បណ្ណាល័យ
មេរៀន​ទី ៨០ ៖ យ៉ូហាន ២១


មេរៀន​ទី ៨០

យ៉ូហាន ២១

សេចក្តីផ្ដើម

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់​កាល​ពួកគេ​កំពុង​នេសាទ​ត្រី ។ នៅ​លើ​ឆ្នេរ ព្រះយេស៊ូវ​បាន​សោយ​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់របស់គាត់ ​ដល់​ព្រះអម្ចាស់​​ដោយ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ទ្រង់ ។ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​ប្រាប់​ជា​មុន​ពី​ការរង​ទុក្ករកម្ម​របស់​ពេត្រុស និង ការប្រែ​រូប​របស់​យ៉ូហាន ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ២១:១–១៧

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ បង្ហាញ​អង្គ​ទ្រង់​ដល់ពួក​សិស្ស​មួយ​ចំនួន​របស់​ទ្រង់នៅ​សមុទ្រ​ទីបេរាស ( សមុទ្រ​កាលីឡេ )

សូម​គូររូប បេះដូង​មួយ​ធំ​​នៅ​លើ​ក្ដារខៀន ។

រូបភាព
បេះដូង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន​សរសេរ ​នៅ​ក្នុង​បេះដូង​នោះ​រឿង​ពីរ ឬ​បី​យ៉ាង​ដែល​ពួកគេ​ចូលចិត្ត ។ សូម​ពន្យល់​ថា រឿង​ទាំងនេះ​អាច​រួម​បញ្ចូល​ទាំង​មនុស្ស ទ្រព្យ​សម្បត្តិ ឬ​សកម្មភាព ។

នៅ​ពេល​សិស្ស​បាន​បញ្ចប់ អ្នក​ក៏​អាច​សរសេរ​​នូវ​រឿង​មួយ​ចំនួន ​ដែល​អ្នក​ចូល​ចិត្ត​ផង​ដែរ ។

សូម​សង្ខេប យ៉ូហាន ២១:១–២ ដោយ​ពន្យល់​ថា បន្ទាប់​ពី​មើល​ឃើញ​ព្រះអម្ចាស់​ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​​ពីរ​ដង ពេត្រុស និង​ពួក​សិស្ស​ផ្សេង​ទៀត​មួយចំនួន​បាន​នៅ​លើឆ្នេរ​សមុទ្រ​កាលីឡេ ( ក៏​ត្រូវ​បាន​គេហៅ​ថា សមុទ្រទីបេរាស ផង​ដែរ ) ។ សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​អ្វី​ ដែល​ពេត្រុស​បាន​សម្រេច​ចិត្ត​ធ្វើ ។

  • តើ​អ្នក​គិត​ថា​សកម្មភាព​អ្វីខ្លះ​ ដែល​ពេត្រុស​អាច​នឹង​បន្ថែម​ទៅ​ក្នុង​បញ្ជីរបស់យើង​នៃ​រឿង​ដែល​ចូល​ចិត្ត​នៅ​លើ​ក្ដារខៀន​នោះ ? ( ក្រោយពី​សិស្ស​ឆ្លើយ​តប​ហើយ សូម​សរសេរ ការ​ស្ទួច​ត្រី នៅ​ក្នុង​បេះដូងនៅ​លើ​ក្ដារខៀន ) ។

  • តើ​ពេត្រុស និង​ពួកសិស្ស​ដទៃ​ទៀត​បាន​ទៅ​រក​ត្រី​យូរ​ប៉ុណ្ណា​ដែរ? តើ​ពួកគេ​ចាប់​ត្រី​បាន​ប៉ុន្មាន​ដែរ ?

ចូរ​សុំឲ្យ​សិស្ស​ពិចារណា​ ហើយ​គិត​ពី​អារម្មណ៍​ដែល​​ពេត្រុស និង​ពួក​សិស្ស​ផ្សេងទៀត​អាច​នឹង​មាន​ ក្រោយ​ពី​ចាប់​ត្រី​មិន​បាន​សោះ​ពេញ​មួយ​យប់នោះ ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:៤-៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វីដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ស្អែក ។

  • តើ​នរណា​នៅលើ​ឆ្នេរ​នោះ ?

  • តើ​ដំបូង​ឡើយ​ពួកសិស្ស​បាន​ស្គាល់​ព្រះយេស៊ូវ​ដែរ​ទេ ?

  • តើព្រះយេស៊ូវ​បង្រៀនពួកគេឲ្យ​ធ្វើអ្វីខ្លះ ?

  • តើ​មានអ្វី​បាន​កើត​ឡើង បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​តាម​សេចក្ដីណែនាំ​របស់​ព្រះយេស៊ូវ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« កាលពីបីឆ្នាំ​មុន បុរស​ទាំងនេះ​បាន​នេសាទ​នៅ​ក្នុង​សមុទ្រ​នេះ ។ ក្នុង​ស្ថានភាព​ដូចគ្នា​នេះ​ដែរ តាម​បទគម្ពីរ​បាន​ចែង​ថា​ ពួកគេ ‹បានដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វីសោះ › [ លូកា ៥:៥ ] ។ ប៉ុន្តែ​អ្នក​ស្រុក​កាលីឡេ​នៅ​លើ​មាត់​ច្រាំង​នោះបាន​ហៅ​ពួកគេ​ឲ្យទម្លាក់​​អួន​ពួកគេ​ចុះ​ រួច​ពួកគេ​បាន​ទម្លាក់ចុះទៅ ‹ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក › [ លូកា ៥:៦ ] រហូត​ដល់​អួន​ពួកគេ​ដាច់ ដោយសារ​ត្រីដែល​ចាប់​បាន​ មាន​ចំនួន​អាច​ដាក់​បានបំពេញដល់​ទៅ​​ពីរ​ទូក នោះ​ពួកគេ​ក៏​ចាប់ផ្ដើម​លិច ។

« ឥឡូវ​វា​បាន​កើត​ឡើង​ម្ដងទៀត » (« The First Great Commandment » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​២០១២ ទំព័រ​ ៨៤ ) ។

  • តើ​ការ​ចាប់ត្រី​បាន​ដោយ​អព្ភូតហេតុ​ជា​លើក​ទីពីរ ​បាន​ជួយ​ពួក​សិស្ស​ឲ្យ​ស្គាល់​ជន​ដែល​នៅ​លើ​ឆ្នេរ​នោះ​ដោយ​របៀប​ណា ?

  • ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅ​លើ​ទូកនោះ​ជាមួយ​នឹង​ពួក​សិស្ស តើ​អ្នក​ប្រហែលជាគិត ឬ មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​សង្ខេប យ៉ូហាន ២១:៧–១៤ ដោយ​ពន្យល់​ថា កាល​សិស្ស​មិន​អាច​លើក​សំណាញ់​ដែលមាន​សុទ្ធ​តែ​ត្រី​ចូល​ទៅ​ក្នុង​ទូក​ យ៉ូហាន​បាន​ប្រកាស​ថា បុរស​ដែល​នៅ​លើ​ឆ្នេរ​នោះ​គឺជា​ព្រះអម្ចាស់ ។ ពេត្រុស​បាន​លោតចូល​ទៅ​ក្នុង​សមុទ្រ​ភ្លាម ហើយ​ហែល​ទៅ​រក​ព្រះយេស៊ូវ ខណៈ​សិស្ស​ដទៃ​ទៀត​ជិះ​ទូក​មក​តាម​ក្រោយ ។ កាល​ពួកគេ​បាន​មក​ដល់​ឆ្នេរ​វិញ ព្រះយេស៊ូវ​បាន​ត្រៀម​អាហារ​សម្រាប់​ពួកគេ​ ។

សូម​ពន្យល់ថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បរិយាយ​យ៉ាង​ល្អិតល្អន់​អំពី​ដំណើរ​រឿង​នេះ​ដោយ​បង្រៀន​ថា បន្ទាប់​ពី​ពេត្រុស និង​ពួក​សិស្ស​ដទៃ​ទៀត​បាន​បដិសេធ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​អាច​នឹង « [ ទត​មើល ] ​ទៅ​ទូក​តូច​ចំណាស់ អួន​កណ្ដាច​របស់​ពួកគេ និង​គំនរ​ត្រី ១៥៣ ក្បាល នោះ​ព្រះយេស៊ូវ [ បាន​មាន​បន្ទូល ​] ទៅ​កាន់​សាវក​រៀមច្បង​របស់​ទ្រង់ » (« The First Great Commandment »ទំព័រ​ ៨៤ ) ហើយ​បន្ទាប់​មក​ក៏មាន​បន្ទូល​ទៅ​ពេត្រុស ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:១៥-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​សំណួរ​​ដែលព្រះយេស៊ូវ​បាន​សួរ​ដល់​ពេត្រុស​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​តែគូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះយេស៊ូវ​បាន​សួរសំណួរ​អ្វី​ទៅ​ពេត្រុស​រហូត​ដល់​ទៅ​បីដង ?

  • កាល​ព្រះយេស៊ូវ​បាន​សួរ​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » (ខ​ទី ១៥) តើ​អ្នក​គិត​ថា​ពាក្យ របស់​ទាំងនេះ សំដៅ​ទៅ​លើ​អ្វី ? ( ព្រះយេស៊ូវអាច​នឹង​សំដៅ​ទៅ​លើ​គំនរ​ត្រី ឬ​រឿង​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​នេសាទ​ត្រី​ម្នាក់ ។ សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀននៅ​ក្បែរ​រូ​បបេះដូង ៖ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? )

  • តើ​ពេត្រុស​បាន​ឆ្លើយ​បែបណា​ដែរ ?

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ដែរ ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​តួនាទី​របស់​ពេត្រុស ហើយ​ត្រូវ​បាន​ព្រះយេស៊ូវ​សួរ​អ្នករហូត​ដល់​​បីដង​ថា តើ​អ្នក​ស្រឡាញ់​ទ្រង់​ដែរ​ឬ​អត់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ហេតុផល​ដែល ​ព្រះយេស៊ូវបាន​សួរ​សំណួរ​នេះ​​ដល់​ទៅ​បី​ដងនោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​ នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ( ហើយ​ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​ទទួ​ល​ស្គាល់​ថា នេះ​ជា​ចំណេះដឹង​ដែល​ពុំ​បាន​កត់​ត្រា​នៅ​ក្នុង​គម្ពីរ ) ប្រហែល​ជា​ព្រះយេស៊ូវ​បានឆ្លើយ​តប​ដោយ​មាន​បន្ទូល​បែប​នេះ​ ៖ ‹ ហេតុអ្វី​អ្នក​មក​ទីនេះ ពេត្រុស? ហេតុអ្វី​ក៏​យើង​មក​ឆ្នេរ​ដដែល​នេះ ដែល​មាន​អួន​ដដែល និង​មាន​ការ​សន្ទនា​ដដែល​នេះ​ ? តើ​វា​មិន​ជាក់​ស្ដែង​ទេ​ឬ​អី​នៅ​ពេលនោះ ហើយ​តើ​វា​មិន​ជាក់​ស្ដែង​ទេ​ឬអី ​នៅ​ពេល​នេះ​ថា​បើ​យើង​ចង់​បាន​ត្រី តើ​យើងនឹង​បាន​ត្រី​ទេ​ឬ​អី ? ពេត្រុស អ្វី​ដែល​យើង​ត្រូវ​ការ​គឺជា​ពួកសិស្ស—ហើយ​យើង​ត្រូវ​ការ​ពួកគេ​ជា​រៀង​រហូត ។ យើងត្រូវការ​មនុស្ស​ម្នាក់ដើម្បី​ឲ្យ​ចំណី​ដល់​ចៀម​របស់​យើង ហើយ​ជួយ​សង្គ្រោះ​កូន​ចៀម​របស់​យើង ។ យើង​ត្រូវការ​មនុស្ស​ម្នាក់​ដើម្បី​ប្រកាស​ដំណឹង​ល្អ​របស់​យើង ហើយ​ការពារ​សេចក្ដី​ជំនឿ​របស់​យើង ។ យើង​ត្រូវការ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​យើង គឺ​ស្រឡាញ់​យើង​ដោយ​ពិត​ប្រាកដ ហើយ​ស្រឡាញ់​អ្វីដែល​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ប្រទាន​សិទ្ធិ​ឲ្យ​យើង​ធ្វើ ។…ហេតុដូច្នេះ​ហើយ​ពេត្រុស នេះ​ជាលើក​ទីពីរ ហើយ​ប្រហែល​ជា​លើក​ចុងក្រោយ ដែល​យើង​សុំ​ឲ្យ​អ្នក​លះបង់​របស់​ទាំងនេះ ហើយ​ទៅ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់ ធ្វើ​ការ ហើយ​បម្រើ​ដោយ​ស្មោះត្រង់​រហូត​ដល់​ថ្ងៃ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​ដូចជា​ពួកគេ​បាន​ធ្វើ​ដាក់​យើង​ដែរ › » («The First Great Commandment»  ទំព័រ​ ៨៤ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពេត្រុស ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតា​សួគ៌​លើស​អ្វីៗ​ទាំងអស់ យើង​នឹង​ឲ្យ​ចំណី​ដល់​ចៀម​របស់ពួក​ទ្រង់ ) ។

  • តើនរណា​ខ្លះ​ជា​កូនចៀម​របស់​​​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ? តើ​យើងឲ្យ​ចំណី​​វា​ដូចម្តេច?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឲ្យ​ឮៗ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« នេះ​គឺ​ជា​ការ​អំពាវនាវ​​របស់​ព្រះ​គ្រីស្ទ​ដល់​ពួក​គ្រីស្ទាន​គ្រប់​រូប​នាបច្ចុប្បន្ន​នេះ ៖ ‹ ចូរ​ឲ្យ​ចំណី​ដល់​កូនចៀម​ខ្ញុំ​ស៊ី​ផង ។ … ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផង › —គឺ​ចែកចាយ​ដំណឹងល្អ​របស់​យើង​ដល់​មនុស្ស​ទាំងចាស់​ទាំង​ក្មេង ដោយលើកស្ទួយ ឲ្យ​ពរ លួងលោម លើក​ទឹក​ចិត្ត ហើយ​ពង្រឹង​ពួកគេ ជា​ពិសេស​ដល់​ជន​ដែល​គិត ហើយ​ជឿខុស​ពី​​យើង » (« Being a More Christian Christian » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១២ ទំព័រ​ ៩១ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍​ដែល​ពួកគេ​ទើបសំគាល់ឃើញ​អាច​ទាក់ទង​នឹង​យើង ​សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អានសាច់​រឿង​ខាងក្រោម​នេះ​ឲ្យ​ឮៗ ។ អ្នក​អាច​សម្រប​សាច់រឿង​ទាំង​​នេះ​ទៅតាម​តម្រូវការ និង​ចំណាប់អារម្មណ៍​នៃ​សិស្ស​របស់​អ្នក ។ បន្ទាប់​ពី​សាច់​រឿង​នីមួយៗ​ត្រូវ​បាន​អាន​ចប់ ចូរ​សួរ​សំណួរ​តាមក្រោយ ។

  1. មាន​ក្មេង​ប្រុស​មួយ​ក្រុម​ បាន​អញ្ជើញ​យុវជន​ម្នាក់​ឲ្យ​អង្គុយ​ជាមួយ​ពួកគេ​នៅ​ម៉ោង​បាយ​ថ្ងៃ​ត្រង់ ហើយគាត់​សង្ឃឹម​ថានឹង​ក្លាយ​ជា​មិត្ត​ជាមួយ​នឹង​ពួកគេ ។ អំឡុង​ពេល​នៃ​ការ​សន្ទនា​របស់​ពួកគេ មាន​ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង​ក្រុម​នោះ​ចាប់ផ្ដើមចំអន់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ទៀត​ជា​សាធារណៈ ។

  2. មាន​យុវនារី​ម្នាក់​ចូលចិត្ត​លេង​បាត់​ទាត់ ។ នាង​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​លេង​បាល់​ទាត់ ហើយ​មាន​ពេល​តិច​តួច​ណាស់​សម្រាប់​រឿង​ផ្សេង​ទៀត​ដូចជា រាត្រី​ជួបជុំ​ក្រុម​គ្រួសារ និង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ។

  3. មាន​យុវជន​ម្នាក់​មមាញឹក​នឹងការ​សិក្សា ព្រមទាំងសកម្មភាពក្រៅ​ម៉ោង​សិក្សា​ផ្សេងទៀត ។ ពេញ​មួយ​សប្ដាហ៍ គាត់​បាន​ទន្ទឹង​រង់​ចាំ​ការ​មាន​ពេលទំនេរ​ដ៏​កម្រ​មួយ​ចំនួន​ជាមួយ​នឹង​មិត្ត​ភក្ដិ​នៅ​យប់​ថ្ងៃ​សុក្រ ។ មុន​ពេល​គាត់​ទូរសព្ទ​ទៅ​មិត្ត​របស់​គាត់​ ដៃ​គូ​បង្រៀន​តាម​ផ្ទះរបស់​គាត់​បាន​ទូរសព្ទ​មក​សួរ​ថា តើ​គាត់​អាច​ចេញ​ទៅ​ជួយ​ដល់​គ្រួសារ​មួយ​ដែល​ពួកគេ​បាន​ចាត់តាំង​ឲ្យ​ ដែល​មាន​សេចក្ដីត្រូវការ​ជា​បន្ទាន់​បាន​ទេ ។

  • តើ​មាន​ការ​ជ្រើស​រើស​អ្វីខ្លះ​សម្រាប់​បុគ្គល​នេះ ?

  • តើ​បុគ្គល​ម្នាក់​នេះ​អាចធ្វើ​បានដូចម្តេច​ខ្លះ ដើម្បីបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ? តើ​ទង្វើ​នោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​តាម​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍ខាងក្រោម​ដោយអែលឌើរ ហូឡិន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​បទពិសោធន៍​របស់​យើង​នឹង​មានសភាពយ៉ាង​ណា​នៅ​ថ្ងៃ​ជំនុំជំរះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹងពិតជា​ភ្ញាក់​ផ្អើល​ណាស់ បើ​នៅ​ក្នុង​ការ​សន្ទនា​នោះ ព្រះ​ពុំ​សួរ​យើង​ដូច​គ្នា​នឹង​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​សួរ​ដល់​ពេត្រុស​នោះ​ ៖ ‹ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ ? ›» (« The First Great Commandment » ទំព័រ​ ៨៤ ) ។

ចូរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការ​ជ្រើស​ស្រឡាញ់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​លើស​ពី​អ្វីៗ​ទាំងអស់ និង​ការ​បង្ហាញ​សេចក្ដីស្រឡាញ់​នោះ​ដោយ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​របស់​ទ្រង់ ។

ចូរ​​លើក​លើក​ឡើង​ពី​អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុងរូប​បេះដូង​នៅ​លើ​ក្ដារខៀន និង​​សំណួរ​ដែល​បាន​សរសេរ​នៅ​ក្បែរ​វត្ថុ​ទាំងនោះ ៖ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » ចូរ​គូស​បន្ទាត់​​ក្រោម​​ពាក្យ របស់​ទាំងនេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោមទាំង​នេះនៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ៖

  • ប្រសិន​បើ​ព្រះយេស៊ូវ​បាន​សួរ​សំណួរ​ដូចគ្នា​នេះ​ដល់​អ្នក តើ​អ្នក​គិត​ថា​ទ្រង់​ចង់​មាន​បន្ទូលអំ​ពី​អ្វីទៅ ​​នៅក្នុង​ជីវិត​របស់​អ្នក​ចំពោះ​ពាក្យថា « របស់​ទាំងនេះ » ?

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់​ទ្រង់​​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​​​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះអម្ចាស់​តាម​របៀប​ណា ?

យ៉ូហាន ២១:១៨-២៥

ព្រះយេស៊ូវ​ប្រាប់​ពី​ការរងទុក្ខ​ទុក្ករកម្ម​របស់​ពេត្រុស និង ការបកប្រែ​របស់​យ៉ូហាន

សូម​សង្ខេប យ៉ូហាន ២១:១៨-២១ ដោយ​ពន្យល់ថា ព្រះ​យេស៊ូវ​​បាន​ព្យាករ​ថា នៅពេល​ពេត្រុសមានអាយុ​ចាស់ « នោះ​គាត់​នឹង​សន្ធឹង​ដៃ [ របស់​គាត់ ]​ ទៅ » (ខទី ១៨) ហើយ​ត្រូវ​នាំ​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ​ ។ វា​ជា​ទំនៀមទម្លាប់​ដែល​ជឿ​ថា ពេត្រុស​បាន​ស្លាប់​ដោយសារ​ការឆ្កាង ។ ប៉ុន្តែ​គេ​និយាយ​ថា ពេត្រុស​បាន​ស្នើសុំ​ឲ្យ​គេ​ឆ្កាង​គាត់​ដាំ​ក្បាល​ចុះ​ក្រោម ដោយ​ព្រោះ​គាត់​ចាត់​ទុក​ខ្លួន​ឯងថាគាត់ពុំសក្តិសម​នឹង​ស្លាប់​តាម​របៀប​ដូច​ព្រះអង្គ​សង្គ្រោះ​ឡើយ ( សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:១៥១–៥២ ) ។

បន្ទាប់​ពី​ឮ​អំពី​ការព្យាករណ៍​នេះ ពេត្រុស​បាន​ទូលសួរថា តើ​នឹង​មាន​​អ្វី​កើត​ឡើង​ចំពោះ​សាវក​យ៉ូហាន ឬ យ៉ូហាន​ដ៏​ជា​ទី​ស្រឡាញ់ ។ សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:២២-២៣ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលរបៀប ​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយ​តប​នឹង​ពេត្រុស ។

  • តើ​ពេត្រុស​បានដឹង​អ្វីខ្លះ​អំពីយ៉ូហាន ?

សូមពន្យល់​ថា ​ពាក្យ​ នៅ នៅក្នុង ខទី ២២ មាន​ន័យ​ថា ​បន្ត​រស់នៅ​លើ​ផែនដី​នេះ ។ ហេតុដូច្នេះ​ហើយ យ៉ូហាន​នឹង​បន្ត​រស់នៅ​លើ​ផែនដី​នេះ ជា​តួអង្គ​ប្រែរូប រហូត​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួក​អ្នក​ដែលបាន​ផ្លាស់ប្រែ​រូប​គឺ​ជា « ជន​ទាំងឡាយ​ណា​ដែល​បាន​ផ្លាស់ប្រែ ដើម្បី​កុំ​ឲ្យ​ស្គាល់​ការឈឺចាប់ ឬ​សេចក្តី​ស្លាប់​ ដរាប​ដល់​ការរស់​ឡើង​វិញ​​ទៅរក​អមតភាព » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួក​អ្នក​ដែល​បាន​ផ្លាស់ប្រែ​រូប » ,scriptures.lds.org) ។

  • យោង​តាម ខ​ទី ២២តើ​ព្រះយេស៊ូវ​បាន​ចង់​ឲ្យ​ពេត្រុស​ផ្តោត​ទៅ​លើ​អ្វី ជាជាង​ខ្វល់ខ្វាយអំ​ពី​ខ្លួន​ឯង​ជាមួយ​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យ៉ូហាន​នោះ ?

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ២១:២៤-២៥ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម​រកមើល​អ្វី ​ដែល​យ៉ូហាន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង នៅពេល​គាត់​បាន​បញ្ចប់​កំណត់ត្រា​របស់​គាត់ ។

  • តើ​យ៉ូហាន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹងអ្វីខ្លះ នៅពេល​គាត់​បាន​បញ្ចប់​កំណត់ត្រា​របស់​គាត់ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

ចេញពី​អ្វីៗ​ទាំងអស់​ដែល​បាន​សរសេរ​នៅក្នុង​កំណត់ត្រា​របស់​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន តើ​រឿង ព្រឹត្តិការណ៍ ឬ ការបង្រៀន​អ្វី​ខ្លះ​ នៅ​ក្នុង​​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងអស្ចារ្យម​កលើ​អ្នក ? ហេតុអ្វី ?

សូម​អញ្ជើញ​​​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំង​នេះ ។ អ្នក​អាច​ចាក់​ភ្លេងទំនុកតម្កើង​ដោយ​ស្ងៀម​ស្ងាត់ ដូចជា « ចូរ​មក​តាម​ខ្ញុំ » (ទំនុកតម្កើង​ ល.រ. ៦៣ ) ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​មើល​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ​ដើម្បី​រំឭក​ពីសេចក្ដីពិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន ។ បន្ទាប់ពី​ផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ ចូរ​អញ្ជើញ​សិស្ស​​ពីរបីនាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ហើយ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

អ្នក​គួរ​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ដំណើរ​រឿង​អំពី​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សរសេរ​ដោយ ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ២១:១–១៩ ។ បញ្ញត្តិធំទីមួយ

ចំពោះ​ការការពន្យល់​បន្ថែម​ទៀត​ស្ដីពី​ការ​សន្ទនា​រវាង​ព្រះយេស៊ូវ និង​ពេត្រុស ដែល​បាន​កត់​ត្រា​នៅ​ក្នុង យ៉ូហាន ២១ សូម​អាន​សុន្ទរកថា​​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The First Great Commandment » (EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១២ ទំព័រ ៨៣–៨៥ ) ។

យ៉ូហាន ២១:២២–២៣ ។ « នៅ​ទាល់​តែ​ខ្ញុំ​មក »

« នៅ​គ្រាចាប់ផ្ដើម​នៃ​ការងារ​បម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក ក្នុង​នគរ​របស់​លោក › (ម៉ាថាយ ១៦:២៨) ។ ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​មាន​បន្ទូល​ប្រាប់​ជាមុន​ថា យ៉ូហាន​គឺ​ជា​មនុស្ស​ម្នាក់​ដែល​នឹង​បំពេញ​ការ​ព្យាករ​នោះ ហើយ ‹ នៅ › លើ​ផែនដី​រហូត​ទាល់​ទ្រង់​យាង​មក​ម្ដងទៀត ( សូម​មើល យ៉ូហាន ២១:២២–២៣ ) ។ ដំណើរឿង​ដ៏​ពេញ​លេញ​មួយ​ទៀត​អំពី​ការ​សន្ទនា​នេះ​រវាង​ព្រះអង្គ​សង្គ្រោះ ពេត្រុស និង​យ៉ូហាន​ គឺ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ ៧ ដែលជា ‹ ការ​បកប្រែ​ពី​បញ្ជី​ដែល​យ៉ូហាន​បាន​សរសេរ​ទុក​នៅ​លើ​រមូរក្រដាស ហើយ​បានលាក់ទុក​ដោយ​ខ្លួន​លោកផ្ទាល់ › (គ. និង ស. ៧ សេចក្ដីផ្ដើម​កណ្ឌ ) ។ វិវរណៈ​នេះ​បញ្ជាក់​ថា យ៉ូហាន​បាន​សូម​ដល់​ព្រះអង្គ​សង្គ្រោះ​សម្រាប់ ‹ អំណាច​លើ​សេចក្ដីស្លាប់ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​នៅ​រស់ ហើយ​នាំ​ព្រលឹង​ទាំងឡាយមក​រក​ព្រះអង្គ › ( សូម​មើល គ. និង ស. ៧:១–៣ ) ។ ហេតុដូច្នេះហើយ យ៉ូហាន​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល ‹ បាន​ផ្លាស់ប្រែ​រូប › ។ មនុស្ស​បែប​នេះ​​ជា ‹ ជន​ទាំងឡាយ​ណា​ដែល​បាន​ផ្លាស់ប្រែ ដើម្បី​កុំ​ឲ្យ​ស្គាល់​ការឈឺចាប់ ឬ សេចក្តី​ស្លាប់​ ដរាប​ដល់​ការរស់​ឡើង​វិញ​​ទៅរក​អមភាព › ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ‹ ពួក​អ្នក​ដែល​បាន​ផ្លាស់ប្រែ​រូប › ,scriptures.lds.org) ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពួក​អ្នក​ដែល​បាន​ផ្លាស់​ប្រែ​រូប សូម​មើល នីហ្វៃទី ៣ ២៨:៤–៤០ដែល​បញ្ជាក់​ថា សិស្ស​សាសន៍នីហ្វៃ​ទាំងបី​រូប​បាន​ដក​ពិសោធន៍​ការផ្លាស់​ប្រែ​ដូចគ្នា​នឹង​យ៉ូហាន​ដែរ ( សូមមើល នីហ្វៃទី ៣ ២៨:៦) » (New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ២៧១ ) ។

ព្យាការី​យ៉ូសែប ស្ម៊ីធ ​បាន​បង្រៀន​នៅ ខែ ​មិថុនា ឆ្នាំ ១៨៣១ ថា យ៉ូហាន​នៅ​ពេល​នោះ​កំពុង​ធ្វើ​ការ​បម្រើ​នៅ​ក្នុង​ចំណោមពូជអំបូរ​ទាំង​ដប់​ដែល​វង្វេង ( សូម​មើល History of the Church, ១:១៧៦ ) ។ ក្រៅ​ពី​សេចក្ដីថ្លែងការណ៍​នេះ យើង​មិន​បានដឹង​រឿង​ជាក់លាក់​អំពី​ការងារ​បម្រើ​របស់​យ៉ូហាន ជា​មនុស្ស​ដែល​បាន​ផ្លាស់​ប្រែ​រូប​ឡើយ ។ វាពុំ​មែន​ជារឿង​ឈ្លាស​វៃ​នោះ​ទេ ដើម្បី​​ប៉ាន់ស្មាន​អំពី​កន្លែង ឬ​កិច្ចការ​ដែល​យ៉ូហាន​បាន​​ធ្វើ​នោះ ។