បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ លូកា ១០:៣៨-១៧:៣៧ ( ​មេរៀនទី ១១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

លូកា ១០:៣៨–១៧:៣៧ ( មេរៀនទី ១១ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស ដែល​សិក្សានៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង ​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា លូកា ១០:៣៨-១៧:៣៧ ( មេរៀន​ទី ១១ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( លូកា ១០:៣៨–១២:៥៩ )

ចេញមកពី​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់​​ម៉ាថា សិស្ស​បានរៀន​ថា ប្រសិន​បើ​យើង​ជ្រើសរើស​លះបង់​ខ្លួន​យើង​ចំពោះ​រឿង​ខាង​វិញ្ញាណ​ពី លើសពី​កង្វល់​ខាង​សាច់​ឈាម នោះ​យើង​​នឹង​ទទួល​បាន​ពរជ័យ​ដ៏​យូរ​អង្វែង ។ ព្រះយេស៊ូវ​ក៏បាន​បង្រៀន​ផងដែរ ប្រសិន​បើ​យើង​អធិស្ឋាន​ដោយខ្ជាប់ខ្ជួន​ ហើយ​ស្វែងរក​ពរជ័យ​របស់ព្រះ​វរបិតាសួគ៌​ក្នុងគ្រា​ចាំបាច់ បន្ទាប់មក​ទ្រង់​នឹង​​ឆ្លើយតបចំពោះ​ការ​អធិស្ឋាន​របស់​យើងតាម​ពេលវេលា​របស់ទ្រង់ និង ​តាម​របៀប​របស់ទ្រង់​ផ្ទាល់ ។ សេចក្ដីពិត​ផ្សេងទៀត​ដែល​សិស្ស​បាន​រៀនមាន​ដូចជា ៖ ព្រះអម្ចាស់​បញ្ជា​យើង​កុំ​ឲ្យ​លោភ​ចង់បាន​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ។ ប្រសិនបើ​យើង​ស្វែងរក​នគរ​របស់ព្រះ និង ​សេចក្ដីសុចរិត​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​ផ្គត់ផ្គង់​ចំពោះ​សេចក្ដី​ត្រូវការ​​របស់​យើង ហើយ​រៀបចំ​កន្លែង​មួយសម្រាប់​យើង​នៅក្នុង​នគរ​របស់ទ្រង់ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ១៣-១៥ )

នៅ​ក្នុង​ជំពូក​នេះ សិស្ស​បាន​រៀន​អំពីគោលការណ៍​​​ដូច​ខាងក្រោម ៖ ប្រសិន​បើ​យើង​ព្យាយាម​ជួយ​មនុស្ស​ដែល​មិនសូវមាន​ភ័ព្វវាសនា​ដូច​ជាយើង នោះ​ព្រះអម្ចាស់​នឹង​ប្រទានរង្វាន់​ដល់​យើង​ នៅ​ពេល​ការរស់ឡើងវិញ​ ។ ប្រសិន​បើ​យើងដាក់អាទិភាព​ផ្សេង​ខ្ពស់ជា​ង​ព្រះ​អម្ចាស់ និង ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​នឹង​បាត់​បង់​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​​យើងអាច​នឹង​ទទួល ។ ពួក​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ត្រូវ​តែ​មានឆន្ទៈ​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ដើរតាម​ទ្រង់ ។ នៅពេល​យើង​ជួយអ្នកដទៃ​មានបំណង​ប្រាថ្នា​ចង់ប្រែ​ចិត្ត នោះ​យើង​មាន​អារម្មណ៍​អំណរ និង​​ស្ថានសួគ៌ក៏មានអំណរផងដែរ ។

ថ្ងៃ​ទី ៣ ( លូកា ១៦ )

ចេញមកពី​រឿង​ប្រៀបធៀប​របស់​អ្នក​ត្រួត​ត្រា​ទុច្ចរិត​ និង​អ្នកមាន និង​ឡាសារ នោះ​សិស្ស​​បានរៀន​ថា ប្រសិនបើយើង​បានរៀបចំខ្លួនដោយ​វ័យ​ឆ្លាត​សម្រាប់​អនាគត​ដ៏​អស់កល្ប​ជានិច្ច​​របស់​យើង ហើយ​ប្រើ​ទ្រព្យ​លើ​ផែនដី​ដោយ​សុចរិត នោះយើងអាច​ត្រូវ​បានប្រទានពរ​នូវ​​ទ្រព្យ​ដ៏អស់កល្បជានិច្ច ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​អំពី​គោលការណ៍​ទាំងឡាយ​​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​លោភលន់ ហើយ​ពុំ​ប្រើ​ទ្រព្យ​លើ​ផែនដី​របស់​យើង​ដោយសុចរិត នោះនៅទីបំផុត​យើងនឹង​ទទួល​បទពិសោធន៍​នៃការ​រងទុក្ខ និង​វិប្បដិសារី​ ។ ការ​ផ្លាស់ប្រែចិត្តជឿ​កើត​មាន​តាមរយៈ​ការ​ជឿ និង​ការ​ស្ដាប់​តាមពាក្យ​សម្ដី​របស់ពួក​ព្យាការី ពុំ​មែន​តាម​រយៈ​​ការ​មើលឃើញ​អព្ភូតហេតុ ឬ​មើល​ឃើញ​ពួក​ទេវតា​នោះទេ ។

ថ្ងៃ​ទី ៤ ( លូកា ១៧ )

នៅក្នុងលូកា ១៧ពួកសាវក​បាន​សុំ​ឲ្យព្រះយេស៊ូវ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ ។ ពួកសិស្ស​បានរៀនថា សេចក្ដីជំនឿ​របស់​យើងនឹង​កើន​ឡើង នៅពេល​យើង​ព្យាយាម​ដើម្បីធ្វើ​អ្វី​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​បញ្ជា និង ​នៅពេល​យើង​ចងចាំ​ថា យើង​ជំពាក់​គុណ​ទ្រង់ជានិច្ច ។ ពួកសិស្ស​ក៏​បាន​រៀន​ផងដែរ​ថា យើង​ទទួល​ពរជ័យ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ធ្វើនូវអ្វី​ដែល​ទ្រង់​បាន​បង្រៀ​ន​យើង​ឲ្យធ្វើ ហើយ​សំខាន់ក្រៃលែង​ដើម្បី​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​ពរជ័យ​ដែល​យើងបានទទួល ។

សេចក្តី​ផ្តើម

ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ចំពោះ​ការ​រអ៊ូរទាំ​របស់​ពួក​ផារីស៊ី​អំពី​ការទំនាក់ទំនង​របស់ទ្រង់​ជាមួយ​នឹង​អ្នក​ប្រមូលពន្ធ និង ពួក​អ្នកមានបាប តាមរយៈ​ការ​ប្រទាន​ឲ្យនូវ​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ ការ​បាត់កាក់ និង​ រឿង​កូនប្រុស​​​ខ្ជះខ្ជាយ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៥

ព្រះយេស៊ូវ​ប្រទាន​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែលបាត់ ការបាត់​កាក់ និង​ រឿង​កូនប្រុស​ខ្ជះខ្ជាយម្នាក់

សូមចាប់​ផ្ដើម​ថ្នាក់​ដោយការ​សួរ​ដល់សិស្ស​ប្រសិន​បើ​ពួកគេ​ធ្លាប់​បាត់​វត្ថុ​មួយ ដែល​មានតម្លៃ​ចំពោះពួកគេ ។

  • តើអ្នក​មានឆន្ទៈ​ធ្វើអ្វីខ្លះ​ដើម្បី​ស្វែងរក​វា ? ហេតុអ្វី ?

  • តើ​អ្នកគិត​ថា​វាមានន័យ​យ៉ាងណា​ចំពោះមនុស្ស​ដែល​បាន « វង្វេង » ខាង​វិញ្ញាណ ? ( សូម​ជួយសិស្ស​យល់​ដឹងថា រឿង​នេះ​អាច​សំដៅទៅលើ​អ្នកទាំងឡាយ​ដែល​ពុំ​ទាន់​បានទទួល​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដែលបាន​ស្ដារឡើងវិញនៅឡើយ ឬ​ដែល​ពុំ​រស់នៅ​ស្របតាមការ​បង្រៀន​នៃ​ដំណឹងល្អ​បច្ចុប្បន្ន​នេះ ) ។

សូមអញ្ជើញសិស្ស​ឲ្យគិតអំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែលប្រហែលជាវង្វេង​ខាង​វិញ្ញាណ ។ ចូរ​សុំ​ឲ្យពួកគេ​ពិចារណា​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​មនុស្ស​ម្នាក់នេះ ។

សូមពន្យល់​ថាលូកា ១៥មាន​នូវ​កា​រ​បង្រៀនរបស់​ព្រះអង្គសង្គ្រោះ​អំពី​អ្នកទាំងឡាយ​ដែល​វង្វេង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យស្វែងរក​សេចក្ដីពិត​នៅក្នុង​លូកា ១៥ស្ដីពី​របៀប​ដែល​ព្រះ​វរបិតាសួគ៌​មានព្រះទ័យ​អំពី​អ្នកទាំងឡាយ​ដែល​វង្វេង​ខាង​វិញ្ញាណ និង ​ទំនួលខុសត្រូវ​ដែលយើងមានចំពោះ​ពួកគេ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១៥:១-២ ឮៗ ។ ចូរ​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ពួក​ផារិស៊ី និង ​ពួកអាចារ្យ​បាន​រអ៊ូរអំពី​នោះ ។

  • ហេតុអ្វី​ក៏​ពួក​ផារិស៊ី និង ​ពួក​អាចារ្យ​រអ៊ូរទាំ ?

  • តើ​ការ​រអ៊ូរទាំ​នេះ បង្ហាញ​អំពី​ពួកផារិស៊ី និងពួក​អាចារ្យ​អ្វីខ្លះ ?

ចូរ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះបាន​ឆ្លើយតប​ដោយ​ការ​ប្រទាន​នូវ​រឿង​ប្រៀបធៀប​ចំនួន​បី ៖ ចៀមមួយ​​ដែលបាត់ កាក់មួយ​​ដែលបាត់ និង​កូនប្រុស​ម្នាក់​ដែល​វង្វេង ។ ចូរ​សុំ​ឲ្យ​ពួកគេ​យកចិត្ត​ទុកដាក់ថា ​ហេតុអ្វីក៏​វត្ថុ​ក្នុង​​រឿង​ប្រៀបធៀប​នីមួយៗបានបាត់ និង​ របៀប​ដែល​វាត្រូវបានរកឃើញវិញ ។

ចូរ​ពន្យល់​ថា​នៅក្នុង​រឿង​ប្រៀបធៀប​អំពី​ចៀម​ដែល​បាត់ និង​កាក់​ដែលបាត់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​​អំពី​របៀប​ដែល​អ្នកគង្វាល និង​ ស្ត្រី​ដែល​បាត់​កាក់ បានខិតខំ​រក​ដោយ​ឧស្សាហ៍​​រហូត​ដល់ពួកគេ​បានរកឃើញ​វត្ថុ​ដែលបាត់នោះ​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១៥:៤-៦, ៨-៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ថាអ្នកគង្វាល និង ​ស្ត្រី​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេល​ពួកគេ​បានរកឃើញ​ចៀម និង​ កាក់​នោះ ។

  • តើ​មានភាពខុសគ្នាអ្វីខ្លះ រវាង​របៀប​ដែល​ចៀមវង្វេង និង កាក់ដែល​បាន​បាត់ ? ( ចៀម​បាន​វង្វេង​ចេញពីផ្លូវ​នៃ​ជីវិត​ដែល​វាធ្លាប់ដើរ​តាម និង ​ពុំ​មែនជា​កំហុស​របស់វា​ទេ ខណៈដែល​កាក់​ត្រូវ​បាន​បាត់ ដោយសារ​តែ​ភាព​ធ្វេសប្រហែស ឬ​ការ​មិន​យកចិត្តទុកដាក់​របស់​ម្ចាស់​ផ្ទាល់ [ សូមមើល ដេវីឌ អូ មិកឃេ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៤៥ ទំព័រ ១២០- ២២ ] ) ។

  • តើ​មាន​ពាក្យ​អ្វីខ្លះ​ ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​​អារម្ហណ៍​ដែល​អ្នកគង្វាល និង​ស្ត្រីនោះ​​បាន​មាន ?

សូមអញ្ជើញ​សិស្ស​ឲ្យអានលូកា ១៥:៧, ១០ដោយស្ងាត់ស្ងៀម ហើយស្វែងរក​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រដូចទៅនឹង​​ក្ដីអំណរ​របស់អ្នក​គង្វាល និង​ស្ត្រីនោះ ។ ( សេចក្ដីអំណរ​នៅក្នុង​ស្ថានសួគ៌​មាន​ចំពោះអ្នក​មាន​បាប​ដែលប្រែចិត្ត ) ។

សូមពន្យល់​ថា រឿង​ប្រៀបធៀប​ទីបីនៅក្នុង​លូកា ១៥គឺជា​រឿងអំពី​កូនប្រុស​ខ្ជះខ្ជាយ​ម្នាក់ ( មានន័យថា ជាមនុស្ស​ម្នាក់​ដែល​បាន​ខ្ជះខ្ជាយ​ចាយវាយហួសហេតុ ) បងប្រុស​របស់គាត់ និង​ ឪពុក​របស់ពួកគេ ។

សូមធ្វើការ​ពិចារណា​​បែងចែក​សិស្ស​ជា​ក្រុមៗ ​ដែលមាន​​សមាជិក​បី​នាក់ ។ សូម​ឲ្យក្រុម​និមួយៗ​នូវច្បាប់​ចម្លង​មួយនៃឯកសារ​ចែកចាយ​ដូច​ខាង​ក្រោម ។ សូមអញ្ជើញ​ពួកគេ​ឲ្យអានលូកា ១៥:១១-៣២ឮៗ​នៅក្នុង​ក្រុម​របស់​ពួកគេ ។ សូមចាត់​សិស្ស​ម្នាក់​ឲ្យ​ពិចារណានូវរឿងប្រៀបធៀប​អំពី​ទស្សនៈ​វិស័យ​របស់​កូនប្រុស​ខ្ជះខ្ជាយ ហើយឲ្យសិស្ស​ទីពីរ​ពិចារណា​អំពី​ទស្សនៈវិស័យ​របស់ឪពុក និង​ សិស្ស​ទីបី ពិចារណា​អំពី​ទស្សនៈវិស័យ​របស់​បងប្រុស ។

បន្ទាប់ពីសិស្ស​បាន​អានចប់ហើយ ចូរ​សុំ​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​សំណួរ​នៅលើ​ឯកសារ​ដែល​ចែក​ឲ្យនៅក្នុងក្រុមរបស់ពួកគេ ។

រូបភាព
ឯកសារ​ចែកចាយ រឿងប្រៀបធៀប​នៃ​កូនប្រុសខ្ជះខ្ជាយ

រឿង​ប្រៀប​ប្រដូច​អំពី​​កូនប្រុសខ្ជះ​ខ្ជាយ

ព្រះគម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​សិក្សា​នៅផ្ទះ ( មេរៀនទី ១១ )

កូនប្រុសខ្ជះខ្ជាយ

  • តើ​មានអ្វីខ្លះ​ដែលបានជួយអ្នកឲ្យ​ដឹងខ្លួន ឬ​ទទួលស្គាល់​ស្ថានភាព​អាក្រក់​ដែល​អ្នកកំពុង​ស្ថិតនៅ ?

  • តើ​អ្នកបាន​រំពឹង​ឲ្យឪពុក​របស់អ្នកធ្វើ​ដូចម្តេច​ ចំពោះការ​ត្រឡប់មក​ផ្ទះ​របស់អ្នក​វិញ​ ?

  • តើអ្នកប្រហែលជាគិត ហើយ​មានអារម្មណ៍​យ៉ាង​ណា នៅ​ពេល​ឪពុក​របស់អ្នក​ប្រព្រឹត្ត​ចំពោះអ្នក ដូច​ជា​គាត់បានធ្វើនោះ ?

ឪពុក

  • តើអ្នកប្រហែលជា​គិត ហើយមានអារម្មណ៍​យ៉ាង​ណា ខណៈដែល​កូន​ពៅ​របស់អ្នក​បាន​វង្វេង​បាត់នោះ ?

  • ហេតុអ្វី​ក៏អ្នកស្វាគមន៍​កូនប្រុសខ្ជះខ្ជាយ​របស់អ្នក​ត្រឡប់​មកផ្ទះ តាមរបៀប​ដែល​អ្នក​ធ្វើ​នោះ ?

  • នៅ​ពេលដែល​កូនច្បង​របស់អ្នក អន់​ចិត្ត​ចំពោះ​របៀប​ដែលអ្នកប្រព្រឹត្ត​នឹង​ប្អូនប្រុស​របស់អ្នក តើ​អ្នក​បានជួយ​គាត់​ដូចម្ដេច ដើម្បីឲ្យយល់​អំពីសកម្មភាព​របស់​អ្នក ?

បងប្រុស

  • តើអ្នកប្រហែលជាគិត ហើយមានអារម្មណ៍​យ៉ាង​ណា ខណៈដែល​ប្អូនប្រុស​​របស់អ្នក​បាន​វង្វេង​បាត់នោះ ?

  • ហេតុអ្វី​ក៏វា​លំបាក​ចំពោះ​អ្នក​ដើម្បី​រីករាយ​ចំពោះ​ការ​ត្រឡប់មកវិញរបស់​ប្អូន​ប្រុសអ្នក?

  • តើមាន​ពរជ័យអ្វីខ្លះ ​ដែលអ្នកបានទទួល​ចំពោះ​​ការ​មានចិត្តស្មោះត្រង់ចំពោះ​ឪពុករបស់អ្នក ?

  • ហេតុអ្វី​ក៏​កូនប្រុសខ្ជះខ្ជាយ​បានវង្វេង ? ( ចំពោះ​រឿងចៀម និង កាក់ វា​ផ្ទុយ​ពី​រឿង​​កូនប្រុស​ខ្ជះ​ខ្ជាយ​ដែល​បាន​វង្វេង​ដោយសារ​តែ​ការបះបោរ​របស់គាត់​ផ្ទាល់ ) ។

  • កាលបាន​យល់ដឹង​ថា​ឪពុកនៅក្នុង​រឿង​ប្រៀបធៀប​នេះ​តំណាង​ឲ្យព្រះវបិតាសួគ៌ តើ​យើងអាចរៀនអ្វីខ្លះ អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ចំពោះ​អ្នក​ទាំងឡាយ​​ ដែល​ត្រឡប់មករក​ទ្រង់​ដោយការ​ប្រែចិត្ត​នោះ ? ​ ( សិស្ស​គួរ​ឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ត្រឡប់ទៅរក​ព្រះវរបិតា​សួគ៌​តាមរយៈ​ការ​ប្រែចិត្ត និង​ការ​ស្វែងរក​ការអភ័យទោស​​របស់ទ្រង់ នោះទ្រង់​នឹង​រីករាយ ហើយ​ស្វាគមន៍​យើង​ឲ្យត្រឡប់មក​ក្នុង​រង្វង់​ព្រះហស្ត​របស់ទ្រង់វិញ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​គោលការណ៍​នេះ​ប្រហែលជាជួយអ្នកទាំងឡាយ​ដែល​មានអារម្មណ៍​ថា​បានវង្វេង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​សិស្ស​អំពី​បងច្បង​នៅក្នុង​រឿង​ប្រៀបធៀប ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា​បងច្បង​ខឹង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ពី​យោបល់​ស្ដីអំពី​មូលហេតុ​ដែល​បងច្បង​ខឹង ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ចំពោះ​​អារម្មណ៍​ដែល​ថា​គេ​ពុំ​សូវចេះដឹងគុណ ហើយ​ប្រហែលជា​អាណិត​ខ្លួនឯង​ច្រើនបន្ដិចនេះ ​កូនប្រុស​ដែល​បំពេញកាតព្វកិច្ច​របស់គាត់​នេះ​—ហើយ​គាត់​គឺពិតជា​អស្ចារ្យ—ពិតជាយកចិត្តទុកដាក់ករណីយកិច្ចខ្លួន--​បានភ្លេច​អំពីគ្រា​មួយ ដែល​គាត់​ពុំ​ធ្លាប់​ដឹង​ពីភាពអាក្រក់ ឬ​ភាពអស់សង្ឃឹម ភាពភ័យខ្លាច ឬ​ការ​ស្អប់ខ្ពើម​ខ្លួន​ឯង ។ គាត់បានភ្លេច​នូវគ្រា​មួយ​ដែលថា​គោគ្រប់ក្បាល​នៅក្នុង​ក្រោល ហើយ​ក៏ដូចជា​ខោអាវ​ក្នុងទូ និង​ចិញ្ចៀន​នៅក្នុង​ថតតុ​ទាំងអស់ផងដែរ គឺជា​របស់​ផង​គាត់រួចទៅហើយ​នោះ ។ គាត់បាន​ភ្លេច​គ្រា​មួយ​ ដែល​ភាព​ស្មោះត្រង់របស់គាត់​បាន ហើយ​នឹង​តែងតែត្រូវ​បាន​ផ្ដល់រង្វាន់ជានិច្ច ។ …

«… គាត់មាន​អ្វីៗ​គ្រប់បែបយ៉ាង​ ហើយ​ដែល​បាន​មក​ដោយការ​ខិតខំធ្វើការ​របស់គាត់ ដែល​រកបាន​មកតាមរបៀប​ដ៏​អស្ចារ្យ តែ​ខ្វះ​ខាត​ចំនុច​មួយ​ដែលអាច​នឹង​ធ្វើ​ឲ្យគាត់ក្លាយជា​មនុស្ស​ពេញលេញ​របស់ព្រះអម្ចាស់ ដែលគាត់​ហៀប​នឹង​ធ្វើបាន​ហើយ​នោះ ។ គាត់​ពុំ​ទាន់​មានចិត្តអាណិតមេត្តា និង​ក្ដី​ករុណា​​នៅឡើយ​ទេ ដែលវា​ជា​ដង្ហើមនៃ​ក្ដី​សប្បុរសធម៌​នៃ​ចក្ខុវិស័យ​ដើម្បីមើលឃើញ​ថានេះ​ពុំមែនជា​ការត្រឡប់មក​វិញ​ដោយប្រកួត​ប្រជែង​នោះទេ ។​ គឺជា​ប្អូនប្រុស​របស់គាត់ ។ …

« ពិតណាស់ ប្អូនប្រុស​នេះ ធ្លាប់ជា​អ្នកមានទោស—ជា​អ្នកទោស​នៃ​អំពើបាប ភាព​ល្ងិតល្ងង់ និង ​នៅក្នុងទ្រុង​ជ្រូក ។ ប៉ុន្តែបងប្រុស​បានរស់នៅក្នុង​ការជាប់ឃុំ​ខ្លះៗ​ផងដែរ ។ ពីព្រោះ គាត់ពុំទាន់អាច​ដោះលែង​ខ្លួនគាត់ ពីការជាប់ឃុំ ។ គាត់​ត្រូវ​បាន​លង់លក់ទៅក្នុង​ភាពច្រណែន ។ គាត់​មានអារម្មណ៍ថា​ឪពុកគាត់​ពុំ​ឲ្យ​តម្លៃ ហើយត្រូវ​បាន​កាត់​ចេញដោយប្អូនប្រុស​របស់គាត់​​ ខណៈ​ដែល​វានឹងគ្មានរឿង​ដូច្នោះកើតឡើយ » (​​ « រឿង​កូនខ្ជះខ្ជាយ »Ensignខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦៣ ) ។

  • ស្របតាម​អែលឌើរ ហូឡិន ហេតុអ្វី​ក៏​បងប្រុស​ច្បង​ខឹង ? តើ​បងប្រុស​ច្បង​ក៏ត្រូវបាន​វង្វេង​ដោយរបៀបណា ?

  • តើ​យើងចាំបាច់​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បីចងចាំ​គ្រា​ដែល​យើង​មើល​ឃើញ​ព្រះ​ប្រកប​ដោយ​ក្ដីមេត្តា​ករុណា ហើយ​បាន​ប្រទានពរ​ដល់អ្នកទាំងឡាយ​ដែល​ប្រែចិត្ត ហើយត្រឡប់​មកទ្រង់វិញ​នោះ ?

  • តើ​គោលការណ៍អ្វីខ្លះ ដែលយើងអាច​រៀន​មកពី​រឿង​ប្រៀបធៀបនេះ អំពីការ​ប្រែក្លាយ​ឲ្យ​កាន់តែ​​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ យើង​អាច​ប្រែក្លាយកាន់តែដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ដោយការ​ឆ្លើយតប​ដោយ​ក្ដីមេត្តាករុណា និង ក្ដីអំណរ នៅពេលអ្នកដទៃប្រែចិត្ត) ។

ចូរ​រំឭកសិស្ស​អំពី​មនុស្ស​ដែលពួកគេបានគិត នៅពេល​ចាប់​ផ្ដើម​ថ្នាក់​ដំបូង ដែល​អាច​នឹង​វង្វេង​ខាង​វិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ ឲ្យពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​របៀប​ ដែលពួកគេ​អាច​ជួយ​មនុស្ស​នោះ​ឲ្យប្រែចិត្ត ហើយខិត​មកកាន់តែជិត​ព្រះវរបិតាសួគ៌​វិញ ។ សូមអញ្ជើញ​ពួកគេ​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​ផ្ទាល់​អាច​នឹង​ត្រូវ​វង្វេង ហើយ​ត្រូវការ​នូវការ​ប្រែចិត្ត និង​ត្រឡប់មករកព្រះអង្គសង្គ្រោះវិញ ។

មេរៀន​បន្ទាប់ (លូកា ១៨-យ៉ូហានទី ១)

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​គ្រា​មួយ​ដែល​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​មិនល្អ​នឹង​ពួកគេ ហើយតើ​មានអារម្មណ៍​យ៉ាងណាដែរ ។ សូមពន្យល់ថា នៅពេលពួកគេសិក្សា​មេរៀន​បន្ទាប់ នោះពួកគេ​នឹង​រៀនអំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជ្រើសរើស​ឆ្លើយតប​ចំពោះ​អ្នកទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​មិនល្អ​នឹង​ពួកគេ ។ ចូរ​សុំ​ឲ្យពួកគេ​កត់សម្គាល់​សេចក្ដីលម្អិត​បន្ថែម​នៅក្នុង​ដំណើរ​​រឿង​របស់​លូកា អំពី​ការរង​ទុក្ខ​​របស់ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​​សួនច្បារគេតសេម៉ានី និង​ អ្វី​ដែលព្រះ​យេស៊ូវ​​បានសោយ ​បន្ទាប់ពីការ​រស់ឡើងវិញរបស់ទ្រង់​នោះ ។