បណ្ណាល័យ
មេរៀនទី ៦០ ៖ យ៉ូហាន ១


មេរៀនទី ៦០

យ៉ូហាន ១

សេចក្តីផ្ដើម

យ៉ូហាន​សិស្ស​ជា​ទីស្រឡាញ់ ​បាន​កត់​ត្រា​គោលលទ្ធិ​សំខាន់ៗ​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុងជីវិត​មុន​ផែនដី​នេះ ។ យ៉ូហាន​ បាទីស្ទ ​ក៏​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ជ្រមុជទឹក​ឲ្យ​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន១:១–១៨, ការ​បក​ប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ យ៉ូហាន១:១–១៩

យ៉ូហាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ ជា​ព្រះរាជបុត្រា​នៃព្រះ

រូបភាព
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ដាក់​តាំង រូបភាព ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា​ ពួកគេ​កំពុង​និយាយ​នឹង​មនុស្ស​ម្នាក់ ​ដែលដឹងបន្តិចបន្តួចអំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ចូរ​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់ក្នុងចំណោម​ដៃគូ​នីមួយៗ ​ចំណាយ​ពេល​មួយ​នាទី បង្រៀន​សិស្ស​ផ្សេង​ទៀត​អំពី​ព្រះយេស៊ូវ​ សម្តែងដូចជា​សិស្ស​ដទៃ​ស្គាល់​ពី​ទ្រង់​បន្តិច​បន្តួច ។ ក្រោយ​ពី​សកម្មភាព​នេះ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ត្រូវ​បាន​បង្រៀន​ពី​ព្រះគ្រីស្ទ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ដទៃទៀត អំ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពីដៃ​គូ​របស់​ពួកគេ ។

សូម​ណែនាំ​ខ្លីៗ​ពី​គម្ពីរ​យ៉ូហាន​ដោយ​ពន្យល់​ថា សាវក​យ៉ូហាន​បាន​កត់ត្រា​អ្វី​ដែល​គាត់​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ យ៉ូហាន​គឺជា​សាក្សី​ម្នាក់​ចំពោះ​ដំណើរ​រឿង​ជាច្រើន​ដែលលោក​បាន​សរសេរ ។ ឯកសារ​ភាគច្រើន​នៅ​ក្នុង​ដំណឹងល្អ​របស់​យ៉ូហាន​គ្មាន​នៅ​ក្នុង​ដំណឹងល្អ​របស់​ម៉ាថាយ ម៉ាកុស និង​លូកា ដែល​សរសេរ​ដើម្បី​ជួយ​ពួក​យូដា និង​ពួក​សាសន៍​ដទៃ​ឲ្យ​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី និង​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​នោះ​ទេ ។ ផ្ទុយ​ទៅវិញ យ៉ូហាន​បាន​សរសេរ​យ៉ាង​ជាក់លាក់​ទៅ​កាន់​ជន​ដែល​បាន​ដឹង​រួច​ហើយថា ​ព្រះ​យេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

នៅ​ពេល​សិស្ស​សិក្សា យ៉ូហាន ១សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​អំពី​ព្រះអង្គ​សង្គ្រោះ​ ដែល​អាច​ពង្រឹង​សេចក្ដី​ជំនឿ​ និង​ទីបន្ទាល់​​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​​ឲ្យ​សិស្ស​ម្នាក់​​អាន​ការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១-២​( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ។ ចូរ​សុំ​ពួកគេ​ឲ្យ​រកមើល​សេចក្ដីពិត ​ដែល​យ៉ូហាន​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​យើងរៀនអំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? ( សេចក្ដីពិត​មួយ​ដែល​សិស្ស​គួរ​រក​ឃើញ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​នឹង​ព្រះ​តាំង​ពី​ដំបូង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ក្បែរ​រូបភាព​ព្រះអង្គ​សង្គ្រោះ ) ។

  • តើ កាល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះ ​តាំង​ពីដើមដំបូង​មាន​ន័យ​ដូច​ម្ដេច ? ( សូម​ពន្យល់ថា ឃ្លា « តាំង​ពីដើម​ដំបូង » ​សំដៅ​ទៅ​លើ​ជីវិត​មុន​ផែនដី​នេះ ។ ព្រះយេស៊ូវ​គ្រីស្ទ​​គឺ​ជា​បុត្រ​វិញ្ញាណ​ច្បង​របស់​ព្រះវរបិតា [ សូមមើល គ. និង ស. ៩៣:២១] ទ្រង់​មើល​ទៅ « ដូចជា​ព្រះ » នៅក្នុង​ចំណោម​វិញ្ញាណ​ដែល​ជុំគ្នា​នៅទីនោះ « មុន​កំណើត​លោកិយ​មកម្ល៉េះ » [ សូមមើល អ័ប្រាហាំ ៣:២២–២៤] ហើយ​ទ្រង់​ត្រូវបាន​រើសតាំង​ដោយ​ព្រះបិតា​តាំងតែ​ពី​ដំបូង​មក [ សូមមើល ម៉ូសេ ៤:២] ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:៣ឲ្យ​ឮៗ ( នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​សេចក្ដីពិត​មួយ​បន្ថែម​ទៀត​ ដែល​យ៉ូហាន​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើយ៉ូហាន​បានបង្រៀន​អ្វី​ខ្លះទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលលទ្ធិ​​ខាង​ក្រោម ៖ វត្ថុ​សព្វសារពើ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្បែរ​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី​ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើតពិភពលោក​ជាច្រើន​រាប់​មិន​អស់ ( សូមមើល ម៉ូសេ ១:៣៣) ។ ប៉ុន្តែ ព្រះវរបិតា​សួគ៌​បានទុក « ព្រឹត្តិការណ៍​បង្កបង្កើត​ពីរ » សម្រាប់​ទ្រង់​ផ្ទាល់​គឺ ៖ ការ​បង្ក​បង្កើត​វិញ្ញាណ​ទាំងអស់ ( រួម​ទាំង​វិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផង​ដែរ ) និង​ការ​បង្ក​បង្កើត​រូបកាយ​របស់​អ័ដាម និង​អេវ៉ា ( Bruce R. McConkie A New Witness for the Articles of Faith [ ឆ្នាំ ​១៩៨៥ ] ទំព័រ​ ៦៣ សូម​មើល​ផង​ដែរ ម៉ូសេ ២:២៧ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:៤-៥ ឲ្យ​ឮៗ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​យ៉ូហាន​បាន​ពិពណ៌នា​ពី​ព្រះយេស៊ូវ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • តើ​យ៉ូហាន​បាន​ពិពណ៌នាអំ​ពី​ព្រះយេស៊ូវ​ និង​ដំណឹងល្អ​របស់​ទ្រង់របៀបណា ?

  • តើ​ឃ្លា​ថា « នៅ​ក្នុង​ទ្រង់​មាន​ដំណឹងល្អ » ​មាន​ន័យ​ដូចម្ដេច ? ( ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ដំណឹងល្អ ជា​តំណាង​នៃ​ដំណឹងល្អ ) ។

  • តើអ្នកគិត​ថា​​ការ​មាន​ពន្លឺ​ដែល « ភ្លឺ​មក​ក្នុង​ពិភពលោក ហើយ​ពិភពលោក​យល់​មិន​ដល់​ពន្លឺ​ទេ » មាន​ន័យ​ដូចម្ដេច ? ( ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:៥ ) ។

សូមពន្យល់​ថា ​ក្រោយ​មក​សាវក​យ៉ូហាន​បាន​បង្រៀន​អំពី​ យ៉ូហាន ​បាទីស្ទ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:៦-១០ ឲ្យ​ឮៗ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​អ្វី ដែល​យ៉ូហាន បាទីស្ទ បាន​ប្រកាស​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • នៅ​ក្នុង ខទី ៩–១០តើ​គោលលទ្ធិ​អ្វីខ្លះ​ ដែល​សាវក​យ៉ូហាន បាន​បង្រៀន​អំពី​ព្រះយេស៊ូវ ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលលទ្ធិ​​ខាង​ក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ។ ចូរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្បែរ​រូបភាព​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ក្ដារខៀន)។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជាពន្លឺ​នៃ​ពិភពលោករបៀបណា​ ? ( សូម​មើល គ. និង ស. ៨៨:៥-១៣ ) ។

សូម​សង្ខេបការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១១–១៨​ ( នៅ​ក្នុងសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​ពន្យល់ថា យ៉ូហាន​ បាទីស្ទ​ បាន​ថ្លែង​ទីបន្ទាល់​ថា ជន​ទាំងអស់​ណា​ដែលជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​​នឹង​ទទួល​បាន​​អមតភាព និង ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។

ចូរចង្អុល​បង្ហាញ​ថា​នៅក្នុង ខទី ១៤​និង​១៦​ យ៉ូហាន បាន​ហៅ​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា « ព្រះបន្ទូល » ។ សូមពន្យល់ថា ​នេះ​គឺ​ជា​ងារ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ច្រើន​កន្លែង​នៅ​ក្នុង​ព្រះគម្ពីរ ( សូមមើល យ៉ូហាន ១:១, ១៤,​ ​យ៉ូហានទី ១ ១:១, វិវរណៈ ១៩:១៣, គ. និង ស. ៩៣:៨-១០, ម៉ូសេ ១:៣២) ។

ចូរ​ចង្អុល​បង្ហាញ​ថា យើង​ប្រើ​ពាក្យ​សម្ដី​ដើម្បី​ប្រាស្រ័យ​ទាក់ទង ហើយ​បង្ហាញ​ពី​គំនិត អារម្មណ៍ និង​យោបល់​ដល់មនុស្ស​ដទៃទៀត ។

  • តើ​​ពាក្យ « ព្រះបន្ទូល » ជា​ងារ​មួយ​ដ៏សមរម្យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ក៏​សូម​ពន្យល់​ផង​ដែរ​ថា ប្រសិន​បើ​គ្មាន​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ទេ​ យ៉ូហាន ១:១៨ អាច​នឹង​មាន​ការ​យល់​ខុស ដោយ​សារ​បាន​ចែង​ថា គ្មាន​អ្នក​ណាដែល​ឃើញ​ព្រះ​ជា​ព្រះវរបិតា​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១៩ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

សូម​បែងចែកសិស្ស​ជា​គូ​ដដែល កាល​ពួកគេ​បាន​ធ្វើ​សកម្មភាព​នៅ​ដើម​មេរៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់ពី​​ដៃ​គូ​នីមួយៗ​ចំណាយ​ពេល​មួយ​នាទី​បង្រៀន​ដៃ​គូ​ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ប្រើ​គោលលទ្ធិ​ដែល​សិស្ស​ក្នុង​ថ្នាក់​បាន​រក​ឃើញ​នៅ​ក្នុង ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–១៩ ( នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ក្រោយពី​មានពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • ហេតុអ្វីវា​ជា​រឿង​ដ៏​សំខាន់ ​សម្រាប់​មនុស្ស​ម្នាក់​ដើម្បី​ដឹង​គោលលទ្ធិ​ទាំង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

យ៉ូហាន ១:១៩–៣៤, ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:២០–៣៤

យ៉ូហាន បាទីស្ទ បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បាន​ជ្រមុជទឹក​ថ្វាយ​ទ្រង់

សូមសង្ខេប ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:២០–២៨​​ ( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ដោយ​ពន្យល់​ថា សាសន៍​យូដា​បាន​បញ្ជូន​ពួក​សង្ឃ​ទៅ​រក​យ៉ូហាន បាទីស្ទ ដើម្បី​សួរ​លោក​​ថា​តើ​លោក​​ជាព្រះមែស៊ី​ឬ ។ យ៉ូហាន​បាន​ពន្យល់​ថា តួនាទី​របស់​គាត់​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះមែស៊ី ដែល​នឹង​ត្រូវ​ជ្រមុជ​​ដោយ​ភ្លើង និង ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅថ្ងៃ​បន្ទាប់​មក យ៉ូហាន បាទីស្ទ បាន​ឃើញ​ព្រះយេស៊ូវ​ដែល​លោក​បាន​ជ្រមុជ​ទឹក​កាល​ពី​មុន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ក្រោក​ឈរ​អានពាក្យសម្ដី​របស់​យ៉ូហាន បាទីស្ទ ​នៅក្នុង ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:២៩–៣៣ ( នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ឲ្យឮៗ ហាក់ដូចជា​សិស្ស​ម្នាក់​នោះ​ជា​យ៉ូហាន បាទីស្ទ ។ សូម​អញ្ជើញ​​​សិស្ស​ក្នុង​ថ្នាក់ឲ្យ​​ផ្ទៀង​តាម​រកមើល​​​អ្វី​ដែល​យ៉ូហាន បាទីស្ទ ចង់​ឲ្យ​មនុស្ស​ស្គាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ចូរ​​ចង្អុល​បង្ហាញ​ទៅ​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីពិត​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារ​ខៀន ហើយ​សួរ៖

  • តើ​សេចក្តីពិត ឬ ការពិពណ៌នា​អ្វី​ផ្សេង​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​យើង​អាច​បន្ថែម​មក​ពី ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:២៩–៣៣? ( សូម​​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វីអ្នក​គិត​ថា យ៉ូហាន បាទីស្ទ ហៅ​ព្រះយេស៊ូវ​ថា​ជា « កូនចៀម​របស់​ព្រះ » ?

យ៉ូហាន ១:៣៥-៥១

ព្រះយេស៊ូវ​អញ្ជើញ​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​រៀន​បន្ថែម​ទៀត​ពី​ទ្រង់

ចូរ​សុំ​ឲ្យ​សិស្ស​​ស្រមៃ​ថា​ យុវវ័យ​ម្នាក់​ចូលរួម​ការប្រជុំ​តមអាហារ និង ថ្លែងទីបន្ទាល់ ស្តាប់​ឮ​មិត្តភក្តិ​ជា​ច្រើន​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្លួន ។ យុវវ័យ​ម្នាក់​នេះ​ឆ្ងល់​ពី​របៀប​ដែល​មិត្តភក្តិ​ទាំង​នោះ « ដឹង » រឿង​ទាំង​នោះ ។

  • តើ​អ្នក​នឹង​ឆ្លើយតប​​ចំពោះសំណួរ​នេះ​យ៉ាងណា​ដែរ ?

នៅពេល​សិស្ស​សិក្សា យ៉ូហាន ១:៣៥–៥១សូម​អញ្ជើញ​សិស្ស​ ឲ្យរកមើលអ្វីដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួលបាន ( ឬ​ពង្រឹង ) សាក្សី​របស់​យើង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ថាជា​ព្រះអង្គ​សង្គ្រោះ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ១:៣៥-៣៧ឲ្យ​ឮៗ ហើយ​​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​រក​មើល​​អ្វី​ដែល​យ៉ូហាន បាទីស្ទ ​​បានធ្វើមួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ ។

  • តើ​យ៉ូហាន​បាន​ធ្វើ​អ្វីខ្លះ​ នៅ​ពេល​គាត់​បាន​ឃើញ​ព្រះយេស៊ូវ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ១:៣៨-៣៩ ​ឲ្យឮៗ ។ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម​រក​មើល​អ្វី​ដែលព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ទាំងពីរ​នាក់នោះ ។

  • តើ​ព្រះយេស៊ូវ​បានមាន​បន្ទូល​សួរ​អ្វី​ខ្លះ ​ដល់​សិស្ស​សិស្ស​ទាំង​ពីរ​នាក់​នោះ ?

  • តើ​ពួក​គេ​ឆ្លើយ​យ៉ាង​ម៉េច​ដែរ ?

  • តើ​ព្រះយេស៊ូវ​បាន​អញ្ជើញ​សិស្ស​ទាំង​ពីរ​នាក់​នោះឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ១:៤០-៤២ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល​អន់ឌ្រេ​បាន​រៀន​ បន្ទាប់​ពី​គាត់​បាន​ទទួល​យក​​ការ​អញ្ជើញ​របស់​​ព្រះអង្គ​សង្គ្រោះថា « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ។

  • តើ​អន់ឌ្រេ​បាន​រៀន​អ្វី​ខ្លះ ដោយ​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះថា « ចូរ​តាម​​ខ្ញុំ​ទៅ​​មើល » ? ( ថា​ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ឬ​ព្រះគ្រីស្ទ ។ អ្នក​ក៏​គួរ​ចង្អុល​បង្ហាញ​ថា យើង​រៀន​ចេញ​ពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់ យ៉ូហាន ១:៤២ ថា ពេត្រុស​នឹង​ត្រូវ​បាន​ហៅ « កេផាស​គឺ​ប្រែថា អ្នក​មើល​ឆុត ឬថ្ម »  ដោយ​បង្ហាញ​ថា ពេត្រុស​នឹង​ក្លាយ​ជា​អ្នក​មើល​ឆុត​នៅ​ក្នុង​សាសនាចក្រ ) ។

សូម​អញ្ចើញ​សិស្ស​ម្នាក់អាន យ៉ូហាន ១:៤៣-៤៦ ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី ​ដែល​ព្រះអង្គ​សង្គ្រោះ​​បាន​អញ្ជើញ​ភីលីពឲ្យ​ធ្វើ ។ ចូរ​សុំ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​​ពាក្យ​ណា​មួយ​នៅក្នុង ខទី ៤៥ ដែល​បង្ហាញ​ថា​ភីលីព​បាន​ទទួល​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ បន្ទាប់​ពី​លោក​បាន​ទទួល​ការអញ្ជើញរបស់​ព្រះអង្គសង្គ្រោះ​ឲ្យ​តាម​ទ្រង់ ?

  • តើ​​ការអញ្ជើញ​អ្វី​ខ្លះ ដែល​ភីលីពក្រោយ​មក​​បាន​ផ្តល់​ដល់​ ណាថាណែល ?

សូម​អញ្ជើញ​សិស្ស​បីនាក់​អាន យ៉ូហាន ១:៤៧-៥១ ឲ្យឮៗ ។ ចូរ​ចាត់​ម្នាក់​ធ្វើ​ជា​អ្នក​ពោល ម្នាក់ទៀត​អាន​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ហើយ​ម្នាក់​ទៀតអាន​ពាក្យ​សម្ដី​របស់​ ណាថាណែល ។ សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​រកមើល​អ្វី​ដែល​បាន​កើត​​ឡើង នៅពេល​ណាថាណែល​បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ បន្ទាប់​ពី​ណាថាណែល​បាន​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពីដំណើរ​រឿង​ទាំងនេះ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅពេល​យើង​ទទួល​យក​ការអញ្ជើញ​ឲ្យ​រៀន និង ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទទួលបាន​សាក្សី​ផ្ទាល់​ខ្លួន​ពី​ទ្រង់) ។

សូមអញ្ជើញឲ្យ​​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« វា​ទំនង​ថា អត្ថន័យ​ដ៏សំខាន់​បំផុត​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង និង ចម្លើយ​នានា​ចំពោះ​សំណួរ​សំខាន់ៗ​បំផុត​នៅក្នុង​ជីវិត ​គឺ​ត្រូវបាន​មើល​ឃើញ​នៅ​ក្នុង​កត្តា​ដ៏​សង្ខេបក្តី​ទាំង​ពីរ​នេះ​ ក្នុងឆាក​ចាប់ផ្ដើម​នៃ​ការ​បម្រើ​ក្នុង​ជីវិត​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ។ កត្តា​ទីមួយ​ គឺ​ជា​សំណួរ​មួយ​ឃ្លា​ដែល​មាន​ចំពោះ​យើង​នៅលើ​ផែនដីនេះ ៖ ‹ តើ​អ្នក​ស្វែងរក​អី ? តើ​អ្នក​ចង់​បាន​អ្វី ? › ទីពីរ​ គឺ​ជា​ចម្លើយ​របស់​ទ្រង់​ឆ្លើយនឹង​ចម្លើយ​របស់​យើង ទោះបីជា​ចម្លើយ​នោះ​វា​ជា​អ្វី​ក៏​ដោយ ។ មិនថា​យើង​ជា​នរណា ហើយ​យើង​ឆ្លើយ​តប​ដោយ​របៀប​ណា​នោះ​ទេ ចម្លើយ​របស់​ទ្រង់​គឺ តែងតែ ដូចគ្នា​ដដែលជានិច្ច ៖ ‹ ចូរមក​ចុះ › ទ្រង់​មាន​បន្ទូល​ដោយ​ក្តីស្រឡាញ់ ។ ‹ ចូរ​មក​តាម​ខ្ញុំ › ។ ទីណា​ក៏​ដោយ​ដែល​អ្នក​នឹង​ទៅ រឿង​ដំបូង​នោះ សូម​មក ហើយ​មើល​អ្វី​ដែល​យើង​ធ្វើ និង ពី​របៀប​ដែល​យើង​ចំណាយ​ពេល​វេលា​របស់​យើង ។ ចូរ​រៀន​ពី​ខ្ញុំ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ ចូរ​និយាយ​ជាមួយ​យើងចុះ សូម​ជឿ​ចុះ ។ សូម​ស្ដាប់​ខ្ញុំ​អធិស្ឋាន ។ ជា​ផល​តបស្នង​មក​វិញ អ្នក​នឹង​រកឃើញ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ។ ព្រះ​នឹង​នាំ​មកនូវ​ការសម្រាក​ដល់​ព្រលឹង​អ្នក » (« He Hath Filled the Hungry with Good Things » Ensign ខែ ​វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៦៥ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​​ពិចារណា​ពី​កិច្ចខិតខំ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ​ដើម្បី​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​តាម​ទ្រង់ ។

  • តើ​ទីបន្ទាល់​របស់​អ្នក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន​កើន​ឡើង​តាម​របៀប​ណា​ខ្លះ ខណៈ​ដែល​​អ្នក​បាន​រៀន និង បាន​ធ្វើ​តាម​ទ្រង់​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​ពាក្យ​ពីរ​បី​ប្រយោគ​អំពី​អ្វី​ ដែល​ពួកគេ​នឹង​ធ្វើដើម្បី​ទទួល​យក​កាន់​តែ​ពេញ​លេញ នូវ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះថា « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ហើយ​រៀន​ពី​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​នូវ​ទីបន្ទាល់​របស់​អ្នក ​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បានរក​ឃើញ​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១:៩។ « ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍ »

ការ​សរសេរ​របស់​យ៉ូហាន​ មាន​នូវ​ការ​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​តែ​មួយ​គត់​ដែល​លើក​ឡើង​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ Bible Dictionary ( វចនានុក្រម​ព្រះគម្ពីរ​ប៊ីប ) ពន្យល់ថា៖

« ពន្លឺ​នៃ​ព្រះគ្រីស្ទគឺគ្រាន់​តែ​ជា​​ពាក្យដ៏​សាមញ្ញ​ថា​ជា ៖ ការ​បង្រៀន ចំណេះដឹង និង​ជា​ឥទ្ធិពល​ដែល​លើក​កម្ពស់ ដែល​ធ្វើ​ឲ្យ​ខ្ពង់​ខ្ពស់ ដែល​ខិតខំ​ព្យាយាម​ដែល​កើត​មាន​ចំពោះ​មនុស្ស​លោក​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ ព្រះគ្រីស្ទ​គឺជា ‹ ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍ › (គ. និង ស. ៩៣:២សូម​មើល​​ផង​ដែរ យ៉ូហាន ១:៩) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​បំពេញ ‹ ​ភាព​ល្ហល្ហេវ​នៃ​មេឃ › ហើយ​ជា​មធ្យោបាយ​ដែល​ព្រះគ្រីស្ទ​អាចគង់​នៅ ‹ គ្រប់​វត្ថុសព្វសារពើ ហើយ​តាម​វត្ថុសព្វសារពើ ព្រម​ទាំង​នៅ​ជុំវិញ​វត្ថុ​សព្វសារពើ › ។ វា ‹ បាន​ផ្ដល់​ជីវិត​ដល់​​គ្រប់​ទាំងអស់ › ហើយ​ជា ‹ ក្រឹត្យវិន័យ​មួយ ដែល​តាម​រយៈ​ក្រឹត្យវិន័យ​នេះ អ្វី​គ្រប់​យ៉ាងទាំងអស់​ត្រូវបាន​គ្រប់គ្រង › ។ វា​ក៏​ជា ‹ ពន្លឺ​ដែល​ប្រោស › ការយល់ដឹង​របស់​មនុស្ស ( សូមមើល គ. និង ស. ៨៨:៦-១៣, ៤១  ) ។ តាម​របៀប​នេះ ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺត្រូវបានពាក់ព័ន្ធ​នឹង​មនសិការរបស់​មនុស្ស ហើយ​ប្រាប់​គេ​ឲ្យ​គិត​ខុស​និង​ត្រូវ (មរ៉ូណៃ ៧:១២-១៩​) ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ​មិន​គួរ​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​តួអង្គ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ពីព្រោះ​ពន្លឺ​នៃ​ព្រះគ្រីស្ទពុំ​មែន​ជា​តួអង្គ​មួយ​នោះទេ ។ ឥទ្ធិពល​របស់វា គឺ​រៀប​ចំ​ខ្លួន​មនុស្ស​ម្នាក់​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » Bible Dictionary ( វចនា​នុក្រម​ព្រះគម្ពីរ​ប៊ីប ) នៅ​ក្នុង​កំណែ​ព្រះគម្ពីរ​ប៊ីប​ជា​ភាសាអង់​គ្លេស​របស់​អិល.ឌី.អែស. « Light of Christ ») ។

អែលឌើរ រីឆាដ ជី ស្កត ក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពីពន្លឺ​នៃ​ព្រះគ្រីស្ទ​ដូច​តទៅ ៖

« ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺជា​អំណាច ឬ អានុភាព​ដ៏​ទេវភាព​នោះ ដែល​ចេញ​មកពី​ព្រះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ វា​ផ្ដល់​ពន្លឺ និង​ជីវិត​ដល់​គ្រប់​អ្វី​ទាំងអស់ ។ វា​បំផុស​បុគ្គល​ទាំងអស់​នៅ​ពេញ​ផែនដី ដើម្បីញែក​សេចក្ដីពិត​ពី​កំហុស​ឆ្គង ត្រូវ​ចេញ​ពី​ខុស ។ វា​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នក​ដំណើរការ » (« Peace of Conscience and Peace of Mind » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០០៤ ទំព័រ​ ១៥ ) ។

យ៉ូហាន ១:១៤, ២៩ ។ ងារ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា « ព្រះបន្ទូល » និង « កូនចៀម​នៃ​ព្រះ »

សាវក​យ៉ូហាន​បាន​ថ្លែង​ថា គោលបំណង​របស់​គាត់​សម្រាប់​ការ​សរសេរ​គម្ពីរ​នេះ​គឺដើម្បី​ទាក់​ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ក្នុង​ដំណឹង​ល្អ​របស់​គាត់​ទាំង​មូល យ៉ូហាន​បាន​ប្រើ​ព្រះនាម ឬ​ងារ​ពី​រ​បី​ដើម្បី​ជួយ​ពួក​អ្នក​អានឲ្យ​យល់​ដឹង ហើយ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ ជា​ព្រះរាជ​បុត្រា​ដ៏​ទេវភាព​នៃ​ព្រះ ។ ឧទាហរណ៍ នៅ​ក្នុង យ៉ូហាន ១ ព្រះយេស៊ូវ​ត្រូវ​បាន​ហៅ​ថា​ជា « ព្រះបន្ទូល » និងជា « កូនចៀម​នៃ​ព្រះ » ។

ព្រះយេស៊ូវ​គឺ​ជា​ព្រះបន្ទូល​នៃ​ព្រះ ដោយសារ​​ទ្រង់​គឺ​ជា​អង្គ​បើក​បង្ហាញ​មួយ​ ឬ​ជា​​អង្គ​តំណាង​នៃ​ព្រះវរបិតា​ចំពោះ​ពិភពលោក ទ្រង់​ថ្លែង​ពី​ព្រះបន្ទូល​របស់​ព្រះ​បិតា ទ្រង់​គឺ​ជា​សារទូត​អំពី​សេចក្តី​សង្គ្រោះ [ សូមមើល គ. និង ស. ៩៣:៨ ] ទ្រង់​គឺ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​ អំពី​របៀប​រស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ ទ្រង់​ប្រទាន​ព្រះបន្ទូល​នៃ​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ព្រះបន្ទូល​ទ្រង់​ប្រទាន​ឲ្យ​ជីវិត​បាន​រស់ ។

ព្រះយេស៊ូវ​គឺជា​កូនចៀម​នៃ​ព្រះ ដោយសារ​​ដូច​ជា​ឈាម​នៃ​កូន​ចៀម​នៃ​បុណ្យ​រំលង​បាន​សង្គ្រោះ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​សេចក្តីស្លាប់ ហើយ​បាន​នាំ​មក​នូវ​ការរំដោះ​ឲ្យ​រួច​ពីទាសភាព​នៃសាសន៍​អេស៊ីព្ទ នោះ​ព្រះនាម​នៃ « កូនចៀម​របស់​ព្រះ » បង្ហាញ​ថា ព្រះយេស៊ូវ​នឹង​ច្រូច​ព្រះលោហិត​ទ្រង់​ ដើម្បី​សង្គ្រោះ​រាស្ត្រ​ទ្រង់ ហើយ​រំដោះ​ពួកគេ​ឲ្យ​រួច​ផុត​ពី​អំពើ​បាប ។ ( សូម​មើល​ផង​ដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​«ព្រះយេស៊ូវ​គ្រីស្ទ កូនចៀម​នៃ​ព្រះ ») ។

ដំណឹងល្អ​របស់​យ៉ូហាន​កត់​ត្រា​ព្រះនាម និង​ងារ​នានា​ ដែល​អាច​ជួយ​ពួក​អ្នក​អាន​ឲ្យ​យល់​ពី​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ងារ​ខ្លះត្រូវ​បាន​បញ្ជាក់ កាល​ងារ​ផ្សេង​ទៀត​ត្រូវ​បាន​ស្គាល់​ជាមួយ​នឹង​ « យើង​គឺជា … » ឧទាហរណ៍​ខ្លះ​រួម​មាន​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាព្រះប្រទាន​នូវ​ទឹក​រស់ ( សូមមើល យ៉ូហាន ៤:១០–១៤) ហើយ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ជា​នំប៉័ង​ជីវិត » (យ៉ូហាន ៦:៣៥) « ខ្ញុំ​ជា​ពន្លឺ​លោកិយ » (យ៉ូហាន ៨:១២) « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ » (យ៉ូហាន ១០:១១) « ខ្ញុំ​ជា​សេចក្ដីរស់​ឡើង​វិញ ហើយ​ជា​ជីវិត » (យ៉ូហាន ១១:២៥) « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត » (យ៉ូហាន ១៤:៦) ហើយ « ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត » (យ៉ូហាន ១៥:១) ។

យ៉ូហាន ១:១៩-២៨ ។ តើ​អេលីយ៉ាស និង​អេលីយ៉ា​ជា​នរណា ?

« ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​សួរ​យ៉ូហានថា តើ​គាត់​ជា​ ‹ អេលីយ៉ាស › ( ឈ្មោះ​ជា​ភាសា​ក្រិក​សម្រាប់​ភាសា​ហេព្រើរ ‹ អេលីយ៉ា › ) ដែល​ត្រូវ​បាន​ព្យាករ​ថា​វិល​ត្រឡប់​មកវិញ​នៅថ្ងៃ​ណា​មួយ​នោះ​មែន​ទេ ( សូមមើល ម៉ាឡាគី ៤:៥-៦) ។ នៅ​ក្នុង​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​បើក​សម្ដែងដំណើរ​រឿង​ដ៏​ពេញ​លេញ​មួយ​ស្ដីពី​ចម្លើយ​របស់​យ៉ូហាន​ ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យ៉ូដា​ទាំងនោះ ដែល​បង្ហាញ​ពី​ចំណេះដឹង​របស់​យ៉ូហាន​អំពី​បេសកកម្ម​របស់​គាត់​ជា​មនុស្ស​ដែល​មក​រៀបចំ​ផ្លូវ​សម្រាប់​ព្រះមែស៊ី ។ ចំពោះ​សំណួរ​របស់​ពួកគេ យ៉ូហាន ‹ បាន​សារភាព ហើយ​មិន​បាន​បដិសេធ​ ថា​គាត់​ជា​អេលីយ៉ានោះ​ទេ ប៉ុន្តែ​បាន​សារភាព ដោយ​ថ្លែង​ថា ខ្ញុំ​ពុំមែន​ជា​ព្រះគ្រីស្ទ​ទេ › (ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:២១ [ នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។

« កាល​ពួក​សង្ឃ និង​ពួក​វេលី ពុំ​បាន​យល់ នោះ​យ៉ូហាន​បាន​យល់​ដឹង​ថា មាន​អត្ថន័យ​ខុសៗ​គ្នា​សម្រាប់​ងារជា អេលីយ៉ាស ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ‹ អេលីយ៉ាស ›, scriptures.lds.org) ។ យ៉ូហាន​គឺ ជា អេលីយ៉ា​ស ដែល​មាន​ន័យ​ថា​ជា​អ្នក​រៀប​ចំទុក​មុន​ឲ្យ​ព្រះមែស៊ី ប៉ុន្តែ​គាត់​ពុំ​មែន​ ជា អេលីយ៉ាស ដែល​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះមែស៊ី​នោះ​ទេ ។ យ៉ូហាន​ក៏​ពុំ​មែន​ជា​ព្យាការី​អេលីយ៉ា​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ក្រិកថា អេលីយ៉ាស ​ដែរ ។ …

« កាល​យ៉ូហាន​បាន​បដិសេធ​ថា គាត់ពុំ​មែន​ជា​អេលីយ៉ា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​សួរ​គាត់​ថា ‹ តើ​លោក​ជា​ហោរា​នោះ​ឬ​អី ? › (យ៉ូហាន ១:២១) ។ សំណួរ​របស់​ពួកគេ​ទំនង​ជា​យោង​ទៅលើ​ការ​ព្យាករ​របស់ម៉ូសេ​នៅ​ក្នុង​ចោទិយកថា ១៨:១៥៖ ‹ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង ពី​ពួក​បង​ប្អូន​ឯង ឲ្យ​ដូច​ជា​អញ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ › ។ ប៉ុន្តែ តាមរយៈ​ការ​សួរ​យ៉ូហានថាគាត់​ជា ‹ ហោរា​នោះ​ឬ​អី › បន្ទាប់​ពី​យ៉ូហានបាន​បដិសេធ​រួចហើយ​ថាគាត់​ពុំ​មែន​ជា​ព្រះគ្រីស្ទ​ទេ សាសន៍​យូដា​ទាំង​នេះ​បាន​បង្ហាញ​ថា ពួកគេ​មិន​បាន​យល់​ពី​លក្ខណៈ​របស់ព្រះមែស៊ី​នៅ​ក្នុង​ការ​ព្យាករ​របស់​ម៉ូសេ​ឡើយ ។ មាន​ពួក​សាសន៍​យូដា​ជាច្រើន​ នៅ​ក្នុង​ជំនាន់​ព្រះយេស៊ូវប្រមើលមើល​ពី​ការមក​ដល់​​របស់​ព្យាការី​ម្នាក់​ដែល​ដូចជា​ម៉ូសេ ប៉ុន្តែ​ពុំ​ដូចជា​ព្រះមែស៊ី​ទេ ។ នេះ​ជា​ភស្តុតាង​ដែលក្រោយ​មក​ទៀត មាន​​មនុស្ស​ជាច្រើន​នៅ​ក្រុង​យេរូសាឡិម​បាន​ប្រកាសថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ‹ ហោរា​នោះ​ › កាល​មនុស្ស​ផ្សេង​ទៀត​បាន​ប្រកាស​ថា ទ្រង់​គឺជា ‹ ព្រះគ្រីស្ទ › (យ៉ូហាន ៧:៤០–៤១​សូមមើល​ផង​ដែរ ៦:១៤) » (New Testament Student Manual​​Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ២០១–២) ។