បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រទូទៅ​របស់​យ៉ាកុប


សេចក្ដីផ្ដើម​នៃ​សំបុត្រទូទៅ​របស់​យ៉ាកុប

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ទូទៅ​របស់​យ៉ាកុប​ត្រូវ​​គេ​បាន​ស្គាល់​យ៉ាងល្បីល្បាញ នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​សម្រាប់​វគ្គ​ដ៏​សំខាន់​នៅ​ក្នុង យ៉ាកុប១:៥ ដែល​បាន​ដឹកនាំ​យុវជន​ យ៉ូសែប ស្ម៊ីធ​ ឲ្យ​ស្វែង​រក​សេចក្ដី​ពិត​មក​ពី​ព្រះ ។ នៅ​ក្នុង​សំបុត្រ​របស់​លោក យ៉ាកុប​បាន​គូស​បញ្ជាក់​ថា យើង​ត្រូវ​ធ្វើជាអ្នក​ « ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ » ( យ៉ាកុប ១:២២ ) ។ ការ​សិក្សា​គម្ពីរ​នេះ​អាច​ជួយ​សិស្ស​ ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​តាម​រយៈ « កិច្ចការ » ឬ សកម្មភាព​របស់​ពួកគេ ( សូម​មើល យ៉ាកុប ២:១៤–២៦​​ ) ហើយ​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែង​រក​ « មកុដ​នៃ​ជីវិត​ដែល​ព្រះអម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់ » ( យ៉ាកុប ១:១២ ) ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សំបុត្រ​នេះ​​ចែង​ថា វា​ត្រូវ​បាន​សរសេរ​ឡើង​ដោយ « យ៉ាកុប​ជា​បាវ​បម្រើ​របស់​ព្រះ ហើយ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ » ( យ៉ាកុប ១:១ ) ។

តាម​ទម្លាប់​ពួក​គ្រីស្ទាន​បាន​ចាត់​ទុក​ថា យ៉ាកុបរូប​​នេះ​ដូចជា​យូដាស​ដែរ គឺ​ជា​កូន​ប្រុស​របស់​យ៉ូសែប និង​ម៉ារា ហើយ​ដូច្នេះ​លោក​គឺជា​ប្អូន​ប្រុស​ពោះ​តែ​មួយ​របស់​ព្រះយេស៊ូវ​​គ្រីស្ទ ( សូម​មើល ម៉ាថាយ ១៣:៥៥, ម៉ាកុស ៦:៣, កាឡាទី ១:១៩ ) ។ ការពិត​ដែល​​ថា យ៉ាកុប​ត្រូវ​បាន​លើក​ឈ្មោះ​​ឡើង​ដំបូង​គេ​នៅ​ក្នុង​បញ្ជី​ជា​ប្អូន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង ម៉ាថាយ ១៣:៥៥​នោះ អាច​បង្ហាញ​ថា ទ្រង់​គឺជា​កូន​ប្រុស​ច្បង​នៃ​បងប្អូន​ប្រុស​ពោះ​តែ​មួយ​ទាំង​នោះ ។ ដូច​គ្នា​នឹង​ប្អូន​ប្រុស​ពោះ​តែ​មួយ​ផ្សេង​ទៀត​របស់​ព្រះយេស៊ូវ​​ដែរ ដើមឡើយ​ យ៉ាកុប​ពុំ​បាន​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​​នោះទេ ( សូម​មើល យ៉ូហាន៧:៣–៥ ) ។ ប៉ុន្តែ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​ឡើង​វិញ នោះ​យ៉ាកុប​គឺជា​មនុស្ស​ម្នាក់​ ដែល​ព្រះគ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ឃើញ​ក្នុង​នាម​ជា​តួអង្គ​ដែល​បាន​រស់​ឡើង​វិញ ( សូមមើល កូរិនថូស​ទី១ ១៥:៧ ) ។

ក្រោយ​មក​ទៀត យ៉ាកុប​បាន​ក្លាយ​ជា​សាវក​មួយ​រូប ហើយ​យោង​តាម​ពួក​អ្នក​និពន្ធ​គ្រីស្ទាន​កាល​ពី​បុរាណ លោក​គឺជា​ប៊ីស្សព​ដំបូង​របស់​សាសនាចក្រ​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល កិច្ចការ ១២:១៧​, ២១:១៨, កាឡាទី ១:១៨–១៩​, ២:៩ ) ។ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​សាសនាចក្រ លោក​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្រៃ​លែង​​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ដែល​ធ្វើ​ឡើង​នៅ​ក្រុង​យេរូសាឡិម ( កិច្ចការ ១៥:១៣ ) ។ ពិតណាស់ ឥទ្ធិពល​របស់​លោក​នៅ​ក្នុង​សាសនាចក្រ​​​ត្រូវ​បាន​ពង្រឹង​ដោយសារ​​លោក​ជាប់​សាច់​ញាតិ​នឹង​ព្រះ​យេស៊ូវ ប៉ុន្តែ​យ៉ាកុប​បាន​បង្ហាញ​ការ​រាបសា​ ដោយមិន​បាន​ណែនាំ​ខ្លួន​លោក​​ក្នុង​នាម​ជា ប្អូន​ប្រុស របស់​ព្រះយេស៊ូវ​នោះ​ទេ ប៉ុន្តែ​ជា អ្នក​បម្រើ ម្នាក់​របស់​ព្រះអម្ចាស់ ( សូម​មើល យ៉ាកុប ១:១ ) ។

តើ​នៅពេលណា និងនៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

គ្មាន​នរណា​ម្នាក់​ដឹង​ថា ​យ៉ាកុប​សរសេរ​សំបុត្រ​នេះ​​នៅ​ពេល​ណា​នោះ​ទេ ។ ដោយ​សារ​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​មើល​ការ​ខុស​ត្រូវ​លើកិច្ចការ​របស់​សាសនាចក្រ​នៅ​ទី​នោះ ដូច្នេះ​លោក​ទំនង​ជា​បាន​​សរសេរ​សំបុត្រ​របស់​លោក​មក​ពី​ទីកន្លែងនោះ ។

ភាព​ពិត​ដែល​យ៉ាកុប​ពុំ​បាន​លើក​ឡើង​អំពី​សន្និសីទ​នៅយេរូសាឡិម​ប្រមាណ​ជា គ.ស.​ ៥០ ( សូម​មើល កិច្ចការ១៥ ) អាច​បង្ហាញ​ថា សំបុត្រ​នេះ​ត្រូវបាន​សរសេរ​ឡើង​ពី​មុន​សន្និសិទប្រារព្ធ​ឡើង ។ ប្រសិន​បើ​សំបុត្រ​នេះ​ពិត​ជា​បាន​សរសេរ​ឡើង​ពី​មុន​សន្និសីទ​នៅ​យេរូសាឡិម​កើត​ឡើង​មែន នោះ​វា​គឺជា​សំបុត្រ​មួយ​ក្នុង​ចំណោម​សំបុត្រ​ដំបូង​​ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​បាន​សរសេរ​ឡើង ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

យ៉ាកុប​បាន​ផ្ញើ​សំបុត្រ​របស់​លោក ​« ដល់​ពូជ​អំបូរ​ទាំង​ ១២ ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ » ( យ៉ាកុប ១:១ ) មាន​ន័យ​ថា រាល់​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំងអស់ លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ « ទទួល​ដំណឹងល្អ … [ ហើយ ] ចូល​មក​ក្នុង​ហ្វូង​នៃ​ព្រះគ្រីស្ទ » ( Bruce R. McConkie Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ៣:២៤៣ ) ។ យ៉ាកុប​បាន​ណែនាំ​សមាជិក​សាសនាចក្រ​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​​មួយ ដែល​​បង្ហាញ​​ពី​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ?

ពេលខ្លះ សំបុត្រ​ទូទៅ​របស់​យ៉ាកុប​ត្រូវ​បាន​ចាត់​ទុក​ជា​គិតនៃអក្សរ​សាស្ត្រ​ ដែល​​ស្រដៀង​គ្នា​​ទៅ​នឹង​គម្ពីរ​សុភាសិត​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ ។ អត្ថបទ​ក្នុង​សំបុត្រ​នេះ​មាន​នូវការ​ពន្យល់​ខ្លីៗ​ អំពី​គោលការណ៍​សម្រាប់​ការ​រស់​នៅ​ជា​គ្រីស្ទាន ។ លើស​ពី​នេះ​ទៀត វា​មាន​នូវ​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​​រវាង​ទេសនកថា​របស់​ព្រះអង្គ​សង្គ្រោះ​​នៅ​លើ​ភ្នំ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ម៉ាថាយ៥–៧ និង​ពាក្យ​ពេចន៍​នានា​របស់​យ៉ាកុប ។ ប្រធាន​បទ​ស្រដៀង​គ្នា​មួយ​ចំនួន រួម​មាន​ការ​ស៊ូទ្រាំ​នឹង​ការ​បៀត​បៀន ( សូម​មើល យ៉ាកុប១:២–៣, ១២, ម៉ាថាយ ៥:១០–១២ ) ការ​ក្លាយ​ជា « ល្អ​ឥត​ខ្ចោះ » ឬ​រីកចម្រើន​ខាង​វិញ្ញាណ ( សូម​មើល យ៉ាកុប ១:៤, ២:២២, ម៉ាថាយ ៥:៤៨ ) ការ​ទូល​សូម​ព្រះ ( សូម​មើល យ៉ាកុប ១:៥, ម៉ាថាយ ៧:៧–៨ ) ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ( សូម​មើល យ៉ាកុប ១:២២, ម៉ាថាយ ៧:២១–២៥ ) ការ​ស្រឡាញ់​មនុស្ស​ដទៃ ( សូម​មើល យ៉ាកុប ២:៨​, ម៉ាថាយ ៥:៤៣–៤៤, ៧:១២​ ) ការ​ស្គាល់​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​ដោយ​សារ​ផល​ផ្លែ​របស់​វា ( សូម​មើល យ៉ាកុប ៣:១១–១២, ម៉ាថាយ ៧:១៥–២០ ) ការ​ធ្វើ​ជា​អ្នក​ផ្សះផ្សា ( សូម​មើល យ៉ាកុប ៣:១៨, ម៉ាថាយ ៥:៩ ) និង​ការ​ពុំ​ត្រូវ​ស្បថ ( សូម​មើល យ៉ាកុប ៥:១២, ម៉ាថាយ ៥:៣៤–៣៧ ) ។

គម្រោង

យ៉ាកុប ១–២ យ៉ាកុប​បាន​ជម្រាប​សួរ​ដល់​ពួក​អ្នក​អាន​របស់​លោក ហើយ​បាន​ណែនាំ​ពី​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​សំបុត្រ​របស់​លោក រួម​មាន​​ការ​ស៊ូ​​ទ្រាំ​នឹង​ការ​សាក​ល្បង ការ​ស្វែង​រក​ប្រាជ្ញា និង​ការ​រស់​នៅ​ជាប់​លាប់​ស្រប​នឹង​សេចក្ដី​ជំនឿ​របស់​មនុស្ស ។ ពួក​អ្នក​ស្ដាប់​តាម​បន្ទូល​របស់​ព្រះ​ក៏​ត្រូវ​​ជា​អ្នក​ធ្វើ​តាម​បន្ទូល​នោះ​ដែរ ។ យ៉ាកុប​ឲ្យ​និយមន័យ « សាសនា​បរិសុទ្ធ » ​ថា​ជា​ការ​មើល​ថែ​ពួក​កំព្រា និង​ពួក​មេម៉ាយ ហើយ​និង​​ការ​ខិតខំ​រស់​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើ​បាប ( សូម​មើល យ៉ាកុប ១:២៧ ) ។ ពួកបរិសុទ្ធ​ត្រូវ​តែ​ស្រឡាញ់​ពួក​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​តាមរយៈ​កិច្ចការ​របស់​ពួកគេ ។

យ៉ាកុប ៣–៤ យ៉ាកុប​បង្ហាញ​លក្ខណៈ​ដែល​បំផ្លិច​បំផ្លាញ​នៃ​ការ​មិន​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី ហើយ​ថា​វា​ខុស​ពី​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​នៃ​ជន​ដែល​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត ។ លោក​ហាម​ពួក​អ្នក​អាន​របស់​លោក​កុំ​ឲ្យ​សេព​គប់​នឹង​លោកិយ ប៉ុន្តែ​ត្រូវ​តតាំង​នឹង​អារក្ស ហើយ​ខិត​ទៅ​ជិត​ព្រះ ។

យ៉ាកុប ៥ យ៉ាកុប​ព្រមាន​ដល់​ពួក​អ្នក​មាន​ដែល​ទុច្ចរិត ។ លោក​បញ្ចប់​សំបុត្រ​របស់​លោក​ជាមួយ​ចំណុច​ខ្លីៗ​ ស្ដីពី​ការ​ទូន្មាន​ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​បរិសុទ្ធ​ចំពោះ​សមាជិក​ផ្សេង​ទៀត​​ក្នុង​សាសនាចក្រ ។ លោក​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​រហូត​ដល់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ហើយ​ត្រូវ​​ស្មោះ​ត្រង់​នៅ​​ក្នុង​រាល់​ការ​សន្ទនា​ទាំងឡាយ​​របស់​ពួកគេ ។ យ៉ាកុប​លើក​ទឹក​ចិត្ត​អ្នក​ឈឺ​ឲ្យ​ហៅ​ពួក​អែល​ឌើរ​​ឲ្យ​ចាក់​ប្រេង​តាំង​ពួកគេ ។