បណ្ណាល័យ
សេចក្ដីផ្ដើម​អំពី​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់​ពួកកូរិនថូស


សេចក្ដីផ្ដើម​អំពីសំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់​ពួកកូរិនថូស

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សមាជិក​សាសនាចក្រ​ពី​បុរាណ​ដែល​រស់​នៅ​ក្រុង​កូរិនថូស​ បា​នជួប​ប្រទះនឹង​បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ដូចជា​ការ​មិន​ចុះសម្រុង​គ្នា ការ​បង្រៀន​ក្លែង​ក្លាយ និងភាព​អសីលធម៌ ។ នៅ​ក្នុង​កូរិនថូសទី ១ យើង​រៀន​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ទាំងនេះ​អំពី​របៀប​ដើម្បី​បង្កើន​សាមគ្គីភាព​នៅ​ក្នុង​សាសនាចក្រ របៀប​រៀន​រឿង​រ៉ាវ​របស់​ព្រះ តួនាទី​របស់​រូបកាយជា​ព្រះវិហារ​បរិសុទ្ធ លក្ខណៈ​នៃ​អំណោយទាន​ខា​ងវិញ្ញាណ សារៈ​សំខាន់​​នៃ​ការ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម និង​ភាពជាក់ស្តែង​នៃ​ការ​រស់​ឡើង​វិញ ។ នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី​ការ​បង្រៀន​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​កូរិនថូស​ទី ១ នោះ​សិស្ស​អាច​រៀន​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​រស់​នៅ​ដោយ​សុចរិត ទោះ​ជា​ពួកគេ​ហ៊ុមព័ទ្ធ​ដោយ​សេចក្ដីទុច្ចរិត​យ៉ាង​ណា​ក៏ដោយ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ខគម្ពីរ​ដំបូង​នៅ​ក្នុង​សំបុត្រ​ទីមួយ​ដល់​ពួក​កូរិនថូស​ចង្អុល​បង្ហាញ​ថា សាវក​ប៉ុល​បាន​ផ្ញើ​សំបុត្រ​នេះ​ទៅ ហើយ​មាន​សិស្ស​ម្នាក់​ឈ្មោះសូស្ថេន បាន​បម្រើ​ជាអ្នក​សរសេរ​របស់​ប៉ុល ( សូមមើល កូរិនថូសទី ១ ១:១ ) ។ កាល​គេ​មិន​បាន​ដឹងពី​តួនាទី​លម្អិត​របស់​សូស្ថេន វា​បញ្ជាក់​​យ៉ាង​ច្បាស់​ថា ប៉ុល​គឺជា​អ្នកនិពន្ធ​​មាតិកា​​របស់​សំបុត្រ​នេះ ( សូមមើល កូរិនថូសទី ១ ១៦:២១–​២៤ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ ត្រូវ​បាន​សរសេរ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជា កូរិនថូសទី ១ នៅ​ជិត​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនៈកិច្ច​នៅ​​​អេភេសូររយៈពេលបីឆ្នាំ របស់​លោក​ ( នៅ​ក្នុង​បេសកកម្ម​លើក​ទីបី​របស់​លោក ) ដែល​ទំនង​ជា​បញ្ចប់​នៅ​ចន្លោះ គ.ស. ៥៥ និង ៥៦ ( សូមមើល កិច្ចការ ១៩:១០, ២០:៣១,សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​នេះ​បាន​សរសេរ​ទៅ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ ប៉ុល​បានប្រកាស​ដំណឹងល្អ​នៅ​ក្រុង​កូរិនថូសរយៈពេល​​ជិត​ពីរ​ឆ្នាំ ( សូមមើល កិច្ចការ ១៨:១–១៨ ) ហើយ​បាន​រៀបចំ​សាខា​មួយ​របស់​សាសនាចក្រ​នៅ​ទី​នោះ ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ក្រោយ​មក​ទៀត កាល​ប៉ុល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​អេភេសូរ ក្នុង​ដំណើរ​បេសកកម្ម​លើក​ទីបី​របស់​លោក នោះ​លោក​បាន​ទទួល​ព័ត៌មាន​ពី​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ លោក​បាន​សរសេរ​ឆ្លើយ​តប​មួយ​ទៅ​សាខា​នោះ ( សូមមើល កូរិនថូសទី ១ ៥:៩ ) ប៉ុន្តែ​ជា​អកុសល សំបុត្រ​នេះ​បាន​បាត់ ហេតុ​ដូច្នេះ​ហើយ​វា​គ្មាន​នៅ​ក្នុង​ព្រះគម្ពីរ​របស់​យើង​ទេ ។ ក្រោយ​មក​ទៀត ប៉ុល​បាន​ទទួល​របាយការណ៍​មួយ​ទៀត​ពី​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ស្ដីពីបញ្ហានានា​ នៅ​ក្នុង​សាសនាចក្រ​នៅ​ទីនោះ ( សូមមើល កូរិនថូសទី ១ ១:១១ ) ដែល​លោក​បាន​ឆ្លើយ​តបដោយ​សរសេរ​សំបុត្រ​មួយ​ទៀត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ កូរិនថូសទី ១ ។ ហេតុដូច្នេះហើយ កូរិនថូសទី ១ តាម​ពិត​ទៅ​ជា​សំបុត្រ​ទី​ពីរ​របស់ប៉ុល​ទៅ​សមាជិក​នៅ​ក្រុង​កូរិនថូស ។

នៅ​សម័យ​របស់​ប៉ុល ក្រុង​កូរិនថូស​គឺជា​រាជធានី​របស់​រ៉ូម ស្រុក​អាខៃ​ដែល​មាន​ទំហំយ៉ាងធំគ្របដណ្ដប់សើ្ទរតែមួយ​ភាគ​យ៉ាងធំ​នៃ​ប្រទេស​ក្រិក​កាល​ពី​បុរាណ នៅ​ភាគ​ខាង​ត្បូង​នៃ​ម៉ាសេដូន ។ ដោយសារ​វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ ក្រុង​កូរិនថូស​បាន​ទាក់ទាញ​មនុស្ស​​មកពី​គ្រប់​ទិសទី​នៃ​អាណាចក្រ​រ៉ូម ដោយ​ធ្វើ​ឲ្យ​វាក្លាយ​ជាទីក្រុង​ដ៏​ប្លែក​បំផុត​មួយ​នៅ​ក្នុង​តំបន់ ។​ ការ​ថ្វាយ​បង្គំ​រូបព្រះ​ជាទង្វើពេញ​និយ​មយ៉ាងខ្លាំងក្នុងវប្បធម៌សាសនា​របស់​ពួក​កូរិនថូស ហើយ​មាន​ព្រះវិហារ​ និង​ទីធ្វើសក្ការបូជា​ជាច្រើន​នៅ​ក្នុង​ទីក្រុង​នេះ ។ នៅ​គ្រា​ដែល​ប៉ុល​ធ្វើ​ការងារ​បម្រើ នោះ​ពួក​កូរិនថូសល្បី​ខាង​ការ​ធ្វើ​រឿង​អសីលធម៌​យ៉ាង​កំរោល ។ ឧទាហរណ៍ ការ​ធ្វើ​ពេស្យាកម្ម​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ឡើង​នៅ​ឯ​វិហារ​អាហ្វ្រូដៃ ។

សំបុត្រ​ទីមួយ​របស់​ប៉ុល​ដល់​ពួក​កូរិនថូស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សមាជិក​សាសនាចក្រ​បាន​ខ្វះ​សាមគ្គីភាព ហើយ​ថាជំនឿ និង​ទំនៀមទម្លាប់​ពួក​ឥតជំនឿ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ជះឥទ្ធិពលដល់​ការ​ប្រតិបត្តិតាម​របស់​ខ្លួន​មក​លើ​គោលការណ៍ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ( សូមមើល កូរិនថូសទី ១ ១:១១, ៦:១–៨, ១០:២០–២២, ១១:១៨–២២ ) ។ ប៉ុល​បាន​សរសេរ​ទៅ​សមាជិក​សាសនាចក្រនៅ​ក្រុង​កូរិនថូស ​ដើម្បី​ជួយ​ពួកគេ​ជាមួយ​បញ្ហា ​និង​សំណួរ​ដែល​ពួកគេ​មាន និង​ដើម្បី​ពង្រឹង​ពួក​អ្នក​ប្រែចិត្ត​ជឿ​ដែល​មាន​បញ្ហា​ជាមួយ​នឹង​ការ​បោះបង់ចោល​ជំនឿ និង​ទំនៀម​ទម្លាប់​ពី​អតីតកាល​របស់​ខ្លួន ។

តើ​នៅក្នុង​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ព្រះគម្ពីរសញ្ញាថ្មី​មាន​ពាក្យ​ទូន្មាន និង​ការ​បង្រៀន​​មក​ពី​ប៉ុល​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ ច្រើន​ជា​ង​សាខា​ផ្សេងៗ​ទៀត ។ តាមពិត សំបុត្រ​ទីពីរ​របស់​ប៉ុល​ដល់​ពួក​កូរិនថូស​បន្ថែម​បង្គ្រប់​មួយ​ភាគ​បួន​នៃ​រាល់​ការ​សរសេរ​របស់​ប៉ុល​ដែល​មាន ។

នៅ​ក្នុង​កូរិនថូស​ទី ១ យើង​រៀន​ថា ប៉ុល​បាន​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ ប៉ុល​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃការ « កាន់​តាម​បញ្ញត្តិរបស់​ព្រះ » ( កូរិនថូសទី ១ ៧:១៩ )ការ​ « នៅ​ក្នុង​ក្រឹត្យវិន័យ​ព្រះគ្រីស្ទ » ( កូរិនថូសទី ១ ៩:២១ ) ដើម្បី​ទទួល​បាន​ពរជ័យនៃ​សេចក្ដី​សង្គ្រោះ​តាមរយៈ​ដំណឹងល្អ ។

គម្រោង

កូរិនថូសទី ១ ១–១១ ប៉ុល​ព្រមាន​ទាស់​នឹង​ការ​ចែក​បក្សពួក​នៅ​ក្នុង​សាសនាចក្រ ហើយ​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ លោក​បាន​ព្រមាន​សមាជិក​ទាស់នឹង​រឿង​អសីលធម៌​ខាង​ផ្លូវ​ភេទ លោក​បង្រៀន​ថា រូបកាយ​គឺជា​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​វិញ្ញាណ​បរិសុទ្ធ ហើយ​លើក​ទឹកចិត្តការ​លត់ដំ​ខ្លួន ។ លោក​លើក​ឡើង​ពី​សំណួរ​ជាក់លាក់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​ការ​បម្រើ​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា រួមទាំង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ហើយ​ថាតើគួរ​តែ​អនុញ្ញាតឲ្យ​បរិភោគ​សាច់​សំណែន​ ដែល​ថ្វាយរូបសំណាក់ព្រះ​នៃ​ពួក​អ្នក​ឥតជំនឿ​ដែរ​ឬអត់ ។

កូរិនថូសទី ១ ១២–១៤ ប៉ុល​បង្រៀន​ថា យើង​​ត្រូវ​ស្វែង​រក​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ លោក​រំឭក​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​សារៈសំខាន់​នៃ​ពួក​សាវក ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន និង​ការ​មើល​ថែ​ ដែល​សមាជិក​គួរ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃព្រហ្មចារីភាព​លើស​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេ​ង​ទៀត​ទាំងអស់ ។

កូរិនថូសទី ១ ១៥–១៦ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា លោក​ឈរ​នៅ​ក្នុង​ចំណោមមនុស្ស​ដទៃ​ជាច្រើន ​ដែល​ជា​សាក្សី​ពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ លោក​បង្រៀន​ថា មនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើង​វិញ ហើយ​ថា​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​អ្នក​ស្លាប់​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ការរស់​ឡើង​វិញ​នា​ពេល​​អនាគត ។ ប៉ុល​ពន្យល់​ថា រូបកាយ​ដែល​រស់​ឡើង​វិញ​នឹង​ស្ថិត​នៅ​ក្នុង​កម្រិតនៃភាពរុងរឿង​ខុសៗ​គ្នា ហើយ​ថា​ជ័យជំនះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​លើ​ផ្នូរ បាន​កាត់​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ ។ ប៉ុល​រៀបចំការប្រមូលផ្តុំ​មួយ​សម្រាប់​ពួក​បរិសុទ្ធ​ក្រីក្រ​នៅ​ទីក្រុង​យេរូសាឡិម ។