បណ្ណាល័យ
មេរៀនទី ៤៣ ៖ លូកា ១


មេរៀន​ទី ៤៣

លូកា ១

សេចក្ដីផ្ដើម

ទេវតា​ កាព្រីយ៉ែល ​បានបង្ហាញ​ព្រះកាយ​ដល់​សាការី ហើយ​បាន​ប្រាប់​ថា សាការី និង ភរិយា​គាត់ អេលីសាបិត នឹងមាន​កូនប្រុស​ម្នាក់ ដែល​ពួកគេ​គួរ​ដាក់ឈ្មោះ​ថា យ៉ូហាន ។ ប្រាំមួយ​ខែ​ក្រោយមក ទេវតា​ដដែល​នោះបាន​បង្ហាញ​ព្រះកាយ​ដល់ម៉ារា ហើយបាន​ប្រាប់​ថា នាង​នឹង​ធ្វើជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ម៉ារា​បាន​ទៅ​លេង​អេលីសាបិត ហើយពួកគេ​បានមានចិត្ត​រីករាយ​នឹង​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។ បីខែ​ក្រោយមក អេលីសាបិត បាន​បង្កើត​យ៉ូហាន ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១:១-៤

លូកាពន្យល់​ពី​មូលហេតុ​​សម្រាប់​ការ​សរសេរ​ដំណឹងល្អ​របស់លោក

សូម​ដាក់​តាំង​រូបភាព​ដូច​ខាង​ក្រោម ហើយ​សុំ​ឲ្យ​សិស្ស​ពន្យល់​អំពី​អ្វី​ ដែល​កំពុង​កើតឡើង​នៅក្នុង​​រូបនីមួយៗ ៖ យ៉ូសែប និង ម៉ារា ធ្វើដំណើរ​ទៅភូមិ​បេថ្លេហិម (Gospel Art Book [ ឆ្នាំ ២០០៩ ] លេខ ២៩ សូម​មើល​ផងដែរ LDS.org), ទេវតា​បង្ហាញព្រះកាយ​ដល់​ពួក​អ្នកគង្វាល ( លេខ ​៣១), ស៊ីម៉ូន​គោរព​ដល់​ទារក​ព្រះគ្រីស្ទ ( លេខ ៣២​), ក្មេងប្រុស​យេស៊ូវ​នៅក្នុង​ព្រះវិហារបរិសុទ្ធ (លេខ ៣៤), សាសន៍​សាម៉ារី​ល្អ ( លេខ ៤៤), ម៉ារា និង​ម៉ាថា ( លេខ ៤៥) និង ​មនុស្ស​ឃ្លង់​ដប់នាក់ ( លេខ ៤៦) ។ ចូរ​ចង្អុល​បង្ហាញ​ថា ព្រឹត្តការណ៍​ទាំងនេះ និង ព្រឹត្តការ​ណ៍​ដទៃ​ជាច្រើនទៀត និង ការ​បង្រៀនមកពី​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ព្រះអង្គសង្គ្រោះ ត្រូវបាន​កត់ត្រា​ដោយលូកា ប៉ុន្តែ​ពុំ​មាននៅក្នុង​ដំណឹងល្អ​របស់​ម៉ាថាយ ម៉ាកុស​ និង ​យ៉ូហាន​ទេ ។

រូបភាព
យ៉ូសែប និង ​ម៉ារា​ធ្វើដំណើរ​ទៅ​ភូមិ​បេថ្លេហិម
រូបភាព
ទេវតា​បង្ហាញព្រះកាយ​ដល់​ពួក​អ្នកគង្វាល
រូបភាព
ស៊ីម៉ូន​គោរព​ដល់ទារក​ព្រះគ្រីស្ទ
រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារបរិសុទ្ធ

ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារបរិសុទ្ធដោយ ហិនរីឆ ហូហ្វមិន ទទួលសិទ្ធិ អនុញ្ញាតពីក្រុមហ៊ុន ស៊ី ហារីសុន ខុនរ៉យ ។

រូបភាព
សាសន៍​សាម៉ារី​ល្អ
រូបភាព
ម៉ារា និង​ ម៉ាថា
រូបភាព
មនុស្ស​ឃ្លង់​ដប់នាក់

© Providence Collection/Licensed from GoodSalt.com

សូម​ណែនាំ​ដោយសង្ខេប​អំពី​ដំណឹងល្អ​របស់​លូកា ដោយ​ពន្យល់​ថា លូកា​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់លោក​ដោយ​ថ្លែង​អំពី​មនុស្ស​​ម្នាក់​ឈ្មោះ « ថេវភីល » (ខទី ៣) ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​របស់​គាត់​ចំពោះការ​សរសេរ​នោះ ។ ថេវភីល មានន័យថា « មិត្ត​របស់​ព្រះ » ( Bible Dictionary« Theophilus »​) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១:១-៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​មូលហេតុ​របស់​លូកា​ចំពោះ​ការ​សរសេរ​នោះ ។

  • តើ​លូកា​មានមូលហេតុ​អ្វីខ្លះ​ចំពោះ​ការ​សរសេរ​ដំណើរ​រឿង​នេះ ?

  • ផ្អែកទៅលើលូកា ១:៤តើ​ការ​សិក្សា​ដំណឹងល្អ​របស់​​លូកា​​អាច​​មានអត្ថ ប្រយោជន៍​ចំពោះ​អ្វី​ខ្លះចំពោះ​យើង ?

ចូរ​អះអាង​នឹង​សិស្ស​ថា នៅពេលពួកគេ​សិក្សា​ដំណឹងល្អ​របស់​លូកា នោះពួកគេ​អាច​បាន​ « ដឹង​ច្បាស់ » (ខទី ៤) អំពី​សេចក្ដីពិត​ទាំងឡាយ​ដែលបង្រៀនអំពី​ព្រះយេស៊ូវគ្រីស្ទ ។

លូកា ១:៥-២៥

ទេវតា​ កាព្រីយ៉ែល ​ប្រកាស​អំពី​ការ​ចាប់​កំណើត​របស់​យ៉ូហាន ដល់​សាការី ហើយ​អេលីសាបិតមានផ្ទៃ​ពោះ

ចូរ​សុំ​ឲ្យសិស្ស​ពិចារណា​អំពីពរជ័យ ឬ​ចម្លើយ​មួយមកពី​ព្រះ ដែលពួកគេ​កំពុង​រង់ចាំ ឬ​សង្ឃឹម​នោះ ។ សូមអញ្ជើញសិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត នៅពេល​ពួកគេ​សិក្សា​លូកា ១ដែលអាច​ជួយពួក​គេ​នៅពេល​ពួកគេ​កំពុង​រង់ចាំ​ពរជ័យ ឬ​ចម្លើយ​មួយ​មក​​ពី​ព្រះ ។

ចូរ​សុំ​សិស្សម្នាក់​អានលូកា ១:៥-៧​​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ថា​ នរណា​កំពុង​រង់ចាំ​ពរជ័យ​ជាក់​លាក់យ៉ាង​ខ្លាំង​ក្នុងជីវិត​របស់ពួកគេ ។

  • តើ​ព័ត៌មាន​លម្អិត​អ្វី​ខ្លះ​ដែល​យើង​បានរៀន​អំពី​សាការី និង​អេលីសាបិត ចេញមកពី​ខគម្ពីរ​ទាំងនេះ ?

សូម​សង្ខេបលូកា ១:៨-១០​ដោយ​ការ​ពន្យល់​ថា សាការី ត្រូវ​បាន​តែងតាំង​ឲ្យ​ដុតកំញាន​នៅក្នុង​ព្រះវិហារបរិសុទ្ធ​យេរូសាឡិម ជាកិត្តិយស​ដែល​មានចំពោះ​សង្ឃ​ម្នាក់ ដែលមានប្រហែលជា​ម្ដង​ក្នុង​មួយ​ជីវិត​របស់គាត់ប៉ុណ្ណោះ ។

ចូរ​សុំ​ឲ្យសិស្ស​អានលូកា ១:១១-១៣​ដោយស្ងាត់ស្ងៀម ហើយ​រកមើល​នូវអ្វី​ដែល​បានកើតឡើង​ ខណៈ​ដែល​សាការី​ស្ថិត​នៅក្នុងព្រះវិហារបរិសុទ្ធ ។

  • យោងតាមខទី ១៣តើ​ការ​អធិស្ឋាន​នឹង​ត្រូវ​បាន​ឆ្លើយ​តប​ចំពោះ​សាការី និង​អេលីសាបិត​យ៉ាងណា ? ( សូម​ចង្អុល​បង្ហាញ​ថា សាការី និង​ អេលីសាបិត ទំនង​ជា​បានអធិស្ឋាន​អស់ជាច្រើនឆ្នាំ​មកហើយ​ ដើម្បី​សុំ​មាន​កូន​ម្នាក់​នោះ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់​សិស្ស ឲ្យ​​គូស​ចំណាំឃ្លា​ « ព្រះ​​បាន​ទទួល​សេចក្តី​អធិស្ឋាន​របស់​អ្នក​ហើយ » នៅក្នុង​ខ​គម្ពីរនេះ ) ។

  • តើ​សាការី​មានអារម្មណ៍​យ៉ាងណាដែរ ពេល​គាត់​បាន​ស្ដាប់​ឮ​ថា គាត់​ និង ​អេលីសាបិត​នឹង​មាន​កូនប្រុស​ម្នាក់ ទោះ​ជា​ពួកគេ « ​​ចាស់​ណាស់ » ក៏ដោយនោះ ? ( ខទី ៧ ) ។

សូម​សង្ខេបលូកា ១:១៤-១៧​ដោយពន្យល់​ថា ទេវតា​កាព្រីយ៉ែល បានប្រាប់​ដល់​សាការី​​ថា លោក និង ​អេលីសាបិត នឹង « មានសេចក្តី​អំណរ និង​សេចក្តី​រីករាយ » (ខទី ១៤) ហើយ​ថា​កូនប្រុស​របស់​ពួកគេ​នឹង​រៀប​ចំ​​មនុស្ស​ជាច្រើន​សម្រាប់​​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ១:១៨-២០ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​ដែលសាការី​បានឆ្លើយ​តប​ទៅកាន់​ទេវតា ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរក​ឃើញ ។

  • តើ​មានអ្វីកើតឡើង​​ដល់​សាការី ដោយសារ​តែ​គាត់​សង្ស័យ​ចំពោះ​បន្ទូល​របស់ទេវតា ?

  • យោងតាមខទី ២០តើ​ទេវតា​បាន​មានបន្ទូល​ថា​ អ្វី​នឹង​កើតឡើង​ចំពោះ​ពាក្យ​ដែល​ទ្រង់​ថ្លែង​ទៅ​សាការី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ ព្រះបន្ទូល​របស់ព្រះអម្ចាស់​ថ្លែង​តាមរយៈ​ពួកអ្នកបម្រើ​របស់ទ្រង់ នឹង​ត្រូវ​បាន​បំពេញ​នៅ​ពេល​កំណត់​មក​ដល់​ ។ សូម​សរសេរសេចក្ដីពិត​​នេះ​នៅលើ​ក្ដារខៀន) ។

  • តើ​ឃ្លា « នៅ​ពេល​កំណត់​ » មានន័យ​យ៉ាងណា ? ( ស្របតាម​កាលកំណត់របស់ព្រះអម្ចាស់ ) ។

សូមយោង​ទៅ​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន ហើយ​សួរ​ថា ៖

  • តើ​ការ​ដឹង​ពីសេចក្ដីពិត​នេះ ជះឥទ្ធិពល​​ទៅលើ​របៀប​​ដែ​ល​​យើង​​ឆ្លើយតប​ចំពោះ​​ការ​សន្យា​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​ធ្វើ​កំណែថ្មី​ទៅលើ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន ​ដើម្បី​បង្កើត​ជា​សេចក្ដីថ្លែងការ​ណ៍ដូច​ខាង​ក្រោម​នេះ ៖ យើង​អាច​ទុកចិត្ត​ទៅលើការសន្យា​របស់ព្រះ ដោយសារ​ព្រះបន្ទូលរបស់ទ្រង់ នឹង​ត្រូវ​បាន​បំពេញនៅ​ពេល​កំណត់​ )

  • តើ​សេចក្ដីពិតនេះ​អាច​ជួយ​នរណា​ម្នាក់​ ដែល​ទន្ទឹង​ចាំ​ការ​សន្យា​របស់ព្រះដើម្បីបំពេញ​យ៉ាងដូចម្ដេច ?

សូម​សង្ខេបលូកា ១:២១-២៤​ដោយ​ពន្យល់​ថា នៅពេល​សាការី​បានចាក​ចេញ​ពីព្រះ​វិហារបរិសុទ្ធ​មក គាត់ពុំ​អាច​និយាយ​បាន​ទេ ។ ក្រោយមក​អេលីសាបិត​បានមានផ្ទៃពោះ ដូច​ដែល​ទេវតា​បាន​សន្យា ។

ចូរ​សួរ​ដល់សិស្ស​ម្នាក់ ( តម្រូវទៅលើ​យុវនារី ) ឲ្យ​អាន​ឮៗ​នូវពាក្យ​របស់​អេលីសាបិត​នៅក្នុង​លូកា ១:២៥។ សូមអញ្ជើញ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ពិចារណា​អំពី​របៀប​ ដែល​អេលីសាបិតអាច​មានអារម្មណ៍​យ៉ាងណា នៅពេល​គាត់​ហៀប​នឹង​មាន​កូនមា្នក់​នោះ ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា​សេចក្ដីថ្លែង​ការណ៍​របស់អេលីសាបិត​ថា ព្រះអម្ចាស់​បាន « ដោះ​​សេចក្តី​ខ្មាស់ [​របស់​គាត់] នៅ​កណ្តាល​មនុស្ស​ចេញ » អាចនឹង​សំដៅ​ទៅលើ​ការ​ខ្មាស់អៀន​ដែល​នាង​មាន ដោយ​សារ​តែ​ទស្សនៈ​មិនត្រឹមត្រូវ​​ជាទូទៅនៅក្នុង​វប្បធម៌​​ពីបុរាណ​ថា ការ​គ្មាន​កូន​គឺជា​ទណ្ឌកម្ម​មួយមក​ពី​ព្រះ ។

លូកា ១:២៦-៣៨

ទេវតា​កាព្រីយ៉ែល​ប្រកាស​អំពីការ​ចាប់​កំណើត​របស់ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​នាង​ម៉ារា

រូបភាព
ទេវតា​កាព្រីយ៉ែល​បានបង្ហាញ​ព្រះកាយ​ដល់​ម៉ារា

ទេវតា​កាព្រីយ៉ែល​បានបង្ហាញ​ព្រះកាយ​ដល់​ម៉ារា

សូម​បង្ហាញ​រូបភាព​ការប្រាប់ ៖ ទេវតា​កាព្រីយ៉ែល​បង្ហាញព្រះកាយ​ដល់​ម៉ារា​ (Gospel Art Book លេខ ២៨, សូមមើល​ផងដែរ LDS.org), ហើយ​សុំ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា​ តើ​ពួកគេ​នឹង​មានអារម្មណ៍​យ៉ាងណា ដែល​ទេវតា​បាន​បង្ហាញព្រះកាយ​មកដល់​ពួកគេ​​ដោយពុំ​បានរំពឹងទុក​ជាមុននោះ ។ សូម​សង្ខេបលូកា ១:២៦-២៧​ដោយពន្យល់​ថា នៅក្នុង​ប្រាំមួយខែនៃ​ការ​មានផ្ទៃ​ពោះ​របស់អេលីសាបិត នោះទេវតា​កាព្រីយ៉ែល ត្រូវ​បានបញ្ជូន​ឲ្យទៅជួប​ម៉ារា ជា​ស្ត្រីវ័យ​ក្មេង​ម្នាក់​នៅ​ភូមិ​ណាសារ៉ែត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១:២៨-៣៣ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​នូវ​ឃ្លា​ដែល​អាច​នឹង​ជួយ​ម៉ារា​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​កិច្ចការ​​ដែលព្រះ​បាន​ប្រទាន​ដល់នាង ។

  • តើឃ្លា​អ្វីខ្លះដែលអាច​ឲ្យ​ម៉ារា​យល់អំពី​សារៈសំខាន់​នៃ​កិច្ចការ​ដែលព្រះបាន​ប្រទាន​ដល់នាង ?

  • តើនាមថា « ​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត » (​ខទី ៣២) មានន័យ​យ៉ាងណា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះវរបិតា ) ។

ចូរ​សុំ​ឲ្យ​សិស្ស​អានលូកា ១:៣៤​ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​សំណួរ​របស់​ម៉ារា ។ សុំ​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ចូរ​ពន្យល់​ថាសេចក្ដីថ្លែង​របស់ម៉ារាដែលថា « ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង » មានន័យ​ថា នាង​គឺ​ជា​ស្ត្រី​ព្រហ្មចារី ។

សូមអញ្ជើញសិស្ស​ម្នាក់អាន​លូកា ១:៣៥-៣៧ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​រក​មើល​ចម្លើយ​របស់ទេវតា​ចំពោះ​សំណួរ​របស់​ម៉ារា ។

ចូរ​ពន្យល់​ថាយើង​ពុំ​ដឹង​លើស​ពី​ដំណើរ​រឿង​នៅក្នុង​បទគម្ពីរ​ អំពី​របៀប​ដែល​អព្ភូតហេតុ​អំពីការ​ចាប់​ទុំ​ផ្ទៃ​របស់ព្រះយេស៊ូវគ្រីស្ទ​កើតឡើង​យ៉ាង​ណា​ទេ យើង​អាច​ប្រាប់​ដោយ​សាមញ្ញ​ថា វា​គឺ​ជា​អព្ភូតហេតុ ហើយ​ថា​ទារក​ដែល​​ចាប់​កំណើត​នោះ​នឹង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

  • ដូច​បានកត់ត្រា​នៅក្នុងលូកា ១:៣៧​តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​ទេវតា​បាន​ថ្លែង ដែល​ជួយ​ពន្យល់​អំពីព្រឹត្តការណ៍​ដ៏​អព្ភូតហេតុ​នេះ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ ត្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

  • តើអ្នកគិត​ថា ម៉ារា ឬ​អេលីសាបិត អាច​នឹង​និយាយ​ដូចម្តេច ដើម្បី​លើក​ទឹកចិត្ត​យើង ប្រសិនបើ​យើង​មានអារម្មណ៍​ថា អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ​វា​មិនអាច​កើតឡើងសោះនោះ ?

  • តើ​បទពិសោធន៍មួយណា ដែល​បានពង្រឹង​ដល់​ជំនឿ​របស់​អ្នក​ថា ការណ៍​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះគ្មាន​សោះ​ឡើយ ?

សូម​អញ្ជើញ​សិស្ស​ឲ្យអានលូកា ១:៣៨​ដោយស្ងាត់​ស្ងៀម ហើយ​រកមើល​​របៀប​ដែលម៉ារាបាន​​ឆ្លើយ​តប​ចំពោះ​ទេវតា ។

  • តើភស្ដុតាង​អ្វីខ្លះ​ដែល​អ្នកបាន​ឃើញ​នៅក្នុង​ខគម្ពីរ​នេះ ដែល​ម៉ារា បានជឿ​ថា​ជា​ព្រះបន្ទូល​របស់ទេវតា ?

  • តើការ​ទទួលយក​ពាក្យ​របស់​ម៉ារា មានភាព​ខុសគ្នា​ពី​ការ​ឆ្លើយតប​របស់​សាការី​ចំពោះ​ការ​ប្រកាស​របស់ទេវតា​នៅ​ក្នុងព្រះ​វិហារបរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាមគំរូ​របស់​ម៉ារា និង ​អេលីសាបិត ដោយ​ការ​ជឿថា​នៅក្នុងជីវិត​របស់ពួកគេ​ផ្ទាល់ គ្មានអ្វី​ដែលព្រះអម្ចាស់បញ្ជាដល់ពួកគេ​ហើយ នឹង​ពុំ​អាច​ធ្វើ​បាន​ដោយមានជំនួយ​ទ្រង់​នោះឡើយ ។

លូកា ១:៣៩-៥៦

ម៉ារី​ទៅលេង​អេលីសាបិត ហើយ​ស្ត្រី​ទាំង​ពីរ​រូប​បានថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ

រូបភាព
ម៉ារី និង​ អេលីសាបិត

ម៉ារី​ទៅលេង​អេលីសាបិត

បើអាច​ធ្វើទៅបាន សូម​បង្ហាញ​រូប​មួយ​អំពី​ម៉ារា ទៅ​លេង​អេលីសាបិត អំឡុង​ពេល​ដែលអេលីសាបិត​មានផ្ទៃ​ពោះ ។ ​ចូរ​សួរ​សិស្ស​ប្រសិន​​បើ​ពួកគេ​អាច​ស្គាល់​រូប​ថត​នេះ​ជា​នរណា ហើយ​អ្វី​កំពុង​តែ​កើតឡើង​នៅក្នុង​​រូបនេះ ។

  • ម៉ារា និង អេលីសាបិត មើល​ទៅហាក់ដូចជា​ស្ត្រី​សាមញ្ញ ប៉ុន្តែ​តើ​ពួកគាត់​បានបំពេញ​តួនាទី​ដ៏សំខាន់​ដែល​នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​តាម​របៀប​ណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១:៤១-៤៥ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើល​ទីបន្ទាល់​របស់​អេលីសាបិត​ទៅ​កាន់​ម៉ារា ។

  • តើ​អេលីសាបិត​បាន​យល់​អំពីម៉ារា​អ្វីខ្លះ​ហើយ ?

សូមអញ្ជើញសិស្ស​ម្នាក់ (ជា​យុវនារី ) ឲ្យអានលូកា ១:៤៦-៤៩ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​​រក​មើលរបៀប​ដែល​ម៉ារា​បាន​សរសើរ​ដល់​ព្រះអម្ចាស់ ។

  • តើ​ឃ្លា​អ្វី​ខ្លះ​ដែល​បានកត់ត្រា​នៅក្នុងខទី ៤៩ដែលម៉ារា​បានប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វី​ដែលព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់នាង ? (« រឿង​អស្ចារ្យ ») ។

សូមអញ្ជើញសិស្ស​ឲ្យអានលូកា ១:៣៨, ៤៥-៤៦សារឡើងវិញ​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​អ្វី​ដែល​ម៉ារា​បានធ្វើ ដែល​អនុញ្ញាត​ឲ្យព្រះអម្ចាស់​ធ្វើ « រឿង​អស្ចារ្យ » សម្រាប់នាង ។

  • តើ​ម៉ារា​បានធ្វើ​អ្វីខ្លះ ដែលអនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ធ្វើ​នូវ « រឿង​អស្ចារ្យ » សម្រាប់នាង ?

សូម​ចង្អុល​បង្ហាញថា ដូចជា​សាការី អេលីសាបិត និង ​ម៉ារា មានតួនាទី​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ផែនការ​របស់ព្រះ នោះ​យើង​ក៏មាន​តួនាទីសំខាន់​ដែលបាន​ចាត់​តាំង​ដោយ​ព្រះអម្ចាស់​​ផងដែរ ។

  • ផ្អែក​ទៅលើ​គំរូ​របស់​ម៉ារា តើអ្វីខ្លះ​នឹង​កើត​ឡើងនៅក្នុង​ជីវិត​របស់​យើង បើ​យើង​ព្យាយាម​បំពេញ​តួនាទី​ដែលព្រះ​អម្ចាស់​មានសម្រាប់​យើង​ដោយស្មោះត្រង់នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ ប្រសិន​បើ​យើង​ព្យាយាម​បំពេញ​តួនាទី​ដែលព្រះ​អម្ចាស់​មាន​សម្រាប់​យើង​ដោយស្មោះត្រង់ នោះ​ទ្រង់​អាច​​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន​នៅក្នុងជីវិត​របស់​យើង )។

  • តើ​តួនាទីមួយចំនួន​ដែលព្រះអម្ចាស់​ចង់​ឲ្យអ្នក​បំពេញ​នៅក្នុង​ផែនការ​ទ្រង់មានអ្វីខ្លះ ?

  • តើ​រឿង​អ្វីខ្លះ​អាច​កើតឡើង​នៅក្នុងជីវិត​របស់អ្នក ប្រសិនបើ​អ្នក​ឆ្លើយតប​ចំពោះព្រះអម្ចាស់​ដូច​ជា​ម៉ារា​បានធ្វើនោះ ?

លូកា ១:៥៧-៨០

យ៉ូហាន បាទីស្ទ​ បានចាប់កំណើត

សូមសង្ខេបលូកា ១:៥៧-៨០​ដោយពន្យល់​ថា បន្ទាប់ពី​អេលីសាបិត​បាន​ប្រសូត្រ​បុត្រ នោះសាការី​បាន​បញ្ជាក់ថា កូន​នោះ​គួរ​ដាក់ឈ្មោះថា​ យ៉ូហាន ។ នៅពេល​គាត់បានធ្វើ​ដូច្នោះ រំពេច​នោះ គាត់​អាច​មាន​លទ្ធភាព​និយាយ​បានវិញ ហើយ​គាត់​បានព្យាករ​អំពី​បេសកកម្ម​របស់ព្រះយេស៊ូវ​គ្រីស្ទ និង​ យ៉ូហាន ។

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​បំពេញ​តួនាទី​ដែល​បាន​ផ្ដល់​ឲ្យ​យើង​ពីព្រះ​ដោយ​ស្មោះ​ត្រង់​ដូចជា សាការី អេលីសាបិត និង​ ម៉ារា​បានធ្វើ នោះព្រះអម្ចាស់​អាច​ធ្វើ​នូវ​រឿង​អស្ចារ្យ​ទាំងឡាយ​សម្រាប់​យើង និង ​តាមរយៈ​យើង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បំពេញ​តួនាទី​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១:៣៤-៣៥ ។ កា​រ​ចាប់​ទុំ​ផ្ទៃ​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅពេលអ្នកបង្រៀនលូកា ១:៣៤-៣៥​ នោះ​នឹង​មានសំណួរ​ជាច្រើន​សួរ​ឡើងអំពី​ការ​ចាប់​ទុំ​ផ្ទៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​មានសំណួរ​លើកឡើង សូមចងចាំ​នូវ​​ការ​ព្រមាន​​នេះ​មកពី​ប្រធាន​លី ៖

« នៅក្នុង​ការ​​និយាយតិចតួច​​អំពី [ការ​ចាប់​ទុំ​ផ្ទៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ] ដែល​ព្រះអម្ចាស់​បានមានបន្ទូល ប្រសិន​​បើ​គ្រូបង្រៀន​ឆ្លាតវៃ នោះពួកគេ​នឹងដាក់កំហិតការ​ពិភាក្សា​របស់ពួកគេ​ទៅលើ​ប្រធានបទ​នេះដោយលើកយកតែពាក្យ​ដែល​បាន​កត់ត្រាពីប្រធាន​​បទនេះ​នៅក្នុងលូកា ១:៣៤-៣៥​​ប៉ុណ្ណោះ ។ …

« សូម​ទុក​ឲ្យព្រះអម្ចាស់សម្រេច​​​ករណី​របស់ទ្រង់​ជាមួយ​នឹង​ការ​ប្រកាស​នេះ ហើយ​រង់ចាំ​រហូត​ដល់​ទ្រង់ទត​ឃើញ​ថា​វា​សមហេតុផល​នឹង​ប្រាប់​យើង​បន្ថែម​ទៀត » (​The Teachings of Harold B. Lee, ed. Clyde J. Williams [ ឆ្នាំ ១៩៩៦ ] ទំព័រ ១៤) ។

លូកា ១:៣៨។ « សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ »

ជា​ភាសា​ក្រិក​របស់​លូកា បាន​បង្ហាញ​ថា​ពាក្យសម្ដីរបស់​ម៉ារា ឆ្លុះបញ្ចាំង​ពី​ភាព​រឹងមាំ​នៃ​ការ​សម្រេចចិត្ត​របស់​នាង ។ នាង​ពុំ​ស្ទាក់ស្ទើរ​ចំពោះសំណើនោះទេ ប៉ុន្តែ​បាន​ទទួល​យក​ទាំងស្រុង​នូវ​តួនាទី​របស់នាង​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ដូច​និយាយថា « យល់ព្រមទាំងស្រុង ។ ខ្ញុំ​នឹង​ធ្វើជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ ដូចលោកប្រាប់​ចុះ » ។ ( សម្រាប់​ការ​យល់ដឹង​បន្ថែម​ចំពោះ​ការ​ឆ្លើយតប​របស់​ម៉ារា សូមមើល​វគ្គលូកា ១:៣៨​នៅក្នុងNew Testament Student Manual​​Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១៤២) ។

លូកា ១:៧៦  ។ « ​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត »

សាការី និង ​អេលីសាបិត ទាំងពីរ​នាក់ជា​កូនចៅ​របស់​អើរ៉ុន មកពី​តំណ​ពូជពង្ស​ដែល​ជា​សង្ឃ និង ​សង្ឃ​ជាន់​ខ្ពស់​នៃ​អ៊ីស្រាអែល​ទាំងអស់ ។ ហេតុដូច្នេះ​ហើយ យ៉ូហាន គឺជា​អ្នកទទួលមរតក​បព្វជិតភាព​អើរ៉ុន​ពីកំណើត ហើយ​នឹង​ភាពជា​អ្នកដឹក​នាំ​ក្នុង​បព្វជិតភាពនោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « យ៉ូហាន​គឺជា​សង្ឃម្នាក់ បន្ទាប់ពី​ឪពុក​របស់គាត់ ហើយ​កាន់​កូនសោ​នៃបព្វជិតភាព​អើរ៉ុន » ( នៅក្នុងHistory of the Church៥:២៥៧ ) ។