បណ្ណាល័យ
មេរៀនទី ៦៧ ៖ យ៉ូហាន ៨:១-៣០


មេរៀន​ទី ៦៧

យ៉ូហាន ៨:១-៣០

សេចក្ដីផ្ដើម

អំឡុង​ពេល​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទីក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​បារាំ ពួក​អាចារ្យ និង ពួក​ផារិស៊ី​មួយ​ចំនួន បាន​នាំ​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ ដែល​ត្រូវបាន​ចោទ​ថាបាន​​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​ពួកគេ​បាន​សួរ​ទ្រង់​ថា​ តើ​នាង​គួរតែ​ត្រូវ​ចោល​នឹង​ដុំ​ថ្ម​ដែរឬ​ទេ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ​ស្រឡាំងកាំង ហើយ​បាន​បង្ហាញ​ក្តី​មេត្តា​ដល់​ស្ត្រី​នោះ ។ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ថា ព្រះវរបិតា​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៨:១-១១

ស្ត្រី​ម្នាក់​​ប្រព្រឹត្ត​សហាយ​ស្មន់​ ត្រូវបានគេ​នាំ​មក​ចំពោះ​មុខ​ព្រះអង្គ​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​ដែល​ពួកគេ​ធ្លាប់​ជួប ឬ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ដែល​មានអាការៈ ឬ​ឥរិយាបថ​មិន​សមស្រប​នឹង​បទដ្ឋាន​របស់​ព្រះ​អម្ចាស់ ។

  • តើ​យើង​អាច​នឹង​ជួប​ឧបសគ្គ​អ្វីខ្លះ នៅ​ពេល​យើង​នៅ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ដែល​មានអាការៈ និង​ឥរិយាបថ​មិន​សមស្រប​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​នោះ ? ( សិស្ស​អាច​នឹង​ឆ្លើយ​ថា យើង​ប្រហែល​ជា​ត្រូវ​បាន​ល្បួង​ឲ្យ​វិនិច្ឆ័យ​បុគ្គល​បែប​នេះ​ថា​មិន​សុចរិត ឬ​ខ្វះ​ក្ដីមេត្តា​ចំពោះ​ពួកគេ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​យើង​គួរ​​ធ្វើ​អ្វីខ្លះ​នៅ​ក្នុង​ស្ថានភាព​នេះ កាល​យើង​នៅ​ជាមួយ​នឹង​មនុស្ស​ដទៃ​ដែល​មានអាការៈ និង​ឥរិយាបថ​មិន​សមស្រប​តាម​បទដ្ឋាន​របស់​ព្រះ​អម្ចាស់ ?

នៅ​ពេល​សិស្ស​សិក្សា យ៉ូហាន ៨:១–១១ សូម​លើក​ទឹក​ចិត្តសិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​នានា​ ដែល​អាច​ជួយ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​នេះ ។

សូម​ពន្យល់​ថា បន្ទាប់​ពី​បុណ្យ​បារាំ ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​គង់​នៅ​ក្រុង​យេរូសាឡិម​មួយ​រយៈ​ទៀត ហើយ​បាន​បង្រៀន​ប្រជាជន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល យ៉ូហាន ៨:១–២ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ៨:៣-៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ដល់​ប្រជាជន ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង នៅ​ពេល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ប្រជាជន​នោះ ?

  • តើ​​​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ទូល​សួរ​ដល់​ព្រះអង្គ​សង្គ្រោះ​នូវ​សំណួរ​អ្វីខ្លះ ?

  • យោង​តាម ខ​ទី ៦តើ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​មាន​ចេតនា​អ្វី ? ( ពួកគេ​ចង់​បង្ខូច​កិត្តិយស​របស់​ព្រះយេស៊ូវ​នៅ​ចំពោះ​មុខ​បណ្តា​ជន ហើយ​បង្កើត​លេស​មួយដើម្បី​ចោទ​ប្រកាន់​ទ្រង់ ដោយសារ​ពួកគេ​ចង់​បាន​មូលហេតុ​​មួយ​ដើម្បី​ចាប់​ព្រះកាយ​ទ្រង់ ហើយ​កាត់ទោស​ទ្រង់​ដល់​ជីវិត [ សូមមើល យ៉ូហាន ៧:១, ៣២ ] ) ។

សូម​ពន្យល់ថា ប្រសិន​បើ​ព្រះយេស៊ូវ​មាន​បន្ទូល​ឲ្យ​ចោល​ស្ត្រី​នោះ​នឹង​ដុំ​ថ្ម គឺ​ទ្រង់​កំពុង​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់ទោស​មួយ ​ដែល​មិន​និយម​ប្រើ​នៅ​ក្នុង​ចំណោម​ប្រជាជន​យូដា ហើយ​បំពាន​ច្បាប់​របស់​រ៉ូម​ទៀត ។ ប្រសិន​បើ​ព្រះយេស៊ូវមាន​បន្ទូល​កុំ​ឲ្យ​ចោល​ស្ត្រី​នោះ​នឹង​ដុំ​ថ្ម នោះ​ទ្រង់​នឹង​មិន​គោរព​ដល់​ក្រឹត្យវិន័យ​របស់​ម៉ូសេ ឬ​ប្រព្រឹត្ត​ចំពោះ​ទំនៀម​ទំលាប់​ពី​បុរាណ ​ដែល​ពួកគេ​ទទួល​ស្គាល់​ដោយ​ខ្វះ​ការគោរព ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៤៥០-៥១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៧-៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​មានព្រះ​​បន្ទូល​តប​ទៅវិញ​យ៉ាង​ដូចម្ដេច​ដែរ ។

  • យោងតាមខ​ទី ៧តើ​ព្រះយេស៊ូវ​មាន​បន្ទូលតប​ទៅវិញ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​បុរស​ទាំងនេះ​ដឹង​ពី​អ្វី កាល​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ? ( ខ​ទី ៧ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ៨:៩ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​ពិចារណា​ពី​ព្រះ​បន្ទូល​របស់ព្រះអង្គសង្គ្រោះ ។

  • តើ​អ្នកគិត​ថា​ឃ្លា « បញ្ញា​ចិត្ត​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន » ​មាន​ន័យ​យ៉ាង​ណា ?

  • ដោយជ្រើស​​​ដើរ​ចេញ​ទៅ តើពួក​បុរស​ទាំងនេះ​បាន​ទទួល​ស្គាល់​អ្វី​ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ មកពី​ដំណើរឿង​នេះ អំពី​របៀប​ចៀស​វាង​ពី​ការ​ថ្កោលទោស​មនុស្ស​ដទៃ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់​គោលការណ៍​ដូច​​ខាងក្រោម​នេះ ៖ ការ​ទទួល​ស្គាល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ​អាច​ជួយ​យើង​ឲ្យ​ចៀស​វាង​ពី​ការ​ថ្កោលទោស​​មនុស្ស​ដទៃ​ទៀត ។ ចូរ​សរសេរ​គោលការណ៍​នេះ​នៅក្រោម​សំណួរ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​គិត​ថា ការ​ទទួល​ស្គាល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ​អាច​ជួយ​យើង​ឲ្យ​ចៀស​វាង​ពី​ការ​ថ្កោលទោស​មនុស្ស​ដទៃ​ទៀត​បាន​ដោយ​របៀប​ណា ?

សូម​រំឭក​សិស្ស​ថា ស្ត្រី​ម្នាក់​នេះត្រូវ​​បានគេ​​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​សាហា​ស្មន់ ដែល​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​បំផុត ( សូមមើល អាលម៉ា ៣៩:៣–៥ ) ។

  • តើ​អ្នក​គិត​ថា​ស្ត្រី​នោះ​មាន​អារម្មណ៍​បែប​ណា នៅពេល​អំពើ​បាប​របស់​គាត់​ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​ព្រះយេស៊ូវ និង ហ្វូង​មនុស្ស​ដ៏​ធំ​ដូចនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ៨:១០-១១​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន​ឲ្យ​ឮៗ​ផង​ដែរ​នូវ​ឃ្លា​ខាង​ក្រោម​នៅ​ក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ខ​ទី ១១« ហើយ​ស្ត្រី​នោះ​បាន​សរសើរ​តម្កើង​ព្រះ​ចាប់​ពី​ពេល​នោះ​មក ហើយ​បាន​ជឿ​ដល់​ព្រះនាម​ទ្រង់ » ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តប​ទៅ​ស្ត្រី​នេះ​យ៉ាង​ដូចម្ដេច ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ដល់​ស្ត្រី​រូប​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ស្ដី្រនោះ​អ្វីខ្លះ ?

ដើម្បី​ជួយ​សិស្ស​យល់​ថា ព្រះអង្គសង្គ្រោះ​ពុំ​បាន​មានចិត្តអាណិត​ដល់​អំពើបាប​របស់​ស្ដ្រី​នេះ​ទេ សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល​ដូច​តទៅ​នេះ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការ​បង្គាប់​របស់​ទ្រង់​ដល់​នាង​គឺ ‹ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ › ។ ទ្រង់​កំពុង​តែ​ណែនាំ​ស្ត្រី​ដែល​មាន​អំពើ​បាប​នោះ​ឲ្យ​ទៅ​តាម​ផ្លូវ​របស់​នាង លះបង់​ចោល​ជីវិត​អាក្រក់​របស់​នាង ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទៀត ផ្លាស់ប្រែ​ជីវិត​នាង​ជា​ថ្មី ។ ទ្រង់​កំពុង​មាន​បន្ទូល​ថា នាងអើយ ចូរ​ទៅ​ចុះ ហើយ​ចាប់​ផ្ដើម​ការ​ប្រែ​ចិត្ត​របស់​នាង​ចុះ ហើយ​ទ្រង់​កំពុង​ចង្អុល​បង្ហាញ​នាង​ពី​ជំហាន​ចាប់ផ្ដើម—ដើម្បី លះបង់​អំពើ​រំលង​របស់​នាង » ( The Miracle of Forgiveness [ ឆ្នាំ​១៩៦៩ ] ទំព័រ ១៦៥ ) ។

  • តើ​យើង​រៀន​សេចក្ដីពិត​អ្វីខ្លះ​ អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ខ​ទី ១០-១១ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង​ ដោយ​ផ្តល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ប្រែចិត្ត ។ សូម​សរសេរសេចក្ដីពិត​​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​យល់​ដឹង​ពី​សេចក្ដី​ពិត​នេះ​អាច​ជួយ​យើង នៅ​ពេល​យើង​មាន​បាប​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដី​ពិត​ពីរ​ដែល​យើង​បាន​រកឃើញ ​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​តប​នឹង​ស្ថានភាព​នានា កាល​យើង​នៅ​ជាមួយ​នឹង​មនុស្ស​ដទៃ​ដែល​មានអាការៈ និង​ឥរិយាបថ​មិន​សមស្រប​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្ដេច ?

  • យោង​តាម​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ក្នុង ខ​ទី ១១តើ​សេចក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ប្រសិទ្ធភាព​អ្វីខ្លះ​ទៅ​លើ​ស្ដ្រី​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ ពី​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ ដោយសារ​ការ​ព្រម​ស្ម័គ្រ​របស់​ទ្រង់​​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ដល់​យើង ហើយ​ប្រទាន​ឱកាស​ឲ្យ​យើង​ប្រែ​ចិត្ត ។

យ៉ូហាន ៨:១២-៣០

ព្រះយេស៊ូវ​បង្រៀន​ថា ព្រះវរបិតា​ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​បិទ​ភ្នែក ហើយ​ព្យាយាម​គូរ​រូប​សាមញ្ញ​មួយ​អំពី​វត្ថុ​ជាក់លាក់​មួយ ។ បន្ទាប់​មក ចូរ​សុំ​សិស្ស​ឲ្យ​បើក​ភ្នែក​វិញ ហើយ​ប្រៀបធៀប​គំនូរ​របស់​ពួកគេ​ជាមួយ​នឹង​គំនូរ​របស់​សិស្ស​នៅ​ក្បែរ​ខ្លួន ។

  • តើ​រឿង​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ បើ​មាន​​ពន្លឺនោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់អានយ៉ូហាន ៨:១២ឲ្យ​ឮ​ៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បាន​ប្រកាស​អំពី​អង្គ​ទ្រង់​ផ្ទាល់ ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ហៅ​អង្គទ្រង់​ថា​ជា​អ្វី ? ( សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​ គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ) ។

សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវ​បាន​ធ្វើ​ការ​ប្រកាស​នេះ​នៅ​ឯ​បុណ្យ​បារាំ ។ នៅ​រៀង​រាល់​ល្ងាច​ នៃពិធីបុណ្យ​ជប់លៀង​ប្រាំបី​ថ្ងៃ​​នេះ មាន​ជើងចង្កៀង​ធំៗ ឬ​ជើង​ចង្កៀង​ត្រូវ​គេ​ដុត​បំភ្លឺ​នៅ​តាម​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ ដើម្បី​បំភ្លឺ​ដល់​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ដើម្បី​អបអរ​ដល់​ពិធីបុណ្យ​នេះ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ពន្លឺ​ដល់​ស្ត្រី​ ដែល​នាំ​មក​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​សាហាយ​ស្មន់ និង​ពួក​បុរស​ដែល​ចោទ​ប្រកាន់​នាង​យ៉ាង​ដូច​ម្ដេច ?

  • តើ​គោលការណ៍​​អ្វីខ្លះ​ ដែល​យើង​អាច​រៀន​ពីព្រះ​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខ​ទី ១២ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់​គោលការណ៍​ដូច​​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ចៀសវាងផុត​ពី​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ ហើយ​ពោរពេញ​ដោយ​ពន្លឺ​របស់​ទ្រង់ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ដែរ នៅពេល​ព្រះអង្គសង្គ្រោះ​ជួយ​អ្នក​ឲ្យ​ចៀសផុត​ពី​ការដើរ​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​នោះ ?

ការព្យាករ​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ បង្ហាញ​ថា​ព្រះមែស៊ី​នឹង​ក្លាយ​ជា​ពន្លឺ​ដល់​គ្រប់​សាសន៍​ទាំងអស់ ( សូមមើល អេសាយ ៤៩:៦, ៦០:១–៣) ។ ហេតុដូច្នោះ​ហើយ​ នៅក្នុង​ការប្រកាស​អំពី​អង្គទ្រង់​ថា​ជា​ពន្លឺ​នៃ​លោកិយ នោះ​ព្រះ​យេស៊ូវ​កំពុង​ប្រកាស​ថា​ ទ្រង់​គឺ​ជា​ព្រះមែស៊ី ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៨:១៣ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ពួក​ផារិស៊ី​បាន​ឆ្លើយ​តបទៅ​នឹង​ការ​ប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើពួក​ផារិស៊ី​បាន​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វីបាន​ជា​ពួកគេ​ពោលថា​កំណត់ត្រា ឬ​ទីបន្ទាល់​របស់​ព្រះយេស៊ូវ​មិន​ពិត ? ( ដោយ​សារ​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ពី​អង្គ​ឯង ) ។

សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​រំឭក​ដល់​ពួក​ផារិស៊ី​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ​តម្រូវ​ឲ្យ​មាន​ទីបន្ទាល់​យ៉ាង​ហោច​ណាស់​ពីរ​នាក់​ ដើម្បី​បង្កើត​សេចក្ដី​ពិត ( សូម​មើល យ៉ូហាន ៨:១៧, ចោទិយកថា ១៧:៦ ) ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៨:១៨ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​ថ្លែង​ទី​បន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា​ទុក ។

  • យោង​តាម ខ​ទី ១៨តើ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា​នរណា​ទៅ​ ដែល​ជា​សាក្សី​ទីពីរ​ចំពោះ​ភាព​ជា​ព្រះ​របស់​ទ្រង់ ? ( អ្នក​គួរ​គូស​បញ្ជាក់​ថា តាម​រយៈ​ព្រះបន្ទូល​នេះ​ព្រះយេស៊ូវ​បាន​បញ្ជាក់​ថាទ្រង់ និង​ព្រះវរបិតា​ត្រង់​គឺជា​តួអង្គ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៨:១៩ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​អ្វី ​ដែល​ពួក​ផារិស៊ី​ពុំ​បាន​យល់ដឹង​អំពី​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​របស់​ទ្រង់ ។

  • យោង​តាម ខ​ទី ១៩ហេតុអ្វី​បាន​ជា​ពួក​ផារិស៊ី​មិន​ស្គាល់​ព្រះវរបិតា ? ( ពួក​ផារិស៊ី​មិន​ស្គាល់​ព្រះវរបិតា ដោយសារ​ពួកគេ​មិន​ស្គាល់​ព្រះយេស៊ូវ ហើយ​មិន​បាន​ដឹង​ថា​ទ្រង់​គឺជា​នរណាពិតប្រាកដ ) ។

  • ផ្អែក​លើ​បន្ទូល​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រាប់​ទៅ​ពួក​ផារិស៊ី តើ​យើងអាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ព្រះវរបិតា​សួគ៌ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ដើម្បី​បញ្ជាក់​ថា នៅ​ពេល​យើង​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​បាន​ស្គាល់​ព្រះវរបិតា ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់អាន​ឲ្យ​ឮៗ​​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ ក្នុង​​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅគ្រប់អ្វីៗ​ទាំងអស់​ដែលព្រះយេស៊ូវ យាងមក​មានបន្ទូល និង​ធ្វើរួម​មាន និង​​ជាពិសេស នៅក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន និង​ការ​ពលិកម្ម​របស់ទ្រង់ នោះ​ទ្រង់​កំពុង​បង្ហាញ​ដល់​យើង​ថា តើ​ព្រះវរបិតាសួគ៌​ដ៏អស់កល្បជានិច្ច​របស់​យើង មានលក្ខណៈបែបណា និង​យ៉ាងដូចម្តេចហើយ​ថា​ តើ​ទ្រង់បាន​លះបង់​ គ្រប់យ៉ាងអ្វី​ខ្លះ​សម្រាប់កូនចៅ​របស់ទ្រង់​គ្រប់​វ័យ និង​គ្រប់ជាតិសាសន៍​នោះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាយាម​បើក​សម្ដែង​គ្រប់ព្រះ​បន្ទូល និង​ទង្វើ ហើយ​ធ្វើ​ឲ្យ​យើង​ដឹង​ដោយផ្ទាល់​អំពី​លក្ខណៈពិត​របស់ព្រះបិតា​របស់ទ្រង់ ថាគឺជា​ព្រះវរបិតា ដែល​នៅស្ថានសួគ៌​របស់​យើង ។ …

« ដូច្នេះ ការ​ឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ—គឺ​ជា​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះបិតា​ទ្រង់​គឺ ‹ ប្រកប​ដោយ​ក្ដីមេត្តា​ករុណា និង ព្រះគុណ កម្រ​នឹង​ព្រះពិរោធ អត់ធ្មត់ និង​ពោរ​ពេញ​ដោយ​សេចក្ដីល្អ › ។ នៅក្នុង​ជីវិត​របស់​ទ្រង់ និង​ជាពិសេស​នៅក្នុង​ការសុគត​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​កំពុង​ប្រកាស​ថា ‹ នេះ​គឺ​ជា​សេចក្តី​មេត្តា​ករុណា របស់​ព្រះ ដែល​យើង​កំពុង​បង្ហាញ​ដល់​អ្នក ព្រមទាំង​វា​ក៏​ជា​សេចក្តីមេត្តា​ករុណា​របស់​យើង​ផ្ទាល់​ផងដែរ › » (« The Grandeur of God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០, ៧២ ) ។

  • យោងតាម​អែលឌើរ ហូឡិន តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​របស់​យើង កាល​យើង​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សង្ខេប យ៉ូហាន ៨:២១-២៤​ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ពួក​ផារិស៊ី​ថា ប្រសិនបើ​ពួកគេ​ពុំ​ជឿ​ទ្រង់​ទេ នោះ​ពួកគេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ៨:២៥-៣០​ ​​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​សេចក្ដី​ពិត​បន្ថែម​ទៀត ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួក​ផារិស៊ី​អំពី​អង្គទ្រង់ និង​ព្រះវរបិតា​សួគ៌ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​សេចក្ដី​ពិត​បន្ថែម​ទៀតអ្វីខ្លះ ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​អង្គ​ទ្រង់ និង​ព្រះវរបិតា​សួគ៌ ?

  • តើ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ ជួយ​យើង​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​​ទំនាក់ទំនង​រវាង​ព្រះអង្គសង្គ្រោះ និង​ព្រះវរបិតា​សួគ៌​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ហើយ​សញ្ជឹង​គិត​ពី​ដំណើរ​រឿង​ដែល​ពួកគេ​បាន​សិក្សា​ពាក់ព័ន្ធ​នឹង​បន្ទូល និង​ទង្វើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ឆ្នាំ​នេះ ( ឧទាហរណ៍ រួមមានដំណើរ​រឿង​អំពី​ស្ត្រី​ ដែល​នាំ​មក​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​សាហាយ​ស្មន់ ) ។ អ្នក​គួរ​ដាក់​បង្ហាញ​រូបភាព​នៅ​ក្នុង Gospel Art Book ( [ ឆ្នាំ​​ ២០០៩ ] សូម​មើល​ផងដែរ LDS.org ) ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ការ​ងារ​បម្រើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​សង្ខេប​ដំណើរ​រឿង​មួយ​ ដែល​ពួកគេ​ម្នាក់ៗ​បាន​គិត​ឃើញ ហើយ​ពន្យល់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី ដែល​វា​បង្រៀន​អំពី​ព្រះវរបិតាយើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពីព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៨:៧។ « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ »

ប្រធាន​ឌៀថើរ អេស្វ អុជដូហ្វ​ ក្នុង​គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​ការ​ប្រឡង ​ផ្ទាល់ខ្លួន​ដូច​ខាង​ក្រោម​នេះ​ដើម្បី​ដឹង​ថា តើ​ជួនកាលយើង​មាន​ទោស​សម​នឹង​ចោល​ដុំ​ថ្ម​ដាក់​ដែរ​ឬទេ ៖

« បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមគិតពិចារណាអំពីសំណួរដូច​ខាង​ក្រោមថា ជាការប្រឡងផ្ទាល់ខ្លួន ៖

« តើអ្នកមានចងគំនុំ​នឹងនរណាម្នាក់ដែរឬទេ ?

« តើអ្នកមាននិយាយដើមគេទេ ទោះបីជាអ្វី​ដែលអ្នកនិយាយនោះ​អាចត្រូវក៏ដោយ ?

« តើអ្នកមានបដិសេធមិនរាប់អានគេ ឬ​ដាក់ទោសអ្នកដទៃ ដោយសារ​តែអ្វី ដែលពួកគេបានធ្វើដែរឬទេ ?

« តើអ្នកមានលួចច្រណែននឹងអ្នកដទៃដែរឬទេ ?

« តើអ្នកមានចង់ធ្វើទុក្ខទោសដល់នរណាម្នាក់ទេ ?

« ប្រសិនបើអ្នកបានឆ្លើយថា បាទ ឬ​ចាស៎ ចំពោះសំណួរទាំងនេះអ្នកប្រហែល​ជាចង់អនុវត្តការបង្រៀនពីរពាក្យ ដែលបាននិយាយពីខាងដើមថា ៖ បញ្ឈប់វា !

« នៅក្នុងពិភពនៃការចោទប្រកាន់ និងភាពមិនរាក់ទាក់វាងាយស្រួល​ដើម្បីរកមូលហេតុក្នុងការស្អប់គ្នា និងមិនគោរពដល់គ្នាទៅវិញទៅមកណាស់ ។ ប៉ុន្តែ​ពីមុន​យើង​ធ្វើ​ដូច្នេះ ចូរ​យើង​ចងចាំ​ពី​ព្រះ​បន្ទូល​របស់​អង្គ​ ដែល​ជា​លោក​ចៅ​ហ្វាយ និងជា​គំរូ​របស់​យើង ៖ ‹ អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ › ។

« បងប្អូន​ប្រុស​ស្រី ចូរ​យើង​ដាក់​ដុំ​ថ្ម​របស់​យើង​ចុះ » ( « The Merciful Obtain Mercy » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១២ ទំព័រ ៧៦ ) ។