បណ្ណាល័យ
មេរៀនទី ៤៦ ៖ លូកា ៥


មេរៀនទី ៤៦

លូកា ៥

សេចក្ដីផ្ដើម

បន្ទាប់ពីការ​ចាប់​បាន​ត្រី​ដ៏ច្រើន​សន្ធឹក​ដោយអព្ភូត​ហេតុ​​ដែលមានជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ នោះពេត្រុស យ៉ាកុប និង យ៉ូហាន បាន​បោះ​បង់​ចោល​អ្វីៗ​ទាំងអស់ ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយជា​អ្នកនេសាទ​មនុស្សវិញ ។ ព្រះយេស៊ូវ​បានព្យាបាល​មនុស្ស​ឃ្លង់​ម្នាក់ និង​មនុស្ស​ខ្វិន​ម្នាក់ ។ ទ្រង់បានហៅ​ម៉ាថាយ​ឲ្យ​ធ្វើ​ជា​សិស្ស​មួយរូប ហើយបាន​បង្រៀន​ថា ទ្រង់​យាងមក​ដើម្បីហៅ​អ្នកមានបាប​ឲ្យប្រែ​ចិត្ត ។ ព្រះយេស៊ូវ​ក៏​បានបង្រៀន​រឿង​ប្រៀបប្រដូច​ពី​ស្រា​ទំពាំង​បាយជូរ​ថ្មី​ដាក់​ក្នុង​ដប​ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ៥:១-១១

ព្រះអម្ចាស់​បានហៅពេត្រុស យ៉ាកុប និង យ៉ូហាន ឲ្យ​ក្លាយ​ជា​អ្នកនេសាទ​មនុស្ស

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ តើ​អ្នកធ្លាប់​​ត្រូវ​បាន​សុំ​ឲ្យធ្វើអ្វីមួយ ដោយ​មិន​ដឹង​ពី​មូលហេតុចំពោះការ​ធ្វើការងារ​នោះ​នៅពេលណា ?​ ចូរ​សុំ​ឲ្យសិស្ស​គិត​ពិចារណា​អំពី​សំណួរ ហើយ​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ពួកគេ ។

  • ហេតុអ្វី​ក៏​វា​ជាការលំបាក​ ដើម្បី​ធ្វើតាម​ការណែនាំ​ដោយ​ពុំយល់​ពីមូលហេតុ​នោះ ?

  • តើបទបញ្ញត្តិ ឬ​ការ​ទូន្មាន​អ្វីខ្លះមកពី​អ្នកដឹកនាំ​សាសនាចក្រ​ ដែលយុវវ័យ​មួយចំនួនអាច​នឹង​ឃើញ​ថា​មានការ​លំបាក​ដើម្បី​គោរពតាម បើ​ពួកគេ​ពុំ​យល់​ដឹង​ពេញលេញ​ពីមូលហេតុនោះ ? ( សូមពិចារណាពីការ​​សរសេរ​ចម្លើយ​របស់​សិស្ស​​លើ​ក្ដារខៀន ។ )

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ​នៅក្នុង​លូកា ៥:១-១១ដែលអាច​ជួយ​ពួកគេ នៅពេលពួកគេ​ពុំ​យល់​ដឹង​ពេញលេញ​ពីមូល​ហេតុ​​ដែលពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើតាម​ដំបូន្មាន ឬ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ៥:១-៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បានសុំ​ឲ្យ​ស៊ីម៉ូន (ពេត្រុស) ធ្វើ បន្ទាប់​ពី​ទ្រង់បាន​បញ្ចប់​ការ​ផ្សាយ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ​​

  • តើស៊ីម៉ូន​បានប្រាប់​ព្រះអង្គសង្គ្រោះ​អ្វីខ្លះ អំពី​ការខិតខំ​កាលពីមុនរបស់គាត់​ ដើម្បីចាប់​ត្រី​​ ?

  • តើ​បទពិសោធន៍​នេសាទ​ត្រី​របស់​​ស៊ីម៉ូន អាច​បាននាំ​គាត់​ឲ្យ​គិត​ដូចម្តេច ពេលដែលព្រះអង្គសង្គ្រោះ​បានប្រាប់​ដល់ គាត់​ឲ្យ​ទម្លាក់​អួន​ម្ដងទៀត​យ៉ាងណា ?

  • តើ​ស៊ីម៉ូន​បាននិយាយ​ដូចម្តេច ដែលបង្ហាញ​ថា គាត់ទុកចិត្ត​ព្រះអម្ចាស់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានលូកា ៥:៦-៩ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថាអ្វីខ្លះ​បានកើតឡើង បន្ទាប់ពីស៊ីម៉ូន​​បានធ្វើ​តាមអ្វី​ដែលព្រះអម្ចាស់​បានសុំ ។

  • តើមានអ្វីខ្លះកើតឡើង​ នៅពេល​ស៊ីម៉ូន​បានធ្វើតាមអ្វី​ដែលព្រះអម្ចាស់បានសុំ ​?

  • តើគោលការណ៍​អ្វីខ្លះដែល​យើងអាច​រៀនមកពី​ឆន្ទៈ​របស់​ស៊ីម៉ូន ​ដើម្បីធ្វើនូវ​អ្វី​ដែលព្រះ​អម្ចាស់​​បានសុំ ទោះជា​គាត់​មិនយល់​ពីមូលហេតុ​ក្ដី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូចខាងក្រោម​នេះ ៖ ប្រសិនបើ​យើងធ្វើអ្វី​ដែលព្រះអម្ចាស់សុំ​ ទោះ​ជា​យើងពុំ​យល់​ពីមូលហេតុ​ក៏ដោយ នោះទ្រង់​អាច​ផ្ដល់​ពរជ័យ​ដ៏មហិមា​ជាង ​ដែលយើង​អាច​រំពឹងទុក ។ ចូរ​ប្រើ​ពាក្យ​របស់សិស្ស សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការរស់នៅតាមដំណឹងល្អ​តម្រូវ​ឲ្យ​យើង​ទុកចិត្ត​លើព្រះ​យេស៊ូវ​គ្រីស្ទ​តាម​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​​ពី​គោលការណ៍​​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​ដូច​ខាងក្រោម​ ដោយ​​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​​នាក់ឲ្យ​ឮៗ​ ។ ចូរ​ពិចារណា​ធ្វើការ​ផ្ដល់​ច្បាប់ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍​មួយច្បាប់ដល់​សិស្ស ។

រូបភាព
​​អែលឌើរ រីឆាដ ជី ស្កត

« ជីវិត​នេះ​ជា​បទពិសោធន៍​មួយ​ នៅក្នុង​ការទុកចិត្ត​យ៉ាង​ជ្រាលជ្រៅ—ជា​ការទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ការទុកចិត្ត​លើ​ការបង្រៀន​របស់​ទ្រង់ ការទុកចិត្ត​លើ​សមត្ថភាព​របស់​យើង ​ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ការបង្រៀន​ទាំងនោះ ដើម្បី​បាន​សុភមង្គល​នា​ពេល​ឥឡូវ​នេះ និង នៅ​ជីវិត​ដ៏​ពោរពេញ​ដោយ​គោលបំណង ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដ៏​រីករាយ​​បំផុត ។ ដើម្បី​ទុកចិត្ត​មានន័យ​ថា គោរព​ដោយ​ស្ម័គ្រចិត្ត ដោយ​ពុំ​ដឹង​ពី​ទីបញ្ចប់ តាំងពី​ដំបូង​មក ( សូមមើល សុភា. ៣:៥-៧) ។ ដើម្បី​បង្កើត​ផលផ្លែ នោះ​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះ​អម្ចាស់​ ត្រូវតែមាន​​កាន់តែ​ខ្លាំងក្លា និង កាន់តែ​ឋិតឋេរ ជាង​ទំនុកចិត្ត​របស់​អ្នក​លើ​អារម្មណ៍ និង បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក » ( «Trust in the Lord» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ) ។

  • តើ​យើង​អាចបង្កើត​ការទុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ព្រះ​អង្គ​សង្គ្រោះ​​យ៉ាង​ដូចម្តេច​ដែរ ?

  • តើអ្នក ឬគ្រួសារ​អ្នក​ធ្លាប់​ទទួលបានពរជ័យ​ដ៏​មហិមា​ជាង​ អ្វីដែលអ្នក​បាន​រំពឹងទុក​ដោយ​ការ​ធ្វើតាម​ការ​ដឹក​​នាំ​របស់ព្រះអម្ចាស់ ទោះ​ជា​ពេលដែលអ្នកពុំ​យល់​ពេញលេញ​ពីមូលហេតុវា​យ៉ាងដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ទាំង​បទពិសោធន៍​ ដែលបាន​ជួយ​សិស្ស​នៅទីបំផុត បាន​យល់​ពីមូលហេតុ​ដែល​ព្រះអម្ចាស់​បានប្រទាន​ការដឹកនាំ​ដូច្នេះ ) ។

នៅលើ​សន្លឹក​ក្រដាស​មួយ​ ដែល​ពួកគេ​អាច​យក​ទៅ​ផ្ទះ ចូរ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការប្រឹក្សា ឬ បទបញ្ញត្តិ​មកពី​ព្រះអម្ចាស់ ដែល​ពួកគេ​អាច​ធ្វើតាម​កាន់តែ​ស្មោះត្រង់ ទោះជា​ពួកគេ​មិន​យល់​ពីមូលហេតុ​ពេញលេញ​ក្នុង​​ការ​ធ្វើ​ដូច្នោះ​ក្ដី ។ ( បើ​មានពេល អ្នកអាច​អញ្ជើញសិស្ស​ឲ្យ​មើលយោបល់​នានា​​នៅក្នុងកូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជន [កូនសៀវភៅ ឆ្នាំ ២០១១] ដើម្បីជាគំនិត ) ។

សូមសង្ខេបលូកា ៥:១០-១១​ដោយ​ការ​ពន្យល់​ថា ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ទុក​ចោលទូក​នេសាទ និង​សំណាញ់​​របស់ពួកគេ​ចោល​ហើយ​ទៅ​តាម​ព្រះយេស៊ូវ​ ។

លូកា ៥:១២-២៦

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឃ្លង់ និង​បុរស​ខ្វិន

សូមបង្ហាញ​សិស្ស​នូវ​វត្ថុ​ដូច​ខាង​ក្រោម ( ឬ​គូ​រូប​វត្ថុនោះ​នៅលើ​ក្ដារខៀន ) ៖ សារាង បង់​រុំ​របួស សាប៊ូ និង ប្រដាប់​ដាក់ទឹកកក​ស្អំ ។

  • តើ​វត្ថុទាំង​នេះ​អាច​ជួយ​ព្យាបាល​មនុស្ស​ឈឺ ឬ​មានរបួស​យ៉ាង​ដូចម្ដេច ?

  • ក្រៅពី​ជំងឺ និង​របួស​ខាង​រូបកាយ តើ​មានអ្វីផ្សេង​ទៀត​ដែលមនុស្ស​ម្នាក់​ចាំបាច់​​ត្រូវបាន​ព្យាបាលនោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។ ចម្លើយ​អាច​រួមមាន អំពើបាប ការញៀន ការអស់​សង្ឃឹម និង​បទពិសោធន៍ល្វីងជូរចត់ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​គោលការណ៍​ទាំងឡាយ នៅ​ពេល​ពួកគេ​សិក្សាលូកា ៥:១២-២៥​​ដែលបង្រៀន​យើង​អំពីអ្វី​ដែល​យើង​អាច​ធ្វើ ដើម្បីជួយ​ខ្លួន​យើង និង​អ្នកដទៃ​ឲ្យ​ទទួល​បាន​នូវការ​ព្យាបាល​ដែលចាំបាច់ ។

សូមគូស តារាង​ដូចខាង​ក្រោម នៅលើ​ក្ដារខៀន ហើយអញ្ជើញ​​ឲ្យ​សិស្ស​ចម្លង​វា​ចូលទៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

ភាព​ស្រដៀងគ្នា

ភាព​ខុសគ្នា

សូម​សរសេរ​សេចក្ដី​​យោង ​ដូចខាងក្រោម​នេះ​នៅលើ ​ក្ដារខៀន ៖ លូកា ៥:១២–១៥ និង លូកា ៥:១៧–២៥ ។ ចូរ​ពន្យល់​ថា ខគម្ពីរទាំងនេះរៀបរាប់​ថា ព្រះអង្គ​សង្គ្រោះ​បានព្យាបាល​បុរស​ពីរនាក់ ។ បុរស​ម្នាក់មាន​រោគ​ឃ្លង់ ហើយ​បុរស​ម្នាក់ទៀតខ្វិន មាន​ន័យថា គាត់​ពុំ​អាច​ដើរ​បាន ។ សូម​ចែក​សិស្ស​ជា​គូ ។ ចូរ​សុំ​ឲ្យពួកគេ​អាន​ដំណើររឿង​នីមួយៗ​ជាមួយនឹង​ដៃគូ​ពួកគេ ហើយពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការព្យាបាល​ទាំងពីរ​នេះ​ស្រដៀងគ្នា​យ៉ាងដូចម្ដេច ? តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច​?

  • តើសេចក្ដីជំនឿ​ដើរ​តួនាទីអ្វីខ្លះ​ នៅក្នុង​ដំណើរ​រឿង​នីមួយ​ៗ ?

ចូរសុំ​ឲ្យ​សិស្ស​កត់ត្រា​នៅក្នុង​តារាង​របស់ពួកគេ​​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ចូរ​ពិចារណា​ធ្វើការ​អញ្ជើញសិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា « ទ្រង់​បាន​ឃើញ​សេចក្តី​ជំនឿ​របស់​គេ​ » នៅក្នុង ខទី ២០ ។ ចូរ​ប្រាកដ​ថា សិស្ស​យល់​ដឹង​ថា សេចក្ដី​ជំនឿ​នៃអ្នកទាំង​ឡាយ​ ដែល​បាន​នាំ​បុរស​ខ្វិនមក​ព្រះអង្គសង្គ្រោះ បាន​នាំ​ឲ្យ​បុរស​នេះ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ។

  • តើ​គោលការណ៍អ្វីខ្លះ​ ដែល​យើងអាច​រៀនមក​ពី​ដំណើរ​រឿង​ទាំងនេះ​អំពី​របៀប ​ដែល​យើងអាច​ត្រូវ​បាន​ព្យាបាល និង​អ្វី​ដែល​យើងអាច​ធ្វើ​ដើម្បីជួយ​អ្នកដទៃ​ឲ្យ​បាន​ជាសះស្បើយ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​គួរ​ស្គាល់​​គោលការណ៍ទាំងឡាយ​​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​មករក​ព្រះអង្គ​សង្គ្រោះ នោះទ្រង់​អាច​ព្យាបាល​យើង ។ យើងអាច​ជួយអ្នកដទៃ​ឲ្យមក​រក​ព្រះអង្គសង្គ្រោះ ​ដើម្បី​ពួកគេ​អាច​ត្រូវ​បាន​ព្យាបាល ។ សូម​គោលការណ៍​ទាំង​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​យើងអាច​ទទួលបាន​ការ​ព្យាបាល​មកពីព្រះអង្គ​សង្គ្រោះ​​តាមរបៀប​ណា ? ( សូមជួយសិស្ស​ឲ្យ​យល់​ថា ព្រះអង្គ​សង្គ្រោះអាច​ដក​យក​ជំងឺ​ចេញពី​យើង​បាន ឬ​ទ្រង់​អាច​ប្រទាន​ដល់យើងនូវ​ភាព​ក្លាហាន សេចក្ដី​ជំនឿ ការកំសាន្ដចិត្ត និង​សេចក្ដីសុខសាន្ដ​ ដែល​យើង​ត្រូវការ​ដើម្បី​ស៊ូទ្រាំ ឬ​យក​ឈ្នះ​លើ​ជំងឺ​ទាំងឡាយរបស់យើង ) ។

ចូរ​សុំ​ឲ្យ​សិស្ស​គិតពិចារណា​អំពី​ជំងឺ​ទាំងឡាយ ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ដែលមនុស្សប្រហែលជាត្រូវការដើម្បីនឹង​ត្រូវ​បានព្យាបាល ។

  • តើអ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បីជួយ​នាំមនុស្ស​មករក​ព្រះអង្គ​សង្គ្រោះ ដើម្បីទទួល​នូវ​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់ ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ធ្លាប់​ដឹង​ថា ត្រូវ​បាន​ព្យាបាល​តាម​រយៈ​ការ​អនុវត្ត​សេចក្ដីជំនឿទៅលើ​ព្រះអង្គ​សង្គ្រោះ​​នៅ​ពេលណា ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍​ឬ ​រឿង​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ ) ។

  • តើ​អ្នកធ្លាប់​​ឃើញ​មនុស្ស​ម្នាក់​បាននាំ​មនុស្ស​ផ្សេងទៀត​ទៅ​រកព្រះអម្ចាស់ ដើម្បីទទួលបាន​ព្រះចេស្ដា​ព្យាបាល​របស់ព្រះអង្គសង្គ្រោះ​នៅពេលណា ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណាអំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ​ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ឡើង ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ត្រូវ​បាន​ព្យាបាល អភ័យទោស ឬ​លួងលោម​ចិត្ត ឬ​អ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បី​នាំ​មិត្តម្នាក់ ឬ​នរណា​ម្នាក់ទៀត​មក​រក​ព្រះអង្គសង្គ្រោះ ។ សូមលើក​ទឹកចិត្ត​​ពួកគេ​ធ្វើ​សកម្មភាព ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

លូកា ៥:២៧-៣៥

ពួកអាចារ្យ និងពួកផារិស៊ី ចោទសួរ​ថា​ហេតុអ្វី​ក៏​ព្រះ​យេស៊ូវ​ទទួលទាន​ជាមួយនឹង​ពួក​អ្នកយកពន្ធ និង​ពួក​មនុស្ស​មានបាប ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានលូកា ៥:២៧-២៨ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​ការ​អញ្ជើញ​របស់ព្រះអង្គសង្គ្រោះ ​ទៅដល់​លោក​លេវី ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សសើរ អំពី​របៀប​ដែល​លោក​​លេវី ​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​របស់ព្រះអង្គ​សង្គ្រោះ​ ?​

ចូរ​រំឭក​សិស្ស​ថា លេវី ក៏​ត្រូវ​បាន​ហៅ​ថា​ជា ម៉ាថាយ​ផង​ដែរ ( សូមមើលម៉ាថាយ ៩:៩) ។ គាត់គឺជា​អ្នកយកពន្ធ មានន័យ​ថា គាត់​ប្រមូលពន្ធ​មក​ពី​បងប្អូន​សាសន៍​យូដា​របស់គាត់​សម្រាប់​រដ្ឋាភិបាល​រ៉ូម ។ ជាទូទៅពួកសាសន៍​យូដា​ស្អប់​ពួកអ្នកយក​ពន្ធ ហើយ​មើល​ទៅ​ពួកគេ​ដូចជា ពួក​បំបរបង់​ និង​អ្នកមាន​បាប និង​ជា​មនុស្ស​ក្បត់ជាតិ​ចំពោះ​ជាតិសាសន៍​អ៊ីស្រាអែល ។ សូម​សង្ខេប​លូកា ៥:២៩-៣៥​ដោយ​ពន្យល់​ថា ខណៈ​ដែល​ព្រះយេស៊ូវ​កំពុង​ទទួលទាន​ជាមួយនឹង​លេវី និង​អ្នកផ្សេងទៀត នោះ​ពួកអាចារ្យ និងពួក​ផារិស៊ី​បាន​បន្ទោស​ទ្រង់​ចំពោះ​ការ​ទទួលទាន​ជាមួយ​ពួកមានបាប ។ ព្រះយេស៊ូវបានបង្រៀន​ពួកគេ​ថា ទ្រង់​មកដើម្បី​ហៅ​ពួក​មាន​បាប​ឲ្យប្រែចិត្ត ។

លូកា ៥:៣៦-៣៩

ព្រះយេស៊ូវ​ប្រាប់រឿង​ប្រៀបប្រដូច​ពី​ស្រា​ទំពាំង​បាយជូរ​ថ្មី​ដាក់​ក្នុង​ដប​ចាស់

ចូរ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ បានប្រើ​រឿង​ប្រៀបប្រដូច​ដើម្បី​បង្រៀន​ដល់ពួក​អាចារ្យ និង​ពួកផារិរ៉ាស៊ី ។ សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង​ លូកា ៥:៣៦-៣៩ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើលអ្វី​​​ ដែល​​​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ នៅក្នុង​រឿង​​ប្រៀប​ប្រដូច​របស់​ទ្រង់ ។

  • តើ​អ្វីដែល​ព្រះអង្គសង្គ្រោះ​បានប្រើ​ ដើម្បីបង្រៀន​អំពី​រឿង​​​ប្រៀបប្រដូច​របស់ទ្រង់ ?

ចូរ​បង្ហាញសិស្ស​នូវ​ក្រណាត់ថ្មី និងក្រណាត់​ចាស់​ដែល​មាន​​ដាច់ប្រហោង ។ ចូរ​ពន្យល់​ថា « ក្រណាត់ថ្មី » នៅខ ៣៦សំដៅ​ទៅលើ​ក្រណាត់​ដែល​មិនទាន់​រួញ ។ មនុស្ស​ម្នាក់ពុំ​អាច​ប៉ះ​ក្រណាត់​ចាស់ជាមួយនឹង​ក្រណាត់​ថ្មី​បានទេ ដោយសារ​តែ​ក្រណាត់​ថ្មី នឹង​ធ្វើ​ឲ្យ​រួញ​ ដែល​ធ្វើ​ឲ្យ​កន្លែង​ដាច់​កាន់តែ​ដាច់ធំជាង​មុន​ទៀត ។ តាមរបៀប​ស្រដៀងគ្នានេះ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពុំ​គ្រាន់តែ​ជា​ការ​ប៉ះ​ប៉ូវ​ទៅលើ​ជំនឿ​ចាស់ និង​ការ​អនុវត្ត​ចាស់ៗ​នោះទេ ប៉ុន្តែ​ជា​ការ​ស្ដារឡើងវិញ​នូវ​សេចក្ដីពិត​ទាំង​ស្រុង ។

សូម​ពន្យល់​ថាដបសំដៅទៅលើ « ថង់​ស្បែក ឬ​ស្បោង​ដាក់ស្រា » ហើយ​បើ​អាច​ធ្វើទៅបាន ចូរ​បង្ហាញ​សិស្ស​នូវ​ចំរៀក​ស្បែក​ចាស់ និង ស្បែកថ្មី ។

  • តើ​ស្បែក​ចាស់ និង ស្បែកថ្មី ខុសគ្នា​យ៉ាងណា? ( ស្បែកថ្មី​គឺទន់ ហើយងាយ​បត់ ឯ​ស្បែកចាស់​រឹង ហើយផុយ​ស្រួយ ) ។

ចូរ​ពន្យល់​ថា ស្រាថ្មី​កាច់​មេ​នៅក្នុង​ថង់​ស្បែក​ ​ហើយ​ឧស្ម័ន​នឹង​ដោរ​ឡើង​នៅខាង​ក្នុង ហើយ​ធ្វើ​ឲ្យ​ថង់​ស្បែក​យឺតឡើង ។ នៅពេល​ស្បោង​ដាក់ស្រា​បានយឺត​អស់ហើយ​តាម​របៀប​នេះ នោះ​ការ​ព្យាយាម​ដើម្បី​បិទ​ស្រាថ្មី​នៅក្នុង​វា​ម្ដងទៀត នឹង​ប្រថុយ​ក្នុងការ​ផ្ទុះ​ស្បោង​នោះ ។

នៅក្នុង​រឿង​ប្រៀបប្រដូចស្រាថ្មី តំណាង​ឲ្យ​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ ហើយ​នឹង​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ​ដ៏អស់កល្ប ឯ​ស្រាចាស់​តំណាង​ឲ្យ​​ការ​អនុវត្ត ទំនៀមទំលាប់ និង​ជំនឿ​របស់ពួក​ផារិស៊ី​នៅ​ក្រោម​ច្បាប់​ម៉ូសេ ។

  • តើ « ដប​ចាស់ » តំណាង​ឲ្យពួកអាចារ្យ និងពួក​ផារិស៊ី​របៀបណា ? ( ក៏ដូចជា​ដបចាស់​ដែល​​រឹង​ខ្លាំង​ពេក​ដើម្បី​ដាក់ស្រាថ្មី នោះ​ពួកអាចារ្យ និងពួកផារិស៊ី ក៏​មាន​ដួងចិត្ត​​រឹងរូស ហើយ​ពុំ​ចង់ផ្លាស់ប្ដូរ ដើម្បីទទួលយក​ព្រះអង្គសង្គ្រោះ និងការ​បង្រៀន​របស់ទ្រង់​ផងដែរ ) ។

  • តើ « ដបថ្មី » អាច​តំណាង​ឲ្យ​នរណា ? ( អ្នកទាំងឡាយ​ដែល​រាបសារ និង​មានឆន្ទៈ​ដើម្បី​ផ្លាស់ប្ដូរ ទទួលយក​ព្រះអង្គសង្គ្រោះ និង​ការ​បង្រៀន​របស់​ទ្រង់ ) ។

  • តើ​យើងអាច​រៀនអ្វីខ្លះ មកពី​រឿង​ប្រៀប​ប្រដូច​នេះ​អំពីអ្វី ​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ទទួល​ព្រះ​អង្គសង្គ្រោះ និងដំណឹងល្អ​របស់ទ្រង់​ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ដើម្បីទទួលយក​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ យើង​ត្រូវ​តែ​រាបសារ ហើយមានឆន្ទៈ​ដើម្បីផ្លាស់ប្ដូរ ។ សូម​អញ្ជើញសិស្ស​ឲ្យពិចារណា​សរសេរ​គោលការណ៍​នេះ​នៅលើ​រឹម​ទំព័រ​គម្ពីរ​របស់ពួកគេ​នៅក្បែរ​លូកា ៥:៣៦-៣៩ ) ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​អំពី​គោលការណ៍នេះ ចូរ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​លូកា ៥ហើយ​រក​មើល​ឧទាហរណ៍​អំពី​របៀប​ ដែល​បុគ្គល​ម្នាក់ៗ មាន​ឥរិយាបទ​​រឹងរូស ហើយរឹងទទឹងចំពោះ​ព្រះអង្គ​សង្គ្រោះ និងការ​បង្រៀន​របស់ទ្រង់ ក៏ដូចជា​ឧទាហរណ៍​អំពី​របៀប ​ដែល​បុគ្គល​ម្នាក់ៗ​រាបសារ និង​មានឆន្ទៈ​ដើម្បី​ផ្លាស់ប្ដូរ និង​រីកចម្រើន​​តាមរយៈ​ការ​ធ្វើតាមព្រះ​អង្គសង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​រៀបរាប់​ពី​អ្វី​ ដែល​ពួកគេ​រក​ឃើញ ។

សូមបញ្ចប់​មេរៀន​ដោយការ​ចែកចាយ​ទីបន្ទាល់របស់​អ្នក​​អំពី​គោលការណ៍​ដែលបាន​បង្រៀននៅក្នុង​លូកា ៥

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ៥:២៣។ « ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ? »

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​​ដូច​ខាង​ក្រោម​អំពី​អព្ភូតហេតុ​ដ៏​ធំបំផុត​នាសព្វថ្ងៃនេះ ៖

« អព្ភូតហេតុ​ធំបំផុត​ដែល​ខ្ញុំ​មើល​ឃើញ​សព្វថ្ងៃ​នេះ គឺពុំ​ចាំបាច់​ជាការ​ព្យាបាល​អ្នកឈឺ​ខាង​​រូបកាយ​​នោះទេ ប៉ុន្តែ​​អព្ភូតហេតុ​ធំ​បំផុត ដែល​ខ្ញុំ​មើល​ឃើញ គឺ​ការ​ព្យាបាល​ជំងឺខាង​ព្រលឹងឲ្យ​ជា​​ដល់​អ្នកទាំងឡាយ​ដែលព្រលឹង និងវិញ្ញាណឈឺចាប់ ហើយ​បានបាក់ទឹកចិត្ត និងអស់​សង្ឃឹម ដែលស្ទើរតែ​ដាច់សរសៃ​ប្រសាទ ។ យើង​កំពុង​ឈោងដៃ​ទៅជួយ​មនុស្ស​ទាំងអស់​នោះ ដោយ​សារ​​តែ​ពួកគេ​មានតម្លៃ​នៅក្នុង​ព្រះនេត្រ​របស់​ព្រះអម្ចាស់ ហើយ​យើង​មិន​ចង់​ទុកឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បានបំភ្លេច​ចោល​នោះទេ » (« Stand Ye in Holy Places »Ensign ខែ កក្កដា ឆ្នាំ ១៩៧៣ ទំព័រ ១២៣ ) ។

លូកា ៥:២១-២៤ ។ « តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន ? »

ជាការពន្យល់​ចំពោះចម្ងល់​របស់​ពួកអាចារ្យ និង​ពួក​ផារិស៊ី អំពីសិទ្ធិអំណាច​របស់ព្រះអង្គសង្គ្រោះ​ដើម្បីអភ័យ​ទោស​បាប នោះអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាង​ក្រោម ៖

« ព្រឹត្តការណ៍​នេះ​នៅក្នុង​ជីវិតរបស់​ព្រះអម្ចាស់​យើង គឺ​មើល​ឃើញ​នឹងភ្នែក ហើយ​ជា​ភស្ដុតាង​ពុំអាច​បដិសេធ​បាន ថា​ទ្រង់គឺ​ជា​ព្រះ​មែស៊ី ហើយ​ត្រូវ​បាន​មនុស្ស​ទាំងឡាយដែលទ្រង់​បាន​បម្រើ​ទទួលស្គាល់​យ៉ាង​ច្បាស់ ។ ទ្រង់​បានថ្លែង​ទីបន្ទាល់​ជាញឹក​ញាប់​ដោយព្រះឱស្ឋ​ទ្រង់​ថា ព្រះគឺ​ជា​ព្រះបិតា​របស់ទ្រង់ ហើយ​បាន​គាំទ្រជា​​សាក្សី​ផ្ទាល់ខ្លួន​តាម​រយៈការ​បម្រើនៃការ​ផ្សាយ និង​ការ​ព្យាបាល​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន ។ ឥឡូវ​វា​គឺ​ជា​ព្រះរាជ​បំណង​របស់​ទ្រង់​ដើម្បី​ប្រកាស​ថា ទ្រង់​​បានធ្វើ​កិច្ចការ ​ដែលគ្មាន​នរណា​ម្នាក់​អាច​ធ្វើបាន​ក្រៅពីព្រះ ហើយ​បាន​បង្ហាញ​ថា ទ្រង់បានធ្វើ​កិច្ចការ​នោះ​ដោយ​ការ​បើក​សម្ដែង​បន្ថែម​​ទៀត​អំពី​ព្រះចេស្ដា​របស់​ព្រះបិតា​ទ្រង់ ។

« អ្នកដែ​ល​មាន​វត្តមាននៅទីនោះ​​បានដឹង​ថា ព្រះ​យេស៊ូវ និង ‹ ជាអ្នក​ប្រាជ្ញ​ច្បាប់ › គឺគ្មាន​នរណា​ក្រៅពី​​ព្រះទេ ដែល​អាច​អភ័យទោស​អំពើបាប​បាន ។​ ព្រោះហេតុនោះ ភស្ដុតាង​ជាក់លាក់ និងជាក់​ស្ដែងអំពី​ព្រះចេស្ដា​របស់ព្រះ គឺ​ស្ថិត​នៅក្នុង​ព្រះអង្គ​ទ្រង់ … ដែល​ព្រះយេស៊ូវ​​បាន​ធ្វើ​នូវកិច្ចការ​ដែល​គ្មានអ្នកក្លែង​បន្លំ​ណា​អាច​ធ្វើបាន—​ទ្រង់​បាន​បង្ហាញ​អំពី​ព្រះចេស្ដា​ដ៏ទេវភាព​របស់ទ្រង់​តាមរយៈ​ការ​ព្យាបាល​ដល់​បុរស​ដែល​ទទួលការ​អភ័យទោស » (​Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣] ១:១៧៧–៧៨ ) ។

លូកា ៥:២០។ « ពេល [​ព្រះយេស៊ូវ] ​ទតឃើញ​សេចក្ដីជំនឿ​របស់​អ្នក​ទាំងនោះ »

យោង​ទៅលើ​ដំណើរ​រឿង​របស់បុរស​ដែល​មានជំងឺ​ខ្វិន និង​ឃ្លាថា « ពេល [​ព្រះយេស៊ូវ] បាន​ទតឃើញ​សេចក្ដីជំនឿ​របស់​អ្នក​ទាំងនោះ » (លូកា ៥:២០បន្ថែម​អក្សរ​ទ្រេត ) អែលឌើរ ឈី ហុង (សាំ) វុង នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀនថា​ ៖

« សេចក្ដីជំនឿ​រួម​គ្នា​របស់យើង​ក៏​នឹង​ជះឥទ្ធិពលដល់​សុខុមាលភាពរបស់អ្នកដទៃ​ដែរ ។

« តើ​នរណាទៅជាមនុស្សដែល​ព្រះយេស៊ូវ​បាន​លើក​ឡើង ? ពួកគេជាអ្នកទាំងបួន​ដែល​សែង​បុរស​ដែល​មាន​​ជំងឺ​ស្លាប់ដៃជើង​នោះ ​បុរស​នោះ​ផ្ទាល់ ជា​មនុស្ស​​​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់ និង​ជន​ដែល​នៅ​ទីនោះស្ដាប់​ការ​បង្រៀន​​របស់​ព្រះយេស៊ូវ ហើយ​អបអរដោយ​ស្ងៀម​ស្ងាត់ ក្នុង​ចិត្ត​ពួកគេ​សម្រាប់​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​ក្នុងពេល​ឆាប់ៗ ។ ពួកគេក៏អាច​ជា​ស្វាមី ឬភរិយា ឪពុក ឬម្ដាយ កូនប្រុស ឬកូនស្រី អ្នកផ្សាយ​សាសនា ប្រធានកូរ៉ុម ប្រធាន​សមាគមសង្គ្រោះ ប៊ីស្សព និងមិត្តម្នាក់ដែល​នៅឆ្ងាយ​ផងដែរ ។ យើងទាំងអស់គ្នាអាចជួយ​គ្នាទៅវិញទៅមក​បាន ។ យើងគួរមាន​ចិត្ត​ចង់​ចូលរួម​ក្នុងការ​ស្វែង​រកជួយ​សង្គ្រោះ​​ដល់​ជន​ដែលខ្វះខាត​ជានិច្ច » (​« Rescue in Unity »Ensign​​ឬLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៦ ) ។