បណ្ណាល័យ
មេរៀន​ទី ១៤១ ៖ យ៉ាកុប ២


មេរៀនទី ១៤១

យ៉ាកុប ២

សេចក្ដីផ្ដើម

យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ឈោង​ទៅ​ជួយ​អ្នក​ដែលត្រូវ​​គេ​ជិះ​ជាន់ ហើយ​លោក​បាន​បង្រៀន​ថា ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​​ពុំ​ត្រូវពេញចិត្តអ្នក​មាន​ច្រើន​ជាង​អ្នក​ក្រី​ក្រ​ឡើយ ។ យ៉ាកុប​ក៏​បាន​បង្រៀន​ផងដែរ​អំពី​ទំនាក់​ទំនង​រវាង​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​តាម ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប ២:១–១៣

យ៉ាកុប​បង្រៀន​ថា​ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ពុំ​គួរ​បង្ហាញ​ការ​និយម​ចូលចិត្តតែ​ចំពោះ​អ្នក​មាន​ឡើយ

សូម​ជ្រើស​សិស្ស​ម្នាក់​ដោយ​ចៃ​ដន្យ ហើយឲ្យ​​ស្ករ​គ្រាប់​តូច​មួយ​ដល់​គាត់ ។ សូម​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា អ្នក​បាន​ឲ្យស្ករ​មួយ​គ្រាប់​ដល់​សិស្ស​ម្នាក់​នេះ​ដោយ​សារ​មាន​ហេតុផល​មួយ​ចំនួន ​ដែល​បាន​ជ្រើស​រើស​តាម​ចិត្ត ( ឧទាហរណ៍ ដោយ​សារ​​សិស្ស​នោះ​បាន​ស្លៀក​ពាក់​ខោ​អាវ​មាន​ពណ៌ដែល​អ្នកចូលចិត្ត​ ឬ ដោយសារ​គាត់​បាន​យក​វត្ថុ​ដ៏​ជាក់​លាក់​មួយ​មក​ថ្នាក់​រៀន ) ។

  • តើ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ទៅ​លើ​សិស្ស​ម្នាក់​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​បែបណា​ដែរ ?

  • ហេតុអ្វី​ពេល​ខ្លះ​មនុស្ស​បង្ហាញ​នូវ​ការ​និយម​ចូល​ចិត្ត ?

សូម​ឲ្យ​សិស្ស​គិត​អំពីគ្រា​ផ្សេង​ ដែល​ពួកគេ​ធ្លាប់​បាន​ឃើញ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេយកចិត្តទុក​ដាក់​ច្រើនជាង​មនុស្ស​ដទៃទៀត ហើយ​ពិចារណា​ថា វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ២:១–៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​នេះ​អាន​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ សម្រាប់ យ៉ាកុប ២:១ ផង​ដែរ  ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​ព្រមាន​ពួក​បរិសុទ្ធ​អំពី​អ្វីខ្លះ ។

  • តើ​យ៉ាកុប​បាន​ព្រមាន​ពួកបរិសុទ្ធ​អំពី​អ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថាការ ​« រើស​មុខ​អ្នក​ណា »​( ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ យ៉ាកុប ២:១ ) ​មាន​ន័យ​ថា ការ​បង្ហាញ​ការ​និយមចូលចិត្ត​ចំពោះ​មនុស្ស​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​កាល​ប្រព្រឹត្ត​ផ្ទុយ​គ្នា​ចំពោះ​មនុស្ស​ផ្សេង​ទៀត ដោយសារ​តែ​កាលៈទេសៈ ឬ​ចរិត​លក្ខណៈ​របស់​ពួកគេ ។

  • តើ​យ៉ាកុប​បាន​ចែក​ឧទាហរណ៍​អ្វី​ខ្លះ​អំពី​ការ​និយម​ចូលចិត្ត ?

  • តើ​ឧទារណ៍​អ្វីខ្លះ​នៅ​ក្នុង​ជំនាន់​របស់​យើង​អំពី​បុគ្គល​ដែល​បង្ហាញ​ការ​និយមចូលចិត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន ការ​ប្រព្រឹត្ត​ផ្ទុយ​គ្នា​ចំពោះ​មនុស្ស​ផ្សេង​ទៀត ដោយសារ​តែ​កាលៈទេសៈ ឬ​ចរិតលក្ខណៈ​របស់​ពួកគេ​នោះ ?

សូម​សង្ខេប យ៉ាកុប ២:៥–៧ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​បន្ត​ស្ដី​បន្ទោស​ដល់​ពួក​បរិសុទ្ធ​ដែល​បាន​បង្ហាញ​ការ​និយម​ចូលចិត្តចំពោះ​អ្នក​មាន ។ លោក​បាន​បង្រៀន​ពួកគេ​ថា ព្រះ​បាន​ជ្រើស​អ្នក​ក្រីក្រ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​នៅ​ក្នុង​សេចក្ដី​​ជំនឿ ហើយ​គ្រង​មរតកក្នុង​​នគរ​របស់​ទ្រង់ ។ យ៉ាកុប​ក៏​បាន​រំឭក​ពួក​បរិសុទ្ធ​ផង​ដែរ​ថា គឺ​អ្នក​មាន​ដែលបាន​ជិះ​ជាន់​ពួកគេ ហើយ​ប្រមាថ​ទាស់​នឹង​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប ២:៨ ដោយ​ស្ងៀម​ស្ងាត់​រក​មើល​ថាយ៉ាកុប​បាន​រំឭក​ពួក​បរិសុទ្ធ​ឲ្យធ្វើ​អ្វីខ្លះ​ ដែល​វា​នឹង​ជួយ​ពួកគេ​ឲ្យ​បញ្ឈប់​ការ​និយម​ចូល​ចិត្ត ។

  • តើ​យ៉ាកុប​បាន​រំឭក​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​ បទបញ្ញត្តិ​នេះ​ត្រូវ​បាន​ហៅ​ថា​ជា ​« ​ក្រឹត្យវិន័យ​ដ៏​ប្រសើរ » ? ( យ៉ាកុប ២:៨ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ ចេញ​ពីខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទូទៅ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ពួក​សិស្ស​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​មនុស្ស​ទាំងអស់​ដោយ​ពុំ​គិត​ពី​កាលៈទេសៈ​របស់​ពួកគេ​ឡើយ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារ​ខៀន ) ។

  • នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ តើ​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​នៃ​ការ​ស្រឡាញ់​​មនុស្ស​ដទៃ​ ដោយ​ពុំ​គិត​ពី​កាលៈទេសៈ​របស់​ពួកគេ​បាន​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​ខិតខំ​ស្រឡាញ់​​មនុស្ស​ទូទៅ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ពី​មនុស្ស​ដែល​ពួក​គេ​​គិត​ឃើញ និង​ពី​ហេតុផល ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រក​មើល​ឱកាស​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការ​ស្រឡាញ់​មនុស្ស​ដទៃ ។

សូម​អញ្ជើញ​សិស្ស​ស្រមៃ​ថា បន្ទាប់​ពី​ស្ដាប់​ឮ​ការ​បង្រៀន​របស់​យ៉ាកុប​អំពី​ការ​ស្រឡាញ់​ដល់​មនុស្ស​ទូទៅ ពួកគេ​ស្ដាប់​ឮ​មនុស្ស​ម្នាក់​និយាយ​ថា វា​ពុំ​ជា​បញ្ហា​សំខាន់​នោះ​ទេ ប្រសិន​បើ​យើង​បង្ហាញ​ការ​និយម​ចូលចិត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន​ ខណៈដែលប្រព្រឹត្ត​ដាក់​មនុស្ស​ដទៃពុំគប្បី ។ បុគ្គល​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា មាន​រឿង​ដ៏​អាក្រក់​ដែល​យើង​អាច​ធ្វើ​បាន​ច្រើ​នជាង​នេះ​ទៀត ។

  • តើ​បញ្ហា​អ្វីខ្លះ​អាច​កើត​ចេញ​ពី​ការ​មាន​គំនិត​បែប​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប២:៩–១០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា ហេតុអ្វី​វា​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់​ធ្ងរ​ដែល​ពុំ​ស្រឡាញ់​មនុស្ស​ទូទៅ​ដោយ​មិនគិត​​ពីកាលៈទេសៈ​របស់​ពួកគេ ។

  • ហេតុអ្វី​វា​ជា​បញ្ហា​មួយ​ដ៏ធំដែល​ពុំ​ស្រឡាញ់​មនុស្ស​ទូទៅ​ ដោយ​មិន​គិត​​ពី​កាលៈទេសៈ​របស់​ពួកគេ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ការ​បង្រៀន​របស់​យ៉ាកុប​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ធ្វើ​អំពើ​បាប​សូម្បី​តែ​មួយ យើង​នឹង​មាន​កំហុស​ចំពោះ​ព្រះ​ ) ។

  • យោង​តាម យ៉ាកុប ២:១០ តើ​អ្វី​ទៅ​ជា​ផលប៉ះពាល់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​​ការ​បំពាន​ សូម្បី​តែ​បទបញ្ញត្តិ​តែមួយ​របស់​ព្រះ​ក្ដី ? ( យើង​ក្លាយ​ជា​ « មាន​ទោស​ចំពោះ​ក្រឹត្យវិន័យ​ទាំងមូល » ​ដោយសារ​យើង​គ្មាន​ភាព​ស្អាត​ស្អំ ហេតុ​ដូច្នេះ​ហើយ យើង​ពុំ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ [ សូម​មើល​ផង​ដែរ នីហ្វៃទី១ ១០:២១ ] ) ។

  • ហេតុអ្វី​យើង​អាច​នៅតែ​មាន​សង្ឃឹម ទោះ​បី​ជា​ការ​ពុំ​គោរព​ប្រតិបត្តិ​តាម​​ព្រះ​ធ្វើ​ឲ្យ​យើង​​​ពុំ​ស្អាត​ស្អំ​ដើម្បី​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្ដី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​​ឮៗ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មនុស្ស​គ្រប់​រូប​មិន​វិនាស​បង់​ឡើយ ។

« ព្រះគុណ​នៃ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​គ្មាន​ទី​បំផុត ។

« តាម​រយៈ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​រំងាប់​ដល់​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ [ សូមមើល​អាលម៉ា ៤២:១៥] ‹ ហើយ [ នាំ​មក​នូវ ] មធ្យោបាយ​ទាំងឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការប្រែ​ចិត្ត › [អាលម៉ា ៣៤:១៥] ។

« ទោះបើ​​អំពើ​បាប​របស់​យើង អាច​ពណ៌​ក្រហមទែង ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ [ សូមមើល​អេសាយ ១:១៨] ។ ដោយសារ​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង ‹ បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ › [ធីម៉ូថេទី១ ២:៦] នោះ​វា​​ជា​ច្រក​ទ្វារ​មួយ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់​កល្ប​​របស់ទ្រង់ ដែល​បាន​ប្រទាន​ដល់​យើង [ សូមមើលពេត្រុសទី២ ១:១១] »​ ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១៥ ទំព័រ ១០៨ ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​មានភាព​សក្ដិសម​​ចំពោះ​ការ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​គោលការណ៍​ដែល​យើង​បាន​ស្គាល់​នៅ​ក្នុង ខ​ទី ១០ នេះ​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ​គុណ​កាន់​តែ​ពេញ​លេញ​ ចំពោះ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

សង្ខេប យ៉ាកុប ២:១១–១៣ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ផ្ដល់​ជា​ឧទាហរណ៍​មួយ​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង ខ​ទី ១០ ។ បន្ទាប់​មក លោក​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ជឿ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃទៀត​ដោយ​ចិត្ត​មេត្តា ពី​ព្រោះ​ជន​ដែល​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​គ្មាន​មេត្តា​​នឹង​ត្រូវ​បាន​កាត់​សេចក្ដី​ដោយ​គ្មាន​មេត្តា​ដែរ ។

យ៉ាកុប ២:១៤–២៦

យ៉ាកុប​បង្រៀន​អំពី​តួនាទី​នៃសេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​តាម​នៅ​ក្នុង​សេចក្ដី​សង្គ្រោះ​របស់​យើង

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា មាន​យុវជន​ម្នាក់​បាន​ដឹង​ថាគាត់​មាន​អំពើ​បាប ។ គាត់​ជឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​​ដើម្បី​សង្គ្រោះ​គាត់ ។ គាត់​ពោល​ថា អ្វី​ៗ​ទាំងអស់ដែល​គាត់​ត្រូវ​ធ្វើ​គឺ​ជឿ ហើយ​ព្រះអម្ចាស់​នឹង​អត់ទោស​ឲ្យ​គាត់ ដោយ​គាត់​ពុំ​បាច់​ធ្វើ​អ្វី​ទៀតឡើយ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ជំនឿ​របស់​យុវជន​នោះ​តែ​ម្យ៉ាង​នោះ​ វា​ល្មម​គ្រប់​គ្រាន់​ដើម្បី​គាត់​អាច​បាន​ការ​អត់ទោស​ចំពោះអំពើ​បាប​របស់​ខ្លួន​ដែរ​ឬទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ២:១៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​សួរ​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​សេចក្ដី​ជំនឿ ។

  • តើ​យ៉ាកុប​បាន​សួរ​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​​​សេចក្ដី​ជំនឿ ?

  • តើ​អ្នក​គិត​ថា ការ​ប្រព្រឹត្ត​បែប​ណា​ខ្លះដែល​យ៉ាកុប​ចង់​លើកឡើង ?

សូម​ពន្យល់​ថា យ៉ាកុប​កំពុង​កែ​តម្រូវ​គំនិត​ខុស​ឆ្គង​មួយ​អំពី​សេចក្ដី​ជំនឿ ។ មាន​មនុស្ស​មួយ​ចំនួន​បាន​យល់ខុស​ថា សេចក្ដីជំនឿ​​គឺ​គ្រាន់​តែ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​មួយ​អំពីជំនឿ​តាម​រយៈ​ពាក្យ​សម្ដី ។ នៅ​ក្នុង​បរិបទ​នៃ យ៉ាកុប ២:១៤ យ៉ាកុប​បាន​ប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម ខុស​ពីរបៀប​ដែល​សាវក​ប៉ុល​បាន​ប្រើ ។ នៅ​ពេល​ប៉ុល​បាន​ប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម លោក​​​បានសំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ នៅ​ពេល​យ៉ាកុប​បានប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម លោក​សំដៅ​ទៅ​លើ​សកម្មភាព​នៃ​ការ​លះបង់ ឬ​កិច្ចការ​នៃ សេចក្ដី​​សុចរិត ។

ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​យ៉ាកុប ២:១៥–១៦ យ៉ាកុប​បាន​ប្រើ​រឿង​ប្រៀប​ធៀប​មួយ​ដើម្បី​បង្ហាញ​ចម្លើយ​សម្រាប់​សំណួរ​របស់​លោក​នៅ​ក្នុង ខ​ទី ១៤ ។ សូម​អញ្ជើញ​សិស្ស​ពីរ​នាក់ឲ្យ​​ឡើង​មក​ខាងមុខ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​ដើរ​តួ​ជា​អ្នក​សុំ​ទាន​ម្នាក់​​ដែល​កំពុង​សុំ​អាហារ សម្លៀក​បំពាក់ និង​ទី​ជម្រក​ដែល​គាត់​ត្រូវការ​ដើម្បី​មាន​ជីវិត​រស់ ។ សូម​អញ្ជើញ​ម្នាក់​ទៀត​ឲ្យ​ដើរ​តួ​ជា​មនុស្ស​ម្នាក់​ ដែល​អាច​ជួយ​ដល់​អ្នក​សុំ​ទាន​នោះ​បាន ។ សូម​អញ្ជើញ​សិស្ស​ទីបី​ឲ្យ​អាន យ៉ាកុប ២:១៥–១៦ ឮៗ កាល​សិស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដើរ​តួ​តាម​សាច់​រឿង​ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​មាន​អ្វី​ខុស​ឆ្គង​ជាមួយ​នឹង​ចម្លើយ​ ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​សិស្ស​ដែល​ជា​អ្នក​សុំ​ទាន​នោះ ? តើ​ចម្លើយ​របស់​សិស្ស​ម្នាក់​ទៀត​នឹង​ល្មម​គ្រប់​គ្រាន់​ ដើម្បី​សង្គ្រោះ​ដល់​អ្នក​សូម​ទាន​ម្នាក់​ដែរ​ឬទេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​យ៉ាកុប ២:១៧–១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ជំនឿ ។

  • តើ​អ្នក​គិត​ថាឃ្លា « សេចក្តី​ជំនឿ​បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​ » ( ខ​ទី ១៧​ ) មាន​ន័យ​ដូចម្ដេច ?

  • តើ​រឿង​ប្រៀប​ធៀប​របស់​យ៉ាកុប​​អំពី​អ្នក​សុំទាន​នោះ​ជួយ​យើង​ ឲ្យ​យល់​អំពីអត្ថន័យ​នៃ​ឃ្លា​នោះ​យ៉ាង​ដូចម្ដេច ?

  • យោង​តាម ខ​ទី ១៧ តើ​យ៉ាកុប​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ទាក់ទង​នឹង​សេចក្ដី​ពិត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​អំពីសេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ សេចក្តី​ជំនឿ​ពិត​​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​បង្ហាញ​ឡើង​តាមរយៈ​កិច្ចការ​សុចរិត​របស់​យើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ២:១៩–២០ ឲ្យឮៗ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ សម្រាប់​យ៉ាកុប ២:១៩ ចែ​ង​ថា « អ្នក​ជឿ​ថា មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​ដូចជា​ពួក​វា ដោយ​ពុំ​បាន​រាប់​ថា​សុចរិត​ឡើយ » ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​ឧទាហរណ៍​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​បង្ហាញ​ថា ការ​ជឿ​លើ​ព្រះ វា​ពុំ​មែន​មាន​ន័យ​ថា​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ឡើយ ។

  • តើ​ឧទាហរណ៍​អ្វីខ្លះ​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​បង្ហាញ​ថា ការ​ជឿ​លើ​ព្រះ វា​ពុំ​ចាំបាច់មាន​ន័យ​ថា​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ឡើយ​នោះ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សេចក្ដីជំនឿ​ពិត​គឺ​ផ្ដោតនៅក្នុង និង​ទៅលើ​ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅរក​សកម្មភាពសុចរិត ។ … សកម្មភាព​តែ​ម្យ៉ាង​ពុំ​មែន​ជា​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​សកម្ម​ភាព​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ​ គឺជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ » ( « Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០០៨ ទំព័រ ៩៥ ) ។

  • យោង​តាម​អែលឌើរ បែដណា តើ​អ្វី​ទៅ​ជា « ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ » ?

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​យល់​ថា ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​ថា ត្រូវ​​ជឿ​លើ​ទ្រង់ និង​​ប្រព្រឹត្ត​តាម​គោលការណ៍​ត្រឹមត្រូវ ?

សូម​រំឭក​សិស្ស​អំពីយុវជន​នៅ​ក្នុង​សាច់​រឿង​នៅ​ដើម​ផ្នែក​នៃ​មេរៀន​នេះ ។

  • តើ​ការ​យល់​ដឹង​ថា​ សេចក្ដី​ជំនឿ​រួម​បញ្ចូល​ទាំង​ការ​ជឿ និងការ​ប្រព្រឹត្ត​តាម​ អាច​ជួយ​មនុស្ស​ម្នាក់​ដែល​ស្វែង​រក​ការ​អត់ទោស​សម្រាប់​អំពើ​បាប​របស់​គាត់​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប យ៉ាកុប ២:២១–២៦ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​លើក​ឡើង​ពី​អ័ប្រាហាំ និង​រ៉ាហាប ជា​ឧទាហរណ៍​នៃ​មនុស្ស​ពីរ​នាក់​ដែល​សេចក្ដី​ជំនឿ​របស់​ពួក​លោក​លើ​ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​តាម ។ ( ដំណើរ​រឿង​នៃ​ស្ត្រី​ដ៏​ក្លាហាន ឈ្មោះ​រ៉ាហាប មាន​នៅ​ក្នុង យ៉ូស្វេ ២:១–២២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​សរសេរ​អំពី​គ្រា​មួយ​ ដែល​ពួកគេ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការ​ប្រព្រឹត្តតាម​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​​ទទួល​បាន​ពរជ័យ​សម្រាប់​ការ​ធ្វើ​ដូច្នេះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ដាក់​បញ្ចូល​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដែល​ពួកគេ​នឹង​បង្ហាញ​ជំនឿ​នោះ​តាមរយៈ​សកម្មភាព​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី​ ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ថា ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​កាន់​តែ​ពេញ​លេញ​តាម​រយៈ​ការ​គោរព​តាម​ទ្រង់​បាន​ដោយ​របៀប​ណា ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​ទទួល​បាន ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ាកុប ២:១៧–១៨

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដី​ពិត​ ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នេះ សូម​ផ្ដល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាស​មួយ​បំណែក​តូច ។ សូម​អញ្ជើញ​ឲ្យ​ពួកគេ​សរសេរ​ពាក្យ​នៃ​​វគ្គ​ខគម្ពីរ​នេះ​នៅ​ផ្នែក​ម្ខាង​នៃ​ក្រដាស​នោះ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ​នៅ​ផ្នែក​ម្ខាង​ទៀតនៃក្រដាស ៖ ខ្ញុំ​នឹង​បង្ហាញ​ព្រះអម្ចាស់​អំពី​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ទ្រង់​ដោយ … សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក្សា​ទុក​ក្រដាស​នេះ​នៅ​ក្នុង​ហោប៉ៅ​របស់​ពួកគេ​ពេញ​មួយ​ថ្ងៃ ហើយ​បន្ត​សរសេរនូវបញ្ជីនៃ​គំនិត​​ក្នុង​​ការ​​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ ។ នៅ​ពេល​ពួកគេ​បន្ថែម​គំនិត​នៅ​ក្នុង​បញ្ជី​របស់​ពួកគេ ពួកគេ​អាច​មើល​ឡើង​វិញ​នូវ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នោះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​ក្រដាស​នោះ​នៅ​ត្រង់​កន្លែង​ដែល​ពួកគេ​អាច​មើល​ឃើញ​ជា​រឿយៗ ហើយ​វា​ជួយ​រំឭក​ពួកគេ​ពី​គោលដៅ​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ាកុប ២:១០ ។ ប្រសិន​បើ​យើង​មាន​កំហុស​ចំពោះ​អំពើ​បាប​មួយ តើ​យើង​ពិត​ជា​មាន​កំហុសចំពោះ​ក្រឹត្យវិន័យ​ទាំង​អស់​មែន​ឬ ?

ការ​បង្រៀន​របស់​យ៉ាកុប​ដែល​បាន​កត់​ត្រា​នៅ​ក្នុង យ៉ាកុប ២:១០ គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​យល់​ដឹង ប៉ុន្តែ​វា​ក៏​អាច​ងាយ​នឹង​យល់​ខុស​ដែរ ។ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​បង្រៀន​ដូច​តទៅ​នេះ​ទាក់ទង​នឹង​ខគម្ពីរ​នេះ ៖

« នៅ​ក្នុង​សំបុត្រ​របស់​លោក យ៉ាកុប​បាន​ថ្លែង​ថា​ ‹ ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រឹត្យវិន័យ​ទាំង​មូលតែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រឹត្យវិន័យ​ទាំង​មូល​នោះ​ហើយ ›​ [ យ៉ាកុប ២:១០ ] ។ ការណ៍​នេះ​​បាន​លេច​ឡើង​ចំពោះ​មនុស្ស​ជាច្រើន​ថា​ជា​ការ​និយាយ​ខ្លាំងៗ​មួយ ប៉ុន្តែ​វា​គឺជា​ការពិត ។ ក្រឹត្យវិន័យ​ដែល​បាន​គ្រប់​គ្រងនៅ​ក្នុង​នគរ​សេឡេស្ទាល​មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​ពីមុន​យើង​អាច​ចូល​ទៅ​ក្នុង​ទីនោះ​បាន​ យើង​ត្រូវ​តែ​សម្រប​ខ្លួន​យើង​តាម​ក្រឹត្យវិន័យ​ទាំងអស់​នោះ ។ បុគ្គល​ម្នាក់​ដែល​បះបោរ​ទាស់​នឹង​បទបញ្ញត្តិ​ដ៏​នៅ​អស់​កល្ប​ណា​មួយ ​ពុំ​អាច​បាន​រាប់​ជា​សុចរិត ហើយ​ពុំ​អាច​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​បាន​ឡើយ ។ ប្រសិន​បើ​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​មែន នោះ​គាត់​នឹង​នាំ​យក​ការ​ភាន់​ច្រឡំ​ចូ​ល​ទៅ​ក្នុង​នគរ​នោះ ហើយ​លក្ខខណ្ឌ​មួយ​បែប​នេះ​ពុំ​អាច​បាន​រាប់​ជា​សុចរិត​ឡើយ » ( « The Standards of the Church » Improvement Era ខែ កក្កដា ឆ្នាំ​១៩៥៧ ទំព័រ ៥០៦) ។

យ៉ាកុប ២:១៤–១៨ ។ យើង​ពុំ​ត្រូវ​បាន​សង្គ្រោះ​តាមរយៈ​ការ​ប្រព្រឹត្ត​របស់​​យើង​ឡើយ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​​ទីមួយ​បាន​បញ្ជាក់​ថា ការ​គោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ​ពុំ​បាន​សង្គ្រោះ​យើង​ទេ ៖

« សេចក្តីសង្គ្រោះ​ពុំ​អាច​ទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរពប្រតិបត្តិ​ឡើយ តែ​អាច​ទិញ​បាន​ដោយ​ព្រះ​លោហិត​នៃ​បុត្រា​នៃ​ព្រះ [ សូម​មើល កិច្ចការ ២០:២៨ ] ។ ដោយ​គិត​ថា យើង​អាច​ដោះដូរ​កិច្ចការ​ល្អ​យើង​​ជាមួយ​សេចក្តីសង្គ្រោះ​បាន គឺ​វា​ប្រៀប​បាន​នឹង​ការទិញ​សំបុត្រ​យន្តហោះ ហើយ​គិត​ថា​យើង​បាន​យន្តហោះ​មួយ​ដូច្នោះ​ដែរ ។ ឬ​គិត​ថា ​បន្ទាប់​ពី​បាន​បង់​ថ្លៃ​ជួល​ផ្ទះ​ហើយ គិត​ថា​ឥឡូវ​យើង​ជា​ម្ចាស់​ផែនដី​ទាំងមូល » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០១៥ ១០៩ ) ។

យ៉ាកុប ២:១៨–២៦ ។ « ខ្ញុំ​នឹង​បង្ហាញ​សេចក្តី​ជំនឿ​ខ្ញុំ ដោយសារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត »

« យ៉ាកុប​បាន​ឆ្លើយ​តប​ចំពោះ​របាយកាណ៍​អំពី​មនុស្ស​​ដែល​កំពុង​និយាយ​យ៉ាង​សាមញ្ញ​អំពី​សេចក្ដី​ជំនឿ​ថា​ជា​អ្វី​មួយ​ដែល​ខុស​ពី​ទង្វើ ឬ ​‹ ការ​ប្រព្រឹត្ត › ​របស់​មនុស្ស​ម្នាក់ ( សូម​មើល យ៉ាកុប ២:១៤–២៦ ) ។ …

« … យ៉ាកុប​ពុំ​មែន​កំពុង​បង្រៀន​ថា សេចក្ដី​ជំនឿ​គ្មាន​នូវ​អំណាច​នៃ​ការ​សង្គ្រោះ​នោះទេ លោក​កំពុង​បង្រៀន​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​តាម​ពុំ​មែន​ជា​សេចក្ដី​ជំនឿ​ពិត​ដែល​ជួយ​សង្គ្រោះ​ឡើយ ។ នៅ​ពេល​យ៉ាកុប​បាន​សំណូម​ពរ​ឲ្យ​ពួក​អ្នក​អាន​របស់​លោក​ឲ្យ ​‹ បង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក ក្រៅ​ពីការ​ដែល​អ្នក​ប្រព្រឹត្ត › ( យ៉ាកុប ២:១៨ ) លោក​កំពុង​ចង្អុល​បង្ហាញ​ថា ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​មនុស្ស​ម្នាក់​ពុំ​អាច​ធ្វើ​ឡើង​បាន​ឡើយ លើក​លែង​តែ​តាមរយៈ​ទង្វើ​របស់​គាត់​ប៉ុណ្ណោះ​—សេចក្ដី​ជំនឿ​ពិត​ពុំ​អាច​នៅ​ឆ្ងាយ​​ពី​កិច្ចការ​សុចរិត​បាន​នោះ​ទេ » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៩៥) ។

យ៉ាកុប​បាន​លើក​ឡើង​អំពីអ័ប្រាហាំ និង​រ៉ាហាប ជា​ឧទាហរណ៍​នៃ​មនុស្ស​ពីរ​នាក់​ដែល​សេចក្ដី​ជំនឿ​របស់​ពួក​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​តាម ។ យ៉ាកុប​បាន​ពន្យល់​ថា អ័ប្រាហាំ និង​រ៉ាហាប​ត្រូវ​បាន​ « រាប់​ជា​សុចរិត​ដោយ​ការ​ប្រព្រឹត្ត​តាម » ។ ដើម្បី​បាន​រាប់​ជា​សុចរិត​មានន័យ​ថា « ដើម្បី​ឲ្យ​បាន​លើក​លែង​ពីការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ហើយ​​រាប់​ថា​ឥត​មាន​ទោស ។ ជន​ម្នាក់ៗ​ត្រូវបាន​រាប់​ជា​សុចរិត ​ដោយសារ​ព្រះគុណ​នៃ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ ។ សេចក្ដី​ជំនឿ​នេះ គឺ​បាន​បង្ហាញ​ដោយ​សារ​ការ​ប្រែ​ចិត្ត និង​ការ​គោរព​តាម​ក្រឹត្យ​វិន័យ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ » ​( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការ​រាប់​ជា​សុចរិត » scriptures.lds.org ) ។ ហេតុ​ដូច្នេះ​ហើយ អ័ប្រាហាំ និង​រ៉ាហាប​ពុំ​មែន​ត្រូវ​បាន​សង្គ្រោះ​ ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​របស់​ពួក​លោក​នោះ​ទេ ប៉ុន្តែ​ការ​ប្រព្រឹត្ត និង​ការ​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់​​បាន​បង្ហាញ​ថា ពួក​លោក​មាន​សេចក្ដី​ជំនឿ​ពិត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​លើ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ត្រូវ​បាន​សង្គ្រោះ ។