បណ្ណាល័យ
មេរៀនទី ៤៩ ៖ លូកា ៨-៩


មេរៀន​ទី ៤៩

លូកា ៨-៩

សេចក្ដីផ្ដើម

ព្រះអង្គសង្គ្រោះ​បាន​បន្ដ​បម្រើ​នៅក្នុង​ស្រុក​កាលីឡេ ជាកន្លែង​ដែលទ្រង់បាន​ព្យាករ​អំពី​ការសុគត និងការ​រស់ឡើងវិញ​របស់ទ្រង់ ។ ពេល​ចាក​ចេញ​ពី​កាលីឡេ ព្រះយេស៊ូវ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ទីក្រុង​យេរូសាឡិម​ដើម្បី​បញ្ចប់​បេសកកម្ម​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ ។ នៅក្នុង​ស្រុក​សាម៉ារី យ៉ាកុប និង​ យ៉ូហាន បាន​ហៅ​ឲ្យ​ភ្លើង​ធ្លាក់ចុះ​ពី​លើ​មេឃ​ដើម្បី​ឆេះ​ភូមិ​សាសន៍សាម៉ារី ដែល​បាន​បដិសេធ​ព្រះ​យេស៊ូវ ប៉ុន្តែ​ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា ទ្រង់​បាន​យាងមក​ដើម្បី​សង្គ្រោះ​ប្រជាជន ពុំ​មែន​ដើម្បី​បំផ្លាញ​ពួកគេ​ទេ ។ ព្រះ​យេស៊ូវ​ក៏​បាន​បង្រៀន​អំពី​ភាពជាសិស្ស​ពិត​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ៨:១–៩:៥៦

ព្រះអង្គសង្គ្រោះ​ធ្វើ​អព្ភូតហេតុ​ បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀបធៀប ហើយ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​​យេរូសាឡិម

ចូរ​សរសេរ​ស្ថានភាព​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ឬ​សរសេរ​ស្ថានភាព​នីមួយៗ​នៅលើ​សន្លឹក​​ក្រដាស​ផ្សេងៗគ្នា​មួយ ។ សូម​ឲ្យ​សិស្សបីនាក់​អាន​វា​ឮៗ ។

  1. នៅពេល​អ្នក​សុំ​ឲ្យ​បងប្រុស​របស់អ្នកជួយ​សម្អាត​ភាព​រញ៉េរញ៉ៃ​របស់អ្នក​ដោយ​ទន់ភ្លន់ គាត់បែជា​ប្រាប់មកវិញ​ទាំងទ្រគោះបោះបោកថា ធ្វើ​ខ្លួន​ឯងទៅ ។

  2. ខណៈ​ពេល​កំពុង​រៀបចំ​សកម្មភាព​សាលា​មួយ នោះ​សិស្ស​រួម​ថ្នាក់​ពីរ​បីនាក់​បាន​រិះគន់ ហើយ​បាន​សើច​ចំអក​ចំពោះ​គំនិត​ដែលអ្នកចែកចាយ ។

  3. នៅពេលអ្នកចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​ម្នាក់ នាង​ប្រាប់អ្នក​ថា​ជំនឿ​របស់​អ្នកចម្លែក​ណាស់ ។

  • តើ​អ្នក​នឹង​មានអារម្មណ៍​យ៉ាង​ណា​ចំពោះ​ស្ថានភាព​នីមួយៗ​នេះ ? តើ​អ្នកនឹង​មាន​ប្រតិកម្ម​យ៉ា​ងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត នៅពេល​ពួកគេ​សិក្សា​អំពីការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុងលូកា ៨-៩ដែលអាច​ដឹកនាំ​ពួកគេ​នៅពេល​ពួកគេ​​មានអារម្មណ៍​អាក់អន់ចិត្ត​ដោយ​សកម្មភាព ឬ​ពាក្យ​សម្ដី​របស់អ្នកដទៃ ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការ​សង្ខេប​ជំពូកលូកា ៨-៩។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើលព្រឹត្តការណ៍​ដែល​ត្រូវ​បាន​កត់ត្រា​នៅក្នុង​ជំពូកទាំងនេះ ។ សូមពន្យល់​ថា ដោយសារ​តែ​ពួកគេ​បានសិក្សា​ពីព្រឹត្តការណ៍​ទាំងនេះ​យ៉ាងលម្អិត​នៅក្នុង​មេរៀន​នៅ​ម៉ាថាយ និង​ម៉ាកុស នោះ​មេរៀន​នេះ​នឹង​ផ្ដោត​ទៅលើលូកា ៩:៥១-៦២

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ៩:៥១ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុង​ថ្នាក់​​ឲ្យ​រក​មើល​នូវ​កន្លែង​ដែល​ព្រះអង្គសង្គ្រោះ​បាន​សម្រេច​ចិត្ត​ថា​ទៅ ។ សូមពន្យល់​ថា ឃ្លា « ​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌ » សំដៅ​ទៅលើការ​យាង​ឡើង​ទៅស្ថានសួគ៌​វិញ​របស់ព្រះអង្គសង្គ្រោះ ។

  • តើ​ព្រះអង្គសង្គ្រោះសម្រេច​ថា​ទៅកន្លែង​ណា ?

ចូរ​ពន្យល់​ថា ការ​ធ្វើ​អ្វីមួយ​ដោយ​ខ្ជាប់ខ្ជួន​មានន័យថា ធ្វើ​វា​នៅក្នុង​ការ​ប្ដេជ្ញាចិត្ត ឬ​ក្នុង​របៀប​មួយ​ដែល​ពុំ​ងាករេ ។ កាលពីដើម ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ដល់ពួកសិស្ស​របស់ទ្រង់​ថា ទ្រង់​នឹង​ត្រូវ​គេ​ក្បត់ វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​នៅក្នុងទីក្រុង​យេរូសាឡិម ( សូមមើលម៉ាថាយ ២០:១៧-១៩,លូកា ៩:៤៤) ។

  • តើ​ការ​ប្ដេជ្ញាចិត្ត​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ទៅ​កាន់​ទីក្រុង​យេរូសាឡិមមាន​អ្វីខ្លះ​ទោះ​ជាមាន​បញ្ហា​ទាំងនេះ​បើក​បង្ហាញ​អំពី​ចរិតលក្ខណៈ​របស់​ទ្រង់​នោះ ?

ចូរ​ចង្អុល​បង្ហាញ​ថា ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់ បាន​ទៅកាន់​ភូមិ​សាម៉ារី ។ សូម​អញ្ជើញសិស្ស​ពីរ​បីនាក់​ឲ្យ​ផ្លាស់​វេណ​គ្នា​អាន​អំពី​លូកា ៩:៥២-៥៤ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ប្រតិកម្ម​របស់​សាសន៍​សាម៉ារី ពេលពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់​ចង់​ចូល​មក​ក្នុង​ភូមិ​របស់​ពួកគេ 

  • តើ​សាសន៍​សាម៉ារី​បានមានប្រតិកម្ម​អ្វី​ខ្លះ នៅពេល​ពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់ ចង់​ចូល​ទៅក្នុង​ភូមិ​របស់ពួកគេ​នោះ ?

  • តើ​យ៉ាកុប និង​យ៉ូហាន បានមាន​ប្រតិកម្ម​ចំពោះ​ការ​មិនរាក់ទាក់របស់​ពួកសាសន៍​សាម៉ារី​ និងការ​បដិសេធ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​មនុស្ស​នៅសព្វថ្ងៃ​មានប្រតិកម្មយ៉ាង​ខ្លាំង​​ចំពោះ​ការ​ប្រមាថ និង​ការ​ធ្វើ​ឲ្យអាក់អន់​ចិត្ត​មកពី​អ្នកដទៃ​តាមរបៀប​ណា ? ( សូម​យោង​ទៅលើ​ស្ថានភាព​ទាំងឡាយ​ចាប់​តាំង​ពី​ចាប់​ផ្ដើម​មេរៀន​មក ហើយ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​នានា​ដែល​នរណា​ម្នាក់​អាច​នឹង​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ទាំងនេះ ) ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ៩:៥៥-៥៦ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយរកមើល​ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​ទៅកាន់ យ៉ាកុប និង យ៉ូហាន ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ចូរ​ពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​បានមានបន្ទូលថា « អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ » (ខទី ៥៥) នោះ​ទ្រង់​កំពុង​ផ្ដល់​យោបល់​ថា សំណើរ​របស់​យ៉ាកុប និង​យ៉ូហាន គឺ​ពុំ​សម​ស្រប​ទៅនឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ឡើយ ប៉ុន្តែ​វា​មាន​ភាព​សមស្រប​ទៅនឹង​វិញ្ញាណ​របស់សាតាំង​ច្រើនជាង ដែល​ចាក់រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង ( សូមមើល​នីហ្វៃទី ៣ ១១:២៩-៣០) ។

  • តើ​ប្រតិកម្ម​របស់ព្រះអង្គសង្គ្រោះ​ចំពោះ​ការ​បដិសេធ​របស់​ពួកសាសន៍​សាម៉ារី​ខុស​គ្នា​ពី​ប្រតិកម្ម​របស់​យ៉ាកុប និង​យ៉ូហាន​យ៉ាងដូចម្ដេច​ខ្លះ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើងអាច​រៀន​មកពី​គំរូ​របស់ព្រះអង្គសង្គ្រោះ​ដែលអាច​ដឹកនាំ​យើង​នៅពេល​យើង​ប្រឈមមុខ​នឹង​ការ​ធ្វើ​ឲ្យអាក់អន់ចិត្ត​នោះ ? ( ដោយប្រើ​​ពាក្យ​សម្ដីរបស់​សិស្ស ចូរ​សរសេរ​នៅលើ​ក្ដារខៀនអំពី​សេចក្ដីពិត​មួយ ដែល​ស្រដៀងគ្នា​ដូចខាង​ក្រោម ៖ យើង​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ នៅពេល​យើង​ជ្រើសរើស​ឆ្លើយតប​ចំពោះ​ការ​ធ្វើឲ្យអាក់អន់ចិត្ត ដោយ​ភាព​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ ) ។

សូមអញ្ជើញសិស្ស​ឲ្យ​នឹកគិត​អំពីស្ថានភាព​នានា នៅ​ដើម​មេរៀន ។

  • តើ​គ្រោះ​ថ្នាក់​ដ៏​ខ្លាំង​នៃ​ការ​ជ្រើស​រើស​ទទួល​ការ​អាក់អន់ចិត្ត​នៅក្នុង​ស្ថានភាព​នីមួយៗ​ទាំងនេះ​មានអ្វីខ្លះ ?

  • នៅក្នុងស្ថានភាព​នីមួយៗ តើ​យើងអាច​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​យើងអាច​ត្រូវ​បាន​ប្រទានពរ​ នៅពេល​យើង​ជ្រើសរើស​ឆ្លើយតប​ចំពោះ​ការ​ធ្វើ​ឲ្យអាក់​អន់ចិត្ត​ ដោយការ​អត់ធ្មត់ និងការ​ស៊ូទ្រាំ​យ៉ាងដូចម្ដេច ?

ចូរ​សុំ​ឲ្យសិស្ស​នឹក​គិតអំពី​ស្ថានភាព​មួយ ពេលដែលពួកគេ​បានជ្រើសរើស​ទទួល​ការ​អាក់អន់​ចិត្ត ដោយ​ពាក្យសម្ដី ឬ​ទង្វើ​របស់នរណា​ម្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ នៅពេល​យើង​ជ្រើសរើស​ឆ្លើយតប​​ចំពោះ​ការ​ធ្វើឲ្យអាក់អន់ចិត្ត ដោយ​ភាព​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ )។

លូកា ៩:៥៧–៦២

ព្រះយេស៊ូវ​បង្រៀន​អំពីភាព​ជា​សិស្ស​ពិត

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​បង្ហាញ​គាត់ ឬនាង​នូវវត្ថុ​តូចៗ​ចំនួន​ ២០-៣០ ដុំ ( ដូចជា​អង្កាំ ) ។​ សូម​ណែនាំ​សិស្ស​ឲ្យ​រាប់​វត្ថុ​នោះ​ដោយស្ងៀម​ស្ងាត់ ។ ខណៈ​ដែល​គាត់ ឬ​នាង​កំពុង​រាប់​នោះ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រាប់​ឮៗ​រំខាន​ដល់​សិស្ស​នោះ ។ សូម​ប្រាកដ​ថា សិស្ស​ពុំ​ប្រែ​ទៅជា​មាន​ឥរិយាបទ​រញ៉េរញ៉ៃ​ក្នុងកា​រ​ព្យាយាម​ដើម្បី​រំខាន​ដល់​សិស្ស​ម្នាក់នោះ​ឡើយ ។ សូមណែនាំ​ពួកគេ​ឲ្យ​បន្ដ​នៅ​អង្គុយ​ចុះ ហើយ​ប្រាប់​ដល់ពួកគេ​កុំ​ឲ្យ​ចោល​អ្វី ឬ​ប៉ះពាល់​ដល់​សិស្ស​ដែល​កំពុង​រាប់​ឡើយ ។

  • តើ​ការ​រាប់​វត្ថុ​នោះ​ដោយ​មាន​ការ​រំខាន ​វា​ស្រដៀងគ្នា​ទៅនឹង​ការ​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​តាមរបៀបណាដែរ ?

អរគុណ​ដល់សិស្សដែល​បាន​រាប់​វត្ថុ​នោះ​ ហើយ​អញ្ជើញ​ឲ្យពួកគេ​ទៅ​កន្លែង​អង្គុយវិញ ។ នៅពេល​សិស្ស​បន្ដ​សិក្សា​នៅក្នុងលូកា ៩សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​អំពី​របៀប​ដែល​យើង​អាច​យកឈ្នះ​លើ​ឥទ្ធិពល​ដែលអាច​នឹង​រំខាន ឬ​រារាំង​យើង​មិន​ឲ្យធ្វើតាម​ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ៩:៥៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​នូវអ្វី​ដែលបុរស​ម្នាក់បាន​និយាយ​ទៅកាន់​ព្រះយេស៊ូវ នៅពេល​ទ្រង់ និង​ពួកសិស្ស​របស់ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ។

  • តើ​បុរស​នេះ​ប្រាប់ព្រះអង្គសង្គ្រោះ ថា​គាត់​កំពុង​មាន​ឆន្ទៈ​ដើម្បីធ្វើ​អ្វីខ្លះ ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ដើម្បីធ្វើជា​សិស្ស​ពិត​របស់ព្រះយេស៊ូវ​គ្រីស្ទ …

សូម​អញ្ជើញ​សិស្ស​ម្នាក់អានលូកា ៩:៥៨ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រក​មើល​ការ​ឆ្លើយ​តប​របស់ព្រះអង្គសង្គ្រោះ​ចំពោះបុរស​ដែល​មាន​បំណង​ប្រាថ្នា​ធ្វើ​តាម​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ឃ្លា « កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ » ចង្អុល​បង្ហាញ​អំពី​របៀប​រស់នៅ​របស់ព្រះអង្គ​សង្គ្រោះ​យ៉ាងណាដែរ ? ( ព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់ ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជា​ប្រចាំ ។ ការ​បម្រើ​របស់ពួកលោក ពុំ​មានភាព​សុខស្រួល ឬ​ដោយ​រលូន​នោះទេ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យអានលូកា ៩:៥៩-៦០ដោយ​ស្ងាត់ស្ងៀម រកមើល​ចម្លើយ​ទីពីរ​របស់​បុរស​​នោះ​ចំពោះការ​អញ្ជើញ​របស់ព្រះអង្គសង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ។

  • តើ​បុរសនេះ​ចង់​ធ្វើ​អ្វី​ មុន​ពេល​ដើរ​តាម​ព្រះអង្គសង្គ្រោះ ?

  • តើ​ពាក្យសិន(ខ ៥៩) បង្ហាញ​អំពី​បុរស​នេះ​ថា​ជា​មនុស្សយ៉ាង​ណា​ដែរ ?

ចូរ​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ ពុំ​បាន​ចង្អុល​បង្ហាញ​ថា វា​ខុសឆ្គង​ដើម្បី​ទួញ​យំ​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​ជាទីស្រឡាញ់ ឬ​ផ្ដល់​កា​រគោរព​របស់​យើង​នៅ​ឯ​ពិធីបុណ្យសព​នោះទេ ( សូមមើល​គ. និង ស. ៤២:៤៥) ។ ផ្ទុយទៅវិញ ទ្រង់​កំពុង​បង្រៀន​បុរស​នេះនូវ​​មេរៀនសំខាន់មួយ​អំពីភាពជាសិស្ស ។

  • តើ​យើងអាច​រៀនអ្វីខ្លះមកពី​ការ​ឆ្លើយតប​របស់​ព្រះអង្គសង្គ្រោះ​ដែលបានកត់ត្រា​នៅក្នុង​ខទី ៦០អំពី​អាទិភាព​នៃ​សិស្ស​ពិត​មួយរូប​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ៩:៦១-៦២ឲ្យ ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​អ្វីដែលបុរស​ទីបី​ប្រាថ្នា​ចង់​ធ្វើ ​ពីមុន​ដើរ​តាម​​ព្រះអង្គ​​សង្គ្រោះ ។

  • តើ​បុរសនេះ​ចង់​ធ្វើ​អ្វី​ មុន​ពេល​ដើរ​តាម​ព្រះអង្គសង្គ្រោះ ?

  • តើព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតបចំពោះ​បុរស​នេះ​​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សទិសន័យ​នៃ​ការ​ដាក់​ដៃ​របស់​យើង​ទៅ​កាន់​នង្គ័ល ហើយ​កុំ​មើល​ក្រោយ​ឡើយនោះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានសេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ដើម្បី​ភ្ជួរ​ដី​បាន​ត្រង់ [ឬ​មានជួរ​] នោះ​អ្នកភ្ជួរ​ដី​ចាំបាច់​ត្រូវតម្រង់ភ្នែកមើល​ឲ្យត្រង់ទៅមុខ។ វា​រក្សា​គាត់​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ពិតមួយ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​គាត់​ងាក​មើល​ក្រោយ​ ហើយ​ឃើញ​កន្លែង​ដែល​គាត់បាន​​ភ្ជួរ នោះ​ឱកាស​នៃ​ការ​វៀចវេរ​នឹង​មាន​ច្រើន ។ លទ្ធផល​គឺ​មានភាពវៀចវេ ហើយ​ពុំ​ភ្ជួរ​ដី​បាន​ល្អ​ទេ ។ … ប្រសិន​បើ​ថាមពល​របស់​យើង​ត្រូវ​បាន​ផ្ដោត​ទៅមុខ មិន​ផ្ដោត​ទៅ​ក្រោយ—ទៅលើ​ជីវិត​អស់កល្បជានិច្ច និង​អំណរ​នៃ​សេចក្ដីសង្គ្រោះ—នោះ​យើង​នឹង​ទទួលបាន​វា​ដោយពិត​ប្រាកដ » (« Ω » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ១៧ ) ។

  • តើ​ការ​ធ្វើ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​ការ​ដាក់ដៃ​របស់​យើង​​កាន់នង្គ័ល ហើយ​មិន​ក្រឡេក​មើល​ក្រោយ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអង្គសង្គ្រោះ​គឺជា​គំរូ​នៃ​អ្វី​ដែលទ្រង់​បាន​បង្រៀន​ដូច​បាន​កត់ត្រា​នៅក្នុង​ខទី ៦២យ៉ាង​ដូចម្ដេច ? ( « ទ្រង់​តម្រង់​ព្រះភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូសាឡិម​តែ​ម្តង » [​លូកា ៩:៥១] ដើម្បី​បំពេញ​នូវ​បេសកកម្ម​ដែល​ព្រះ​វរបិតាបានប្រទានដល់ទ្រង់ ហើយ​ទ្រង់​ពុំ​ងាក​ក្រោយ​ឡើយ ) ។

សូម​យោងទៅលើ​ប្រយោគពុំពេញ​លេញ​នៅលើ​ក្ដារខៀន ។

  • ផ្អែកទៅលើអ្វី​ដែល​យើង​បាន​រៀនមកពីលូកា ៩:៥៧-៦២តើ​អ្នក​នឹង​សង្ខេប​សេចក្ដីពិត​មួយ​ដែលព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​ពួកសិស្ស​របស់ទ្រង់​ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រាប់​អំពី​​គោលការណ៍​ផ្សេងៗ ។ បន្ទាប់ពីពួកគេ​ឆ្លើយតប សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ ដើម្បី​ធ្វើ​ជា​សិស្ស​ពិត​របស់ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​ត្រូវ​ឲ្យ​អ្វីមួយ​មក​មាន​អាទិភាព​ច្រើន​ជាង​ការ​ធ្វើ​តាម​ទ្រង់​នោះឡើយ )

  • ហេតុអ្វី​ក៏ពេល​ខ្លះ​យើង​ដាក់​អាទិភាព​ផ្សេងលើ​ទំនួលខុសត្រូវ​របស់​យើង​ក្នុងនាមជា​ពួក​សិស្ស​​របស់ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« សាតាំង​មាន​ឧបករណ៍​ដ៏មានអានុភាព​មួយ​ដើម្បី​ប្រើ​ទាស់​នឹង​មនុស្ស​ល្អ ។ វា​គឺជា​ការ​រំខាន ។ វា​នឹង​នាំឲ្យមនុស្ស​ល្អបំពេញ​នៅក្នុង​ជីវិត​ដោយ ‹ របស់​ល្អៗ › ដើម្បី​កុំ​ឲ្យមានកន្លែង​ណាគិតពី​រឿង​សំខាន់ផ្សេង​ទៀត » («First Things First »​Ensignខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ ) ។

ដើម្បីជួយ​សិស្ស​ពិចារណា​អំពីអ្វី​ដែល​អាច​រារាំង​ពួកគេ​ពី​ការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ពេញលេញ សូមគូស​តារាងដូចខាង​ក្រោម នៅលើ​ក្ដារខៀន ហើយសុំ​ឲ្យសិស្ស​ចម្លង​វា​ចូល​ទៅក្នុងសៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

ការ​ទទួលខុសត្រូវ​ទាំងឡាយ​របស់​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

អាទិភាព​ផ្សេងៗ

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ ចូរ​សុំ​ឲ្យពួកគេ​ធ្វើការ​ជា​ដៃគូ​ដើម្បី​សរសេរ​នៅក្នុង​តារាង​ទំនួលខុសត្រូវ​នៃ​សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( ដែល​អាច​នឹង​បញ្ចូលទាំង​ភាព​ស្មោះត្រង់ ការ​បម្រើ​អ្នកដទៃ ការ​ចែកចាយ​ដំណឹងល្អ ការ​ធ្វើ​ពង្សប្រវត្តិ និង​កិច្ចកា​រព្រះវិហារបរិសុទ្ធ និងការ​ចិញ្ចឹម​បីបាច់​គ្រួសារ ) ។ សម្រាប់​​ទំនួល​ខុសត្រូវ​នីមួយៗដែល​​បាន​សរសេរ​នៅក្នុង​តារាង​របស់ពួកគេ ចូរសុំ​ឲ្យ​សិស្ស​សរសេរឧទាហរណ៍មួយចំនួនដែលជា​អាទិភាព​ដទៃទៀត​ដែល​នរណា​ម្នាក់​អាច​ដាក់​ពីលើ​ទំនួលខុសត្រូវ​នោះ ។

សូម​អញ្ជើញ​​ឲ្យ​សិស្ស​មួយចំនួន​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​គំរូ​វិជ្ជមាន​នានា​នៃសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សួរ​ ៖

  • តើ​អ្នក​បាន​មើល​ឃើញ​នរណា​ម្នាក់​បានជ្រើសរើស​ដាក់គោលដៅ ឬ​អាទិភាព​ដាច់​ដោយឡែក​​ពី​ការ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​នៅពេលណា ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​អនុញ្ញាត​ឲ្យ​ដាក់​អាទិភាព​លើ​ការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្រៀន​របស់ទ្រង់ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​គោលដៅ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​​សម្រាប់អ្វី​ដែលពួកគេ​នឹង​ធ្វើ​ដើម្បី​ដាក់​ឲ្យ​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់​មាន​អាទិភាព​ខ្ពស់ជាង ។

អ្នកអាចនឹង​ចង់​បញ្ចប់​មេរៀន​ដោយការ​អញ្ជើញសិស្ស​ឲ្យ​ច្រៀង​​ទំនុក​តម្កើង​បទ« ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » (ទំនុក​តម្កើង​លេខ ១៣៥ ) ឬ​ទំនុកតម្កើង​ផ្សេងទៀត​អំពីការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្រៀន​របស់​ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ៨:១-៣។ ស្ត្រី​ស្មោះត្រង់​ជួយ និង​បម្រើ​ដល់ព្រះអង្គសង្គ្រោះ

លូកា​បាន​កត់ត្រា​ថា នៅពេលព្រះអង្គសង្គ្រោះ​បាន​ធ្វើដំណើរ​ជាមួយ​នឹង​ពួកសាវក​របស់ទ្រង់​នៅ​ក្នុង​ស្រុក​កាលីឡេ ដែល​បង្រៀន​នៅ « ​គ្រប់​ក្រុង​គ្រប់​ភូមិ​ » នៃ​ភូមិភាគ ( លូកា ៨:១) ស្ត្រីជាច្រើន​ក៏បាន​ធ្វើដំណើរ​ជាមួយ​ទ្រង់​ផងដែរ ។ ស្ត្រី​មួយចំនួន​ទាំងនេះ​ត្រូវ​​បាន​ព្យាបាល​ពី​ជម្ងឺ​ផ្សេងៗ អ្នកផ្សេងទៀត​អាច​ធ្វើជា​ភរិយា​របស់​ពួកសាវក ។ ស្ត្រីមួយចំនួន​ទាំងនេះ បានបន្ដ​ធ្វើតាម​ព្រះយេស៊ូវ​រហូត​ដល់ពេល​ទ្រង់សុគត​​និង ការ​រស់ឡើងវិញ​របស់ទ្រង់ ( សូមមើល​លូកា ២៣:២៧, ៤៩,២៤:១០,យ៉ូហាន ២០:១១-១៨) ។

ដំណើរ​រឿង​របស់​លូកាអំពី​ស្ត្រី​ដែលបានធ្វើដំណើរ​ជាមួយព្រះយេស៊ូវ​បាន​គូសបញ្ជាក់​អំពីកង្វល់​របស់ព្រះអង្គសង្គ្រោះ​សម្រាប់​មនុស្ស​គ្រប់រូប រួមទាំង​ស្ត្រី—ដែល​ជាញឹកញាប់​បាន​និរទេស​នៅក្នុង​សង្គម​យូដា​នៅ​សតវត្សរ៍​ទីមួយ ។ ដោយប្រើ​មធ្យោបាយ​ដែលពួកគេមាន ស្ត្រី​ទាំងនេះ​បាន​គាំទ្រ​ព្រះយេស៊ូវ និង​ពួកអ្នកបម្រើ​ដ៏​ជម្រើស​​របស់ទ្រង់ ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានបញ្ជាក់​អំពីការគោរពរបស់ព្រះអង្គសង្គ្រោះ​ចំពោះ​ស្ត្រី​ទាំងអស់ ហើយ​បាន​សុំ​ស្ត្រីនៃ​សាសនាចក្រ​នៅជំនាន់​របស់​យើង ដើម្បី​ឈរ​រួមគ្នា​នឹង​បងប្អូន​ប្រុស​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់ ៖

« វា​ច្បាស់​ជា​ជាការលួងលោមចិត្ត​ដល់អ្នក បងប្អូនស្ត្រីនៃ​សាសនាចក្រ​នេះ ដើម្បី​ចងចាំ​ថា ព្រះយេស៊ូវ​ដដែល​នេះ ជាព្រះអង្គសង្គ្រោះ​របស់​យើង​តាមរយៈ​ដង្វាយធួន បានបង្ហាញ​ពី​ក្ដីស្រឡាញ់​របស់ទ្រង់ និងកង្វល់​ចំពោះ​ស្ត្រី​ក្នុង​ជំនាន់របស់​ទ្រង់ ។ ទ្រង់​បាន​រីករាយ​នឹង​ការរួមដំណើរជាមួយ​នឹង​ស្ត្រីៗ ហើយ​មានមិត្ត​ភក្ដិ​ជិត​ស្និត​នៅក្នុង​ចំណោម​​ពួកគេ ។ …

« តើ​មាន​មូលហេតុ​អ្វីខ្លះ​ ​ដើម្បីគិត​ថា ទ្រង់​មិនសូវ​យកចិត្តទុកដាក់​នឹង​ស្ត្រី​នាសព្វថ្ងៃ​នេះ​នោះ ? …

« ក្នុងនាមជា​ព្រះអម្ចាស់របស់​យើង ព្រះអង្គសង្គ្រោះ​ត្រូវការ​ស្ត្រី​នៃ​ជំនាន់​របស់ទ្រង់​ជា​ដៃ​លួងលោម​ចិត្ត ជា​ត្រចៀក​ស្ដាប់ ជា​ដួង​ចិត្ត​ជឿ ជា​ការ​មើល​ដោយ​ចិត្តល្អ ជាពាក្យ​លើក​ទឹកចិត្ត ភក្ដីភាព—សូម្បី​តែ​​​នៅក្នុង​ម៉ោង​ដ៏​ទន់ទាប ឈឺចាប់ និង​សុគត​របស់​ទ្រង់​ក្ដី​—ដូច្នេះ​ជាអ្នកបម្រើ​របស់ទ្រង់​នៅ​ទូទាំង​សាសនាចក្រ​ទាំងអស់ យើងត្រូវការ​អ្នក ស្ត្រីនៃ​សាសនាចក្រ ឲ្យ​ឈរ​ជាមួយ​យើង និង​សម្រាប់​យើង​ក្នុង​ការ​ទប់ទល់​នឹង​អារក្ស​ដែល​គំរាម​កំហែង​ចង់​បំផ្លាញ​យើង​នោះ ។ យើង​ត្រូវ​តែឈរ​ជាមួយ​គ្នា​ដោយ​ស្មោះត្រង់ ហើយ​ឈរដោយ​រឹងមាំ​នៅក្នុង​សេចក្ដីជំនឿ​ទប់​ទល់​នឹង​ចំនួន​ដ៏​ច្រើន​របស់​មនុស្ស​របស់​ផង​លោកិយដទៃទៀត ។ « មាន​តម្រូវ​ការ​ដ៏​ធំ​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ស្រ្តី​នៅ​ក្នុង​សាសនាចក្រ​ឲ្យ​ឈរ​ជាមួយ​បងប្អូន​ប្រុស​នៅ​ក្នុង​ការ​បញ្ចប់​អំពើ​អាក្រក់ ដែល​នៅ​ជុំវិញ​យើង និង​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង » (« To the Women of the Church » ​ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៩៥–៩៦ )។

លូកា ៩:៥៤។ ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួក​សាសន៍​សាម៉ារី

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​អំពី​មូល​ហេតុ​ដែល​អាច​ធ្វើទៅបាន​ពី​យ៉ាកុប និង យ៉ូហាន ក្នុង​ការ​សុំ​ឲ្យ​មានអំណាច​ហៅ​ភ្លើង​ឲ្យធ្លាក់ពី​លើ​មេឃ​មក​​បញ្ឆេះ​ពួក​សាសន៍​សាម៉ារី ៖

« [យ៉ាកុប និង យ៉ូហាន] បានដឹង​ថា ព្រះ​នៃ​អ៊ីស្រាអែល—ព្រះយេស៊ូវ​ដែល​ពួកគេ​ឈរ​នៅក្នុង​​​វត្តមាន​របស់ទ្រង់—បាន​បញ្ជូន​ភ្លើង​មកពី​ស្ថានសួគ៌​តាម​ពាក្យ​របស់​អេលីយ៉ា​ដើម្បី​បញ្ឆេះ​មារសត្រូវ​របស់​​ព្យាការី​ពីបុរាណ​នោះ ។ (ពង្សាវ.ទី ២ ១) ។ ពួកគេ​បាន​ដឹង​ផងដែរ​ថា ព្រះ​ប្រកប​ដោយ​ព្រះមេត្តា​ករុណា​ដដែលនេះ នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ដោយភ្លើង​នៅការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ។ (ម៉ាឡាគី. ៤:១) ។ អ្វីដែល​ពួកគេ​មិនទាន់បាន​រៀន គឺ​ថា​សម្រាប់​គ្រាកាន់កាប់ត្រួតត្រា​នោះ នៅក្រោម​ស្ថានភាព​​ដែល​កើតមាន … នោះ​សារលិខិត​នៃដំណឹងល្អ​នឹង​ផ្សាយ​ចេញទៅ​ដោយ​សប្បុរស អត់ធ្មត់ ស៊ូទ្រាំ និង អត់ធន់ ។ …

« … ទោះ​ជា​យ៉ាង​ណា ពួកគេ​ពុំ​បាន​ដឹង​អំពី​ប្រភពវាទេ នៅ​ត្រង់​នេះ ​យ៉ាកុប និង​យ៉ូហាន នៅ​ក្នុង​សំណើរ​របស់ពួកគេ ពួកគេ​ត្រូវ​បាន​រង​ឥទ្ធិពល​​ដោយវិញ្ញាណ​មក​ពី​ស្ថាន​ក្រោម ជាជាង​ព្រះវិញ្ញាណមកពី​ស្ថានលើ » (Doctrinal New Testament Commentary, វ៉ុល ៣ [១៩៦៥–៧៣], ១:៤៤០) ។

លូកា ៩:៥៤-៥៦ ។ ការ​ជ្រើសរើស​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​អាក់អន់ចិត្ត​ដោយ​ការអត់ធ្មត់ និងការ​ស៊ូទ្រាំ

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា យើង​អាច​ជ្រើសរើស​មិន​ទទួល​ការ​អាក់អន់ចិត្ត​ដោយសារ​ពាក្យសម្ដី និងទង្វើ​របស់អ្នកដទៃ ៖

« ការ​ជឿ​ថា មនុស្ស​ម្នាក់ ឬអ្វីមួយ​អាចធ្វើឲ្យ​យើង​អាក់អន់ចិត្ត ខឹង ឈឺចាប់ ឬ​ល្វីងជូរចត់ នឹង​បំផ្លាញ​សិទ្ធិសេរីភាព​ខាងសីលធម៌​របស់​យើង ហើយ​កែប្រែ​យើង​ទៅជា​វត្ថុ​ដែល​រង​អំពើ​វិញ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងនាមជា​ភ្នាក់ងារ​ អ្នក​ និង​ខ្ញុំ មានអំណាច​ដើម្បី​ធ្វើសកម្មភាព និង​ជ្រើសរើស​នូវ​របៀប​ដែល​យើង​នឹង​ឆ្លើយតប​ចំពោះ​ស្ថានភាព​ដែល​​អាក់អន់ចិត្ត ឬ ប្រកប​ដោយការ​ឈឺចាប់​នោះ ។​ …

« ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏អស្ចារ្យ​បំផុត​អំពី​របៀប​ដែល​យើង​គប្បី​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍ ឬស្ថានភាព​​ដែលធ្វើឲ្យអាក់អន់ចិត្ត​បំផុត » ( « And Nothing Shall Offend Them, » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩០) ។

លូកា ៩:៦០  ។ « ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ »

សម្រាប់​គំនិត​នៅក្នុងចម្លើយ​របស់ព្រះអង្គសង្គ្រោះចំពោះ​បុរស​ដែល​មានបំណង​ប្រាថ្នា​ចង់​កប់​​សព​ឪពុក​របស់ខ្លួនជាមុនសិន​ពីមុន​ធ្វើតាម​ព្រះគ្រីស្ទ សូមមើល​ពាក្យ​អត្ថាធិប្បាយ​សម្រាប់​​​លូកា ៩:៥៩-៦០នៅក្នុងNew Testament Student Manual ( [ Church Educational System manual, ឆ្នាំ ២០១៤] ទំព័រ ១៥៨) ។

លូកា ៩:៦២  ។ ការ​ធ្វើតាមគំរូ​របស់ព្រះអង្គសង្គ្រោះ និង​ការ​មិន​មើល​ក្រោយ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​បង្រៀន​ថា ភាព​ជាសិស្ស​មានន័យ​ថា ការដើរតាម​ដានព្រះបាទ​របស់ព្រះអង្គសង្គ្រោះ​​ដោយពេញលេញ ៖

« អ្នក​ទាំងឡាយ​ដែល​បាន​ចូល​ក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជទឹក ហើយ​បាន​ទទួល​អំណោយ​ទាន​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បាន​ដាក់​ជើង​របស់​ពួកគេ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ហើយ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដើរ​តាម​ដោយ​ខ្ជាប់​ខ្ជួន និង​ស្មោះត្រង់​តាម​ដាន​ជើង​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង » ( « Saints for All Seasons, » EnsignLiahona, ខែ ​កញ្ញា ឆ្នាំ ២០១៣ ទំព័រ ៥ ) ។

អែលឌើរ អែតវើត ឌូប នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ថា ព្រះយេស៊ូវ​បានប្រទានឧទាហរណ៍​ដល់​យើងពី​អត្ថន័យនៃ​ ការដាក់​ដៃ​របស់​យើង​កាន់​នង្គ័ល​ហើយកុំ​ក្រឡេក​ក្រោយ ៖

« ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទត​ឃើញ​ពី​ទីដើមដល់​ទី​ចុង បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ផ្លូវ​ដែល​ទ្រង់​នឹង​ធ្វើ​ដំណើរ​ទៅ​សួន​គែតសេម៉ានី និង​កូកាល់ថា នៅពេល​ទ្រង់​ប្រកាស​ថា ‹ អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ › ( លូកា ៩:៦២) ។ នៅ​ក្នុង​ព្រះនេត្រ​ព្រះអម្ចាស់ វា​ពុំសំខាន់​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​កន្លែង​ដែល​យើង​បាន​ទៅ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ​ជាកន្លែង​ដែល​យើង​ស្ម័គ្រ​ទៅ​វិញ​ទេតើ » (« Look Ahead and Believe » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧ ) ។