បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កូល៉ុស–ធីម៉ូថេ​ទី ១ ( មេរៀន​ទី ២៦ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កូល៉ុសធីម៉ូថេ​ទី ១ ( មេរៀន​ទី ២៦ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កូល៉ុស–ធីម៉ូថេ​ទី ១ ( មេរៀន​ទី ២៦ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​លើ​គោលលទ្ធិ និង​គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី១ ( កូល៉ុស )

នៅ​ក្នុង​សំបុត្រ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​កូល៉ុស ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​ប្រោស​លោះ ជា​បុត្រ​ច្បង​នៃ​កូនចៅ​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ជា​ព្រះ​ដ៏​បង្ក​បង្កើត​នៃរបស់​សព្វ​សារពើ ជា​សិរសា​នៃ​សាសនាចក្រ និង​ជា​អង្គ​ដំបូង​ដែល​មាន​ព្រះជន្មរស់​ឡើង​វិញ ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា យើង​អាច​បាន​ផ្សះផ្សា​នឹង​ព្រះ​ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​យើង​បន្ត​រឹងមាំ​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង ។ លើស​ពី​នេះ​ទៀត តាមរយៈ​ការ​ចាក់​ឫស ហើយ​រឹងមាំ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ចៀសវាង​ពី​ការ​នាំ​ឲ្យ​វង្វេង​ដោយ​​ទស្សន​វិជ្ជា និង​ទំនៀម​ទម្លាប់​នានា​​ខាង​លោកិយ ។

ថ្ងៃ​ទី ២ ( ថែស្សាឡូនីចទី ១ )

នៅ​ក្នុង​សំបុត្រ​នេះ​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ប៉ុល​បាន​សរសើរ​ពួកគេ​ពី​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ ហើយ​បាន​បង្រៀន​ពួកគេ​នូវ​សេចក្ដី​ពិត​នានា​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ កាល​កំពុង​សិក្សា​សំបុត្រ​នេះ សិស្ស​បាន​រៀន​សេចក្ដីពិត​ដូច​តទៅ ៖ នៅ​ពេល​យើង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ព្រះបន្ទូល និង​ព្រះចេស្ដា​នៃ​ព្រះ យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​ពួក​អ្នក​ដើរ​តាម​ព្រះអម្ចាស់ និង​ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ យើង​អាច​ចែកចាយ​ដំណឹងល្អ​តាមរយៈ​គំរូ​របស់​យើង ។ ពួក​បរិសុទ្ធ​ស្មោះត្រង់ ដែល​ស្លាប់​មុន​ការ​យាង​មក​ជា​លើក​ទីពីរ នឹង​បាន​រស់​ឡើង​វិញ នៅ​ពេល​​ព្រះគ្រីស្ទ​យាងមក​ម្ដង​ទៀត ។ ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ដែល​មាន​ជីវិត​រស់ នៅ​ឯ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បាន​នាំ​យក​ទៅ​ជួប​នឹង​ទ្រង់ កាល​ទ្រង់​យាង​មក ។ ប្រសិន​បើ​យើង​ស្មោះ​ត្រង់ ហើយ​រង់​ចាំ​មើល​ទី​សម្គាល់​ពី​មុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​កាល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

ថ្ងៃ​ទី ៣ ( ថែស្សាឡូនីចទី ២ )

នៅ​ក្នុង​ការ​សិក្សា​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ដែល​បាន​បញ្ជាក់​នូវ​សេចក្ដី​ពិត​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​ឧបសគ្គដោយ​ស្មោះ​ត្រង់ ហើយ​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ដោយ​ភាព​អត់ធ្មត់ និង​សេចក្ដី​ជំនឿ នោះ​យើង​អាច​នឹង​បាន​រាប់​ថា​សក្ដិសម​នៅ​ក្នុង​នគរ​ព្រះ ។ ប៉ុល​បាន​បង្រៀន​ថា នៅ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​សុចរិត​នឹង​បាន​សម្រាក ហើយ​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​​ចោល ។​​ លោក​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ពីមុន​ការ​យាង​​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការ​ក្បត់​សាសនា​មួយ​នឹង​កើត​ឡើង ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ខិតខំ​ ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត ។

ថ្ងៃ​ទី ៤ ( ធីម៉ូថេទី ១ )

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ដល់​ធីម៉ូថេ ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​វ័យ​ក្មេង​ម្នាក់​នៅ​អេភេសូរ សិស្ស​បាន​រៀន​ថា ថ្នាក់​ដឹកនាំ​បព្វជិតភាព​មាន​ការ​ទទួល​ខុស​ត្រូវ​​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​នូវ​ការ​បង្រៀន​អំពី​គោលលទ្ធិ​ពិត និង​អំពី​ការ​អនុត្ត​ត្រឹមត្រូវ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា ការ​ស្រឡាញ់​ប្រាក់​ដឹកនាំ​ទៅ​រក​អំពើ​ទុច្ចរិត និង​ការ​ក្បត់​សាសនា ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​ខិតខំ​ធ្វើ​កិច្ចការ​ល្អ នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​ទៅ​ធីម៉ូថេ ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​នៅ​អេភេសូរ ហើយ​បាន​ទូន្មាន​គាត់​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​សិក្សា​ពី​វគ្គ​ចំណេះ​​ចំណាន​ខគម្ពីរ ថែស្សាឡូនីចទី ២ ២:១–៣ ។ អ្នក​អាច​រំឭក​វគ្គ​នេះ​ឡើង​វិញ​ជាមួយ​សិស្ស ​ដោយ​សុំ​ឲ្យ​ពួកគេ​សង្ខេប​ពី​សេចក្ដី​ពិត​ដែល​វា​បាន​បង្រៀន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​ផ្នែក​មួយ​នៃ​វគ្គ​នេះ អ្នក​គួរ​សូត្រ ខទី៣ ពីរ​បី​ដង​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

ធីម៉ូថេ​ទី១ ៤

ប៉ុល​រៀបរាប់​ពីចរិត​លក្ខណៈ​នៃ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូមយក​ប្រដាប់​ខ្ទាស់​ក្រដាស​មួយ ខ្សែ​មួយ​សរសៃ បង់ស្អិត និង​មេ​ដែក​មួយ​មក​ថ្នាក់ ។ សូម​ចង​ចុង​ខ្សែ​មួយ​ទៅ​នឹង​ប្រដាប់​ខ្ទាស់​ក្រដាស រួច​បិទ​ចុង​ម្ខាងទៀត​ទៅ​នឹង​តុ​មួយ ។ សូម​ដាក់​មេដែក​ឲ្យ​ជិត​នឹង​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ ដោយ​ធ្វើ​កុំ​ឲ្យ​វា​ប៉ះ​គ្នា ។ កម្លាំង​មេដែក​នោះ​ធ្វើឲ្យប្រដាប់​ខ្ទាស់​ក្រដាស​នោះ​រំកិលទៅរកមេ​ដែកឆក់ ។ សូម​រំកិល​មេដែក​នោះ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​វា​ទៅ​លើ​ចលនា​កំរើក​​របស់​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ ។

  • ប្រសិន​បើ​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ​តំណាង​ឲ្យ​មនុស្ស​ម្នាក់ តើ​មេដែក​នោះ​អាច​តំណាង​ឲ្យ​អ្វីទៅ ?

សូម​ឲ្យ​សិស្ស​គិត​ថា តើ​ពួកគេ​ប្រៀបបាន​នឹង​មេដែក​នោះ ហើយ​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា ។ នៅ​ពេល​សិស្ស​សិក្សា ធីម៉ូថេទី ១ ៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ ដែល​បង្រៀន​យើងពី​របៀប​ដែល​​យើង​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​បាន​យ៉ាង​ដូចម្ដេច ។

សូម​សង្ខេប ធីម៉ូថេទី ១ ៤:១–១១ ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្យាករ​ថា នៅ​« គ្រា​ជាន់​ក្រោយ​បង្អស់ »​( ខ​ទី ១ ) សមាជិក​សាសនាចក្រ​មួយ​ចំនួន​នឹង​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ​នេះ ហើយ​ធ្វើ​តាម​ការ​បង្រៀន និង​ទំនៀម​ទម្លាប់​ខុស​ឆ្គង​ ដូចជា​ការ​ « ហាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ » ( ខ​ទី ៣ ) ។ ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​​ឲ្យ​បីបាច់​ពួក​បរិសុទ្ធ​ជាមួយ​នឹង​គោលលទ្ធិ​ពិត ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន ធីម៉ូថេ​ទី​ ១ ៤:១២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា តើ​ប៉ុល​បាន​ទូន្មានឲ្យ​ធីម៉ូថេ​ក្លាយ​ជា​អ្វី ។ សូម​ពន្យល់​ថា ពាក្យ កិរិយា​ប្រព្រឹត្ត នៅ​ក្នុង​ខគម្ពីរ​នេះ​សំដៅ​លើ​ការ​ប្រព្រឹត្ត ឬ​ឥរិយាបថ  ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​គិត​ថាការ​ « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » មាន​ន័យ​ដូចម្ដេច ? ( អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​​គូស​ចំណាំ​ឃ្លា​​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​តាម​របៀប​ណា ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី១ ៤:១៣-១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ថា ការ​ទូន្មាន​បន្ថែម​ទៀត​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ ​ដើម្បី​ជួយ​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ។

  • តើ​អ្វីទៅ​ជា​ការ​ទូន្មាន​បន្ថែម​ទៀត​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ ​ដើម្បី​ជួយ​ធីម៉ូថេឲ្យ​​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ?

  • យោង​តាម​ខ​ទី ១៥ ហេតុអ្វី​ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​គោលលទ្ធិ​ដែល​ប៉ុល​បាន​បង្រៀន ហើយ​ធ្វើ​ឲ្យ​ខ្លួន​គាត់​រស់​នៅ​តាម​វា​ទាំង​ស្រុង ? ( ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​ឃើញ​ថា ​ការ​ធ្វើ​បែប​នេះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ធីម៉ូថេ​យ៉ាង​ណា​ខ្លះ ) ។

  • ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១៦ នៅ​ពេល​យើង​ខិតខំ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ តើ​នឹង​មាន​អ្វី​កើត​ឡើង ? ( ដោយប្រើ​ពាក្យ​របស់សិស្ស ចូរសរសេរ​គោលការណ៍​​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ដទៃទៀត ) ។

  • តើ​ការ​ធ្វើ​ជា​គំរូ​​មួយ​ដល់​​មនុស្ស​ម្នាក់​ដែល​ជឿ ហើយ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​នូវ​តារាង​នៅ​លើ​ក្ដារខៀន ហើយ​ពិចារណា​ពី​របៀប​ដែល​ធីម៉ូថេ​ធ្វើ​ជា​ « គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេទី ១ ៤:១២ ) ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ផ្នែក​នីមួយៗ ។

  • តើ​ធ្លាប់​មាន​នរណា​ម្នាក់​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​​សម្រាប់​អ្នក​ តាម​របៀប​មួយ​​ដែល​ប៉ុល​បាន​លើក​ឡើង​នៅ​ពេល​ណា ? ( អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ ទាក់ទង​នឹង​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ដល់​ខ្លួន​ឯង និង​មនុស្ស​ដទៃទៀត ។

មេរៀន​បន្ទាប់ ( ធីម៉ូថេទី ២ ១ហេព្រើរ ៤ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ការ​ប្រឈម​មួយ​​ចំនួន​​នៃ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សព្វ​ថ្ងៃ​នេះ ។ សូម​ពន្យល់​ថា នៅ​ពេល​ពួកគេ​បន្ត​សិក្សាពី​​ការ​បង្រៀន​របស់​ប៉ុល​នៅសប្ដាហ៍​ក្រោយ ពួកគេ​នឹង​រៀន​ពី​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បន្ត​ស្មោះត្រង់​ ថ្វី​បើ​មាន​ការ​លំបាក និង​ការ​បៀតបៀន​ក៏ដោយ ។