បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ យ៉ូហាន ១៦-២១ ( មេរៀន​ទី ១៦ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ូហាន ១៦–២១ ( មេរៀន​ទី ១៦ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា យ៉ូហាន ១៦–២១ ( មេរៀន​ទី ១៦ ) ពុំ​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (យ៉ូហាន ១៦)

ចេញ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួក​សាវក​របស់​ទ្រង់​ បន្ទាប់​ពី​​អាហារ​យប់​ថ្ងៃ​ចុងក្រោយ ពួក​សិស្ស​បាន​រៀន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​យើង​ទៅ​រក​​សេចក្ដីពិតគ្រាប់យ៉ាង ហើយ​បង្ហាញដល់​យើង​នូវ​​រឿង​ដែល​នឹង​កើត​ឡើង ។ ពួក​សិស្ស​ក៏​រៀន​ផង​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បើក​សម្ដែង​សេចក្ដីពិត និង​សេចក្ដីណែនាំ​ដែល​ចេញមកពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​ពិភពលោក នោះ​យើង​អាច​មាន​សង្ឃឹម និង មាន​ភាព​សុខសាន្ត ។

ថ្ងៃ​ទី ២ (យ៉ូហាន ១៧)

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​ការ​អធិស្ឋាន​ជំនួស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​បាន​រៀន​ថា ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច យើង​ត្រូវ​តែស្គាល់ព្រះវរ​បិតា​សួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏​រៀនដែរ​ថា ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើងគប្បី​នៅក្នុង​ពិភពលោក ប៉ុន្តែ​ពុំ​មែន​ជា​របស់​ពិភពលោក​ឡើយ ។ នៅ​ពេល​សិស្ស​អាន​អំពី​របៀប ​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ឲ្យ​ពួក​សិស្ស​រ​បស់​ទ្រង់​អាចបានរួមតែមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា នោះ​ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាចក្លាយទៅជាតែមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

ថ្ងៃ​ទី ៣ ( យ៉ូហាន ១៨-១៩ )

ចេញពី​គំរូ​ដ៏អាត្មានិយម​របស់​ពីឡាត់ សិស្ស​បាន​រៀន​ថា ការ​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​យើង​មុន​ធ្វើ​អ្វីដែល​ត្រឹមត្រូវ​នឹង​នាំ​យើង​ទៅ​រក​អំពើបាប ។ នៅ​ពេល​សិស្ស​បាន​សិក្សា​ដំណើរ​រឿង​របស់​យ៉ូហាន​អំពី​ការ​ឆ្កាង នោះ​ពួកគេ​បាន​រៀន​ថា យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ជ្រើស​ជួយ​ដល់​មនុស្ស​ដទៃ សូម្បី​តែ​នៅ​ពេល​យើង​មាន​សេចក្ដីត្រូវការ​ក្ដី ។

ថ្ងៃ​ទី ៤ ( យ៉ូហាន ២០-២១ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​សិក្សា​ដំណើរ​រឿង​របស់​យ៉ូហាន​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទយក​ឈ្នះ​លើ​សេចក្ដីស្លាប់​តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ។ ចេញ​ពី​បទពិសោធន៍​របស់​ថូម៉ាស ពួកគេ​បាន​រៀន​ថា យើង​នឹង​មាន​ពរ ប្រសិន​បើ​យើង​ជ្រើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូម្បី​តែ​ពេល​យើង​មិន​អាច​មើល​ឃើញ​ទ្រង់​ក្ដី ។

សេចក្ដី​ផ្ដើម

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ កាល​ពួកគេ​កំពុង​នេសាទ​ត្រី ។ នៅ​លើ​ឆ្នេរ ព្រះយេស៊ូវ​បាន​សោយ​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់គាត់​ដល់​ទ្រង់​ដោយ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ២១:១–១៧

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ បង្ហាញ​អង្គ​ទ្រង់​ដល់ពួក​សិស្ស​មួយ​ចំនួន​របស់​ទ្រង់នៅ​សមុទ្រ​ទីបេរាស ( សមុទ្រ​កាលីឡេ )

សូម​គូររូប​ បេះដូង​មួយ​ធំ​​នៅ​លើ​ក្ដារខៀន ។

រូបភាព
បេះដូង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន​សរសេរ​នៅ​ក្នុង​បេះដូង​នោះ​រឿង​ពីរ ឬ​បី​យ៉ាង​ដែល​ពួកគេ​ចូលចិត្ត ។ សូម​ពន្យល់​ថា រឿង​ទាំងនេះ​អាច​រួម​បញ្ចូល​ទាំង​មនុស្ស ទ្រព្យ​សម្បត្តិ ឬ​សកម្មភាព ។

នៅ​ពេល​សិស្ស​បាន​បញ្ចប់ អ្នក​ក៏​អាច​សរសេរ​​នូវ​រឿង​មួយ​ចំនួន​ដែល​អ្នក​ចូល​ចិត្ត​ផង​ដែរ ។

សូម​សង្ខេប យ៉ូហាន ២១:១–២ ដោយ​ពន្យល់​ថា បន្ទាប់​ពី​មើល​ឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​​ពីរ​ដង នោះ​ពេត្រុស និង​ពួក​សិស្ស​ផ្សេង​ទៀត​មួយចំនួន​បាន​នៅ​លើ​ឆ្នេរ​សមុទ្រ​កាលីឡេ ( ក៏​ត្រូវ​បាន​គេ​ហៅ​​ថា សមុទ្រទីបេរាស ផង​ដែរ ) ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​អ្វី​ដែល​ពេត្រុស​បាន​សម្រេច​ចិត្ត​ធ្វើ ។

  • តើ​អ្នក​គិត​ថា​សកម្មភាព​អ្វីខ្លះ​ ដែល​ពេត្រុស​អាច​នឹង​បន្ថែម​ទៅ​ក្នុង​បញ្ជី​នៃ​រឿង​ដែល​ចូល​ចិត្ត​នៅ​លើ​ក្ដារខៀន​នោះ ? ( ក្រោយពី​សិស្ស​ឆ្លើយ​តប​ហើយ សូម​សរសេរ ការ​ស្ទួច​ត្រី នៅ​ក្នុង​រូបបេះដូងនៅ​លើ​ក្ដារខៀន ) ។

  • តើ​ពេត្រុស និង​ពួកសិស្ស​ដទៃ​ទៀត​បាន​ទៅ​រក​ត្រី​រយៈ​ពេល​យូរ​ប៉ុណ្ណា​ ? តើ​ពួកគេ​ចាប់​ត្រី​បាន​ប៉ុន្មាន​ដែរ ?

ចូរ​សុំឲ្យ​សិស្ស​ពិចារណា​ ហើយ​គិត​ថា​ពេត្រុស និង​ពួក​សិស្ស​ផ្សេងទៀត​អាច​នឹង​មាន​អារម្មណ៍​បែបណា​ដែរ ក្រោយ​ពី​ចាប់​ត្រី​មិន​បាន​សោះ​ពេញ​មួយ​យប់នោះ ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:៤-៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែលអ្វីដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ស្អែក ។

  • តើ​មាន​អ្វីបាន​កើត​ឡើង​ បន្ទាប់​ពី​ពួក​សិស្ស​ចាប់ត្រី​មិន​បាន​សោះ​ពេញ​មួយ​យប់ ?

សូម​សង្ខេប យ៉ូហាន ២១:៧–១៤ ដោយ​ពន្យល់​ថា កាល​សិស្ស​​មិន​អាច​លើក​សំណាញ់​ដែលសុទ្ធ​តែ​ត្រី​ចូល​ទៅ​ក្នុង​ទូក​បាន យ៉ូហាន​បាន​ប្រកាស​ថា បុរស​ដែល​នៅ​លើ​ឆ្នេរ​នោះ​គឺជា​ព្រះអម្ចាស់ ។ ពេត្រុស​បាន​លោតចូល​ទៅ​ក្នុង​សមុទ្រ​ភ្លាម ហើយ​ហែល​ទៅ​រក​ព្រះយេស៊ូវ កាល​សិស្ស​ដទៃ​ទៀត​ជិះ​ទូក​មក​តាម​កក្រោយ ។ កាល​ពួកគេ​បាន​មក​ដល់​ឆ្នេរ​វិញ ព្រះយេស៊ូវ​បាន​ត្រៀម​អាហារ​សម្រាប់​ពួកគេ​ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« បន្ទាប់ពី​បាន​ជួបជុំ​ម្តងទៀតជាមួយ​នឹង​ព្រះយេស៊ូវ​ដែល​រស់ឡើងវិញ​ដោយ​ក្ដីអំណរ នោះ​ពេត្រុស​បាន​សន្ទនា​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះដែល​ខ្ញុំ​​គិត​​ថា​ វា​គឺជា​គ្រា​ដ៏សំខាន់​នៅក្នុងការងារ​បម្រើ​ជា​សាវក ហើយ​ជាពិសេស​គឺ​សម្រាប់​​ពេត្រុស​ផ្ទាល់តែ​ម្ដង ដោយ​បានផ្លាស់ប្ដូរ​បុរស​ដ៏​អស្ចារ្យ​នេះ​ទៅរក​ជីវិត​ដ៏​វិសេស​នៃ​ការបម្រើ និង​ការដឹកនាំ​ដែល​មាន​ការ​លះបង់ខ្ពស់ ។ ដោយទត​មើល​ទៅ​ទូក​តូច​ចំណាស់ អួន​ដាច់ដោចរបស់​ពួកគេ និង​គំនរ​ត្រី ១៥៣ ក្បាល នោះ​ព្រះយេស៊ូវ [ បាន​មាន​បន្ទូល ​] ទៅ​កាន់​សាវក​រៀមច្បង​របស់​ទ្រង់ » (« The First Great Commandment » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៨៤) ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:១៥-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​សំណួរ​​ដែលព្រះយេស៊ូវ​បាន​សួរ​ដល់​ពេត្រុស​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះយេស៊ូវ​បាន​សួរសំណួរ​អ្វី​ ទៅ​ពេត្រុស​រហូត​ដល់​​បីដង ?

  • កាល​ព្រះយេស៊ូវ​បាន​សួរ​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » (ខ​ទី ១៥) តើ​អ្នក​គិត​ថា​ពាក្យ របស់​ទាំងនេះ សំដៅ​ទៅ​លើ​អ្វី ? ( ព្រះយេស៊ូវអាច​នឹង​សំដៅ​ទៅ​លើ​គំនរ​ត្រី ឬ​រឿង​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​នេសាទ​ត្រី​ម្នាក់ ។ សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀននៅ​ក្បែរ​បេះដូង ៖ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? )

  • តើ​ពេត្រុស​បាន​ឆ្លើយ​បែបណា​ដែរ ?

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ដែរ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​តួនាទី​របស់​ពេត្រុស ហើយ​ត្រូវ​បាន​ព្រះយេស៊ូវ​សួរ​អ្នក​រហូតដល់​​បីដង​ថា តើ​អ្នក​ស្រឡាញ់​ទ្រង់​ដែរ​ឬ​អត់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ហេតុផល​ដែល​ព្រះយេស៊ូវបាន​សួរ​សំណួរ​នេះ ហើយ​ឲ្យ​ពេត្រុស​ឆ្លើយ​នឹង​ទ្រង់​រហូតដល់​បីដងនោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ( ហើយ​ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​ទទួ​ល​ស្គាល់​ថា នេះ​ជា​ការបរិយាយ​ដែល​ពុំ​បាន​កត់​ត្រា​នៅ​ក្នុង​គម្ពីរ ) ប្រហែល​ជា​ព្រះយេស៊ូវ​បាន​តប​ដោយ​មាន​បន្ទូល​បែប​នេះ​ ៖ ‹ ហេតុអ្វី​អ្នក​មក​ទីនេះពេត្រុស ? ហេតុអ្វី​ក៏​យើង​មក​ឆ្នេរ​ដដែល​នេះ ដែល​មាន​អួន​ដដែល និង​មាន​ការ​សន្ទនា​ដដែល​នេះ​ ? តើ​វា​មិន​ជាក់​ស្ដែង​ទេ​ឬ​អី​នៅ​ពេលនោះ ហើយ​តើ​វា​មិន​ជាក់​ស្ដែង​ទេ​ឬអី​នៅ​ពេល​នេះ​ថា បើ​យើង​ចង់​បាន​ត្រី តើ​យើង​មិន​បាន​ត្រី​ទេ​ឬ​អី ? ពេត្រុស អ្វី​ដែល​យើង​ត្រូវ​ការ​គឺជា​ពួកសិស្ស—ហើយ​យើង​ត្រូវ​ការ​ពួកគេ​ជា​រៀង​រហូត ។ យើងត្រូវការ​មនុស្ស​ម្នាក់ដើម្បី​ឲ្យ​ចំណី​ដល់​ចៀម​របស់​យើង ហើយ​ជួយ​សង្គ្រោះ​កូន​ចៀម​របស់​យើង ។ យើង​ត្រូវការ​នរណាម្នាក់ ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​របស់​យើង ហើយ​ការពារ​សេចក្ដី​ជំនឿ​របស់​យើង ។ យើង​ត្រូវការ​នរណាម្នាក់​ដែល​ស្រឡាញ់​យើង គឺ​ស្រឡាញ់​យើង​ដោយ​ពិត​ប្រាកដ ហើយ​ស្រឡាញ់​អ្វីដែល​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ប្រទាន​សិទ្ធិ​ឲ្យ​យើង​ធ្វើ ។…ហេតុដូច្នេះ​ហើយ​ពេត្រុស នេះ​ជាលើក​ទីពីរ ហើយ​ប្រហែល​ជា​លើក​ចុងក្រោយ ដែល​យើង​សុំ​ឲ្យ​អ្នក​លះបង់​របស់​ទាំងនេះ ហើយ​ទៅ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់ ធ្វើ​ការ ហើយ​បម្រើ​ដោយ​ស្មោះត្រង់​រហូត​ដល់​ថ្ងៃ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​ដូចជា​ពួកគេ​បាន​ធ្វើ​ដាក់​យើង​ដែរ › » («The First Great Commandment»  ទំព័រ​ ៨៤ ) ។

  • តើ​គោលការណ៍​អ្វី​ ដែល​យើងអាច​រៀនមកពី​ការសន្ទនា​​របស់ព្រះអម្ចាស់​ជាមួយ​នឹង​ពេត្រុស ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតា​សួគ៌​លើស​អ្វីៗ​ទាំងអស់ នោះយើង​នឹង​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់ ) ។

  • តើនរណា​ខ្លះ ជា​កូនចៀម​របស់​​​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​យើងឲ្យ​ចំណី​​វា​តាម​របៀប​ណា?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីរបៀប​ដែល​យើង​អាច​ឲ្យចំណី​ដល់​ចៀម​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ នូវ​​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« នេះ​គឺ​ជា​ការ​អំពាវនាវ​​របស់​ព្រះ​គ្រីស្ទ​ដល់​ពួក​គ្រីស្ទាន​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ ៖ ‹ ចូរ​ឲ្យ​ចំណី​ដល់​កូនចៀម​ខ្ញុំ​ស៊ី​ផង ។ … ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផង ›—គឺ​ចែកចាយ​ដំណឹងល្អ​របស់​យើង​ដល់​មនុស្ស​ទាំងចាស់​ទាំង​ក្មេង ដោយ​ចម្រើន​កម្លាំង ប្រទានពរ លួងលោម លើក​ទឹក​ចិត្ត ហើយ​ពង្រឹង​ពួកគេ ជា​ពិសេស​ដល់​ជន​ដែល​គិត ហើយ​ជឿអ្វីខុសពី​យើង » («Being a More Christian Christian» EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១២ ទំព័រ ​៩១ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​នៃ​ការ​ស្រឡាញ់​ព្រះ​ឲ្យ​លើស​ពី​អ្វីៗ​ទាំងអស់អាច​អនុវត្ត​បាន ​សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​សាច់​រឿង​ខាងក្រោម​នេះ​ឲ្យ​ឮៗ ។ បន្ទាប់​ពី​សាច់​រឿង​នីមួយៗ​ត្រូវ​បាន​អាន​ចប់ ចូរ​សួរ​សំណួរ​ដែល​មាន​បន្ទាប់​នោះ ។

  1. មាន​ក្មេង​ប្រុស​មួយ​ក្រុម​បាន​អញ្ជើញ​យុវជន​ម្នាក់​ឲ្យ​អង្គុយ​ជាមួយ​ពួកគេ​នៅ​ម៉ោង​បាយ​ថ្ងៃ​ត្រង់ ហើយ​គាត់​​សង្ឃឹម​ថានឹង​ក្លាយ​ជា​មិត្ត​ជាមួយ​នឹង​ពួកគេ ។ អំឡុង​ពេល​នៃ​ការ​សន្ទនា​របស់​ពួកគេ មាន​ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង​ក្រុម​នោះ​ចាប់ផ្ដើមចំអន់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ទៀត​ជា​សាធារណៈ ។

  2. មាន​យុវនារី​ម្នាក់​ចូលចិត្ត​លេង​បាត់​ទាត់ ។ នាង​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​លេង​បាល់​ទាត់ ហើយ​មាន​ពេល​តិច​តួច​ណាស់​សម្រាប់​រឿង​ផ្សេង​ទៀត​ដូចជា រាត្រី​ជួបជុំ​ក្រុម​គ្រួសារ និង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ។

  3. មាន​យុវជន​ម្នាក់​មមាញឹក​នឹងការ​សិក្សា និងកម្មវិធីក្រៅពីការសិក្សានានា។ ពេញ​មួយ​សប្ដាហ៍ គាត់​បាន​ទន្ទឹង​រង់​ចាំ​ការ​មាន​ពេលទំនេរ​ដ៏​កម្រ​មួយ​ចំនួន​ជាមួយ​នឹង​មិត្ត​ភក្ដិ​នៅ​យប់​ថ្ងៃ​សុក្រ ។ ពីមុន​ពេល​គាត់​ទូរសព្ទ​ទៅ​មិត្ត​របស់​គាត់​បន្តិចនារាត្រីនោះ ដៃ​គូ​បង្រៀន​តាម​ផ្ទះរបស់​គាត់​បាន​ទូរសព្ទ​មក​សួរ​ថា តើ​គាត់​អាច​ចេញ​ទៅ​ជួយ​ដល់​គ្រូសារ​មួយ​ដែល​ពួកគេ​បាន​ចាត់តាំង​ឲ្យ​ ដែល​មាន​សេចក្ដី​ត្រូវ​ការ​​បន្ទាន់​បាន​ទេ ។

  • តើ​បុគ្គល​នេះមាន​ការ​ជ្រើស​រើស​អ្វីខ្លះ​ ?

  • តើ​បុគ្គល​ម្នាក់​នេះ​អាចធ្វើ​អ្វី​បាន​ខ្លះ ដើម្បីបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ? តើ​ទង្វើ​នោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍ខាងក្រោម​ដោយ​អែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​បទពិសោធន៍​របស់​យើង​នឹង​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​ជំនុំជំរះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ណាស់ បើ​នៅ​ក្នុង​ការ​សន្ទនា​នោះ ព្រះ​ពុំ​បាន​សួរ​យើង​ដូច​គ្នា​នឹង​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​សួរ​ដល់​ពេត្រុស​​នោះ​ ៖ ‹ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ ? › » («The First Great Commandment» ទំព័រ​ ៨៤ ) ។

ចូរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការ​ជ្រើស​ស្រឡាញ់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​លើស​ពី​អ្វីៗ​ទាំងអស់ និង​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​នោះ​ដោយ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​របស់​ទ្រង់ ។

ចូរ​​លើក​លើក​ឡើង​ពី​អ្វី​ ដែល​បាន​សរសេរ​នៅ​ក្នុងរូប​​បេះដូងនៅ​លើ​ក្ដារខៀន និង​​សំណួរ​ដែល​បាន​សរសេរ​នៅ​ក្បែរ​វត្ថុ​ទាំងនោះ ៖ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » ចូរ​គូស​បន្ទាត់​​ក្រោម​​ពាក្យ របស់​ទាំងនេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះនៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ៖

  • ប្រសិន​បើ​ព្រះយេស៊ូវ​បាន​សួរ​សំណួរ​ដូចគ្នា​នេះ​ដល់​អ្នក តើ​អ្នក​គិត​ថា​ទ្រង់​ចង់​មាន​បន្ទូល​ពី​អ្វីទៅ​​ ​ចំពោះ​ពាក្យថា « របស់​ទាំងនេះ » នៅក្នុងជីវិត​របស់អ្នក ?

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់​ទ្រង់​​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នកបញ្ចប់​ដំណឹងល្អ​ទាំងឡាយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វីដែល​ពួកគេ​បាន​សរសេរ​ក្នុង​កិច្ចការសម្រាប់​មេរៀនថ្ងៃ​ទី​ ៤​ នៅ​ក្នុងសៀវភៅ​កត់​ចំណាំ​ក្នុង​ថ្នាក់​​របស់ពួកគេ​អំពី​ដំណើរ​រឿង ព្រឹត្តិការណ៍ ឬ​ការ​បង្រៀន​ដក​ស្រង់​ចេញពី​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ជឿ ឬ​បាន​ពង្រឹង​ដល់​ជំនឿ​របស់​ពួកគេ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

មេរៀន​​បន្ទាប់ (កិច្ចការ ១–៥)

សូម​អញ្ជើញ​​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ នៅ​ពេល​ពួកគេ​សិក្សា កិច្ចការ ១–៥៖ តើ​នរណា​បានដឹកនាំ​សាសនាចក្រ ​បន្ទាប់​ព្រះអង្គ​សង្គ្រោះ​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ? តើ​ពួក​សាវក​ផ្សេង​ទៀត​ត្រូវបាន​ជ្រើស​រើស​តាម​របៀប​ណា ? តើ​មាន​អព្ភូតហេតុអ្វី​ខ្លះ ​បាន​កើត​ឡើង​នៅ​ថ្ងៃនៃ​បុណ្យ​ថ្ងៃ​ទី ៥០ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជះឥទ្ធិពល​ដល់​អព្ភូតហេតុ​នៅ​ថ្ងៃ​នោះ​យ៉ាង​ដូច​ម្ដេច ? តើ​អព្ភូតហេតុ​អ្វីខ្លះ​ ដែល​ពេត្រុស​បាន​ធ្វើ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​តើ​មាន​អ្វី​ទៅ​បាន​កើត​ឡើង​ដល់​ពេត្រុស​ដោយសារ​រឿង​នេះ ? តើ​មាន​អ្វីខ្លះ​បាន​កើត​ឡើង​ចំពោះអាន៉្នានាស និងសាភីរ៉ា ដោយសារ​ការ​កុហកដល់​ថ្នាក់ដឹកនាំ​បព្វជិតភាព​រ​បស់​ខ្លួន​នោះ ?