បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាកុស ១០-លូកា ៤ ( មេរៀនទី ៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាកុស ១០លូកា ៤ ( មេរៀនទី ៩ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយ ដែល​​សិស្ស​បាន​រៀន នៅ​ពេល​​​ពួកគេ​បាន​សិក្សា ម៉ាកុស ១០លូកា ៤ ( មេរៀន​ទី ៩ ) ពុំ​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាកុស ១០-១៦ )

នៅពេល​សិស្ស​សិក្សា​អំពី​ការ​អញ្ជើ​​ញ​របស់ព្រះអង្គសង្គ្រោះ​ឲ្យ​នាំ​កុមារ​តូចៗ​មក​រក​ទ្រង់ ​នោះ​ពួកគេ​បាន​រៀន​ថា នៅពេល​យើង​ទទួល​ដំណឹងល្អ​ដូចជា​កុមារ​តូចៗ នោះ​យើង​នឹង​ត្រូវ​បាន​រៀបចំខ្លួន​ ដើម្បី​ចូល​ក្នុង​នគរ​ព្រះ ។ នៅពេលពួកគេអាន​អំពី​ការ​ដាស់តឿន​របស់ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ដល់​កម្លោះ​អ្នកមាន នោះ​ពួកគេ​បានរៀនថា ដោយសារ​ទ្រង់​ស្រឡាញ់​យើង នោះព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យដឹង​នូវ​អ្វី​ ដែល​យើង​ខ្វះខាត​នៅក្នុងកិច្ច​ខិតខំ​​របស់​យើង ដើរ​តាម​ទ្រង់ ហើយបើ​យើង​ទូលសូម​​ដល់ព្រះអម្ចាស់ នោះទ្រង់​នឹង​បង្រៀន​យើង​អំពីអ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​​គ្រង​ជីវិតដ៏នៅ​អស់កល្បជានិច្ច ។ ដំណើរ​រឿង​របស់​ស្ត្រីមេម៉ាយ​ដែល​ថ្វាយ​ប្រាក់ស្លឹង និង​អំពី​ម៉ារា​ចាក់​ប្រេង​តាំង​ថ្វាយ​ព្រះអង្គសង្គ្រោះ បានជួយ​សិស្ស​ឲ្យ​រៀន​ថា ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ដើម្បី​ផ្ដល់​នូវអ្វី​ៗទាំងអស់​ ដែលយើង​មាន​ថ្វាយ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ទទួលយក​ដង្វាយ​​របស់​យើង ទោះជា​វា​មើល​ទៅ​តិច​តួច ​បើ​ប្រៀបទៅនឹង​អ្នកដទៃក្ដី ហើយ​ថា​ព្រះអង្គ​សង្គ្រោះ​​សព្វព្រះទ័យ ​នៅពេល​យើង​​ថ្វាយ​អស់ពីលទ្ធភាព​ទៅទ្រង់ ។

ថ្ងៃ​ទី ២ ( លូកា ១ )

នៅក្នុង​មេរៀននេះ សិស្ស​បាន​សិក្សា​អំពី​ការ​សន្យា​របស់​ទេវតា​កាព្រីយ៉ែលថា សាការី និង​អេលីសាបិត នឹង​មាន​កូនប្រុស​ម្នាក់ ។ ពួកគេ​ក៏​បានរៀន​ផងដែរ​ថា កាព្រីយ៉ែលបានប្រាប់​ម៉ារា​ថា នាង​នឹង​ធ្វើជា​មាតា​នៃ​ព្រះរាជបុត្រា​របស់ព្រះ ។ ចេញមកពី​បទគម្ពីរ​ទាំងនេះ សិស្សបាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ៖ ព្រះបន្ទូល​របស់ព្រះអម្ចាស់​ថ្លែង​តាមរយៈ​ពួកអ្នកបម្រើ​របស់ទ្រង់ នឹង​ត្រូវ​បាន​បំពេញ​នៅ​ពេល​កំណត់​ ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះបិតា ។ ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ។ ប្រសិន​បើ​យើង​ព្យាយាម​បំពេញ​តួនាទី​ដែលព្រះអម្ចាស់​មាន​សម្រាប់​យើង​ដោយស្មោះត្រង់ នោះ​ទ្រង់​អាច​ធ្វើរឿង​អស្ចារ្យ​ជា​ច្រើន​នៅក្នុងជីវិត​របស់​យើង ។

ថ្ងៃ​ទី ៣ ( លូកា ២ )

នៅពេល​សិស្ស​បានសិក្សា​អំពី​ការ​ប្រសូត្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះពួកគេ​បាន​រៀន​ថា ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ​​បាន​ប្រសូត្រ​មក​លើ​ផែនដី នោះ​យើងអាច​ទទួល​បទពិសោធន៍​សេចក្ដីអំណរ​ដ៏មហិមា ។ ពួកគេ​នឹង​រៀន​ថា នៅពេល​យើង​ស្ដាប់​តាម​ការណែនាំ​របស់ព្រះ នោះ​យើង​អាច​ទទួលបាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​យើង អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយនៅពេល​យើង​ទទួល​បាន​ទីបន្ទាល់ផ្ទាល់ខ្លួន​របស់​យើង​ អំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ចង់​ចែកចាយទីបន្ទាល់របស់​យើង​ជាមួយ​អ្នកដទៃ​ផងដែរ ។ នៅពេល​សិស្ស​សិក្សា​អំពី​យុវវ័យរបស់ព្រះយេស៊ូវ នោះ​ពួកគេ​​បាន​រៀន​ថា យើងអាច​ធ្វើតាម​គំរូ​របស់ព្រះយេស៊ូវ តាមរយៈ​ការ​ទទួលបាន​ប្រាជ្ញា និង​ការ​រីកចម្រើន​ខាង​រូបកាយ ខាងវិញ្ញាណ និងខាង​សង្គម ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ៣-៤ )

នៅក្នុងមេរៀននេះ សិស្ស​បាន​រៀន​អំពី​យ៉ូហាន បាទីស្ទ និង​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏បាន​រៀន​ផងដែរ​ អំពីការ​ប្រកាស​របស់ព្រះ​យេស៊ូវ​​នៅក្នុង​ស្រុក​ណាសារ៉ែតថា ទ្រង់គឺជា​ព្រះមែស៊ី ។ ចេញ​មកពី​ដំណើរ​រឿងទាំងនេះ សិស្ស​បាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ ញែក​មនុស្ស​សុចរិតចេញពី​មនុស្ស​ទុច្ចរិត ។ ព្រះយេស៊ូវ គឺជា​ព្រះមែស៊ី​ដែល​ត្រូវ​បានបញ្ជូន​ឲ្យមក​ព្យាបាល​ចិត្ត​សង្រេង ហើយ​រំដោះ​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ការចាប់ជា​ឈ្លើយ​ខាង​វិញ្ញាណ​ ។ នៅពេល​យើង​បង្ហាញសេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មើល​ឃើញ​អព្ភូតហេតុ​កើត​ឡើង​ជាច្រើន ។

សេចក្ដីផ្ដើម

មេរៀន​នេះ​អាច​ជួយសិស្ស​ឲ្យយល់​អំពី​ការ​រងទុក្ខ​មួយ​ចំនួន ​​ដែលព្រះយេស៊ូវ​បាន​ទទួលរង​ជាផ្នែក​នៃ​ដង្វាយ​ធួន​របស់ទ្រង់ ។ បន្ថែមពីលើនោះ សិស្ស​នឹង​បាន​យល់​នូវ​មូលហេតុ​មួយ​ចំនួន​ថា ហេតុអ្វី​ព្រះអង្គសង្គ្រោះ​រងទុក្ខ​សម្រាប់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ១៤:១០-១៦:២០

ព្រះយេស៊ូវ​ បានចាប់​ផ្ដើម​ដង្វាយធួន​របស់ទ្រង់ នៅពេល​ទ្រង់​រងទុក្ខ​នៅ​សួនច្បារ​គែតសេម៉ានី សម្រាប់​អំពើ​បាប​របស់​យើង ទ្រង់​បានត្រូវ​យូដាស​ អេស្ការីយ៉ុត​ក្បត់ ហើយ​បាននាំ​ទៅ​ឈរ​ចំពោះ​មុខ​ពួកអ្នកដឹកនាំ​សាសន៍​យូដា

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងាត់ៗ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នកធ្លាប់មានអារម្មណ៍​ថា គ្មាន​នរណា​យល់​ពីអ្នក ឬ​យល់​ពី​អ្វី​ដែល​អ្នកកំពុង​តែឆ្លងកាត់​ដែរ​ឬទេ ?

  • តើអ្នក​ធ្លាប់មានអារម្មណ៍​ថា អ្នក​មិនអាច​ត្រូវ​បាន​អភ័យ​ទោស​ពី​អំពើបាប​ពី​អតីតកាល​​របស់អ្នកឬទេ ?

សូមអញ្ជើញសិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត នៅពេល​ពួកគេ​សិក្សាម៉ាកុស ១៤ដែលអាច​ជួយ​នរណាម្នាក់​ដែលប្រហែលជា​មាន​អារម្មណ៍​ទាំងនេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ១៤:៣២-៣៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលនូវ​របៀប​​ដែល​​ព្រះអង្គ​សង្គ្រោះ​​មានព្រះទ័យ​យ៉ាងណា​នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី ។

  • តើព្រះអង្គ​សង្គ្រោះ​មានព្រះទ័យ​យ៉ាង​ណា​នៅក្នុង​សួន​ច្បារ​​គែតសេម៉ានី ?

​បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរឃ្លា​​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ឈឺចាប់​ខ្លាំង​បំផុត ធ្ងន់ធ្ងរ​បំផុត សោកសៅ​ដ៏លើស​លប់ ។

សូមពន្យល់​ថា ឃ្លា​ទាំងនេះ សំដៅ​ទៅលើ​ការ​រង​ទុក្ខ​​របស់ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​បានទទួលពិសោធន៍ ជា​ចំណែក​នៃ​ដង្វាយធួន​របស់ទ្រង់ ។

  • តើ​ឃ្លា​ទាំងនេះ​បង្រៀនយើង​អ្វីខ្លះ​អំពី​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ជា​ផ្នែក​នៃ​ដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ ហើយ​បាន​សោក​សៅនៅក្នុង​សួនច្បារ​គែតសេម៉ានី )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​​ពី​គោលលទ្ធិ​​​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​​ដូច​ខាងក្រោម​ ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។

រូបភាព
អែលឌើរ នែល អេ ម៉ាក់ស្វែល

« នៅក្នុង​សួនច្បារ​គែតសេម៉ានី ការរងទុក្ខ​របស់ព្រះ​យេស៊ូវ បាន​ចាប់​ផ្ដើម ‹ ឈឺចាប់​ខ្លាំង​បំផុត › (ម៉ាកុស ១៤:៣៣) ឬ​នៅភាសា​ក្រិក ‹ លើសលប់ › និង ‹ ដ៏ញ័រ​រន្ធត់ › ។

« សូម​ស្រមៃ​មើល ព្រះយេហូវ៉ា ដែលជា​ព្រះបង្ក​បង្កើត​​នៃ​ពិភពលោក​នេះ និង​ពិភព​ដទៃ ‹ បាន​ញ័រ​រន្ធត់ › !​ ។ … ទ្រង់​ពុំ​បាន​ដឹង​ដោយផ្ទាល់ ​អំពី​ដំណើរ​ការ​​នៃ​ដង្វាយធួន​ថា​ឈឺចាប់​ប៉ុណ្ណា​ពី​មុន​នោះ​ទេ ។ ដូច្នេះ នៅពេល​ការឈឺចាប់​បានដល់​កម្រិតពេញលេញ​របស់​វា វា​ធ្ងន់ធ្ងរពេកក្រៃ មាន​ភាពដុន​ដាបយ៉ាង​ខ្លាំង​ សូម្បីតែ​ទ្រង់​ដែល​មាន​ប្រាជ្ញា​វាងវៃ​ល្អឯក​ ​មិន​អាចនឹក​ស្រមៃ​ដល់​ឡើយ ! វា​ពុំ​គួរ​ឲ្យ​ងឿង​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​ទេវតាមួយអង្គ​លេច​​មក​ដើម្បី​ចម្រើន​កម្លាំង​ដល់ទ្រង់ ! ( សូមមើល លូកា ២២:៤៣ ) ។

« ទម្ងន់​សរុប​នៃ​អំពើបាប​ខាង​សាច់ឈាម​ទាំងអស់​—​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​—​បាន​សង្កត់សង្កិន​លើ​ព្រលឹង​ដ៏​ឥតខ្ចោះ គ្មាន​អំពើបាប​សោះ និង​ញាណដឹង​នោះ ! ទុក្ខវេទនា និង​ជំងឺ​ទាំងឡាយ​របស់​យើង​ក៏​ជា​ផ្នែក​មួយ​នៃ​ការគុណ​តម្កើង​ដ៏​ច្រើន​ពន់ពេក​នៃ​ដង្វាយ​ធួន​​នេះ​ដែរ ។ ( សូមមើល អាលម៉ា ៧:១១–១២​,​ អេសាយ ៥៣:៣–៥, ម៉ាថាយ ៨:១៧ ) ។ …

« នៅក្នុង​គ្រា​ដ៏​លំបាកនេះ តើ​ទ្រង់ប្រហែលជា​សង្ឃឹម​ថា​នឹង​មាន​ការ​សង្គ្រោះ​ចៀម​ឈ្មោល​ពី​ព្រៃ​ឬទេ ? ខ្ញុំ​មិនដឹង​ទេ ។ ​ការរងទុក្ខ​របស់​ទ្រង់​—​តាម​ដែល​វា​កើតឡើង វា​ត្រូវបាន​គុណធ្វេដង​អនន្ត​ដោយ​និរន្តរភាព​—​បាន​បួងសួង​ដល់​ព្រលឹង​​ដ៏​ទួញយំ​របស់​ទ្រង់​នៅលើ​ឈើឆ្កាង ហើយ​វា​គឺ​ជា​សម្រែក​យំ​នៃ​ការលះបង់ ។ ( សូម​មើល ម៉ាថាយ ២៧:៤៦) ។ …

« ដង្វាយធួន​ដ៏​រុងរឿង និងអស្ចារ្យ គឺ​ជា​ទង្វើ​ដ៏​សំខាន់​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​លោក​ទាំងអស់ ។ វា​គឺជា​ត្រចៀក​ទ្វារ​ដែល​អ្វីៗ​ទាំងអស់​ផ្សេងទៀត ​ដែល​សំខាន់​​ត្រូវ​បាន​បើកឡើង​នៅ​ទីបំផុត ។ ប៉ុន្តែ​វា​ងាក​ទៅរក​ការ​ចុះចូល​ដោយរាបសារ​ ខាង​វិញ្ញាណ​របស់ព្រះយេស៊ូវ​ ! » ( « Willing to Submit »Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៧២–៧៣ ) ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ១៤:៣៥-៤២ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​ដែល​​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ដោយសារ​ការ​រងទុក្ខ​ដ៏​ខ្លាំង​របស់ទ្រង់ ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើដូចម្តេច ដោយ​សារតែ​ការរងទុក្ខ​ដ៏ខ្លាំង​របស់ទ្រង់នោះ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា ការ​រងទុក្ខ​របស់ព្រះយេស៊ូវ​គឺ​ធ្ងន់ធ្ងរក្រៃលែង ដែលទ្រង់បានទូលអង្វរ បើ​អាច​ធ្វើ​ទៅបាន​ចំពោះទ្រង់ នោះ​សូមកុំ​ឲ្យ​ទទួល​បទពិសោធន៍​នេះអី ) ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ …ដើម្បី​ទ្រង់ …

សូមពន្យល់​ថា វគ្គ​បទគម្ពីរ​ផ្សេងទៀត​អាច​ជួយ​យើង​យល់​អំពី​ការ​រងទុក្ខ​របស់ព្រះយេស៊ូវគ្រីស្ទ និង​មូលហេតុ​ដែលទ្រង់​ស្ម័គ្រ​ព្រះទ័យ ​ដើម្បី​រងទុក្ខ​សម្រាប់​យើង ។

សូម​សរសេរ​សេចក្ដី​​យោង​ដូចខាងក្រោម​នេះ​នៅលើ ​ក្ដារខៀន ៖ អេសាយ ៥៣:៣-៥និងអាលម៉ា ៧:១១-១៣ សូម​បំបែក​សិស្ស​ទៅជា​គូៗ ហើយអញ្ជើញ​ពួកគេឲ្យអាន​ខគម្ពីរ​ជាមួយគ្នា ដោយរក​មើល​នូវអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ និង​ហេតុអ្វី​ក៏ទ្រង់​បាន​រងទុក្ខ ។ ចូរ​សូម​ឲ្យសិស្ស​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ថា​ តើ​ពួកគេ​នឹង​បំពេញ​ឃ្លា​ ដែល​បាន​សរសេរនៅលើ​ក្ដារខៀន ​ដោយប្រើ​នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅ​ក្នុង​អេសាយ ៥៣:៣-៥​​ និង​អាលម៉ា ៧:១១-១៣យ៉ាង​ដូចម្ដេច ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យ​ជួយ​នៅក្នុងអាលម៉ា ៧:១២​​មានន័យ​ថា ប្រញាប់​ដើម្បី​ផ្ដល់​នូវ​ការ​សង្គ្រោះ ឬ​ទៅរក​ជំនួយ​របស់នរណា​ម្នាក់ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​បួនប្រាំ​នាក់ ​ចែកចាយរបៀប​ដែល​ពួកគេ​បាន​បំពេញ​ឃ្លា​នោះ ។ ​​ ចម្លើយ​របស់ពួកគេ​គួរតែស្រដៀង​គ្នា​ដូចខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​នូវការ​ឈឺចាប់ ក្ដី​ទុក្ខលំបាក ការ​ល្បួង ជំងឺ រោគា និងការ​សោកសៅ​របស់យើង ដើម្បី​​ទ្រង់អាច​​នឹង​ដឹង​របៀប​ដើម្បីជួយ​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង ដើម្បីទ្រង់​អាច​នឹង​លុប​អំពើរំលង​របស់​យើង​ចេញ ។ សូម​រំឭក​សិស្ស​ថា ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ​សម្រាប់​អំពើបាប​របស់មនុស្ស​លោក បាន​ចាប់​ផ្ដើម​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ហើយបាន​បន្ដ​ និងទៅដល់​នៅក្នុង​ការ​ឆ្កាង​របស់​ទ្រង់​នៅលើ​ឈើ​ឆ្កាង ។

  • តើការ​ដឹង​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​​រងទុក្ខ​ និង​មូល​ហេតុ​ដែល​ទ្រង់បាន​រងទុក្ខ អាច​ជួយ​ដល់អ្នក នៅ​ពេល​​អ្នក​ជួប​នឹងការ​សាកល្បង កា​រឈឺចាប់ និង​ក្ដី​លំបាក​យ៉ាង​ដូចម្ដេច ? ( សូម​មើល គ. និង ស. ៤៥:៣–៥ ) ។

  • តើអ្នក​ធ្លាប់​មានអារម្មណ៍​ថា ​ព្រះអង្គសង្គ្រោះ​ជួយអ្នក​នៅ​​ក្នុង​គ្រា​ឈឺចាប់ ជំងឺ ឬ​ការ​សោកសៅ​នៅពេលណា ?

  • តើអារម្មណ៍​អ្វីខ្លះ​ដែល​អ្នក​បាន​មានពិសោធន៍ នៅពេល​អ្នក​បានប្រែ​ចិត្ត ហើយ​មានអារម្មណ៍​ថា អំពើបាប​របស់​អ្នក​ត្រូវ​បាន​លុប​ចោល ( ឬ​ បំបាត់​ចោល ) តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សង្ខេបម៉ាកុស ១៤:៤៣-១៦:២០​ដោយ​ការ​ពន្យល់​ថា ព្រះយេស៊ូវ ត្រូវ​បាន​នាំ​យក​ទៅ​កាត់ទោស​ដោយ​មិនស្រប​ច្បាប់ នៅចំពោះ​មុខ​ពួក​សានហេឌ្រីន ( អ្នកដឹកនាំ​សាសន៍​យូដា ) ហើយ​ផ្ដន្ទាទោស​ដល់​ស្លាប់ ។ បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​សុគត​នៅលើ​ឈើ​ឆ្កាង ហើយ​ត្រូវ​​បាន​រស់ឡើងវិញ នោះទ្រង់​បាន​យាង​មកជួប​នឹង​ពួកសាវក​របស់ទ្រង់ ហើយបាន​បញ្ជូន​ពួកគេ​ឲ្យចេញទៅផ្សព្វ​ផ្សាយ ដោយសន្យា​នឹង​ពួកគេ​ថា ទីសម្គាល់នានា​នឹង​​កើតមាន​តាមក្រោយ​ដល់​​​អ្នកទាំងឡាយ​ដែលជឿ ។ (កំណត់ចំណាំ ៖ សេចក្ដីស្លាប់ ការបញ្ចុះ និងការ​រស់ឡើងវិញ​របស់ព្រះ​យេស៊ូវ​​គ្រីស្ទ ត្រូវ​បានពិភាក្សាដោយ​លំអិត ខណៈពេល​សិស្ស​បានសិក្សាម៉ាថាយ ២៧-២៨) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស ១៦:១៥ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​នូវសេចក្តី​បង្គាប់​ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកសាវក​របស់ទ្រង់ ។

  • តើ​អ្នកអាចជួយបំពេញ​នូវសេចក្តី​បង្គាប់​ឲ្យ​ចេញ​ទៅផ្សាយ​ដំណឹងល្អ​ទៅដល់ « លោកិយ​ទាំង​មូល » នាសព្វថ្ងៃ​នេះ និង​នៅពេលអនាគត​បានយ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ចង់​បញ្ចប់ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សានៅថ្ងៃនេះ ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ៥:១-១០:៣៧ )

ចូរ​សុំ​ឲ្យសិស្ស​គិត​ពិចារណា ប្រសិនបើ​ពួកគេ​ធ្លាប់​ងឿង​ឆ្ងល់​ថា ពួកគេ​អាច​ត្រូវ​បាន​អភ័យទោសចំពោះ​អំពើបាប​របស់ពួកគេ​ដោយ​របៀប​ណា​ ។ ចូរ​ពន្យល់​ថា នៅពេលពួកគេ​សិក្សាលូកា ៥:១-១០:៣៧នៅក្នុង​សប្ដាហ៍​ខាង​មុខ នោះ​ពួកគេ​នឹង​អាន​អំពី​ការស្ម័គ្រ​ព្រះទ័យ​របស់ព្រះអង្គ​សង្គ្រោះ​​ដើម្បី​អភ័យទោស​ដល់​អំពើបាប​របស់ពួកគេ និង​អ្វីដែលពួកគេ​អាច​ធ្វើ​ដើម្បីទទួលបាន​ការ​អភ័យទោស ។