បណ្ណាល័យ
មេរៀន​ទី ៧៣ ៖ យ៉ូហាន ១៣


មេរៀនទី ៧៣

យ៉ូហាន ១៣

សេចក្ដីផ្ដើម

បន្ទាប់ពី​ការ​ទទួល​ទានអាហារ​បុណ្យរំលង ព្រះយេស៊ូវ​បាន​លាង​ជើង​ឲ្យ​ពួកសាវក​របស់ទ្រង់ ហើយ​បាន​ប្រាប់​ថា យូដាស គឺជា​អ្នកក្បត់​ទ្រង់ ។ ដោយ​ពុំ​គិត​អំពីភាព​វឹកវរ​នៃសប្ដាហ៍​ចុង​ក្រោយ​នៃការបម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ ​ព្រះយេស៊ូវ​បាន​ផ្ដោត​ការ​បង្រៀន​របស់ទ្រង់ទៅលើ​ ការគោរពប្រតិបត្តិ ការ​បម្រើ និង​សេចក្ដីស្រឡាញ់—ជា​ឥរិយាបទ​ដែលកំណត់​អំពី​ជីវិត​ទ្រង់ ហើយ​គួរ​តែ​កំណត់ជីវិត​របស់ពួកសិស្ស​របស់ទ្រង់​នៅគ្រប់​ជំនាន់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៣:១-១៧

ព្រះយេស៊ូវលាងជើង​ឲ្យ​ពួកសាវក​របស់ទ្រង់

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ថត​ចម្លង រូប ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
រង្វាស់​ទំហំ​នៃសុភមង្គល

សូមអាន​សំណួរ​ដូចខាង​ក្រោម​ឮៗ ហើយអញ្ជើញសិស្ស​ឲ្យ​ពិចារណា ​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ ( ពន្យល់​ថា ពួកគេ​ពុំចាំបាច់​ត្រូវ​ឆ្លើយ​ឮៗ​ទេ ) ៖

  • តើ​អ្នក​នឹង​ដាក់​ខ្លួន​របស់​អ្នក​ នៅ​កន្លែង​ណា​នៅ​លើ​រង្វាស់ទំហំ​នេះ ?

  • តើអ្នក​ចង់​រីករាយ​ជាង​ក្នុងពេល​ឥឡូវ​នេះ​ឬទេ ?

  • តើអ្នកអាច​គិត​អំពីនរណា​ម្នាក់ ​ដែលអ្នក​ចង់​ជួយឲ្យ​បាន​កាន់តែ​សប្បាយ​រីករាយ​ឬទេ ?

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ​នៅពេល​ពួកគេ​សិក្សា​យ៉ូហាន ១៣ដែល​នឹង​ជួយពួកគេ​ដឹង​នូវអ្វី ​ដែលពួកគេ​អាច​ធ្វើ​ ដើម្បី​​បាន​កាន់តែ​សប្បាយរីករាយ ។

ដើម្បីជួយសិស្ស​យល់​បរិបទ​នៃយ៉ូហាន ១៣សូមរំឭក​ពួកគេ​ថា ព្រះយេស៊ូវ​បាន​ប្រារព្ធ​​ពិធីលៀងអាហារ ​សម្រាប់​បុណ្យរំលង​ជាមួយ​នឹង​ពួក​សាវក​របស់ទ្រង់ ។ សូមសង្ខេបយ៉ូហាន ១៣:១-៣ដោយ​ពន្យល់​ថា នៅពេលព្រះ​យេស៊ូវ​ចែកចាយ​អាហារ​ពេលយប់​ចុង​ក្រោយនេះ​ ជាមួយនឹង​ពួកសាវក​របស់​ទ្រង់​ពីមុនការ​ឆ្កាង​របស់ទ្រង់ នោះទ្រង់បាន​ដឹង​ថា​ទ្រង់​នឹង​ត្រូវ​គេ​សម្លាប់ក្នុង​ពេល​ឆាប់ៗ ហើយ​ត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ទ្រង់វិញ ។

សូម​អញ្ជើញសិស្ស​ម្នាក់​​ឲ្យ​អានយ៉ូហាន ១៣:៤-៥ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរកមើលនូវអ្វី​ ដែលព្រះយេស៊ូវ​បានធ្វើ​បន្ទាប់ពី​ទ្រង់ និងពួកសាវក​របស់ទ្រង់​បញ្ចប់​ការ​ទទួលទាន​អាហារ​បុណ្យរំលង ។ ចូរ​ពន្យល់​ថា ឃ្លា « ដោះ​ព្រះពស្ត្រ​ពេញ » នៅក្នុងខ ៤ មាន​ន័យ​ថា ព្រះយេស៊ូវ​បាន​ដោះព្រះពស្ត្រក្រៅ​ចេញ ស្រដៀងគ្នា​នឹង​នរណា​ម្នាក់​ដោះ​អាវ​ធំ​ចេញ​ក្នុងជំនាន់​របស់​យើងផងដែរ ។

  • តើ​ការ​បម្រើ​អ្វីខ្លះ​ដែលព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​ពួកសិស្ស​របស់ទ្រង់ ?

ចូរ​ពន្យល់​ថា « នៅក្នុង​ជំនាន់ព្រះ​គម្ពីរ​សញ្ញា​ថ្មី មនុស្ស​ពាក់​ស្បែក​ជើងសម្រែក ដើរ​លើ​ថ្នល់​ដីភាគច្រើន ដែល​សត្វ​ធ្វើ​ឲ្យ​ក្រខ្វក់ ហើយ​មាន​តែ​ត្រូវ​លាង​ទឹក​ជា​ប្រចាំ​ប៉ុណ្ណោះ ។ ជើង​របស់ពួកគេ​ក្រខ្វក់ខ្លាំងណាស់ ហើយ​ការ​លាង​ជើង​របស់មនុស្ស​ម្នាក់​ផ្សេងទៀត​អាច​ជា​កិច្ចការ​ថោកទាប​មួយ ។ … ទំនៀម​ទម្លាប់​នៃ​ការទទួល​រាក់ទាក់​នេះ ជាធម្មតា​ត្រូវ​ធ្វើឡើង​ដោយ​ពួកបាវ​បម្រើ​ទាប​បំផុត » (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ២៤២) ។ អំឡុងអាហារយប់​ចុង​ក្រោយ​នេះ « ព្រះគ្រីស្ទបាន​ក្រោកឡើង​យ៉ាង​ស្ងៀម​ស្ងាត់ ប្រដាប់​ព្រះអង្គទ្រង់​ដូចជា​ទាសករ ឬ​បាវ​បម្រើ​ម្នាក់ ហើយ​លុតជង្គង់​ចុះ​លាង​ជើង​របស់​ពួក​សាវក​ » ( ជែហ្វ្រី អ័រ ហូឡិន« He Loved Them unto the End » ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ ) ។

រូបភាព
ព្រះយេស៊ូវលាងជើង​ឲ្យ​ពួកសាវក​របស់ទ្រង់

សូមបង្ហាញរូបភាពព្រះយេស៊ូវលាងជើង​ឲ្យ​ពួកសាវក​របស់ទ្រង់​(Gospel Art Book[ ឆ្នាំ ២០០៩ ] លេខ​៥៥​សូមមើល​ផងដែរLDS.org) ។

  • ប្រសិន​បើ​អ្នក​បាន​នៅទីនោះ ពេលព្រះយេស៊ូវ​លាង​ជើង​ពួកសាវក​របស់ទ្រង់ តើ​អ្នកអាច​នឹង​មានប្រតិកម្ម​យ៉ាងណា ប្រសិន​បើ​ព្រះយេស៊ូវ​ចាប់​ផ្ដើម​លាង​ជើង​របស់អ្នក ?

  • តើ​ទង្វើ​នៃ​ការ​លាង​ជើង​ឲ្យពួកសាវក​របស់ទ្រង់ ​បង្ហាញ​អំពី​ចរិកលក្ខណៈ​របស់ព្រះយេស៊ូវ​យ៉ាងណា ?

សូមអញ្ជើញសិស្ស​ឲ្យអាន​ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ យ៉ូហាន ១៣:៨ ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ថា​​ពេត្រុស​បាន​និយាយ​​អ្វី​ពេល​​​ព្រះអង្គ​សង្គ្រោះ ចាប់​ផ្ដើម​លាងជើង​របស់គាត់ ។

សូមអញ្ជើញសិស្ស​ឲ្យអាន​ការបកប្រែ​ដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ១៣:៩-១០ ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម ហើយ​រកមើល​ការ​ឆ្លើយ​តប​​របស់ពេត្រុស​​​ចំពោះ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​គាត់ ។

  • តើយើង​រៀន​អ្វីខ្លះ​អំ​ពីពេត្រុស​ចេញ​មកពី​ចម្លើយ​របស់គាត់​ ដែលបានកត់ត្រា​នៅក្នុង​ខទី ៩អំពីអ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់គាត់ ? ( ពេត្រុស​គោរព​ព្រះអម្ចាស់ ហើយ​ចង់​ធ្វើតាម​ទ្រង់​ទាំង​ស្រុង ) ។

ចូរ​ពន្យល់​ថា តាមរយៈ​ការ​លាង​ជើង​របស់​ពួកសាវក​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​ពុំ​គ្រាន់តែ​ធ្វើ​ការបម្រើ​ដ៏ល្អ​មួយ​ប៉ុណ្ណោះ​នោះទេ តែ​ទ្រង់​ក៏បាន​បំពេញ​តាម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ហើយបាន​បង្កើត​ពិធីបរិសុទ្ធ​​ដ៏ពិសិដ្ឋ​មួយ ( សូមមើល​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥-៧៣ ] ១:៧០៨-៩ ) ។ ពិធីបរិសុទ្ធនេះ ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​របស់​យើង តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ( សូមមើល​គ. និង ស. ៨៨:៧៤-៧៥, ១៣៧-៤១) ។

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអានយ៉ូហាន ១៣:១១ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរក​មើល​ថា​ហេតុអ្វី​ព្រះយេស៊ូវ​មានបន្ទូល​ទៅ​សាវកថា​ « អ្នក​​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ » ។

  • តើ​ព្រះអង្គសង្គ្រោះ​សំដៅ​ទៅលើ​នរណា នៅពេល​ទ្រង់មានបន្ទូល​ថា « អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ » ? ( យូដា អេស្ការីយ៉ុត ដែល​នឹង​ក្បត់ទ្រង់​ក្នុង​ពេលដ៏​ខ្លី​ខាង​មុខ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​ច្រើន​​​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ១៣:១២-១៧ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវ​អ្វី​ដែលព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសាវក​របស់ទ្រង់ បន្ទាប់ពី​ទ្រង់បាន​លាង​ជើង​របស់ពួកគេ ។

  • យោងតាមខទី ១៣-១៦តើព្រះអង្គសង្គ្រោះ​បាន​ធ្វើ​គំរូ ហើយ​អញ្ជើញ​ពួកសាវក​របស់ទ្រង់​ឲ្យ​ធ្វើតាម​អ្វីខ្លះ ? ( ទោះជា​ព្រះអង្គសង្គ្រោះ​គឺជា « លោកគ្រូ ហើយ​ជាព្រះអម្ចាស់ » [ ខទី ១៣] ហើយ​ជា​អង្គដែល​ធំបំផុត ទ្រង់​បាន​បម្រើអ្នកដទៃ ) ។

  • ផ្អែកទៅលើ​ការ​សន្យា​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់​ពួកសាវក​របស់ទ្រង់ ដែលបាន​កត់ត្រា​នៅក្នុងខទី ១៧តើពរជ័យអ្វីខ្លះ​ ដែល​យើង​នឹង​ទទួល​នៅពេល​យើងធ្វើតាមគំរូ​របស់ទ្រង់​តាមរយៈ​ការ​បម្រើអ្នកដទៃ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​​ស្រដៀងគ្នា​ដូច​តទៅនេះ ៖ នៅពេល​​យើង​ធ្វើតាមគំរូ​របស់ព្រអង្គសង្គ្រោះ​ ដោយការ​បម្រើ​អ្នកដទៃ នោះ​យើង​នឹង​កាន់តែ​សប្បាយរីករាយ )

  • ហេតុអ្វី​អ្នកគិត​ថា យើង​នឹង​កាន់តែ​សប្បាយរីករាយ ប្រសិន​បើ​យើង​បម្រើ​អ្នកដទៃ​ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ?

ចូរ​សុំ​ឲ្យសិស្សគិត​អំពី​គ្រា​មួយ ដែលពួកគេ​កាន់តែ​រីករាយ​ដោយសារ​តែ​ពួកគេ​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ តាមរយៈ​ការ​បម្រើ​អ្នកដទៃ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​នូវបទពិសោធន៍​នានា​​​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ចង់ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នកផង​ដែរ ។

ដើម្បី​ជួយ​សិស្ស​រៀន​វិធីមួយ​ដែល​ពួកគេ​អាច​អនុវត្ត​​​គោលការណ៍​​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​ដូច​ខាងក្រោម​​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ​ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ការអធិស្ឋានពេលព្រឹករៀងរាល់ថ្ងៃថ្មីរបស់អ្នក ទូលសុំព្រះវរបិតាសួគ៌​ឲ្យដឹក​នាំអ្នក ដើម្បីឲ្យស្គាល់ឱកាស​បម្រើដល់​កូនចៅដ៏មានតម្លៃណាម្នាក់របស់​ទ្រង់។ រួច​​ហើយសូមឲ្យ​ដួងចិត្តអ្នកពេញទៅដោយសេចក្តីជំនឿ និង សេចក្តីស្រឡាញ់​ពេញ​ក្នុងមួយថ្ងៃ ហើយ​ស្វែងរកជួយ​ដល់​នរណាម្នាក់ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូចនេះ ការញាណដឹង​ខាង​វិញ្ញាណរបស់អ្នក នឹង​ត្រូវ​បាន​ពង្រីក​ឡើង ហើយអ្នក​នឹង​រកឃើញ​ឱកាស​បម្រើ​ដែល​អ្នក​ពុំ​ដែល​ដឹងពីមុន​សោះឡើយ » (« Be Anxiously Engaged » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣១ ) ។

  • ស្របតាម​អែលឌើរ​ បាឡឺត តើ​យើងអាច​ស្វែងរក​ឱកាស​ដើម្បីបម្រើ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​ តាមរយៈ​ការ​បម្រើ​អ្នក​ដទៃ ។ សូម​ធ្វើការ​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន​អំឡុង​ពេលរៀនពីរបីថ្នាក់​ក្រោយៗ​ឲ្យរាយការណ៍​ពីបទពិសោធន៍​របស់ពួកគេ​ក្នុងកា​របម្រើ​អ្នកដទៃ ។

យ៉ូហាន ១៣:១៨-៣០

ព្រះយេស៊ូវ​បាន​ប្រាប់​ពីអ្នក​ក្បត់ទ្រង់

សូមសង្ខេបយ៉ូហាន ១៣:១៨-៣០ដោយពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​​បាន​បង្រៀន​ដល់ពួកសាវក​របស់ទ្រង់​ថា ពួកគេ​នឹង​បានរីករាយ ប្រសិនបើ​ពួកគេ​បម្រើ​អ្នកដទៃ នោះ​ទ្រង់បាន​មានបន្ទូលថា ម្នាក់​ក្នុង​ចំណោម​ពួកគេ​នឹង​ក្បត់​ទ្រង់ ។ នៅពេល​យ៉ូហាន​បាន​សួរ​ព្រះយេស៊ូវ​ថា​នរណា​នឹង​ក្បត់​ទ្រង់ នោះព្រះយេស៊ូវ​បាន​បញ្ជាក់ថា ម្នាក់​ក្នុង​ចំណោម​ពួកសាវក​របស់​ទ្រង់ ( យូដាស ) នឹង​ក្បត់​ទ្រង់ ។

យ៉ូហាន ១៣:៣១-៣៨

ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញទៅមក

ចូរ​សួរ​ដល់សិស្ស​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ធ្លាប់​ចោទ​ប្រកាន់ពួកគេ​ថា​ មិន​ប្រព្រឹត្ត​ដូច​ជា​គ្រីស្ទាន ឬ​សិស្សពិត​របស់ព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​ពួកគេ​ជា​​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឬទេ ។ ប្រសិន​បើ​មានសិស្សណា​ម្នាក់​លើកដៃ ចូរ​សួរ​ពួកគេថា​តើ​ពួកគេ​​ឆ្លើយតប​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា ​ពួកគេ​មិនមែនជា​គ្រីស្ទានដោយ​របៀប​ណា ។ ប្រសិនបើ​គ្មាននរណា​ម្នាក់​មាន​​បទពិសោធន៍​នេះ​ទេ ចូរ​​សួរ ៖

  • តើអ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ប្រសិន​បើ​នរណា​ម្នាក់​ប្រាប់អ្នកថា អ្នក​ពុំ​មែនជា​គ្រីស្ទាន​នោះ ?

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៣:៣៤-៣៥ ​ឲ្យឮ​ៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតា​ម​រកមើល​ថា​តើ​ព្រះអង្គសង្គ្រោះ​មានបន្ទូល​អ្វីខ្លះ​ ដែលនឹង​ជួយ​អ្នកដទៃ​ឲ្យដឹង​ថា ពួកសាវក​របស់ទ្រង់ គឺជា​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • យោងតាមខទី ៣៤តើបទបញ្ញត្តិ​អ្វីខ្លះ​ ដែលព្រះយេស៊ូវ​បាន​ប្រទាន​ដល់ពួកសាវក​របស់ទ្រង់ ?

  • យោងតាមខទី ៣៥តើ​អ្នកដទៃ​នឹង​ដឹង​ឬទេ ប្រសិន​បើ​ពួក​សាវក​ស្រឡាញ់គ្នាទៅវិញ​ទៅមក ​ដូចជា​ព្រះយេស៊ូវ​ស្រឡាញ់ពួកគេ​នោះ ?​

  • តើ​គោលការណ៍​​អ្វីខ្លះ​ដែល​យើង​អាច​រៀន​មក​ពី​ការបង្រៀន​​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ពួកសាវក​របស់ទ្រង់ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​​ស្រដៀងគ្នា​ដូច​តទៅនេះ ៖ នៅពេល​យើង​ស្រឡាញ់គ្នាទៅវិញទៅមក ដូច​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​យើង នោះអ្នកដទៃ​នឹង​ដឹង​ថា យើង​គឺជា​ពួកសិស្ស​របស់ទ្រង់ )

  • ស្របតាមអ្វីដែលអ្នក​បាន​សិក្សា​ក្នុង​ឆ្នាំ​នេះ​អំពីព្រះយេស៊ូវ​គ្រីស្ទ តើ​ទ្រង់បង្ហាញថា​ទ្រង់​ស្រឡាញ់ប្រជាជន​តាមរបៀបណា ?

ដើម្បី​ជួយ​សិស្ស​យល់​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលការណ៍ដែលពួកគេ​បាន​ប្រាប់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ដំណើរ​រឿង​​ខាង​ក្រោម ដែល​រៀបរាប់​ដោយអែលឌើរ ប៉ុល អ៊ី ខូអែល​ឡែកឃើរ នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ

« អ្នក​ផ្សព្វផ្សាយ​វ័យក្មេង​ពីរនាក់ បានគោះទ្វារ​មួយ ដោយ​សង្ឃឹមថា រកឃើញ​នរណា​ម្នាក់ ដែល​នឹង​ទទួល​យកសារ​របស់​ពួកគេ ។ ទ្វា​បើកឡើង ហើយ​បុរស​មាឌធំ​ម្នាក់​បានទទួល​ពួកគេ ដោយ​សំឡេង​ដែល​មិនសូវ​រួសរាយ​ប៉ុន្មាន​ ៖ ‹ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយថា ​កុំ​ឲ្យ​គោះ​ទ្វារ​ខ្ញុំ​ទៀត ។ ខ្ញុំ​បានព្រមាន​អ្នក​ពីមុន​ហើយ ថា​បើ​អ្នក​មកម្ដងទៀត វា​នឹង​មិន​មែន​ជា បទ​ពិសោធន៍​ដ៏​រីករាយ​នោះទេ ។ ឥឡូវ​ថយចេញទៅ › ។ គាត់បាន​បិទ​ទ្វា​រយ៉ាងលឿន ។

« ពេល​ដែល​ពួក​អែលឌើរ​បាន​ដើរ​ចេញ អ្នកផ្សព្វផ្សាយ​ដែលបម្រើ​យូរជាង ហើយ​មាន​បទពិសោធន៍​ជាង បានដាក់ដៃ​លើ​ស្មា អ្នក​ផ្សព្វផ្សាយ​ដែល​ថ្មី​ជាង​ដើម្បី​លួងលោម និង លើកទឹកចិត្ត​គាត់ ។ ពួកអ្នក​ផ្សព្វផ្សាយ​មិនបានដឹងទេ ថាបុរស​នោះ​បាន​មើល​ពួកគេ​តាម​មាត់​បង្អួច ដើម្បី​ប្រាកដ​ថា ពួកគេ​យល់​អំពី​សាររបស់គាត់ ។ គាត់ពិតជា​រំពឹង​ថា នឹង​ឃើញ​ពួកគេ​ចំអក​ដល់​ការឆ្លើយតប​ដ៏​គំរោះគំរើយ​របស់​គាត់ ពេល​ពួកគេ​ព្យាយាម​ជួប​ជាមួយគាត់ ។ ទោះជាយ៉ាងណា ពេល​គាត់​បានឃើញ​អ្នកផ្សព្វផ្សាយ​ទាំងពីររូប​ ដែល​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​គ្នា នោះ​ដួងចិត្ត​របស់​គាត់​ត្រូវបាន​បន្ទន់​មួយរំពេច ។ គាត់​បាន​បើក​ទ្វារ ហើយ​ហៅ​ពួក​អ្នកផ្សព្វផ្សាយ​ឲ្យ​ត្រឡប់​មកវិញ និង ចែកចាយ​សារលិខិត​របស់​ពួកគេ​ជាមួយគាត់ ។

« … គោលការណ៍​នៃ​ការ​ស្រឡាញ់គ្នា​ទៅវិញទៅមក​នេះ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​យើង​ឲ្យ​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទនៅក្នុង​របៀប​ដែល​យើង​គិត និយាយ និង​ប្រព្រឹត្តិ គឺជា​គ្រឹះ​នៃ​ការ​ក្លាយទៅជា​ពួកសិស្ស​របស់​ព្រះគ្រីស្ទ » (« He Truly Loves Us» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១៧ ) ។

  • តើអ្នកផ្សព្វផ្សាយសាសនាដែល​បាន​​​ពិពណ៌នា​នៅក្នុងដំណើរ​រឿង​នេះ​ បានធ្វើ​តាម​​ការ​ប្រឹក្សា​របស់ព្រះអង្គសង្គ្រោះ​ឲ្យ​ស្រឡាញ់គ្នាទៅវិញទៅមក​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យច្រៀង​បទ« ចូរ​អ្នកស្រឡាញ់គ្នា »​(​ទំនុក​តម្កើងលេខ ៣០៨ ) ហើយ​សុំ​ឲ្យ​ពួកគេ​គិត​អំពីនរណា​ម្នាក់​ ដែល​ពួកគេ​ស្គាល់​ដែល​ងាយ​ស្គាល់​ថា​ជា​សិស្ស​មួយរូប​របស់ព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​ក្ដីស្រឡាញ់របស់​ពួកគាត់​បង្ហាញចំពោះអ្នកដទៃ ។ បន្ទាប់ពីការ​ច្រៀង​ទំនុកតម្កើង សូមអញ្ជើញសិស្ស​ឲ្យចែកចាយ​ឈ្មោះ​ បុគ្គលទាំងឡាយ​ដែលពួកគេ​បានគិត ហើយពន្យល់​អំពី​របៀប​ជាក់លាក់​ដែលមនុស្ស​ទាំងនោះ​បានបង្ហាញ​ក្ដីស្រឡាញ់របស់ពួកគេ​ដល់អ្នកដទៃ ។ សូមពិចារណា​ធ្វើការ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់ ​អំពីនរណា​ម្នាក់​ដែលអ្នកបានគិត​ផងដែរ ។

សូម​លើក​ទឹកចិត្ត​ដល់​​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​​ព្រះគម្ពីរ​​របស់​ពួកគេ​អំពី​អ្វី​ ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រែក្លាយ​កាន់តែស្រឡាញ់អ្នកដទៃ​ដូចជា​​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​ពួកគេ ។

សូមសង្ខេបយ៉ូហាន ១៣:៣៦-៣៨ដោយពន្យល់​ថា បន្ទាប់​ពី​ពេត្រុស​បាន​ប្រកាស​ថា គាត់​នឹង​ដាក់ជីវិត​ដើម្បីព្រះយេស៊ូវគ្រីស្ទ នោះព្រះយេស៊ូវ​បាន​ប្រាប់​ពេត្រុស​ថា គាត់នឹង​បដិសេធ​ព្រះយេស៊ូវ​បីដង​ពីមុន​មាត់រងាវ ។

រូបភាព
scripture mastery icon
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សូម​ដឹកនាំ​សិស្ស​នៅក្នុងការ​ប្រកួតគ្នាបើករកបទគម្ពីរ ដោយ​ការ​ប្រើ​តម្រុយ​ដើម្បីជួយពួកគេហាត់​រក​វគ្គបទគម្ពីរ ​ក្នុងគម្ពីរ​របស់ពួកគេ​ឲ្យបាន​ឆាប់ ។ សម្រាប់​តម្រុយ អ្នក​អាច​ប្រើ​ពាក្យ​គន្លឹះ សេចក្ដី​ថ្លែងការណ៍​នៃ​បរិបទ គោលលទ្ធិ និង គោលការណ៍ និង គំនិត​អនុវត្ត​នានា ​មក​ពី​កាត​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​ក៏​អាច​បង្កើត​​តម្រុយ​នោះបាន​ដោយ​ខ្លួន​ឯង​ផងដែរ ។ សកម្មភាព​សួរដេញ​រក​ខគម្ពីរ​ដែល​សិស្ស​ដណ្តើម​គ្នា​រក​ទីតាំង​នៃ​វគ្គបទគម្ពីរ អាច​ជួយ​ពួកគេ​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ នៅក្នុង​ការរៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ នៅពេល​ប្រើ​សកម្មភាព​សួរដេញ​រក​ខគម្ពីរ សូម​ធ្វើ​វា​តាម​របៀប​មួយ​ដែល​ពុំ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ឈឺចាប់ ឬ ប៉ះទង្គិច​​​ព្រះវិញ្ញាណ​ឡើយ ។ សូម​ជួយ​សិស្ស​ឲ្យ​ចៀសវាង​ពី​ការប្រព្រឹត្ត​​ចំពោះ​ព្រះគម្ពីរ​របស់​ខ្លួន​ដោយគ្មាន​គាវរភាព ឬ ប្រកួតប្រជែង​ជ្រុលហួសហេតុ​ពេក ។ សូម​គិតអញ្ជើញ​​​សិស្ស​ប្រកួតប្រជែងនឹងបទដ្ឋាន​មួយ​ជាជាង​ប្រកួតប្រជែង​តតាំងនឹង​គ្នា ។ ឧទាហរណ៍ សិស្ស​អាច​ប្រកួត​ជាមួយ​គ្រូ​បង្រៀន ឬ ពួកគេ​អាច​​ប្រកួត​ដើម្បី​មើល​ថា ប្រសិន​បើភាគរយ​ជាក់លាក់​មួយ​​​នៃ​សិស្ស​​ក្នុងថ្នាក់​ អាច​រកឃើញ​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ​នៅ​ក្នុង​ពេល​កំណត់​មួយ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៣:១-១៧ ។ ព្រះអង្គសង្គ្រោះ​​លាងជើង​ពួក​សិស្ស​របស់ទ្រង់

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ថា ការ​ដែល​ព្រះ​អង្គសង្គ្រោះ​​បាន​លាងជើង​ពួក​សិស្ស​របស់ទ្រង់​ បង្ហាញពី​ការ​លះបង់​​ពុំ​ល្អៀង​របស់ទ្រង់​ចំពោះពួកសិស្ស​របស់ទ្រង់ ៖

« នៅ​កណ្ដាល​ [ ពិធីលៀង​អាហារ​ពេល​យប់​ចុង​ក្រោយ ] ព្រះយេស៊ូវ​បាន​ក្រោកឡើង​ដោយស្ងៀមស្ងាត់ ប្រដាប់​ព្រះអង្គទ្រង់​ដូចជា​ទាសករ ឬ​បាវ​បម្រើ​ម្នាក់ ហើយ​លុត​ជង្គង់​ចុះ​លាង​ជើង​របស់​ពួក​សាវក​ ។ ( សូមមើល យ៉ូហាន ១៣:៣-១៧) ។ នៅក្នុងរង្វង់ដ៏តូចនៃពួក​​អ្នក​ជឿ​​នេះ ​នៅក្នុង​នគរដែលទើបបាន​បង្កើតឡើងនេះ ហៀប​នឹង​ឆ្លងកាត់​នូវ​ការ​សាកល្បង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់ពួកគេ ដូច្នេះ​ទ្រង់​នឹង​​​ទុក​នូវការ​ឈឺចាប់​យ៉ាង​ច្រើន​របស់ទ្រង់​មួយឡែក ដើម្បីទ្រង់អាច​បម្រើ និងពង្រឹង​ដល់ពួកគេ​កាន់តែ​ច្រើន​ម្ដងទៀត ។ វា​មិនសំខាន់​ថា​គ្មាននរណា​ម្នាក់​លាង​ជើង​ឲ្យទ្រង់​នោះទេ ។ នៅក្នុងភាព​រាបសារ​ដ៏​អស្ចារ្យ​នេះ ទ្រង់​នឹង​បន្ដ​បង្រៀន ហើយ​សម្អាត​ឲ្យ​ពួកគេ ។ ទ្រង់​នឹង​ធ្វើជា​អ្នកបម្រើ​គាំទ្រ​របស់ពួកគេ​រហូត​ដល់​ម៉ោង​ចុង​ក្រោយ—និង​លើស​—ពីនោះ​ទៅទៀត » (« He Loved Them unto the End »​​Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ២៥ ) ។

យ៉ូហាន ១៣:៤-១២ ។ ការ​លាង​ជើង​គឺជា​ពិធីបរិសុទ្ធមួយ​នៃ​ដំណឹងល្អ

ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ផ្ដល់នូវ​ការ​យល់ដឹង​បន្ថែម​មួយ​ចំពោះ​ការ​លាងជើង​របស់ពួកសិស្ស​ ៖ ‹ ឥឡូវ​នេះគឺជា​ទំនៀមទម្លាប់​របស់ពួកយូដា នៅក្រោម​ច្បាប់​របស់​ពួកគេ ហេតុដូច្នោះ​ហើយ ព្រះយេស៊ូវ​បានធ្វើ​ដូចនេះ ដើម្បី​ឲ្យ​ច្បាប់​អាច​ត្រូវ​បាន​បំពេញ ›​(ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១៣:១០ [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា ៖

« សារៈសំខាន់ពេញលេញ​នៃ​ការណ៍​នេះ គឺអាចជាស្រពិចស្រពិលចំពោះ​​អ្នក​អាន​ដែលមិនសូវយកចិត្តទុកដាក់ រីឯការលាងជើងក៏ដូច្នោះដែរ គឺជា​ពិធីបរិសុទ្ធដ៏ពិសិដ្ឋ​មួយ ដែល​បាន​​រក្សាទុក​ដើម្បីធ្វើនៅក្នុង​កន្លែ​ងបរិសុទ្ធដ៏ពិសិដ្ឋ​ សម្រាប់អ្នកទាំងឡាយ​ដែល​ធ្វើ​ឲ្យខ្លួនពួកគេ​បាន​បរិសុទ្ធ ។ ទោះជា​យ៉ាងណា ​វាជាភស្ដុតាងថា ពួកសាសន៍​យូដា មានពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋត្រូវ​បាន​ធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ​របស់ពួកគេ​ផងដែរ ជាចំណេះ​ដឹង​មួយ​ដែល​មិន​ត្រូវ​បាន​គេ​រក្សាទុក ទាំង​មិនអាច​រក្សាទុកបាន​ផង នៅក្នុងអក្សរសាស្ត្រ​ណាមួយ​ដែល​បន្សល់​ទុក​រហូតមកដល់យើង​នោះ » (​The Mortal Messiah វ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ៤:៣៨–៣៩ ) ។

កំណត់ចំណាំ​ប្រុងប្រយ័ត្ន ៖ អ្នក​មិនចាំបាច់​ត្រូវ​ពិភាក្សា​ដោយលម្អិត​ហួស​ពី​សេចក្ដីថ្លែងការ​របស់អែលឌើរ ម៉ាក់ខន់ឃី ស្ដីអំពី​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​ការ​លាង​ជើង ដែលត្រូវបានធ្វើឡើង​នៅក្នុងព្រះវិហារបរិសុទ្ធ​ទាំងឡាយ « សម្រាប់អ្នកទាំងឡាយ​ដែល​ធ្វើ​ឲ្យខ្លួនពួកគេ​បាន​សក្តិសម » នោះទេ ។ សូមចងចាំថា ការ​ប្រាប់ឲ្យប្រុងប្រយ័ត្ន​នេះ​ចេញមកពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

« មានម្ដងនោះ មនុស្ស​ម្នាក់បាន​សួរ​សំណួរ ឬ​ព្យាយាម​និយាយអំពី​ពិធីបរិសុទ្ធ​ដែល​ហួស​ពីចំណេះ​ដឹង​របស់គាត់ ហើយ​លើសពីការ​ទទួលខុសត្រូវ​របស់គាត់ ។ គ្រូបង្រៀន​មិនជួយ​អ្វីដល់សិស្ស​របស់ខ្លួនទេ នៅពេល​គាត់ធ្វើ​ឲ្យ​មាន​ចង្ងល់ ឬ​លើក​ទឹកចិត្ត​​ឲ្យមានការពិភាក្សា​ អំពី​រឿង​ទាំងនោះ​ដែល​ពុំ​មែនជា​ផ្នែក​មួយនៃជីវិត ឬ​បទពិសោធន៍​របស់ពួកគេ​នោះ—មានពរជ័យជាក់លាក់​ដែល​ប្រាប់ក្នុងបទគម្ពីរ ឱកាស​ជាក់លាក់​ត្រូវ​បាន​កំណត់ ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​តែ​តាមរយៈ​អ្នកទាំងឡាយ​ ដែល​មានសិទ្ធិអំណាច​ពិសេស​ និង​នៅក្រោម​ស្ថានភាព​​ពិសេស​ប៉ុណ្ណោះ ។ … វា​នឹង​ជាការ​ឈ្លាសវៃ​យ៉ាង​ពិតប្រាកដ​​សម្រាប់គ្រូបង្រៀន​របស់យើង បើ​គាត់​​មិនពិភាក្សា​អំពី​ប្រធាន​បទទាំងនេះ​ ហើយ​កុំបារម្ភអំពីវា ឬ​ឲ្យសិស្ស​បារម្ភ​អំពីវានោះ » (« The Ordinances of the Gospel » [ address to seminary and institute of religion faculty ថ្ងៃទី ១៨ ខែ​ មិថុនា ឆ្នាំ ១៩៦២ ] ទំព័រ ២–៣ ) ។

យ៉ូហាន ១៣:១៧ ។ « ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ »

ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែង​ថា សុភមង្គល​កើតមក​ពីការ​បម្រើ​ដល់អ្នកដទៃ ៖

« ដើម្បីស្វែងរក​ឃើញ​សុភមង្គល​ពិត យើងត្រូវ​តែ​ស្វែងរក​វា ដោយផ្ដោតនូវការស្វែងរកនោះ​​ក្រៅ​ខ្លួនយើង ។ គ្មាននរណាម្នាក់អាច​រៀនចេះ​ពីអត្ថន័យ​នៃ​ការរស់នៅទេ ទាល់តែ​គាត់​លះបង់​ភាពអត្មាអញ​ចេញ​ ​ដើម្បីបម្រើ​ដល់បងប្អូនរបស់គាត់ ។ ការ​បម្រើ​ដល់អ្នកដទៃគឺកាតព្វកិច្ច​ស្រដៀងគ្នាមួយ—​ជាការ​បំពេញ​ដែល​នាំ​មក​នូវ​​សេចក្ដីអំណរ​ពិត » (« Guideposts for Life’s Journey » [ Brigham Young University devotional ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ] ទំព័រ ៤ speeches.byu.edu) ។

យ៉ូហាន ១៣:២៣ ។ « គាត់​អង្គុយ​នៅ​តុ​ផ្អែក​លើ​ព្រះឧរា​ទ្រង់ »

« នៅក្នុងជំនាន់​ព្រះគម្ពីរសញ្ញា​ថ្មី អ្នកទាំងឡាយ​ដែល​ទទួលទានអាហារ​ជាផ្លូវការ ជាញឹកញាប់​​ទម្រេត​ខ្លួន​នៅលើ​កៅអីទាប​ដែលដាក់នៅជុំវិញតុ ទម្រេត​លើ​ដៃ​ឆ្វេង​របស់ពួកគេ​ដោយ​ដាក់ក្បាល​បែរទៅរកតុ ហើយ​ជើង​របស់ពួកគេ​បែចេញពី​តុ ។ ហេតុដូច្នោះ​ហើយ ភ្ញៀវ​ដែលអង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​របស់ម្ចាស់ផ្ទះ នឹង​ទម្រេត​ខ្លួន​ទៅ​រក​ម្ចាស់ផ្ទះ ។ នេះ​បង្ហាញ​នៅ​ត្រង់កន្លែង​សាវក​យ៉ូហាន បានអង្គុយ ‹ ទម្រេត​ខ្លួនទៅ​ព្រះឧរា​ព្រះយេស៊ូវ › ឬ​ទម្រេត​ខ្លួនទៅរកព្រះយេស៊ូវ អំឡុង​ពេល​ទទួលទានអាហារ ( ប្រៀបធៀបលូកា ១៦:២២) ។ ឥរិយាបទ​នេះ​​នឹង​អនុញ្ញាត​ឲ្យ​យ៉ូហាន ជាសិស្ស ‹ ដែលព្រះយេស៊ូវ​ស្រឡាញ់ › មាន​ការ​សន្ទនា​ឯកជន​ជាមួយព្រះអង្គសង្គ្រោះ ដែល​នឹង​ពុំ​មាននរណា​ម្នាក់​ស្ដាប់​ឮ​នៅ​ពេល​ទទួលទានអាហារ ដូចជា​រឿងមួយអំពី​ការ​ក្បត់​របស់យូដាស ( សូមមើល​ យ៉ូហាន ១៣:២៣-២៨) » (New Testament Student Manual [Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៤២) ។

យ៉ូហាន ១៣:៣៤-៣៥ ។ « ចូរ​ស្រឡាញ់គ្នាទៅវិញទៅមក »

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាននិយាយ​អំពី​សារៈសំខាន់​នៃ​ក្ដីស្រឡាញ់ និងភាពជាសិស្ស ៖

« សេចក្ដីស្រឡាញ់​គឺជា​ការ​ចាប់​ផ្ដើម ចំនុចកណ្ដាល​ និង​ជាចុង​បញ្ចប់​នៃ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ។ … នៅ​ចុង​បញ្ចប់ សេចក្ដី​ស្រឡាញ់​នាំ​យើង​ទៅរក​សិរីល្អ និង​ សេចក្ដីថ្កុំថ្កើង​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច ។ …

« នៅពេលព្រះយេស៊ូវ​បាន​ប្រទាន​ដល់ពួកសិស្ស​របស់ទ្រង់​នូវ​បទបញ្ញត្តិ​ថ្មីមួយ​ ឲ្យ ‹ ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​​អ្នក​រាល់គ្នា › [យ៉ូហាន ១៣:៣៤] នោះទ្រង់ប្រទាន​ដល់ពួកគេ​នូវកូនសោ​ដ៏ធំ​ទៅកាន់​សុភមង្គល​នៅក្នុងជីវិតនេះ និង​សិរីល្អ​នៅជីវិត​ក្រោយ ។

« សេចក្ដីស្រឡាញ់​គឺជា​បទបញ្ញត្តិ​ដ៏ធំបំផុត​លើស​អស់​ទាំង​បទបញ្ញត្តិ—បទបញ្ញត្តិ​ផ្សេងៗ​ទាំងអស់​ភ្ជាប់​​ទៅលើ​វា ។ វា​គឺជា​ការ​ផ្ដោត​យកចិត្តទុកដាក់របស់​យើង​ក្នុងនាមជា​ អ្នកដើរ​តាម​ព្រះគ្រីស្ទ​ដ៏​មានព្រះជន្ម​រស់ » (« The Great Commandment »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២៨-២៩, ៣០-៣១ ) ។

បន្ទាប់ពីការ​ដកស្រង់យ៉ូហាន ១៣:៣៤-៣៥អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ ៖

« សេចក្ដី​ស្រឡាញ់ដែលព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​ គឺជា​សេចក្ដីស្រឡាញ់ដ៏​សកម្ម ។ វា​ពុំ​មែន​ត្រូវ​សម្ដែង​ឲ្យឃើញ​តាមរយៈ​ទង្វើធំៗ និង​ទង្វើ​ធំសម្បើម​នោះ​ទេ ប៉ុន្ដែ​តាមរយៈ​ទង្វើ​សាមញ្ញៗ​នៃ​សណ្ដានចិត្តល្អ និងការ​បម្រើគ្នា​ទៅវិញ » (​«Finding Joy through Loving Service » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១១​ ទំព័រ ៤៧ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បានថ្លែង ៖

« សេចក្ដីស្រឡាញ់​កំណត់​អំពី​អត្តចរិក​របស់សិស្ស​ម្នាក់​នៃ​ព្រះគ្រីស្ទ » (« The Love of God »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២២ ) ។