បណ្ណាល័យ
សេចក្ដីផ្ដើមស្ដីពី​​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់ពួក​ថែស្សាឡូនិច


សេចក្ដីផ្ដើមស្ដីពី​​សំបុត្រ​ទី​មួយ​របស់​ប៉ុល​ដល់ពួក​ថែស្សាឡូនិច

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ទី​មួយ​ដល់ពួក​ថែស្សាឡូនិច​​ត្រូវ​បាន​គេ​ជឿ​ថា​ជា​សំបុត្រ​ដំបូង​គេ​បង្អស់​របស់​ប៉ុល ហើយ​ជា​គម្ពីរ​ចាស់​ជាង​គេ​បង្អស់​​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង​សំបុត្រ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​មាន​នូវ​ការ​លំបាក​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួប​ប្រទះ​ មុននឹង​ការ​យាង​មក​របស់​ទ្រង់ ( សូមមើល ថែស្សាឡូនីច​ទី ១ ៣:៣ ) ការ​រស់​ឡើង​វិញ​របស់​ពួក​គ្រីស្ទាន​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ ( សូម​មើល ថែស្សាឡូនីច​ទី ១ ៤:១៣–១៤ ) និង​កាល​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ ( សូមមើល ថែស្សាឡូនីចទី ១ ៥:១–២ ) ។ តាមរយៈ​ការ​សិក្សា​របស់​ពួកគេ​នៅ​ក្នុង​គម្ពីរ​នេះ សិស្ស​នឹង​រៀន​ពី​ការ​យាង​មក​ជា​លើក​ទីពីរ ហើយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ​ដើម្បី​បន្ត​មានចិត្តស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​គម្ពីរថែស្សាឡូនីចទី ១ ( សូមមើល ថែស្សាឡូនីចទី ១ ១:១​ សូមមើល​ផង​ដែរ ២:១៨ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

« ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​ថែស្សាឡូនីច កាល​លោក​នៅ​កូរិនថូស​ក្នុង​ដំណើរ​ផ្សព្វផ្សាយ​សាសនាជា​លើក​ទីពីរ​របស់​លោក » ប្រមាណ​ជា គ.ស. ៥០-៥១ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុ​ត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ចំពោះនរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​ថែស្សាឡូនីចទី ១​ ដល់​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច ។ ថែស្សាឡូនីច​គឺជា​ទីក្រុង​មួយ​ដ៏​ល្បី​ឈ្មោះ ហើយ​ចំរុង​ចម្រើន​បំផុត​នៅ​ក្នុង​នគរ​ក្រិក​កាល​ពី​បុរាណ​នៃ​ម៉ាសេដូន ដោយសារ​កត្តា​សំខាន់​ពីរ​យ៉ាង ៖ ទីក្រុង​នោះ​បាន​សង់​ឡើងនៅលើ​ឆ្នេរសមុទ្រដែលមាន​ធម្មជាតិ​ល្អ​បំផុត​នៅ​ក្នុង​សមុទ្រ​អាជីអាន់ ហើយ​វា​មាន​ទីតាំង​នៅលើ​វិថី​ធំ​ដែល​ភ្ជាប់​ទៅ​នឹង​ទីក្រុងរ៉ូម និង​ទ្វីប​អាស៊ី ។

នៅ​ក្នុង​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ជាលើក​ទីពីរ​របស់​ប៉ុល ព្រះវិញ្ញាណ​បាន​ដឹកនាំ​​ប៉ុល និង​ដៃ​គូ​លោក—ស៊ីឡាស, ធីម៉ូថេ និង​លូកា—ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​អាជីអាន់​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូនី ( សូមមើល កិច្ចការ ១៦:៦–១២ ) ។ ដំណើរ​នេះ​បាន​ចាប់ផ្ដើម​ការ​ប្រកាស​ដំណឹងល្អ​នៅ​អឺរ៉ុប ។ បន្ទាប់​ពី​ការ​ប្រកាស​ដំណឹងល្អ​នៅ​ភីលីព​មក ( សូមមើល កិច្ចការ ១៦:១២–៤០ ) ប៉ុល និង​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ទៅ​ថែស្សាឡូនីច ។

ប៉ុល​បាន​ធ្វើ​ការ​ជាមួយ​នឹង​ស៊ីឡាស​នៅ​ថែស្សាឡូនីច ប៉ុន្តែ​ពួកគាត់​ត្រូវ​ពួក​អ្នក​ដឹកនាំ​យូដា​បណ្ដេញ​ចេញ​ពី​ទីក្រុង​នោះ ( សូមមើល កិច្ចការ ១៧:១–៩ ) ។ ក្រោយ​មក​ទៀត ធីម៉ូថេ​បាន​រាយការណ៍​ប្រាប់​ប៉ុល​ថា ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​​បាន​បន្តនៅ​​ស្មោះត្រង់ ទោះ​បី​ជា​មាន​ការ​បៀតបៀន​យ៉ាង​ណា​ក្ដី ហើយក៏​ប្រាប់​ថា ​ឥទ្ធិពល​សុចរិត​របស់​ពួកគេ​កំពុង​តែ​រីកសាយភាយ ( សូមមើល កិច្ចការ ១៨:៥,​ ថែស្សាឡូនីច​ទី ១ ១:៧–៨, ៣:៦–៨ ) ។

ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​នៅ​ថែស្សាឡូនីច​គឺជា​​ពួក​អឺរ៉ុប​មួយ​ចំនួន​ដំបូង​​ដែល​បាន​ទទួល​យក​ដំណឹងល្អ ហើយ​ជា​លទ្ធផល​ពួកគេ​បាន​ជួបនឹង​​ការ​បៀតបៀន ។ ពួកគេ​ក៏​មាន​សំណួរ​ជាច្រើន​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​ផង​ដែរ ។ ហេតុដូច្នេះ​ហើយ នៅ​ក្នុង​សំបុត្រ​របស់​លោក​ដល់​ថែស្សាឡូនីច ប៉ុល​បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត និង​បាន​ពង្រឹង​ពួកគេ ហើយ​បាន​ឆ្លើយ​នឹងសំណួរ​របស់​ពួកគេ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ប្រធាន​បទ​សំខាន់​មួយ​នៅ​ក្នុង​សំបុត្រ​ដំបូង​របស់​លោក​ដល់​ថែស្សាឡូនីច​​គឺ​ការ​យាង​​មក​ជា​លើក​ទីពីរ ។ លោក​បាន​ផ្ដោត​លើ​ការ​ចូលរួម​របស់​​ពួក​សុចរិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ជាពិសេស​ពួក​បរិសុទ្ធ​ដែល​បាន​ចែកឋាន​ទៅ​កាល​ពី​មុន ( សូមមើល ថែស្សាឡូនីចទី ១ ២:១៩, ៣:១៣, ៤:១៣–១៧, ៥:១–១០ ) ។ មិន​ដូចជា​សំបុត្រ​របស់​ប៉ុល​ជាច្រើន​ផ្សេង​ទៀត​ឡើយ ថែស្សាឡូនីច​ទី ១ គ្មាន​នូវ​ការ​ស្ដី​បន្ទោស​ធ្ងន់ធ្ងរ​ណា​មួយ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មាន​តែ​ពាក្យ​កោត​សរសើរ​ចំពោះ​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ។

គម្រោង

ថែស្សាឡូនីច​ទី ១ ១–៣ ប៉ុល​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ។ លោក​រំឭក​ពួក​អ្នក​អាន​របស់​លោក​អំពី​ការងារ​បម្រើ​ដ៏​សប្បុរស​របស់​លោក​ដល់​ពួកគេ ហើយ​បង្ហាញ​អំណរ​ចំពោះ​ភាពស្មោះត្រង់​របស់​ពួកគេ ។ លោក​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា និង​ចំពោះ​មនុស្ស​ទាំងអស់ ។

ថែស្សាឡូនីច​ទី ១ ៤–៥ ប៉ុល​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​មាន​ចិត្ត​​បរិសុទ្ធ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​បរិសុទ្ធ ។ លោក​ពន្យល់​ថា នៅ​ពេល​ព្រះអម្ចាស់​យាងមក​ម្ដងទៀត ពួក​បរិសុទ្ធ​ដែល​ស្មោះត្រង់​នៅ​ក្នុង​ទីបន្ទាល់​ខ្លួន​អំពី​ព្រះគ្រីស្ទ ទាំង​ជន​ដែល​បាន​ចែក​ឋាន​ទៅ និង​ជន​ដែល​នៅ​រស់​ទាំងឡាយ ​នឹង​ក្រោក​ឡើង ហើយ​ជួប​នឹង​ព្រះអម្ចាស់ ។ សាវក​រូប​នេះ​រំឭក​សមាជិក​សាសនាចក្រ​ឲ្យ​ត្រៀម​ខ្លួន ហើយ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​ព្រះគ្រីស្ទ ។