បណ្ណាល័យ
មេរៀន​ទី ៧១ ៖ យ៉ូហាន ១១


មេរៀន​ទី ៧១

យ៉ូហាន ១១

សេចក្ដីផ្ដើម

ម៉ារា និង ម៉ាថា​បាន​ឲ្យ​គេ​ទៅ​ប្រាប់​ព្រះយេស៊ូវ​ថា ​ប្អូន​ប្រុស​របស់​ពួកគេ ឡាសារ ​បាន​ឈឺ ។ ព្រះយេស៊ូវ​បាន​ពន្យារ​ការយាងដំណើរ​របស់​ទ្រង់ ហើយ​បាន​យាង​មក​ដល់​​ក្រោយ​ឡាសារ​ស្លាប់​បាន​បួន​ថ្ងៃ ។ ដោយ​មាន​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណិត​អាសូរ ព្រះយេស៊ូវ​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ។ ការណ៏​នេះ​បង្ហាញ​ពី​អំណាច​ដ៏​ទេវភាព​អស្ចារ្យ ដែល​គូស​បញ្ជាក់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី​ដែល​​បាន​ជ្រើស ហើយ​មាន​ព្រះចេស្តា​លើ​សេចក្តី​ស្លាប់ ។ បន្ទាប់​ពី​បាន​ដឹង​ពី​អព្ភូតហេតុ​នេះ​ហើយ ពួកសង្ឃរាជ និង ពួក​ផារិស៊ី​រៀប​ផែនការ​សម្ងាត់​ដើម្បី​ធ្វើគត​​ព្រះយេស៊ូវ និង ឡាសារ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១១:១–៤៦

ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់

សូម​ឲ្យក្រដាស​មួយ​បំបែក​តូច​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​នោះនូវ​ការសាកល្បង​មួយ​ដែល​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ជួប ។ កាល​សិស្ស​សរសេរ សូម​ប្រាប់​ពួកគេ​ថា អ្វី​ដែល​ពួកគេ​សរសេរ​នឹង​ត្រូវ​ចែកចាយ​ដោយ​​​អនាមិក​​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​កុំ​ឲ្យ​ពួកគេ​សរសេរ​ឈ្មោះ​របស់​ពួកគេ​​នៅ​លើ​ក្រដាស​​នោះ ។ សូម​ប្រមូល​ក្រដាស ហើយ​អាន​ការ​សាក​ល្បង​មួយ​ចំនួន​ឲ្យ​ឮៗ ។ ( ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​ស្គាល់​ឈ្មោះ​សិស្ស​ជាមួយ​នឹង​ការសាកល្បង​ជាក់លាក់ ប្រសិន​បើ​អ្នក​មាន​សិស្ស​តែ​ពីរ​បីនាក់ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​ការ​សាកល្បង​បីបួន​ដែ​ល​ពួកគេ​ធ្លាប់​ឃើញ​អ្នក​ដទៃ​ជួបពិសោធន៍នោះ ) ។

  • តើ​វិធី​មួយ​ដែល​ជំនឿ​របស់​មនុស្ស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​រង​ឥទ្ធិពលមាន​អ្វីខ្លះ កាល​ពួកគេ​ជួបប្រទះ​នឹង​ការល្បងនានា ?

សូម​អញ្ជើញ​សិស្ស​រកមើល​សេចក្ដីពិត កាល​ពួកគេ​សិក្សា យ៉ូហាន ១១​ ដែល​អាច​ជួយ​យើង​បង្កើន​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ពេល​ពួកគេ​ជួបប្រទះនឹង​ការ​សាក​ល្បងនានា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១១:១-៣ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើល​ការ​សាកល្បង​មួយ​ដែល​មិត្ត​មួយ​ចំនួន​របស់​ព្រះយេស៊ូវ​បាន​ជួបប្រទះ ។

  • យោងតាមខទី ១តើការសាកល្បង​អ្វី​ដែល​ឡាសារ​បានជួប ? តើ​រឿង​នេះ​អាច​ជា​ការ​សាកល្បង​សម្រាប់ ម៉ារា និង​ម៉ាថា​ បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ម៉ារា និង​ម៉ាថា ​បាន​ធ្វើ​អ្វីខ្លះ​ដោយសារ​តែ​ជំងឺ​របស់​ឡាសារ ? តើ​ការ​ឆ្លើយតប​នេះ​ចង្អុល​បង្ហាញ​អ្វី​ពី​ពួកគេ ?

សូម​ចង្អុល​បង្ហាញ​ថា ​ព្រះយេស៊ូវ​បាន​គង់​នៅ​ភូមិ​បេថាបារ៉ា​នៅ​ស្រុក​ពេរៀ ( សូម​មើល យ៉ូហាន ១:២៨, ១០:៤០ ) ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រហែល​មួយ​ថ្ងៃ​ពី​ភូមិ​បេថានី ។ ហេតុដូច្នោះ​ហើយ យ៉ាង​ហោច​ណាស់ វា​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃដើម្បី​ឲ្យ​មនុស្ស​ម្នាក់​នាំ​សារ​ទៅ​ដល់​ព្រះយេស៊ូវ ហើយ​មួយ​ថ្ងៃ​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​បេថានី​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ១១:៤-៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលវិធី ​ដែល​​​ព្រះយេស៊ូវ​បាន​ឆ្លើយតប​បន្ទាប់​ពី​ឮ​ពី​ជំងឺ​របស់​ឡាសារ ។

  • ការដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​ម៉ាថា ម៉ារា និង​ឡាសារ តើ​ពួក​សិស្ស​ប្រហែលជាបាន​រំពឹង​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី កាល​ទ្រង់​ស្ដាប់​ឮ​ពី​ជំងឺរបស់​ឡាសារ​នោះ ? ( យាង​ទៅ​ភូមិ​បេថានីព្យាបាល​ឡាសារ​​ភ្លាម ​ឬ​ប្រហែល​ព្រះយេស៊ូវ​អាច​មាន​បន្ទូល ហើយ​ព្យាបាល​គាត់​ពី​ចម្ងាយ ដូច​ដែល​ព្រះយេស៊ូវ​​បាន​ធ្វើ​ដល់​កូន​ប្រុស​របស់​អ្នក​មាន​ត្រកូល​ខ្ពស់​ម្នាក់​នោះ [ សូមមើល យ៉ូហាន ៤:៤៦–៥៣ ] ) ។

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីជំនួស​វិញ ?

  • យោង​តាម ខ​ទី ៤តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដូចម្តេច​ នឹង​បាន​សម្រេច​តាមរយៈ​ជំងឺ​របស់​ឡាសារ​នោះ ?

សូម​រំឭក​សិស្ស​ថា ភូមិ​បេថានីមាន​ចម្ងាយ​តិច​ជាងបីគីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​នៅដែនដី​ស្រុកយូដា ( សូមមើល យ៉ូហាន ១១:១៨ ) ។ សូម​សង្ខេប យ៉ូហាន ១១:៨–១០ ដោយ​ពន្យល់​ថា ពួក​សិស្ស​មួយ​ចំនួន​បាន​ណែនាំ​ឲ្យ​ព្រះយេស៊ូវ​កុំ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​យូដាវិញ ដោយសារ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​នៅ​ភូមិភាគ​នោះចង់​ធ្វើ​គុតទ្រង់ ( សូមមើល យ៉ូហាន ១០:៣១–៣៩ និង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ដែល​អាន​ថា « បន្ទាប់​មក ថូម៉ាស ដែល​ហៅ​ថាឌីឌីម ​បាន​និយាយ​ទៅ​ពួក​សិស្ស​ផ្សេង​ទៀតថា ចូរ​យើង​ទៅ​ដើម្បី​យើង​អាច​ស្លាប់​ជាមួយ​នឹង​ទ្រង់ ពីព្រោះ​ពួកគេ​ខ្លាច​ក្រែង​ពួក​យូដា​ចាប់​ព្រះយេស៊ូវ ហើយ​ធ្វើ​គុតទ្រង់ ប៉ុន្តែ​ពួកគេ​ពុំ​ទាន់​យល់​ពី​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ឡើយ​ទេ   ] ) ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តបវិញ​ដោយ​បញ្ជាក់​ថា ទ្រង់​នឹង​ប្រើ​ពេល​វេលា​ដែល​ទ្រង់​នៅ​សល់ ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយគ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១១:១១-១៥​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បានមាន​បន្ទូល​អំពី​ស្ថានភាព​របស់​ឡាសារ ។

  • តើ​ពួកសិស្ស​ភាន់ច្រឡំ​ថា​ព្រះយេស៊ូវ​មាន​បន្ទូល​អ្វីអំពី​ស្ថានភាព​របស់​ឡាសារ ?

  • យោងតាម ខ​ទី ១៥ហេតុអ្វី​ព្រះយេស៊ូវ​ត្រេកអរ​ ដែល​ទ្រង់​ពុំ​បាន​គង់​នៅ​ទី​នោះ​ព្យាបាល​ជំងឺ​របស់​ឡាសារ ? ( សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំឃ្លា « ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ » នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ថា អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​បេថានី​​ គឺ​ជួយ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​បង្កើន​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ទ្រង់ ។

សូម​សង្ខេប យ៉ូហាន ១១:១៦ដោយ​ពន្យល់​ថា ​សាវក ថូម៉ាស បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​សិស្ស ​ដែល​ជា​សម្លាញ់​របស់​ខ្លួន​ឲ្យ​ចូលរួម​នឹង​លោក ដើម្បី​ទៅ​ជាមួយ​ព្រះយេស៊ូវ​ទៅ​ស្រុក​យូដា បើទោះបី​ជា​មាន​ន័យ​ថា​ត្រូវ​ស្លាប់​ជាមួយ​ទ្រង់​ក្តី ។

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១១:១៧ដោយ​ស្ងៀម​ស្ងាត់​រកមើល​​រយៈពេល​ដែល​ឡាសារ​បាន​ស្លាប់ ពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់​ភូមិ បេថានី ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​កត្តា​សំខាន់​នៃ​ការស្លាប់​របស់​ឡាសារ​អស់​រយៈពេល​បួន​ថ្ងៃ​នោះ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ភាព​ស្អុយ​រលួយ​នៃ​សព​កំពុង​ដំណើរការ ដោយសារ​សេចក្តី​ស្លាប់​មាន​រយៈពេល​យូរ​ដែល​ធ្វើ​ឲ្យវិវត្តទៅរក​ដំណើរការ​នេះ​ជា​ដាច់​ខាត ។ … ចំពោះ​ពួក​សាសន៍​យូដា​ពាក្យ​ថា​បួន​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ពួកគេ វា​គឺ​ជា​ជំនឿ​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​ពួកគេ​ថា នៅ​ថ្ងៃ​ទី​បួន​វិញ្ញាណ​បាន​ចាកចេញ និង ពុំ​ត្រឡប់​មក​សាច់ញាតិ​ជិតស្និទ្ធ​នៃ​សព​វិញ​ឡើយ » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៥៣៣ ) ។

  • ចំពោះ​ពួក​សាសន៍​យូដា តើអ្វីទៅ​ជា​កត្តា​ដ៏​សំខាន់​នៃ​មនុស្ស​ម្នាក់​ដែល​ស្លាប់​ទៅ​អស់​រយៈពេលបួន​ថ្ងៃ ?

  • ប្រសិនបើ​អ្នក​គឺ​ជា​ម៉ាថា ឬ ម៉ារា​វិញ តើ​អ្នក​កំពុង​គិត ឬ មាន​អារម្មណ៍​បែប​ណា នៅពេល​ព្រះយេស៊ូវ​ពុំ​បាន​មក រហូត​ដល់​ឡាសារ​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ដូច្នោះ ?

សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង យ៉ូហាន ១១:១៨-២៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើលថា តើ​ម៉ាថា​បាន​ទូលអ្វីខ្លះ​ទៅ​ព្រះយេស៊ូវ​អំពី​ការ​សាក​ល្បង​នេះ ។

ជំនួស​ការ​សុំ​ឲ្យ​សិស្ស​អាន អ្នក​អាច​បង្ហាញ​រូបភាព​ពីការសន្ទនា​រវាង​ព្រះអង្គសង្គ្រោះ និង​ម៉ាថា​​នៅ​ក្នុង​វីដេអូ « Lazarus Is Raised from the Dead » ដក​ស្រង់​ពី [ កូដ​ពេលវេលា ២:០២–៣:៣៥ ] ​ដល់​ពួកគេ ។ វីដេអូ​នេះ​មាននៅក្នុង LDS.org ។

  • តើ​ឃ្លា​ណា​មួយ​នៅ​ក្នុង ខ​ទី ២១–២៧ បង្ហាញ​ថា ម៉ាថា​បាន​ជ្រើស​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទនៅ​ក្នុង​ការ​សាកល្បង​នេះ ? ( ប្រសិន​បើ​អ្នក​បង្ហាញ​វីដេអូ អ្នក​គួរឲ្យ​ពេលសិស្ស​មួយ​នាទី​ដើម្បី​មើល​ខគម្ពីរ​ទាំង​នេះ​ឡើង​វិញ ) ។

  • តើ​ឃ្លា​ណា​មួយ​របស់​ម៉ាថា​ ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ? ហេតុអ្វី ?

  • តើ​យើងអាច​រៀន​អ្វី​ខ្លះ​ចេញ​ពី​គំរូ​របស់ម៉ាថា ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ក្នុង​ការ​សាក​ល្បង​ដែល​យើង​ជួប ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយដូច​តទៅ​នេះ ៖ យើង​អាច​ជ្រើសរើស​ដើម្បី អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេលនៃ​ការសាក​ល្បង​របស់​យើង ) ។

សូម​នាំ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​រក យ៉ូហាន ១១:២៥–២៦ ។ សូម​ពន្យល់​ថា ឃ្លា « មិន​ត្រូវ​ស្លាប់ឡើយ » (យ៉ូហាន ១១:២៦) សំដៅ​ទៅ​លើ​សេចក្ដី​ស្លាប់ទីពីរ ឬ​សេចក្ដីស្លាប់​ខា​ងវិញ្ញាណ ឬ​ការ​បែក​ចេញ​ពី​វត្តមាន និង​នគរ​ព្រះ ។

  • តើ​យើង​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​បន្ទូលរបស់​ព្រះអង្គ​សង្គ្រោះ​ទៅ​ម៉ាថា ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​មួយ ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ការរស់​ឡើង​វិញ និង​ជា​ជីវិត ។ ប្រសិនបើ​យើង​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច) ។

សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង យ៉ូហាន ១១:២៨-៣៦ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​​អ្វី​ដែល​ម៉ារា​បាន​ទូល​ទៅកាន់​ព្រះយេស៊ូវ និង​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់ថា​ ពាក្យ « ក្នាញ់ » នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​មាន​ន័យ​ថា ការ​សោកសង្រេង ឬ​ទុក្ខព្រួយ ។

  • តើ​ការថ្លែង​របស់​ម៉ារា​នៅក្នុង ខ ៣២ ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ?

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​យ៉ាង​ដូចម្ដេច កាល​ទ្រង់បាន​ទតឃើញការ​ទួញ​យំ​របស់​ម៉ារា និង​អ្នក​ដែល​នៅ​ជាមួយ​នឹង​នាង​នោះ ?

  • ហេតុអ្វី​អ្នក​គិត​ថា​ ព្រះយេស៊ូវ​ព្រះកន្សែង ?

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១១:៣៧ ដោយ​ស្ងៀម​ស្ងាត់​រក​មើល​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ងឿងឆ្ងល់ ​ទាក់ទង​នឹងអ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​ឡាសារ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង យ៉ូហាន ១១:៣៨-៤៦ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់រកមើលអ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​បន្ទាប់​ទៀត ។

  • នៅ​ក្នុង ខ​ទី ៤០តើ​ព្រះយេស៊ូវ​បាន​រំឭក​ម៉ាថា​អំពី​អ្វីខ្លះ ក្រោយ​ពី​នាង​បាន​ទូល​សួរ​ពី​ការ​យក​ថ្ម​ចេញ​ពី​ផ្នូរ​របស់​ឡាសារ ?

  • តើការសន្យានេះ​បាន​បំពេញ​យ៉ាង​ដូចម្ដេច ? ( អ្នក​គួរតែពន្យល់​ថា ឡាសារ​មិន​បាន​រស់ឡើងវិញ​ពី​ស្លាប់​ទេ ហើយ​ក៏​គ្មាន​ជីវិត​អមត​ដែរ វិញ្ញាណ​របស់​គាត់​ត្រូវ​បាន​នាំ​ត្រឡប់​មក​ចូល​ក្នុង​រូបកាយ​គាត់​វិញ ប៉ុន្តែ​រូបកាយ​គាត់​នៅ​តែ​ជា​រូបកាយ​រមែង​ស្លាប់ ) ។

សូមអញ្ជើញ​​សិស្ស​ម្នាក់អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ឲ្យឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​គោលបំណង​សំខាន់​មួយ​ ដែល​​ព្រះអង្គ​សង្គ្រោះ​សម្រេច​បាន តាមរយៈ​ការប្រោស​ឲ្យ​ឡាសារ​​ស្លាប់ហើយរស់​ឡើង​វិញ ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ទ្រង់​បាន​រៀបចំ​ស្ថានភាព​នេះ ប្រយោជន៍​ឲ្យ​គ្រប់​សម័យ​ទាំងអស់​បាន​ជឿ​លើ​ការបង្រៀន​ដ៏​អស្ចារ្យ​របស់​ទ្រង់ ៖ ថា​ទ្រង់​គឺ​ជា​ការរស់ឡើង​វិញ និង​ជាជីវិត ថា​អមតៈភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​កើត​ឡើង​តាមរយៈ​ទ្រង់ ហើយ​ថា​អស់​អ្នក​ដែល​ជឿ និង​ធ្វើ​តាម​ព្រះបន្ទូល​របស់​ទ្រង់​នឹង​ពុំ​ត្រូវ​ស្លាប់​ខាង​វិញ្ញាណ​ឡើយ » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៥៣១ ) ។

  • តើ​អព្ភូតហេតុ​នេះ​បាន​ចង្អុលប្រាប់ទុកជាមុន​ ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ?

  • តើ​អព្ភូតហេតុ​នេះ​បាន​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ប្រទាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្តេច តាមរយៈ​ការយល់ដឹង​ពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ផ្តល់​នូវ​ជីវិត​អមតៈភាព និងជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?

សូម​រំឭកសិស្ស​​ថា ម៉ាថា និង​ម៉ារា បាន​ចាប់ផ្តើម​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការឲ្យ​គេ​ទៅ​ប្រាប់​ទ្រង់​នៅពេល​ឡាសារ​ឈឺ ហើយ​បាន​បន្ត​ជឿ និង ទុកចិត្ត​លើ​ទ្រង់ង​សូម្បី​តែ​បន្ទាប់​ពី​ឡាសារ​ស្លាប់​ក៏​ដោយ ។ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​​ជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទនៅ​ក្នុង​​ការសាក​ល្បង​របស់​យើង នោះ …

  • តើ​អ្នក​នឹង​បំពេញ​គោលការណ៍នេះ​ ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​រៀន​​នៅក្នុង​យ៉ូហាន ១១យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន​ ដែល​មាន​ន័យ​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ជ្រើសរើស​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​នៃការសាកល្បង​របស់​យើង នោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ទ្រង់​នឹង​ត្រូវបាន​បញ្ជាក់ ព្រមទាំង​កាន់តែ​ស៊ី​ជម្រៅ ) ។

សូម​រំឭក​សិស្ស​ថា មនុស្ស​មួយ​ចំនួន​បាន​ងឿងឆ្ងល់​ថា ​ព្រះយេស៊ូវ​អាច​ការពារ​ឡាសារ​​កុំ​ឲ្យ​ស្លាប់​បាន ( សូម​មើល ខ​ទី ៣៧ ) ប៉ុន្តែ​ព្រះ​យេស៊ូវ​​បាន​រង់ចាំយាង​មកដល់ភូមិ​បេថេនី​ រហូត​ដល់​ឡាសារ​ស្លាប់​បាន​បួន​ថ្ងៃ ( សូម​​មើល ខ​ទី ១៧ ) ។

  • តើ​ការប្រោស​ឲ្យ​ឡាសារ​រស់​ឡើង​វិញ បន្ទាប់​ពី​គាត់​​ស្លាប់បាន​បួន​ថ្ងៃ​បាន​បញ្ជាក់ ហើយ​បាន​ពង្រឹង​​ដល់​សេចក្តីជំនឿ​រនៃពួក​សិស្ស​របស់​ព្រះយេស៊ូវ ព្រមទាំង​ម៉ាថា និង ម៉ារា​លើ​ព្រះអង្គ​សង្គ្រោះ​​របៀប​ណា ? ( នៅ​ក្នុងការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើងវិញ​ បន្ទាប់​ពី​ស្លាប់​បាន​បួន​ថ្ងៃ ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​មាន​ព្រះចេស្ដាលើ​សេចក្ដីស្លាប់ តាម​របៀប​មួយ​ដែល​ពួក​សាសន៍​យូដា​មិន​អាច​បដិសេធ ឬបកស្រាយ​ខុស​បាន ) ។

  • តើ​​អ្នក​បាន​ជ្រើសរើស​ដើម្បី អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​នៃការសាកល្បង ហើយ​ជា​លទ្ធផល​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​ត្រូវបាន​បញ្ជាក់ ឬ ពង្រឹង​នោះនៅ​ពេល​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់​ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​រឿង ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បីជួយ​ពួកគេ​ជ្រើស​អនុវត្ត​សេចក្ដីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ​នៅ​ក្នុង​ការ​សាកល្បង​ដែល​ពួកគេ​កំពុង​ជួប ឬ​អាចនឹង​ជួប ។​

យ៉ូហាន ១១:៤៧-៥៧

ពួកសង្ឃរាជ និង ពួក​ផារិស៊ី​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ១១:៤៧-៤៨​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើល​របៀប​ដែល​ពួកពួកសង្ឃរាជ និង ពួកផារិស៊ី​បាន​ឆ្លើយ​តប​ចំពោះ​ការរាយការណ៍​អំពី​ការប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេប យ៉ូហាន ១១:៤៩–៥៧ ដោយ​ពន្យល់​ថា កៃផា ជា​សង្ឃជាន់ខ្ពស់ បាន​និយាយ​គាំទ្រថា ព្រះយេស៊ូវគួរ​តែ​​ធ្វើគុត​ដើម្បី​ការពារពួករ៉ូម​កុំ​ឲ្យ​បំផ្លិចបំផ្លាញ​ដល់​ជាតិសាសន៍​របស់​ខ្លួន ។ គាត់ក៏​បាន​ព្យាករ​ដោយ​ពុំ​ដឹង​ខ្លួន​អំពី​លទ្ធផល ដែល​ការ​សុគត​របស់​ព្រះយេស៊ូវ​នឹង​កើត​មាន​ទៅ​លើ​កូនចៅ​នៃ​ព្រះ ។ ពួក​អ្នកដឹកនាំ​សាសន៍​យូដាបាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​គុតព្រះយេស៊ូវ ហើយ​បាន​បញ្ជា​ថា​ អស់​អ្នក​ណា​ដែល​ដឹង​ពី​កន្លែង​ដែល​ទ្រង់​យាង​ទៅ គួរតែ​ជូន​ដំណឹង​ដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចាប់​បញ្ចូន​ទ្រង់​ទៅ ។

សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​ អំពី​សេចក្ដី​ពិត​ដែលបាន​ពិភាក្សា​​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១១:១១ ។ « ឡាសារ​បាន​ដេក​លក់ »

ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ការ​ស្លាប់​របស់​ឡាសារ​គឺជា​ការ​ដេកលក់ ។ ការ​ដេក​លក់​គឺជា​និមិត្តសញ្ញា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​សេចក្ដីស្លាប់ ដោយសារ​មនុស្ស​លោក​ទាំងអស់​​ត្រូវ​ដេក ការ​ដេកលក់​គឺជា​ស្ថានភាព​បណ្ដោះ​អាសន្ន​មួយ​ដែល​ខុស​ពី​ពេល​យើង​ដឹង​ខ្លួន ហើយ​បន្ទាប់​ពី​ដេកលក់​រូបកាយ​ត្រូវបាន​ពង្រឹង​ជា​ថ្មី ។ ស្រដៀង​គ្នា​នេះ​ដែរ មនុស្ស​ទាំងអស់​ត្រូវ​តែ​ស្លាប់ សេចក្ដីស្លាប់​គឺជា​ស្ថានភាព​បណ្ដោះអាសន្ន​មួយ ​ដែល​បញ្ចប់​នៅ​ពេល​យើង​បាន​រស់​ឡើង​វិញ ហើយ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ រូបកាយ​យើង​ត្រូវបាន​បង្កើត​ជា​ថ្មី ។

វា​ទំនងដូចជាឡាសារ​បាន​ស្លាប់​ទៅ​ហើយ​ កាលគេ​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា ឡាសារកំពុង​ឈឺ​នោះ ។ វាប្រហែល​ជា​ការ​ធ្វើ​ដំណើរ​រយៈពេល​មួយ​ថ្ងៃ​ពី​ភូមិ​បេថេនី​ទៅ​កន្លែង ​ដែល​ព្រះ​យេស៊ូវ​​គង់​នៅ​ក្នុងស្រុកពេរៀ ( សូមមើល យ៉ូហាន ១០:៤០ ) ។ ដោយ​ជ្រើស​រង់ចាំ​រយៈពេល​ពីរថ្ងៃ​ពី​មុន​យាង​ចេញ​ទៅ ហើយ​ក្រោយ​មក​ត្រូវ​ចំណាយ​ពី​មួយថ្ងៃ​ទៀត​ធ្វើ​ដំណើរ នោះ​ព្រះយេស៊ូវ​បាន​យាង​មក​ដល់​ភូមិ​បេថេនី​ក្រោយ​ពី​ឡាសារ​ស្លាប់​បាន​បួនថ្ងៃ ។

យ៉ូហាន ១១:៤៣-៤៤ ។ គោលបំណង​ដ៏​សំខាន់​បាន​សម្រេច​នៅ​ក្នុង​ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ

« ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើងវិញ​ គឺជា​អព្ភូតហេតុដ៏​អស្ចារ្យ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ ពីមុន​អព្ភូតហេតុ​នេះ​បាន​កើត​ឡើង ព្រះអង្គសង្គ្រោះ​បាន​ប្រោស​មនុស្ស​ពីរ​នាក់​ឲ្យ​រស់​ឡើង​វិញ ៖ កូនស្រី​របស់យ៉ៃរ៉ុស ( សូមមើល លូកា ៨:៤១–៤២, ៤៩–៥៦ ) និង កូនប្រុស​នៃ​ស្ត្រីមេម៉ាយ​នៃ​ស្រុក​ណាអ៊ីន ( សូមមើល លូកា ៧:១១–១៧ ) ។ ប៉ុន្តែ ការ​ប្រោស​ឡាសារ​គឺខុស​គ្នា​ពី​អព្ភូតហេតុ​ទាំងនេះ ហើយ​មាន​គោលបំណង​ដ៏​សំខាន់ ដូចដែល​បាន​ពន្យល់​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ៖

« ‹ ជាមួយ​នឹង « មិត្ត​របស់​យើង​ ឡាសារ » វា​ខុស​គ្នា ។ … មូលហេតុ​ពីរ​ដែល​សំខាន់ ។ (១) កាល​ព្រះអម្ចាស់​ខិតជិត​ដំណាក់កាល​ចុងក្រោយ​នៃ​ការងារបម្រើក្នុងជីវិតរមែង​ស្លាប់​របស់​ទ្រង់ នោះ​ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ជាថ្មី​ម្ដងទៀត​ តាម​របៀប​ដែល​មិន​អាច​ឆ្លើយ​បដិសេធ​បាន អំពី​ភាព​ជា​ព្រះមែស៊ី​របស់​ទ្រង់ អំពី​ភាពជា​ព្រះរាជបុត្រា​នៃ​ព្រះ​របស់​ទ្រង់ អំពី​ធាតុពិត​ថា​ ទ្រង់​ពិត​ជា​ព្រះរាជបុត្រានៃ​ព្រះ និង​ (២) ទ្រង់​កំពុងបង្ហាញ ការបង្រៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ទ្រង់​ដូច​ដែល​បាន​ធ្លាប់​ធ្វើ ៖ ថា​ទ្រង់​គឺ​ជា​ការរស់ឡើង​វិញ និង ជាជីវិត ថា​អមតៈភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​កើត​ឡើង​តាមរយៈ​ទ្រង់ ហើយ​ថា​អស់​អ្នក​ដែល​ជឿ និង ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​នឹង​ពុំ​ត្រូវ​ស្លាប់​ខាង​វិញ្ញាណ​ឡើយ › (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៥៣០–៣១ ) » ​(New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ២៣៦ ) ។

ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញគឺជា​ភស្តុតាង​មួយ​ថា ព្រះយេស៊ូវ​ពិត​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ជា​ងារ​មួយ​ដែល​ពួក​សាសន៍​យូដាបាន​ហៅព្រះមែស៊ី ( សូមមើល ទំនុកដំកើង ២:៧, យ៉ូហាន ១១:៤១–៤២​ ) ។

យ៉ូហាន ១១:២៥ ។ « ខ្ញុំ​ជា​សេចក្តី​រស់​ឡើងវិញ ហើយ​ជា​ជីវិត » ។

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​មានបន្ទូល​​ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើងវិញ ហើយ​ជា​ជីវិត » ទ្រង់​បាន​ធ្វើ​ការ​ប្រកាស​មួយ​អំពីអត្តសញ្ញាណ​ជា​ព្រះ​ និង​ព្រះចេស្ដា​របស់ទ្រង់ ។ តាមរយៈបន្ទូល​នេះ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ការរស់ឡើងវិញ និង​ជីវិតដ៏នៅអស់​កល្ប​ជានិច្ច​​​តំណាង​ឲ្យ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​ការរស់ឡើងវិញ និង​ជីវិតដ៏នៅអស់កល្បជានិច្ច ហើយ​ជា​​មូល​ហេតុ​ដែលរឿង​ទាំងនេះ​អាច​កើតមាន​ដល់​កូនចៅរបស់​ព្រះវរបិតា​សួគ៌ ។ ដូចជា​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់ថា « កូនសោ​នៃ​ការ​រស់​ឡើងវិញ​គឺ​នៅ​ជាមួយ​នឹង​ព្រះអម្ចាស់ និង​លោកចៅហ្វាយរបស់​យើង » ( « Life after Life » Ensign ខែ ឧសភា ឆ្នាំ​ ១៩៨៧ ទំព័រ​ ១០ ) ។

ប្រធាន ​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់ពី​មូលហេតុ​ដែល​អំណាច​នៃ​ការ​រស់​ឡើង​វិញ​នៅ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ៖

« ទ្រង់​គឺជា ការរស់ឡើងវិញ និង​ជា ជីវិត ។ ( សូមមើល យ៉ូហាន ១១:២៥ ) ។

« ព្រះចេស្ដា​ដើម្បី​ស្រោចស្រង់​ព្រះជន្ម​ទ្រង់​ផ្ទាល់​នេះ​គឺ​អាច​កើត​ឡើងបាន ដោយសារ​​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ—ថែម​ទាំង​ជា​ព្រះរាជបុត្រានៃ​ព្រះ​ទៀត​ផង ។ ដោយសារ​ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដីស្លាប់ មនុស្សលោក​នឹង​បាន​រស់​ឡើង​វិញ ។ ‹ ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ › ( យ៉ូហាន ១៤:១៩​ ) » ។ ( « Jesus Christ: Our Savior and Redeemer » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៨៣ ទំព័រ ​៧ ) ។

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ជីវិត​តាមរយៈការ​ធ្វើ​ឲ្យ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​អាច​កើត​ឡើង ( សូមមើល យ៉ូហាន ៣:៣–៥ ) និង​តាម​រយៈការ​ឲ្យ​អំណាច​ដល់​មនុស្ស​ដទៃ​ដើម្បី​រស់​នៅ​តាម​របៀប​នៃ​ជីវិត​របស់​ទ្រង់ ដែល​ជា​របៀប​ទៅ​រក​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ( សូមមើល យ៉ូហាន ១៤:៦ ) ។ ជន​ដែល​កើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះត្រង់​បាន​ទទួល​ការ​អភ័យទោស​ពី​អំពើ​បាប​របស់​ខ្លួន ហើយ​ដួងចិត្តរបស់​ពួកគេ​នឹង​ធ្វើ​ឲ្យ​បរិសុទ្ធ​បន្តិចម្ដងៗ​​ចេញ​ពី​អំពើបាប ។ ប្រសិន​បើ​ពួកគេ​បន្ត​ស្មោះត្រង់​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ពួកគេ នោះពួកគេ​នឹង​ងើប​ឡើង​នៅ​ក្នុងការ « រស់ឡើងវិញ​ឲ្យ​បាន​ជីវិត » ( យ៉ូហាន ៥:២៩ ) មានន័យ​ថា ពួកគេ​នឹង​មាន​ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្វីៗទាំងអស់​នេះ​អាច​​កើត​មានឡើង តាមរយៈដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។