បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ លូកា ៥:១-១០:៣៧ ( ​មេរៀនទី ១០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

លូកា ៥:១-១០:៣៧ ( ​មេរៀនទី ១០ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា ​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ ​និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា លូកា ៥:១-១០:៣៧ ( មេរៀន​ទី ១០ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍មួយចំនួន​ទាំងនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( លូកា ៥ )

ចេញមកពីដំណើរ​រឿង​របស់ព្រះអង្គសង្គ្រោះ​អញ្ជើញ​ពេត្រុស យ៉ាកុប និង យ៉ូហាន ឲ្យ​ទៅ​នេសាទ​មនុស្ស​ នោះ​សិស្ស​បាន​រៀនថា ប្រសិនបើ​យើង​ធ្វើអ្វី​ដែលព្រះអម្ចាស់​បញ្ជាប្រាប់ ទោះជា​ពេល​យើង​ពុំ​យល់​ពី​មូលហេតុ​ក្ដី នោះ​ទ្រង់អាច​ផ្ដល់ពរជ័យ​កាន់តែ​ធំជាង​ដែល​យើងអាច​ទទួលបាន​ទៅទៀត ។ ហើយ​ចេញមកពី​ការ​ព្យាបាល​មនុស្ស​ឃ្លង់ និង​មនុស្ស​ខ្វិន នោះ​សិស្ស​បាន​រៀនថា នៅពេល​យើងអនុវត្ត​សេចក្ដីជំនឿ ហើយមក​រក​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​អាច​​ព្យាបាល​យើង ហើយ​យើងអាច​ជួយ​អ្នកដទៃ​ឲ្យមក​រក​ព្រះអង្គសង្គ្រោះ ដើម្បី​ពួកគេ​អាច​ត្រូវ​បាន​ព្យាបាល ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ​ដើម្បីទទួលយក​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ យើង​ត្រូវ​តែ​រាបសារ ហើយមានឆន្ទៈ​ដើម្បីផ្លាស់ប្ដូរ ។

ថ្ងៃ​ទី ២ ( លូកា ៦:១-៧:១៧ )

សិស្ស​បានរក​ឃើញ​ថា ប្រសិន​បើ​យើង​ធ្វើ​ល្អ​នឹង​អ្នកដទៃ​ដោយពុំ​រំពឹង​ចង់បាន​អ្វី​ត្រឡប់​មកវិញ នោះ​រង្វាន់​របស់​យើង​នឹង​មានដ៏​មហិមា ហើយយើង​នឹង​ក្លាយជា​កូន​នៃ​ព្រះដ៏​ខ្ពស់បំផុត ហើយ​ថា​ព្រះវរបិតាសួគ៌​ប្រទាន​ពរដល់​យើង​ប្រកប​ដោយ​សប្បុរស នៅពេល​យើង​ផ្ដល់​ទៅ​ឲ្យ​អ្នកដទៃ​ដោយសប្បុរស​នោះ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ តាមរយៈ​សេចក្ដីជំនឿទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះយើងអាច​ជួយ​នាំ​មកនូវ​ពរជ័យ​ជាច្រើន​ចូល​ទៅក្នុងជីវិត​របស់​អ្នកដទៃ ។ យើងអាច​ធ្វើតាម​គំរូ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដោយការ​បង្ហាញ​នូវ​ក្ដីមេត្តាករុណា​ដល់អ្នកដទៃ ហើយ​បម្រើ​ដល់​តម្រូវការ​ដែល​ពុំបានថ្លែង​របស់ពួកគេ ។

ថ្ងៃ​ទី ៣ ( លូកា ៧:១៨-៥០ )

នៅក្នុងមេរៀននេះ សិស្ស​បានរៀន​ថា ​យ៉ូហាន បាទីស្ទ គឺជា​ព្យាការី​ដែល​បាន​តែងតាំង​ពីមុន​កំណើត​លោកិយ ដើម្បី​រៀបចំ​ផ្លូវ​ និង​ធ្វើបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះរាជ​បុត្រា​​នៃ​ព្រះ ។ ចេញមកពី​រឿង​របស់​ស្ត្រី​ដែល​លាង​ព្រះបាទា​របស់ព្រះ​អង្គ​សង្គ្រោះ​ដោយទឹកភ្នែក​របស់នាង នោះ​សិស្ស​បានរៀន​ដូច​ខាង​ក្រោម ៖ នៅពេល​យើងអនុវត្តសេចក្ដីជំនឿរបស់យើង តាមរយៈ​ការ​បង្ហាញ​សេចក្ដីស្រឡាញ់របស់​យើង​ និង​លះបង់​ថ្វាយព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បានការ​អភ័យទោស​របស់​ទ្រង់ ។ នៅពេល​យើង​ទទួល​បានការ​អភ័យទោស​របស់ព្រះ​អម្ចាស់ នោះយើង​ត្រូវ​បានពេញ​ដោយបំណង​ប្រាថ្នា​ដើម្បីស្រឡាញ់ និង​បម្រើ​ទ្រង់​កាន់តែ​ច្រើន ។

ថ្ងៃ​ទី ៤ ( លូកា ៨:១-១០:៣៧ )

ចេញមកពី​មេរៀននេះ សិស្ស​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យធ្វើ​តាមគំរូរបស់ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ជ្រើសរើស​ឆ្លើយតប​ចំពោះស្ថានភាព​ប្រមាថ ឬ​អាក់អន់ចិត្ត​ដោយ​ការ​អត់ធ្មត់ និងការ​ស៊ូទ្រាំ ។ បន្ថែម​ពីលើ​នោះទៅទៀត ពួកគេ​បានរៀន​ថា ដើម្បីធ្វើជា​សិស្ស​ពិត​របស់ព្រះអង្គសង្គ្រោះ នោះ​យើង​ត្រូវ​តែ​កុំ​បណ្តោយឲ្យអ្វី មាន​អាទិភាពខ្ពស់​ជាង​ការ​ធ្វើ​តាម​ទ្រង់ ហើយ​ថា​​ដើម្បីទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ​យើង​ត្រូវ​តែ​ស្រឡាញ់ព្រះ និង​ស្រឡាញ់​អ្នក​ជិត​​ខាង​យើង​ដូច​ជា​ខ្លួន​យើង ។

សេចក្ដីផ្ដើម

អ្នកប្រាជ្ញ​ខាង​ច្បាប់​ម្នាក់បានសួរ​ព្រះអង្គសង្គ្រោះ​ថា « តើ​ខ្ញុំ​ត្រូវ​​ធ្វើដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្បជានិច្ច ? » (លូកា ១០:២៥) ។ ការ​ធ្វើតាម​គំនិត​សម្រាប់ការ​បង្រៀន អាច​ជួយសិស្ស​ឲ្យ​រៀនអំពី​អត្ថន័យ​ដើម្បីស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិត​ខាង​ដូចជា​ខ្លួន​យើង ។

យោបល់​សម្រាប់ការ​បង្រៀន

លូកា ១០:២៥–៣៧

ព្រះយេស៊ូវ​បង្រៀន​​រឿងប្រៀបធៀប​អំពី​សាសន៍​សាម៉ារីល្អ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« មនុស្ស​នៅជុំវិញ​យើង​ពុំ​ល្អ​ឥតខ្ចោះ​នោះទេ ។ មនុស្ស​ធ្វើ​នូវ​រឿង​ដែល​រំខាន អន់ចិត្ត និងធ្វើ​ឲ្យខឹង ។ នៅក្នុង​ជីវិត​រមែង​ស្លាប់នេះ វា​នឹងតែងតែ​របៀប​នោះ​ជានិច្ច » (« The Merciful Obtain Mercy »EnsignLiahonaខែ ឧសភា ឆ្នាំ ១០១២ ទំព័រ ៧៧ ) ។

សូមអញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ពិចារណា​ថា​តើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែលធ្វើ​ទង្វើ​ដែល​រំខាន អន់ចិត្ត ឬធ្វើ​ឲ្យ​ពួកគេខឹង​ឬទេ ។

  • ហេតុអ្វី​ក៏វា​ពិបាក​ដើម្បីស្រឡាញ់​នរណា​ម្នាក់ ​ដែល​ធ្វើ​នូវ​រឿង​ទាំងនេះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​នៅពេលពួកគេ​សិក្សាលូកា ១០:២៥-៣៧ដែល​អាច​ដឹកនាំ​ពួកគេ​នៅពេល​ពួកគេ​ប្រាស្រ័យទាក់ទង​នឹង​បុគ្គល​ម្នាក់ៗ ដែល​អាច​នឹង​ពិបាក​ដើម្បីស្រឡាញ់​នោះ ។

សូម​រំឭកសិស្ស​ថា នៅក្នុងការ​សិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ​​អំពីលូកា ១០ពួកគេ​បាន​​រៀនអំពី​អ្នកប្រាជ្ញច្បាប់​ម្នាក់​ដែល​បាន​សួរ​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ដើម្បីទទួលបានជីវិត​ដ៏អស់កល្ប​ជានិច្ច ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១០:២៦–២៨ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលចម្លើយរបស់​ព្រះអង្គ​សង្គ្រោះ​ ។ ​បន្ទាប់​មក​ ចូរ​អញ្ជើញ​​សិស្ស​​ឲ្យរាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គោលការណ៍អ្វីខ្លះ​ដែល​យើង​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​ពាក់ព័ន្ធទៅនឹងអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​ជីវិត​ដ៏​អស់កល្បជានិច្ច ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ប្រាប់​នូវ​គោលការណ៍​ស្រដៀងគ្នា​នេះ​ដូច​តទៅ ៖ ដើម្បីទទួលបានជីវិត​ដ៏អស់កល្បជានិច្ច យើង​ត្រូវ​ស្រឡាញ់​ព្រះ ហើយស្រឡាញ់​អ្នកជិត​ខាង​យើង​​ឲ្យដូច​ខ្លួន​យើង ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​ដើម្បី​ស្រឡាញ់ព្រះ​ដោយ​អស់​ពីចិត្ត​ អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំងរបស់​អ្នក​មានន័យ​យ៉ាង​ណា ?

សូម​បង្ហាញ​ឃ្លា « ស្រឡាញ់​អ្នកជិត​ខាង​យើង​ឲ្យដូច​ខ្លួន​យើង » នៅលើ​ក្ដារខៀន ។ ដើម្បីជួយសិស្ស​យល់​នូវ​អត្ថន័យ​ដើម្បី​ស្រឡាញ់​អ្នកជិត​ខាង​យើង​ឲ្យដូច​ខ្លួន​យើង សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វីៗ​ ដែល​ពួកគេ​ធ្វើ​អំឡុង​ថ្ងៃ​ធម្មតា​មួយ ។ ( ចំនុច​ទាំងនោះ​អាច​រួមមាន ការ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ការ​ទទួលទានអាហារ ការ​ដេក ការធ្វើកិច្ចការ​សាលា ជាដើម ) ។

បន្ទាប់ពី​ប្រមូល​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​រួច​ហើយ សូមអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ​តើ​ពួកគេ​មាន​​សកម្មភាពប៉ុន្មាន​ដែល​ផ្ដោត​ទៅលើ​ខ្លួន​ពួកគេ ។ ( អ្នកអាច​នឹង​សុំ​ឲ្យ​ពួកគេ​ប្រាប់​ថា ​តើ​ចំនុច​នីមួយៗ​នៅក្នុងបញ្ជី​នេះ គឺ​សម្រាប់​ខ្លួន​គេ សម្រាប់អ្នកដទៃ ឬ​សម្រាប់ព្រះ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ ចេញមក​ពីលំហាត់​នេះ ?

  • តើ​វិធី​មួយចំនួនអ្វីខ្លះ ​ដែល​យើងអាច​ផ្ដោត​កាន់តែ​ច្រើន​ទៅលើ​សុខុមាលភាព​របស់អ្នកដទៃ ហើយ​ព្យាយាម​ស្រឡាញ់​ពួកគេ​ឲ្យ​ច្រើន​ដូច​ដែល​យើង​ស្រឡាញ់ខ្លួន​យើង ?

  • តើ​វិធីមួយចំនួន​ដែលយើងអាច​ធ្វើ​ការណ៍​នេះ​ទោះជា​អំឡុង​សកម្មភាព​ទាំងឡាយ​ដែល​យើង​ធ្វើ​សម្រាប់​ខ្លួន​យើង​នោះ​មានអ្វីខ្លះ ? ( ឧទាហរណ៍​អាច​រួមមាន ការ​ទទួលទានអាហារ​ជាមួយ​នឹង​អ្នក​ទាំងឡាយ​ដែល​ហាក់ដូចជា​ឯកោ ឬ​សរសើរ​អ្នក​ដទៃ ក្នុង​អំឡុង​សកម្មភាព​នៅ​សាលា​របស់​យើង ) ។

  • តើ​អ្នកគិត​ថា ការ​ស្រឡាញ់ព្រះ និង​អ្នកជិតខាង​យើង​ឲ្យ​ច្រើនដូចជា​យើង​ស្រឡាញ់​ខ្លួន​យើង អាចជួយ​យើង​ឲ្យរីកចម្រើន​ឆ្ពោះ​ទៅកាន់ជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ១០:២៩ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលសំណួរ​ទីពីរ​ដែល​អ្នកប្រាជ្ញ​ខាង​ច្បាប់​បាន​សួរ​ដល់​​ព្រះយេស៊ូវ ។

  • តើ​អ្វី​ជាសំណួរ​ទីពីរ​របស់​អ្នកប្រាជ្ញ​ខាង​ច្បាប់​ ?

សូម​រៀប​ចំ​សិស្ស​មួយ​ចំនួន​ឲ្យ​សម្ដែង​រឿង​ប្រៀបធៀប​អំពី​សាសន៍​សាម៉ារី​ដ៏ល្អ​នៅក្នុងលូកា ១០:៣០–៣៥។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ ហើយ​សិស្ស​ដទៃ​ទៀត​ដើរតួ​ជា​បុរស​សាសន៍​យូដា ​ដែល​ត្រូវ​របួស ចោរ​ពីរនាក់ សង្ឃ សាសន៍លេវី និងសាសន៍​សាម៉ារី ។ ( បើ​អ្នកមាន​សិស្ស​តិចតួច​នៅក្នុង​ថ្នាក់ ពួកគេ​អាច​ដើ​រតួ​ច្រើន ) ។ អ្នកគួរតែ​ផ្ដល់​នូវវត្ថុ​ខ្លះ ដែល​មាន​ដូច​ជា ស្លាក​ឈ្មោះ សំលៀក​បំពាក់​បន្ថែម​ ដែល​យក​មកពី​បុរស​សាសន៍​យូដា ប្រអប់ពីរ​ដែល​តំណាង​ឲ្យ​ប្រេង និង​ស្រា កៅអីរុញ​តំណាង​ឲ្យ​សត្វ​ព្រៃ និង​កាក់​ពីរ​ដើម្បីតំណាង​ឲ្យ​ប្រាក់​ពីរកាក់ ។ (កំណត់ចំណាំ ៖ អ្នកគួរតែ​ជ្រើសរើស​អ្នកចូលរួម ហើយ​ផ្ដល់​ការ​ណែនាំ​ជាក់លាក់​ដល់ពួកគេ​ ពីមុន​ថ្នាក់រៀន​ដើម្បី​ប្រាកដ​ថា ការ​សម្ដែង​មានប្រសិទ្ធភាព សមរម្យ និង​មានសុវត្ថិភាព ) ។

សូម​អញ្ជើញ​អ្នកអត្ថាធិប្បាយ​អានលូកា ១០:៣០-៣៥ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​អ្នកទាំងឡាយ​ដែល​ចូលរួម​សម្ដែង​រឿង​ប្រៀបធៀប ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេងទៀត​ក្នុងថ្នាក់​ផ្ទៀងតាម រក​មើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀនអំពី​នរណា​ជា​អ្នក​ជិត​ខាង​របស់​យើង ។ បន្ទាប់ពី​ការ​ដើរតួសម្ដែង​រឿង សូមអញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​ពួកគេ​វិញ ។

  • តើ​សកម្មភាពណា​របស់​សាសន៍​សាម៉ារី​ដែលធ្វើ​ឲ្យអ្នក​ចាប់​អារម្មណ៍បំផុត ?​

ដើម្បីជួយសិស្ស​ឲ្យ​យល់​ដឹង​កាន់តែ​ល្អ​ប្រសើរ អំពី​អ្វី​ដែល​ប្រហែលជាត្រូវបាន​រំពឹងទុក​មកពី​សង្ឃ​ម្នាក់ សាសន៍​លេវី និង​សាសន៍​សាម៉ារី សូមអញ្ជើញ​សិស្សម្នាក់​ឲ្យអាន​នូវការ​ពន្យល់​ដូច​ខាង​ក្រោម ៖

នៅក្នុង​ក្រឹត្យវិន័យ​ដែល​បាន​ចារទុក​របស់ម៉ូសេ ​ពួកសង្ឃ និងពួកលេវី ​ត្រូវ​បាន​ចាត់​តាំង [ និង​ត្រូវបានតម្រូវ ] ​ឲ្យ​បម្រើ​ព្រះ និង​បង​ប្អូន​របស់ពួកគេ ទាំងនៅក្នុង​ព្រះវិហារបរិសុទ្ធ ទាំង​ជា​គ្រូ​បង្រៀន និង​ជា​គំរូ​នៃ​ក្រឹ​ត្យវិន័យរបស់ព្រះ ។ អ្នកកាន់បព្វជិតភាព​ទាំងនេះ គឺ​បានដឹង​អំពី​បទបញ្ញត្តិ​ឲ្យ « ស្រឡាញ់អ្នកដទៃ​ដូច​ខ្លួន​ឯង » យ៉ាង​ច្បាស់ (លេវីវិន័យ ១៩:១៨) ។ តាមពិត លេវីវិន័យ គឺ​មានកាតព្វកិច្ចជាក់លាក់​ជាមួយ​នឹង​ការ​ជួយ​ដល់​អ្នកធ្វើ​ដំណើរ​ខាង​អាជីវកម្ម និង​តាម​របៀប​ផ្សេងៗ​ទៀត ( សូមមើលលេវីវិន័យ ២៥:៣៥-៣៦) ។ ផ្ទុយទៅវិញ « ពួក​សាសន៍​សាម៉ារី​គឺជា​ពួក​អ៊ីស្រាអែល​ខ្លះ និងពួកសាសន៍​ដទៃខ្លះ ។ សាសនា​របស់ពួកគេ​គឺ​មានភាព​ចម្រុះ​របស់​សាសន៍យូដា និង​ជាមនុស្ស​ដែល​គ្មានជំនឿ និងការ​អនុវត្ត​ខាង​សាសនា​នោះទេ ។ … ពួក​យូដា​បាន​កើត​មាន​ [ ការ​ស្អប់ ] ​ចំពោះ​ពួក​សាសន៍​សាម៉ារី ដោយ​សារ​សាសន៍​សាម៉ារី បាន​ក្បត់​ពី​សាសនា​អ៊ីស្រាអែល » ( Guide to the Scriptures « សាសន៍​សាម៉ារី » scriptures.lds.org) ។ ទាំង​សាសន៍​យូដា និង​សាសន៍​សាម៉ារី បាន​ចេញទៅ​តាម​ផ្លូវ​របស់ពួកគេ​ដើម្បី​ចៀស​កុំឲ្យជួប​គ្នា ។

  • នៅក្នុង​រឿង​ប្រៀបធៀប ហេតុអ្វី​ក៏​ទង្វើ​របស់សង្ឃ លេវី និង​សាសន៍​សាម៉ារី គឺជា​ទង្វើ​គួរឲ្យ​​ភ្ញាក់ផ្អើល​ដូច្នេះ ?

  • តើ​មូលហេតុអ្វី​ខ្លះ ​ដែល​សាសន៍​សាម៉ារី​អាច​នឹង​មិន​ត្រូវ​ជួយ​ដល់​សាសន៍​យូដា​ដែល​របួស​នោះ ?

  • ស្របតាមលូកា ១០:៣៣តើ​អ្វី​ដែលបាន​បណ្ដាល​ឲ្យ​សាសន៍​សាម៉ារី​ត្រូវ​ធ្វើទង្វើ​នោះ នៅពេល​គាត់​បាន​មើល​ឃើញ​បុរស​ដែល​របួស​នោះ ?

ចូរ​ចង្អុល​បង្ហាញថា ការ​មានចិត្ត​មេត្តាករុណា មានន័យ​ថា​សម្គាល់​ឃើញ​តម្រូវការ ឬ​ឧបសគ្គ​របស់​មនុស្ស​ម្នាក់ទៀត ហើយ​មានបំណងប្រាថ្នា​មួយ​ដើម្បី​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​បាន​ដើម្បី​ជួយ​មនុស្ស​នោះ ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១០:៣៦-៣៧ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលអ្វី​ ដែល​​ព្រះអង្គសង្គ្រោះ​​បានបង្រៀន​ដល់​អ្នកប្រាជ្ញ​​ខាង​ច្បាប់​នោះ ។

  • តើ​រឿង​ប្រៀបធៀប​នេះ​ឆ្លើយ​សំណួរ​នៅក្នុងខ ២៩​ថា « នរណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ » យ៉ាងដូចម្ដេច ?

សូម​ជួយសិស្ស​ឲ្យ​យល់​ថា ការ​ប្រើ​សាសន៍សាម៉ារី​នៅ​ក្នុង​រឿង​ប្រៀបធៀប​នេះ​របស់​ព្រះអង្គ​សង្គ្រោះឲ្យ​យោបល់​ថា អ្នកជិត​ខាង​របស់​យើង គឺ​មិនគ្រាន់តែ​ជា​មនុស្ស​ដែល​រស់នៅជិត​យើង​​ទេ ប៉ុន្តែ​គឺជា​កូន​ចៅ​របស់ព្រះវរបិតា​សួគ៌​គ្រប់រូប—រួម​ទាំង​អ្នកទាំងឡាយ​ដែល​យើង​ពិបាក​ស្រឡាញ់​បំផុត​ក្ដី ។

ចូរ​សុំ​​ឲ្យសិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូច​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« យើង​ចាំបាច់​ត្រូវ​ចងចាំសុភាសិតមួយ​ថា យើង​បង្កើត​មិត្ត​របស់​យើង នោះព្រះ​បាន​បង្កើត​អ្នកជិត​ខាង​របស់យើង—គ្រប់​ទីកន្លែង ។ ក្ដីស្រឡាញ់​ពុំ​គួរ​មាន​ព្រំដែន​នោះទេ ។ … ព្រះគ្រីស្ទ​មានបន្ទូល​ថា ‹ ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ដែរ​ទេ​ឬ​អី​ ? › (ម៉ាថាយ ៥:៤៦) » (« The Lord’s Touchstone » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៣៥ ) ។

  • យោង​តាម លូកា ១០:៣៧តើ​ព្រះអង្គ​សង្គ្រោះ​​បានបង្រៀន​ដល់​អ្នកប្រាជ្ញ​ខាង​ច្បាប់​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​ម្ដងទៀត​អំពី​បុគ្គល​ម្នាក់ៗ​ដែល​ពួកគេ​បាន​គិត​ពីមុន ដែល​អាច​​នឹង​ពិបាក​ក្នុងការ​ស្រឡាញ់ ។

  • តើយើងអាច​ធ្វើអ្វីខ្លះ ដើម្បីស្រឡាញ់ និង​មានចិត្ត​មេត្តា​ករុណា​ចំពោះ​អ្នកទាំងឡាយ​ដែល​យើង​ពិបាក​ស្រឡាញ់ ?

  • ចូរ​ពិចារណា​អំពីគ្រា​មួយ ដែលអ្នក ឬ​នរណា​ម្នាក់ដែល​អ្នកស្គាល់ បានធ្វើតាម​ការ​ទូន្មាន​របស់ព្រះអង្គសង្គ្រោះ​ឲ្យ « ស្រឡាញ់ … អ្នកជិត​ខាង​ដូច​ជា​ខ្លួន​ឯង » (លូកា ១០:២៧) ។ តើលទ្ធផលគឺជាអ្វី ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែលបាន​បង្រៀន​នៅក្នុងមេរៀន​ថ្ងៃនេះ ។ ចូរសរសេរ​សេចក្ដីថ្លែង​ពុំ​ពេញលេញដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យបំពេញ​វា​ក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​ក្នុងកំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖ ខ្ញុំនឹង​ធ្វើតាម​គំរូ​របស់​សាសន៍​សាម៉ារី​ដ៏ល្អ​ដោយ …

មេរៀន​បន្ទាប់ ( លូកា ១០:៣៨–១៧:៣៧ )

សូមពន្យល់​សិស្ស​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​សិក្សា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​ស្ដីបន្ទោស​ម្តងហើយម្តង​ទៀតដល់ពួកផារិស៊ី ដែលព្យាយាម​ធ្វើ​ខ្លួន​ជា​សុចរិត ប៉ុន្តែ​ខាង​ក្នុង​ខ្លួន​ពេញដោយភាព​អត្មានិយម ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពិចារណា​អំពី​របៀប ​ដែល​ពួកគេ​អាច​នឹង​មិនធ្វើ​​ដូច​ពួកផារិស៊ី ហើយផ្ទុយទៅវិញ​កាន់តែ​ដូចជា​​អ្នកដើរតាម​ដោយរាបសារ​របស់ព្រះគ្រីស្ទ​​ ។ ពួកគេ​ក៏​សិក្សា​រឿង​ប្រៀបធៀប​ជាច្រើន​ទៀត​ដែលព្រះ​យេស៊ូវ​បានប្រទាន​ឲ្យផងដែរ រួមមាន​ទាំង​​រឿង​ប្រៀប​ធៀប​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ​ផងដែរ ។ ចូរ​សុំ​ឲ្យ​ពួកគេ​កត់សម្គាល់​ពី អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បុរស​អ្នកមាន ដែល​បាន​លះបង់​ជីវិត​របស់​គាត់​ដើម្បីទទួលបាន​ទ្រព្យសម្បត្តិ ហើយ​ព្រងើយ​កន្ដើយ​នឹង​អ្នកក្រីក្រនោះ ។