បណ្ណាល័យ
មេរៀន​ទី ៦៥ ៖ យ៉ូហាន ៦


មេរៀន​ទី ៦៥

យ៉ូហាន ៦

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​បន្ទាប់ពី​ទ្រង់​បាន​ប្រទាន​អាហារ​ប្រកប​ដោយអព្ភូតហេតុ​ដល់​ហ្វូង​មនុស្ស​ ដែល​មាន​ចំនួន​ច្រើន​ជាង ៥០០០ នាក់ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺជា​នំប៉័ង​ជីវិត ។ អ្នកដើរតាមទ្រង់​មួយចំនួន​បាន​បដិសេធ​ការ​បង្រៀន​របស់ទ្រង់ ហើយ​បាន​បែរ​ចេញពី​ទ្រង់ ។ ផ្ទុយទៅវិញ ពេត្រុសបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវ​បង្រៀន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ហើយ​ទ្រង់គឺជា​ព្រះរាជបុត្រា​នៃព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៦:១–២១

ព្រះយេស៊ូវ​បាន​ប្រទានអាហារ​ដល់មនុស្ស​ច្រើនជាង​ ៥០០០ នាក់ ប្រកប​ដោយអព្ភូតហេតុ ហើយ​យាងដើរ​នៅលើ​សមុទ្រ ។

ចូរ​ពន្យល់​ថា​ បន្ទាប់ពីព្រះអង្គសង្គ្រោះ​បានថ្លែង​ទីបន្ទាល់​អំពី​ភាពជាព្រះ​របស់ទ្រង់​នៅ​ទីក្រុង​យេរូសាឡិម​ហើយ ( សូមមើលយ៉ូហាន ៥) នោះទ្រង់​បាន​ត្រឡប់ទៅ​ស្រុក​កាលីឡេ​វិញ ជាកន្លែង​ដែល​ទ្រង់​ និងពួកសិស្ស​របស់ទ្រង់​បាន​បង្រៀន​ដំណឹងល្អ ហើយ​បានព្យាបាល​មនុស្ស​ជាច្រើន ( សូមមើល​ម៉ាថាយ ៥–១៣) ។ បន្ទាប់មក​ព្រះយេស៊ូវ​បាន​យាងឆ្លង​​សមុទ្រ​កាលីឡេជាមួយនឹង​សិស្ស​របស់ទ្រង់ ហើយ​បាន​ប្រទានអាហារ​ដល់ហ្វូង​មនុស្ស​ច្រើន​ជាង ៥០០០ នាក់​ប្រកប​ដោយ​អព្ភូតហេតុ ( សូមមើល​យ៉ូហាន ៦:១-១៣) ។

សូមបង្ហាញ​ដុំ​នំប៉័ង ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ដំណើរ​រឿង​ព្រះអង្គសង្គ្រោះ ​​​ប្រទាន​អាហារ​ដល់​មនុស្ស​ច្រើន​ជាង ៥០០០ នាក់​ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗពីរ ។

  • តើអ្នកអាច​​គិត​យ៉ាងណា បើ​អ្នក​មានវត្តមាន​នៅក្នុងអព្ភូតហេតុ​នេះ ហើយដឹង​ថា ព្រះយេស៊ូវ​មាន​លទ្ធភាព​ប្រទានអាហារ​ប្រកបដោយអព្ភូហេតុ​ដូច្នេះ ?

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:១៤-១៥ ឲ្យ​ឮៗ ។ សូមអញ្ជើញសិស្ស​ក្នុងថ្នាក់​ឲ្យ​ផ្ទៀងតាម​រកមើល​នូវអ្វី​ដែលមនុស្ស​ចង់ធ្វើ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទានអាហារ​ដល់ពួកគេ​ប្រកបដោយ​អព្ភូហេតុ​នោះ ។

  • តើប្រជាជនចង់​​ធ្វើ​អ្វីខ្លះ ?

សូមពន្យល់​ថា មានទំនៀម​ទម្លាប់​មួយ​ នៅក្នុង​ចំណោម​ពួកយូដា​នៅជំនាន់​របស់​ព្រះយេស៊ូវ បាន​ឲ្យ​យោបល់​ថា នៅពេល​ព្រះមែស៊ី ឬ​ស្ដេច​នៃ​អ៊ីស្រាអែល​យាង​មក នោះទ្រង់​នឹង​ប្រទាន​នំប៉័ង​ជា​អាហារដល់​ប្រជាជន​មកពី​ស្ថាន​សួគ៌ ។

  • យោងតាមខទី ១៥តើ​ព្រះយេស៊ូវ​បាន​ធ្វើអ្វីខ្លះ​ ជាជាង​អនុញ្ញាត​ឲ្យ​មនុស្ស​បំពាក់​មកុដ​ដល់ទ្រង់​ឲ្យ​ធ្វើជាស្ដេច​របស់ពួកគេ​នោះ ?

  • ហេតុអ្វី​ព្រះយេស៊ូវ​មិនចង់​ឲ្យ​គេ​ទទួលស្គាល់ទ្រង់​ ថាជា​ស្ដេច​នៃ​សាសន៍​យូដា ?

សូមសង្ខេបយ៉ូហាន ៦:១៦–២១ដោយ​រំឭក​ដល់សិស្ស​ថា ព្រះ​អង្គ​សង្គ្រោះ​បានបញ្ជូន​សិស្ស​របស់ទ្រង់​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ហើយ​ក្រោយមក​នៅពេល​យប់ នៅពេល​ដែលពួកសិស្សកំពុង​មានបញ្ហា​ក្នុងការ​អ៊ុំទូក​បញ្ច្រាស់ទឹក​រលក និងខ្យល់ នោះ​ទ្រង់​បាន​យាង​ដើរ​ឆ្លង​កាត់​ទឹក​សមុទ្រ​មកជួប​នឹង​ពួកគេ ។ សូមចង្អុល​បង្ហាញ​ថា ដំណើរ​រឿង​របស់​យ៉ូហាន​អំពីព្រឹត្តិការណ៍​នេះគូស​បញ្ជាក់​ថា នៅពេល​ពួកសិស្សបាន​ទទួល​ព្រះយេស៊ូវ​ចូលមក​លើ​ទូក​ « ដោយស្ម័គ្រ​ចិត្ត » នោះ​ពួកគេ ( ​ខទី ២១) បាន​ចូល​ចត​ដោយសុវត្ថិភាព​នៅ​ទិសដៅ​របស់ពួកគេ​ « មួយរំពេច » ។ ចូរពន្យល់​ថា នៅពេល​យើង​ទទួលយកព្រះអង្គសង្គ្រោះ​ និងការ​បង្រៀនរបស់ទ្រង់​ដោយ​​ស្ម័គ្រចិត្ត នោះ​ទ្រង់អាច​ជួយ​ដឹកនាំ​យើង​ដោយសុវត្ថិភាព​ឆ្លងកាត់​បញ្ហា​នៃ​ជីវិត​រមែង​ស្លាប់នេះ ។

យ៉ូហាន ៦:២២-៥៩

ព្រះយេស៊ូវ​បង្រៀន​ថា ទ្រង់​គឺជា​នំប៉័ង​ជីវិ​ត

ចូរ​ពន្យល់​ថាយ៉ូហាន ៦:២២-២៥កត់ត្រា​ថា មាន​មនុស្ស​ជា​ច្រើនដែលព្រះយេស៊ូវ​បាន​ប្រទានអាហារ​ឲ្យ​ប្រកប​ដោយអព្ភូតហេតុ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក កាពើណិម ដើម្បី​ស្វែងរក​ទ្រង់ ។

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៦:២៦-២៧ឮៗ  ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ទៅ​​កាន់​ប្រជាជន ។ ចូរ​ពន្យល់​ថា​ពាក្យអាហារនៅក្នុងខទី ២៧​សំដៅទៅលើ​ម្ហូបអាហារ ។

  • យោង​តាម​ព្រះអង្គសង្គ្រោះ ហេតុអ្វី​មនុស្សទាំងនេះស្វែងរក​ទ្រង់ ? ( ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ​ ផ្ដល់​យោបល់​ថា ពួកគេ​បាន​ដើរ​តាម​ទ្រង់​ដើម្បី​ទទួល​បាន​អាហារ​បន្ថែម​មកពីទ្រង់ ) ។

  • តើព្រះអង្គសង្គ្រោះ​ប្រាប់ពួកគេថា ​ពួកគេ​គួរ​ស្វែងរក​អ្វីខ្លះ ?

ចូរពន្យល់​ថា « អាហារ [ ឬ ​ម្ហូបអាហារ ] ដែល​​នៅ​ស្ថិតស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច » (ខទី ២៧) អាច​សំដៅ​ទៅលើ​សេចក្ដីពិត​ដ៏អស់​កល្ប​ជានិច្ច​នៃ​ដំណឹងល្អ​របស់ព្រះអង្គសង្គ្រោះ ។

  • តើ​ខគម្ពីរ​ទាំងនេះអាច​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ ​ដែលព្រះយេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ក្រុមមនុស្ស​ទាំងនេះ​មក​បំពាក់​មកុដ​ទ្រង់​ធ្វើជា​ស្ដេច​របស់​ពួកគេយ៉ាង​ដូច​ម្ដេច ?​

សូមអញ្ជើញសិស្ស​ម្នាក់​អានយ៉ូហាន ៦:២៨-៣១ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​រកមើល​នូវអ្វី​ ដែលមនុស្ស​ប្រាថ្នា​ចង់បាន​ពី​ព្រះយេស៊ូវ​ ដើម្បី​បង្ហាញ​បន្ថែម​ទៀតដល់ពួកគេថា ទ្រង់​គឺជា​ព្រះមែស៊ី ។

  • តើប្រជាជនចង់​ឲ្យ​ព្រះយេស៊ូវ​​​ធ្វើ​អ្វីខ្លះ​សម្រាប់ពួកគេ ? ( សូមពន្យល់​ថា នំម៉ាន៉ាគឺជា « នំប៉័ង​ពីស្ថានសួគ៌ » [ខទី ៣១​]​ ដែល​ព្រះ​បាន​ប្រទាន​ដល់កូនចៅ​នៃ​អ៊ីស្រាអែល នៅពេលពួកគេ​ដើរ​នៅក្នុងទីរហោស្ថាន ) ។

  • សូមពិចារណា​អំពីអ្វី​ដែលព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅ​ថ្ងៃ​មុននោះ តើ​សំណើរ​នេះ​អាច​ចង្អុល​បង្ហាញ​អំពី​ហ្វូង​មនុស្ស​យ៉ាងណា​ខ្លះ ?

  • ក្នុងនាមជា​អ្នក​ដើរ​តាមព្រះយេស៊ូវ​គ្រីស្ទ​សព្វថ្ងៃនេះ តើ​វិធីមួយចំនួន​ដែល​យើង​ប្រហែលជាត្រូវ​បាន​ល្បួង​ឲ្យ​មានឥរិយាបទ​ដូចជា​ហ្វូងមនុស្ស​ទាំងនោះ មាន​អ្វីខ្លះ ?

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​ផ្លាស់វេណ​គ្នា​ឲ្យអាន​យ៉ូហាន ៦:៣២-៣៥ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើលនូវ​អ្វី​ដែលព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ប្រជាជន ជាការ​ឆ្លើយ​តបចំពោះ​សំណើរ​រកទីសម្គាល់​មួយ​​របស់ពួកគេ ។

  • តើព្រះអង្គសង្គ្រោះ​បង្រៀន​អំពី​ព្រះអង្គទ្រង់​អ្វីខ្លះ នៅពេល​ទ្រង់​សំដៅទៅលើ​នំម៉ាន៉ា ឬ​នំប៉័ង​ពី​ស្ថានសួគ៌​នោះ ?

អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យគូសចំណាំឃ្លាថា « ខ្ញុំ​ជា​នំបុ័ង​ជីវិត » នៅក្នុងខទី ៣៥

  • តើ​យើងអាច​ប្រៀប​ប្រដូច​ព្រះអង្គសង្គ្រោះ និងការ​បង្រៀន​របស់ទ្រង់​ទៅនឹង​នំប៉័ង​តាម​របៀបណា ?

  • តើអ្នកគិត​ថា​វាមានន័យ​យ៉ាង​ណា ដែល​មនុស្ស​ដែលមករក​ព្រះយេស៊ូវគ្រីស្ទ​ « នឹង​មិន​ឃ្លាន​ទៀត​ឡើយ » ​នោះ ? (ខទី ៣៥) ។

  • តើសេចក្ដីពិត​អ្វីខ្លះ​ដែល​​យើង​អាច​​រៀន​មកពីការ​បង្រៀន​​​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុងខទី ៣៥ ? ( ទោះ​ជា​សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗក្ដី ក៏​​ពួកគេ​គួរតែ​​ប្រាប់​នូវ​គោលការណ៍​ស្រដៀងគ្នា​នេះដូចតទៅ ៖ បើសិន​ជា​យើង​​មករក​​ព្រះយេស៊ូវគ្រីស្ទ នោះទ្រង់​នឹងចិញ្ចឹម​បីបាច់​យើង​ខាង​វិញ្ញាណ ។ អ្នកគួរតែស្នើរ​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​​នេះ ​នៅ​គែម​ទំព័រ​នៃ​បទ​គម្ពីរ​របស់​ពួកគេ នៅជិត​នឹ​ង យ៉ូហាន ៦:៣៥) ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

យើងមក​រក​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ …

ទ្រង់​នឹង​ចិញ្ចឹម​បីបាច់​យើង​តាមរយៈ…

សូម​បែងចែក​សិស្ស​ជា​គូៗ ។ ចូរ​សុំ​ពួកគេ​ឲ្យធ្វើ​ការ​រួមគ្នា ​ដើម្បីបង្កើត​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​អ្វីៗ​មួយចំនួន ដែល​យើងអាច​ធ្វើ​ដើម្បី​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ទ្រង់​នឹង​ចិញ្ចឹមបី​បាច់​យើង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យរាយការណ៍ពី​​ចម្លើយ​របស់​ពួកគេដល់​សិស្ស​​នៅក្នុង​ថ្នាក់ ។

ដើម្បីជួយសិស្ស​ក្នុងថ្នាក់​មានអារម្មណ៍​ដឹង​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលការណ៍ ​ដែលពួកគេ​បាន​ប្រាប់នៅក្នុង​ខទី ៣៥ចូរ​ពិចារណា​ធ្វើការ​អញ្ជើញសិស្ស​ពីរបីនាក់​ ឲ្យចែកចាយ​ពី​របៀប​ដែលពួកគេ​ទទួលអារម្មណ៍ នៅពេលពួកគេ​បាន​ទទួល​ការ​ចិញ្ចឹមបីបាច់​ខាង​វិញ្ញាណ​ នៅពេល​ពួកគេ​មករក​ព្រះអង្គសង្គ្រោះ ។

សូម​សង្ខេបយ៉ូហាន ៦:៣៦-៤៧ដោយពន្យល់​ថា មនុស្ស​មួយ​​ចំនួន​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះអង្គសង្គ្រោះ ដោយសារ​តែ​ទ្រង់​បាន​បង្រៀន​ថា ទ្រង់​គឺជា​នំប៉័ង​ដែល​ចុះ​មក​ពីស្ថានសួគ៌ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ស្គាល់គោលការណ៍​បន្ថែម​មួយ​ទៀត ដែលព្រះអង្គសង្គ្រោះ​បាន​បង្រៀន សូមអញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​មក​ខាង​មុខ​ក្ដារខៀន ហើយ​ផ្ដល់​នំប៉័ង​មួយ​ចំណិត​ដល់ពួកគេ​ម្នាក់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រង់​ក្លិន​នំប៉័ង ហើយ​នឹកគិត​អំពីរសជាតិ​របស់វា ។

  • តើ​នំប៉័ង​នឹង​ចិញ្ចឹមបីបាច់​អ្នក​​បានល្អ​ប្រសើរឬទេ បើ​អ្នក​គ្រាន់តែ​បានស្រង់​ក្លិន នឹក​ស្រមៃ​អំពីរសជាតិ ហើយ​កាន់​ជាមួយអ្នករាល់ថ្ងៃ​នោះ ?

  • តើអ្នកត្រូវ​ធ្វើអ្វីខ្លះ​ដើម្បី​ទទួលបានប្រយោជន៍​មកពីនំប៉័ងនោះ ?

សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពីយ៉ូហាន ៦:៤៩-៥៤ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​ថាតើ​បទពិសោធន៍មិត្ត​ក្នុងថ្នាក់​របស់​ពួកគេ​មានជាមួយនឹង​នំប៉័ង អាច​ទាក់ទង​ទៅនឹង​អ្វី​ដែលព្រះអង្គសង្គ្រោះ​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាងដូចម្ដេច ។

  • តើ​នំប៉័ងជីវិត​ខុសពី​នំប៉័ងធម្មតា​យ៉ាងដូចម្ដេច ? ( មិន​ដូចជា​នំប៉័ង​ដែល​អាច​ចំអែត​យើង​តែ​មួយរយៈដ៏ខ្លីនោះទេ​ ព្រះ​អង្គ​សង្គ្រោះ​ប្រទាន​ពរដល់​យើង​ដែល​នឹង​មានជា​រៀងរហូត ) ។

សូម​ចង្អុល​បង្ហាញ​ឃ្លា​ដូច​ខាង​ក្រោម​នៅក្នុងខទី ៥១៖ « នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​​សាច់ឈាម​ខ្ញុំ ដែល​ខ្ញុំ​នឹង​លះបង់ជំនួស​ជីវិត​មនុស្ស​លោក » ។

  • តើ​ព្រះអង្គសង្គ្រោះ​ប្រទាន​ព្រះកាយ និង​លោហិត​របស់ទ្រង់សម្រាប់ជីវិត​មនុស្ស​លោក​យ៉ាងដូចម្ដេច ?

  • យោង​តាម ខទី ៥៣-៥៤តើ​ព្រះអង្គ​សង្គ្រោះ​​បានបង្រៀន​ដល់​ប្រជាជន​​​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

ចូរ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានប្រើ​ពាក្យពិសារនិងផឹកជា​និមិត្តរូប ។ ដើម្បីជួយសិស្ស​ឲ្យយល់​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ សូមអញ្ជើញ​សិស្ស​​ឲ្យ​ស្ម័គ្រចិត្ត​បរិភោគ​នំប៉័ង ។ រួច​ហើយ​អញ្ជើញពួកគេ​ឲ្យ​ត្រឡប់ទៅ​កន្លែង​អង្គុយវិញ ។

  • តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​នំប៉័ង និងជីវជាតិ​ចិញ្ចឹមបីបាច់​របស់វា នៅពេល​ទទួល​ទាន ? ( វីតាមីន និង​ជីវជាតិ​បាន​ក្លាយទៅ​ជា​ផ្នែក​នៃ​រូបកាយ វា​ផ្ដល់​កម្លាំង និង​សុខភាព​ល្អ ) ។

  • តើអ្នកគិត​ថា​វា​មានន័យ​យ៉ាងណា ដើម្បី​ទទួលទាន​ព្រះកាយ និង​ផឹក​លោហិត​របស់ព្រះអង្គសង្គ្រោះ​នោះ ? ( វាអាច​មានន័យ​ដើម្បីធ្វើ​ឲ្យ​ការ​បង្រៀន និងដង្វាយធួន​របស់ទ្រង់​ចាក់​ឫសជ្រៅ​ចូល​ក្នុង​ខ្លួន​ ) ។ វា​ក៏អាច​ជាការ​តំណាង​ឲ្យ​ការ​ទទួលទាន​សាក្រាម៉ង់ ដែលព្រះអង្គសង្គ្រោះ​នឹង​បង្កើតឡើងនៅពេល​ក្រោយ​ផងដែរ ) ។

  • យោងតាមខ ៥៤តើពរជ័យអ្វីខ្លះ ដែល​យើងអាច​ទទួល​ ប្រសិនបើ​យើង​ធ្វើ​ឲ្យ​ការបង្រៀន និង​ដង្វាយ​ធួនរបស់ព្រះយេស៊ូវគ្រីស្ទ​ចាក់ឬសជ្រៅចូល​ទៅក្នុង​ខ្លួន​យើង ឬ​អនុវត្ត​វា​នោះ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើងក្រេបជញ្ជក់​ការបង្រៀន និងអនុវត្តនោះ ​ដង្វាយ​ធួនរបស់ព្រះយេស៊ូវគ្រីស្ទ​ចាក់ជ្រៅចូល​ទៅក្នុង​ខ្លួន​យើង នោះ​យើង​អាច​ទទួល​បាន​ជីវិតដ៏នៅ​អស់កល្បជានិច្ច )​

ចូរ​សុំ​ឲ្យសិស្ស​គិត​ពិចារណា​អំពី​សំណួរ​ដូចខាងក្រោម រួច​ហើយ​អញ្ជើញ​ពួកគេ​ជា​ច្រើនរូប​ឲ្យចែកចាយ​ចម្លើយ​របស់ពួកគេ ៖

  • តើ​យើងធ្វើ​ឲ្យ​ការបង្រៀន និង​ដង្វាយ​ធួនរបស់ព្រះយេស៊ូវគ្រីស្ទ​ចាក់ឫសជ្រៅចូល​ទៅក្នុង​ខ្លួន​យើង យ៉ាងដូចម្ដេច ? ( ចម្លើយ​ដែលអាច​អាច​រួមមាន ការ​ទទួលយកព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជ​បុត្រា​ពិត​របស់ព្រះ ការ​ទទួលទាន​សាក្រាម៉ង់​រាល់សប្ដាហ៍ ការរក្សា​បទបញ្ញត្តិ និ​ង​ការ​កាន់ខ្ជាប់​ដល់ចុង​បំផុត​នៅក្នុង​សេចក្ដីសុចរិត [ សូមមើល​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុល ៣ ( ឆ្នាំ ១៩៦៥–៧៣), ១:៣៥៨] ) ។

ចូរ​ពន្យល់​ថា ជីវិត​អស់កល្បជានិច្ច​គឺ​ត្រូវ​រស់នៅគ្មានទីបញ្ចប់ ហើយប្រែក្លាយដូច​ជា​​ព្រះវរបិតា​សួគ៌ និងព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ជារៀងរហូត ។ សូមអញ្ជើញសិស្ស​ម្នាក់​អានយ៉ូហាន ៦:៥៦-៥៧ឲ្យឮៗ ហើយ​សួរ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​របៀប​ដែល​យើងអាច​ប្រែក្លាយដូចជា​ពួកទ្រង់ នៅ​ពេល​យើង​ក្រេកជញ្ជក់ការបង្រៀន និង​ដង្វាយ​ធួនរបស់ព្រះយេស៊ូវគ្រីស្ទ​ចាក់ឫសជ្រៅក្នុង​ខ្លួន​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូមពន្យល់​ថា ព្រះអង្គសង្គ្រោះ​នឹង​មិន​គង់នៅជាមួយ​យើង​ជា​សាច់និងឆ្អឹងទេ ប៉ុន្តែ​ឥទ្ធិពល​ដ៏ទេវភាព​របស់ទ្រង់ នឹងនៅ​ជាមួយ​យើង ដើម្បីជួយយើងឲ្យ​ប្រែ​ក្លាយកាន់តែ​ដូចជា​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​​បាន​ប្រាប់​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរនៅក្នុង​​សៀវភៅ​​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់​ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ​​នូវ​គោលដៅ​មួយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ឱបក្រសោបដង្វាយធួន ឬ​ការ​បង្រៀនមួយរបស់ទ្រង់​កាន់តែ​ជ្រៅ​ក្នុង​ខ្លួន​ពួកគេ ។

យ៉ូហាន ៦:៦០-៧១

ពេត្រុស ថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវមានព្រះបន្ទូល​អំពី​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ៖ បន្ដ ឬ​ឈប់ ?

ចូរ​សុំ​ឲ្យសិស្ស​គិត​អំពីគ្រា​មួយ​ ដែលពួកគេ​ត្រូវ​ជ្រើសរើស​រវាង​ការ​បន្ដ​ធ្វើ​អ្វីមួយ​ដែលពិបាក ឬ​ក៏ឈប់ធ្វើវា ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។

ចូរ​ពន្យល់​ថា បន្ទាប់ពីព្រះយេស៊ូវ​បានប្រទាន​ទេសនកថា​ដូច​បាន​កត់ត្រា​នៅក្នុង​យ៉ូហាន ៦នោះ​ពួកសិស្ស​របស់ទ្រង់​បាន​ជួប​នឹង​ការ​សម្រេច​ចិត្ត​ស្រដៀងគ្នា ។

សូមអញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ៦:៦០-៦៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលចម្លើយ​របស់​​ពួកសិស្ស​ជាច្រើន​របស់​ព្រះយេស៊ូវ​​ ចំពោះ​ការ​បង្រៀន​របស់ទ្រង់ ។

  • ហេតុអ្វី​ក៏ពួក​សិស្ស​របស់ព្រះយេស៊ូវ​ជាច្រើន​ជ្រើសរើស​ឈប់​ដើរតាមទ្រង់ ? ( ចូរ​ពន្យល់​ថា ឃ្លា « ​ពិបាក​ស្តាប់​ណាស់ » [ខទី ៦០] មាន​ន័យ​ថា ពួកគេ​មានអារម្មណ៍​ថា ការ​បង្រៀន​របស់ព្រះយេស៊ូវ​គឺ​ពិបាក​ធ្វើ​តាម​ខ្លាំង​ណាស់ ) ។

  • ហេតុអ្វីមនុស្ស​មួយចំនួន​ឃើញ​ថា​វាពិបាក​ ដើម្បីរក្សា​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ៦:៦៧ឲ្យឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវ​សំណួរ​​​​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បានសួរ​ដល់​ពួកសាវក​​របស់ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពួកសាវក​​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ៦:៦៨-៦៩ឲ្យឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​​​ដែលស៊ីម៉ូន ពេត្រុស បានឆ្លើយ​តប​នឹង​​​ព្រះ​អង្គ​សង្គ្រោះ​​ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ចេញមកពី​ចម្លើយ​របស់ពេត្រុស តើ​យើងអាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ដែល​នឹង​ជួយ​​យើង​បន្ដ​នៅស្មោះត្រង់ អំឡុង​គ្រា​ដែល​លំបាក ​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ឬ​រស់នៅ​តាម​ការ​បង្រៀនរបស់​ទ្រង់ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ទីបន្ទាល់​រឹងមាំ​អំពីព្រះយេស៊ូវ​គ្រីស្ទ នឹងជួយ​យើងឲ្យមានចិត្តស្មោះ​ត្រង់ជានិច្ច អំឡុង​គ្រា​ដែល​លំបាក ​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ ឬ​រស់នៅ​តាម​ការ​បង្រៀនរបស់​ទ្រង់  ) ។

  • តើ​ទីបន្ទាល់​រឹងមាំ​អំពីព្រះអង្គសង្គ្រោះ បានជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បន្តមានចិត្តស្មោះត្រង់ជានិច្ច ទោះជា​ការបង្រៀន​នៃ​ដំណឹងល្អ​ហាក់​ដូចជា​ពិបាក​ធ្វើ​តាម​ក៏ដោយនោះ យ៉ាងដូចម្ដេច ?

សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពឹង​ផ្អែក​ទីបន្ទាល់​របស់ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​ដែល​ការ​បង្រៀន​អំពីដំណឹងល្អ​អាច​នឹង​ពិបាក ​ដើម្បីពួកគេ​រស់នៅតាម​ក្ដី ។ សូមអញ្ជើញសិស្ស​​ដែល​អាច​មានអារម្មណ៍​ថា​ ពួកគេខ្វះ​ទីបន្ទាល់​រឹងមាំ​អំពីព្រះ​យេស៊ូវ​គ្រីស្ទ​ ឲ្យ​ពង្រឹង​ទីបន្ទាល់របស់ខ្លួន តាមរយៈ​ការ​ព្យាយាម​ធ្វើ​ឲ្យ​ការ​បង្រៀន និងដង្វាយធួន​របស់ទ្រង់​ចាក់​ចូលជ្រៅ​ទៅក្នុង​ខ្លួន​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៦:៣៣-៣៥ ។ នំប៉័ង​ជីវិត​ពិត

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ​ព្រះយេស៊ូវគ្រីស្ទ គឺជា​នំប៉័ង​ជីវិត ៖

« ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​របស់​ខ្ញុំ អំពី​ភាពពិត​ដ៏​សកម្មនៃ​នំប៉័ងជីវិត ​អំពីព្រះ​យេស៊ូវ​គ្រីស្ទ និង​​ព្រះចេស្តា ហើយឥទ្ធិពលដ៏គ្មាន​ទីបំផុត​​នៃ​​ដង្វាយធួន​របស់​ទ្រង់​ ។ នៅទីបំផុត វាគឺជា​ដង្វាយធួន​របស់ទ្រង់ និងព្រះគុណ​របស់ទ្រង់ ដែល​ជា​នំប៉័ង​ប្រចាំ​ថ្ងៃ​របស់​យើង » (« Recognizing God’s Hand in Our Daily Blessings »Ensign, ខែ មករា ឆ្នាំ ២០១២ ទំព័រ ២៣ ) ។

ដើម្បីរៀន​បន្ថែម​អំពី​របៀប​ដែលព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ​និមិត្តរូប​ ប្រវត្តិសាសនា​សាសន៍យូដា និង​ទីតាំង​ភូមិសាស្ត្រ​របស់​អ្នក​ស្ដាប់​របស់ទ្រង់ ដើម្បី​បង្រៀន​ទេសនកថា​របស់ទ្រង់​អំពី​នំប៉័ង​ជីវិត (យ៉ូហាន ៦) សូម​មើល ថូម៉ាស អរ វ៉ាឡេតា« The True Bread of Life »Ensign ខែមិនា ឆ្នាំ ១៩៩៩ ទំព័រ ៦-១៣ សូម​មើល​ផងដែរ «យ៉ូហាន ៦:៣២-៣៥, ៤៨-៥១។ ‹ The True Bread from Heaven › » នៅក្នុង​New Testament Student ManualChurch Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ២២១–២២ ។

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​​ ៖

« នំម៉ាន៉ា​គឺជា​អាហារ​ពីស្ថានសួគ៌ ហេតុដូច្នោះ​ហើយ នំប៉័ង​ដែលទ្រង់​បានប្រទាន​ដល់ពួកគេ​គឺ​មកពី​ផែនដី ហើយ​ជា​នំប៉័ង​ពីស្រូវ​សាឡី​ធម្មតា​ប៉ុណ្ណោះ ។ ទ្រង់​ច្បាស់​ជា​បង្ហាញ​ពួកគេ​នូវ​ទីសម្គាល់​កាន់តែ​អស្ចារ្យ ហើយបាន​ប្រទាន​ដល់​ពួកគេ​នូវអាហារ​កាន់តែ​ល្អ [​ ឬ អាហារ​កាន់តែ​ប្រណិត ] ពីមុន​ពួកគេ​នឹង​ទទួល​យក​ទ្រង់​ជា​អង្គ ដែល​ពួកគេ​បាន​ទទួល​ទ្រង់ពីដំបូង និងជា​ទ្រង់​ដែល​បាន​ប្រកាស​ពីព្រះអង្គទ្រង់​ឥឡូវនេះ » ( Jesus the Christ, បោះពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៣៣៩–៤០ ) ។

យ៉ូហាន ៦:៥៣ ។ « ពិសា​សាច់ ហើយ​ផឹក​ឈាម​របស់​កូន​មនុស្ស »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ ៖

« ដើម្បី​​សោយសាច់ ហើយ​ផឹកលោហិត​​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដំបូង​ឡើយ គឺ​ត្រូវ​ទទួលយក​ទ្រង់​ដោយ​ពេញស្មារតីពិត​បំផុត ដោយ​គ្មានការ​លាក់​លាម ថា​ជា​បុត្រ​ខាង​សាច់ឈាម​ផ្ទាល់​របស់ព្រះវរបិតាសួគ៌ ហើយទីពីរ គឺ​ត្រូវ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់ព្រះបុត្រា​តាមរយៈ​ការ​ទទួលយក​ដំណឹងល្អ​របស់ទ្រង់ ការ​ចូលរួម​ក្នុងសាសនាចក្រ​ទ្រង់ និងការ​កាន់ខ្ជាប់​នៅក្នុងការ​គោរពប្រតិបត្តិ និងសេចក្ដី​សុចរិត​រហូតដល់ទីបញ្ចប់ ។ អ្នក​ទាំងឡាយ​ណា​ដែល​ទទួលទាន​សាច់ និង​ផឹក​លោហិត​ទ្រង់​ដោយ​បុព្វហេតុ​នេះ នោះ​នឹង​ទទួលបាន​ជីវិត​ដ៏នៅអស់កល្បជានិច្ច មានន័យ​ថា​​បាន​លើក​តម្កើង​នៅក្នុង​ស្ថានសួគ៌​ខ្ពស់បំផុត​នៃពិភព​សេឡេស្ទាល » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥-៧៣ ] ១:៣៥៨ ) ។

យ៉ូហាន ៦:៥៦ ។ « អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា « នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ » ថា ៖

« ពីព្រោះ​ថា អ្នកទាំងឡាយ​ណា​ដែល​គិត ជឿ និង​ធ្វើ​ទង្វើរ​ដូច​គ្នា នោះ​ពួកគេ​នឹង​ទទួល​បាន​ចរិត​លក្ខណៈ និង​ឥរិយាបទ​ដូចគ្នា​នោះ ។ … ហេតុនោះហើយ ជា​ន័យធៀប ពួកគេ​គឺ​នៅក្នុង​គ្នាទៅវិញទៅមក ឬ​ពួកគេ​រស់នៅ​ក្នុង​គ្នា​ទៅវិញទៅមក » (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៦៦ ) ។