពុក​រលួយ ឬ​ស្លាប់​ទៀត​ឡើយ ) ។

  • តើ​ការ​ដឹង​ថា​ យើង​ម្នាក់ៗ​នឹង​មាន​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ហើយ​ទទួល​បាន​កម្រិត​នៃ​សិរីល្អ​របស់​វា​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច​ អាច​ជះឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​​ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​យ៉ាង​ដូច​ម្ដេច ?

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​ពី​ផ្នែក​នៅសល់ស្ដីពី​សំបុត្រ​ទីមួយ​របស់​ប៉ុល​ទៅដល់​ពួក​​កូរិនថូស សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើក​ដៃ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​ត្រូវ​សត្វ​ល្អិត​ទិច ។

  • តើ​អ្នកនឹង​​រៀបរាប់​យ៉ាង​ដូចម្ដេច អំពី​បទពិសោធន៍សត្វ​ល្អិត​ទិច​នោះ​ ?

ចូរ​សុំ​ឲ្យ​សិស្ស​អាន កូរិនថូស ទី​១ ១៥:៥៤-៥៥ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា​អ្វី​ទៅ​ ដែល​ប៉ុល​បាន​និយាយ​ថា​នឹង​គ្មាន​ទ្រនិច​ទៀត​ឡើយ ។

  • តើ​អ្វី​ទៅ​ដែល​ប៉ុល​បាន​និយាយ​ថា​នឹង​គ្មាន​ទ្រនិច​ទៀត​ឡើយ ? ( សេចក្ដីស្លាប់​ខាង​រូបកាយ ) ។

  • តើ​សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម​អាច​ជា « ទ្រនិច » ( ខទី ៥៥ ) ឬ​ទំនង​ជា​យក​ឈ្នះ​លើ​យើង​បាន​យ៉ាង​ដូច​ម្ដេច ?

  • តើ​សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម​ត្រូវ​ « ​សេចក្ដី​ជ័យ​ជំនះ​បាន​លេប » ​​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ( ខទី ៥៤ )​ បាន​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ អំពី​ហេតុផល​ដែល​សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម​នឹង​គ្មាន​ទ្រនិច​ជា​អចិន្ត្រៃយ៍ ឬ​គ្មាន​​ជ័យ​ជំនះ​លើ​យើង​ទៀត​ឡើយនោះ ? ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សិស្ស​រកឃើញ​សេចក្ដី​ពិត​មួយ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូចតទៅ​នេះ ៖ សេចក្តីស្លាប់​ខាង​សាច់ឈាម​គ្មាន​ជ័យ​ជំនះ​លើ​យើង​ទៀត​ឡើយ ដោយសារ​តែ​ការ​រស់​ឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

សូម​ពន្យល់​ថា ទោះ​បី​ជា​ការ​រស់​ឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដក​យក​ទ្រនិច​ដែល​កើត​មក​ពី​សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម​ក្ដី ក៏​វា​អាច​នៅ​មាន​ទ្រនិច​មួយ​ទៀត​នៅ​ក្នុង​សេចក្ដី​ស្លាប់​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១៥:៥៦​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​ទ្រនិច​​ដែល​អាច​នៅ​មាន នៅ​ពេល​យើង​ស្លាប់​ទៅ ។

  • តើ​ទ្រនិច​​អាច​នៅ​មាន​​ នៅ​ពេល​យើង​ស្លាប់​ទៅគឺជាអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៥:៥៧-៥៨​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​បង្រៀន​ថា​អ្វី​ទៅ​ ដែល​អាច​ដក​យក​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​ដែល​កើត​ចេញ​ពី​អំពើ​បាប ។

  • តើ​ប៉ុល​បាន​បង្រៀន​ថា​អ្វី​ទៅ​ដែល​អាច​ដក​យក​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​ដែល​កើត​ចេញ​ពី​អំពើ​បាបនោះ ?

  • យោង​តាម ខទី ៥៨ តើ​ប៉ុល​បាន​អញ្ជើញ​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះ​ នៅ​ក្នុង ខ​ទី ៥៦–៥៨ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ចៀស​វាង​ពី​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​ដែល​កើត​ចេញ​ពី​អំពើ​បាប​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​បង្ហាញ​គោលការណ៍​ស្រដៀង​គ្នា​មួយ​ដូច​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ខ្ជាប់​ខ្ជួន ហើយ​នឹង​នរ​នៅ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ ចំណង​នៃ​សេចក្ដី​ស្លាប់​ដែល​កើត​ចេញ​ពី​អំពើ​បាប​ត្រូវ​បាន​ដក​ចេញ ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ  ) ។

  • តើ​ការ​ខ្ជាប់​ខ្ជួន ហើយ​នឹង​នរ​នៅ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ​មាន​ន័យ​ដូចម្ដេច ?

  • តើ​ការ​ប្រែចិត្ត​មាន​តួនាទី​អ្វី​ នៅ​ក្នុង​ការ​ខ្ជាប់​ខ្ជួន ហើយ​នឹង​នរ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រៀន សូម​យោងទៅ​សេចក្ដី​ពិត​នៅ​លើ​ក្ដារ​ខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​សម្រាប់​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះ​គម្ពីរ​​របស់​ពួកគេ នៅពេល​ពួកគេ​ឆ្លើយ​នឹង​សំណួ​រខាងក្រោម ៖ តើ​អ្នក​បាន​រៀន​ថា សេចក្ដីពិត​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចង់​រស់​នៅ​ដោយ​សុចរិត ? ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​អំពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ​ ដើម្បី​មាន​ភាព​ខ្ជាប់​ខ្ជួន ហើយ​នឹងនរ​នៅ​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ​កាន់​តែ​ខ្លាំង​ឡើង ។

កូរិនថូស​ទី១ ១៦

ប៉ុល​រៀបចំ​ការ​រៃ​អង្គាស​មួយ​ ដើម្បី​ជួយ​ដល់​ពួក​ក្រីក្រ​នៅ​ក្រុង​យេរូសាឡិម

សូម​សង្ខេប កូរិនថូសទី១ ១៦:១–២៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ ឲ្យ​ជួយ​មើល​ថែ​ដល់​ជន​ក្រីក្រ​នៅ​ក្រុង​យេរូសាឡិម « ឲ្យ​មាំមួន​ក្នុង​សេចក្ដី​ជំនឿ » ( ខទី ១៣ ) ហើយ​ធ្វើ​រឿង​ទាំងអស់ « ដោយ​សេចក្ដី​ស្រឡាញ់ » ( ខទី ១៤ ) ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​មេរៀន​នេះ ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—កូរិនថូសទី ១ ១៥:៤០-៤២

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​យក​ព្រះគម្ពីរ​របស់​ពួកគេ​ឡើង​មក​ខាងមុខ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​ចាត់​ទុកថា​ អ្នក​ជា​អ្នក​រៀន​ម្នាក់ ហើយ​ពួកគេ​គឺជាដៃគូ​ផ្សព្វផ្សាយ​សាសនា​ ដែល​កំពុង​បង្រៀន​អ្នក​អំពី​ផែនការ​នៃ​សេចក្ដី​​សង្គ្រោះ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ថា ពួកគេ​បាន​ដឹង​អ្វីខ្លះ​អំពី​សេចក្ដី​ស្លាប់ និង​ការ​រស់​ឡើង​វិញ ដោយ​ប្រើ​ចំណេះ​ចំណានខគម្ពីរ​ទាំងពីរ​នៅ​ក្នុង កូរិនថូសទី ១ ១៥ និង​ខគម្ពីរ​ផ្សេង​ទៀត​ដែល​អាច​មាន​ប្រយោជន៍ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​អ្វី​ផ្សេង​ទៀត ​ដែល​ពួកគេ​ចង់​ពន្យល់​អំពី​សេចក្ដី​ស្លាប់ និង​ការ​រស់​ឡើង​វិញ​ទៅ​ដល់​អ្នក​រៀន​ថ្មី​ម្នាក់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូស​ទី ១ ១៥:៤៤-៤៦ ។ « រស់​ឡើង​ជា​រូបកាយ​ខាង​វិញ្ញាណ »

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​​អំពី​រូបកាយ​ដែល​រស់​ឡើង​វិញ​ដូច​តទៅ​នេះ ៖

« មាន​ការ​បែក​ចេញ​មួយ​រវាង​រូបកាយ និង​វិញ្ញាណ​នៅ​ពេល​ស្លាប់ ។ ការ​រស់​ឡើង​វិញ​នឹង​ផ្គុំ​វិញ្ញាណ និង​រូបកាយ​ម្ដង​ទៀត ហើយ​រូបកាយ​ប្រែ​ជា​រូបកាយ​ខាង​វិញ្ញាណ ជា​រូប​កាយ​ដែល​មាន​សាច់ និង​ឆ្អឹង ប៉ុន្តែ​មាន​ជីវិត​ដោយសារ​វិញ្ញាណ ពុំ​មែន​ឈាម​នោះ​ទេ ។ ដូច្នេះ​ហើយ បន្ទាប់​ពី​ការ​រស់​ឡើង​វិញ រូបកាយ​របស់​​យើង​នឹង​មាន​ភាព អតមៈ និង​ពុំ​ស្លាប់​ទៀត​ឡើយ មាន​ជីវិត​ដោយ​វិញ្ញាណ ។ នេះ​គឺជា​អត្ថន័យ​នៃ​ឃ្លា​ដែល​ប៉ុល​បាន​លើក​ឡើង​ថា ‹ បើ​មាន​រូបកាយ​ខាង​សាច់​ឈាម នោះ​ក៏​មាន​រូបកាយខាង​វិញ្ញាណ​ដែរ › ហើយ ‹ ថា​សាច់ និង​ឈាម​ពុំ​អាច​គ្រង​នគរ​ព្រះ​បាន​ឡើយ › ។ រូបកាយ​ខាង​សាច់​ឈាម​គឺជា​សាច់ និង​ឈាម ប៉ុន្តែ​ដោយ​មាន​ជីវិត​ដោយសារ​តែ​វិញ្ញាណ​ជំនួស​ឲ្យ​ឈាម នោះ​វា​អាច ហើយ​វា​នឹង​ចូល​ទៅ​ក្នុង​នគរ​បាន » ( នៅ​ក្នុង Conference Report ខែ​ មេសា ឆ្នាំ​ ១៩៦៩ ទំព័រ ១៣៨ ) ។

កូរិនថូសទី១ ១៥:៤៥, ៤៩–៥៣ ។ « លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង » និង « លោក​អ័ដាម​ក្រោយ​បង្អស់ »

« លោក​អ័ដាម ‹ ដែល​ជា​មនុស្ស​មុន​ដំបូង › ( កូរិនថូសទី១ ១៥:៤៥,​ ​គ. និង ស. ៨៤:១៦ ) គឺជា​មនុស្ស​ដំបូង​ដែល​ទទួល​បាន​រូបកាយ​ខាង​សាច់​ឈាម ។ ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា ​‹ លោក​អ័ដាម​ក្រោយ​បង្អស់ › ឬ ‹ មនុស្ស​ទី​ពីរ › ( កូរិនថូសទី ១ ១៥:៤៥, ៤៧ ) គឺជា​អង្គ​ដំបូង​គេ​បង្អស់​ដែល​មាន​ព្រះជន្ម​ (រស់​ឡើង​វិញ) ហើយ​បាន​​ទទួល​ព្រះកាយ​មួយ​ដ៏​រុងរឿង ( សូម​មើល យ៉ូហាន ៥:២១, គ. និង ស. ៨៨:១៧ ) ។ សកម្មភាព​របស់​លោក​អ័ដាម ( ជាមួយ​នឹង​ការ​ធ្លាក់ ) និង​ព្រះយេស៊ូវ​គ្រីស្ទ ( ជាមួយ​នឹង​ដង្វាយធួន និង​ការ​រស់​ឡើង​វិញ ) គឺជា​កត្តា​ដ៏​ចាំបាច់​ទាំងពីរ​យ៉ាង​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ( សូម​មើល​បទអត្ថាធិប្បាយ​សម្រាប់ រ៉ូម ៥:១២–២១ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៨៨ ) ។

ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ដូច​តទៅ ៖

« វា​តម្រូវ​ឲ្យ​មាន​ដង្វាយធួន​ដ៏​និរន្តរ៍ ដើម្បី​ប្រោស​លោះ​អ័ដាម អេវ៉ា និង​ពូជពង្ស​ទាំងអស់​របស់​ពួកគាត់ ។ ដង្វាយធួន​នោះ​ត្រូវ​តែ​អាច​ជួយ​រូបកាយ​ខាង​សាច់​ឈាម​របស់​យើង​ឲ្យ​រស់​ឡើង​វិញ ហើយ​ផ្លាស់​ប្ដូរ [ សូម​មើល កូរិនថូសទី ១ ១៥:៥១–៥៣, នីហ្វៃទី៣ ២៨:៨ ] ទៅ​កាន់​រូបកាយ​​មួយ​ដែល​គ្មាន​ឈាម គ្មាន​ជំងឺ គ្មានការ​ខូច ឬ​សេចក្ដីស្លាប់​ទៀត​ឡើយ » ( « Constancy amid Change  Ensign ខែ​ វិច្ឆិកា ឆ្នាំ ​១៩៩៣ ទំព័រ ៣៤ ) ។

កូរិនថូស​ទី ១ ១៥:៥១-៥២ ។ « ក្នុង​មួយ​រំពេច »

នៅ​ក្នុង កូរិនថូសទី ១ ១៥:៥១ យើង​អាន​ថា ប៉ុល​បាន​ថ្លែង​ថា លោក​នឹង​បង្ហាញ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​អាថ៌​កំបាំង​​មួយ​ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ ។ កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​កំពុង​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច នោះ​ប៉ុល​បាន​បង្រៀន​ថា កាល​ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​កើត​ឡើង​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ស្មោះ​ត្រង់​ទាំងអស់​​ដែល​កំពុង​រស់​នៅ​លើ​ផែនដី​នឹង « បាន​លើក​ឡើង​ទៅ … ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស » ( ថែស្សាឡូនីចទី១ ៤:១៧ ) ។ ប៉ុល​បាន​បន្ថែម​ព័ត៌មាន​លម្អិត​មួយ​ទៀត​​ចំពោះ​​ការ​អធិប្បាយ​របស់​លោក ​អំពី​ព្រឹត្តិការណ៍​​ដែល​ទាក់​ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ​ ដែល​បាន​កត់​ត្រា​ទុក​នៅ​ក្នុង កូរិនថូសទី ១ ១៥:៥២ ។ ប៉ុល​បាន​បង្រៀន​ថា ជន​ដែល​មាន​ជីវិត​កាល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ នឹង​បន្ត​រស់​​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ប៉ុន្តែ​នឹង​ពុំ « ដេក​លក់ » ( កូរិនថូសទី១ ១៥:៥១ ) នៅ​ក្នុង​ផ្នូរ​កាល​ពួកគេ​ស្លាប់​នៅ​ក្នុង​សហសវត្សរ៍​ឡើយ ។ ផ្ទុយទៅវិញ ពួកគេ​នឹង​បាន​រស់​ឡើង​វិញ​ភ្លាមៗ « ក្នុង​មួយ​រំពេច » ( កូរិនថូសទី ១ ១៥:៥២ ) ។ ( សូមមើល​ផងដែរ គ. និង ស. ៦៣:៥០-៥១ ) ។

កូរិនថូសទី ១ ១៥:៥៥ ។ « ឱ​សេចក្តី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា ? »

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដក​យក​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម និង​ការ​រងទុក្ខ ៖

« អំណោយទាន​នៃ​ភាព​អមតៈ​សម្រាប់​មនុស្ស​លោក​តាមរយៈ​ភាព​ពិត​នៃ​កា​រស់​ឡើង​វិញ ​គឺជា​ការ​សន្យា​ដ៏​អស្ចារ្យ​មួយ​ថា ភាព​រីករាយ​របស់​យើង​នៅ​ក្នុង​អំណោយទាន​ដ៏​ធំ ហើយ​សប្បុរស​ទាំងនេះ​នឹង​រម្ងាប់​​នូវ​រាល់​ភាព​​សោកសៅ បន្ធូរ​នូវ​រាល់​ការ​ឈឺចាប់ បង្ក្រាប​​នូវ​រាល់​អារម្មណ៍ រំលាយ​នូវ​រាល់​ភាព​អស់​សង្ឃឹម ហើយ​បំបាត់​នូវ​រាល់​សោកនាដកម្ម » ( « All Hell Is Moved » [ Brigham Young University devotional ថ្ងៃ​ទី ​៨ ខែ វិច្ឆិកា ឆ្នាំ​១៩៧៧ ] ទំព័រ ៧, speeches.byu.edu ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​ទីបន្ទាល់​ពី​ភាព​ពិត​នៃ​ការ​រស់​ឡើង​វិញ និង​សេចក្ដី​ត្រូវការ​របស់​យើង​ចំពោះ​វា ៖

« ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​គ្រប់​រូប​ដែល​បាន​​រស់នៅ និង​​បាន​ស្លាប់​ទៅនៅ​លើ​ផែនដី​នេះ​ គឺជា​រឿង​មួយ​ដ៏​ពិត​​ប្រាកដ ហើយ​ច្បាស់លាស់​ដែល​គួរ​តែ​មាន​ការ​ត្រៀមខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​សម្រាប់​ព្រឹត្តិការណ៍​នេះ ។ ការ​រស់​ឡើង​វិញ​ដ៏​រុង​រឿង​មួយ​គួរ​តែ​ជា​គោលដៅ​របស់​បុរស​ស្ត្រី​គ្រប់​រូប ពីព្រោះ​ការ​រស់​ឡើង​វិញ​នឹង​ក្លាយ​ជា​ការ​ពិត » ( « The Meaning of Easter » Ensign ខែ មេសា ឆ្នាំ​ ១៩៩២ ទំព័រ ២ ) ។