បណ្ណាល័យ
មេរៀនទី ៥៧ ៖ លូកា ២២


មេរៀន​ទី ៥៧

លូកា ២២

សេចក្ដីផ្ដើម

នៅពេលនៃ​ការបម្រើ​​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់​ខិត​ជិត​មក​ដល់ទីបញ្ចប់ នោះព្រះយេស៊ូវ​បាន​តាំង​​ពិធី​សាក្រាម៉ង់​ឡើង បានបង្រៀន​ដល់ពួកសិស្ស​របស់ទ្រង់​ឲ្យ​បម្រើ​អ្នកដទៃ ហើយ​បាន​បញ្ជា​ដល់ពេត្រុស​ឲ្យ​ពង្រឹង​ដល់បងប្អូនប្រុស​របស់គាត់ ។ ពលិកម្ម​ធួន​របស់ព្រះអង្គសង្គ្រោះ​បានចាប់​ផ្ដើម​នៅ​សួនច្បារ​គែតសេម៉ានី។ ទ្រង់​ត្រូវ​បាន​គេ​ចាប់​ព្រះកាយ ហើយបាន​កាត់ទោស​នៅ​ចំពោះមុខ​លោក​កៃផាស ។ ខណៈ​ដែល​ព្រះអង្គសង្គ្រោះ​ត្រូវ​បានគេ​កាត់ទោស ពេត្រុស​បានបដិសេធ​ថាពុំស្គាល់ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២២:១-៣៨

ព្រះអង្គ​សង្គ្រោះ​បាន​តាំង​ពិធី​សាក្រាម៉ង់​ឡើង​ ហើយបាន​ណែនាំ​ដល់ពួកសិស្ស​របស់ទ្រង់

ចូរ​សុំ​ឲ្យសិស្ស​ម្នាក់​ៗ​នឹក​ស្រមៃ​ ( ឬ​អ្នកអាច​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​សម្ដែង​សកម្មភាព​នេះ ) ដែល​ពួកគេ​នឹង​សមាជិក​គ្រួសារ​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​ឥដ្ឋ ។ សមាជិកគ្រួសារ​ចង់​ក្រោក​ឈរ​ ហើយ​សុំ​ជំនួយ ។

  • តើ​អ្នកអាច​ជួយពួកគេ​បានល្អ​ប៉ុណ្ណា ប្រសិន​បើអ្នក​បន្ដ​អង្គុយ​នៅលើ​ឥដ្ឋ ?

  • តើ​វា​មាន​ភាព​ខុសគ្នា​យ៉ាងណា ប្រសិន​បើ​អ្នក​ក្រោកឈរ​មុនគេ​នោះ ?

ចូរ​ពន្យល់​ថា ​ការ​ប្រៀបធៀប​នេះ​អាច​ជួយ​យើងឲ្យ​យល់​នូវអ្វី​ដែល​យើងអាច​ធ្វើ​ ដើម្បីជួយ​លើក​អ្នកដទៃ​ខាង​វិញ្ញាណ ។

សូមអញ្ជើញសិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ ខណៈពេល​ពួកគេ​សិក្សា​​លូកា ២២ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​របៀប ​ដើម្បី​ជួយលើក​​អ្នក​ដទៃខាងវិញ្ញាណ ។

សូមសង្ខេបលូកា ២២:១-៣០ដោយ​រំឭក​សិស្ស​ថា នៅជិត​ចុង​បញ្ចប់​នៃ ការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់រ​បស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​ជួប​នឹង​ពួកសិស្ស​របស់​ទ្រង់​ដើម្បី​គោរពតាមបុណ្យ​រំលង ។ អំឡុងគ្រា​នោះ ព្រះអង្គ​សង្គ្រោះ​បានប្រកាស​ថា សិស្ស​របស់ទ្រង់​ម្នាក់​នឹង​ក្បត់​ទ្រង់ ទ្រង់បាន​តាំង​​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់​ឡើង បានបញ្ជា​​ឲ្យ​បន្ដ​ធ្វើ​វា​ក្នុងការ​រំឭកចាំ​អំពីទ្រង់ ហើយបាន​បង្រៀន​ពួកសាវក​របស់ទ្រង់​ថា អ្នក​ទាំងឡាយ​ដែលបម្រើ​ដល់អ្នកដទៃ​គឺជា​មនុស្ស​ល្អបំផុត ។ ព្រះអង្គ​សង្គ្រោះ ក៏​បានសរសើរពួកសិស្ស​របស់ទ្រង់​ឲ្យ​បន្ដ​នៅជាមួយទ្រង់ ហើយ​​សន្យា​នឹងពួកគេ​ថា ថ្ងៃ​មួយ​ពួកគេ​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក ហើយ​កាត់ក្ដី​ដល់​ពូជ​អំបូរ​ទាំង​ដប់ពីរ​នៃ​អ៊ីស្រាអែលផងដែរ ។

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន លូកា ២២:៣១-៣២ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលអ្វី​ដែល​ព្រះអង្គសង្គ្រោះ​​បានមាន​បន្ទូល​ដល់​ស៊ីម៉ូន​ពេត្រុស ។ សូមពន្យល់ទៅកាន់សិស្ស​ថា ការបកប្រែរបស់ យ៉ូសែប ស៊្មីធ ខ ទី៣១​ និយាយថា « ហើយព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើលសាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ » ។

  • តើព្រះអង្គសង្គ្រោះ​បានមានបន្ទូល​ថា​​សាតាំងប្រាថ្នាចង់ធ្វើអ្វី​ ? ( សាតាំង​ចង់​រែង​ពេត្រុស​ និង​ពួកបរិសុទ្ធ​ដូចជា​ស្រូវសាលី ) ។

ចូរ​ពន្យល់​ថា​ អង្ករ​ត្រូវ​បាន​រែង​បំបែក​អង្កាម​ចេញពី​ស្រូវសាលី ។

  • តើ​អ្នកបាន​រៀន​អ្វីខ្លះអំពី​ពេត្រុស​ ដែលបង្ហាញ​ថា​គាត់​បាន​មានទីបន្ទាល់​រួច​ហើយនោះ ? ( ប្រសិន​បើ​ចាំបាច់ សូម​រំឭកសិស្ស​ថា ពេត្រុស​បានប្រកាស​ទីបន្ទាល់របស់គាត់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​របស់ព្រះ [ សូមមើល​ម៉ាថាយ ១៦:១៣-១៧] ) ។

  • យោងតាមខទី ៣២តើ​ពេត្រុស​នៅ​តែ​ត្រូវការ​បទពិសោធន៍​អ្វីខ្លះ ពីមុន​គាត់អាច​ពង្រឹង​ដល់បងប្អូន​ប្រុស​របស់គាត់ ?

  • តើមានភាពខុសគ្នា​យ៉ាងណារវាង​ការ​មានទីបន្ទាល់អំពីដំណឹងល្អ និង​ការ​ផ្លាស់​ប្រែចិត្តជឿ​ដំណឹង​ល្អ​ ? ( ការ​មានទីបន្ទាល់អំពី​ដំណឹងល្អ​មានន័យ​ថា​ យើង​បានទទួល​ស្មរបន្ទាល់ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ [ សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ទីបន្ទាល់ » ,scriptures.lds.org] ។ ការ​ប្រែ​ចិត្តជឿ​ចំពោះ​ដំណឹងល្អ​មានន័យថា « ជា​ការ​ប្រែ​ជំនឿ ចិត្ត និង​ជីវិត​[ របស់​យើង ] ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្រប​តាម​ព្រះហឫទ័យ​នៃ​ព្រះ ( កិច្ចការ ៣:១៩) » [ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែចិត្ត​ជឿ, ការ​ប្រែចិត្ត​ជឿ, អ្នក​ប្រែចិត្ត​ជឿ » ,scriptures.lds.org] ) ។

  • ផ្អែកទៅលើ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់ពេត្រុស តើ​យើងអាច​ធ្វើ​អ្វីខ្លះ នៅ​ពេល​យើង​បាន​ផ្លាស់ប្រែចិត្តជឿ​ទៅលើ​ដំណឹងល្អ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖ នៅពេល​យើង​ត្រូវ​បានផ្លាស់ប្រែចិត្តជឿ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ពង្រឹង​ដល់អ្នកដទៃ ។ ចូរ​ពិចារណាអញ្ជើញសិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា ដែល​បង្រៀន​សេចក្ដីពិត​នេះ​នៅ​ក្នុង​ ខទី ៣២ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២២:៣៣-៣៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ធ្វើតាម​ស្វែងរក​មើល​របៀប​ដែលពេត្រុស​បាន​ឆ្លើយ​តប​ចំពោះ​ការ​ដាស់តឿន​របស់ព្រះអង្គសង្គ្រោះ​ ដើម្បី​ត្រូវបានផ្លាស់ប្រែចិត្តជឿ ហើយ​ពង្រឹង​ដល់​បងប្អូនប្រុស​របស់​គាត់ ។

  • តើពេត្រុស​បាន​ឆ្លើយ​តប​ចំពោះ​ការ​ដាស់​តឿន​របស់ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើព្រះអង្គសង្គ្រោះ​បានព្យាករ​ថា​ពេត្រុស​នឹង​ធ្វើ​អ្វី ?

ចូរ​ពន្យល់​ថា​កំណែ​ថ្មី​ដោយលម្អិតបន្ថែម​អំពី​ដំណើរ​រឿង​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុងម៉ាថាយ ២៦។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:៣៥-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​​តើពេត្រុស​បាន​និយាយ​អ្វីទៅ​កាន់​​ព្រះអង្គ​សង្គ្រោះ បន្ទាប់ពី​បានស្ដាប់​ឮ​ការ​ព្យាករ ។

  • តើពេត្រុស​បាន​ឆ្លើយតប​យ៉ាងណា​ បន្ទាប់ពី​បាន​ស្ដាប់​ឮ​ការព្យាករ​នេះ ?

  • តើចម្លើយ​របស់ពេត្រុស​អាច​បង្រៀន​យើង អំពី​អ្វី​ដែល​គាត់បានគិត​អំពី​ភាព​រឹងមាំ​នៃទីបន្ទាល់របស់គាត់យ៉ាងណា ?

លូកា ២២:៣៩-៥៣

ព្រះអង្គ​សង្គ្រោះ​បានរងទុក្ខ​នៅ​សួន​ច្បារ​គែតសេម៉ានីបង្ហូរ​លោហិត​ពីគ្រប់រន្ធ​ញើស ហើយ​ត្រូវបាន​យូដា​ក្បត់ ។

ចូរ​ពន្យល់​ថា បន្ទាប់ពី​បុណ្យ​រំលង ព្រះអង្គ​សង្គ្រោះ និង​ពួកសិស្ស​របស់ទ្រង់​បាន​ចេញទៅ​សួនច្បារ​គេតសេម៉ានី ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​បី​បួន​នាក់​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ២២:៣៩-៤៣ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលអ្វី​ដែល​​ព្រះអង្គ​សង្គ្រោះ​បានធ្វើ ពេល​ទ្រង់​យាង​ទៅសួនច្បារគែតសេម៉ានី ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោងតាមខទី ៤៣តើ​នរណា​បានជួយ​ព្រះអង្គសង្គ្រោះ​ឲ្យមាន​កម្លាំង​ដើម្បីធ្វើ​តាមព្រះទ័យ​របស់ព្រះវរបិតាសួគ៌ ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​យើង​អាច​រៀនមកពី​ដំណើរ​រឿង​នេះ​ អំពី​អ្វី​ដែលព្រះវរបិតា​សួគ៌​នឹង​ធ្វើ​សម្រាប់​យើង ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់ទ្រង់​នោះ ? ( សិស្ស​អាច​ស្គាល់​សេចក្ដីពិត​ខុសៗគ្នា ប៉ុន្តែ​ត្រូវបញ្ជាក់​ថា​ប្រសិន​បើ​យើង​យល់ព្រម​គោរព​តាម​ព្រះវរបិតាសួគ៌ នោះទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​កម្លាំង​ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់ទ្រង់ )

  • តើ​របៀប​មួយចំនួន​អ្វីខ្លះ ដែលព្រះវរបិតាសួគ៌​ពង្រឹង​ដល់​យើង​ ?

ចូរ​ពន្យល់​ថា​ភាគ​ច្រើន​បំផុត ជំនួយ​ដែល​យើងទទួល​មកពីព្រះវរបិតាសួគ៌​នឹង​ពុំកើត​មាន​តាម​​​ការ​បង្ហាញ​ព្រះកាយ​របស់ពួកទេវតា​ទេ ប៉ុន្តែ​ទ្រង់​នឹង​ជួយ​យើង​តាម​របៀប​ដែល​ទ្រង់​ស្គាល់​​ច្បាស់​ថា​នឹងល្អ​បំផុត​សម្រាប់​យើង ។ សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពីគ្រា​មួយ ដែលពួកគេ​មានអារម្មណ៍​ត្រូវ​បាន​ពង្រឹង​​ដោយ​ព្រះវរបិតាសួគ៌ នៅពេលពួកគេ​ព្យាយាម​ធ្វើតាម​ព្រះទ័យ​របស់ទ្រង់ ។

ចូរ​ពន្យល់​ថា​ ដំណើរ​រឿង​របស់​លូកា​អំពី​ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ​នៅក្នុង​សួន​ច្បារ​គេតសេម៉ានី រួមមាន​នូវ​ព័ត៌មានលម្អិត​ដែល​ពុំ​បញ្ចូល​នៅក្នុង​ដំណើរ​រឿង​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ម៉ាថាយ និង​ម៉ាកុស​ទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២២:៤៤ឲ្យ​ឮៗ ។ ចូរ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលរបៀប​ដែល​លូកា​ពិពណ៌នា​អំពី​ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ។

  • តើ​លូកា​បានពិពណ៌នា​អ្វីខ្លះ អំពីការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះនៅក្នុង​សួនច្បារគែតសេម៉ានី ? ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំពាក្យ​នៅក្នុងខទី ៤៤​​ដែល​បង្រៀន​ពីសេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហូរលោហិត​ចេញពីគ្រប់​រន្ធ​ញើស នៅពេល​ទ្រង់​រងទុក្ខ​នៅក្នុង​សួនច្បារ​គេតសេម៉ានី ។ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា​ ទិដ្ឋភាព​នៃ​ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ​នេះគឺត្រូវ​បាន​ព្យាករ​អស់ជាច្រើន​សតវត្ស​រ៍ មកហើយ [ សូមមើលម៉ូសាយ ៣:៧] ) ។

ដើម្បីជួយសិស្ស​ឲ្យយល់​បន្ថែម​អំពី​អ្វីដែល ​ព្រះអង្គសង្គ្រោះ​មានបទពិសោធន៍ ចូរ​ពន្យល់​ថា​ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​អំពីការ​រងទុក្ខ​របស់ទ្រង់​ផ្ទាល់​នៅក្នុង​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩។ សូមពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សេចក្ដី​យោង​បទគម្ពីរ​គោល​លទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨ជាមួយ​នឹងលូកា ២២:៤៤នៅក្នុង​គម្ពីរ​របស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌​នា​​អំពីការរងទុក្ខ​របស់​ទ្រង់ ។

  • តើ​ព័ត៌មានលម្អិត​បន្ថែម​អ្វីខ្លះ​ដែល​យើង​រៀន​អំពី​ការ​រងទុក្ខ​របស់ព្រះអង្គ​សង្គ្រោះ​​មកពី​ការពិពណ៌នា​របស់​ព្រះអង្គផ្ទាល់​នៅក្នុងខទី ១៨ ? ( ការរងទុក្ខ​របស់ព្រះយេស៊ូវ​គ្រីស្ទ​បានបណ្ដាល​ឲ្យ​ទ្រង់ « ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ … ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង » ) ។

  • តើ​អ្នកមានគំនិត​អ្វីខ្លះ ​ពេល​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ​យ៉ាង​ច្រើន​ដើម្បី​អ្នក​នោះ ?

សូម​សង្ខេបលូកា ២២:៤៥-៤៨ដោយ​ការ​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​រងទុក្ខ​នៅក្នុង​សួន​ច្បារគែតសេម៉ានី នោះទ្រង់​បាន​ត្រូវ​យូដាស អេស្ការីយ៉ុត ក្បត់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២២:៤៩–៥១ ឲ្យ​ឮៗ ។ ចូរ​សុំសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម​រក​មើល​នូវ​អ្វី​ដែលពេត្រុស​បានធ្វើ នៅ​ពេល​មេ​​សង្ឃ និង​ជនដទៃ​ទៀត បានមក​ចាប់​ព្រះកាយព្រះយេស៊ូវ​នោះ ( សូមមើល​យ៉ូហាន ១៨:១០ដែល​ជា​ដំណើររឿង​តែ​មួយគត់ ដែល​ប្រាប់​អំពីពេត្រុស​ជា​សាវក បានកាត់​ត្រចៀក​របស់​អ្នក​បម្រើ ) ។

  • តើពេត្រុស​បានធ្វើ​អ្វី​ខ្លះ ចំពោះ​អ្នកបម្រើ​របស់​សង្ឃ​ជាន់ខ្ពស់ ?

  • តើ​ហេតុ​​អស្ចារ្យអ្វី​ ដែល​​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នកបម្រើនោះ ?

សូមសង្ខេបលូកា ២២:៥២-៥៣ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ថា​ហេតុអ្វី​ក៏​មេសង្ឃ និង​អ្នកដទៃ​ទៀត មក​ចាប់​ព្រះកាយ​ទ្រង់ អំឡុងពេល​យប់ ជាជាងអំឡុងពេល​ថ្ងៃ នៅពេលទ្រង់គង់នៅ​ព្រះវិហារ​បរិសុទ្ធ​ទៅវិញដូច្នេះ ។

លូកា ២២:៥៤-៧១

ព្រះយេស៊ូវ​ត្រូវបាន​កាត់ទោស​នៅ​ពីមុខ​ពួក​សានហេឌ្រីន ហើយ​ពេត្រុស​បាន​បដិសេធ​ថា​ពុំ​ស្គាល់ទ្រង់

សូមសង្ខេបលូកា ២២:៥៤ដោយពន្យល់​ថា នៅពេល​ព្រះអង្គ​សង្គ្រោះ​​ត្រូវ​បាន​នាំ​យកទៅ​ដល់ផ្ទះ​របស់​មេសង្ឃ​ដើម្បី​កាត់​ទោស ពេត្រុស​បានដើរ​តាម ។

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ ចូរ​ផ្ដល់​ដល់ដៃគូ​នីមួយៗ​នូវ​ច្បាប់ចម្លង​នៃតារាងដូច​ខាង​ក្រោមមួយ​ច្បាប់ ( ឬ​សរសេរបង្ហាញ​វា​នៅលើ​ក្ដារខៀន ) ។ សូមអញ្ជើញសិស្សឲ្យ​អាន​បទគម្ពីរ​យោងនៅ​ក្នុង​តារាង ហើយបំពេញ​នៅក្នុង​តារាង​នោះ​ជាមួយនឹង​ដៃគូ​ពួកគេ ។

រូបភាព
handout, Luke 22:54–60

លូកា ២២:៥៤-៦០

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៥៧

តើមាន​រឿង​​អ្វីបាន​កើតឡើង​ចំពោះ​ពេត្រុស ?

តើ​ពេត្រុស​បាននិយាយអ្វី ?

លូកា ២២:៥៥-៥៧

លូកា ២២:៥៨

លូកា ២២:៥៩-៦០

  • ហេតុអ្វី​ក៏អ្នកគិត​ថា​ ពេត្រុស​ប្រហែលជា​ត្រូវ​បាន​ល្បួង​ឲ្យ​បដិសេធ​ថា​មិន​ស្គាល់​ព្រះយេស៊ូវ​ចំពោះ​មនុស្ស​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២២:៦២-៦២ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលនូវ​អ្វី​ដែលបាន​កើតឡើង បន្ទាប់​ពី​ពេត្រុស​បាន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ ។

  • តើ​អ្វីបាន​កើតឡើង​ បន្ទាប់ពី​ពេត្រុស​បានបដិសេធ​ថា​មិនស្គាល់​ព្រះអង្គសង្គ្រោះ​នោះ ?

ប្រសិន​បើអាច​ធ្វើបាន សូមបង្ហាញរូបភាពការ​បដិសេធ​របស់ពេត្រុសដោយ​ ខាល ហេនរីក ប្ល៊ច ។ រូបភាព​នេះ​មាននៅលើLDS.org ។

រូបភាព
ការ​បដិសេធ​របស់ពេត្រុស

ការ​បដិសេធ​របស់ពេត្រុស ដោយ ខាល ហេនរីក ប៊្លច ។ ការតាំង​ពិពណ៌​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាមថតចម្លង ។

  • ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់ពេត្រុស តើ​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​ដែលអ្នកគិត​ថា​អ្នក​នឹង​មាន នៅពេល​ព្រះអង្គសង្គ្រោះបាន​ទត​មើល​មកអ្នក ? ហេតុអ្វី ?

  • តើ​បទពិសោធន៍​របស់ពេត្រុស​បង្ហាញពីភាព​ខុសគ្នា​ រវាង​​ការ​មានទីបន្ទាល់នៃ​ដំណឹងល្អ និងការ​ផ្លាស់ប្រែចិត្តជឿ​ដំណឹងល្អយ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា​ ទោះជា​ពេត្រុស​មានទីបន្ទាល់​អំពីដំណឹងល្អ​ក្ដី ក៏​គាត់ពុំ​ទាន់​បាន​ផ្លាស់​ប្រែ​ចិត្ត​ជឿ​​ទាំង​ស្រុង​នៅ​ឡើយ​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់បាន​ទទួល​ស្គាល់​ភាព​ទន់ខ្សោយ​របស់គាត់ ដោយបាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​​ពេញលេញ ហើយបាន​លះបង់​ជីវិត​របស់​គាត់​ដើម្បីបម្រើ​ព្រះ និង​ចែកចាយ​ដំណឹងល្អ ។

  • តើ​មេរៀន​អ្វីខ្លះ ​ដែល​យើង​អាច​រៀន​ពីបទពិសោធន៍​របស់​ពេត្រុស ?

សូមសង្ខេបលូកា ២២:៦៣-៧១ដោយពន្យល់​ថា ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​គេ​ចំអក ហើយ​វាយ​ដោយ​ពួក​មេសង្ឃ ។

សូមបញ្ចប់មេរៀន​ដោយ​អញ្ជើញសិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​រឿងជា​ច្រើន​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អាច​ជួយពួកគេ​បាន​ផ្លាស់ប្រែ​ចិត្តជឿ​យ៉ាងពិតប្រាកដ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​រឿង​មួយ​នៃ​រឿង​ទាំងឡាយ ​នៅក្នុងបញ្ជី​របស់ពួកគេ​នា​សប្ដាហ៍​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ២២:៣២។ ការ​ផ្លាស់ប្រែចិត្តជឿ​ដំណឹងល្អរប​ស់ពេត្រុស​

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​បង្រៀន​អំពី​ពេត្រុស​ដូច​តទៅនេះថា ៖

« ពេត្រុស​គឺ​ជា​គំរូ​សាមញ្ញ​មួយ​អំពី​របៀប​ ដែល​អំណាច​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ​បានធ្វើការ​នៅក្នុងព្រលឹង​ដែល​ព្រម​ទទួលយក ។ អំឡុង​ការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់របស់ព្រះអម្ចាស់​យើង ពេត្រុស មានទីបន្ទាល់​មួយ បាន​កើត​មកពីព្រះវិញ្ញាណ ពី​ភាពជាព្រះ​របស់ព្រះគ្រីស្ទ និង​ពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា​ដែល​មាននៅក្នុងព្រះគ្រីស្ទ ។ គាត់បាន​និយាយ​ថា ‹ ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ › នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​សម្ដី​ដល់គាត់ ។ (ម៉ាថាយ ១៦:១៣-១៩) ។ នៅពេលអ្នកដទៃ​ធ្លាក់ចុះ ពេត្រុស​បាន​ឈរ​ដោយ​ការអះអាងក្នុងនាម​ជាសាវក​ថា ‹ យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត › ។ (យ៉ូហាន ៦:៦៩) ។ ពេត្រុស​បាន​ដឹង ហើយ​ចំណេះដឹង​របស់គាត់​បាន​មក​តាមរយៈ​វិវរណៈ ។

« ប៉ុន្តែ​ពេត្រុស​ពុំ​បាន​ផ្លាស់ប្រែចិត្តជឿ​ទេ ដោយសារ​គាត់​ពុំ​បានក្លាយជា​ការបង្ក​បង្កើត​ថ្មីនៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុន្តែ​ជា​យូរ​មក​បន្ទាប់ពី​ពេត្រុស​បាន​ទទួលទីបន្ទាល់​មួយ ហើយ​នៅពេល​យប់​ដែ​លព្រះយេស៊ូវ​ត្រូវ​គេ​ចាប់​ខ្លួន នោះ​ទ្រង់បាន​និយាយ​ទៅពេត្រុស​ថា ៖ ‹ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង › ។ (លូកា ២២:៣២) ។ រំពេច​នោះ តាំងពីគ្រានោះមក ទោះជា​គាត់មានទីបន្ទាល់ក្ដី ក៏ពេត្រុស​បាន​បដិសេធ​មិនស្គាល់ព្រះគ្រីស្ទ​ដែរ ។ (លូកា ២២:៥៤–៦២) ។ បន្ទាប់ពី​ការ​ឆ្កាង ពេត្រុសបាន​ចេញទៅ​នេសាទ​ត្រី ​គឺ​ដូច​ត្រូវ​បាន​ហៅ​ត្រឡប់​មក​វិញ​ឲ្យបម្រើ​ដោយសារ​តែ​ព្រះអម្ចាស់​ដែល​បាន​រស់ឡើងវិញ​ប៉ុណ្ណោះ ។ (យ៉ូហាន ២១:១–១៧) ។ នៅ​ទីបំផុត​នៅថ្ងៃ​នៃបុណ្យ​ថ្ងៃទី ៥០ អំណោយទានពិសិដ្ឋ​ខាង​វិញ្ញាណ​ដែលបាន​សន្យា ត្រូវ​បាន​ផ្ដល់​ឲ្យ ពេត្រុស និង​អស់​ពួកសិស្ស​ស្មោះត្រង់ បាន​ក្លាយជា​ការបង្ក​បង្កើត​ថ្មី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​ត្រូវ​បាន​ផ្លាស់ប្រែចិត្តជឿ​ពិត​ប្រាកដ ហើយ​ការ​សម្រេច​ជា​លំដាប់លំដោយ​របស់​ពួកគេបានបង្ហាញជាភាព​មិនប្រែប្រួល​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ​របស់ពួកគេ ។ (កិច្ចការ ៣) » ។ ( Mormon Doctrine កំណែ​លើក​ទី​ ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៦២-៦៣ ) ។

លូកា ២២:៣២។ « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរចម្រើន​​​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ​ ៖

« ដើម្បីពង្រឹង​ដល់​បងប្អូន​ប្រុស​របស់គាត់—ដើម្បីបីបាច់ និង​ដឹកនាំ​ហ្វូង​មនុស្ស​របស់ព្រះ—បុរស​នេះ​ដែលបាន​ដើរ​តាមព្រះយេស៊ូវ​អស់រយៈពេល​បីឆ្នាំ ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​សិទ្ធិអំណាច​នៃ​ភាព​ជាសាវក​ដ៏ពិសិដ្ឋ ដែល​ជា​គ្រូ​បង្រៀន​ដោយអង់​អាច និង​ជាអ្នក​ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់គ្រីស្ទាន និង​ជា​អ្នក​​ដែលមាន​ទីបន្ទាល់ ធ្វើ​​ឲ្យ​លោកចៅហ្វាយ​ប្រកាស​ថា​ គាត់​មានពរ ប៉ុន្ដែ​នៅ​តែ​ត្រូវ​‹ ផ្លាស់ប្រែចិត្ត​ជឿ › ប៉ុណ្ណោះ ។

« សំណូម​ពរ​របស់ព្រះយេស៊ូវ​បង្ហាញ​ថា ការ​ប្រែចិត្តជឿ​ដែល​ទ្រង់​តម្រូវ​​ឲ្យ​មាន​សម្រាប់​អ្នកដែល​នឹង​ចូល​ក្នុងនគរ​ស្ថានសួគ៌ ( សូមមើល​ម៉ាថាយ ១៨:៣) គឺ​មានច្រើនជាង​គ្រាន់​តែ​ត្រូវ​បាន​​ប្រែចិត្តជឿ​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិតពេញលេញ​នៃ​ដំណឹងល្អ ។ ដើម្បី​ថ្លែងទីបន្ទាល់​គឺត្រូវដឹងនិង​ប្រកាស ។ ដំណឹងល្អ​តាំងចិត្ត​យើង​ឲ្យ ‹ ប្រែចិត្ត​ជឿ › ដែល​តម្រូវ​ឲ្យ​យើង ធ្វើ​ និង ប្រែក្លាយ ។ ប្រសិនបើ​មានគ្នា​យើង​ណា​ម្នាក់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​ចំណេះ​ដឹង​របស់​យើង និង​ទីបន្ទាល់​នៃ​ដំណឹងល្អ នោះយើង​ស្ថិត​នៅក្នុង​កន្លែង​ដូចគ្នា​ថា ​មានពរ ប៉ុន្តែ​នៅ​ជា​សាវក​ដែលពុំ​ទាន់​ពេញលេញ ដែល​ព្រះយេស៊ូវ​បាន​សំណូម​ពរ​ឲ្យ ‹ ផ្លាស់ប្រែ​ចិត្តជឿ › ។ យើង​ទាំងអស់គ្នា​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ទីបន្ទាល់​រឹងមាំ ប៉ុន្តែ​ពុំ​ធ្វើ​តាម​វា​ដូចជា​អ្នក​ដែលបាន​ផ្លាស់ប្រែចិត្តជឿ​ទេ ។ …

« ឥឡូវ​គឺជា​ពេល​ដែល​យើង​ម្នាក់ៗ​ខិតខំ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់​ប្រែចិត្តជឿ​ផ្ទាល់​ខ្លួន​របស់​យើង ឆ្ពោះ​ទៅកាន់​ការ​ប្រែក្លាយជា​អ្វី ​ដែលព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ » (« The Challenge to Become »Ensignខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៣ ) ។

ប្រធាន ហារ៉ូល ប៊ី លី បានពិពណ៌នា​អំពី​របៀប​ដែលការ​ផ្លាស់ប្រែចិត្តជឿ​លើ​ដំណឹង​ល្អ​អាច​ជួយ​យើង​ពង្រឹង​ដល់អ្នកដទៃ ៖

« អ្នក​មិន​អាច​លើក​តម្កើង​ព្រលឹង​អ្នក​ឯទៀតបាន​ឡើយ បើសិន​អ្នក​ពុំ​បាន​ឈរ​លើ​ដី​ដែល​ខ្ពស់​ជាង​គាត់​នោះ ។ អ្នក​ត្រូវតែ​ប្រាកដ​ប្រជា បើសិន​ជាអ្នក​នឹង​សង្គ្រោះ​មនុស្ស ដែល​​ខ្លួនអ្នក​​ផ្ទាល់​​ត្រូវ​ធ្វើ​ជា​គំរូ​នៃ​​អ្វី​ដែល​អ្នក​នឹង​ចង់​ឲ្យ​បុគ្គល​ម្នាក់​ប្រែក្លាយ » (« Stand Ye in Holy Places » Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ, ៤៧ ) ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានពន្យល់​អំពីទំនាក់ទំនង​រវាង​ទីបន្ទាល់ និង​ការ​ផ្លាស់ប្រែចិត្តជឿ ក៏​ដូចជា​អំពីភាព​ខុសគ្នា​រវាង​វា​ទាំងពីរ​ផងដែរ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​លោក « Converted unto the Lord »(EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ១០១២ ទំព័រ ១០៦–៩) ។

លូកា ២២:៤៤។ « ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ »

អែលឌើរ ជេម អ៊ី ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បានពន្យល់​ថា ការ​ឈឺ​ចាប់​របស់ព្រះអង្គសង្គ្រោះ គឺ​មានទាំងខាង​សាច់ឈាម ខាង​សតិអារម្មណ៍ និង​ខាង​វិញ្ញាណ ៖

« វា​មិន​មែន​ជា​ការឈឺចាប់​ខាង​សាច់ឈាម ហើយ​ក៏​មិន​មែន​ការតានតឹង​ខាង​អារម្មណ៍​តែ​មួយ​មុខ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ទ្រង់​រងទុក្ខ​បែបនោះ រហូត​ដល់​ចេញ​ព្រះលោហិត​តាម​រន្ធ​ញើស​ទាំងអស់ ប៉ុន្ដែ​វា​ជាការ​ឈឺចុកចាប់​ខាង​ដួង​ព្រលឹង​វិញ្ញាណ​ក្នុង​នាម​ជា​ព្រះ ដែល​អាច​យល់​ពី​ការណ៍​នេះ​បាន ។ គ្មាន​នរ​ណា​ផ្សេងទៀត ដែល​មាន​​អំណាច​ស៊ូទ្រាំ​​ខាង​រាងកាយ ឬ​ខាង​សាច់ឈាម​យ៉ាងខ្លាំង​ អាច​ទទួលរងទុក្ខ​ដូច្នោះបានទេ ដ្បិត​សរីរាង្គ​របស់​គាត់​នឹង​ត្រូវ​ខូច…​[ បង្កើត ​] ជា​ការ​បាត់ស្មារតី និង​ការ​វាយប្រហារ​ភ្លាម ។ នៅក្នុង​ពេល​នៃការឈឺចាប់​នោះ ព្រះគ្រីស្ទ​បាន​ជួប និង បាន​យកឈ្នះ​លើ​ការភ័យខ្លាច​ទាំង​អស់​ដែល​សាតាំង ‹ ជា​ចៅហ្វាយ​របស់​លោក​កិយ​នេះ › អាច​ដាក់ទោស »​ (Jesus the Christ បាន​បោះពុម្ព​លើកទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦១៣ ) ។

លូកា ២២:៦២  ។ « រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល »

ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី ​បានកត់សម្គាល់​ថា យើង​អាច​ធ្វើ​ខុសដែល​​ស្រដៀង​គ្នា​ទៅ​នឹង​ពេត្រុស ប៉ុន្តែ​តាមរយៈ​ការ​ប្រែចិត្ត​ នោះ​យើងអាច​ត្រូវ​បាន​អភ័យទោស​ពី​កំហុស​ទាំងនោះ ៖

« ពេត្រុសបញ្ជាក់អំពីភក្ដីភាព​របស់គាត់ ការ​ប្ដេជ្ញាចិត្ត​របស់គាត់ ការ​ដោះស្រាយ​របស់គាត់ បាន​និយាយ​ថា គាត់នឹង​ពុំ​បដិសេធ​ទៀតឡើយ ។ ប៉ុន្តែ​ការភ័យខ្លាច​​ចំពោះមនុស្ស​អាច​កើត​មាន​មកលើ​គាត់ ហើយ​ភាព​ទន់​ខ្សោយ​ខាង​សាច់ឈាម​របស់គាត់​យក​ឈ្នះ​លើ​​​គាត់ ហើយ​នៅក្រោម​សម្ភាធ​នៃ​ការ​ចោទប្រកាន់ ដំណោះ​ស្រាយរបស់​គាត់​បាន​រលំដួល ។ …

« នៅពេលខ្ញុំ​បាន​អាន​ដំណើរ​រឿង​នេះ​ ដួងចិត្ត​របស់ខ្ញុំ​អាណិត​អាសូរ​ដល់​ពេត្រុស​ ។ ពួក​យើង​ជាច្រើនគឺ​ដូច​គាត់​ដែរ ។ យើង​សន្យា​ដោយ​ភក្ដីភាព​របស់​យើង យើង​បញ្ជាក់​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដោយ​មាន​ចិត្ត​ក្លាហាន​ឡើង ពេល​ខ្លះ​យើង​ប្រកាស​​ជា​​សាធារណៈថា មិន​ថា​មានរឿង​អ្វី​កើតឡើង​យើង​ធ្វើ​រឿង​ត្រឹមត្រូវ ថា​យើង​នឹង​ឈរ​ដើម្បី​បុព្វហេតុ​ត្រឹមត្រូវ ថា​យើង​នឹង​នៅពិត​ចំពោះ​ខ្លួន​យើង និង​អ្នកដទៃ ។

« បន្ទាប់មក​សម្ពាធ​បាន​ចាប់​ផ្ដើម​ផ្ដុំ​ឡើង ។ ពេល​ខ្លះ​ទាំង​នេះ ​គឺជា​សម្ពាធ​ខាង​សង្គម ។ ពេលខ្លះ​វា​ជា​ចំណង់​ផ្ទាល់ខ្លួន ។ ពេល​ខ្លះ​វាជា​មហិច្ឆិតា​ខុសឆ្គង ។ មាន​ឆន្ទៈ​ទន់ខ្សោយ ។ មាន​ការ​លត់ដំ​ទន់​ជ្រាយ ។ មាននូវការ​ចុះញ៉ម ។ បន្ទាប់មក​​យើងនឹង​មានការ​សោកស្ដាយ ការ​ចោទ​ប្រកាន់ខ្លួន​ឯង និង​ទឹកភ្នែក​ឈឺចាប់​នៃ​វិប្បដិសារី ។ …

« … ការ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ការ​ប្រែចិត្តពីភាព​ទន់ខ្សោយ [ពេត្រុស] ត្រឡប់ថយ​ក្រោយ ហើយក្លាយទៅជា​សំឡេង​ដ៏​ខ្លាំង​នៅក្នុង​ការ​ថ្លែង​ជា​សាក្សី​របស់ព្រះអម្ចាស់​ដែលមានព្រះជន្មរស់ ។ គាត់​គឺជាសាវក​ច្បង បាន​លះបង់​ជីវិត​ចុង​ក្រោយរបស់គាត់​ដើម្បីថ្លែងទីបន្ទាល់​អំពី​បេសកកម្ម ការ​សុគត និងការ​រស់ឡើង​វិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់​របស់ព្រះដែលនៅមានព្រះ​ជន្ម ។ …

« … កិច្ចការ​ដ៏​ធំ​ទាំងនេះ និង​ការណ៍ដែលពុំបាន​ថ្លែងជាច្រើនទៀត​ដែលត្រូវ​បាន​ធ្វើឡើង​ដោយពេត្រុស​ដែល​ធ្លាប់​បាន​បដិសេធ​ និងបាន​​សោក​ស្ដាយ​ បន្ទាប់មក​ងើប​ចេញពី​វិប្បដិសារី​​នោះ​ ដើម្បី​អនុវត្ត​កិច្ចការ​របស់ព្រះអង្គ​សង្គ្រោះ ។ ​ …

«​ ឥឡូវ បើ​មាននរណា​ម្នាក់… ដែល​បាន​បដិសេធ​ជំនឿ​ដោយពាក្យ​សម្ដី ឬ​ដោយ​ទង្វើ ខ្ញុំ​សូម​អធិស្ឋាន​សុំ​ឲ្យអ្នក​ទទួលបានការលួងលោមចិត្ត និង​ដំណោះ​ស្រាយ​មកពី​គំរូ​របស់ពេត្រុសដែល​​​ធ្លាប់​ដើរ​ប្រចាំ​ថ្ងៃ​ជាមួយព្រះយេស៊ូវ ក្នុង​វេលា​មួយ​បាន​បដិសេធ​ដល់​ព្រះអម្ចាស់ និង​ទីបន្ទាល់​ដែលគាត់​មាននៅក្នុងដួង​ចិត្ត​គាត់នោះ ។ ប៉ុន្តែ​គាត់បាន​ក្រោក​ចេញ​ពី​រឿង​នេះ ហើយបាន​ក្លាយទៅជា​អ្នកការ​ពារ​ដ៏​ខ្លាំង​ និង​អ្នកគាំទ្រ​ដ៏​មានអានុភាព​មួយ​រូប ។ ដូច្នេះ​មានផ្លូវ​សម្រាប់​អ្នក​ត្រឡប់​ថយ​ក្រោយ​ផងដែរ ហើយ​បន្ថែម​កម្លាំង និង​សេចក្ដីជំនឿរបស់​អ្នក​ទៅលើ​កម្លាំង និង​ជំនឿ​របស់អ្នកដទៃ ដើម្បី​ស្ថាបនា​នគរ​នៃ​ព្រះ » (« And Peter Went Out and Wept Bitterly » Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៦៥–៦៧ ) ។