បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖ ពេត្រុសទី ២–យូដាស ( មេរៀនទី ៣០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ពេត្រុសទី២–យូដាស ( មេរៀន​ទី ៣០ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់ សិស្ស ដែល សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ពេត្រុសទី២–យូដាស ( មេរៀន​ទី ៣០ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិតអំពីតម្រូវការ​សិស្សរបស់អ្នក ។

ថ្ងៃ​ទី ១ ( ពេត្រុសទី ២ )

សាវក​ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ​ដល់​ពួក​បរិសុទ្ធ​ ដើម្បី​ជួយ​ពួកគេ​ដែល​កំពុង​ជួប​ប្រទះ នឹង​ការ​បៀតបៀន ការ​សាកល្បង និង​ការ​ក្បត់​សាសនា​នៅ​ក្នុង​សាសនាចក្រ ។ នៅ​ពេល​សិស្ស​សិក្សា​ពាក្យ​សម្ដី​របស់​ពេត្រុស ពួកគេ​បាន​រៀន​ថា ពួក​ព្យាការី​ទទួល​បទគម្ពីរ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​​ពួក​គ្រូ​ក្លែង​ក្លាយ​ខិតខំ​បោក​បញ្ឆោត​យើង​ឲ្យ​ជឿ​ថា អំពើ​បាប​ដឹកនាំ​ទៅ​រក​ឥស្សរភាព​ដ៏​ធំ ។ សិស្ស​ក៏​រៀន​ផង​ដែរ​ថា យើង​អាច​រៀប​ចំខ្លួន​​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ ដោយ​រស់​នៅ​ក្នុង​ជីវិត​ដែល​គោរព​ដល់​​ព្រះ ហើយ​ទន្ទឹង​រង់​ចាំ​ដោយ​ចិត្ត​ស្មោះ​ចំពោះ​​ការ​យាង​មក​​របស់​ទ្រង់​ ។

ថ្ងៃ​ទី២ ​( យ៉ូហានទី ១ )

នៅ​ក្នុង​យ៉ូហាន​ទី​ ១ សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ទទួល ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក យើង​អាច​ទទួល​បាន​ភាពស្និទ្ធស្នាលជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​រៀន​ថា នៅ​ពេល​ពួកគេ​ស្រឡាញ់​ព្រះ យើង​នឹង​ស្រឡាញ់​ដល់​មនុស្ស​ដទៃ​ទៀត ។

ថ្ងៃ​ទី៣ ( យ៉ូហានទី ២–យ៉ូហានទី ៣ )

នៅ​ក្នុង​សំបុត្រ​ពីរ​ផ្សេង​ទៀត​របស់​សាវក​យ៉ូហាន​​ដល់​ពួក​បរិសុទ្ធ លោក​បាន​បន្ត​បង្ហាញ​កង្វល់​​អំពី​ឥទ្ធិពល​ក្បត់​សាសនា​នៅ​ក្នុង​សាសនាចក្រ ។ នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ សិស្ស​បាន​រៀន​ថា នៅ​ពេល​យើង​គោរព​បទបញ្ញត្តិ ហើយ​ប្រុង​ប្រយ័ត្ន យើង​អាច​បន្ត​រីករាយ​នូវ​ពរជ័យ​នៃដំណឹងល្អ​​​ដែលយើង​បាន​ទទួល ហើយ​ប្រសិន​បើ​យើងអនុវត្តតាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​មាន​ព្រះវរបិតា និង​ព្រះរាជបុត្រា​គង់​នៅ​ជាមួយ​យើង ។ សិស្ស​ក៏​រៀន​ផង​ដែរ​ថា ការ​រស់​នៅ​តាម​ដំណឹង​ល្អ​នាំ​មក​នូវ​អំណរ​មិន​ត្រឹមតែ​ចំពោះ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ចំពោះ​មនុស្ស​​ដទៃ​ទៀតផងដែរ ហើយ​ថា​សមាជិក​សាសនាចក្រ​គួរ​ទទួល​យក ហើយ​គាំទ្រ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​គ្រប់​រូប ។

ថ្ងៃ​ទី៤ ( យូដាស )

នៅ​ពេល​សិស្ស​សិក្សា​សំបុត្រ​របស់​យូដាស​ដល់​ពួក​បរិសុទ្ធ​ដែល​កំពុង​ជួប​ការ​ផ្ទុយ​យ៉ាង​ធ្ងន់​ធ្ងរ ពួកគេ​បាន​រៀន​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវ​​គ្រីស្ទ​គួរ​ការពារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ចិត្ត​ស្មោះ​ប្រឆាំង​ទាស់​នឹង​ការ​បង្រៀន​ក្លែង​ក្លាយ និង​ទម្លាប់​ពុក​រលួយ​នានា ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា ពួក​សាវក និង​ពួក​ព្យាការី​ព្រមាន​យើង ហើយ​ជួយ​យើង​ឲ្យ​ស្គាល់​ជន​ដែល​ខំ​​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់​យើង​ចុះ​ខ្សោយ ហើយ​ថា​យើង​អាច​បន្តនៅ​​ពិត​ចំពោះ​សេចក្ដី​ជំនឿ​ដោយ​ស្ថាបនា​ជីវិត​របស់​យើង​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្ដីផ្ដើម

សាវក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ពង្រីក​ចំណេះ​ដឹង​​របស់​ពួកគេ​ អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ខិតខំ​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ ។ លោក​បាន​អះអាង​ដល់​ពួក​គេ​ថា ការ​រីក​ចម្រើន​ខាង​វិញ្ញាណ​នេះ​នឹង​ជួយ​ដល់ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​[ ពួកគេ ] បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី២ ១:១០ ) ។

យោបល់​សម្រាប់​ការបង្រៀន

ពេត្រុសទី២ ១:១–១១

ពេត្រុស​បង្រៀនអំពីរបៀប​​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

កំណត់​ចំណាំ ៖ នៅ​ក្នុង​ការ​ពិភាក្សា​គោលការណ៍ និង​វគ្គ​បទគម្ពី​ខាង​ក្រោម​នេះ សូម​កុំ​ពិភាក្សា​ប្រធាន​បទ​ពាក់​ព័ន្ធ​​នឹង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​គោលលទ្ធិ​នានា​ឡើយ ។

ពីមុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះនៅ​លើ ក្ដារខៀន ( ដក​ស្រង់​ពី« The Will Within » Ensign ខែ ឧសភា ឆ្នាំ ​១៩៨៧ ទំព័រ ៦៨ ) ៖

« ភារកិច្ចរបស់​យើង​គឺ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត » ( ប្រធាន ​ថូម៉ាស អេស ម៉នសុន ) ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​ពួកគេ​អាន​ឃ្លា​នៅ​លើ​ក្ដារខៀន ហើយ​ពិភាក្សា​សំណួរ​ខាងក្រោម ជាមួយ​នឹង​ដៃគូ​របស់ខ្លួន ៖

  • តើ​អ្នក​គិត​ថា ​ប្រធាន​ ម៉នសុន ​ចង់​មាន​ន័យ​ដូចម្ដេច​ដោយ​មានប្រសាសន៍ថា ឲ្យ « ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត » ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ?

  • តើ​អ្វី​ទៅ​ដែល​រារាំង​យើង​ពុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ?

នៅ​ពេល​សិស្ស​សិក្សា ពេត្រុសទី២ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ស្គាល់អំពីរបៀប​ដើម្បី​​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ។

សូម​សង្ខេប ពេត្រុសទី ២ ១:១–២ ដោយ​ពន្យល់​ថា ពេត្រុស​បាន​សរសេរ​ទៅ​សមាជិក​សាសនាចកក្រ​ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​ត្រូវ​ល្បួង​ឲ្យ​ត្រឡប់​ទៅ​ផ្លូវ​ដ៏​អាក្រក់​នៃ​លោកិយ​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី២ ១:៣–៤ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យ​នៅ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ទីបន្ទាល់​របស់​ពួក​គេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ពេត្រុស​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ការ​ « បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ »​ មាន​ន័យ​ដូចម្ដេច ? ( ពេត្រុសទី២ ១:៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ពេត្រុសទី២ ១:៥–៧ ដោយ​ស្ងាត់​ស្ងៀម​រក​មើល​​លក្ខណៈ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពេត្រុស​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​អភិវឌ្ឍ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​សរសេរ​លក្ខណៈ​ដែល​ពួកគេ​រកឃើញ​នៅ​លើ​ក្ដារ​ខៀន ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​និយមន័យ​​នៃ​លក្ខណៈ​ទាំងនេះ​នៅ​ក្នុង​វចនា​នុ​ក្រម​ដែល​ពួកគេ​ចង់​យល់​កាន់​តែ​ច្បាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពីគំរូ កាល​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​អំពីលក្ខណៈ​ដ៏​ទេវភាព​មួយ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​គំនិត​របស់​ពួក​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​សរសេរ​គោលការណ៍​ពុំ​ពេញ​លេញ​ដូច​តទៅ​នេះនៅ​លើ​ក្ដារខៀន ៖ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព​នៅ​ក្នុង​ខ្លួន​យើង នោះយើង​អាច …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី២ ១:៨–៩ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម​រក​មើល​ពរជ័យ​មួយ​ដែល​យើង​អាច​ទទួល​បាន នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​មក​ពី​ព្រះ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​យើង​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​ហើយ​ សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​​ដែលមានអត្ថន័យ​ដូចតទៅ ៖ នៅ​ពេល​យើង​អភិវឌ្ឍលក្ខណៈ​ដ៏​ទេវភាពនៅ​ក្នុង​ខ្លួន​យើង នោះ​យើង​អាច​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​អភិវឌ្ឍ​លក្ខណៈដ៏​ទេវភាព​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី២ ១:១០–១១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ពរជ័យ​មួយ​ទៀត​ដែល​អាច​កើត​មាន​ចំពោះ​ជន​ដែល​ឧស្សាហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព​ទាំងឡាយ ។

  • តើ​ពរជ័យ​អ្វី​អាច​កើត​មាន​ចំពោះ​ជន​ ដែល​ឧស្សាហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​ក្ខណៈ​ដ៏​ទេវភាព​​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( សូម​ពន្យល់​ថា ឃា្ល « ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង » [ ខ​ទី ១០ ] មាន​ន័យ​ថា ការ​ទទួល​បាន​នៅ​ក្នុង​ជីវិត​នេះ​នូវ​ការ​អះអាង​របស់​ព្រះ​ថា​ អ្នក​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ពេត្រុស​ក៏​ហៅ​វា​ថា​ជា​ការ « មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ផង​ដែរ ​[ ពេត្រុស​ទី២ ១:១៩ ] ។ សូមមើល​ផងដែរ គ. និង ស. ១៣១:៥ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ហេតុផល​ដែល​យើង​​គួរ​មាន​ភាព​ឧស្សហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ត្រូវ​ប្រាកដ​​ថា ពួកគេ​ស្គាល់​នូវ​គោលការណ៍​ដូច​តទៅ ៖ ប្រសិន​បើ​យើង​ឧស្សាហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​នៅ​​ក្នុង​ជីវិត​នេះ នោះ​យើង​អាច​ទទួល​បាន​ការ​អះអាង​របស់​ព្រះ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ ដែល​បាន​ខិតខំ​ឧស្សាហ៍​ព្យាយាម​អភិវឌ្ឍ​លក្ខណៈ​​ដូចជា​ព្រះគ្រីស្ទ ។

  • តើ​មនុស្ស​ដែល​អ្នក​បាន​គិត​ដល់​ធ្លាប់​អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​មួយ​ណា​ដែរ ?

  • តើ​ការ​ខិតខំ​ និង​លក្ខណៈ​របស់​ពួកគេ​បាន​ជួយ​​ពួកគេ និង​មនុស្ស​ដទៃ​ទៀត​នៅជុំ​វិញ​ខ្លួន​ពួកគេ​តាម​របៀប​ណា ?

អ្នក​គួរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការ​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព​ជួយ​យើងឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀប​ចំ​ខ្លួន​យើង​ឲ្យ​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​លក្ខណៈ​ដ៏​ទេវភាព​មួយ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​បំផុត ។ សូម​ឲ្យ​ពួកគេ​សរសេរ​សកម្មភាព​ជាក់​លាក់​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​នោះ ។

មេរៀន​បន្ទាប់ ( វិវរណៈ ១–១១ )

ចូរ​សួរ​ដល់សិស្ស​ប្រសិន​បើ​ពួកគេ​ធ្លាប់​ឮ​​ពាក្យ​អាប៉ូកាលីព ។ សូម​ពន្យល់​ថា គម្ពីរ​វិវរណៈ​ជា​រឿយៗ​ត្រូវ​បាន​ហៅ​ថា អាប៉ូកាលីព ដែល​ភាសា​ក្រិក​មានន័យ​ថា​ « ការ​ពន្យល់​ប្រាប់ » ។ នៅ​ក្នុង​គម្ពីរ​វិវរណៈ សាវក​យ៉ូហាន​បាន​ពិពណ៌នា​​អំពី​ការ​និមិត្ត​មួយ​ដែល​លោក​បាន​ឃើញ ហើយ​វា​មាន​នូវ​ការព្យាករ​ជា​ច្រើន​អំពី​ជំនាន់​របស់​យើង និង​ព្រឹត្តិការណ៍​នា​ពេល​អនាគត រួម​ទាំង​​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ចុង​បញ្ចប់​នៃ​ផែនដី​ផង​​ដែរ ។ ការ​និមិត្ត​របស់​យ៉ូហាន​ភាគច្រើន​រួម​មាន​នូវ​និមិត្ត​សញ្ញា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាំ​មើល​និមិត្ត​សញ្ញា​ដែល​បង្ហាញអំពីជ័យ​ជំនះ​​ចុង​ក្រោយ​នៃ​សេចក្ដី​ល្អ ដែល​យក​ឈ្នះ​លើ​សេចក្ដី​អាក្រក់ នៅ​ពេល​ពួកគេ​សិក្សា​គម្ពីរ​វិវរណៈ ។