បណ្ណាល័យ
មេរៀនទី ៦៦ ៖ យ៉ូហាន ៧


មេរៀន​ទី ៦៦

យ៉ូហាន ៧

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​ចូលរួម​ពិធី​បុណ្យ​បារាំ​នៅ​យេរូសាឡិម ។ ទ្រង់​បាន​យាង​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បង្រៀន​មនុស្ស​ម្នា​ក់នៅ​ទីនោះ ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​ថា ការបង្រៀន​របស់​ទ្រង់​គឺ​មក​ពី​ព្រះ​ជា​ព្រះវរបិតា ។ ដោយសារ​មនុស្ស​ឆ្ងល់​ថា ​តើ​ព្រះយេស៊ូវ​គឺ​ជា​នរណា នោះ​ទ្រង់​បាន​ប្រើ​រូបភាពនៃ​ទឹក និង ពន្លឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះរបស់​ទ្រង់ ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៧:១-១៣

ព្រះយេស៊ូវ​ចូលរួម​ពិធី​បុណ្យ​បារាំ

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ៖ តើ​ព្រះយេស៊ូវ​មាន​បងប្អូន​ប្រុស​ស្រី​ដែរ​ទេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ ។ ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា យ៉ូសែប និង ម៉ារា មាន​កូន​ដែល​បាន​កើត​បន្ទាប់​ពី​ព្រះយេស៊ូវ ហើយ​ដែល​បាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ផ្ទះ​ជាមួយ​នឹង​ទ្រង់​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​បុត្រា​របស់​ម៉ារី និង ព្រះ​ជា​ព្រះវរបិតា ទ្រង់ពុំមែនជា​កូន​របស់​យ៉ូសែប​ទេ នោះ​បុគ្គល​ទាំង​នោះ​គឺ​ជា​បងប្អូន​ប្រុសស្រីម្ដាយ​តែ​មួយ​​ឪពុកទីទៃរបស់​ព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ១៣:៥៥–៥៦ ) ។

  • តើ​អ្នក​គិត​ថា ការ​ធំ​ឡើង​ដឹង​ក្ដី​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ជាមួយ​ព្រះយេស៊ូវ​មាន​សភាព​បែបណា​ដែរ ?

  • តើ​អ្នក​គិត​ថា វា​នឹង​ស្រួលជាង​ដើម្បី​ជឿ​លើ​ទ្រង់​ទេ ប្រសិនបើ​អ្នកបាន​ធំ​ឡើងជាមួយ​ទ្រង់នៅ​ក្នុងផ្ទះតែមួយនោះ​ ? ហេតុអ្វី​ងាយ​ជឿ ឬ ហេតុអ្វី​មិនងាយ​ជឿ ?

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង យ៉ូហាន ៧ យើង​រៀន​ពី​របៀប​ដែល « ប្អូនប្រុស » របស់​ព្រះយេស៊ូវ (យ៉ូហាន ៧:៣, ៥) គិត​អំពី​ទ្រង់ ។ ពាក្យ ប្អូនទ្រង់ ប្រហែល​ជា​សំដៅ​លើ​ប្អូន​ប្រុសម្ដាយ​តែ​មួយ​របស់​ព្រះយេស៊ូវ ប៉ុន្តែ​វា​ក៏​អាច​រួម​បញ្ចូល​នូវ​សាច់ញាតិ​ជិតស្និទ្ធ​ផ្សេង​ទៀត​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ប្ដូរវេនគ្នា​អានឲ្យ​ឮៗ​នៅ​ក្នុង យ៉ូហាន ៧:១-៥ ។

  • តើ​យើង​រៀន​អ្វីខ្លះ​នៅ​ក្នុងខ​ទី ៥អំពី​បងប្អូន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ទីបន្ទាល់​មួយ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះគ្រីស្ទ និង ព្រះចេស្តា​នៃ​ការសង្គ្រោះ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​ គឺ​ពុំ​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ ដោយសារតែ​ទំនាក់ទំនង​នៃ​គ្រួសារ​នោះ​ទេ ។

« … ទោះជា​យ៉ាង​ណា ពួកគេ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ផ្ទះតែ​មួយ ហើយ​ចេញ​មក​ពី​ផ្ទះដែលមានឥទ្ធិពល [ ការថែរក្សា ]​ ដ៏​ទន់ភ្លន់​របស់ ​យ៉ូសែប និង ម៉ារា ទោះបី​ជា​ពួកគេ​បាន​ដឹង​ពី​ការបង្រៀន ការបម្រើ និង អព្ភូតហេតុ​អំពី​ព្រះយេស៊ូវ​ក្តី តែ​សាច់​ញាតិ​ដ៏​ជិតស្និទ្ធ​របស់​ទ្រង់​ពុំ​បាន​ទទួល​ស្គាល់​ថា​ ទ្រង់​គឺ​ជា​ព្រះមែស៊ី​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ទាំងអស់​គ្នា​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​នៅពេល​ក្រោយ​មក ( កិច្ចការ ១:១៤ ) » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ​១៩៦៥–៧៣ ] ១:៤៣៧ ) ។

  • តើ​សមាជិក​ផ្ទាល់​មួយ​ចំនួន​នៃ​គ្រួសារ​របស់​ព្រះយេស៊ូវ​ ពុំ​ជឿ​លើ​ទ្រង់​បាន​ដោយ​របៀប​ណា ថ្វី​បើ​​​ពួកគេ​បាន​ដឹង​ពី​ការបង្រៀន និង អព្ភូតហេតុ​របស់​ទ្រង់​ហើយ​នោះ ?

សូម​ចង្អុល​បង្ហាញ​ថា យ៉ូហាន ៧ កត់ត្រា ព្រឹត្តិការណ៍ ដែល​បាន​កើត​ឡើង​នៅ​ពេល​ពិធី​បុណ្យ​បារាំ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​យេរូសាឡិម ( សូមមើល យ៉ូហាន ៧:២ ) ។ អំឡុង​ពេល​ពិធី​ជប់លៀង​ប្រាំបី​ថ្ងៃ​នេះ ដែល « បាន​ចាត់ទុក​ថា​ជា​ពិធី​ដ៏​រីករាយ​ខ្លាំង និង អស្ចារ្យ​បំផុត » ( Bible Dictionary, « Feasts »​) ពួក​សាសន៍ យូដា​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធរំឭក​ដល់​ពរជ័យ​របស់​ព្រះ​ដែល​ប្រទាន​មកលើ​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល នៅពេល​ពួកគេ​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន ដោយ​រស់​នៅ​ក្នុង​ខ្ទម ឬ​រោងឱបោសថ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ការរំដោះ​ឲ្យ​រួច​ពី​ទាសភាព​នៅក្នុង​ប្រទេស​អេស៊ីព្ទ ( សូមមើល លេវីវិន័យ ២៣:៣៩–៤៣) ។ ពួកសាសន៍យូដា​ក៏​បាន​ប្រារព្ធ ហើយ​ថ្លែង​អំណរគុណ​ផងដែរ​សម្រាប់​ការច្រូតកាត់​ប្រចាំ​ឆ្នាំ​នៃ​ផល្លានុផល និង គ្រាប់​ធញ្ញជាតិ ( សូមមើល និក្ខមនំ ២៣:១៦) ។

  • យោង​តាម ខទី ៣-៤តើ​បងប្អូន​របស់​ព្រះយេស៊ូវ​បាន​ទូល​សុំឲ្យ​ទ្រង់​ធ្វើ​អ្វី​ខ្លះ ?

សូម​សង្ខេប យ៉ូហាន ៧:៦–១០ដោយ​ពន្យល់​ថា​ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័យ​ពន្យា​ការទៅ​ពិធី​បុណ្យ​នោះ ប៉ុន្តែ​ទ្រង់​បាន​លើក​ទឹកចិត្ត​បង​ប្អូន​របស់​ទ្រង់​ឲ្យ​ទៅ ។ ក្រោយ​មក​បន្ទាប់​ពី​ពិធី​បុណ្យ​នោះ​បាន​ចាប់ផ្តើម នោះ​ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ​ដោយ​សម្ងាត់—ដោយ​ដឹង​ថា​អ្នក​ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​នៅក្នុង​ក្រុង​យេរូសាឡិម​ចង់​ធ្វើ​គុត​​ទ្រង់ ប៉ុន្តែ​ថា​ពេលវេលា​នៃ​ការសុគត​របស់​ទ្រង់​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៧:១១-១៣ ឲ្យ​ឮៗ ។

  • តើ​ប្រជាជន​នៅ​យេរូសាឡិម​បាន​និយាយអ្វីខ្លះ​អំពី​ព្រះយេស៊ូវ ?

សូម​ចង្អុល​បង្ហាញ​គឺ​ដូច​នៅ​សម័យ​របស់​ព្រះ​យេស៊ូវ​ដែរ មាន​គំនិត​ផ្សេងៗ​គ្នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជំនាន់​របស់​យើង​នេះ ។ មនុស្ស​មួយ​ចំនួន​ដឹង ហើយ​ថ្លែង​ទីបន្ទាល់​ថា​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ មនុស្ស​ផ្សេងទៀត​ជឿ​លើ​ទ្រង់ ហើយ​សង្ឃឹម​ថា​ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា​ការពិត ។ ប៉ុន្តែ ក៏​មាន​មនុស្ស​ដែល​សង្ស័យ​ពី​ទេវភាព​របស់​ព្រះយេស៊ូវ និង​សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​ការ​បង្រៀន​របស់​ទ្រង់​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល នៅពេល​ពួកគេ​បន្ត​សិក្សា យ៉ូហាន ៧នូវ​របៀប​ដែល​យើង​អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​ថា​ការបង្រៀន​របស់​ទ្រង់​គឺ​ជា​ការពិត ។

យ៉ូហាន ៧:១៤-៣៦

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពួក​សាសន៍​យូដា​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៧:១៤-១៥ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ វា​អាចមានប្រយោជន៍​ដើម្បី​ពន្យល់​ថា ព្រះវិហារបរិសុទ្ធ​គឺ​ជា​កន្លែង​ដ៏​សំខាន់​នៃ​ការប្រារព្ធ​នានា​ដែល​ធ្វើ​ឡើង អំឡុង​ពេល​នៃ​បុណ្យ​បារាំ ។

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ ?

  • ហេតុអ្វី​ពួក​សាសន៍​យូដា​មាន​ភាព​ស្ញប់ស្ញែង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៧:១៦-១៨​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្ទៀងតាម​រក​មើល​ អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​មនុស្ស​អាច​ធ្វើ​ ដើម្បី​ដឹង​ថា តើ​គោលលទ្ធិ ឬ ការបង្រៀន​របស់​ទ្រង់​នោះ​ពិត​ឬ​អត់ ។

  • យោងតាម​ ខ​ទី ១៦តើ​ព្រះយេស៊ូវ​បាន​ទទួល​គោលលទ្ធិ​ដែល​ទ្រង់​បាន​បង្រៀន​ពី​នរណា ?

  • តើ​មនុស្ស​ម្នាក់​អាច​ដឹង​ថា គោលលទ្ធិ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ គឺ​ពិត​ជា​មក​ពី​ព្រះ​មែន​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​នូវទី​បន្ទាល់​មួយ​អំពី​ការ​បង្រៀន​របស់​ព្រះវរបិតា​សួគ៌ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ​ សិស្ស​គប្បី​បង្ហាញ​គោលការណ៍​មួយ​ស​ស្រដៀងគ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ធ្វើ​តាមព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ នោះ​យើង​នឹង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​គោលលទ្ធិ​របស់​ទ្រង់ ។ អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​នៅក្នុង​ខទី ១៧ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

ដើម្បី​ជួយសិស្សស្គាល់​ពី​របៀប​ដែល​គោលការណ៍​នេះ​អាច​យកមកអនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​ទទួល​បាន​ទីបន្ទាល់​មួយ​នៃ​គោលការណ៍​នៃ​ដំណឹង​ល្អ តាមរយៈ​ការគោរព​ប្រតិបត្តិ​ដោយការ​ព្យាយាម​រស់នៅ​តាម​វា ។ … ទីបន្ទាល់​មួយ​អំពី​ការអធិស្ឋាន​ដ៏​មាន​ប្រសិទ្ធិភាព​កើត​ឡើង ​តាមរយៈ​ការអធិស្ឋាន​ដោយ​បន្ទាបខ្លួន និង ដោយ​ចិត្ត​ស្មោះសរ ។ ទីបន្ទាល់​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ កើត​មក​ពី​ការបង់​ដង្វាយមួយ​ភាគ​ក្នុង​ដប់ » (« Lord, I Believe; Help Thou Mine Unbelief » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ២២ ) ។

ទោះ​ជា​បងប្អូន​របស់​ទ្រង់​ពុំ​បាន​ជឿ​លើ​ទ្រង់​ភ្លាមៗ​ក្ដី ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​ទទួល​ទីបន្ទាល់​មួយ ហើយ​បាន​ប្រែ​ចិត្ត​ជឿ ( សូម​មើល កិច្ចការ ១:១៤ ) ។

  • តើ​គោលការណ៍​នេះ​ដែល​បាន​បង្ហាញ​នៅ​ក្នុង យ៉ូហាន ៧:១៧ បាន​ជួយ​បងប្អូន​របស់​ព្រះយេស៊ូវ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្រៀន​របស់​ទ្រង់​បាន​ដោយ​របៀប​ណា ?

ចូរ​សុំ​ឲ្យ​សិស្ស​ស្រមៃ​ថា ​ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​កំពុង​ជួប​បញ្ហា​ជាមួយ​ទីបន្ទាល់​របស់​គាត់​អំពី​ដំណឹងល្អ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង យ៉ូហាន ៧:១៧ ដើម្បី​ជួយ​មិត្ត​ម្នាក់​នេះ​តាម​របៀប​ណា ?

ដើម្បីជួយសិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពីលការណ៍​ដែល​ពួកគេ​បាន​បង្ហាញ​ខាង​លើ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត និង​សារៈ​សំខាន់​របស់​វា សូម​ដាក់​បង្ហាញ​​ឃ្លា​ខាង​ក្រោម​នេះ ៖

ខ្ញុំ​ដឹង គឺ​ជា​ការពិត ដោយសារ​នៅពេល​ខ្ញុំ​បាន​រស់នៅ​តាម​វា ខ្ញុំ

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បំពេញ​ឃ្លា​នោះ ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ដោយ​ការសរសេរ​អំពី​ព្រះបញ្ញត្តិ ឬ គោលការណ៍​នៃ​ដំណឹង​ល្អ ដែល​ពួកគេ​បាន​ដឹង​ថា​វា​ពិត​ តាមរយៈ​កិច្ចខិតខំ​រស់នៅ​តាម​វា ។

សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នៃ​ដំណឹងល្អ ព្រះបញ្ញត្តិ ឬ​ការ​បង្រៀន​មួយ​ដែល​ពួកគេ​ចង់​ទទួល​បាន​ទីបន្ទាល់​មួយ​ដ៏​រឹង​មាំ ។ ក៏​សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អ្វី​ ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​កាន់តែ​ខ្លាំង​ឡើង​អំពី​សេចក្តីពិត ព្រះបញ្ញត្តិ ឬ ការបង្រៀន​នេះ តាមរយៈ​ការអនុវត្ត​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង យ៉ូហាន ៧:១៧

សូម​សង្ខេបយ៉ូហាន ៧:១៩–៣៦ ដោយ​ពន្យល់​ថា​ព្រះយេស៊ូវ​បាន​ស្តី​បន្ទោស​អ្នក​ដឹកនាំ​សាសន៍​យូដា ចំពោះ​ការបដិសេធ​សេចក្តី​បង្រៀន និង អព្ភូតហេតុ​របស់​ទ្រង់ ព្រមទាំង​ព្យាយាម​ចង់​ធ្វើ​គុត​ទ្រង់ ។ មនុស្ស​ជាច្រើន​បាន​ឆ្ងល់​ថា តើ​ទ្រង់​គឺ​ជា​ព្រះមែស៊ី​ឬ ហើយ​ថា​ពួកសង្ឃរាជ និង ពួក​ផារិស៊ី​បាន​បញ្ជូន​ពួក​ទាហានឲ្យ​ទៅចាប់​ទ្រង់ ។

យ៉ូហាន ៧:៣៧-៥៣

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ដែល​ស្រេក​ទឹក ​ស្ម័គ្រ​ចិត្ត​ឡើង​មក​​ក្ដារ​ខៀន ។ ចូរ​ឲ្យ​ពែង​ទទេ​មួយ​ដល់​សិស្ស​ម្នាក់​នោះ ហើយ​សួរ​គាត់ ៖

  • តើ​ពែងទឹក​ទទេ​នេះ​នឹង​បំពេញ​ការ​ស្រេក​ទឹក​របស់​អ្នក​ឬទេ ?

  • តើ​អ្នក​ត្រូវការ​អ្វី​ទៀត ?

សូម​ដាក់​បង្ហាញ​ប្រភព​ទឹក​មួយ​ដូចជា ទឹក​មួយ​ដប ឬ​ទឹក​មួយ​ថូ ។ ចូរ​យក​ទឹក​មក​ចាក់​ក្នុង​ពែង​នោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ផឹក​វា ។ បន្ទាប់មក​ អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​ខ្លួន​វិញ ។

ចូរ​លើក​ក្អម ឬ​ដប​ទឹក​ដែល​អ្នក​ប្រើ​ដើម្បី​ចាក់​ទឹក​ឲ្យ​សិស្ស​នោះ​ឡើង ។ សូម​ពន្យល់​ថា ជារៀងរាល់ថ្ងៃ​ ក្នុងអំឡុងពេល​ប្រាំបី​ថ្ងៃ​នៃ​បុណ្យ​បារាំ សង្ឃ​ម្នាក់​ដែល​បាន​តែងតាំង​បាន​ដង​ទឹក​ពី​ស្រះ​ទឹក​ស៊ីឡោម​ដោយ​ប្រើ​ក្អម​មាស​មួយ ហើយ​ចាក់​ទឹក​នោះ​ចូល​ទៅ​ក្នុង​អាង​ប្រាក់​នៅ​ត្រង់​ជើង​នៃ​អាសនា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យ​របាំ នៅ​ពេល​សង្ឃ​នោះ​បាន​ធ្វើ​ដូច្នោះ​ហើយ ព្រះយេស៊ូវ​បាន​ឈរ ​ហើយ​ធ្វើ​ការ​អញ្ជើញ​ទៅ​ដល់​ប្រជាជន ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣] ១:៤៤៦ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៧:៣៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ បន្ទាប់​ពី​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំបី និង​ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​ពិធី​បុណ្យ​នោះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • ដោយ​ពិចារណា​ពី​ការ​ដង និងការ​ចាក់​ទឹក​ដែល​សង្ឃ​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បុណ្យ​នេះ ហេតុអ្វី​អ្នក​គិត​ថា ព្រះយេស៊ូវ​ធ្វើ​ការអញ្ជើញ​នេះ​នៅ​ពេល​នេះ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​មក​ឯ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជឿ​លើ​ទ្រង់ …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៧:៣៨–៣៩ ឲ្យ​ឮៗ ហើយ​ក្រោយ​មក​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ យ៉ូហាន ៧:៣៩ បញ្ជាក់​ពី​ផ្នែក​ចុងក្រោយ​នៃ​ខគម្ពីរ​នេះ​ថា « ដ្បិត​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​សន្យា​ដល់​អស់​អ្នក​ណា​ដែល​ជឿ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​តម្កើង​ឡើង » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​សន្យា​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដល់​អស់​អ្នក​ណា​ដែល​មក​រក​ទ្រង់ ហើយ​ជឿ​លើ​ទ្រង់ ។

សូម​ពន្យល់​ថា ឃ្លា « ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក » បង្ហាញ​ថា ទឹក​រស់​នឹង​មាន​នៅក្នុង​ខ្លួន ហើយ​ចេញ​ពី​អ្នក​ជឿ ជាជាង​ចេញ​មក​ពី​ប្រភព​ខាង​ក្រៅ ។

  • យោង​តាមខទី ៣៩តើ​ទឹក​រស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តំណាង​ឲ្យ​អ្វី ?

សូម​ពន្យល់​ថា « ដោយ​ហេតុផល​មួយ​ចំនួន​ពុំត្រូវ​បាន​ពន្យល់​ពេញ​លេញ​នៅក្នុង​ព្រះគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​ដំណើរ​ការ​ពេញ​ទាំងស្រុង​នៅក្នុង​ចំណោម​ពួក​សាសន៍​យូដា​ឡើយ អំឡុង​ឆ្នាំ​នៃ​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ (យ៉ូហាន ៧:៣៩, ១៦:៧) (Bible Dictionary, « Holy Ghost ») ។ កាល អំណោយ​ទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​គ្រាកាន់កាប់​ត្រួត​ត្រា​នោះ​ រហូត​ក្រោយ​ព្រះអង្គ​សង្គ្រោះ​បាន​តម្កើង​ឡើង​ដោយ​សម្រេច​បាន​បេសកកម្ម​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ ព្រះចេស្ដា នៃ​ព្រះវិញ្ញាណ​​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួលបាន​ទីបន្ទាល់​មួយ​អំពី​សេចក្ដី​ពិត​ដែល​ព្រះអង្គសង្គ្រោះ និង​ពួក​សិស្ស​របស់​ទ្រង់​បាន​បង្រៀន ។

  • ផ្អែកលើ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​យ៉ូហាន ៧:៣៧-៣៩​ តើ​អ្នក​នឹង​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​មក​ឯ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជឿ​លើ​ទ្រង់ នោះ​យើង​នឹង​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​ពន្យល់​ថា​ អស់​អ្នក​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ អាច​ជះ​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ការណ៍​ល្អ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​មួយ​នៅពេល​ពួកគេ​ពោរពេញទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ជា​លទ្ធផល អាច​មាន​លទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ការណ៍​ល្អ ។ សូម​អញ្ចើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។

សូម​សង្ខេប យ៉ូហាន ៧:៤០-៥៣ ដោយ​ពន្យល់ថា ពួក​សង្ឃរាជ និង​ពួក​ផារិស៊ី​មាន​បំណង​ចាប់​ព្រះកាយ​ព្រះយេស៊ូវ​ម្តង​ទៀត ។ នីកូដេម ជា​ពួក​ផារិស៊ី​ដែល​បាន​មក​រក​ព្រះយេស៊ូវ​ទាំង​យប់ ( សូមមើល យ៉ូហាន ៣:១–២) បាន​មក​ការពារ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​រំឭក​ពួក​ផារិស៊ី និង ពួក​សង្ឃរាជថា ក្រឹត្យ​វិន័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឡើយ ទាល់តែ​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​និយាយ​សិន ។

សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ ដែល​សិស្ស​​បាន​ស្គាល់​នៅ​ក្នុង​ការសិក្សា​របស់​ពួកគេ​អំពីយ៉ូហាន ៧ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៧:៣។ តើ​នរណា​ជា « ពួក​ប្អូន »​ របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​ពន្យល់​ដូច​ខាងក្រោម​នេះ​អំពី « ពួក​ប្អូន » ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

« ជាញឹកញាប់ ការហៅ​ដ៏​ពិសេស​នេះ​ត្រូវបាន​ធ្វើ​ឡើង​ចំពោះ​កូនប្រុស​របស់ ​យ៉ូសែប និង ម៉ារី ថា​ជា ‹ ពួក​ប្អូន › របស់​ព្រះយេស៊ូវ តាមពិត​ទៅ​ទោះ​ជា​ពួកគេ​ជា​ប្អូន​ក្រោយនៃ​ម្ដាយ​តែ​មួយ​របស់​ទ្រង់​ក្ដី ។ (ម៉ាថាយ ១២:៤៦. ១៣:៥៥, យ៉ូហាន ២:១២, កិច្ចការ ១:១៤, ១ កូរិន. ៩:៥) ។ ទោះជា​យ៉ាង​ណា ពួកគេ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ផ្ទះតែ​មួយ ហើយ​ចេញ​មក​ពី​ផ្ទះសំបែង​ដែលមានឥទ្ធិពល [ ការថែរក្សា ] ​ដ៏​ទន់ភ្លន់​របស់​ យ៉ូសែប និង ម៉ារា ទោះបី​ជា​ពួកគេ​បាន​ដឹង​​ពី​ការបង្រៀន ការបម្រើ និង អព្ភូតហេតុ​អំពី​ព្រះយេស៊ូវ​ក្តី តែ​សាច់​ញាតិ​ដ៏​ជិតស្និទ្ធ​របស់​ទ្រង់​ពុំ​បាន​ទទួល​ស្គាល់​ថា​ ទ្រង់​គឺ​ជា​ព្រះមែស៊ី​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ទាំងអស់​គ្នា​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​នៅពេល​ក្រោយ​មក (កិច្ចការ ១:១៤) មាន​ម្នាក់​ដែល​ត្រូវបាន​រក​ឃើញ ហើយ​ប្រាប់​ឈ្មោះ​​ដោយ​ប៉ុល ថា​ជា ‹ យ៉ាកុប ប្អូន​ប្រុស​របស់​ព្រះអម្ចាស់ › (កាឡាទី ១:១៩) បាន​បម្រើ​នៅក្នុង​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ ហើយ​មាន​ម្នាក់​ទៀត យូដាស ដែល​ហៅ​ខ្លួន​គាត់​ថា ‹ យូដាស … ជា​ប្អូន​យ៉ាកុប › (យូដាស ១) ដែល​បាន​សរសេរ​សំបុត្រ​នៃ​យូដាស » (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣] ១:៤៣៧ ) ។

យ៉ូហាន ៧:១៧ ។ « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ »

ស៊ិស្ទើរ បូនី អិល អូស្ការសុន ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បានបង្រៀន ៖

« ពេលខ្លះ​ពួក​យើង​ព្យាយាម​ធ្វើ​ផ្ទុយទៅ​វិញ ។ ឧទាហរណ៍ យើង​អាច​ធ្វើ​តាម​របៀប​នេះ ៖ ខ្ញុំ​នឹង​មានចិត្តរីករាយ​ដើម្បី​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ប៉ុន្តែ​ដំបូង​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ថា​ វា​ពិត​សិន ។ យើង​ប្រហែល​ជា​នឹង​អធិស្ឋាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​ប្រទានពរដល់​យើង​ឲ្យ​មាន​ទីបន្ទាល់​នោះ មុន​ពេល​យើង​បាន​សរសេរ​នៅ​លើ​ក្រដាស​ដង្វាយ ។ វា​ពុំ​កើត​ឡើង​តាម​វិធី​នោះ​ទេ ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​អនុវត្ត​សេចក្ដី​ជំនឿ ។ យើង​ត្រូវ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​យ៉ាងទៀតទាត់ និង​ដោយ​ស្មោះ​ឲ្យ​ខ្ជាប់​ខ្ជួន ដើម្បី​ទទួល​បាន​ទីបន្ទាល់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ គំរូ​ដូច​គ្នា​នេះ អនុវត្ត​គ្រប់​គោលការណ៍​នៃ​ដំណឹងល្អ មិន​ថា​ជា​ច្បាប់​ព្រហ្មចារីភាព គោលការណ៍​​នៃភាពរមទម្យ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ច្បាប់​តមអាហារ​នោះ​ទេ » (« Be Ye Converted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ ) ។

យ៉ូហាន ៧:៣៨–៣៩ ។ « ទឹក​រស់ »

« នៅ​ក្នុង យ៉ូហាន ៧:៣៩យើង​បាន​អាន​នូវ​មតិ​បន្ទាប់​បន្សំ​មួយ​មក​ពី​ យ៉ូហាន ដោយ​ពន្យល់​ថា ‹ ទឹក​រស់ › ដែល​ព្រះអង្គ​សង្គ្រោះ​បាន​លើក​ឡើង​នៅ​ក្នុង យ៉ូហាន ៧:៣៨ សំដៅ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បេសកកម្ម​ចម្បង​របស់​ទ្រង់​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​រិះគិត​របស់​ព្រះអង្គ​សង្គ្រោះ​អំពី ‹ ទឹក​រស់ › ​បាន​ក្លាយ​ជា​ប្រពៃណី​របស់​អ៊ីស្រាអែល​ដែល​ទឹក​តំណាង​ឲ្យ​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សំខាន់ ។ នៅ​ក្នុង​បរិយាកាស​ស្ងួត​ហែង​នៃ​តំបន់​ក្បែរ​ទិស​ខាង​កើត​កាល​ពី​បុរាណ ការ​មាន​ទឹក​ផឹក​គឺ​រឿង​ដ៏​សំខាន់​ដើម្បី​រស់រាន​មាន​ជិវិត ហើយ​ភាព​ខ្វះខាត​ទឹក​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ធន​ធាន​​ដ៏​មាន​តម្លៃ និង​ជា​និមិត្តរូប​មួយ​ដ៏​មាន​អនុភាព ។ ព្រះអម្ចាស់​បាន​សង្គ្រោះ​អ៊ីស្រាអែល​នៅ​ភ្នំ​ហូរែប កាល​ម៉ូសេ​បាន​នាំ​យក​ទឹក​ចេញ​ពី​ថ្ម​ដោយ​អព្ភូតហេតុ ( សូមមើល និក្ខមនំ ១៧, ជនគណនា ២០ ) ។ ព្យាការី​អេសាយ យេរេមា និង​អេសេគាល​ ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ប្រើ​ទឹក​ជា​និមិត្តរូប​មួយ​នៃ​ព្រះវិញ្ញាណ ការ​មើល​ថែ និង​អំណាច​ព្យាបាល​របស់​ព្រះអម្ចាស់ ( សូម​មើល អេសាយ ៤១:១៧–១៨, ៥៨:១១, យេរេមា ២:១៣, អេសេគាល ៤៧:១–១២ ) ។

« សេចក្តីសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ថា​ ជន​ណា​ដែល​ជឿ​លើ​ទ្រង់​នឹង​មាន ​‹ ទឹករស់ ›​ នៅ​ក្នុង​ខ្លួនពួកគេ​នា​ពេល​ខាង​មុខនឹង​​បាន​ឆ្លុះបញ្ចាំង​ពី​ធាតុពិត​ថា ‹ ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​ត្រូវបានប្រទានមកនៅឡើយទេ › ​( យ៉ូហាន ៧:៣៩ ) ។ ‹ ដោយ​ហេតុផល​មួយ​ចំនួន​ពុំត្រូវ​បាន​ពន្យល់​ពេញ​លេញ​នៅក្នុង​ព្រះគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​ដំណើរ​ការ​ពេញ​ទាំងស្រុង​នៅក្នុង​ចំណោម​ពួក​សាសន៍​យូដា​ឡើយ អំឡុង​ឆ្នាំ​នៃ​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ (យ៉ូហាន ៧:៣៩, ១៦:៧) ។ សេចក្តី​ថ្លែងការណ៍​ទៅ​នឹង​លទ្ធផល​ដែល​ថា ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​យាង​មក​រហូត​ទាល់តែ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ គឺ​គ្រាន់តែ​សំដៅ​លើ​សម័យ​កាន់កាប់​ត្រួត​ត្រា​នោះ​តែ​ប៉ុណ្ណោះ ដ្បិត​វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​ដំណើរការ​តាំងតែ​ពី​សម័យ​កាន់កាប់​ត្រួតត្រា​ពីមុនៗ​មក​ម្ល៉េះ ។ លើស​ពី​នេះ​ទៀត វា​គ្រាន់តែ​ថ្លែង​ថា អំណោយ​ទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​វត្តមាន​ឡើយ ប៉ុន្តែ ព្រះចេស្តា នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ដំណើរការ​អំឡុង​ពេល​នៃ​ការបម្រើ​របស់​ យ៉ូហាន បាទីស្ទ និង ព្រះយេស៊ូវ បើមិន​ដូច្នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ទទួល​ទីបន្ទាល់​នៃ​សេចក្តីពិត​ដែល​បុរស​ទាំង​នេះ​បាន​បង្រៀន​ឡើយ (ម៉ាថាយ. ១៦:១៦–១៧, សូមមើល​ផងដែរ កូរិនថូស​ទី ១. ១២:៣ ) › (Bible Dictionary  Holy Ghost › ) » (New Testament Student Manual [ Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ២២៤ ) ។