បណ្ណាល័យ
មេរៀនទី ៥១ ៖ លូកា ១០:៣៨ –លូកា ១២:៥៩


មេរៀនទី ៥១

លូកា ១០:៣៨ –លូកា ១២:៥៩

សេចក្ដីផ្ដើម

ព្រះអង្គសង្គ្រោះ​បានបង្រៀន​ម៉ារា និងម៉ាថា​នៅក្នុង​ផ្ទះរបស់​ម៉ាថា ។ ក្រោយមក ទ្រង់​បាន​បង្រៀន​សេចក្ដីពិត​ជាច្រើន ​ទៅដល់​ពួកសិស្ស​របស់ទ្រង់​អំពីការ​អធិស្ឋាន ហើយបានព្រមាន​ទាស់​នឹង​ការលាក់ពុត និង​សេចក្ដីលោភលន់ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១០:៣៨-៤២

ព្រះយេស៊ូវ​បង្រៀន​ម៉ារា និងម៉ាថា

ចូរ​សុំ​ឲ្យ​សិស្សគិត​អំពី​ជម្រើស​ដែលពួកគេ​បានធ្វើ​កាល​ពី​ម្សិល​មិញ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ចំណាយពេល​មួយនាទី​ ដើម្បី​សរសេរ​ការ​ជ្រើសរើស​នោះ​ឲ្យ​បានច្រើន​តាម​ដែលពួកគេ​អាច​ធ្វើ​ទៅបាន​ នៅក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​មួយចំនួន​ប្រាប់​អំពី​ការ​ជ្រើសរើស​ល្អៗ​របស់ពួកគេ​ដល់​សិស្ស​ក្នុងថ្នាក់ ។

  • តើ​ស្ថានភាពមួយចំនួនណា​ខ្លះ​ ដែល​យើង​អាច​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​រវាង​ការ​ជ្រើសរើស​ល្អៗចំនួន​ពីរ ?

នៅពេលសិស្ស​សិក្សាលូកា ១០:៣៨-៤២សូមអញ្ជើញពួកគេ​រកមើលគោលការណ៍​មួយ​ដែលព្រះអង្គសង្គ្រោះ​បានបង្រៀន ដែលអាច​ដឹកនាំ​យើង​នៅក្នុងការ​សម្រេចចិត្ត—ជាពិសេស​នៅពេល​មាន​ការ​ជ្រើសរើស​ល្អៗ​ច្រើន​ជាង​មួយ​មានសម្រាប់យើង​នោះ ។

សូមពន្យល់​ថា ​បន្ទាប់ពី​ការ​បង្រៀន​រឿង​ប្រៀបធៀប​អំពី​សាសន៍​សាម៉ារី​ល្អ នោះ​ព្រះ​អង្គ​សង្គ្រោះ​​បាន​ធ្វើដំណើរ​ទៅកាន់​ភូមិបេថានី ហើយ​បាន​ទៅ​លេង​ផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉ាថា ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១០:៣៨–៤០ឲ្យ ឮៗ ។ ចូរ​សុំឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ម៉ាថា និង​ប្អូនស្រីនាង ម៉ារា បានជ្រើសរើស​ធ្វើ ខណៈ​ដែល​ព្រះអង្គសង្គ្រោះ​គង់នៅក្នុង​ផ្ទះ​ពួកគេ​នោះ ។

  • តើ​ម៉ារា​បានធ្វើអ្វីខ្លះ ​ខណៈ​ដែល​ព្រះអង្គសង្គ្រោះ​គង់នៅក្នុងផ្ទះរបស់ពួកគេ ?

  • តើម៉ាថា​បានធ្វើ​អ្វីខ្លះ ? ( សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​ការ​រវល់​ជាច្រើននៅក្នុង​ខទី ៤០សំដៅ​ទៅលើ​បន្ទុក ) ។

រូបភាព
ម៉ារា និង​ម៉ាថា

ចូរ​ដាក់​បង្ហាញ​រូបភាពម៉ារា និងម៉ាថា(Gospel Art Book[ ឆ្នាំ ២០០៩ ] ទំព័រ៤៥ សូមមើលផង​ដែរLDS.org) ។ ចូរ​ពន្យល់​ថា បដិសណ្ឋារកិច្ច​គឺ​សំខាន់ណាស់​នៅក្នុង​ជំនាន់​របស់ព្រះយេស៊ូវ ។ ម៉ាថា កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ធម្មតា​នាង​ត្រូវ​រំពឹង​ឲ្យធ្វើ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ។ នាង​បាន​ផ្ដោត​ទៅលើ​កង្វល់​ខាង​សាច់ឈាម ដូចជា​ការ​រៀបចំ និងការ​ចំអិន​ម្ហូបអាហារ ។

  • យោងតាមខទី ៤០តើ​ម៉ាថា​បាន​សួរ​ទៅដល់ព្រះអង្គសង្គ្រោះ​អ្វីខ្លះ ដែលបង្ហាញ​ថា នាង​បាន​ខ្វល់​ខ្វាយ​អំពី​រឿង​ខាង​សាច់ឈាម ?

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន លូកា ១០:៤១-៤២ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​នឹង​ម៉ាថា ។

  • តើ​ព្រះអង្គសង្គ្រោះ​មានន័យ​យ៉ាងណា នៅពេល​ទ្រង់​មានបន្ទូលថា « មាន​សេចក្តី​តែ​១​ទេ ដែល​ចាំបាច់ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ » ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« វាគួរ​ឲ្យគោរព​ចំពោះ​ម៉ាថា​​ដែល ‹ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ › (ខទី ៤១) ប៉ុន្តែ​ដំណឹងល្អ​មក​ពី​លោកគ្រូ​គឺ​កាន់តែ ‹ ចាំបាច់ › ជាង » (« Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ ) ។

  • តើ​ព្រះអង្គសង្គ្រោះ​មានន័យយ៉ាង​ណា ពេល​ទ្រង់មានបន្ទូល​ថា « ចំណែក​យ៉ាង​ល្អ » ដែល​ម៉ារា​បាន​ជ្រើស​រើស​នឹង « មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ » (លូកា ១០:៤២) ? ( តាមរយៈ​ការជ្រើសរើស​ស្ដាប់​តាម​ព្រះអង្គសង្គ្រោះ ជាជាង​ផ្ដោត​ទៅលើ​កង្វល់​ខាង​សាច់ឈាម ម៉ារា​នឹង​ទទួល​បានពរជ័យ​ខាង​វិញ្ញាណ​ដែល​នឹង​មានជារៀង​រហូត ) ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​ការព្រមាន​​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ម៉ាថា ? ( សិស្ស​អាច​ថ្លែង​វា​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ជ្រើសរើស​លះបង់​ខ្លួន​យើង​ចំពោះ​រឿង​ខាង​វិញ្ញាណ​ ជាង​កង្វល់​ខាង​សាច់ឈាម នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ជា​រៀងរហូត )

  • តើ​យើងអាចលះបង់​ខ្លួន​យើង​ចំពោះ​រឿង​ខាង​វិញ្ញាណ ហើយ​នៅតែ​យកចិត្ត​ទុកដាក់​នឹង​រឿង​ផ្សេងៗ​ដែល « ចាំបាច់ » (​លូកា ១០:៤២) ប៉ុន្តែ​មិនសូវ​សំខាន់​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ អូកស៍ ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូកស៍

« ពេល​យើង​ពិចារណា​ពី​ជម្រើស​ជា​ច្រើន យើង​គួរ​ចងចាំ​ថា​វា​ពុំ​គ្រប់គ្រាន់​ទេ​ដែល​អ្វី​មួយ​នោះ​មាន​លក្ខណៈ​ល្អប្រសើរ ។ ជម្រើ​សផ្សេងៗ​​គឺ​ល្អ​ប្រសើរជាង ហើយ​នៅ​តែមាន​ជម្រើស​​ផ្សេង​ទៀត​ដែល​ល្អ​បំផុត ។ …

« ចូរ​ពិចារណា​អំពី​របៀប​ដែល​យើង​ប្រើ​ពេលវេលា​របស់​យើង ​នៅក្នុង​ការជ្រើស​រើស​ដែល​យើង​ធ្វើក្នុងការ​មើល​ទូរទស្សន៍ ការលេង​វីដេអូហ្គេម ការ​លេង​អ៊ិនធើរណិត ឬ ការ​អាន​សៀវភៅ ឬ​ការ​អាន​ទស្សនាវដ្ដី ។ ប្រាកដ​ណាស់​វា​ល្អ​ដើម្បី​មើល​កម្មវិធីកំសាន្ដ​ល្អៗ ឬ​ដើម្បី​ទទួលបាន​ព័ត៌មានដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ប៉ុន្តែ​ពុំ​មែន​អ្វីៗ​ទាំងអស់​នោះ​មានតម្លៃ​ក្នុងចំណែក​ជីវិត​របស់​យើង ដែល​យើង​ត្រូវលះបង់​ដើម្បី​ទទួលបាន​វា​ទេ ។ រឿង​មួយចំនួន​វា​ល្អ​ប្រសើរ ប៉ុន្តែ​រឿង​ផ្សេងទៀត​គឺល្អ​បំផុត («Good, Better, Best » ទំព័រ ១០៤-៥ ) ។

ចូរ​សុំ​សិស្ស​ឲ្យ​មើល​បញ្ជី​នៃ​ការជ្រើសរើស​ដែល​ពួកគេ​បាន​ធ្វើ​កាល​ពីម្សិលមិញ ហើយ​ដាក់​ស្លាក​ការជ្រើសរើស​វិជ្ជមាននីមួយៗ​ថា « ល្អ » « ល្អប្រសើរជាង » ឬ « ល្អបំផុត » ។ សូមអញ្ជើញសិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់អំពី​របៀប​ដែលពួកគេ​ទទួល​បានពរជ័យ​ចំពោះ​ការ​ដាក់​រឿង​ខាង​វិញ្ញាណ​ មុន​កង្វល់​ខាង​សាច់ឈាម ។

លូកា ១១

ព្រះយេស៊ូវ​បង្រៀន​ពួកសិស្ស​របស់ទ្រង់​អំពី​ការ​អធិស្ឋាន

សូមអញ្ជើញសិស្ស​ឲ្យស្រមៃ​ថា​ ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ដែល​កំពុង​បង្រៀន​អ្នក​រៀន​ដែល​ព្យាយា​ម​អធិស្ឋាន​ជាច្រើន​ដង ហើយ​មានអារម្មណ៍​ថា​ព្រះ​ពុំ​ឆ្លើយ​តប​សោះ ។ អ្នករៀននោះ​គិត​ថា​នឹង​ឈប់​ធ្វើការ​អធិស្ឋាន ។

  • ដោយ​ផ្អែក​ទៅ​លើ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក តើ​អ្នក​អាច​នឹង​ឆ្លើយ​តបចំពោះ​កង្វល់​នេះ​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​សិក្សា​លូកា ១១សូមអញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​នរណា​ម្នាក់​ ដែល​មានអារម្មណ៍​ថា​ព្រះពុំ​ឆ្លើយ​តប​ការអធិស្ឋាន​របស់ពួកគាត់ ។

សូម​សង្ខេបលូកា ១១:១-៤ដោយ​ការពន្យល់​ថា បន្ទាប់ពី​ការ​ស្ដាប់​ព្រះអង្គសង្គ្រោះ​អធិស្ឋាន មានសិស្ស​ម្នាក់​របស់ទ្រង់​បាន​សួរថា ​តើ​ទ្រង់​នឹង​បង្រៀនពួកគេ​អំពីរបៀប​អធិស្ឋាន​បានឬទេ ហើយព្រះអង្គសង្គ្រោះ​បាន​បង្រៀន ។

ចូរ​ពន្យល់​ថា​ បន្ទាប់ពី​ព្រះអម្ចាស់​បាន​បង្រៀន​ដល់ពួកសិស្ស​របស់ទ្រង់​អំពី​របៀប​អធិស្ឋាន ទ្រង់​បាន​ប្រើ​រឿង​ប្រៀបធៀប​ ដើម្បីបង្រៀន​សេចក្ដីពិត​​បន្ថែម​អំពីការអធិស្ឋាន រួមមាន​ទាំង​ការ​មានឆន្ទៈ​របស់ព្រះ ដើម្បី​ឆ្លើយតប​នឹង​ការ​អធិស្ឋាន ។

សូមអញ្ជើញសិស្ស​ឲ្យ​សិក្សាលូកា ១១:៥-១៣ជា​ដៃគូ ហើយ​រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការ​អធិស្ឋាន ។ សូមចង្អុលបង្ហាញ​ថា ការ​បកប្រែ​របស់​​យ៉ូសែប ស្ម៊ី​ធ មានបន្ថែម​ទៅលើ ខ ៥និង១៣ ។ សេចក្ដីបន្ថែម​ទាំងនេះ​គឺ​មាននៅក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១១:៥-៦ ( និង ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១១:១៤ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរសិស្ស​ក្នុង​ថ្នាក់ ៖

  • នៅក្នុង​រឿង​ប្រៀបធៀប​ដែលអ្នកបាន​អាន​នៅក្នុងខទី ៥-៨​​តើ​​មិត្ត​ម្នាក់​បាន​សុំ​អ្វី​ពីមិត្ត​ម្នាក់​ទៀត ? ហេតុអ្វី ?

  • ហេតុអ្វី​អ្នកគិត​ថា ​មិត្ត​ទីពីរបាន​គោរព​តាម​សំណើរ​របស់​មិត្ត​ទីមួយ ? ( អ្នកអាច​នឹង​ចង់ពន្យល់​ថា ពាក្យ​ទទូចអង្វរនៅក្នុង​ខទី ៨សំដៅ​ទៅលើ​ការ​ទទូច​របស់​បុរស​នោះនៅក្នុងការ​សុំ ទោះ​ជា​មិត្ត​របស់គាត់​បានបដិសេធ​សំណើរ​របស់គាត់​ពី​ដំបូង​ក្ដី ) ។

  • ប្រសិន​បើ​​បុរស​ដែល​ត្រូវការ​នោះ​តំណាង​ឲ្យ​យើង ហើយ​មិត្ត​របស់គាត់​ដែល​មាន​នំប៉័ង​តំណាង​ឲ្យព្រះវរបិតាសួគ៌ តើ​ព្រះអង្គសង្គ្រោះ​បាន​ផ្ដល់​យោបល់​អ្វីខ្លះ ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​គ្រា​ចាំបាច់​នោះ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើយើង​អធិស្ឋាន​​ ហើយស្វែងរក​ដោយខ្ជាប់ខ្ជួន នូវពរជ័យ​របស់ព្រះអម្ចាស់​នៅក្នុងគ្រា​ចាំបាច់ …

  • យោងតាម​ខទី ១៣តើ​ព្រះវរបិតាសួគ៌​នឹងប្រទានអ្វីខ្លះ ដល់អ្នក​ទាំងឡាយ​ដែល​អធិស្ឋាន​ទទូច​អង្វរ ហើយ​ស្វែងរក​ពរជ័យ​របស់ទ្រង់​នោះ ?

  • ដោយ​ផ្អែកលើ​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងលូកា ១១:៥-១៣ តើ​អ្នក​នឹង​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន ​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិតដូច​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​អធិស្ឋាន​ដោយ​ខ្ជាប់ខ្ជួន ហើយ​ស្វែងរក​ពរជ័យ​របស់ព្រះវរ​បិតា​សួគ៌​នៅក្នុង​គ្រាចាំបាច់​ នោះទ្រង់​នឹង​ឆ្លើយ​ការអធិស្ឋាន​របស់​យើង ដែលប្រទានពរ​យើងច្រើនបំផុត​នោះ ) ។

ចូរពិចារណា​ធ្វើការ​អញ្ជើញសិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​ អំពី​ពេល​ដែល​ពួកគេ​បាន​​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់ពួកគេ នៅពេល​ពួកគេ​ស្វែងរក​ពរ​ជ័យ​របស់ព្រះវរបិតាសួគ៌​ដោយ​ទទូច​អង្វរ​នោះ ។

សូម​សង្ខេបលូកា ១១:១៤-៥៤ដោយ​ការ​ពន្យល់​ថា ព្រះ​យេស៊ូវ​​បាន​បណ្ដេញ​អារក្ស​ចេញ​ពី​បុរស​ម្នាក់ បានប្រឹក្សា​ដល់​ប្រជាជន​ឲ្យ​ស្ដាប់​ព្រះ​បន្ទូលព្រះ ហើយ​បាន​វាយ​ផ្ចាល​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​សម្រាប់​ភាព​ល្ងង់​ខ្លៅ និង​ភាព​ទុច្ចរិត​របស់​ពួកគេ ។

លូកា ១២

ព្រះអង្គ​សង្គ្រោះ​ព្រមាន​អំពី​ការលាក់ពុត និង​ភាព​លោភលន់

សូមអាន​សំណួរ​ដូច​ខាង​ក្រោមដល់​សិស្ស​ក្នុងថ្នាក់ ហើយអញ្ជើញសិស្ស​ឲ្យ​​សញ្ជឹងគិត​ពី​ចម្លើយ​របស់ពួកគេ​ដោយ​ស្ងាត់ស្ងៀម ៖

  • តើ​អ្នកធ្លាប់​ចង់បាន​អ្វីមួយ​ខ្លាំង​ពេក ​ដែលអ្នក​បានគិត​អំពី​វា​គ្រប់ពេល​ឬទេ ?

  • តើ​ឥទ្ធិពល​អវិជ្ជមាន​អ្វីខ្លះ​អាច​កើត​មានមក​លើ​យើង​ចំពោះ​ការគិត​ប្រភេទនេះ ?

សូមសង្ខេបលូកា ១២:១-១៣ដោយពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​គង់នៅ​ខាង​មុខ​ហ្វូងមនុស្ស​ដ៏ច្រើន នោះទ្រង់​បានបង្រៀន​ដល់ពួក​សិស្ស​ឲ្យ​ប្រយ័ត្ន​នឹង​ភាព​លាក់ពុត ។ ទ្រង់​ក៏​បាន​រំឭក​ពួកគេ​ផងដែរ​ថា គ្រប់​រឿង​ដែល​បាន​លាក់កំបាំង​នឹង​ត្រូវ​បើក​បង្ហាញ​ឡើង​នៅថ្ងៃ​មួយ ហើយថា​ព្រះ​ដឹង ហើយមើលថែទាំ​កូនចៅ​របស់ទ្រង់ទាំងអស់ ។ បុរស​នោះបាន​សួរ​ដល់ព្រះអង្គសង្គ្រោះ​ ប្រសិន​បើ​ទ្រង់​នឹង​មានបន្ទូល​ទៅ​បងប្រុស​របស់គាត់​ ហើយ​បញ្ចុះបញ្ចូល​បងប្រុស​ឲ្យ​ចែក​មរតក​ជាមួយ​នឹង​គាត់នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១២:១៤-១៥ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​ស​ង្គ្រោះ​ចំពោះ​សំណើរ​របស់​បុរស​នោះ ។

  • តើមាន​ការព្រមានអ្វី​ខ្លះ ដែលព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដល់​មនុស្ស​ដែល​នៅ​ជាមួយ​នឹង​ទ្រង់ ?

ចូរ​ពន្យល់​ថាភាព​លោភលន់មានន័យ​ថា​មានបំណង​ប្រាថ្នា​លើ​អ្វី​មួយ​ដ៏​លើសលប់ ។ ចូរ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​បញ្ជា​យើង​កុំ​ឲ្យ​លោភ​លន់ចង់បាន​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ។

  • ហេតុអ្វី​ក៏​មនុស្ស​ម្នាក់គួរ​ចៀស​វាង​ពី​ការលោភលន់ ? តើ​សេចក្ដីពិត​នេះ​អាច​ជួយ​យើងរស់នៅ​ក្នុងជីវិត​ ឲ្យកាន់តែ​រីករាយ​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បានប្រាប់​ដល់​សិស្ស​របស់ទ្រង់​ឲ្យ​ចៀសវាង​ពីការលោភលន់ នោះទ្រង់​បាន​ប្រទាន​រឿង​ប្រៀបធៀប​ដើម្បីបង្ហាញ​អំពី​សារៈ​សំខាន់​នៃ​បទបញ្ញត្តិ​នេះ ។ សូមអញ្ជើញសិស្ស​អានលូកា ១២:១៦-១៩ដោយស្ងាត់​ស្ងៀម ហើយ​រក​មើល​នូវ​ចំនួន​ដង​ដែល​បុរស​នៅក្នុង​រឿង​ប្រៀបធៀប​នេះ​ប្រើ​ពាក្យខ្ញុំនិងរបស់​ខ្ញុំ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ពេល​បុរស​នោះ​ប្រើ​ពាក្យខ្ញុំនិងរបស់​ខ្ញុំ​ញឹកញាប់ប៉ុណ្ណា ដើម្បីបង្រៀន​យើង​អំពី​កង្វល់របស់​គាត់​?

  • តើយើង​អាច​ត្រូវ​បាន​ល្បួង​ដូច​ជា​បុរស​នេះ​តាមរបៀប​ណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១២:២០-២១ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​នូវ​អ្វី​ដែលព្រះ​បាន​មានបន្ទូល​អំពី​ភាព​កំណាញ់ និង​ភាព​លោភលន់​របស់​បុរស​នោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូមសរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ( សេចក្ដីថ្លែង​ការណ៍​នេះ មាននៅក្នុង « What Matters Most Is What Lasts Longest » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៤ ) ៖

« អ្វី​ដែល​សំខាន់បំផុត គឺជា​អ្វី​ដែល​យូរ​អង្វែង​បំផុត » ( អែលឌើរ អិម រ័សុល បាឡឺដ ) ។

  • តើ​បុរស​អ្នកមាន​នៅក្នុង​រឿង​ប្រៀបធៀប​បាន​ភ្លេច​ផ្ដោត​ទៅលើ « រឿង​សំខាន់បំផុត » តាម​របៀប​ណា ?

  • ហេតុអ្វីក៏​សកម្មភាព​របស់​បុរស​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ល្ងង់​ខ្លៅ ?

សូម​សង្ខេបលូកា ១២:២២-៣០ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បានគូសបញ្ជាក់ថា ពួកសិស្ស​របស់ទ្រង់​ពុំ​ចាំបាច់​ត្រូវ​ខ្វល់​ហួស​ហេតុ​អំពី​តម្រូវ​ការ​ខាង​សាច់ឈាម​​របស់ពួកគេ​នោះទេ ។

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន លូកា ១២:៣១-៣៤ ឲ្យ​ឮៗ ។ ​សូម​អញ្ជើញ​ពួកគេ​ឲ្យអាន ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ លូកា ១២:៣៤ ផងដែរ ) ។ ចូរ​សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រឹក្សា​ដល់​ពួកសិស្ស​របស់ទ្រង់​ឲ្យស្វែងរក ជាជាង​ផ្ដោត​ទៅលើ​បំណង​ប្រាថ្នា​កំណាញ់​ផ្ទាល់ខ្លួន​របស់ពួកគេ ។

  • តើព្រះយេស៊ូវ​បានប្រឹក្សា​ដល់ពួកសិស្ស​របស់ទ្រង់​ឲ្យស្វែងរក​អ្វីខ្លះ ?

  • តើ​ពួកគេ​ត្រូវ​បាន​សន្យា​អ្វី​ខ្លះ ប្រសិន​បើ​ពួកគេ​ព្យាយាម​ស្វែងរក​នូវនគរ​ព្រះ​នោះ ?

  • តើ​អ្នក​នឹងសង្ខេប​ការបង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុង​លូកា ១២:៣១–៣៤ជា​គោលការណ៍​មួយ​យ៉ាងដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​សម្ដី​របស់ពួកគេ​ផ្ទាល់​ ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ស្វែងរក​នគរ​របស់ព្រះ និង​សេចក្ដីសុចរិត​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​ផ្គត់ផ្គង់​ចំពោះសេចក្ដីត្រូវការ​របស់​យើង ហើយ​រៀបចំ​កន្លែង​មួយ​សម្រាប់​យើង​នៅក្នុង​នគរ​របស់ទ្រង់ )

  • តើ​យើងអាច​ស្វែងរក​នគរ​ព្រះ​តាមរបៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់​យោង​ទៅលើ​គោលការណ៍​ដែល​ពួកគេ​បាន​ស្គាល់​ពី​ខាង​ដើម​អំពីការលះបង់​ខ្លួន​យើង ​ចំពោះ​រឿង​ខាង​វិញ្ញាណ​ជាង​កង្វល់​ខាង​សាច់ឈាម ) ។

សូម​ថ្លែង​ទីបន្ទាល់អំពី​របៀប​ដែល​អ្នក​ត្រូវ​បាន​ប្រទានពរ នៅពេល​អ្នក​ព្យាយាម​ដាក់​អាទិភាព​​ទៅ​លើរឿង​ខាង​វិញ្ញាណជា​ជាង​លើ​រឿង​ខាង​សាច់ឈាម ហើយ​នាំ​មកនូវ​នគរ​របស់ព្រះ​នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យសញ្ជឹងគិត​ថា​តើ​ពួកគេ​ត្រូវ​បាន​ផ្ដោត​កាន់តែ​ខ្លាំង​ទៅលើ​រឿង​ខាង​វិញ្ញាណ​ឬ​កង្វល់​ខាង​សាច់ឈាម ។ សូមអញ្ជើញពួកគេ​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វី​ដែលពួកគេ​នឹង​ធ្វើ​ដើម្បី​ដាក់អាទិភាព​រឿង​ខាង​វិញ្ញាណ​ពីលើ​កង្វល់​ខាង​សាច់ឈាម ហើយនាំ​មកនូវ​នគរ​របស់ព្រះ​នោះ ។

សូមសង្ខេបលូកា ១២:៣៥–៥៩ដោយ​ការ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ដល់អ្នក​ដើរ​តាម​របស់ទ្រង់​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ ទ្រង់​បានជួយពួកគេ​យល់​ថានៅកន្លែង​ណា « ដែល​​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ… នោះ​ទារ​ជា​ច្រើនមក​វិញ » ( ខ ៤៨) ហើយទ្រង់​បាន​ពន្យល់​ថា ដំណឹងល្អ​របស់ទ្រង់​នឹង​បណ្ដាលឲ្យ​មាន​ការ​បែងចែក​ដ៏​ធំ​នៅក្នុង​ចំណោម​ប្រជាជន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១០:៣៨-៤២ ។ « ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ »

« បដិសណ្ឋារកិច្ច គឺ​សំខាន់ណាស់​នៅក្នុង​សង្គម​យូដា ហើយ​ការគោរពរបស់​ស្ត្រី និង​កិត្តិយស​អាស្រ័យ​មួយ​ផ្នែក​ទៅលើ​របៀប​ដែល​នាង​បំពេញ​តាមការរំពឹងទុក​​ខាង​វប្បធម៌​បានល្អ​ប៉ុណ្ណា ទាក់​ទង​នឹង​តួនាទី​នៃអ្នក​ទទួល​ភ្ញៀវ ។ ដោយសារ​តែ​ទំនៀមទម្លាប់​សង្គម​ទាំងនេះ​ ទើប​​ម៉ាថា​បានរអ៊ូរទាំ ថា​ប្អូន​ស្រី​របស់​នាង ម៉ារា បាន​ទុក​ឲ្យ​នាង​នៅ​បម្រើ​តែ​ម្នាក់ឯង ( សូមមើល​លូកា ១០:៤០) នឹង​ត្រូ​វ​បាន​មើលឃើញ​ថា​សម​ដោយ​មនុស្ស​ជាច្រើន​នៅ​ជំនាន់​នោះ ។ ប៉ុន្តែព្រះអង្គសង្គ្រោះ​បាន​តប​នឹង​ម៉ាថា​ដោយ​សរសើរ​ដល់​ការ​ជ្រើសរើស​របស់ប្អូន​ស្រី​នាង​វិញ​ថា ៖ ‹ ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ › (លូកា ១០:៤២) ។ រឿង​មួយ​ដែល​ចម្លើយ​របស់ព្រះអង្គសង្គ្រោះ​បាន​បញ្ជាក់គឺ​ថា មាន​អាទិភាព​ខ្ពស់ជាង​ទំនៀមទម្លាប់​សង្គម ទោះជា​វា​ជា​ទំនៀមទម្លាប់​ល្អ​ក្ដី » (New Testament Student ManualChurch Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៦០) ។

នៅពេល​ម៉ាថាបាន​រអ៊ូរទាំ « ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី » (លូកា ១០:៤០) នាង​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​នាងសង្កេត​មើល​មិន​ត្រឹមត្រូវ​ថា ព្រះអម្ចាស់​ពុំ​យកចិត្តទុកដាក់ ។ ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​អាទិភាព​របស់​យើង​ក្លាយទៅជាស្មុគស្មាញ នោះ​យើង​ចាប់​ផ្ដើម​មាន​គំនិត ឬ​អារម្មណ៍​ចំពោះ​ព្រះអម្ចាស់​ថា គឺជា​រឿង​មិនល្អ​ខាង​វិញ្ញាណ ។ ការ​ស្ដីបន្ទោស​ដោយទន់ភ្លន់​របស់ព្រះយេស៊ូវ ត្រូវ​បាន​គូសគ្រោង​ដើម្បីជួយ​ម៉ាថា​ឲ្យ​គិតពិចារណាម្តងទៀត ​អំពី​អាទិភាព​របស់គាត់ ហើយ​ស្វែងរក​ពរជ័យ​ ដែល​ទ្រង់​ប្រាថ្នាចង់​ប្រទាន​ដល់នាង​ដោយ​ក្ដីស្រឡាញ់​វិញ ។

លូកា ១០:៤២។ ការជ្រើសរើសផ្នែកដ៏ល្អប្រសើរជាង

បងស្រី ប៉ូនី ឌី ផាកកិន ជាអតីត​​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​យោង​ទៅ​លើ​ដំណើរ​រឿង​របស់​ម៉ាថា និង​ម៉ារា ដើម្បី​បង្រៀនអំពី​សារៈសំខាន់​នៃ​ការ​ជ្រើស​រើស​​ផ្នែក​ដែល​ល្អ​ប្រសើរជាងនេះថា​មួយ ៖​

« ចម្លើយ​របស់ព្រះអង្គសង្គ្រោះបានព្យាយាម​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​សំខាន់​បំផុត ។ នៅ​ល្ងា​ច​ក្នុង​ផ្ទះរបស់​ម៉ាថា​នោះ ផ្នែក​ល្អ​គឺ​ពុំ​មែន​នៅក្នុង​ផ្ទះបាយទេ វា​គឺ​នៅ​ឯ​ព្រះបាទា​របស់ព្រះអម្ចាស់ ។ អាហារ​ពេល​ល្ងាច​អាច​រង់ចាំ​បាន ។ …

«… យើង​ទាំងអស់គ្នា​កំពុង​ព្យាយាម​ជ្រើសរើស​ផ្នែក​ល្អ​ ដែល​ពុំ​អាច​ដក​ចេញពី​យើង​បាន ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទាំងខាងវិញ្ញាណ និង​ខាង​សាច់ឈាម​នៅក្នុងជីវិត​របស់​យើង ។ តើ​វា​នឹង​ពុំ​ងាយ​ស្រួល​ទេឬអី ប្រសិន​បើ​យើង​ជ្រើសរើស​រវាង​ការ​បង្រៀន​តាមផ្ទះ ឬ​ការ​ប្លន់​ធនាគារ​នោះ ? ផ្ទុយទៅវិញ ជាញឹកញាប់​ការជ្រើសរើស​របស់​យើង​គឺ​កាន់តែ​ល្អិតល្អន់​ច្រើនជាង ។ យើង​ត្រូវ​តែ​ជ្រើសរើស​រវាង​ជម្រើស​សក្ដិសម​ជាច្រើន ។ …

« … រឿង​មួយ​គឺ​ចាំបាច់ នោះ​គឺធ្វើតាម​ទ្រង់ជា​រៀងរាល់ថ្ងៃ ។ ហេតុដូច្នោះ​ហើយ ចូរ​​ជ្រើសរើស​ព្រះគ្រីស្ទ​ ជា​ព្រះអម្ចាស់ ។ ជ្រើសរើស​ទទួលទាន​ព្រះបន្ទូល​របស់ទ្រង់ ។ ជ្រើសរើស​ទុកចិត្ត​ទៅលើ​ទ្រង់​នៅ​ឯស្ថានខ្ពស់ ។ ជ្រើសរើស​រង់ចាំ​ក្ដី​ស្រឡាញ់​របស់ទ្រង់ ។ ជ្រើសរើស​ថ្វាយទ្រង់​ដោយអស់ពីចិត្ត​របស់អ្នក ។ ចូរ​អ្នក​ជ្រើសរើស​ចំណែក​ដ៏ល្អ » (« Choosing Charity: That Good Part »Ensignឬ​Liahona​ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១០៤, ១០៦ ) ។

លូកា ១១:៥-១០។ រឿង​ប្រៀបធៀប​អំពី​មិត្ត​នៅ​ពាក់កណ្ដាល​អាធ្រាត

អែលឌើរ ជេម អ៊ី ថាល់ម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានកត់​ចំណាំ​ភាព​ផ្សេងគ្នា​រវាង​មិត្ត​នៅក្នុង​រឿង​ប្រៀបធៀប​នេះ និង​ព្រះវរបិតាសួគ៌​របស់​យើង ៖

« មេរៀនរបស់​ព្រះអម្ចាស់​គឺថា​បើ​បុរស​ដែលជាមនុស្ស​មានចិត្ត​កំណាញ់ និងមិន​ពេញចិត្តក្នុង​ការ​ផ្ដល់​ឲ្យ, នឹង​ព្រម​ផ្ដល់​ឲ្យ​នូវអ្វី​ដែល​អ្នកជិត​ខាង​ដែល​សុំ​​ដោយ​បំណង​ត្រឹមត្រូវ​ ហើយបន្ដ​សុំ​ទោះជាមានការ​បដិសេធ និង​ការ​មិន​យល់ព្រម​ជាបណ្ដោះ​អាសន្នក្ដី នោះ​វា​អះអាង​យ៉ាង​ច្បាស់​ថា ព្រះនឹង​ប្រទាន​ឲ្យ​នូវអ្វីៗ​ ដែល​ត្រូវ​បាន​សុំ​ដោយខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដីជំនឿ និង​បំណង​សុចរិត ។ វា​គ្មានភាព​ទន្ទឹមគ្នា​រវាង​ការបដិសេធ​ដោយ​អត្មានិយម និង​ព្រះប្រាជ្ញា​ញាណ​របស់ព្រះ និង​ការ​រង់ចាំ​ជាចំណូលចិត្តនោះទេ ។ ការអធិស្ឋានគឺត្រូវការមនោសិកាពិត និង​ទំនុកចិត្ត​ពិត​ទៅលើ​ព្រះ ដើម្បី​ធ្វើ​ឲ្យ​ការ​អធិស្ឋាន​មានប្រសិទ្ធភាព ហើយ​ដោយក្ដីមេត្តា​ករុណា​របស់ព្រះ​បិតា ពេល​ខ្លះ​ការពន្យា​រពេល​ការ​ប្រទាន​ឲ្យ​នោះ​ ធ្វើ​ឲ្យ​ការ​សុំ​អាច​នឹង​មានកាន់តែ​ក្លៀវក្លា » (Jesus the Christ បាន​បោះពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ៤៣៥ ) ។