បណ្ណាល័យ
មេរៀន​ទី ១៣០ ៖ ធីម៉ូថេទី ១


មេរៀនទី ១៣០

ធីម៉ូថេទី ១

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​ទៅ​ធីម៉ូថេ ដែល​ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​នៅ​អេភេសូរ ហើយ​បាន​ទូន្មាន​គាត់​ឲ្យធ្វើ​ឲ្យ​​ប្រាកដ​ថា គោលលទ្ធិ​ពិត​ត្រូវ​បាន​បង្រៀន ។ លោក​បាន​បង្កើត​ជា​លក្ខណៈ​សម្បត្តិ​សម្រាប់​ប៊ីស្សព និង​ឌីកុន​ ហើយ​ទូន្មាន​ដល់​ធីម៉ូថេ​​ឲ្យ​ធ្វើ​ជា​គំរូដល់​​ពួក​អ្នកជឿ ។ ប៉ុល​ដាស់​តឿន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​មើលថែ​ជន​ក្រីក្រ និង​ស្ត្រី​មេម៉ាយ ។ លោក​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​បង្រៀន​ថា « ការដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » (ធីម៉ូថេទី១ ៦:១០) ។

យោបល់​សម្រាប់​ការបង្រៀន

ធីម៉ូថេទី១ ១–៣

ប៉ុល​បាន​ណែនាំ​ធីម៉ូថេ​អំពី​ការ​ទទួលខុសត្រូវ​របស់​គាត់​​នៅក្នុង​ការ​គ្រប់គ្រង​លើ​សាសនា​ចក្រ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​​នូវ​ដំណើរ​រឿង​​​ដូច​ខាង​ក្រោម ​ដែល​ប្រាប់​​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​នឹកចាំ​អំពី​បទពិសោធន៍​មួយ ដែល​ខ្ញុំ​មាន​​កាល​ពី​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​ខ្ញុំ​បាន​បម្រើ​ជា​ប៊ីស្សព ។ អំឡុង​ពេល​បើក​កម្មវិធី​ការ​ប្រជុំ​បព្វជិតភាព​របស់​យើង​នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ យើងបាន​​កំពុង​រៀបចំ​ដើម្បី​តែងតាំង​យុវជន​ម្នាក់​​ឲ្យ​កាន់​តំណែង​សង្ឃ ។ ទីប្រឹក្សា​ជាន់​ខ្ពស់​មួយរូប​បាន​មក​វួដ​របស់​យើង​​នាថ្ងៃនោះ ដែល​គាត់​​បាន​បម្រើ​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ នៅពេល​ខ្ញុំ​រៀបចំ​ឲ្យ​យុវជន​នោះ​អង្គុយ​ចុះ​បែ​រ​មុខ​ទៅ​រក​ក្រុមជំនុំ ដើម្បី​យើងអាច​ចាប់​ផ្ដើម​ការ​តែងតាំង ស្រាប់​តែ​ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នោះ​បាន​បញ្ឈប់​ខ្ញុំ ហើយ​បាន​និយាយថា ‹ ប៊ីស្សព ខ្ញុំ​តែងតែ​ឲ្យ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​ទទួល​ការតែងតាំង​បែរ​មុខ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ › ។ គាត់​បាន​រៀប​កៅអី​ឡើងវិញ​ដើម្បី​ឲ្យ​យុវជន​នោះ​ ​អង្គុយ​បែរមុខ​ទៅរក​ព្រះវិហារ​បរិសុទ្ធ ។ រំពេច​នោះ​ខ្ញុំ​បានដឹង​​ថា វា​​ជា​ការ​អនុវត្ត​ដែល​គ្មាន​ការ​អនុញ្ញាត » (« Opening Remarks » [ worldwide leadership training meeting ខែ ​វិច្ឆិកា ឆ្នាំ ២០១០ ] lds.org/broadcasts) ។

ចូរ​ពន្យល់​ថា ​ក្នុងនាមជា​ប៊ីស្សព ប្រធាន ម៉នសុន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើជា​អធិបតី​លើ​កិច្ចការ​របស់ព្រះ​អម្ចាស់​នៅក្នុង​វួដ​របស់គាត់​​ ពុំ​មែន​ទីប្រឹក្សា​ជាន់ខ្ពស់​នោះ​ទេ ។

  • តើ​អ្វី​នឹង​អាច​ជា​គ្រោះថ្នាក់​ដ៏​ខ្លាំង​បំផុត​ដល់​ប៊ីស្សព ឬ​ប្រធាន​សាខា​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អនុវត្ត​​ដែល​គ្មានការ​អនុញ្ញាត​ដូច្នេះ ?

ចូរ​ពន្យល់​ថា សាវក​ប៉ុល​បានសរសេរ​សំបុត្រ​ទៅ​កាន់​ធីម៉ូថេ ដែលជា​អ្នកដឹកនាំ​បព្វជិតភាព​វ័យ​ក្មេងម្នាក់​នៅក្រុង​អេភេសូរ ។ នៅក្នុង​សាខា​នៃ​សាសនាចក្រ​ដែល​គាត់​ធ្វើ​ជា​អធិបតី ធីម៉ូថេ​បាន​ប្រឈម​នឹង​ឧបសគ្គ​នានា ​ដែល​ស្រដៀង​គ្នា​នឹង​បញ្ហា​ទាំង​ឡាយ​ដែល​​ប្រធាន​ ម៉នសុន ​បាន​ជួប​ដែរ ។

សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗចេញមក​​ពី ធីម៉ូថេទី១ ១:៣–៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ការ​ទទួល​ខុសត្រូវ​អ្វីខ្លះ ដែល​ប៉ុល​​បាន​ផ្ដល់​ទៅឲ្យ​ធីម៉ូថេ ។ ចូរ​ពន្យល់​ថាពាក្យរឿង​ព្រេង​(ខទី ៤) សំដៅ​ទៅលើ​ការ​បង្រៀន​​ក្លែង​ក្លាយ ការ​ស្ដាប់តាម « ពង្សាវតា​ដែល​មិនចេះ​អស់​មិនចេះ​ហើយ » (ខទី ៤) សំដៅ​ទៅ​លើ​​ទំនៀម​ទម្លាប់​ក្លែង​ក្លាយ​ ដែល​សេចក្ដីសង្គ្រោះ​កើតមាន​តែ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ ដែល​ជាជម្រើស​មកពី​ពូជរបស់​អ័ប្រាហាំ ដែលជាញឹកញាប់​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ពង្សាវតា​ដ៏​វែង​អន្លាយ ឬ​មិន​ចេះ​​ចប់​មិនចេះ​ហើយ និងពាក្យ « សម្ដី​ដែល​ឥតប្រយោជន៍ » (ខទី ៦) សំដៅ​ទៅលើ​ការពិភាក្សាឥតន័យ

  • យោង​តាមខទី ៣–៤តើ​ការ​ទទួល​ខុសត្រូវ​អ្វីខ្លះ ​ដែល​ប៉ុល​បាន​ផ្ដល់​ដល់​ធីម៉ូថេ ?

  • យោង​តាមខទី ៦–៧ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​ធីម៉ូថេ​ ដើម្បី​បំពេញ​តាម​ការ​ទទួល​ខុសត្រូវ​នេះ ?

  • តើ​សេចក្ដី​ពិត​អ្វី​ដែល​យើង​អាច​រៀន​មកពី​ដំបូន្មាន​របស់​ប៉ុល​ទៅកាន់​ធីម៉ូថេ អំពីការ​ទទួលខុសត្រូវ​របស់​​អ្នក​ដឹកនាំ​បព្វជិតភាព ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​​ថា​ ពួកគេ​ស្គាល់​ពី​សេចក្ដី​ពិត​មួយ​ដែល​ស្រដៀង​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ អ្នកដឹកនាំ​បព្វជិតភាព​មាន​ការ​ទទួលខុសត្រូវ​មើល​ឲ្យប្រាកដ​ថា គោលលទ្ធិពិត និង​ការ​អនុវត្ត​​ត្រឹមត្រូវ​បាន​បង្រៀន ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​រំឭក​សិស្ស​អំពី​ស្ថានភាព​របស់​ប្រធាន​ម៉នសុន ដែល​លោក​បាន​ជួប​ប្រទះ​កាល​លោក​ជា​ប៊ីស្សព ។ ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​របស់​លោក​បញ្ចប់ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​របៀប​ដែល​ប្រធាន​ ម៉នសុន បាន​ឆ្លើយ​តប​ទៅកាន់​ទី​ប្រឹក្សា​ជាន់ខ្ពស់​រូបនោះ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​អាច​មើល​ឃើញ​ពី​សក្ដានុពល​ដែល​វា​ប្រែ​ក្លាយ​​ទៅជាការ​អនុវត្ត​រាលដាលកាន់តែ​ធំ​ឡើងៗ ។ ទោះជា​ខ្ញុំនៅ​​ក្មេង​ជាង​ទីប្រឹក្សា​ជាន់ខ្ពស់​ច្រើន​ក្ដី ក៏​​ខ្ញុំ​បាន​ដឹង​ពី​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដែរ ។ ខ្ញុំ​បាន​បែ​រ​កៅអី​ត្រឡប់មកវិញ ដើម្បី​ដាក់​វា​បែ​រ​ទៅ​ក្រុមជំនុំ​វិញ រួច​និយាយ​ទៅ​គាត់​ថា ‹ នៅក្នុង​វួដ​របស់​យើង យើង​ដាក់​កៅអីបែ​រ​មុខ​ទៅ​រក​ក្រុមជំនុំ ›» (« Opening Remarkslds.org/broadcasts) ។

  • តើយើង​​មានពរជ័យ​យ៉ាងណា​ដែល​មាន​អ្នក​ដឹកនាំ​បព្វជិតភាព​ ដែលធ្វើការ​ដើម្បី​ប្រាកដ​ថា គោលលទ្ធិពិត និងការអនុវត្ត​ត្រឹមត្រូវ​ត្រូវ​បាន​បង្រៀន​នៅក្នុង​សាសនាចក្រ​នោះ ?

សូម​សង្ខេបធីម៉ូថេទី១ ១:៨–១១​ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្រមាន​ទាស់​នឹង​អ្នកទាំងឡាយ​ ដែល​មាន​បំណង​​ធ្វើជា​គ្រូបង្រៀន​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ ប៉ុន្តែ​ពុំ​មានការ​យល់​ដឹង​ត្រឹមត្រូវ​អំពី​វា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី១ ១:១២–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ហេតុអ្វី​ប៉ុល​បាន​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​ប៉ុល​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

  • ស្របតាមខទី ១៥–១៦តើ​ប៉ុល​គឺជា « ក្បួន » ដល់ពួក​អ្នក​​ជឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេបធីម៉ូថេទី១ ១:១៧-ធីម៉ូថេទី១ ៣ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ដល់​ធីម៉ូថេ​ ឲ្យ​កាន់ខ្ជាប់​ទៅនឹង​សេចក្ដីជំនឿ​របស់​គាត់ ។ ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គសង្រួប​សង្រួម​របស់​យើង ហើយ​លោក​បាន​ទូន្មាន​ដល់​សមាជិក​សាសនាចក្រស្ដីពី​របៀប​ដើម្បី​ដឹកនាំ​ខ្លួន​គេ ។ លោកក៏​​បានបង្កើត​លក្ខណៈ​ភាពសក្ដិសម​នានា​​របស់​ប៊ីស្សព និង ឌីកុនផងដែរ ។

ធីម៉ូថេទី១ ៤–៥

ប៉ុល​រៀបរាប់​ពី​បុគ្គលិក​លក្ខណៈ​នៃ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ដាក់​ប្រដាប់​ខ្ទាស់​ក្រដាស​មួយ ខ្សែ​មួយ​សរសៃ ស្កុត និង​មេ​ដែក​មួយ​មក​ថ្នាក់ ។ សូម​ចង​ចុង​ខ្សែ​មួយ​ទៅ​នឹង​ប្រដាប់​ខ្ទាស់​ក្រដាស រួច​បិទ​ចុង​ម្ខាងទៀត​ទៅ​នឹង​តុ​មួយ ។ សូម​ដាក់​មេដែក​ឲ្យ​ជិត​នឹង​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ ដោយ​ធ្វើ​កុំ​ឲ្យ​វា​ប៉ះ​គ្នា ។ កម្លាំង​មេដែក​នោះ​គួរ​ទាញ​ប្រដាប់​ខ្ទាស់​ក្រដាស​​នោះ​ឲ្យ​មក​រក​វា ។ សូម​រំកិល​មេដែក​នោះ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​វា​ទៅលើ​ការ​បំលាស់​ទីរបស់​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ ។

  • ប្រសិន​បើ​ប្រដាប់​ខ្ទាស់​ក្រដាស​នោះ​តំណាង​ឲ្យ​មនុស្ស​ម្នាក់ តើ​មេដែក​នោះ​អាច​តំណាង​ឲ្យ​អ្វី​ទៅ ?

សូម​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ពួកគេ​ប្រៀបបាន​នឹង​មេដែក​នោះ ហើយ​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ នៅ​ពេល​ពួកគេ​សិក្សា​ធីម៉ូថេទី១ ​៤​ ដែល​បង្រៀន​យើង​ ពី​របៀប​​ដែល​ឲ្យ​យើង​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​មួយ​​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​បាន ។

សូម​សង្ខេប ធីម៉ូថេទី១ ៤:១–១១ ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្យាករ​ថា នៅ​ « គ្រា​​ជាន់​ក្រោយ​បង្អស់ »​( ខ​ទី ១ ) សមាជិក​សាសនាចក្រ​មួយ​ចំនួន​នឹង​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ​នេះ ហើយ​ធ្វើ​តាម​ការ​បង្រៀន និង​ទំនៀម​ទម្លាប់​ខុស​ឆ្គង​ដូចជា​ការ ​« ហាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ » ( ខ​ទី ៣ ) ។ ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ឲ្យ​បីបាច់​ពួក​បរិសុទ្ធ​​ជាមួយ​នឹង​គោលលទ្ធិ​ពិត ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន ធីម៉ូថេ​ទី​១ ៤:១២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា ប៉ុល​បាន​ទូន្មានឲ្យ​ធីម៉ូថេ​ក្លាយ​ជា​អ្វី ។ សូម​ពន្យល់​ថា ពាក្យ កិរិយាប្រព្រឹត្ត នៅ​ក្នុង​ខគម្ពីរ​នេះ​សំដៅ​លើ​​ការ​ប្រព្រឹត្តិ ឬ​ឥរិយាបថ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​គិត​ថាការ​ « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » មាន​ន័យ​យ៉ាងណា ? ( អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​​គូស​ចំណាំ​ឃ្លា​នេះ​​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​ ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​តាម​របៀប​ណា ? សូម​​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី ១ ៤:១៣–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ ការ​ទូន្មាន​បន្ថែម​ទៀត​ ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ។

  • តើ​អ្វីទៅ​ជា​ការ​ទូន្មាន​បន្ថែម​ទៀត​ ដែល​​ប៉ុល​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​ធីម៉ូថេឲ្យ​​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ?

  • យោង​តាម​ខ​ទី ១៥ ហេតុអ្វី​ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​គោលលទ្ធិ​ដែល​ប៉ុល​បាន​បង្រៀន ហើយ​ធ្វើ​ឲ្យ​ខ្លួន​គាត់​រស់​នៅ​តាម​វា​ទាំង​ស្រុង ? ( ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​ឃើញ​ថា​ ការ​ធ្វើ​បែប​នេះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ធីម៉ូថេ​យ៉ាង​ណា​ខ្លះ ) ។

  • ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១៦ នៅ​ពេល​យើង​ខិតខំ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​លើ​​ព្រះយេស៊ូវ​គ្រីស្ទ តើ​នឹង​មាន​អ្វី​កើត​ឡើង ? ( ដោយប្រើ​ពាក្យ​របស់សិស្ស ចូរសរសេរ​គោល​ការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ដទៃទៀត ) ។

  • តើ​ការ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ ចំពោះ​​មនុស្ស​ម្នាក់​​ដែល​ជឿ ហើយ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​នូវ​តារាង​នៅ​លើ​ក្ដារខៀន ហើយ​ពិចារណា​ពី​របៀប​ដែល​ធីម៉ូថេ​​បាន​ធ្វើ​ជា ​« គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេទី១ ៤:១២ ) ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​របៀប ​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ផ្នែក​នីមួយៗ ។

  • តើ​ធ្លាប់​មាន​នរណា​ម្នាក់​ធ្វើ​ជា​គំរូ​ដល់អ្នក​តាម​របៀប​មួយ​ដែល​ប៉ុល​បាន​លើក​ឡើង​នៅ​ពេល​ណា ? ( អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​​ផង​ដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ទាក់ទង​នឹង​របៀប​ ដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​ខ្លួន​ឯង និង​មនុស្ស​ដទៃទៀត ។

សូម​សង្ខេបធីម៉ូថេទី១ ៥ដោយ​ពន្យល់​ថា ប៉ុល​បាន​ណែនាំ​ធីម៉ូថេ​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​មើល​ថែ​ដល់​អ្នក​ដែល​​ខ្វះ​ខាត រួមទាំង​ស្ត្រីមេម៉ាយ​ផង ។​

ធីម៉ូថេទី១ ៦

ប៉ុល​ដាស់តឿន​ធីម៉ូថេ​ឲ្យ​ជួយ​អ្នក​ដទៃ​ស្វែងរក​ទ្រព្យ​ដ៏អស់កល្បជានិច្ច

សូម​បង្ហាញ​ក្រដាស​ប្រាក់​មួយ​សន្លឹក​ដល់​សិស្ស​ក្នុងថ្នាក់ ។

  • តើអ្នកគិត​ថា​ ប្រាក់​អាច​នាំ​ឆ្ពោះទៅ​កាន់ទង្វើ​កាន់តែអាក្រក់ ឬ​កាន់តែ​ល្អ ? ហេតុអ្វី ?

ចូរ​ពន្យល់​ថាធីម៉ូថេទី១ ៦​កត់ត្រា​ថា ប៉ុល​បាន​ទូន្មាន​ដល់​ធីម៉ូថេ​អំពី​ប្រាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី ១ ៦:៦–១០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​ប៉ុល​បាន​បង្រៀន និង​បាន​ព្រមាន​អ្វីខ្លះ​អំពី​ទ្រព្យ​សម្បត្តិ ។

  • តើការ​បង្រៀន ឬ​ការ​ព្រមាន​មកពី​ប៉ុល​អ្វីខ្លះ ​ដែល​លេចធ្លោ​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​អ្នកគិត​ថា​ឃ្លា « ការដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » មាន​ន័យ​​យ៉ាងណា ? (ធីម៉ូថេទី១ ៦:១០ ) ។

  • យោង​តាមខទី ៩-១០តើ​ការ​ស្រឡាញ់​ប្រាក់​នាំ​ទៅរក​អ្វីខ្លះ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ការ​ស្រឡាញ់​ប្រាក់​ដឹកនាំ​ទៅរក​សេចក្ដី​ទុច្ចរិត និងការ​ក្បត់​សាសនា ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ការ​ស្រឡាញ់​ប្រាក់​ដឹកនាំ​ទៅ​រក​អំពើ​ទុច្ចរិត និង​ការ​ក្បត់​សាសនា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា វាគឺជា « ការ​ស្រឡាញ់ » ប្រាក់ជា​​ជាង​ប្រាក់​ផ្ទាល់​ទេតើ​ ដែល​ដឹកនាំ​ទៅរក​សេចក្ដីទុច្ចរិត សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​​ខាង​ក្រោម​​ដោយ​អែលឌើរ ដាល្លិន អេក អូក ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូកស៍

« គ្មាន​អ្វី​អាក្រក់​ជាប់ជាមួយ​នឹង​ប្រាក់​នោះ​ទេ ។ សាសន៍​សាម៉ារី​ចិត្ត​ល្អ បាន​ប្រើ​ប្រាក់​ដូចគ្នា​នោះ ​​ដើម្បីបម្រើ​ដល់​បងប្អូន​របស់គាត់ ដែល​យូដា​ស​បាន​ប្រើ​វាទៅ​ក្បត់​លោក​ចៅហ្វាយ ។ វាគឺជា​ ‹ការ​ស្រឡាញ់​ប្រាក់ទេតើ [ ដែល ] ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង › ។ (ធីម៉ូថេទី ១ ៦:១០; អក្សរទ្រេត​បាន​បន្ថែម ) ។ ភាព​ខុសគ្នា​ដ៏​ខ្លាំង គឺកម្រិត​នៃ​ជីវភាព​ខាង​វិញ្ញាណ ដែល​យើង​អនុវត្ត​ដើម្បី​មើល វាយ​តម្លៃ និង​គ្រប់​គ្រង​រឿង​ទាំងឡាយ​ក្នុង​លោកិយ​នេះ » (« Spirituality »Ensign​ខែ​ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៦៣ ) ។

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ និង​សំណួរ​ដូចខាង​ក្រោម​នៅលើក្ដារខៀន ឬ​ផ្ដល់​ក្រដាស​ចែកចាយ​ដល់ពួកគេ ៖

ធីម៉ូថេទី១ ៦:១១–១២, ១៧–១៩

តើ​​ប៉ុល​បាន​ផ្ដល់ដំបូន្មាន​អ្វីខ្លះ ​​ទៅ​ឲ្យ​ធីម៉ូថេ និង​អស់អ្នក​ដែល​មាន​ទ្រព្យ​ច្រើនទាំង​​នោះ ?

តើ​ដំបូន្មាន​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ការ​ស្វែងរក​ទ្រព្យ​សម្បត្តិ និង​ការ​ប្រើ​ទ្រព្យស​ម្បត្តិ​យ៉ាង​ដូច​ម្ដេច ?

សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដីយោង ហើយ​ពិភាក្សា​នូវ​សំណួរ​​ទាំង​ឡាយ​ជាមួយ​នឹង​ដៃគូ​របស់​​ពួកគេ ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ជាច្រើន​ឲ្យ​ចែកចាយ​​នូវ​អ្វីដែល​ពួកគេ​បាន​ពិភាក្សា ។

  • ប្រសិន​បើ​ពួកបរិសុទ្ធ​បាន​ទុកចិត្ត​ទៅលើព្រះ ហើយ​សន្សំ​ទុក​ទ្រព្យ​ជាច្រើន​នៅ​ក្នុង​កិច្ចការ​​ល្អ តើ​ប៉ុល​បាន​និយាយ​ថា ពួកគេ​អាចទទួល​បានអ្វីខ្លះ ស្របតាម​ខទី ១៩?

  • តើ​យើងអាច​រៀនគោលការណ៍​អ្វីខ្លះ​មកពី​ការ​បង្រៀន​របស់ប៉ុល​​ អំពី​អ្វី​​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីទទួលជីវិត​អស់កល្បជានិច្ច ? ( ទោះ​បី​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​​គោលការណ៍​មួយ​ ដែល​ស្រដៀង​គ្នា​ដូច​​ខាង​ក្រោម ៖ ប្រ​សិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​ខិតខំ​ធ្វើ​កិច្ចការ​ល្អ នោះ​យើង​​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • ប្រសិន​បើ​ការ​ទុក​ចិត្ត​ទៅលើ​ព្រះ និងការ​ធ្វើ​តាម​សេចក្ដីសុចរិត គឺជា​អាទិភាព​ដ៏​ធំបំផុត​របស់​យើង តើ​រឿង​​នោះ​អាច​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​មើល ស្វែងរក និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​យ៉ាងដូចម្ដេច​ ?

សូមបញ្ចប់​ដោយ​ការ​ថ្លែង​ទីបន្ទាល់​ថា ការ​ទទួល​បាន​ជីវិត​ដ៏​អស់កល្បជានិច្ច​​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​ដ៏ច្រើន​ពិត ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ដាក់​ការ​ធ្វើតាម​សេចក្ដីសុចរិត​ជា​អទិភាព​ធំបំផុត​​របស់​ពួក​គេ ដើម្បី​ពួកគេ​អាច​ទទួលបាន​ទ្រព្យ​សម្បត្តិដ៏​ពិត​នៃ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ធីម៉ូថេទី១ ១:១–៧ ។ « ​ហាមប្រាម​ដល់​អ្នក​ខ្លះ កុំ​ឲ្យ​គេ​បង្រៀន​ពី​សេចក្តី​ណា​ផ្សេង​ទៀត »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​បង្រៀនគោលទ្ធិ​ត្រឹមត្រូវ​នៅ​ក្នុង​សាសនាចក្រ ៖

« ខ្ញុំ​ធ្លាប់​លើក​ឡើង​ពី​មុន​អំពី​សារៈសំខាន់​នៃ​ការ​រក្សា​គោលលទ្ធិ​នៃ​សាសនាចក្រ​នេះ​ឲ្យ​បរិសុទ្ធ និង​​ការ​បញ្ជាក់​​ថា វា​ត្រូវ​បាន​បង្រៀន​នៅ​រាល់​ការ​ប្រជុំ​របស់​យើង ។ … ការភាន់ច្រឡំ​បន្តិច​បន្តួច​នៅ​ក្នុង​ការ​បង្រៀន​គោលលទ្ធិ អាច​ដឹកនាំ​ទៅ​រក​ពាក្យ​កុហក​អាក្រក់​ដ៏​ធំ​បាន » (Teachings of Gordon B. Hinckley [ ឆ្នាំ ១៩៩៧ ] ទំព័រ ៦២០ ) ។

ធីម៉ូថេទី១ ១:៤ ។ « ពង្សាវតា​ដែល​មិនចេះ​អស់​មិនចេះ​ហើយ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ពង្សាវតា » ដែល​បាន​ប្រាប់​នៅក្នុង​ធីម៉ូថេទី១ ១:៤និងទីតុស ៣:៩​សំដៅ​ទៅលើ « ទំនៀម​ទម្លាប់​ខុស​ឆ្គង​របស់​ពួកយូដា​ដែល​ថា សេចក្ដីសង្គ្រោះ​គឺ​មាន​សម្រាប់​ពូជជម្រើស​ ដូចជា​ត្រូវ​បាន​គេ​ស្គាល់​ថា​តាមរយៈ​ការរៀបរាប់​ខាង​ពង្សាវតា ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រា​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ពង្សាវតា ថា​ជា​តម្រូវការ​សំខាន់​មួយ ​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីសង្គ្រោះ​អាច​មាន​ដល់អស់​អ្នក​ដែល​មិន​មាន​ឱកាស​​ដើម្បី​ទទួល​ដំណឹងល្អ​នៅក្នុង​ជីវិត​នេះ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:១២៧ ) ។

ធីម៉ូថេទី១ ២:៩–១០ ។ តាម​បែប​គួរ​សម

« ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ឲ្យ ‹ តែង​ខ្លួន​តាមបែប​គួរ​​សម ឲ្យ​ចេះ​​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន​ › (ធីម៉ូថេទី ១ ២:៩) មាន​ន័យ​ថា​ ដោយ​ភាព​រាបសា និង​គារវភាព រួច​លោក​ក៏​បាន​បង្រៀន​ថា ស្ត្រី​គួរ​ចៀសវាង​ពី​ការ​ស្លៀកពាក់​សម្លៀកបំពាក់​ថ្លៃ​ពេក និង​គ្រឿង​អលង្ការ និងតែង​លម្អខ្លាំង​ពេក ។ ការ​បង្រៀន​ស្រដៀងគ្នា​​នេះ ក៏​មាន​នៅក្នុង​នីហ្វៃទី ១ ១៣:៧–៨,​នីហ្វៃទី៤ ១:២៤,មរមន ៨:៣៦–៣៩ និងគោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤០។ ប៉ុល​បាន​ចង្អុល​បង្ហាញ​ថា ស្ត្រី​គួរ​ស្លៀកពាក់​ដូច​ជា​អ្នកទាំងឡាយ​ដែល ‹ រាប់​ខ្លួន​ជា​អ្នក​កោតខ្លាច​ដល់​ព្រះ › ។ គោលការណ៍​នៃ​ការ​ស្លៀកពាក់​សម្លៀកបំពាក់​រមទម្យ អនុវត្ត​ទាំង​ចំពោះ​សមាជិក​​បុរស និង​ស្ត្រីនៃ​សាសនាចក្រ​សព្វថ្ងៃ​នេះ ។

« តាមរយៈ​សម្លៀកបំពាក់ និង​ការ​តុបតែង​ខ្លួន​របស់អ្នក ​អ្នក​អាច​បង្ហាញ​ថា អ្នក​គឺ​ជា​សិស្សម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​អ្នក​ស្រឡាញ់​ទ្រង់… ។

« ‹ ពួក​ព្យាការី​របស់​ព្រះ​បាន​ប្រឹក្សា​ជា​បន្ត​បន្ទាប់​​ដល់​កូនចៅ​របស់​ទ្រង់​ឲ្យ​ស្លៀកពាក់​ដោយរមទម្យ​ ។ នៅ​ពេល​អ្នកតុបតែង​ខ្លួន និង​ស្លៀកពាក់​រមទម្យ នោះ​អ្នក​អញ្ជើញ​​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ ហើយ​អ្នក​អាចជះ​ឥទ្ធិពល​ល្អ​ដល់​អ្នក​ដទៃ › (ដើម្បីកម្លាំង​នៃ​យុវជន[ កូនសៀវភៅ ឆ្នាំ ២០១១ ]ទំព័រ ៦ ) » ( សៀវភៅ​សិក្សា​គម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស​Church Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ៤៥៨​ ) ។