បណ្ណាល័យ
មេរៀន​ទី ១៤០ ៖ យ៉ាកុប ១


មេរៀនទី ១៤០

យ៉ាកុប ១

សេចក្ដីផ្ដើម

យ៉ាកុប​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​វង្ស​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់ ដោយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​នៅ​ក្នុង​ការ​រងទុក្ខ​របស់​ខ្លួន ហើយ​ស្វែង​រក​ប្រាជ្ញា​មក​ពី​ព្រះវរបិតា​សួគ៌ ។ យ៉ាកុប​ក៏​បាន​បង្រៀន​ពួកគេ​ផង​ដែរ​ឲ្យ​តតាំង​នឹង​ការ​ល្បួង ធ្វើ​ជា​អ្នក​ធ្វើ​តាម​ព្រះបន្ទូល បម្រើ​មនុស្ស​ដទៃ ហើយ​រស់​នៅ​ដោយ​​ស្អាត​ស្អំ​ខាង​វិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប១:១-១១

យ៉ាកុប​លើក​ទឹក​ចិត្ត​ពួក​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​នៅ​ក្នុង​ការ​រងទុក្ខ​របស់​ខ្លួន ហើយ​​ស្វែង​រក​ប្រាជ្ញា​មក​ពី​ព្រះ

ពីមុន​ថ្នាក់​ចាប់ផ្ដើម​ សូម​សរសេរ​សេចក្ដី​ថ្លែង​កាណ៍​ខាងក្រោម​នេះ​លើ​ក្ដារខៀន ៖ ​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​ឆ្លាត​ជាង​​នេះ ! នៅពេល​ថ្នាក់​ចាប់​ផ្ដើម សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ឃ្លា​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ​ដើម្បី​សរសេរ​ប្រធានបទ ឬ​ស្ថានភាព​ផ្ទាល់ខ្លួន​ដែល​ពួកគេ​ចង់​មាន​ប្រាជ្ញា ។ អ្នក​អាច​ណែនាំ​ឲ្យ​ពួកគេ​ដាក់​បញ្ចូល​ប្រធាន​បទ​ដំណឹងល្អ និង​សំណួរ​សំខាន់ៗ​នៃ​ជីវិត​នៅ​ក្នុង​បញ្ជី​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ប្រធានបទ ឬ​សំណួរ​មួយ​ចំនួន​ដែល​ពួកគេ​បាន​សរសេរ ។ ( សូម​រំឭក​ពួកគេ​កុំ​ឲ្យ​ចែកចាយ​អ្វី​​ដែលជា​​រឿង​ផ្ទាល់ខ្លួន​ពេក ) ។

រូបភាព
យ៉ូសែប ស្ម៊ីធ​ ស្វែង​រក​ប្រាជ្ញា​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប

ចូរ​ដាក់​បង្ហាញ​រូបភាពយ៉ូសែប ស្ម៊ីធ​ ស្វែង​រក​ប្រាជ្ញា​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប(Gospel Art Book [២០០៩ ] ល.រ. ៨៩​, សូមមើលផង​ដែរLDS.org) ។

  • តើ​សំណួរ​សំខាន់ៗ​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​ឲ្យ​ យ៉ូសែប ស្ម៊ីធ ​ពិបាក​នឹង​ដោះស្រាយ កាល​លោក​នៅ​ក្មេង ? ( ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ សូម​ឲ្យ​ពួកគេ​បើក​ទៅ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៩–១០ ) ។

សូម​ពន្យល់​ថា យ៉ូសែប​កំពុង​អាន​សំបុត្រ​របស់​យ៉ាកុប កាល​លោក​បាន​រកឃើញ​ពី​របៀប​រក​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ យ៉ាកុប​គឺជា​សាវក​មួយ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប៊ីស្សពម្នាក់​នៅ​ក្រុង​យេរូសាឡិម ។ ទំនៀម​ទម្លាប់​ពួក​គ្រីស្ទាន​ក៏​ជឿ​ដែរ​ថា យ៉ាកុប​គឺជា​កូន​ប្រុស​របស់​ម៉ារា និង​យ៉ូសែប ដូច្នេះ​ហើយ​លោក​គឺ​ជា​បងប្អូន​ពោះ​តែ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:១-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​វង្ស​អ៊ីស្រាអែល​អំពី​ឧបសគ្គ និងការរងទុក្ខវេទនា​របស់​ពួកគេ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប​ ស្ម៊ីធ សម្រាប់​ខ​ទី ២ ​ផ្លាស់​ប្ដូរ​ឃ្លា « សេចក្តី​ល្បួង​ផ្សេងៗ » ទៅ​ជា « សេចក្ដី​​ទុក្ខ​វេទនា​ដ៏​ច្រើន » ។

  • តើ​យ៉ាកុប​បាន​បង្រៀន​វង្ស​អ៊ីស្រាអែល​អំពី​ឧបសគ្គ និង​សេចក្ដី​វេទនា​របស់​ពួកគេ​អ្វីខ្លះ ?

  • ហេតុអ្វី​វា​ជា​រឿង​សំខាន់​ ដើម្បី​មាន​ភាព​អត់​ធ្មត់​នៅ​គ្រា​មាន​ឧបសគ្គ និង​ការរង​ទុក្ខវេទនា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន យ៉ាកុប ១:៥-៦ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​យ៉ូសែប ស្ម៊ីធ ​បាន​រក​ឃើញ​អ្វីខ្លះ​ ដែល​បាន​ជួយ​លោក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។

  • តើ​យ៉ាកុប​បាន​ទូន្មាន​ពួក​អ្នក​អាន​របស់​លោកឲ្យ​​ធ្វើ​អ្វីខ្លះ​ ដើម្បី​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​របស់​ពួកគេ ?

  • តើ​ឃ្លា​ថា​ព្រះ​ប្រទាន « ដោយ​សទ្ធា » ហើយ « ឥត​បន្ទោស »​ ផង​នោះ​មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៥ ) ។ ( ដោយ​សទ្ធា មាន​ន័យ​ថា ដោយ​សេរី និង​ដោយ​សប្បុរស ។ បន្ទោស មាន​ន័យ​ថា ស្ដី​ថា ឬ​រិះគន់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន​សរសេរ​គោលការណ៍​មួយ​ ដែល​យើង​អាច​រៀន​នៅ​ក្នុង យ៉ាកុប ១:៥–៦ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​គួរ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​នឹង​គោលការណ៍​ ដូច​តទៅ​នេះ ៖ ព្រះប្រទាន​ប្រាជ្ញា​ដោយ​សទ្ធា​ដល់​ជន​ដែល​ទូល​សូម​ដល់​ទ្រង់​ដោយ​សេចក្ដី​ជំនឿ ។

  • តើ​ឃ្លា « សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ »​ មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៦ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​របៀប​ដែល យ៉ាកុប ១:៥–៦ បាន​ជះ​ឥទ្ធិពល​ដល់​យុវជន ​យ៉ូសែប ស្ម៊ីធ កាល​លោក​បាន​​ស្រាវជ្រាវ​រក​ចម្លើយ​ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​ទន្ទេញ​ចាំ​នូវ​លទ្ធផល​នៃ​ការ​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់​របស់ ​យ៉ូសែប ស្ម៊ីធ​ នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក ។

  • តើ​ព្រះវរបិតា​សួគ៌​ធ្លាប់​ឆ្លើយ​តប​ការអធិស្ឋាន​របស់អ្នក​ដោយសទ្ធា​នៅ​ពេល​ណា បន្ទាប់​ពី​អ្នក​បាន​ធ្វើការ​អធិស្ឋាន​ទៅ​កាន់ទ្រង់​ដោយ​សេចក្ដីជំនឿនោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ប្រទាន​ប្រាជ្ញា​ដោយ​សទ្ធា​ដល់​អស់​អ្នក​ណា ដែល​សូម​ពី​ទ្រង់​ដោយ​សេចក្តី​ជំនឿ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់ ​យ៉ូសែប ស្ម៊ីធ ដោយ​អនុវត្ត​គោលការណ៍​នេះ​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ប្រាជ្ញា ​ដែល​ពួកគេ​ត្រូវការ​មក​ពី​ព្រះវរបិតា​សួគ៌ ។

សូម​សង្ខេប យ៉ាកុប ១:៧–១១ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ព្រមាន​ទាស់​នឹង​ការ​មាន​ចិត្ត​ពីរ ឬ​ងាករេ​នៅ​ក្នុង​ភាព​ស្មោះ​ត្រង់ និង​ការ​តាំង​ចិត្ត​ចំពោះ​ព្រះអម្ចាស់ ។ យ៉ាកុប​ក៏​បាន​សរសេរ​ផង​ដែរ​ថា ពួក​អ្នក​មាន​គួរ​មាន​ចិត្ត​រាបសា ដោយសារ​ទ្រព្យ​សម្បត្តិ​នៅ​លើ​ផែនដី​គ្រាន់​តែ​ជា​ទ្រព្យ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​មិន​យូរ​ប៉ុន្មាន​វា​នឹង​រលាយ​បាត់ ។

កំណត់​ចំណាំ ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​បង្រៀន​បណ្តុំ​បទគម្ពីរ​ដូច​ខាង​ក្រោម ។ វា​ពិតជា​មាន​ប្រយោជន៍​ល្អ ​ប្រសិន​បើ​ឲ្យ​កិច្ចការ​នេះ​ទៅ​សិស្ស​​ដែល​បង្រៀន​ មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​មុន​មេរៀន​នេះ ដើម្បី​ពួកគេ​អាច​ត្រៀម​ខ្លួន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ ដែល​បង្រៀន​ឲ្យ​បង្រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ ឬ អ្នក​អាច​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម សូម​អញ្ជើញ​សិស្ស​ម្នាក់​ ដែល​ត្រូវ​បង្រៀន​ឲ្យ​បង្រៀន​បណ្តុំ​បទគម្ពីរ​របស់​គាត់​ទៅ​សិស្ស​ពាក់កណ្តាលថ្នាក់​ រួច​ហើយ​សូម​សិស្ស​ម្នាក់​ទៀត​ ( ឬ សិស្ស​ក្នុង​ថ្នាក់ ) ឲ្យ​ប្ដូរ​វេន​គ្នា​ ដើម្បី​​ពួកគេ​អាច​បង្រៀន​ដល់​សិស្ស​មួយ​ក្រុម​ទៀត ។

សិស្ស​ទី ​១ ដែល​ត្រូវ​បង្រៀន—យ៉ាកុប ១:១២–២១

យ៉ាកុប​បង្រៀន​អំពី​ការ​ល្បួង

សូម​សួរ​សិស្ស ៖

  • តើ​យុវវ័យ​សព្វថ្ងៃ​នេះ​ជួបប្រទះ​នឹង​ការ​ល្បួង​អ្វីខ្លះ ? ( អ្នក​គួរ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារខៀន ) ។

  • ហេតុអ្វី​ក៏​ពេល​ខ្លះ​វា​ពិបាក​ដើម្បី​តតាំង​នឹង​ការ​ល្បួង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:១២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែល​បាន​សន្យា​ដល់​ជន​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​តតាំង​នឹង​ការ​ល្បួង ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប​ ស្ម៊ីធ​សម្រាប់​ខ​គម្ពីរ​នេះ ​ផ្លាស់​ប្ដូរ​ឃ្លា « ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង » ទៅ​ជា « តតាំងនឹង​សេចក្តី​ល្បួង » ។

  • តើ​នឹង​មាន​ពរជ័យ​អ្វី​កើត​ឡើង​ដល់​ជន​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​តតាំងនឹង​ការ​ល្បួង ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប ចូរ​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ដោយ​តតាំង​​នឹង​ការល្បួង ដែល​ជាកិច្ច​តម្រូវមួយ ​​ដើម្បី​ទទួល​បាន​មកុដ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប១:១៣-១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​តើ​ការ​ល្បួង​មក​ពី​ណា ហើយ​មិន​មក​ពី​ណា ។

  • យោង​តាម ខ​ទី១៣តើ​នរណា​ទៅ​ដែល​ពុំមែន ជា​ប្រភព​នៃ​ការ​ល្បួង​របស់​យើង ?

សូម​ពន្យល់​ថា ពាក្យ ប្រាថ្នា នៅ​ក្នុង ខ​ទី ១៤ សំដៅ​ទៅ​លើ​បំណង​ឥត​បរិសុទ្ធ​ដែល​យើង​អាច​មាន ដោយសារ​តែ​និស្ស័យ​ជា​មនុស្ស​របស់​យើង ។ សាតាំង​អូស​ទាញ​យើង​ឲ្យ​បន្ទន់​ចិត្តតាម​បំណង​ឥត​បរិសុទ្ធ​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ការ​ល្បួង​ដែល​ពួកគេ​កំពុង​មាន​បញ្ហា ។

  • តើ​យើង​អាច​ទទួល​បាន​អំណាច​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច​ ដើម្បី​តតាំងនឹង​ការ​ល្បួង ?

  • តើ​ការ​តតាំងនឹង​ការ​ល្បួង​បង្ហាញ​ថា​ យើង​ស្រឡាញ់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​គោលការណ៍​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង យ៉ាកុប ១:១២ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា​ពួកគេ​នឹង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ត​តាំង​នឹង​ការ​ល្បួង​ដែល​ពួកគេ​កំពុង​ជួបប្រទះ​​នោះ ។

សូម​សង្ខេប យ៉ាកុប ១:១៧–២១ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​បង្រៀន​ថា រាល់​អំណោយទាន​ល្អៗ​កើត​ចេញ​មក​ពី​ព្រះ ហើយ​ថា​ពួក​បរិសុទ្ធ​គួរ​លះបង់ « សេចក្ដី​ស្មោក​គ្រោក » ហើយ​ទទួល​បន្ទូល​របស់​ព្រះអម្ចាស់ « ដោយ​ចិត្ត​សុភាព » ( ខ​ទី ២១ ) ។

សិស្ស​ទី​ ២ ដែល​ត្រូវ​បង្រៀន—យ៉ាកុប ១:២២-២៥

យ៉ាកុប​អញ្ជើញ​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​ធ្វើ​ជា​អ្នក​ស្ដាប់ និង​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

« ថ្មីៗនេះ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ដ៏​ប្រពៃ​ម្នាក់ ។ គោលដៅ​របស់​គាត់​គឺ​ការ​ទៅ​បម្រើ​បេសកកម្ម បញ្ចប់​ការសិក្សា រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុម​គ្រួសារ​រីករាយ​ដ៏​ស្មោះត្រង់​មួយ ។ … ខ្ញុំ​ឃើញថា​គាត់​ពិតជា​ចង់​ទៅ​បម្រើ​បេសកកម្ម ហើយ​ចៀសវាងរាល់​​អំពើ​រំលង​ធ្ងន់ធ្ងរនានា ​ដែល​នឹង​រារាំងគាត់​ពី​បេសកកម្ម ប៉ុន្តែ​ការប្រព្រឹត្ត​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពុំ​រៀបចំ​ខ្លួន​គាត់​សម្រាប់​ឧបសគ្គ​ខាង​សាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និង​ខាងវិញ្ញាណ​ដែល​គាត់​នឹង​ជួបប្រទះ​ឡើយ ។ គាត់​ពុំ​ទាន់​ចេះ​ធ្វើការ​ដោយ​ព្យាយាម​នៅ​ឡើយ​ទេ ។ គាត់ពុំយកចិត្តទុកដាក់នឹងការសិក្សា ឬ​ចូល​ថ្នាក់សិក្ខាសាលាឡើយ ។ គាត់ទៅព្រះវិហារ តែ​ពុំ​អាន​ព្រះគម្ពីរ​មរមន​ឡើយ ។ គាត់ចំណាយពេលច្រើនលេងហ្គេមវីដេអូ និង​ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់​ទំនង​ជា​គិត​ថា​ ការ​ចេញ​បម្រើ​បេសកកម្ម​ដ៏​សាមញ្ញ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​មើល​ទៅ » ( « Choose Wisely » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០១៤ ទំព័រ ៤៧ ) ។

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​អែលឌើរ ឃុក តើ​អ្នក​មាន​ក្ដី​បារម្ភ​អ្វីខ្លះ​ចំពោះ​កង្វះ​ខាត​នៃ​ការ​ត្រៀម​ខ្លួន​ទៅ​បេសកកម្ម​របស់​យុវជន​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:២២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ ​ដែល​វា​អាច​ជួយ​យុវជន​​នៅ​ក្នុង​ដំណើរ​រឿង​របស់​អែលឌើរ ឃុក​នោះ ។

  • តើ​យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ ​ដែល​វា​អាច​ជួយ​ដល់​យុវជន​នោះ ?

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង យ៉ាកុប ១:២៣–២៤ យ៉ាកុប​បាន​ប្រៀបប្រដូច​មនុស្ស​ម្នាក់​ដែល​ស្ដាប់ ប៉ុន្តែ​ពុំ​មែនជាអ្នកប្រព្រឹត្ត​តាម ​ទៅនឹង​មនុស្ស​ដែល​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង ប៉ុន្តែ​ភ្លេច​ថា​ខ្លួន​គាត់​មាន​ភិនភាគ​យ៉ាង​ណា កាល​គាត់​ដើរ​ចេញ​ទៅ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:២៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ជន​ដែល​ជ្រើស​រើស​ធ្វើ​តាម​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​ស្ដាប់​ឮ ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ជន​ដែល​ស្ដាប់ ហើយ​ប្រព្រឹត្ត​តាម ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេលយើង​ស្ដាប់ ហើយ​ធ្វើ​តាម​ព្រះបន្ទូល​ទ្រង់​នឹង​ប្រទាន​ពរ​យើង​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ខ្លួន​ឯង​ថា​ ជា​អ្នក​ស្ដាប់ និង​អ្នក​ប្រព្រឹត្តតាម​ព្រះបន្ទូល​ដោយ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម​នេះ ។ អ្នក​គួរ​អាន​សំណួរ​ទាំងនេះ​ឲ្យ​ឮៗ ឬ​សរសេរ​វា​ដាក់​លើ​ក្ដារខៀន ។

  1. តើ​ខ្ញុំ​ជឿ​លើ​សេចក្ដី​ពិត​ដែល​ខ្ញុំ​កំពុង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ នៅ​ផ្ទះ នៅ​ព្រះវិហារ និង​នៅ​ថ្នាក់​សិក្ខាសលា​ខ្លាំង​ប៉ុណ្ណា​ដែរ ?

  2. តើ​ខ្ញុំ​ដាក់​គោលដៅ​ខាង​វិញ្ញាណ​ ដើម្បី​ធ្វើ​តាម​សេចក្ដីពិត​​ដែល​ខ្ញុំ​នឹង​រៀន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ? តើ​ខ្ញុំ​សម្រេច​វា​បាន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ? តើ​ខ្ញុំ​ភ្លេច​វា​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ?

  3. តើ​ខ្ញុំ​អាច​ធ្វើអ្វីខ្លះ ឲ្យ​កាន់តែ​ប្រសើរ​​ឡើង ដើម្បី​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល និង​ពុំ​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​ប៉ុណ្ណោះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ ដែល​បាន​មក​នៅ​ពេល​យើង​ធ្វើតាម​អ្វី​ដែល​យើង​រៀន ។

យ៉ាកុប ១:២៦-២៧

យ៉ាកុប​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​មើល​ថែ​ទាំដល់​មនុស្ស​ដទៃ

បន្ទាប់​ពី​សិស្ស​ពីរ​នាក់​បាន​បង្រៀន​បណ្តុំ​បទគម្ពីរ​របស់​ពួកគេ​រួច សូម​ឲ្យ​សិស្ស​បី​បួន​នាក់​​សង្ខេប​ថា ពួកគេ​បាន​រៀន​អ្វីខ្លះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:២៦-២៧​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ការ​ផ្ដល់​យោបល់​របស់​យ៉ាកុប ​ចំពោះ​របៀប​ដែល​យើង​អាច​រស់​នៅ​តាម​សាសនា​របស់​យើង ។

  • យោងតាម​យ៉ាកុប តើ​អ្វី​ទៅ​ជា​វិធី​មួយ​ចំនួន​ ដែល​យើង​អាច​រស់​នៅ​តាម​សាសនា​របស់​យើង ឬ​បង្ហាញ​ការ​លះបង់​របស់​យើង​​ចំពោះ​ព្រះ ?

សូម​ពន្យល់​ថា យ៉ាកុប​បាន​ប្រើ​គំនិត​នៃ​ការ « ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ » ​ដែល​ខ្វះ​ខាត​ជា​ឧទាហរណ៍​មួយ​នៃ​ការ​មើល​ថែ​ទាំដល់​មនុស្ស​ដទៃ ។ ការ « រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ » ( ខ​ទី ២៧ ) មាន​ន័យ​ថា​ការ​បន្ត​ស្អាត​ស្អំ​ខាង​វិញ្ញាណ សូម្បី​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​សេចក្ដី​ទុច្ចរិត​កាន់​តែ​មាន​ច្រើន​ឡើង ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ២៧ ?​ ( សិស្ស​អាច​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​ដូច​ត​ទៅ​នេះ ៖ យើង​បង្ហាញ​ពី​សាសនា​ដែល​បរិសុទ្ធ នៅ​ពេល​យើង​ខ្វល់​ខ្វាយ​ពី​មនុស្ស​ដទៃ ហើយ​រក្សា​ខ្លួន​យើង​ឲ្យ​ស្អាត​ស្អំ​ខាង​វិញ្ញាណ ។ សូម​សរសេរសេចក្ដីពិត​​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​ការ​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​ដទៃ ហើយ​រក្សា​ខ្លួន​​យើង​ឲ្យ​ស្អាត​ស្អំ​ខាង​វិញ្ញាណ​ អាច​ជា​ការ​បង្ហាញ​ដ៏​សំខាន់​អំពី​ការ​លះបង់​របស់​យើង​ចំពោះ​ព្រះ​តាម​របៀប​ណា ?

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការ​បង្ហាញពី « សាសនា​ដែល​បរិសុទ្ធ » ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ឬទេ ? តើ​បុគ្គល​នេះ​ធ្វើ​អ្វីខ្លះ​ដែល​បំផុស​គំនិត​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​នូវ​ការប្រព្រឹត្ត​មួយ ឬ​ពីរ​ដែល​ពួកគេ​នឹង​ធ្វើ ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​មើល​ថែ​មនុស្ស​ម្នាក់​ដែល​ខ្វះ​ខាត ឬ​រក្សា​ខ្លួន​ពួកគេ « មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ដោយ​អនុវត្ត​គោលការណ៍​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ាកុប ១:៥-៦

សូម​ពន្យល់​ថា ការ​ទន្ទេញ​ចាំ យ៉ាកុប ១:៥–៦ នឹង​ជួយ​សិស្ស​នៅ​ក្នុង​ជីវិត​របស់​ពួកគេ នៅ​ពេល​ពួកគេ​មាន​សំណួរ​អំពី​ដំណឹង​ល្អ នៅ​ពេល​ពួកគេ​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​​នៅ​ក្នុង​ការ​សម្រេច​ចិត្ត និង​នៅ​ពេល​ពួកគេ​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។

សូម​ប្រើ​សកម្មភាព​ការ​ទន្ទេញ​ចាំ​មួយ​នៅ​ក្នុង​ឧបសម្ព័ន្ធ ឬ​បង្កើត​សកម្មភាព​ផ្ទាល់​ខ្លួន​មួយ​របស់​អ្នក ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​បទគម្ពីរ​នេះ ។ សូម​ចងចាំ​ដើម្បី​រំឭកសារឡើងវិញនូវ​​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ ដែល​បាន​ទន្ទេញ​ចាំ​ឡើង​វិញ​ជា​ញឹក​ញាប់​ជាមួយ​នឹង​សិស្ស​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​នៅ​ចាំ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​រៀបចំ​ពេលវេលា​​នៅ​ក្នុង​មេរៀន​ខាង​មុខ ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​បទគម្ពីរ​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​វា ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ាកុប ១:៥ ។ « តែ​ បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រៀបរាប់​ពី​សារៈសំខាន់​នៃ​យ៉ាកុប ១:៥​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖

« បទគម្ពីរ​មួយ​នេះ​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រសិទ្ធភាព​លើ​មនុស្ស​លោក​លើស​ពី​ប្រយោគនៃបទគម្ពីរណាមួយ​ផ្សេង​ទៀត ​ដែល​បាន​កត់​ត្រា​ទុក​ដោយ​ព្យាការី​នៅ​គ្រប់​ជំនាន់ ។ យើង​អាច​និយាយ​បាន​ថា សកម្មភាព​ដ៏​ល្អ​នៃ​ការ​ងារ​បម្រើ​របស់​យ៉ាកុប​ពុំ​មែន​ការ​ស្លាប់​ដោយ​បុព្វហេតុ​សាសនា​របស់​លោក​សម្រាប់​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការសូត្រ​​រៀបរាប់​របស់​លោក​អំពី​ពាក្យ​ដ៏​សាមញ្ញ​​ទាំងនេះ​ ដែល​បាន​ដឹកនាំ​ទៅរក​ការ​បើក​ទ្វារ​នៃ​ស្ថានសួគ៌​​នៅ​ក្នុង​សម័យ​ទំនើប ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ហើយ​វា​ត្រូវ​បាន​បន្ថែម​យ៉ាង​ល្អ​ថា អ្នក​រៀន​ថ្មី​គ្រប់​រូប​សម្រាប់​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​ ឈរ​នៅ​កន្លែង​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ឈរ នៅ​គ្រា​នៃ​ការ​ស្វែង​រក​សេចក្ដី​ពិត​របស់​ខ្លួន ។ គាត់​ត្រូវ​តែ​ងាក​ទៅ​រក​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ហើយ​ទទួល​ប្រាជ្ញា​មក​ពី​ព្រះ​តាមរយៈ​វិវរណៈ ប្រសិន​បើ​គាត់​ចង់​ទទួល​បាន​កន្លែង​មួយ​នៅ​លើ​ផ្លូវ​តូច ហើយ​​ចង្អៀត ​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ៣:២៤៦–៤៧ ) ។

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ទូល​សូម​ដល់​ព្រះ​នៅ​ក្នុង​ជំនាន់​របស់​យើង ៖

« សព្វថ្ងៃ​នេះ យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​ពុំ​ទូល​សូម​ដល់​ព្រះ​ឡើយ​—​ពួកគេ​ទំនង​ជា​ចង់​រុករកសួរ​ទៅ​កម្មវិធី Google វិញ ។ សូម្បី​តែ​នៅ​ពេល​ពួកគេ​មាន​សំណួរ​ទាក់​ទង​នឹង​សេចក្ដីជំនឿ មាន​មនុស្ស​ជាច្រើន​បាន​ទុក​ចិត្ត​ថា អ៊ិនធើរណែត​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ យុត្តិធម៌ ហើយ​មាន​តុល្យភាព​ចំពោះ​សំណួរ​របស់​ពួកគេ​ច្រើន​ជាង​ពួកគេ​ទុក​ចិត្ត​លើ​ប្រភព​​ដ៏​ខ្ពស់​បំផុត​នៃ​សេចក្ដី​ពិត គឺជា​ព្រះវរបិតា​សួគ៌​របស់យើង​ទៅ​វិញ ។ …

« … សព្វ​ថ្ងៃ​នេះ​ អ៊ិនធើរណែត​គឺ​ពោរពេញ​ដោយ​ការ​កុហក​ដែល​កំពុង​រង់​ចាំ​បោក​បញ្ឆោត​​ដល់​ពួក​អ្នក​ដែល​ពុំ​បាន​ទទួល​ព័ត៌មាន ហើយ​ខ្វះ​បទពិសោធន៍ ។

« នៅ​ក្នុង​ការ​ស្វែង​រក​របស់​យើង​សម្រាប់​សេចក្ដីពិត​នៃ​ដំណឹងល្អ យើង​ពុំត្រឹមតែ​ស្វែង​រក​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ថ្វាយ​ពេល​វេលា​ឲ្យ​ព្រះអម្ចាស់​ដូចគ្នា​នៅ​ក្នុង​ការ​ស្វែង​រក​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ ។ យើង​ត្រូវ​សិក្សា​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ យើង​ត្រូវ​រស់​នៅ​ដោយ​ត្រឹមត្រូវ​ចំពោះ​ព្រះ​—​យើង​ត្រូវ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ [ សូម​មើល យ៉ូហាន ៧:១៦–១៧ ] ។ ហើយ​យើង​ពុំ​អាច​និយាយ​បំផ្លើស​នូវ​សារៈសំខាន់​នៃ​ការ​នាំ​យក​កង្វល់​ខាង​វិញ្ញាណ​របស់​យើង​ទៅ​រក​ព្រះ​ដោយ​ផ្ទាល់ និង​ការ​ទុកចិត្ត​លើ​ការ​បំផុស​គំនិត និង​ការ​ដឹកនាំ​របស់​ទ្រង់​បាន​ឡើយ » ( « Women of Dedication, Faith, Determination, and Action » [ សុន្ទរកថា​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​ស្ត្រី​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ​១ ខែ​ ឧសភា ឆ្នាំ​ ២០១៥ ] ce.byu.edu/cw/womensconference ) ។

យ៉ាកុប ១:៦ ។ « សូម​ដោយ​ចិត្ត​ជឿ »

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃការ​ទូលសូម​ដោយ​ចិត្ត​ជឿ ៖

« គំរូ​ដ៏​សាមញ្ញ​នៃ​ការ​ទូលសូម​ដោយ​ចិត្ត​ជឿ​គឺ ​យ៉ូសែប ស្ម៊ីធ និង​ការ​និមិត្ត​ដំបូង ។ នៅ​ពេល​យុវជន​យ៉ូសែប​កំពុង​ស្វែង​រកចង់​​ដឹង​នូវ​សេចក្ដី​ពិត​អំពី​សាសនា លោក​បាន​អាន [ យ៉ាកុប ១:៥–៦ ] ។ …

« សូម​កត់​សម្គាល់​ពី​តម្រូវការ​នៃ​ការ​សូម​ដោយ​ចិត្ត​ជឿ ដែល​ខ្ញុំ​យល់​ថា វា​គឺជា​រឿង​ចាំ​បាច់​ដើម្បី​ធ្វើ​តាម​តម្រូវការ​នោះ​ដើម្បី​សន្ទនា ហើយ​អនុវត្ត ពុំ​មែន​គ្រាន់​តែ​សម្ដែង​ឡើង​នោះ​ទេ វា​គឺជា​កាតព្វកិច្ច​ដើម្បី​ទូល​អង្វរ ហើយ​អនុវត្ត » ( « Ask in Faith » EnsignLiahona ខែ ​ឧសភា ឆ្នាំ ២០០៨ ទំព័រ​៩៤ ) ។

យ៉ាកុប ១:១៤, ៤:៧–៨ ។ ការ​តតាំងនឹង​ការ​ល្បួង

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« នៅ​ពេល​បងប្អូន​តាំង​ចិត្ត​ដើម្បី​ឈរ​ការពារ​រឿង​ត្រឹមត្រូវ នៅ​ពេល​បងប្អូន​បាន​បង្កើត​បទដ្ឋាន​ផ្ទាល់​ខ្លួន ហើយ​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​គោរព​តាម​វា នៅ​ពេល​ការល្បួង​មក​ដល់ ហើយ​បងប្អូន​ធ្វើតាម​បទដ្ឋាន​របស់​ខ្លួន នោះ​បងប្អូន​​នឹង​ទទួល​បាន​កម្លាំង និង​ថាមពល​លើស​ពី​សមត្ថភាព​របស់​បងប្អូន​ផ្ទាល់ ប្រសិន​បើ​វា​ជា​រឿង​ចាំបាច់ ។ ការលំបាក​នឹង​មក​ដល់ ​នៅ​ពេល​បងប្អូន​ចូល​ទៅ​ក្នុង​ចម្បាំង​នៃ​ការ​ល្បួង​ដោយ​គ្មាន​ផែនការ​​ជាក់​លាក់​មួយ » ( « Do What Is Right » Ensign ខែ ​មិថុនា ឆ្នាំ​ ១៩៩៧ ទំព័រ ៥៣ ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ថា ៖

« កាល​បងប្អូន​រៀន​គ្រប់គ្រង​គំនិត​របស់​ខ្លួន បងប្អូន​អាច​យក​ឈ្នះ​ទម្លាប់​នានា សូម្បី​តែ​ទម្លាប់មិនល្អផ្ទាល់ខ្លួន ។ ប្រសិន​បើ​បងប្អូន​អាច​រៀន​គ្រប់គ្រង​វា​បាន នោះ​បងប្អូន​នឹង​មាន​ជីវិត​មួយ​ដ៏​រីករាយ ។ …

« នៅ​ពេល​បងប្អូន​រៀន​ជម្រះ​គំនិត​របស់​បងប្អូន​ចេញ​ពី​គំនិត​ពុំ​សក្ដិសម ដោយ​ប្រឹង​ប្រែង​ជាប់​រវល់​ជាមួយ​នឹង​ការ​រៀន​សូត្រ​ពី​រឿង​ល្អៗ​វិញ ។ សូម​ផ្លាស់​ប្ដូរ​បរិយាកាស​របស់​បងប្អូន ​ដើម្បី​ឲ្យ​បងប្អួន​មាន​រឿង​ដែល​នឹង​បំផុស​គំនិត​ឲ្យ​មាន​គំនិត​ល្អៗ ហើយ​លើក​តម្កើង ។ សូម​មមាញឹក​ជាមួយ​រឿង​ដែល​សុចរិត » ( « Inspiring Music Worthy Thoughts » Ensign ខែ​មករា ឆ្នាំ ​១៩៧៤ ទំព័រ​ ២៨ ) ។