បណ្ណាល័យ
មេរៀន​ទី ៧៨ ៖ យ៉ូហាន ១៨-១៩


មេរៀន​ទី ៧៨

យ៉ូហាន ១៨-១៩

សេចក្តីផ្ដើម

បន្ទាប់​ពី​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​ចាប់​ព្រះកាយ និង ចោទសួរ​ព្រះយេស៊ូវ​ហើយ នោះ​ពួកគេ​បាន​នាំ​ទ្រង់​ទៅចំពោះមុខលោកពីឡាត់​ដើម្បី​ជំនុំជម្រះ និង កាត់ទោស ។ លោកពីឡាត់​ព្រម​ឆ្កាង​ព្រះយេស៊ូវ​ បើ​ទោះបី​ជា​គាត់​បាន​ដឹង​ថា ​ព្រះយេស៊ូវ​គ្មាន​ទោស​ក្តី ។ កាល​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គសង្គ្រោះ​បាន​ផ្ដាំ​សាវក​យ៉ូហានឲ្យ​មើល​ថែ​មាតា​ទ្រង់ ។ បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង ព្រះកាយ​របស់​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ទៅ​ក្នុង​ផ្នូរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៨:១-៣២

ព្រះយេស៊ូវ​ត្រូវបាន​ចាប់​ព្រះកាយ ហើយ​ចោទសួរ​ដោយ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ដែល​ក្រោយ​មក​បាន​នាំ​ទ្រង់​ទៅ​ជួប​លោក​ពីឡាត់ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​នៅពេល​ណា​ដែល​ជា​គ្រា​ដ៏​លំបាក​បំផុត ​ដើម្បី​មើលថែ​សុខុមាលភាព​នៃ​មនុស្ស​​ដទៃ​នោះ ?

សូម​អញ្ជើញសិស្ស​ពី​បីនាក់​ឲ្យ​ពន្យល់​អំពី​របៀប ​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ និង​លោក​អភិបាល​រ៉ូម​ឈ្មោះ ​ពីឡាត់ ​បាន​ជ្រើស​ដាក់​អាទិភាព ឬ​ឲ្យ​តម្លៃ​រឿង​ខុស​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​នៅ​ក្នុង យ៉ូហាន ១៨–១៩ ។ សូម​សរសេរ​ឃ្លា កង្វល់​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង កង្វល់​​របស់​ពីឡាត់ នៅ​ជ្រុង​ម្ខាង​ពី​គ្នា​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ១៨–១៩ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា តើ​កង្វល់​អ្វីខ្លះ​ដែល​គួរ​មាន​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​សង្ខេប យ៉ូហាន ១៨:១–៣ ដោយ​ពន្យល់​ថា​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី នោះ​យូដាស-អ៊ីស្ការីយ៉ុត​បាន​មក​ដល់ រួម​នឹង​ពួក​មន្ត្រី​ដែល​បាន​ចាត់​មកដោយ​ពួក​សង្ឃរាជ និង​ពួក​ផារិស៊ី​ដើម្បី​មក​ចាប់​ព្រះយេស៊ូវ ។

  • ប្រសិនបើ​អ្នក​ដឹង​ថា កង​ទាហាន​មួយ​ក្រុម​កំពុង​មក​ចាប់​ខ្លួន​អ្នក ហើយ​សម្លាប់​អ្នក តើ​អ្នក​នឹង​មាន​ប្រតិកម្ម​បែប​ណា ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ឲ្យ​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ូហាន ១៨:៤-១១​និង​លូកា ២២:៥០–៥១ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​នៅ​ពេល​ក្រុម​នេះ​បាន​មក​ដល់ ។

  • តើ​ព្រះយេស៊ូវ​បាន​បន្ទូល​អ្វីខ្លះ​ ទៅ​ជន​ដែល​បានមក​ចាប់​ព្រះកាយ​ទ្រង់ ? ( អ្នក​គួរ​ពន្យល់​ថា ពាក្យ អ្នក​ទាំងនេះ នៅក្នុង យ៉ូហាន ១៨:៨ និង ពួកអ្នក នៅក្នុង យ៉ូហាន ១៨:៩ សំដៅ​លើ​ពួក​សាវក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ ) ។

  • យោង​តាម​ខគម្ពីរ​ទាំង​នេះ តើ​ព្រះយេស៊ូវ​មាន​កង្វល់​អំពី​អ្វី ? ( នៅ​ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ឃ្លាង​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន​នៅ​ក្រោម​ឃ្លា « កង្វល់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ៖ ការ​ពារ​ពួក​សាវក​របស់​ទ្រង់ ព្យាបាល​ត្រចៀក​របស់​អ្នក​បម្រើ​នោះ ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​សង្ខេប​ខាង​ក្រោម​នេះ​អំពី​ យ៉ូហាន ១៨:១២–៣២​ឲ្យ​ឮៗ ។

ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​ពួក​មន្ត្រី​នោះ​ចាប់​ទ្រង់ ។ ពួកគេ​បាន​នាំ​ទ្រង់​ទៅ​ជួប ​អាណា ជា​អ្នក​ដឹកនាំ​សាសន៍​យូដា​ម្នាក់ រួច​ទៅ​ជួប​នឹង​ពួក​កៃផា ជា​សង្ឃ​ជាន់ខ្ពស់​ដែល​ព្យាយាម​ដាក់​ទោស​ព្រះយេស៊ូវ​រហូតដល់​ការសុគត​នោះ ។ ពេត្រុស និង​សិស្ស​ដទៃ​ទៀត​បាន​ដើរ​តាម​ព្រះយេស៊ូវ ។ នៅពេល​មនុស្ស​បី​នាក់​ផ្សេង​គ្នា​បាន​សួរ​ពេត្រុស ថា​គាត់​គឺ​ជា​កូន​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​ឬ នោះ​ពេត្រុស​បាន​បដិសេធ​ពុំ​ស្គាល់​រាល់​ពេល ។ បន្ទាប់​ពី​កៃផា​បាន​ចោទសួរ​ព្រះយេស៊ូវ នោះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ជួប​លោក​ពីឡាត់ ដែល​ជា​អ្នក​អភិបាល​ក្រុង​សាសន៍​រ៉ូម​នៅ​ស្រុក​យូដា ដើម្បី​ទទួល​ការកាត់ទោស និង ដាក់​ទណ្ឌកម្ម ។ មាន​តែ​សាសន៍​រ៉ូម​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​អំណាច​ចេញ​ច្បាប់​ឲ្យ​កាត់ទោស​ដល់​ជីវិត​នៅក្នុង​ក្រុង​យេរូសាឡិម ។

សូម​ពន្យល់​ថា ការ​ជំនុំ​ជម្រះ​ក្ដី​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​បន្ទាយ​អានតូនា នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។ ( អ្នក​គួរ​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ផែនទី ទី១២ « ក្រុង​យេរូសាឡិម​នៅ​សម័យ​ព្រះយេស៊ូវ » នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ហើយ​រក​មើល​បន្ទាយ​អានតូនា [ ជាទីតាំង​លេខ ​៣​ នៅ​លើ​ផែនដី​នោះ ] ) ។

យ៉ូហាន ១៨:៣៣–១៩:១៦

ព្រះយេស៊ូវ គ្រីស្ទ​ត្រូវបាន​កាត់ទោស​នៅ​ចំពោះ​មុខ​ពីឡាត់

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់ឲ្យ​អាន​ឮៗ​នៅ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ និង​ពាក្យ​របស់​​ពីឡាត់ ដែល​បាន​កត់​ត្រា​នៅ​ក្នុង យ៉ូហាន ១៨:៣៣–៣៧​ ។ ( អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ទាំងនេះ​ពី​មុន​ថ្នាក់​ចាប់ផ្ដើមឲ្យ​រក​មើល​ឃ្លា​ដែល​ពួកគេ​នឹង​ត្រូវ​អាន ) ។ ចូរ​ពិចារណា​ធ្វើការ​សម្ដែង​តួ​របស់​អ្នកអត្ថាធិប្បាយ ឬ​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​អ្នកអត្ថាធិប្បាយ ។ នៅ​ពេល​សិស្ស​ទាំងនេះ​អាន​ផ្នែក​របស់​ខ្លួន​រួច​ហើយ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​អ្វី​ដែលលោក​ពីឡាត់​ចង់​ដឹង​ពី​ព្រះយេស៊ូវ ។

  • យោងតាម យ៉ូហាន ១៨:៣៣តើ​ពីឡាត់​ចង់​ដឹង​អ្វីខ្លះ​ពី​ព្រះ​យេស៊ូវ ?

សូម​ពន្យល់ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ចោទ​ប្រកាន់​ព្រះយេស៊ូវ​ពីការប្រកាស​ថា ​ទ្រង់​គឺ​ជា​ស្តេច​នៃ​សាសន៍​យូដា ដោយសារ​ព្រះយេស៊ូវ​បាន​ប្រកាស​ថា​ទ្រង់​គឺ​ជា​ស្តេច ទ្រង់​អាច​មាន​ទោស​ពី​ការបំបះបំបោរ ឬ ក្បត់​ជាតិ ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម ( សូមមើល យ៉ូហាន ១៩:១២) ជា​បទឧក្រិដ្ឋ​មួយ​ដែល​ត្រូវ​ជាប់ទោស​ដល់​ស្លាប់ ។

  • តើព្រះយេស៊ូវ​បាន​ពន្យល់​អ្វីខ្លះ​ទៅ​ពីឡាត់ ? ( នគរ​ទ្រង់ « មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ » [ យ៉ូហាន ១៨:៣៦​ ] ហើយ​ទ្រង់​បាន​យាង​មក​ផែនដី​នេះ « ធ្វើ​ទីបន្ទាល់​ពី​សេចក្ដីពិត » [ យ៉ូហាន ១៨:៣៧ ] ) ។

ចូរ​សុំ​អាន យ៉ូហាន ១៨:៣៨-៤០ដោយ​ស្ងៀម​ស្ងាត់​រកមើល​អ្វី ដែល​លោក​ពីឡាត់​បាន​សន្និដ្ឋាន​អំពី​ព្រះយេស៊ូវ ។

  • តើ​លោក​ពីឡាត់​បាន​សន្និដ្ឋាន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ? ( លោក​បាន​ពោល​ថា លោក​មិន​ឃើញ ​« ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ » [ ខ​ទី ៣៨ ] ) ។

  • យោង​តាម ខ​ទី ៣៩តើ​លោក​ពីឡាត់​បាន​ព្យាយាម​ធ្វើ​អ្វីខ្លះ​ ដើម្បី​ដោះ​លែង​ព្រះយេស៊ូវ ?

សូម​សង្ខេប យ៉ូហាន ១៩:១–៥ ដោយ​ពន្យល់​ថា ពួក​ទ័ព​រ៉ូម​បាន​ធ្វើ​បាប ហើយ​សើច​ចំអក​ដល់​ព្រះយេស៊ូវ ។ បន្ទាប់​មក ​លោក​ពីឡាត់​បាន​បង្ហាញ​ព្រះយេស៊ូវ​ដល់​ប្រជាជន ។

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១៩:៤, ៦ ដោយ​ស្ងៀម​ស្ងាត់​រកមើល​អ្វី​ដែល​លោក​ពីឡាត់​បាន​បង្ហាញ​ដល់​ពួក​យូដា ( « ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​​មាន​ទោស​ខុស​អ្វី​សោះ » ) ។

  • ដោយ​ផ្អែក​ទៅ​លើ​ការ​ទទូច​ថា លោក​មិន​ឃើញ​ព្រះយេស៊ូវ​មាន​ទោស​ខុស​អ្វី​សោះ តើ​លោក​ពីឡាត់​ទំនង​ជា​បាន​ជឿ​លើ​បែបណា​ទៅ​ថា​ជា​រឿងត្រឹមត្រូវ​ដើម្បី​ធ្វើ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៩:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែលពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រាប់​ទៅ​លោក​ពី​ឡាត់​អំពី​ព្រះយេស៊ូវ ។

សូម​អញ្ជើញ​សិស្ស​ដែល​អាន​សម្ដី​របស់​លោក​ពីឡាត់ បន្ទូល​របស់​ព្រះយេស៊ូវ និង​អ្នក​និទាន​ដើម្បី​ដើរ​តួ​ម្ដងទៀត ហើយ​អាន យ៉ូហាន ១៩:៨–១១ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ចម្លើយ​របស់​លោក​ពី​ឡាត់ កាល​លោក​បាន​ស្ដាប់​ឮ​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

  • តើ​លោក​ពីឡាត់​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច បន្ទាប់​ពី​ពួក​អ្នក​ដឹកនាំ​សាសាន៍​យូដា​បាន​ប្រាប់​លោក​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ?

  • ប្រសិន​បើ​អ្នក​ជា​លោក​ពីឡាត់ តើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​បែបណា​ដែរ បន្ទាប់​ពី​ស្ដាប់​ឮ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ អំពី​អំណាច​របស់​អ្នក​ក្នុងនាម​ជា​អភិបាល​នោះ ? ហេតុអ្វី ?

សូម​ពន្យល់​ថា​សេចក្តី​ថ្លែង​ការណ៍របស់​ព្រះយេស៊ូវ​ដែល​បាន​កត់​ត្រា​នៅក្នុង ខ​ទី ១១ អំពី​ពួក​អ្នក​ដឹកនាំ​របស់​ពួក​សាសន៍​យូដា​ថា​មាន​នូវ « អំពើ​បាប​ធ្ងន់ » បាន​បង្ហាញ​ថា ប្រសិនបើ​លោក​ពីឡាត់បន្ទន់ចិត្ត​ទៅ​តាម​ការស្នើសុំ​របស់​ហ្វូង​មនុស្ស ហើយ​បញ្ជា​ឲ្យ​ឆ្កាង​ព្រះយេស៊ូវ នោះ​លោក​ពីឡាត់​នឹង​មាន​កំហុស​ប្រព្រឹត្ត​បាប​ ប៉ុន្តែ​ពុំ​មាន​កម្រិត​ដូច​គ្នា​ទៅ​នឹង​អស់​អ្នក​ដែល​ព្យាយាម​យ៉ាង​សកម្ម​ចង់​សម្លាប់​ព្រះយេស៊ូវឡើយ ។

សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ២៧:១៩ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ភរិយា​របស់​លោក​ពីឡាត់​បាន​ឲ្យ​ដំបូន្មាន​ពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ ។​ សូមឲ្យ​សិស្ស​ប្រាប់​ពីអ្វី​ដែលពួកគេ​បានរកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៩:១២-១៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​លោក​ពីឡាត់​បាន​ខិតខំធ្វើ​ទាក់ទង​នឹង​រឿង​របស់​ព្រះយេស៊ូវ និង​របៀប​ដែលពួក​យូដា​ឆ្លើយតប ។

  • យោងតាមខទី ១២តើ​លោក​ពីឡាត់​បាន​ខិតខំ​ធ្វើ​អ្វីខ្លះ ?

  • តើ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​លោក​ពី​ឡាត់ កាល​ពួកគេ​បាន​ដឹង​ថា លោក​ចង់​ដោះលែង​ព្រះយេស៊ូវ​នោះ ?

សូម​រំឭក​សិស្ស​ថា សេសារ គឺជា​ស្ដេច​រ៉ូម​ដែល​បាន​ប្រទាន​តំណែង​ជា​អភិបាល​ស្រុក​យូដា​ដល់​លោក​ពីឡាត់ ។ កាល​ពី​ប៉ុន្មាន​គ្រា​មុន លោក​ពីឡាត់​បាន​បញ្ជា​ឲ្យ​ពួក​ទ័ព​រ៉ូម​ឲ្យ​សម្លាប់​ពួក​សាសន៍​យូដា ហើយ​លោក​បានប្រមាថ​ទំនៀម​ទំលាប់​ខាង​សាសនា​ដ៏​ពិសិដ្ឋ​មួយ​ចំនួន​របស់​ពួកគេ ។ ទង្វើ​របស់​លោក​ពីឡាត់​ត្រូវបាន​គេ​រាយការណ៍​ទៅ​ស្ដេច​សេសារ ហើយ​ស្ដេច​សេសារ​ស្ដីបន្ទោស​ដល់​លោក​ពីឡាត់ ( សូម​មើល​ជំពូក ៤៣ កំណត់​ចំណាំ ៧ នៅ​ក្នុង James E. Talmage Jesus the Christ កំណែ​ទី ៣ [ ឆ្នាំ​ ១៩១៦ ] ទំព័រ ៦៤៨-៤៩ ) ។

  • តើ​នឹង​អាច​​អ្វី​កើត​ឡើង​ចំពោះ​លោក​ពី​ឡាត់ ប្រសិន​បើ​ពួក​សាសន៍​យូដា​បាន​រាយការណ៍​ថា លោក​ពុំ​មែន​ជា « មិត្ត »​ នឹង​ស្ដេច​សេសារ​នោះ ( ខ​ទី ១២ ) ? ( ប្រសិន​បើ​ស្ដេច​សេសារ​បាន​សង្ស័យ​ថា លោក​ពី​ឡាត់​មិន​ស្មោះ​ត្រង់​នឹង​ទ្រង់ នោះ​ស្ដេច​សេសារ​ អាច​នឹង​ដក​ចេញនូវ​មុខ​តំណែង និង​អំណាច​របស់​លោក​ជា​អភិបាល ) ។

សូម​ចង្អុល​បង្ហាញ​ថា លោក​ពីឡាត់​ត្រូវ​ជ្រើស​រវាង​ការការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង ការដោះលែង​ព្រះអង្គ​សង្គ្រោះ ដែល​លោក​បានដឹង​ថា​គ្មាន​ទោស​អ្វី​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ១៩:១៦ឲ្យ​ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​លោក​ពីឡាត់​បាន​ជ្រើស​រើស​ធ្វើ ។

  • តើ​លោក​ពីឡាត់​បាន​ជ្រើស​រើស​ធ្វើ​អ្វី ?

  • តើ​ការ​ជ្រើស​រើស​នេះ​បង្ហាញ​ថា តើ​រឿង​ដែល​លោក​ពីឡាត់បារម្ភ​ខ្លាំង​បំផុត​នោះ​គឺ​អ្វី ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ « កង្វល់​របស់​ពីឡាត់ » ៖ ខ្លួន​ឯង មុខ​តំណែង និង​អំណាច​របស់​គាត់ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ មក​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ពីឡាត់​ដើម្បី​ដាក់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ពី​មុន​ការ​ដោះលែង​ព្រះអង្គ​សង្គ្រោះ ដែល​លោក​បានដឹង​ថា​គ្មាន​ទោស​អ្វី​នោះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ការ​ដាក់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង​ មុន​ការ​ធ្វើ​អ្វី​ដេល​ត្រឹមត្រូវ​នឹង​ដឹកនាំ​យើង​ទៅ​រក​អំពើ​បាប ) ។

  • តើ​ស្ថានភាព​ណា​ខ្លះ​ដែល​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​យើង​​ពីមុន​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​នោះ ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​យក​ឈ្នះ​លើ​ការល្បួង​ឲ្យ​ដាក់​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​យើង​ពី​មុន​ការ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី ​ដែល​ពួកគេ​អាច​រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ​ដោយ​ប្រៀបធៀប​ទៅ​នឹង​បុគ្គលិក​លក្ខណៈ​របស់​លោក​ពីឡាត់ កាល​ពួកគេ​សិក្សា​គ្រា​ចុងក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ូហាន ១៩:១៧-៤២

ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង ហើយ​ព្រះសព​របស់​ទ្រង់​ត្រូវបាន​ដាក់​នៅក្នុង​ផ្នូរ

សូម​សង្ខេប យ៉ូហាន ១៩:១៧–២៤ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​​បាន​លី​ឈើ​ឆ្កាង​របស់​ទ្រង់​ទៅ​ភ្នំ​គាល់កូថា ជាទី​កន្លេង​ដែល​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៩:២៥-២៧​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​នរណា​ខ្លះ​បាន​មាន​វត្តមាន កាល​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង ។

  • តើ​នរណា​បាន​ឈរ​ក្បែរ​ឈើ​ឆ្កាង​ កាល​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​រួច​ហើយ សូម​ពន្យល់​ថា ឃ្លា​ថា « សិស្ស​ម្នាក់ … ដែល [ ព្រះយេស៊ូវ ] ស្រឡាញ់ » [ ខ​ទី ២៦ ] សំដៅ​លើ​សាវក​យ៉ូហាន ក៏​ស្គាល់​ផងដែរ​ថា​ជា​យ៉ូហាន​ដ៏​ជា​ទីស្រឡាញ់ ) ។

  • យោងតាម ខ​ទី ២៦–២៧តើ​ព្រះយេស៊ូវ​បាន​ព្រួយបារម្ភ​ពី​នរណា កាល​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង ? តើ​ទ្រង់​បាន​បង្គាប់​យ៉ូហាន​ឲ្យ​ធ្វើ​អ្វី ? ( មើល​ថែ​មាតា​របស់​ទ្រង់​ ឲ្យ​ដូចជា​ម្ដាយ​របស់​ខ្លួន ) ។ នៅ​លើ​ក្ដារ​ខៀន​ក្រោម​ពាក្យ « កង្វល់​របស់​ព្រះយេស៊ូវ » សូម​សរសេរ សុខុមាលភាព​​របស់​មាតា​ទ្រង់ ) ។

ប្រសិន​បើ​អាច​ធ្វើ​ទៅបាន សូម​ឲ្យសំណៅ​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ដល់​សិស្ស ។ សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​នោះ​ឮៗ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« បុគ្គលិកលក្ខណៈ​ត្រូវ​បាន​បើក​សម្តែង … នៅក្នុង​អំណាច​ដើម្បី​ញែក​ដឹង​ពី​ការរងទុក្ខ​របស់​មនុស្ស​ផ្សេង​ទៀត នៅពេល​យើង​ខ្លួន​ឯង​ផ្ទាល់​កំពុង​តែ​រងទុក្ខ នៅក្នុង​លទ្ធភាព​ដើម្បី​ដឹង​ពី​សេចក្តី​ស្រេក​ឃ្លាន​របស់​មនុស្ស​ដទៃ នៅពេល​យើង​ស្រែកឃ្លាន និង នៅក្នុង​អំណាច​ដើម្បី​ឈោង​ទៅ​ជួយ និង បង្ហាញ​សេចក្តី​អាណិត​អាសូរ​ដល់​សេចក្តី​ឈឺចាប់​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ នៅពេល​យើង​កំពុងតែ​នៅ​កណ្តាល​នៃ​ភាព​តានតឹង​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​យើង​នោះ ។ ហេតុដូច្នោះ​ហើយ បុគ្គលិក​លក្ខណៈ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​ការមើល និង ឈោង​​ទៅរក​នៅពេល​ការឆ្លើយតបដោយ​ឯកឯង​ត្រូវបាន​ផ្តោត​ទាំងស្រុង​ទៅលើ​ចំណង់ និង​តម្រូវការ​ផ្ទាល់​ខ្លួន ។ ប្រសិនបើ​សម្ថភាព​បែប​នេះ​ គឺ​ជា​ទង្វើ​នៃ​លក្ខណៈ​វិនិច្ឆ័យ​របស់​បុគ្គលិកលក្ខណៈ​ខាង​សីលធម៌ នោះ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​បុគ្គលិកលក្ខណៈ​ដ៏​ខ្ជាប់ខ្ជួន​ និង សប្បុរស​នេះ » (« The Character of Christ » [ Brigham Young University–Idaho Religion Symposium ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] ទំព័រ ២–៣ ) ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង យ៉ូហាន ១៨–១៩ អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដីពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការជ្រើសរើស​ជួយ​មនុស្ស​ដទៃ ទោះជា​នៅពេល​យើងស្ថិតក្នុងតម្រូវការ​ខ្លួន​ឯង​ក្តី )

  • តើ​យើង​អាច​យក​ឈ្នះ​បំណង​ប្រាថ្នា ​ដែល​ខ្វល់ខ្វាយ​តែ​ពី​ខ្លួន​ឯងជាមុនសិន ហើយ​បែរ​ទៅ​ជ្រើស​យក​ការ​ជួយ​មនុស្ស​ដទៃទៀត ទោះ​ជា​យើង​អាច​នឹង​មាន​សេចក្ដី​ត្រូវការ​ផ្ទាល់​ខ្លួន​ក្ដី​បាន​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​បាន​ធ្វើ​តាមគំរូ​របស់​ព្រះ​យេស៊ូវ តាមរយៈ​ការជ្រើសរើស​ជួយ​មនុស្ស​ដទៃ បើទោះបី​ជា​នៅពេល​ដែល​គាត់​កំពុង​ត្រូវការ​ជំនួយ​ក្តី ?

អ្នក​គួរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ទ្រង់​បាន​បង្ហាញ​ស្ដីពី​ការខ្វល់ខ្វាយ​ពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ​ពី​មុន​សេចក្ដី​ត្រូវការ​របស់​ទ្រង់​ផ្ទាល់ ។ សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​ នូវ​រឿង​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​សង្ខេប យ៉ូហាន ១៩:២៨–៤២ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត យ៉ូសែប​ដែល​នៅ​ភូមិ​អើរីម៉ាថេ បាន​សូម​លោក​ពីឡាត់​យក​ព្រះសព​ព្រះយេស៊ូវ ។ ក្រោយមក​យ៉ូសែប និង នីកូដេម ​បាន​រៀបចំ​ព្រះសព​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដាក់​ព្រះសព​ទ្រង់​នៅក្នុង​ផ្នូរ​ ដែល​យ៉ូសែប​បាន​បរិច្ចាគ​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៨:៥-៨ ។ « គឺ​ខ្ញុំ​នេះហើយ »

« ពាក្យ [ ‹ គឺ​ខ្ញុំ​នេះ​ហើយ › ]​ បាន​បកប្រែ​ចេញ​ពី​ឃ្លា​ជា​ភាសា​ក្រិក​ថា​អេហ្គូ អ៊ីមីដែល​បាន​ប្រើ​នៅ​ក្នុង​កន្លែង​ផ្សេង​ទៀត​ជាច្រើន​​នៅ​ក្នុង​យ៉ូហាន​ ដើម្បី​ជា​សេចក្ដី​យោង​ទៅ​នឹង​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ … បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​នូវ​ពាក្យ​ទាំងនេះ​មក ពួក​ទាហាន និង​ពួក​មន្ត្រី បាន​ ‹ ថយក្រោយ​ដួល​ថ្ងារ​ទាំងអស់​គ្នា › ( យ៉ូហាន ១៨:៦ ) ‹ ទំនង​ជា​មិន​អាច​ប្រើ​អំណាច​មក​លើ​ព្រះយេស៊ូវ​បាន​ឡើយ លុះត្រា​តែ​ទ្រង់​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នោះ › ( Bruce R. McConkie, Doctrinal New Testament Commentary, ១:៧៨០ ) ។ ‹ សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ទន់ភ្លន់​ដ៏​សាមញ្ញ​នៃ​វត្តមាន​របស់​ព្រះគ្រីស្ទ​ គឺ​ខ្លាំង​ជាង​កងទ័ព និង​អាវុធ​ដ៏​ខ្លាំងក្លា​នៃ​អំពើ​ហឹង្សា​ទៅ​ទៀត › ( James E. Talmage, Jesus the Christ កំណែ​ទី ៣ [ ឆ្នាំ ​១៩១៦ ] ទំព័រ ៦១៥ ) ។ រឿង​លម្អិត​នេះ​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ពួក​អ្នក​មក​ចាប់​ទ្រង់ ប៉ុន្តែ​បាន​ព្រម​ឲ្យ​ចាប់​ព្រះកាយ ហើយ​ឲ្យ​គេ​យក​ទៅ ឆ្កាង​ដោយ​ស្ម័គ្រ​ព្រះទ័យ » (New Testament Student Manual [ Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ២៥៦ ) ។

យ៉ូហាន ១៩:១២, ១៦ ។ ហេតុអ្វី​លោក​ពីឡាត់បាន​សម្រេច​ចិត្ត​ធ្វើ​រឿង​ដែល​គាត់​បាន​ដឹង​ថា ​វា​ជា​រឿង​ខុស​ឆ្គង​ទៅ​វិញ ?

អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ផ្ដល់​នូវ​គំនិត​ដ៏​មាន​សារៈប្រយោជន៍​អំពី​ហេតុផល​ ដែល​លោក​ពីឡាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ទង្វើ​ដែល​គាត់​បាន​ដឹង​ថា​ខុស ៖

« តើ​អ្វីទៅ​ជា​បុព្វហេតុ​នៃ​ភាព​ទន់​ខ្សោយ​របស់​លោក​ពីឡាត់ ? គាត់​ជា​អ្នក​តំណាង​ឲ្យ​ស្ដេច ជា​ព្រះរាជាអាជ្ញា​របស់​ស្ដេច​ដែល​មាន​អំណាច​ដើម្បី​ឆ្កាង ឬ​សង្គ្រោះ គាត់​គឺជា​អ្នក​ដែល​មាន​អំណាច​ផ្ដាច់​មុខ​ជាផ្លូវការ​ម្នាក់ ។ ការកាត់ទោសរបស់​គាត់​អំពី​ការ​គ្មាន​ទោស​របស់​ព្រះគ្រីស្ទ និង​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​សង្គ្រោះ​ទ្រង់​ពី​ឈើ​ឆ្កាង​គឺ​អាច​ធ្វើ​ទៅ​បាន ។ ហេតុអ្វី​បាន​ជា​លោក​ពីឡាត់​មានចិត្តរុញរា ស្ទាក់ស្ទើរ ប្រែប្រួល​ចិត្ត ហើយ​នៅ​ទីបំផុត​បាន​ធ្វើ​ផ្ទុយ​ពី​មនសិការ និង​ឆន្ទៈ​របស់​ខ្លួន ? ដោយ​សារ គាត់បាន​ជ្រើស​រើស​ធ្វើ​ទាសករ​ ជាជាង​ជា​មនុស្ស​មាន​សេរីភាព ។ គាត់​ត្រូវបាន​ជិះជាន់​ដោយ​អតីតកាល​របស់​ខ្លួន ។ គាត់បាន​ដឹង​ថា នឹង​មាន​ពាក្យ​បណ្ដឹង​ពី​គាត់​នៅ​ក្រុង​រ៉ូម អំពើ​ពុក​រលួយ និង​ការ​ធ្វើ​​ទុក្ខ​ទោស​​របស់​គាត់ ការ​ជំរិត​របស់​គាត់ និង​ការ​កាប់​សម្លាប់​ដែល​ពុំ​សម​ហេតុផល​ដែល​គាត់​បាន​ ធ្វើ​ឲ្យ​កើត​មាន​ឡើង​នឹង​នាំ​ការណ៍​ទាំង​អស់​នោះ​មក​ទាស់​នឹង​គាត់​វិញ ។ គាត់​ជា​មេដឹកនាំ​របស់​រ៉ូម ប៉ុន្តែប្រជាជន​ដែល​គាត់​គ្រប់គ្រង​បាន​សប្បាយ​រីករាយ​ដោយ​ឃើញ​គាត់​ភ័យ​ឡើង​រួញខ្លួន កាល​ពួកគេ​អស់​សំណើច​ដោយ​ការ​និយាយ​ខ្លាំងៗ​ដាក់​គាត់ បង្ក្រាប​​គាត់​ដោយ​គម្រាម​រាយការណ៍​អំពី​គាត់​ទៅ​ចៅ​ហ្វាយ​របស់​គាត់ឈ្មោះ ទីប៊ើរ »​( Jesus the Christ កំណែ​ទី ៣ [ ឆ្នាំ​ ១៩១៦ ] ទំព័រ ៦៤១ ) ។

អែលឌើរ ថាល់មេហ្គ បាន​បន្ថែម​ទៀត​ថា « លោក​ពីឡាត់​បាន​ដឹង​ពី​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ខ្វះ​ភាព​ក្លាហាន​ដើម្បី​ធ្វើ​វា » ( ជំពូក ៣៤ កំណត់​ចាំ ៧ នៅ​ក្នុង Jesus the Christ ទំព័រ ៦៤៨ ) ។

យ៉ូហាន ១៩:៣១–៣៦ ។ « ពួក​សាសន៍​យូដា … សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង »

ពេល​ខ្លះ ជន​រង​គ្រោះ​ដោយ​សារ​ការ​ឆ្កាង​បាន​រស់នៅ​ក្នុង​ការ​ឈឺចាប់​ពីរ​ទៅ​បី​ឆ្នាំ​ពី​មុនការ​ស្លាប់ ។ បន្ទាប់​ពី​មនុស្ស​ដែល​ត្រូវ​បាន​គេ​ឆ្កាង​ស្លាប់​ទៅ ជា​ទំនៀម​ទំលាប់​ពួក​រ៉ូម​បាន​ទុក​សព​នៅ​លើ​ឈើ​ឆ្កាង ​ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ញញើត​នឹង​ធ្វើ​បទឧក្រិដ្ឋ ។ ប៉ុន្តែ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ​បាន​ហាម​ទុក​សព​របស់ឧក្រិដ្ឋជន​ព្យួរ​ចោល​នៅ​លើ​ដើម​ឈើ​នៅ​ពេល​យប់ ( សូមមើល ចោទិយកថា ២១:២២–២៣ ) ។ នៅ​ក្នុង​ករណី​នៃ​ការ​ឆ្កាង​ព្រះយេស៊ូវ​ដែរ នៅ​ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក ។ ដូច្នេះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ដោយ​ចង់​ឲ្យ​យក​ព្រះសព​ព្រះយេស៊ូវ​ចុះ​ពី​ឈើ​ឆ្កាង​ពី​មុន​ថ្ងៃ​ឈប់​សម្រាក​ដែល​ចាប់​ផ្ដើម​ នៅ​ពេល​ព្រះអាទិត្យ​លិច​បាន​ខំ​ធ្វើ​ឲ្យ​បុរស​បី​នាក់​ទៀត​នៅ​លើ​ឈើ​ឆ្កាង​ឆាប់​ស្លាប់​ ដោយ​បាន​សូម​ឲ្យ​វាយ​បំបាក់​ជើង​របស់​ពួកគេ ។ ការ​ធ្វើ​បែប​នេះ​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​មាន​ការ​ឈឺចាប់​នៅ​ដើមទ្រូង ហើយ​ពិបាក​ដក​ដង្ហើម ដោយសារ​ពួកគេ​មិន​អាច​ប្រើ​ជើង​ទ្រ​ទម្ងន់​ខ្លួន​ពួកគេ​បាន​ទៀត​ទេ ។ បន្ទាប់​ពី​វាយ​បំបាក់​ជើង​បុរស​ពីរ​នាក់​ទៀត​ ដែល​ត្រូវ​បាន​គេ​ឆ្កាង​មក ទាហាន​រ៉ូម​បាន​រកឃើញ​ថា​ព្រះយេស៊ូវ​បាន​សុគត​ទៅ​ហើយ ដូច្នេះ​ពួកគេ​ពុំ​ចាំបាច់​វាយ​បំបាក់​ជើង​ទ្រង់​ឡើយ ។

គ្រា​ដ៏​សំខាន់​នេះ​នៅ​លើ​ឈើ​ឆ្កាង​ បាន​បំពេញ​ការ​ព្យាករ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ៖ « ទ្រង់​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ » ( ទំនុកដំកើង ៣៤:២០ ) ។ លើស​ពី​នេះ​ទៀត ព្រះអម្ចាស់​បាន​បង្គាប់ដល់​អ៊ីស្រាអែល​ថា ចៀម​សម្រាប់​បុណ្យ​រំលងដែល​ជា​តំណាង​ឲ្យ​ការ​បូជា​របស់​ព្រះយេស៊ូវ​ថា ​ជា​កូនចៀម​នៃ​ព្រះ ឆ្អឹង​របស់​វា​មិន​ត្រូវ​បាក់​ឡើយ ( សូម​មើល និក្ខមនំ ១២:៤៦ ) ។