បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ យ៉ូហាន ១១-១៥ ( មេរៀន​ទី ១៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ូហាន ១១-១៥ ( មេរៀន​ទី ១៥ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា យ៉ូហាន ១១-១៥ ( មេរៀន​ទី ១៥ ) ពុំមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី ១ (យ៉ូហាន ១១)

នៅពេល​សិស្ស​អាន​អំពី​ព្រះយេស៊ូវប្រោស​ឡាសារឲ្យ​រស់​ពី​ស្លាប់ ពួកគេ​បាន​រៀន​ពី​គោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​អាច​ជ្រើសរើស​ដើម្បីអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ​អំឡុង​ពេល​ការសាកល្បង​របស់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជាអង្គរស់​ឡើង​វិញ និង ជា​ជីវិត ។ ប្រសិនបើ​យើង​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ប្រសិនបើ​យើង​ជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ​អំឡុង​ពេល​ការសាកល្បង​របស់​យើង នោះ​សេចក្តី​ជំនឿ​របស់​យើងទៅ​លើ​ទ្រង់​នឹង​ត្រូវបាន​បញ្ជាក់ ព្រមទាំង​កាន់តែ​ស៊ី​ជម្រៅ ។

ថ្ងៃ​ទី ២ (យ៉ូហាន ១២)

នៅ​ក្នុង​មេរៀន​នេះ​សិស្ស​បាន​សិក្សា​អំពី​ម៉ារា ជា​បងស្រី​របស់​ម៉ាថា និង​ឡាសារ ការ​លាប​ប្រេង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ និងការ​យាង​ចូល​មកក្នុង​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។​ ពួកគេ​ក៏​បាន​សិក្សា​អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​នៅ​ក្រុង​យេរូសាឡិម​ដែរ ។ ចេញ​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ សិស្ស​បាន​រៀន​សេចក្ដីពិត​ដូចខាង​ក្រោម​នេះ ៖ អព្ភូតហេតុ​តែ​ម្យ៉ាង​មិន​បាន​បណ្ដាល​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ការខ្វល់ខ្វាយ​កាន់តែ​ច្រើន​ពី​ការបំពេញ​ចិត្ត​របស់​មនុស្ស​ដទៃ ជាជាង​បំពេញ​តាម​​ព្រះទ័យ​ដល់​ព្រះ អាច​រារាំង​យើង​ពី​ការទទួល​ស្គាល់​ដោយ​បើក​ចំហរ​ពី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ។ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មិន​ត្រូវ​រស់នៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ​ឡើយ ។

ថ្ងៃ​ទី ៣ (យ៉ូហាន ១៣)

នៅ​ពេល​សិស្ស​អាន​ដំណើរ​រឿងស្ដីពី​ព្រះអង្គសង្គ្រោះ​លាង​ជើងឲ្យ​ពួកសាវក នោះ​​ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ៖ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ ដោយ​ការបម្រើ​ដល់​អ្នក​ដទៃ នោះ​យើង​នឹងកាន់​តែ​មាន​សុមង្គល ។ នៅពេល​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង នោះ​មនុស្ស​ដទៃ​ទៀត​នឹង​ស្គាល់​ថា​យើង​គឺ​ជា​សិស្ស​របស់​ទ្រង់ ។

ថ្ងៃ​ទី ៤ ( យ៉ូហាន ១៤-១៥ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​សិក្សា​ការ​បង្រៀនដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ទៅ​កាន់​ពួក​សាវក​របស់​ទ្រង់ ​ពីមុនទ្រង់​បាន​ចាប់ផ្ដើម​ពលិកម្មធួន​របស់​ទ្រង់ ។ ពួកគេ​បាន​រៀន​ថា មាន​តែតាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង តាមរយៈ​ការធ្វើ​តាម​មាគ៌ា​របស់​ទ្រង់​​ប៉ុណ្ណោះ ទើប​យើង​អាច​ចូល​ទៅក្នុង​នគរ​របស់​ព្រះវរ​បិតាសួគ៌​បាន ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធអាច​លួង​លោម​យើង បង្រៀន​យើង​ពីគ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​អ្វីគ្រាប់យ៉ាង​ដែរ ។ នៅ​ពេលសិស្ស​បាន​សិក្សា​អំពី​​ដើម​ទំពាំង​បាយជូរ និង​មែក​របស់​វា ពួកគេ​បាន​រៀន​ថា ប្រសិន​បើ​យើង​គោរព​ព្រះបញ្ញត្តិ យើង​នឹង​រស់​នៅក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះ​អង្គ​សង្គ្រោះ ហើយ​បាន​ទទួល​​សេចក្ដី​អំណរយ៉ាងពេញ​លេញ ។

សេចក្ដី​ផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បីត្រឡប់ទៅរក​ព្រះវរបិតា​សួគ៌វិញ ។ លើស​ពី​នេះ​ទៀត នៅ​ពេល​សិស្ស​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ទូន្មាន​របស់​ព្រះអម្ចាស់​ដូចដែល​បាន​កត់​ត្រា​ទុក​នៅ​ក្នុង យ៉ូហាន ១៤ពួក​គេ​អាច​ពិចារណា​ពី​របៀប​ ដែល​ពួក​គេ​អាច​ធ្វើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​កាន់​តែ​ប្រសើ​រឡើង ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៤:១-១៤

ព្រះអង្គសង្គ្រោះ​បង្រៀន​ពួកសាវក​របស់​ទ្រង់​ពី​របៀប ​ដើម្បី​ត្រឡប់​ទៅ​រកព្រះវរបិតា​សួគ៌​វិញ ។

បើ​អាច​ធ្វើ​ទៅបាន ចូរ​ដាក់​បង្ហាញផែនទី​ទីក្រុង​របស់​អ្នក ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​នៅ​លើ​នោះ ។ នៅ​លើ​ផែនទីនោះ ចូរ​បង្ហាញ​ពីទីកន្លែង​មួយ​ទៀត​ដែល​សិស្ស​ស្គាល់ ។ ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ពី​របៀប​ដំណើរ​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​ទៅ​កាន់​កន្លែង​នោះ ។ សូម​អញ្ជើញ​​ឲ្យ​សិស្សម្នាក់ ឬ​ពី​រនាក់​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

ចូរ​សរសេរ នគរសេឡេស្ទាល នៅ​លើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​ទិសដៅដែល​ពួកគេ​នឹង​ប្រាប់​ដល់​មនុស្ស​ម្នាក់ ​ដែល​ចង់​ដឹង​ពី​របៀប​ទៅ​ដល់​នគរសេឡេស្ទាល ។

ចូរ​រំឭកសិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ១៤ នៅ​ក្នុង​មេរៀន​ប្រចាំ​ថ្ងៃ​របស់​ពួកគេ នោះ​ពួកគេ​បាន​រៀន​ពី​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀបត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​វិញ ហើយ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។ សូម​ពន្យល់​ថា នៅ​ក្នុង​មេរៀន​នេះ ​ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​ពិត​នោះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​បរិបទ​នៃ យ៉ូហាន ១៤ចូរ​រំឭក​ពួកគេ​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រារព្ធ​បុណ្យ​រំលង​ជាមួយ​នឹង​ពួកសាវក​របស់​ទ្រង់​នៅ​បន្ទប់​ខាងលើ​នៅ​ក្រុង​យេរូសាឡិម ។ បន្ទាប់​ពី​សោយ​អាហារ​បុណ្យ​រំលង​ហើយ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា មិន​យូរ​ប៉ុន្មាន​ទៀត​ទេ​ ទ្រង់​នឹង​ចាកចេញ​ពី​ពួកគេ​ហើយ ( សូមមើល យ៉ូហាន ១៣:៣៣) ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី យ៉ូហាន ១៤:១-៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ បានបង្រៀន​ពួក​សាវក​របស់​ទ្រង់ដើម្បី​ជួយ​លួងលោម​ពួកគេ ។

សូម​ពន្យល់ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស៊្មីធ យ៉ូហាន ១៤:៣ បាន​សរសេរ​ថា « ហើយ​នៅ​ពេល​ខ្ញុំ​ទៅ ខ្ញុំ​នឹង​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ត្រឡប់​មក​វិញ ហើយ​​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ » ។

  • តើ​ព្រះយេស៊ូវ​បាន​បង្រៀន​អ្វី​ខ្លះ ​ដល់​ពួក​សាវក​របស់​ទ្រង់​ដើម្បី​ជួយ​លួងលោម​ពួកគេ ?

  • តើ​អ្នក​គិត​ថាឃ្លា « នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន » (យ៉ូហាន ១៤:២) មាន​ន័យ​ដូចម្ដេច ?

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោមដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកនូវ​អត្ថន័យ​នៃ​ឃ្លា​ដែល​ទ្រង់​បាន​មាន​បន្ទូល ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ ឃ្លា ]​ថា ‹ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន › … គួរ​មាន​ន័យ​ថា—​‹ នៅ​ក្នុង​នគរនៃ​ព្រះវរបិតា​ខ្ញុំ មាន​នគរ​ជា​ច្រើន › ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គ្រង​មរតក​របស់​ព្រះ ហើយ​គ្រង​មរតក​ជាមួយ​ខ្ញុំ ។ … មាន​លំនៅ​​សម្រាប់​ជន​ដែល​គោរពតាម​ក្រឹត្យវិន័យ​សេឡេស្ទាល ហើយមាន​លំនៅ​ផ្សេង​ទៀតសម្រាប់​ជន​ដែល​មិន​បាន​គោរ​ព​តាម​ក្រឹត្យវិន័យ​នោះ គឺ​មនុស្ស​គ្រប់​រូប​តាម​លំដាប់​របស់​ខ្លួន » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩ ) ។

អ្នក​គួរ​ផ្ដល់​ជា​យោបល់​ឲ្យ​សិស្ស​សរសេរ​ពាក្យ នគរ និង នគរ​ទាំងឡាយ នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ខាង​លើ​ពាក្យ ដំណាក់ និង លំនៅ នៅ​ក្នុង យ៉ូហាន ១៤:២ ។

  • តើ​ការ​បង្រៀន​ណា​មួយ​នៅ​ក្នុង យ៉ូហាន ១៤:១–៤ បាន​ក្លាយ​ជា​ការ​លួង​ចិត្ត​ដល់​ពួក​សាវក ?

  • យោង​តាម​ ខ​ទី ៥តើ​ថូម៉ាស​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ដែរ​ ចំពោះ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះថា ពួក​សាវក​របស់​ទ្រង់​បាន​ស្គាល់​ផ្លូវ​ទៅ​នគរ​ព្រះវរបិតា​សួគ៌ ?

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ១៤:៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម ​​រកមើលចម្លើយ​របស់​ព្រះយេស៊ូវ​ ចំពោះ​សំណួរ​របស់​ថូម៉ាស ។ សូមរំឭក​ពួកគេថា នេះ​គឺជា​ចំណេះចំណាន​បទគម្ពីរមួយ ។

  • តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ថូម៉ាស​​យ៉ាង​ដូចម្ដេច ?

សូម​គូរគន្លង​ផ្លូវ​​មួយ​​នៅ​លើ​ក្ដារខៀន ។ នៅ​ចុងម្ខាង​នៃគន្លង​​ផ្លូវ​នោះ សូម​សរសេរ​ថាយើងហើយ​ម្ខាង​ទៀត​សរសេរ​ថានគរ​ព្រះវរបិតា​សួគ៌ ។ សូម​សរសេរផ្លូវពី​ក្រោយ​គន្លង​ផ្លូវ ហើយ​ចង្អុល​បង្ហាញ​ថា ឃ្លា​នេះ​សំដៅ​លើ​គន្លង​ផ្លូវ​ដែល​ដឹកនាំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។

  • តើ​ព្រះអង្គ​សង្គ្រោះ​គឺជា​ផ្លូវយ៉ាងដូចម្តេច ? ( សិស្ស​អាច​នឹង​ឆ្លើយ​ថា ព្រះអង្គសង្គ្រោះ​បង្ហាញ​ពី​របៀប​រស់​នៅ ​ដើម្បីប្រែក្លាយ​ដូចជា​ព្រះ និង​របៀប​មាន​ភាពសក្ដិស​​ម ដើម្បី​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះវរ​បិតាសួគ៌ ) ។

សូម​សរសេរ សេចក្តីពិត និង ជីវិត នៅ​លើ​ក្ដារខៀន​ក្រោម​ពាក្យ « ផ្លូវ » ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សេចក្តីពិត​តាម​របៀប​ណា​ខ្លះ ? ( ទ្រង់​គឺជា​ប្រភព​នៃ​រាល់​សេចក្ដីពិត ហើយ​បាន​រស់​នៅ​តាម​រាល់សេក្ដីពិត​យ៉ាង​ល្អឥត​ខ្ចោះ ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ជីវិត​តាម​របៀប​ណា​ខ្លះ ? ( ទ្រង់ធ្វើ​ឲ្យ​យើងអាច​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​រូបកាយ ហើយ​រស់​ឡើង​វិញ​ជាមួយ​រូបកាយ​អមតៈ ហើយ​យក​ឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ទ្រង់​គឺជា « ពន្លឺដែល​នៅ​ក្នុង​គ្រប់​ទាំងអស់ ដែល​ផ្ដល់​ជីវិតដល់​គ្រប់​ទាំងអស់ » [គ. និង ស. ៨៨:១៣] ) ។

នៅ​ក្រោម​រូបគំនូរ​អំពី​គន្លង​ផ្លូវ​នៅ​លើ​ក្ដារ​ខៀន សូម​សរសេរ ព្រះយេស៊ូវ​គ្រីស្ទគឺ នៅ​ក្បែរ « ផ្លូវ » ។

  • យោង​តាម​អ្វី​ដែល​យើង​បាន​ពិភាក្សា និង​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​ប្រចាំថ្ងៃ​របស់​អ្នក តើ​អ្នក​នឹង​សង្ខេបអត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ថា « បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » យ៉ាង​ដូចម្ដេច​ដែរ ? (យ៉ូហាន ១៤:៦) ។ ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ មាន​តែតាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង តាមរយៈ​ការធ្វើ​តាម​របៀប​របស់​ទ្រង់​​ប៉ុណ្ណោះ ទើប​យើង​អាច​ចូល​ទៅក្នុង​នគរ​របស់​ព្រះវរបិតាសួគ៌​បាន) ។

  • តើ​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​តាម​របៀប​មួយ​ដែល​ពុំ​មែន​ជា​របៀប​របស់​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍របស់​អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃ​ពួក​ចិត​សិប​នាក់​ដូចខាងក្រោម​នេះ ៖ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​អ្វី​ដែល​កើត​ឡើង ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​តាម​របៀប​មួយ​ដែល​ពុំ​មែន​ជា​របៀប​របស់​ព្រះអម្ចាស់ ។

រូបភាព
អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ

« ព្រះយេស៊ូវគ្រីស្ទ គឺ​ជាផ្លូវ ។ ទ្រង់​គឺជា​ពន្លឺ និង​ជីវិត ជា​នំប៉័ង និង​ទឹក ជា​ទីចាប់ផ្ដើម និង​ទីបញ្ចប់ ជា​ការ​រស់​ឡើង​វិញ និង​ជីវិត ជា​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ ជា​សេចក្ដីពិត និង​ជា​ផ្លូវ ។

« មាន​ផ្លូវ​តែ​មួយ​គត់​ដែល​នាំ​ទៅ​រក​សុភមង្គល និង​ភាព​ពេញ​លេញ ។ ទ្រង់​គឺជា​ផ្លូវ​នោះ ។ រាល់​ផ្លូវ​ផ្សេង​ទៀត ផ្លូវ​ផ្សេង​ទៀត​ណា​ក្ដី ទោះ​ជា​ផ្លូវ​ណា​ក៏ដោយ គឺជា​ភាព​ឆ្កួត​លីលា ។ …

« ផ្លូវ​របស់​ព្រះអម្ចាស់​មិន​លំបាក​ទេ ។ ជីវិត​គឺ​ពិបាក ប៉ុន្តែ​ដំណឹងល្អ​មិន​ដូច្នោះ​ទេ ។ ‹ មាន​ការផ្ទុយ​ចំពោះ​រឿង​សព្វសារពើ › [នីហ្វៃទី ២ ២:១១]​ នៅ​គ្រប់​ទី​កន្លែង​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ជីវិត​ធ្វើ​ឲ្យយើង​ទាំងអស់​គ្នា​មាន​ការ​លំបាក ប៉ុន្តែ​ជីវិតក៏​មាន​ភាព​សាមញ្ញ​ផង​ដែរ ។ យើង​មាន​ការ​ជ្រើស​រើស​តែ​ពីរ​ប៉ុណ្ណោះ ។ យើង​អាច​ដើរ​តាម​ព្រះអម្ចាស់ ហើយ​ទទួល​បាន​នូវ​ព្រះចេស្ដា​របស់​ទ្រង់ ហើយ​មាន​សេចក្ដី​សុខសាន្ត ពន្លឺ កម្លាំង ចំណេះដឹង ភាព​ជឿជាក់ សេចក្ដី​ស្រឡាញ់ និង​អំណរក៏​បាន​ ឬ​ក៏​យើង​អាច​ទៅ​ផ្លូវ​មួយ​ចំនួននានា​ទៀត ផ្លូវ​ផ្សេង​ណា​មួយ ផ្លូវ​ផ្សេង​ណា​ក៏​បាន​ដែរ ហើយ​ដើរ​លើ​ផ្លូវ​នោះ​តែ​ម្នាក់​ឯង—ដោយ​គ្មាន​ជំនួយ​របស់​ទ្រង់ គ្មាន​ការ​គាំទ្រ​របស់​ទ្រង់ គ្មាន​ព្រះចេស្ដា​របស់​ទ្រង់ គ្មាន​ការ​ដឹកនាំ​របស់​ទ្រង់ នៅ​ក្នុង​សេចក្ដីងងឹត ភាពចលាចល ការ​សង្ស័យ ទុក្ខសោក និង​ភាព​អស់​សង្ឃឹម ។ ហើយ​ខ្ញុំ​សួរ​ថា តើ​ផ្លូវ​មួយ​ណា​ងាយ​ជាង ? …

« មាន​ផ្លូវ​តែ​មួយ​គត់​ដែល​នាំ​ទៅ​រក​សុភមង្គល និង​ភាព​ពេញ​លេញ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ » (« The Way » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០០៨ ទំព័រ​ ៣៤, ៣៦ ) ។

  • យោង​តាម​អែលឌើរ ខូប៊្រីតហ្គ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​យើង​មិន​ធ្វើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​យើង​ធ្វើ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្វីទៅ​ជា​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ? ( ប្រសិន​បើ​ចាំបាច់ ចូររំឭក​សិស្ស​ថា ​របៀប​របស់​ព្រះអម្ចាស់​រួម​មាន ការបង្កើន​សេចក្តី​ជំនឿ​លើ​ទ្រង់ និង ព្រះវរបិតាសួគ៌ ប្រែចិត្ត ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ដូច​ជា​បុណ្យ​ជ្រមុជទឹក និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត នៅក្នុង​សេចក្តី​ជំនឿ និង ការគោរព​ប្រតិបត្តិ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន ហើយដែល​ពួកគេ​ត្រូវ​បាន​ប្រទាន​ឲ្យ​តាម​រយៈ​ការ​ធ្វើតាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ពួកគេ​កំពុង​ធ្វើតាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​​បាន​ល្អ​កម្រិត​ណា​ដែរ ។ ចូរ​សុំ​ឲ្យ​ពួកគេ​គិត​ពី​របៀប​មួយ​ ដែល​ពួកគេ​អាច​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ដាក់​គោលដៅ​មួយ​ដើម្បី​អនុវត្ត​សកម្មភាព​នោះ ។

សូម​សង្ខេប យ៉ូហាន ១៤:៧–១៤ ដោយ​ពន្យល់ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់​ថា ព្រះរាជបំណង​មួយ​របស់​ទ្រង់​ក្នុង​ការ​យាង​​មក​ផែនដី​គឺ​ ដើម្បី​បើក​សម្ដែង​តាមរយៈ​ព្រះបន្ទូល​ និង​ទង្វើ​របស់​ទ្រង់​នូវ​លក្ខណៈ​ពិត​របស់​ព្រះវរបិតា​សួគ៌ ។ ទ្រង់​ក៏បានសន្យា​ដល់​ពួក​សាវក​របស់ទ្រង់​ថា ពួកគេ​នឹង​មាន​អំណាច​ដើម្បីធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​ទាំង​ឡាយ ។

មេរៀន​បន្ទាប់ (យ៉ូហាន ១៦-២១)

សូម​អញ្ជើញ​​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ នៅ​ពេល​ពួកគេ​បញ្ចប់ការ​សិក្សារបស់​ពួកគេ​នៅ​ក្នុង​ដំណឹងល្អ​របស់​យ៉ូហាន ៖ តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូលដូចម្តេចទៅ​មាតា​របស់​ទ្រង់​ កាល​ទ្រង់ត្រូវ​បាន​​គេ​ឆ្កាង​នៅ​លើ​ឈើឆ្កាងនោះ ? តើ​នរណា​ជា​មនុស្ស​ដំបូង​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់ឲ្យ​ឃើញ ​បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​​ ? តើ​នរណា​ទៅ​ដែល​បាន​បដិសេធ​មិន​ជឿទីបន្ទាល់​របស់​អ្នកឯទៀតថា ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ពី​អ្វី ​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់ដែល​បាន​ឃើញ​ទ្រង់ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ប៉ុន្តែក្រោយ​មក​បាន​សម្រេច​ចិត្តត្រឡប់​ទៅ​ធ្វើ​ការងារ​ចាស់​របស់​ខ្លួនវិញ ជាជាងការ​ប្រកាស​ដំណឹងល្អ​នោះ ។ ចូរ​សុំ​ឲ្យ​ពួកគេ​មើល​នៅ​ក្នុង​មេរៀន​បន្ទាប់​សម្រាប់អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទាំងនោះ ។