បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​ដំណឹងល្អ​យោងតាម​យ៉ូហាន


សេចក្ដីផ្ដើម​នៃ​ដំណឹងល្អ​យោងតាម​យ៉ូហាន

ហេតុអ្វី ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​គ្រា​មួយ​ដែល​មាន​ការ​បៀតបៀន​ទាស់​នឹង​ពួក​គ្រីស្ទាន ការ​ក្បត់​សាសនា និង​ជម្លោះ​អំពី​លក្ខណៈសម្បត្តិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចេះ​តែ​កើន​ឡើង នោះ​សាវក​យ៉ូហាន​បាន​កត់ត្រា​ទីបន្ទាល់​របស់​លោក​អំពី​ព្រះអង្គ​សង្គ្រោះ ។ ការ​សិក្សា​ដំណឹងល្អ​របស់​យ៉ូហាន​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌​តាម​រយៈ​ការ​ងារ​​បម្រើ​របស់​ព្រះរាជបុត្រា​ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ ដំណើរ​រឿង​របស់​យ៉ូហាន​បង្រៀន​យើង​ថា ជន​ដែល​រស់​នៅ​ស្រប​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ទទួល​បាន​ពរជ័យ​ដ៏​ធំធេង រួម​បញ្ចូល​ទាំង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សាវក​យ៉ូហាន​បាន​សរសេរ​គម្ពីរ​នេះ ។ នៅ​ក្នុង​គម្ពីរ​នេះ​គាត់​បាន​ហៅ​ខ្លួន​ឯង​ថា​ជា « សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ » ( សូម​មើល យ៉ូហាន ១៣:២៣, ១៩:២៦, ២០:២, ២១:៧, ២០ ) ។

យ៉ូហាន និង​បងប្រុស​របស់​គាត់​ឈ្មោះ​ យ៉ាកុប​ គឺជា​អ្នក​នេសាទ​ត្រី ( សូមមើល ម៉ាថាយ ៤:២១ ) ។ ពីមុន​ក្លាយ​ជា​សិស្ស និង​ជា​សាវក​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាម​ពិត​ទៅ យ៉ូហាន​គឺជា​អ្នក​ដើរ​តាម​យ៉ូហាន ​បាទីស្ទ ( សូម​មើល យ៉ូហាន ១:៣៥–៤០ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « យ៉ូហាន កូន​ប្រុស​របស់​សេបេដេ » scriptures.lds.org ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

យើង​ពុំ​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​យ៉ូហាន​បានសរសេរ​គម្ពីរ​នេះ​ទេ ។ កាលបរិច្ឆេទ​ដែល​បាន​ដាក់​ស្នើ​សម្រាប់​ការសរសេររបស់​គម្ពីរ​នេះ​គឺ នៅ​ចន្លោះ​​ពី​គ.ស.ទី ៦០ និង​គ.ស.ទី ១០០ ។ ពួក​អ្នក​សរសេរ​គ្រីស្ទាន​កាល​ពី​បុរាណ​នៅ​សតវត្សរ​ទី​ពីរ​នៃគ.ស.​បាន​ណែនាំ​ថា យ៉ូហាន​បាន​សរសេរ​គម្ពីរ​នេះ​នៅ​អេភេសូរ​ក្នុង​តំបន់​អាស៊ីតូច ( ប្រទេស​តួកគី​សព្វថ្ងៃ ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ទោះ​បី​ជា​ការ​សរសេរ​របស់​យ៉ូហាន​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្ដី ប៉ុន្តែ​សារលិខិត​របស់​គាត់​ក៏​មាន​សម្រាប់​ក្រុម​អ្នក​អាន​ជាក់លាក់មួយចំនួនផង​ដែរ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សរសេរថា ៖ « ដំណឹងល្អ​របស់​យ៉ូហាន​គឺជា​ដំណើរ​រឿង​សម្រាប់​ពួក​បរិសុទ្ធ វា​គឺជា​ដំណឹងល្អ​ដ៏​ឧត្តម​សម្រាប់​សាសនាចក្រ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៦៥ ) ។ យ៉ូហាន​បាន​ថ្លែង​ថា គោលបំណង​របស់​គាត់​ក្នុង​ការ​សរសេរ​គម្ពីរ​នេះ​គឺ​ដើម្បី​ទាក់ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ « ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះនាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ » ( យ៉ូហាន ២០:៣១ ) ។ « ទិដ្ឋភាព​នៃ​ជីវប្រវត្តិ​របស់​ព្រះយេស៊ូវ​ដែល [ យ៉ូហាន ] ពិពណ៌នាគឺ​ត្រូវ​បាន​ជ្រើស​រើស ហើយ​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​ដោយ​មាន​គោលបំណង​នេះ នៅ​ក្នុង​គំនិត » ( Bible Dictionary « John, Gospel of » ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ប្រហែល​ជា​ ៩២ ​ភាគរយ​នៃ​ឯកសារ​នៅក្នុង​ដំណឹងល្អ​របស់​យ៉ូហាន គឺ​គ្មាន​នៅ​ក្នុង​ដំណើររឿង​នៃ​ដំណឹងល្អ​ផ្សេង​ទៀត​ឡើយ ។ ប្រហែល​ដោយ​សារ​​យ៉ូហាន​មាន​បំណង​ចង់​សរសេរ​ទៅ​កាន់​ប្រជា​ជននោះ—ជា​សមាជិក​សាសនាចក្រ​ដែល​មាន​ការ​យល់ដឹង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​រួច​ហើយ—គឺ​ខុសពី​ពួក​អ្នក​អាន​របស់​ម៉ាថាយ ម៉ាកុស និង​លូកា ។ នៅ​ក្នុង​ចំណោម​អព្ភូតហេតុ​ទាំង​ប្រាំពីរ​ដែល​យ៉ូហាន​បាន​លើក​ឡើង មាន​អព្ភូតហេតុ​ប្រាំ​ពុំ​ត្រូវបាន​កត់ត្រា​នៅ​ក្នុង​ដំណឹងល្អ​ផ្សេង​ទៀត​នោះទេ ។ កាល​ម៉ាថាយ ម៉ាកុស និង​លូកា ​បានបង្ហាញ​នូវ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ពិចារណា​ស្ដីពី​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ស្រុក​កាលីឡេ យ៉ូហាន​បាន​កត់ត្រាពី​ព្រឹត្តិការណ៍​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​យូដា ។ ដំណឹងល្អ​របស់​យ៉ូហាន​គឺជា​គោលលទ្ធិ​ដ៏​វិសេស​វិសាល ដោយ​មាន​នូវ​ប្រធាន​បទ​ដ៏​សំខាន់​​មួយ​ចំនួនរបស់វា ​ដែល​លើក​ឡើង​ពី​ទេវភាព​របស់​ព្រះយេស៊ូវ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ព្រះ​វិញ្ញាណ​បរិសុទ្ធ សេចក្ដី​ត្រូវ​ការ​ដើម្បី​កើត​ជា​ថ្មី សារៈសំខាន់​នៃ​ការ​ស្រឡាញ់​មនុស្ស​ដទៃ និង​សារៈសំខាន់​នៃ​ការ​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ។

យ៉ូហាន​បាន​គូស​បញ្ជាក់​អំពី​ទេវភាព​របស់​ព្រះយេស៊ូវ​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ យ៉ូហាន​បាន​កត់ត្រា​សេចក្ដី​យោង​របស់​ព្រះយេស៊ូវ​ចំពោះព្រះវរបិតា​ទ្រង់​ជាង​​ ១០០ ដោយ​មាន​សេចក្ដី​យោង​ជាង ​២០ ​នៅ​ក្នុង​យ៉ូហាន ​១៤​ តែឯង។ ការ​ចូល​រួម​ចំណែក​ដ៏​ធំ​មួយ​របស់​យ៉ូហាន​ គឺជា​ការ​ដាក់​បញ្ចូល​របស់​គាត់​អំពី​​ការ​បង្រៀន​​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ មុន​ទ្រង់​ត្រូវ​បាន​គេ​ចាប់​ព្រះកាយ រួម​មាន​ការអធិស្ឋាន​ជំនួស​ដ៏​អស្ចារ្យ ដែល​បាន​ធ្វើ​ឡើង​នៅ​យប់​ដែល​ទ្រង់​បាន​រង​ទុក្ខ​នៅ​ក្នុង​សួនច្បារ​​គែតសេម៉ានី ។ ផ្នែក​នេះ​នៅ​ក្នុង​ដំណើររឿង​របស់​យ៉ូហាន ( យ៉ូហាន ១៣–១៧ ) ជា​តំណាង​ដែល​លើស​ពី ១៨ ភាគរយ​នៃ​ទំព័រ​ទាំងឡាយ​នៅ​ក្នុង​យ៉ូហាន​ទៅ​ទៀត ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ការ​យល់​ដឹង​ជាច្រើន​ទៀត​អំពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ដែល​ទ្រង់​រំពឹង​​ចង់​បាន​ពី​ពួក​សិស្ស​របស់​ទ្រង់ ។

គម្រោង

យ៉ូហាន ១ យ៉ូហាន​ថ្លែង​ទីបន្ទាល់​ពី​ទេវភាព​នៃ​ជីវិត​មុន​ផែនដី និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​លោក​គ្រប់រូប ។ យ៉ូហាន​កត់ត្រា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ និង​ការហៅ​របស់​ពួក​សិស្ស​មួយ​ចំនួន ។

យ៉ូហាន ២–៤ ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ទឹក​ឲ្យ​ក្លាយ​ទៅ​ជា​ស្រា ។ ទ្រង់​បង្រៀន​នីកូដេម​អំពី​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ហើយ​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ស្ត្រី​នៅ​អណ្ដូង​ទឹកថា ​ទ្រង់​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់​ព្យាបាល​កូន​ប្រុសរបស់​​បុរសត្រកូល​ខ្ពស់​ម្នាក់ ។

យ៉ូហាន ៥–៧ ព្រះអង្គសង្គ្រោះ​ព្យាបាល​បុរស​ខ្វិន​ជើង​ម្នាក់​នៅ​ឯ​ស្រះ​បេថែសដា ហើយ​ប្រកាស​ពី​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​នៃ​ព្រះ​របស់​ទ្រង់ ។ ទ្រង់​ប្រទាន​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់​នៅ​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​បង្រៀន​​របស់​ទ្រង់​អំពី​នំប៉័ង​ជីវិត ទ្រង់​ប្រកាស​ថា ទ្រង់​គឺជា​ព្រះមែស៊ី ហើយ​ប្រកាស​នៅ​ក្នុង​បុណ្យ​បារាំ​ថា មាន​តែ​ជន​ដែល​ទទួល​យក​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន ។

យ៉ូហាន ៨–១០ តាម​រយៈបទពិសោធន៍​នៃ​ស្ត្រី​ដែល​បាន​នាំ​មក​ ដោយ​សារ​បាន​ប្រព្រឹត្ត​អំពើកំផិត ព្រះយេស៊ូវ​បង្រៀន​អំពី​សេចក្ដី​មេត្តាករុណា និង​ការ​ប្រែចិត្ត ។ ទ្រង់​ប្រកាស​ថា​ ទ្រង់​គឺជា​ព្រះយេហូវ៉ា ជា​ព្រះ​ដ៏​ជា​ព្រះ ។ ទ្រង់​ព្យាបាល​បុរស​ម្នាក់​ដែល​កើត​មក​ខ្វាក់​ភ្នែក ហើយ​រៀបរាប់​ថា​ទ្រង់​គឺជា​អ្នក​គង្វាល​ល្អ ដែល​ស្រឡាញ់ ហើយ​លះបង់​ព្រះជន្ម​របស់​ទ្រង់​ការពារ​ចៀម​របស់​ទ្រង់ ។

យ៉ូហាន ១១–១៣ ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ ដោយ​បង្ហាញ​ពី​ព្រះចេស្ដារ​របស់​ទ្រង់​លើ​សេចក្ដី​ស្លាប់ ។ ទ្រង់​យាង​ចូលក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។ នៅ​ក្នុង​អាហារ​យប់​ថ្ងៃ​ចុងក្រោយ ព្រះយេស៊ូវ​លាង​ជើង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា ។

យ៉ូហាន ១៤–១៦ ព្រះយេស៊ូវ​ណែនាំ​ពួក​សិស្ស​ទ្រង់​ស្ដីពី​ទំនាក់ទំនង​រវាង​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​ប្រតិបត្តិ ។ ទ្រង់​សន្យា​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ ( ព្រះវិញ្ញាណបរិសុទ្ធ ) ហើយ​បម្រើ​ពួក​សិស្ស​របស់​ទ្រង់​ដោយ​ផ្ទាល់ ។ ទ្រង់​ប្រកាស​ថា ទ្រង់​គឺជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ថា​ទ្រង់​បាន​យក​ឈ្នះ​លើ​លោកិយ​ហើយ ។

យ៉ូហាន ១៧–១៩ ព្រះយេស៊ូវ​បាន​ធ្វើការ​អធិស្ឋាន​​ជំនួស​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ និង​ជន​ដែល​នឹង​ជឿ​លើ​ការ​បង្រៀន​របស់​ពួកគេ ។ ទ្រង់​ត្រូវ​បាន​គេ​ក្បត់ ចាប់​ព្រះកាយ កាត់ទោស ហើយ​ផ្ដន្ទាទោស ។ បន្ទាប់​ពី​ការ​រងទុក្ខ​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សុគត ហើយ​ត្រូវបានគេ​បញ្ចុះ​ក្នុង​ផ្នូរ ។

យ៉ូហាន ២០–២១ ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ម៉ារា ម៉ាក់ដាឡា​នៅ​សួន​ផ្នូរ ហើយ​បន្ទាប់​មក​ដល់​ពួក​សិស្ស​មួយ​ចំនួន​នៅក្រុង​យេរូសាឡិម ។ ទ្រង់​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​ប្រាំពីរ​នាក់​នៅ​ឯ​សមុទ្រ​កាលីឡេ ហើយ​អនុញ្ញាត​ឲ្យ​ពេត្រុស​ដឹកនាំ​ពួក​សិស្ស​ទាំងឡាយ​នៅ​ក្នុង​ការ​ងារ​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត ។