បណ្ណាល័យ
មេរៀនទី ១២៨ ៖ ថែស្សាឡូនីចទី១ ៣–៥


មេរៀនទី ១២៨

ថែស្សាឡូនីចទី១ ៣–៥

សេចក្តី​ផ្ដើម

សាវក​ប៉ុល​មាន​បំណង​ចង់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច ។ លោក​បាន​បង្រៀន​ពួកគេ​អំពី​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​បង្រៀន​ពួកគេ​អំពីរបៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​​មក​ជា​លើក​ទីពីរ ។

យោបល់​សម្រាប់​ការបង្រៀន

ថែស្សាឡូនីចទី១ ៣–៤:១២

ប៉ុល​មាន​បំណង​ចង់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច

សូម​ចែក ក្រដាស លំហាត់ ពិត-មិន​ពិត​ខាង​ក្រោម​នេះ​ស្ដីពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​សិស្ស ហើយ​សួរ​ពួកគេ​ឲ្យ​ជ្រើស​យក​ចម្លើយ ពិតមិន​ពិត នៅ​ក្បែរ​សំណួរ​នីមួយៗ ៖

រូបភាព
handout

ថែស្សាឡូនីចទី១ ៣–៥

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១២៨

  • ព / ម ១. ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ដែល​ស្លាប់​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​ នឹង​ពុំ​បាន​រស់​ឡើង​វិញ​ឡើយ​រហូត​ដល់​ចុង​​បញ្ចប់​នៃ​សហសវត្សរ៍ ។

  • ព / ម ២. ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ដែល​មាន​ជីវិត​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទី​ពីរ​​នឹង​បាន​នាំ​យក​ទៅ​ជួប​នឹង​ព្រះគ្រីស្ទ កាល​ទ្រង់​យាង​មក ។

  • ព / ម ៣. ការ​យាង​មក​ជា​លើក​ទីពីរ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ដូចជា​ចោរ​មក​នៅ​ពេល​យប់ ។

សូម​ពន្យល់​ថា អ្នក​នឹង​ពុំ​ផ្ដល់​ចម្លើយ​សម្រាប់​លំហាត់​នា​ពេល​នេះ​ទេ ប៉ុន្តែ​សិស្ស​អាច​រក​ចម្លើយ​​ត្រឹមត្រូវ​នៅ​ក្នុង​មេរៀន​នា​ថ្ងៃ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​ពួកគេ​សិក្សា ថែស្សាឡូនីចទី១ ៣–៥ ។

សូម​រំឭក​សិស្ស​ថា បន្ទាប់​ពី​ការ​ប្រកាស​ដំណឹងល្អ​ក្នុង​រយៈពេល​ដ៏ខ្លី​នៅ​ថែស្សាឡូនីច ប៉ុល ស៊ីឡាស និង​ធីម៉ូថេ​ត្រូវ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បង្ខំ​ឲ្យ​ចេញ​ពី​ក្រុង​នោះ ( សូម​មើល កិច្ចការ ១៧:៥–១៥ ) ។ ក្រោយ​មក​ទៀត ប៉ុល​បាន​បញ្ជូន​ធីម៉ូថេ​ឲ្យ​ត្រឡប់​ទៅ​ថែស្សាឡូនីច​វិញ​ដើម្បី​មើល​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ហើយ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​​​របស់​​ពួកគេ ។ នៅ​ក្នុង ថែស្សាឡូនីចទី១ ៣:១–៧ យើង​រៀន​ថា ធីម៉ូថេ​បាន​រាយការណ៍​ទៅ​ប៉ុល​ថា ពួក​បរិសុទ្ធ​នៅ​ទីនោះ​បាន​បន្ត​ស្មោះត្រង់ ថ្វី​បើ​មាន​ការ​បៀត​បៀន​ក៏ដោយ ។ ធីម៉ូថេ​ក៏​ទំនង​ជា​រាយការណ៍​ផង​ដែរ​ថា ពួក​បរិសុទ្ធ​មាន​សំណួរ​ជាច្រើន​​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​​នៅ​ថែស្សាឡូនីច​ ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៣:៩–១០ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា ប៉ុល​បាន​និយាយថា​លោក​បាន​អធិស្ឋាន​សូម​អ្វីខ្លះ កាល​លោក​បាន​អវត្តមាន​ពីពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ។

  • តើ​ប៉ុល​បាន​និយាយថា​លោក​បាន​អធិស្ឋាន​សូម​អ្វីខ្លះ​ កាល​លោក​បាន​អវត្តមាន​នោះ ?

  • តើ​ឃ្លា​ថា « បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា »​ ក្នុង ខ​ទី ១០​ មាន​ន័យ​ដូចម្ដេច ? ( ប៉ុល​មាន​បំណង​ចង់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច ) ។

សូម​ពន្យល់​ថា វិធី​មួយ​ដែល​ប៉ុល​បាន​ខិតខំ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនា​ចក្រ​នៅ​ថែស្សាឡូនីច ​គឺ​ដើម្បី​ជួយ​ពួកគេ​​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ឡើង​​ពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៣:១១–១៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​ប៉ុល​បាន​សង្ឃឹម​ថា​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វីខ្លះ​ សម្រាប់​ពួក​បរិសុទ្ធ​​ដើម្បី​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

  • តើ​ប៉ុល​បាន​សង្ឃឹម​ថា​ ព្រះអម្ចាស់​នឹង​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួក​បរិសុទ្ធ​ ដើម្បី​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៤:១ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា ប៉ុល​បាន​ដាស់តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​​ឲ្យធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ។

  • តើ​ប៉ុល​បាន​ដាស់តឿន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​ធ្វើ​អ្វី​ខ្លះ ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ?

សូម​ចាត់​សិស្ស​ម្នាក់ៗ​នៅ​ក្នុង​ថ្នាក់​នូវ​សេចក្ដី​យោង​មួយ​ដូច​ខាង​ក្រោម ​( ដោយ​ផ្អែក​លើ​ទំហំ​ថ្នាក់​របស់​អ្នក អាច​ចាត់​សេចក្ដី​យោង​ដូចគ្នា​ដល់​សិស្ស​លើស​ពី​ម្នាក់ ) ៖ ថែស្សាឡូនីចទី១ ៤:២–៥, ៤:៦–៨, ៤:៩–១២ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន​សេចក្ដី​យោង​របស់​ពួកគេ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ( អ្នក​គួរ​សរសេរ​សំណួរ​ទាំងនេះ​លើ​ក្ដារខៀន ) ៖

  • តើ​ប៉ុល​បាន​ដាស់តឿន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ធ្វើ​ឲ្យ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ ?

  • តើ​អ្នក​គិត​ថា ការ​រស់​នៅ​តាម​ការ​បង្រៀន​នោះ​​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​​សិស្ស​បី​បួន​នាក់​​ឲ្យប្រាប់​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្សក្នុង​ថ្នាក់ ។

ថែស្សាឡូនីច​ទី១ ៤:១៣–១៨

ប៉ុល​បង្រៀន​អំពី​ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ចូរ​ដាក់​បង្ហាញ​រូបភាព ការយាង​មក​ជា​លើក​ទីពីរ ( ​Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៦៦, សូមមើល​ផង​ដែរ LDS.org ) ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​នៅ​ថែស្សាឡូនីច​យល់​ខុស​ទិដ្ឋភាព​មួយចំនួន​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ។ ពួកគេ​ព្រួយ​បារម្ភ​ថា សមាជិក​សាសនាចក្រ​នៅ​​ថែស្សាឡូនីច​ដែល​បាន​ស្លាប់​នឹង​ពុំ​អាច​ស្គាល់​ពរជ័យ​​នៃ​ការ​យាង​មក​ជាលើក​ទីពីរ​បាន​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី១ ៤:១៣–១៤, ១៦ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​ពួក​បរិសុទ្ធ​ស្មោះត្រង់​ ដែល​ស្លាប់​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ពាក្យ ដេក​លក់ សំដៅ​ទៅ​លើ​ជន​ដែល​ស្លាប់ ។

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ ដែល​ស្លាប់​ពី​មុន​ការ​យាង​មក​​ជា​លើក​ទីពីរ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម​នេះ ៖ ពួក​បរិសុទ្ធ​ស្មោះត្រង់ ដែល​ស្លាប់​មុន​ការ​យាងមក​ជា​លើក​ទីពីរ នឹង​បាន​រស់​ឡើង​វិញ នៅពេល​ព្រះគ្រីស្ទ​យាងមក​ម្ដង​ទៀត ) ។

  • តើ​ឃ្លា​ថា « ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះយេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់ » ​នៅ​ក្នុង ខ​ទី ១៤ មាន​ន័យ​ដូច​ម្ដេច ? ( ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ដែល​បាន​រស់​ឡើង​វិញ ​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​ នឹង​ត្រូវបាន​នាំ​យក​ទៅ​ជួប​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នឹងចុះមក​ជាមួយ​ទ្រង់​នៅ​ក្នុង​សិរី​ល្អ [ សូម​មើល គ. និង ស. ៨៨:៩៧–៩៨ ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៤:១៥, ១៧ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​​ដែល​នឹង​មាន​ជីវិត​នៅ​ពេល​ព្រះគ្រីស្ទ​យាង​មក​ម្ដង​ទៀត ។ សូមពន្យល់​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ នៅ​ក្នុង ខ​ទី ១៥ ​បាន​ផ្លាស់​ប្ដូរ​ឃ្លា​ចុងក្រោយ ដើម្បី​​ឲ្យ​វា​អាន​ថា « ពួកគេ​ដែល​រស់​នៅ​ជាប់​ដរាប​ដល់​ព្រះ​អម្ចាស់​យាង​មក នោះ​មិន​រារាំង​​ពួកអ្នក​ដែល​បាន​នៅ​សល់​ចំពោះ​ការ​យាងមក​របស់​​ព្រះអម្ចាស់ ជាពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង ខ​ទី ១៧ បាន​ផ្លាស់​ប្ដូរ​ខគម្ពីរ​នេះ​ទៅ​ជា ​« រួច​ពួកគេ​ដែល​កំពុង​តែ​រស់​នៅ​ក៏​នឹង​បាន​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​គ្នា​ទាំងអស់​ជាមួយ​នឹង​ពួក​អ្នក​ដែល​នៅ​សល់ ដើម្បី​ឲ្យ​បាន​ជួប​ជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ​យើង​នឹង​នៅ​ជាមួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ ។ អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ប្ដូរ​ពាក្យ យើង នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទៅ​ជា ពួកគេ ដោយ​ឆ្លុះ​បញ្ចាំង​ថា ការ​យាងមក​ជាលើក​ទីពីរ​នឹង​ពុំ​កើត​ឡើង​នៅ​ជំនាន់​​របស់​ប៉ុល​នោះ​ទេ ។

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់ ​ដែល​មាន​ជីវិត​ពី​មុន​ការ​យាង​​មក​ជា​លើក​ទីពីរ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ ដែល​មាន​ជីវិត​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទី​ពីរ​នឹង​ត្រូវបាន​នាំ​យក​ទៅ​ជួប​នឹង​ព្រះយេស៊ូវ​គ្រីស្ទ កាល​ទ្រង់​យាង​​មក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ថែស្សាឡូនីចទី ១ ៤:១៨ ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ថា​ប៉ុល​បាន​សង្ឃឹម​ថា​ពួក​បរិសុទ្ធ​នឹង​ធ្វើ​អ្វីខ្លះ ​បន្ទាប់​ពីស្ដាប់​ឮ​សេចក្ដី​ពិត​ទាំងនេះ​អំពី​​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​រក​ឃើញ​ការ​លួងលោម​អ្វីខ្លះ​ នៅ​ក្នុង​គោលលទ្ធិ​ទាំងនេះ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ ?

ថែស្សាឡូនីច​ទី ១ ៥

ប៉ុល​បង្រៀន​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច​ អំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី១ ៥:១–៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលរឿង​ប្រៀប​ប្រដូច​ពីរ ​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​កាល​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ។

  • តើ​រឿង​ប្រៀប​ប្រដូច​ពីរ​ដែល​ប៉ុល​បាន​ប្រើ​ ដើម្បី​ពិពណ៌នា​ពី​កាល​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ​មាន​រឿង​អ្វីខ្លះ ? ( « ចោរ​មក​នៅ​ពេល​យប់ » [ ខ​ទី ២ ] និង ​« ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល » [ ខ​ទី ៣ ] ) ។

សូម​ពន្យល់​ថា ចោរ​មក​នៅ​ពេល​យប់​ជា​ធម្មតា​​វា​មក « ដោយ​ពុំ​បាន​ប្រាប់​ទុក​ជា​មុន​ឡើយ » ( Bruce R. McConkie Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ​១៩៦៥–៧៣ ] ៣:៥៤ ) ។

  • តើ​រឿង​ប្រៀប​ប្រដូច​របស់​ប៉ុល​អំពី​ចោរ​មក​នៅ​ពេល​យប់ បង្រៀន​យើង​អ្វីខ្លះ​ទាក់ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ ?

  • តើ​រឿង​ប្រៀប​ប្រដូច​របស់​ប៉ុល​អំពី​ស្ត្រីមាន​គភ៌​ឈឺ​នឹង​សំរាល បង្រៀន​យើង​អ្វីខ្លះ​ទាក់ទង​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ ?

បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​នឹង​សំណួរ​​ទាំងពីរ​រួច​មក អ្នក​គួរ​ចង្អុល​បង្ហាញ​ថា អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀនអំ​​ពី​រឿង​​ប្រៀប​ប្រដូច​ទាក់​ទង​នឹងស្ត្រីមាន​គភ៌​ឈឺ​នឹង​សំរាល​ដូច​តទៅ ៖ « នាង​ពុំ​ដឹង​ពី​ម៉ោង ឬ​នាទី​ដែល​កូន​នាង​នឹង​កើត​ឡើយ ប៉ុន្តែ​នាងដឹង​ពី​ពេល​ប្រហាក់​ប្រហែល » ( Doctrinal New Testament Commentary ៣:៥៤ ) ។ ដោយ​ផ្អែក​លើ​រឿង​ប្រៀប​ប្រដូច​នេះ យើង​ក៏​អាច​គិតពិចារណាអំពី​របៀប ​ដែល​ការ​សាក​ល្បង​ពី​មុន​​ការ​យាង​មក​ជាលើក​ទីពីរ​ស្រដៀង​គ្នា​នឹង​ការ​ឈឺចាប់​នៃការ​សំរាល​កូន​ដែរ ។ ប៉ុន្តែ​ខណៈ​ពេល​កូន​កើត​មក​ វា​គឺជា​ពេល​វេលា​មួយ​ដ៏​អស្ចារ្យ ដូចគ្នា​នេះ​ដែរ​ ការ​យាង​មក​ជា​លើក​ទីពីរ​​នឹង​កា្លយ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​សុចរិត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៥:៤–៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​ហេតុអ្វី​បាន​ជា​ពួក​បរិសុទ្ធ​នឹង​ពុំ​ភ្ញាក់​ផ្អើល​​ចំពោះ​ការ​យាង​មក​ជា​លើក​ទីពីរ​ឡើយ ។

  • ហេតុអ្វី​បាន​ជា​ពួក​បរិសុទ្ធ​នឹង​ពុំ​ភ្ញាក់​ផ្អើល​ចំពោះ​​ការ​យាង​មក​ជា​លើក​ទីពីរ ?

  • តើ​ការ​ក្លាយ​ជា ​« ពួក​នៃ​ពន្លឺ » ​មានន័យ​ដូច​ម្តេច ? ( ឃ្លា​ថា​ « ពួក​នៃ​ពន្លឺ »​ នៅ​ក្នុង ខ​ទី ៥ សំដៅ​ទៅ​លើ​សមាជិក​សាសនា​ចក្រ​ស្មោះ​ត្រង់​ដែល ​« ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ » [ រ៉ូម ១៣:១២​​ ]​ មាន​ភាព​ជា​ដៃគូ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុដូច្នេះ​ហើយ​នឹង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ [ សូមមើល គ. និង ស. ១០៦:៤–៥ ] ) ។

  • តើ​ឃ្លា​ថា​ « ត្រូវ​ចាំ​យាម ហើយ​ដឹង​ខ្លួន » មាន​ន័យ​យ៉ាងណា ? ( ថែស្សាឡូនីចទី១ ៥:៦ ) ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​អំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​យ៉ាង​ដូច​ម្ដេច ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ ប្រសិន​បើ​យើង​ស្មោះ​ត្រង់ ហើយ​រង់​ចាំ​មើល​​ទីសម្គាល់​ពី​មុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​កាល​ទ្រង់​យាង​មក​ម្ដង​ទៀត ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​​ស្ដាប់​រក​ថា តើ​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​​ការ​យាងមក​ជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ផែនដី​ពោរពេញ​ដោយ​វិបត្តិភ័យ និង​បញ្ហា ។ ដួង​ចិត្ត​មនុស្ស​កំពុង​ចុះ​ខ្សោយ​ដោយ​សារ​រឿង​ទាំងនេះ ។ យើង​ឃើញ​ទីសម្គាល់​នានា កាល​យើង​ឃើញ​ដើម​ល្វា​មាន​ផល​ផ្លែ ហើយ​ដោយ​ដឹង​ថា​ពេល​វេលា​នេះ​ជិត​មក​ដល់​ហើយ វា​បង្ហាញ​ដល់​ខ្ញុំ និង​អ្នក ព្រម​ទាំង​​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី​នេះ​ឲ្យ ស្ដាប់​តាម​បន្ទូល​របស់​ព្រះគ្រីស្ទ ដល់​ពួក​សាវក​របស់​ទ្រង់ ហើយ​ចាំ​យាម ពី​ព្រោះ​យើង​ពុំ​ដឹង​អំពីថ្ងៃ ឬ​ម៉ោង​នៃ​ពេលវេលា​នោះ​ឡើយ » ( Doctrines of Salvation, និពន្ធ​ដោយ Bruce R. McConkie វ៉ុលទី ៣ [ ឆ្នាំ​ ១៩៥៤–៥៦ ] ៣:៥២–៥៣ ) ។

  • យោង​តាម​ប្រធាន ​ស្ម៊ីធ តើ​យើង​អាច​រៀបចំ​ខ្លួន​​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​ពី​ប្រយោគ​ពិត–មិន​ពិត និង​ចម្លើយ​ដែល​ពួកគេ​បាន​សរសេរ​នៅ​ពេល​ចាប់​ផ្ដើម​មេរៀន​នេះ ។

  • ដោយ​ផ្អែក​លើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ តើ​អ្នក​នឹង​ផ្លាស់​ប្ដូរ​ចម្លើយ​​ណា​មួយ​របស់​អ្នក​ដែរ​ឬទេ ? ( ចម្លើយ ៖ [ ១ ] មិន​ពិត, [ ២ ] ពិត, [ ៣ ] មិន​ពិត ) ។

សូម​សង្ខេប ថែស្សាឡូនីចទី១ ៥:៧–២២ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​បន្ថែម​ទៀត​ដល់​ពួក​បរិសុទ្ធ​ អំពី​របៀប​រៀបចំខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ។

សូម​អញ្ជើញ​សិស្ស​អាន ថែស្សាឡូនីចទី១ ៥:១២–២២ ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ថា​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ​ដើម្បី​រៀបចំ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​ដើម្បី​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ជ្រើស​យក​ការ​ទូន្មាន​មួយ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ខ្លាំង ។ សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​អាចនឹង​ចង់​​សរសេរ​សំណួរ​ទាំង​នេះ​លើ​ក្ដារ​ខៀន ) ។

  • តើ​ការ​ទូន្មាន​ណា​នៅ​ក្នុង ថែស្សាឡូនីចទី១ ៥:១២–២២ ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ខ្លាំង ?

  • តើ​ការ​រស់​នៅ​តាម​ការ​ទូន្មាន​នេះ​អាច​ជួយ​អ្នក និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​​រៀបចំ​ខ្លួន​សម្រាប់​ការ​​យាង​មក​ជា​លើក​ទីពីរ​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ឲ្យ​ប្រើ​ការ​ទូន្មាន​នេះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច ?

ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ​​ទៅ​មិត្ត​រួម​ថ្នាក់​ម្នាក់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ១ ៥:២៣–២៤ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​និយាយ​ថា​ព្រះ​នឹង​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​របស់​ទ្រង់ កាល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​​ទីពីរ ។

  • តើ​ព្រះ​នឹង​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​​របស់​ទ្រង់ កាល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​​ការ​យាង​មក​ជា​លើក​ទីពីរ ?

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន​ដោយ​ស្មោះ​ត្រង់​សម្រាប់​​ការ​យាង​មក​ជា​លើក​ទីពីរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ថែស្សាឡូនីចទី១ ៤:១៧ ។ « បាន​លើក​ឡើង ទៅ​ជា​មួយ​គ្នា »

« ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ ថែស្សាឡូនីចទី១ ៤:១៧ ចែង​ថា ‹ រួច ពួកគេ​ដែល ​កំពុង​តែ​រស់​នៅ​ក៏​នឹង​បាន​លើក​ឡើង​ទៅ​ក្នុង ពពក​ជាមួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ​យើង​នឹង​នៅ​ជាមួយ​នឹង​ព្រះអម្ចាស់​ដរាប​ទៅ ›   ) ។ មាន​ពួក​គ្រីស្ទាន​ជា​ច្រើន​ប្រើ​ពាក្យ ភាព​រីករាយ​ជា​ខ្លាំង ( មក​ពីពាក្យ​ឡាតាំង​មាន​ន័យ ‹ លើក​ឡើង​ទៅ › ) នៅ​ពេល​លើក​ឡើង​​អំពី​គ្រា​ដែល​មនុស្ស​សុចរិត​នឹង​បាន​លើក​ឡើង​ទៅ​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ឯ​ការ​យាង​មក​​របស់​ទ្រង់ » ( New Testament Student Manual [ Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤៥០ ) ។

ថែស្សាឡូនីចទី១ ៥:១៩ ។ « កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ »

« នៅ​ជិត​ចុង​បញ្ចប់​នៃ​ថែស្សាឡូនីច​ទី ១ ប៉ុល​បាន​ផ្ដល់​ការ​ទូន្មាន​សំខាន់ៗ​​មួយ​ចំនួន ​ស្ដីអំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ( សូម​មើល ថែស្សាឡូនីចទី១ ៥:៦–២៣ ) ។ ជា​ផ្នែក​មួយ​នៃ​ការ​ទូន្មាន​របស់​លោក ប៉ុល​បាន​​សុំ​ឲ្យពួក​បិរសុទ្ធ ​‹ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ › ( ថែស្សាឡូនីចទី១ ៥:១៩ ) ។ ការ​ពន្លត់​ព្រះវិញ្ញាណ​មាន​ន័យ​ថា ការ​ពន្លត់ ឬ​ការ​បង្ក្រាប​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ( សូម​មើល​ផង​ដែរ អេភេសូរ ៤:៣០–៣១ ) ។ អែលឌើរ ដេវីឌ អេ បែដណា [ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ] បាន​ចង្អុល​បង្ហាញ​ថា ដើម្បី​​រីករាយ​ពេញ​លេញ​នឹង​គូកន​នៃ​ព្រះ​វិញ្ញាណ យើង​ត្រូវ​ចៀស​វាង​ពី​សកម្មភាព​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​ឲ្យ​ចេញ​ពី​យើង ៖

« ‹ ប្រសិនបើ​អ្វី​មួយ​ដែល​យើង​គិត​ឃើញ ឮ ឬ​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ នោះ​យើង​គួរតែ​បញ្ឈប់​ការគិត ការឃើញ ការឮ ឬ​ការធ្វើ​រឿង​នោះ​ទៅ ។ ឧទាហរណ៍ បើសិន​ការណ៍​នោះ​ធ្វើ​ឲ្យ​អ្នក​សប្បាយ ប៉ុន្ដែ​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ បើ​អញ្ចឹង ការ​សប្បាយ​បែប​នោះ​ពិត​ជា​មិនមែន​សម្រាប់​យើង​នោះទេ ។ ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​គង់​នៅ​ជាមួយ​នឹង​ការសប្បាយ​បែប​នោះ ដែល​ជា​ការថោកទាប ឈ្លើយ ឬ​មិន​រាបសា​នោះ​ឡើយ ប្រាកដ​ណាស់​​ថា រឿង​ទាំងនេះ​គឺ​មិន​មែន​សម្រាប់​យើង​នោះទេ ។ ដោយសារ​យើង​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឃ្លាត​ឆ្ងាយ នៅ​ពេល​យើង​ធ្វើ​សកម្មភាព​ដែល​យើងដឹង​ថា​យើង​គួរ​ចៀស នោះ​រឿង​បែប​នេះ​ពុំ​មែន​សម្រាប់​យើង​នោះ​ទេ ។

« ‹ … នៅពេលយើងជ្រមុជ​ខ្លួន​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ យើង​គួរ​ខិតខំ​ស្គាល់​ពីអារម្មណ៍​ដែល​វា​កើត​ឡើង និង​ឥទ្ធិពល ឬ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​យើង​ដក​ខ្លួន​ចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ › ( ‹ That We May Always Have His Spirit to Be with Us › EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៦ ទំព័រ ៣០ ) » ( New Testament Student Manual [ Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤៥១ ) ។

ថែស្សាឡូនីចទី១ ៥:២០–២១ ។ « ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ »

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​បាន​ទូន្មាន​ឲ្យ​ពិចារណា​មើល ហើយ​បង្ហាញ ( ល្បង )​ចំពោះ​រឿង​ដែល​យើង​​អាន ស្ដាប់ ឬ​ត្រូវ​បាន​គេ​​បង្រៀន ។ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​បង្រៀន​ថា យើង​អាច​ល្បង​សេចក្ដីពិត​ចំពោះ​អ្វី​ដែល​យើង​អាន ស្ដាប់ ឬ​ត្រូវបាន​គេ​​បង្រៀន ​ដោយ​ប្រៀបធៀប​វា​ទៅ​នឹង​ការ​បង្រៀន​អំពីបន្ទូល​របស់​ព្រះ​នៅ​ក្នុង​បទដ្ឋាន​ព្រះគម្ពីរ ( សូម​មើល Doctrines of Salvation និពន្ធ​ដោយ Bruce R. McConkie វ៉ុលទី ៣ [ ឆ្នាំ​ ១៩៥៤–៥៦ ] ៣:២០៣ ) ។ ចុះ​បើ​អ្វី​ដែល​យើង​អាន ស្ដាប់ ឬ​ត្រូវបាន​គេ​បង្រៀន​ពុំ​ត្រឹមត្រូវ​តាម​បន្ទូល​របស់​ព្រះ​ ដែល​មាន​នៅ​ក្នុង​បទគម្ពីរ ឬ​ប្រសាសន៍​របស់​ពួក​ព្យាការី និង​ពួក​សាវក​របស់​ទ្រង់​ដែល​នៅរស់​វិញ​នោះ ​« ដរាប​ណា​វា​ស្រប​តាម … បទដ្ឋាន​​ព្រះគម្ពីរ » នោះ​យើង​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បដិសេធ​វា​ថា​មិន​ពិត ( Joseph Fielding Smith, Doctrines of Salvation, ៣:២០៣ ) ។ ប្រសិន​បើ​វា​ពិត នោះ​យើង​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​រស់​នៅ​តាម​ការ​បង្រៀន​ទាំង​នោះ ។

ថែស្សាឡូនីចទី១ ៥:២២ ។ « ចូរ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង »

« ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ចៀស​ចេញ​ពី​ ‹ សេចក្ដី​អាក្រក់ › ​គ្រប់​យ៉ាង ឬ​និយាយ​ម្យ៉ាង​ទៀត​គឺ​ចាក​ចេញ​ពី​ ‹ អំពើ​អាក្រក់​គ្រប់​ប្រភេទ ›  ។ ពួក​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក៏​បាន​ប្រើ ថែស្សាឡូនីចទី១ ៥:២២ ដើម្បី​បង្រៀន​ថា យើង​គួរ​ចៀស​វាង​ពី​ការ​បង្ហាញ​ថា​ ដូចជា​យើង​កំពុង​ធ្វើ​អ្វី​មួយ​អាក្រក់ ។ ឧទាហរណ៍ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត [ នៃ​​គណៈ​ប្រធាន​ទីមួយ ] បាន​បង្រៀន​ថា ‹ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​យ៉ាង​ម៉ុត​មាំ​ថា ប្រសិន​បើ​មាន​សំណួរ​ណា​មួយ​នៅ​ក្នុង​គំនិត ឬ​ចិត្ត​របស់​បងប្អូន​ថា តើ​ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​​វាជា​រឿង​ត្រឹមត្រូវ ឬ​ជា​រឿង​ខុស​នោះ សូម​កុំ​ធ្វើ​វាឡើយ ។ វា​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​ព្យាការី​របស់​ព្រះ​ដើម្បី​បង្រៀនពី​​​បន្ទូល​របស់​ព្រះ ប៉ុន្តែ​ពុំ​មែន​​ប្រាប់​លម្អិត​អំពីទង្វើ​របស់​មនុស្ស​នោះ​ទេ ។ ប្រសិន​បើ​យើង​ព្យាយាម​ចៀស​ចេញ​ពីអំពើ​អាក្រក់ និង​គ្រប់​សេចក្ដី​នៃ​អំពើ​អាក្រក់​ដោយ​ចិត្ត​ស្មោះ នោះ​យើង​នឹង​ធ្វើ​​វា​ដោយ​ខ្លួន​ឯង ហើយ​ពុំ​ចាំបាច់​មាន​គេ​បង្គាប់​ឡើយ › ( ‹ The Devil’s Throat › EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៣ ទំព័រ ៥១ ) ។ ប៉ុល​បាន​ផ្ដល់​ការ​ទូន្មាន​ស្រដៀង​គ្នា​នៅ​ក្នុង កូរិនថូសទី១ ៨:៩–១៣ » ( New Testament Student Manual Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៤៥១ ) ។