បណ្ណាល័យ
មេរៀនទី ៥៨ ៖ លូកា ២៣


មេរៀនទី ៥៨

លូកា ២៣

សេចក្ដីផ្ដើម

ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កាត់ទោស​ពីមុខ​ប៉ុនទាស-ពីឡាត់ និងហេរ៉ូឌ អាន់ទីប៉ាស ។ មនុស្ស​ទាំងពីរ​នាក់នេះ ពុំ​រក​ឃើញ​កំហុស​របស់ព្រះអង្គ សង្គ្រោះ​អំពី​បទឧក្រិដ្ឋ​ដែល​ពួក​សាសន៍​​យូដា​បាន​ចោទប្រកាន់ទ្រង់​នោះទេ ប៉ុន្តែទោះជា​យ៉ាង​ណា​ក៏ដោយ​ ពីឡាត់ បាន​ប្រគល់​ទ្រង់​ឲ្យ​គេ​ឆ្កាង ។ ព្រះយេស៊ូវ​អភ័យទោស​ដល់​ពួក​ទ័ព​រ៉ូម ដែល​បាន​ឆ្កាង​ទ្រង់ ហើយ​បាន​មានបន្ទូល​ទៅចោរ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឆ្កាងនោះ​ផងដែរ​ ។ បន្ទាប់ពី​ព្រះយេស៊ូវ​សុគត យ៉ូសែបជា​អ្នក​ស្រុក​អើរីម៉ាថេ​ បាន​ដាក់​ព្រះសព​ទ្រង់​នៅ​ក្នុង​ផ្នូរ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២៣:១–២៥

ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​កាត់ទោស​នៅចំពោះ​មុខ ពីឡាត់ និង ហេរ៉ូឌ

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

តើ​នៅពេលណាដែល​​អ្នកបាន​មានអារម្មណ៍​ថាគេ​ប្រពឹត្ត​​មិន​ល្អ​ដាក់អ្នក ដោយសារ​តែ​ពាក្យសម្ដី ឬ​សកម្មភាព​របស់​មនុស្ស​ផ្សេង​នោះ ?​

តើ​អ្នក​ឆ្លើយ​តប​នឹង​ស្ថានភាព​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង គិត​ចំពោះសំណួរទាំងឡាយ​នៅលើ​ក្ដារខៀន ។

សូមអញ្ជើញសិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សាលូកា ២៣ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​របៀប​ដើម្បី​ឆ្លើយ​តប​នៅពេល​ពួកគេ​មានអារម្មណ៍​ថា​អ្នក​ដទៃ​ធ្វើ​មិន​ល្អ​ដាក់ខ្លួន ។

សូម​រំឭក​សិស្ស​ថា បន្ទាប់ពី​ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅ​ក្នុង​​សួន​គែតសេម៉ានី នោះ​មេសង្ឃ​បាន​ចាប់ព្រះកាយ​​ទ្រង់ ហើយ​ដាក់ទោស​ទ្រង់​រហូត​សុគត ។ ចូរ​ពន្យល់​ថា ចាប់តាំងពី​ពេល​នោះមករហូត​ដល់​ការ​សុគត​របស់ទ្រង់ ព្រះយេស៊ូវ បាន​ជួប​នឹង​មនុស្ស​ដូចខាង​ក្រោម ៖ ប៉ុនទាស-ពីឡាត់, ហេរ៉ូឌ អាន់ទីប៉ាស ក្រុម​ស្ត្រី​ស្មោះត្រង់​មួយក្រុម ​ពួក​ទាហាន​រ៉ូម និង​ចោរ​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ឆ្កាង​នៅសងខាង​ទ្រង់ ។ ប៉ុនទាស-ពីឡាត់ គឺជា​អ្នកគ្រប់គ្រង​ជនជាតិ​រ៉ូម​នៅក្នុង​ទឹកដី​ស្រុក​យូដា ដែល​រួម​មានទាំង​រដ្ឋធានី​ទីក្រុង​យេរូសាឡិម ​ហេរ៉ូឌ អាន់ទីប៉ាស( ដែល​បាន​សម្លាប់​យ៉ូហាន​បាទីស្ទ ) បាន​គ្រប់គ្រង​ដែនដី​នៃ​ស្រុក​កាលីឡេ និង ស្រុក​ពេរៀ ក្រោម​សិទ្ធិអំណាច​របស់​រ៉ូម ( សូមមើល លូកា ៣:១) ។

សូមបំបែក​សិស្ស​ជា​គូៗ ហើយអញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​អានលូកា ២៣:១-១១ជាមួយគ្នា ហើយរក​មើល​ភាព​ខុសគ្នា​រវាង​ការ​ឆ្លើយតប​របស់ព្រះ​អង្គសង្គ្រោះ​ចំពោះ ប៉ុនទាស-ពីឡាត់ និង ការឆ្លើយ​របស់​ទ្រង់ចំពោះ ហេរ៉ូឌ អាន់ទីប៉ាស ។ ដើម្បីជួយពួកគេ​យល់​អំពីការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះពីឡាត់ សូមពន្យល់ថា ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាកុស ១៥:២ អានថា « …ទ្រង់មានបន្ទូលឆ្លើយ​ថា ត្រូវដូចលោក​មាន​ប្រសាសន៍ហើយ »។ ​ ​) ។

សូម​អញ្ជើញសិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការ​ឆ្លើយតប​របស់ព្រះយេស៊ូវ​ចំពោះ​ពីឡាត់ ខុសគ្នា​ពី​ការ​ឆ្លើយ​តប​របស់ទ្រង់ចំពោះ​ហេរ៉ូឌ​យ៉ាងដូចម្ដេច ?

  • ហេតុអ្វីក៏ពីឡាត់​ភ្ញាក់ផ្អើល​ចំពោះ​ការ​ឆ្លើយតប​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​លោក ?

  • ហេតុអ្វី​ក៏ហេរ៉ូឌ​បាន​ខកព្រះទ័យនឹង​ការ​ស្ងាត់​ស្ងៀម​របស់ព្រះអង្គសង្គ្រោះ ?

សូមសង្ខេបលូកា ២៣:១២-២៥​ដោយពន្យល់​ថា ទាំង​ពីឡាត់ និង ហេរ៉ូឌ ពុំអាច​រកឃើញ​កំហុសរបស់​​ព្រះយេស៊ូវទេ ដូច្នេះ​ពីឡាត់​បាន​ប្រាប់​ទៅ​ហ្វូង​មនុស្ស​ថា លោក​នឹង​ដាក់ទណ្ឌកម្មព្រះយេស៊ូវ រួច​ហើយ​ដោះលែង​ទ្រង់ ។ មនុស្ស​បាន​ស្រែក​ទៅ​ពីឡាត់​ឲ្យ​ដោះលែង​បារ៉ាបាស​ជំនួស​វិញ ហើយ​បញ្ជាឲ្យគេ​ឆ្កាងព្រះយេស៊ូវ​វិញ ។ ពីឡាត់​បាន​ដោះលែង​បារ៉ាបាស ហើយ​បាន​ប្រគល់​ព្រះយេស៊ូវ​ឲ្យ​គេឆ្កាង ។ (កំណត់ចំណាំ ៖ ដំណើររឿង​របស់ព្រះយេស៊ូវនៅ​ចំពោះ​មុខ​របស់​ពីឡាត់ នឹង​ត្រូវ​បាន​បង្រៀន​កាន់តែ​លម្អិត​នៅក្នុងមេរៀន​សម្រាប់ យ៉ូហាន ១៨-១៩ ) ។

លូកា ២៣:២៦-៥៦

ព្រះយេស៊ូវ​ត្រូវ​បាន​ឆ្កាង​នៅ​ចន្លោះ​ពួក​ចោរ​ពីរនាក់

សូម​សង្ខេបលូកា ២៣:២៦-៣១​ដោយ​ពន្យល់​ថា ​ស្ត្រី​ស្មោះត្រង់​មួយក្រុម​ ដែល​បាន​នៅ​ជាមួយ​ទ្រង់ ចាប់តាំង​ពី​ការ​បម្រើ​របស់ទ្រង់​នៅ​ស្រុក​កាលីឡេ បានយំ ពេល​ពួកគេ​បាន​ដើរ​តាម​ព្រះយេស៊ូវ ខណៈ​ដែល​ទ្រង់​ត្រូវ​បាន​គេនាំ​ទៅ​កន្លែង​​នៃការ​ឆ្កាង​របស់ទ្រង់ ។ ព្រះយេស៊ូវ​បានប្រាប់ពួកគេ​ថា​កុំ​ទួញសោក​អំពី​ទ្រង់ឡើយ ប៉ុន្តែ​​ទួញ​យំ​ចំពោះ​ការបំផ្លិច​​បំផ្លាញ​ដ៏​ឆាប់​រហ័ស​ដែល នឹង​កើត​មានមក​លើ​ទីក្រុង​យេរូសាឡិម​វិញ ពីព្រោះ​ពួកយូដា​​បាន​បដិសេធ​ស្ដេច​របស់ពួកគេ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៣:៣២-៣៤ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ សម្រាប់​លូកា ២៣:៣៥ អានថា « គ្រានោះ ព្រះយេស៊ូវ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ឱ​ព្រះវរបិតា​អើយ សូមអត់ទោស​ដល់​ពួកគេ​ផង ដ្បិតពួក​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វីទេ ។ ( មាន​ន័យ​ដល់​ពួក​ទាហាន​ដែល​ឆ្កាងទ្រង់ ) ហើយ​ពួកគេ​បាន​ចែក​ព្រះពស្ត្រ​ទ្រង់ ហើយ​ចាប់​ឆ្នោត ។​) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ដើរ​តាម រក​មើល​នូវ​អ្វី​ដែលព្រះអង្គ​សង្គ្រោះ​បានធ្វើ នៅពេល​ទ្រង់​កំពុង​ត្រូវ​បាន​គេ​ដំដែក​គោល​ទៅនឹង​ឈើ​ឆ្កាង ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វីខ្លះ នៅពេល​ទ្រង់ត្រូវ​បាន​គេដំដែកគោល​ទៅនឹង​ឈើ​ឆ្កាង ? ( អ្នកគួរតែប្រាប់សិស្សឲ្យ​គូស​ចំណាំ​ព្រះ​បន្ទូលរបស់ព្រះអង្គសង្គ្រោះ ​ដែល​បាន​កត់ត្រា​​នៅក្នុង ខ ៣៤ ) ។

  • ហេតុអ្វី​ក៏​ការ​អធិស្ឋាន​របស់ព្រះអង្គសង្គ្រោះ​នៅគ្រា​នោះ​មានភាពអស្ចារ្យ​ម្ល៉េះ ?

  • តើ​គោលការណ៍អ្វីខ្លះ ដែល​យើងអាច​រៀន​មកពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ អំពី​របៀប​ដែល​យើងគប្បី​ធ្វើតប នៅ​ពេល​អ្នកដទៃ​ប្រព្រឹត្ត​មិនល្អ​នឹង​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​គួរ​ស្គាល់​គោលការណ៍​ដូចខាងក្រោម​នេះ ៖ យើង​អាចធ្វើតាមគំរូ​របស់ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការ​ជ្រើសរើស​អភ័យ​ទោស​ដល់​អ្នក​ទាំងឡាយ​ ដែល​ប្រព្រឹត្ត​មិនល្អ​នឹង​យើង )

  • តើ​ការការអភ័យ​ទោស​​មាន​អត្ថន័យ​យ៉ាងណា ?

អ្នក​គួរតែពន្យល់​ថា ការ​អភ័យ​ទោស​អ្នក​ដទៃ​ពុំ​មែន​មាន​ន័យ​ថា​អ្នកទាំងឡាយ​ដែល​ធ្វើបាប​ទាស់​នឹង​យើង ​មិន​គួរ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​នោះទេ ។ ទាំង​ពុំ​មានន័យ​ថា យើង​គប្បី​ដាក់ខ្លួន​យើង​ទៅក្នុង​ស្ថានភាព​ដែល​មនុស្សនោះអាចបន្ដ​ប្រព្រឹត្ត​ខុស​នឹង​យើង​ដែរ ។ តែ​ការអភ័យទោស​មានន័យថា ប្រព្រឹត្ត​នឹង​អ្នកទាំង​ឡាយ​​ដែល​ប្រព្រឹត្ត​មិនល្អ​នឹងយើង​​ដោយ​ក្ដី​ស្រឡាញ់ ហើយ​​ពុំឱបក្រសោបការ​តូចចិត្ត ឬ​កំហឹង​ចំពោះ​ពួកគេ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ « អភ័យទោស »scriptures.lds.org) ។

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងាត់​ស្ងៀម​ថា ​តើ​មាន​នរណា​ម្នាក់​ដែល​ពួកគេ​ចាំបាច់​ត្រូវ​អភ័យទោសឲ្យឬទេ ។ ដោយ​ទទួលស្គាល់ថា ជួនកាល​វា​មានការ​លំបាក​​ដើម្បី​អភ័យ​ទោស​ដល់នរណា​ម្នាក់ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វីដែល​ពួកគេ​អាច​ធ្វើ បើ​ពួកគេ​កំពុង​មានការ​លំបាក​ក្នុង​អភ័យ​ទោស​ដល់នរណា​ម្នាក់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ទូល​សុំ​កម្លាំង​មកពីព្រះអម្ចាស់​ដើម្បី​អភ័យទោស​ ។ … វាប្រហែជាពុំងាយ​ស្រួល​ទេ ហើយ​វា​អាច​នឹង​​ប្រហែលជាពុំកើត​មាន​យ៉ាង​ឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើ​អ្នក​នឹង​ស្វែងរក​វា​ដោយ​ចិត្ត​ស្មោះសរ ហើយ​បណ្ដុះ​​វាឡើង នោះ​វា​នឹង​កើត​មាន​ឡើង » (« Of You It Is Required to Forgive »​Ensignខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។

  • តើ​ប្រធាន ហ៊ិងគ្លី បាន​ប្រឹក្សា​ដល់យើងឲ្យ​ធ្វើ​អ្វីខ្លះ បើ​យើង​កំពុង​ពុះ​ពារ​ក្នុង​ការ​អភ័យ​ទោស​ដល់នរណា​ម្នាក់​នោះ ?

  • តើ​អ្នក​គិត​ថាការអធិស្ឋាន​សុំ​កម្លាំង​អាច​ជួយ​យើងឲ្យ​អភ័យទោស​បាន​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ នៅពេល​ពួកគេ​បាន​អភ័យទោស​ដល់​នរណាម្នាក់ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។ ( ចូរកុំ​សុំ​ពួកគេ​កុំឲ្យបញ្ចេញ​ឈ្មោះ​អ្នកទាំងនោះ​ជាមួយសិស្ស​ក្នុង​ថ្នាក់ឡើយ ហើយ​រំឭក​ពួកគេ​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ) ។

សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​ ហើយ​អភ័យទោស​ដល់អ្នក​ទាំងឡាយ​​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ពួកគេ ។ សូមអញ្ជើញពួកគេ​ឲ្យ​អធិស្ឋាន​សុំ​កម្លាំង និងសមត្ថភាព​ដើម្បីធ្វើ​ដូច្នោះ ។

សូមសង្ខេបលូកា ២៣:៣៥-៣៨​ដោយ​ពន្យល់​ថា ពួក​អ្នកគ្រប់គ្រង​យូដា និង​ពួកទាហាន​រ៉ូម បានចំអក​ដល់​ព្រះអង្គសង្គ្រោះ ពេល​ទ្រង់​ត្រូវ​ជាប់​ឈើឆ្កាង ។

រូបភាព
ការឆ្កាង

សូម​ដាក់​តាំងបង្ហាញ​រូបភាព​ការឆ្កាង​ (Gospel Art Book [ ឆ្នាំ ២០០៩ ]លេខ. ៥៧ សូមមើល​ផង​ដែរ​គេហទំព័រLDS.org ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២៣:៣៩-៤៣ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ចោរ​ពីរនាក់​ ដែល​បាន​ព្យួរ​នៅ​សងខាង​ព្រះអង្គសង្គ្រោះ​ប្រព្រឹត្ត​ចំពោះ​ទ្រង់ ។

  • តើ​ចោរ​​ទាំងពីរ​នាក់នោះ​ម្នាក់ៗបាន​ប្រព្រឹត្ត​នឹង​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​ចោរ​នោះ​ចង់មានន័យយ៉ាងណា ពេល​គាត់និយាយ​ថា « យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត » (ខទី ៤១) ?

  • តើ​ព្រះអង្គសង្គ្រោះ​ឆ្លើយតប​ចំពោះ​ចោរ​នេះ​យ៉ាងដូចម្ដេច នៅពេល​គាត់បាន​សូម​​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចងចាំ​គាត់នៅ​ក្នុង​នគរ​នៃ​ព្រះ ?

ដើម្បីជួយសិស្ស​ឲ្យ​យល់​កាន់តែ​ល្អ​ប្រសើរអំពី​អត្ថន័យ​របស់ព្រះអង្គសង្គ្រោះ ពេល​ទ្រង់​មាន​បន្ទូល​​ទៅ​ចោរ​នោះ ដើម្បី​គាត់​នឹង​បាន​នៅជាមួយទ្រង់​ក្នុង​ស្ថាន​បរមសុខ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ៖

« នៅក្នុង​ខគម្ពីរ ពាក្យស្ថានបរមសុខ​ត្រូវ​បាន​ប្រើ​នៅក្នុង​របៀប​ផ្សេងៗ ។ ទីមួយ វា​សម្គាល់​ថាជា​កន្លែង​នៃ​ភាព​សុខសាន្ដ និង​សុភមង្គល នៅក្នុង​ពិភពវិញ្ញាណ​បន្ទាប់ពីជីវិត​រមែង​ស្លាប់ ដែល​រក្សា​ទុក​សម្រាប់​អ្នកទាំងឡាយ​ដែល​បាន​ទទួលបុណ្យជ្រមុជឹក ហើយ​ដែលបាន​បន្ដ​នៅស្មោះត្រង់ ( សូមមើល​​អាលម៉ា ៤០:១២​,​មរ៉ូណៃ ១០:៣៤) ។ …

« ការ​ប្រើ​ទីពីរ​នៃ​ពាក្យស្ថានបរមសុខ​ត្រូវ​បាន​រក​ឃើញ​ នៅក្នុង​ដំណើរ​រឿង​របស់​លូកា អំពី​ការ​ឆ្កាង​របស់ព្រះអង្គសង្គ្រោះ ។ … ព្យាការី យ៉ូសែប ស្ម៊ីធ បានពន្យល់​ថា … ព្រះអម្ចាស់​បាន​មានបន្ទូល​ពិត​ថា ចោរ​នឹង​បាន​នៅជាមួយ​ទ្រង់ក្នុងពិភពនៃ​ពួកវិញ្ញាណ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ឆ្នាំ ២០០៤ ]​ ១១១; សូមមើល​ផងដែរ History of the Church, ៥:៤២៤–២៥ ) ។

  • យោង​តាម​ព្យាការី យ៉ូសែប ស៊្មីធ តើ​ចោរ​នឹង​ទៅ​កន្លែង​ណា​បន្ទាប់​ពីគាត់ស្លាប់ទៅ ? ( ពិភពវិញ្ញាណ [ សូមមើល អាលម៉ា ៤០:១១–១៤] ) ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើងអាច​រៀន​មកពី​សេចក្ដី​ថ្លែង​របស់ព្រះអង្គសង្គ្រោះ​ថា ចោរ​នឹង​នៅជាមួយ​ទ្រង់​ក្នុង​ស្ថានបរមសុខ (លូកា ២៣:៤៣) ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​​ស្គាល់សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ ​វិញ្ញាណ​នៃ​មនុស្សទាំងអស់​ចូល​ទៅក្នុងពិភពវិញ្ញាណ​នៅ​ពេល​ពួកគេ​ស្លាប់ ) ។

ចូរ​ពន្យល់​ថា បទគម្ពីរ​ផ្សេងទៀត​អាច​ជួយ​យើង​ឲ្យ​យល់​បាន​កាន់តែ​ល្អ​ប្រសើរ​អំពី​អ្វីដែល​កើតឡើង​ចំពោះ​ចោរ និងអ្នក​ផ្សេង​ទៀត​ដូចជា​គាត់​នៅក្នុង​ពិភព​នៃ​ពួកវិញ្ញាណ ។ អ្នកគួរតែប្រាប់ដល់សិស្ស​​ឲ្យ​សរសេរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៨-៣២, ៥៨-៥៩ជា​សេចក្តីយោង​បទគម្ពីរ​នៅក្នុង​រឹមទំព័រ​នៃ​បទគម្ពីរ​របស់ពួកគេ​ជិត​នឹងលូកា ២៣:៤៣

ចូរ​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨មាននូវ​វិវរណៈ​មួយ ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ដែល​ព្រះអង្គ​សង្គ្រោះ​​បាន​បើ​ក​សម្ដែង​សេចក្ដីពិត​អំពី​ពិភព​វិញ្ញាណ ។ សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​យើង​យល់​អំពី​អ្វី​ដែល​ព្រះ​អង្គសង្គ្រោះ ចង់ចង្អុលបង្ហាញពេល​ទ្រង់មាន​បន្ទូលថា « ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​​នឹង​ខ្ញុំ​ដែរ » (លូកា ២៣:៤៣) ។

សូម​ឲ្យ​សិស្ស​បួនប្រាំ​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១១, ១៦, ១៨, ២៨-៣២ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលអ្វី​ ដែល​​ព្រះអង្គ​សង្គ្រោះ​បានធ្វើ ពេល​ទ្រង់​យាង​ទៅ​ពិភពវិញ្ញាណ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ នៅពេល​ទ្រង់​យាង​ទៅ​ពិភពវិញ្ញាណ ?

  • យោងតាមខទី ២៩តើ​ព្រះអង្គ​សង្គ្រោះ​ពុំ​យាង​ទៅ​កន្លែង​ណា ពេល​ទ្រង់​នៅក្នុង​ពិភព​វិញ្ញាណ ?

  • តើព្រះអង្គសង្គ្រោះ​បាន​រៀបចំ​សារទូត​សុចរិត​របស់ទ្រង់​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមក​​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ នៅក្រោម​ការ​ដឹកនាំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សារទូត​សុចរិត​​ទាំងឡាយបង្រៀន​អំពី​ដំណឹងល្អ​ដល់អ្នកទាំងឡាយណា​​ដែល​នៅក្នុង​ស្ថានឃុំ​ព្រលឹង )

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អាឡេន អេ ភីសុន អតីត​សមាជិក​ក្រុម​ចិតសិប​នាក់ប្រចាំតំបន់ ៖ ចូរ​សុំឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកអ្វីជា​សារលិខិត​របស់ព្រះ​អង្គសង្គ្រោះ ចំពោះ​ជន​ឧក្រិដ្ឋ​នៅលើ​ឈើ​ឆ្កាង ។

រូបភាព
អាឡេន អេ ភីសុន

« ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​ប្រកប​ដោយព្រះគុណ ហើយ​បាន​ផ្ដល់​ក្ដីសង្ឃឹម​ដល់​គាត់ ។ ជន​ឧក្រិដ្ឋ​នេះ ទំនង​ជា​ពុំ​យល់​ថា​ដំណឹងល្អ​នឹង​ត្រូវ​បាន​ផ្សាយ​ទៅ​ដល់​គាត់​នៅក្នុង​ពិភព​វិញ្ញាណ​ ឬ​ថា​គាត់​នឹង​ទទួល​ឱកាស​មួយដើម្បី​រស់នៅ​ស្របតាម​ព្រះ​ ពេល​ជា​វិញ្ញាណ​នោះទេ ( សូមមើលពេត្រុសទី ១ ៤:៦,គ. និង ស. ១៣៨:១៨-៣៤) ។ ពិតណាស់ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យអាណិតដល់​ចោរ​ដែល​បាន​ព្យួរ​នៅ​សងខាងទ្រង់ ពិតណាស់​ថា​ទ្រង់​ខ្វល់ព្រះទ័យ​យ៉ាង​ខ្លាំង​ចំពោះ​អ្នកទាំងឡាយ​ដែល​ស្រឡាញ់ទ្រង់ ហើយ​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ! » ( « Words of Jesus: On the Cross» Ensign ខែ មិថុនា ឆ្នាំ ២០០៣ ទំព័រ ៣៤ ) ។

  • តើ​សេចក្ដីសង្ឃឹម​អ្វីខ្លះ​ដែលពាក្យ​សម្ដីនៅក្នុង​​គ. និង ស. ១៣៨:២៩-៣២​បាន​ផ្ដល់​ដល់​យើង ទាក់ទង​នឹង​អ្នកទាំងឡាយ​ដែលបាន​ស្លាប់ទៅ​ដោយ​គ្មានចំណេះ​ដឹង​អំពី​ដំណឹងល្អ​នោះ ?

ចូរ​ពន្យល់​ថា ទោះជា​ដំណឹងល្អ​នឹង​ត្រូវ​បាន​ផ្សាយ​ដល់​ចោរ​រូប​នេះ​ក្ដី ក៏​គាត់​ពុំ​អាច​ត្រូវបាន​សង្គ្រោះ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​នគរ​របស់ព្រះដែរ ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៨-៥៩ឲ្យឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ចោរនោះ និងអ្នកដទៃទៀត​នៅក្នុង​ស្ថាន​ឃុំព្រលឹង នឹង​ត្រូវ​ធ្វើ​ដើម្បី​ត្រូវ​បាន​ប្រោសលោះ ។

  • តើ​ចោរ ឬ​វិញ្ញាណ​ផ្សេងទៀត​នៅក្នុង​ស្ថានឃុំព្រលឹង​នឹង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រូវ​បាន​ប្រោសលោះ ?

  • តើ​អ្វី​ខ្លះនឹង​កើតមានឡើង​ដល់វិញ្ញាណ​ទាំងឡាយ​ដែល​ប្រែចិត្ត ហើយ​ទទួល​យក​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ដែលបាន​ធ្វើឡើងជំនួស​ឲ្យពួកគេ​នោះ ? ( ពួកវិញ្ញាណ « ដែលប្រែចិត្ត នោះ​នឹង​បាន​ប្រោសលោះ​តាមរយៈ​ការ​គោរព​តាម​ពិធី​ទាំងឡាយ​នៃ​ [ ព្រះវិហារ​បរិសុទ្ធ ] » ត្រូវ​បាន​សម្អាត​ឲ្យ​បាន​ស្អាត នោះ​នឹង​បាន​ទទួលរង្វាន់​ [ របស់​ពួកគេ ] » [ ​គ. និង​ ស. ១៣៨:៥៨-៥៩] ) ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បីជួយ​ដល់​វិញ្ញាណ​ទាំងនោះ​ដែលដូចជា​ចោរ​រូប​នោះ ដែល​ត្រូវ​ការ​ការ​ប្រោសលោះ​នោះ ? ( យើង​អាច​បញ្ចប់កិច្ចការ​ពង្សប្រវត្តិ ហើយ​ចូល​រួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​សម្រាប់​មរណជន ) ។

សូមសង្ខេបលូកា ២៣:៤៤-៥៦​ដោយ​ការ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ បាន​សុគត​នៅលើ​ឈើ​ឆ្កាង​បន្ទាប់ពី​ទ្រង់មានបន្ទូល​ថា « ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ » (ខទី ៤៦) ។ យ៉ូសែបជា​អ្នក​ស្រុក​អើរីម៉ាថេ​ បាន​រុំ​ព្រះសព​របស់ព្រះ​អង្គ​សង្គ្រោះ​នៅក្នុង​សំពត់​ទេសឯក ហើយ​​បាន​ដាក់​ទ្រង់​នៅក្នុង​ផ្នូរ ។

សូមបញ្ចប់​មេរៀន​ដោយ​ការ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ២២:៣៤។ « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង »

ប្រធាន ហិនរី ប៊ី អាវរីង នៃ​គណៈប្រធានទីមួយបាន​ថ្លែង​ពី​មូលហេតុ​មួយ​ថា ហេតុអ្វី​ក៏​យើង​គប្បី​ត្រូវ​អភ័យ​ទោស​ដល់អ្នក​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​យើង​អន់ចិត្ត​ផងដែរ​នោះ​ ៖

« យើង​ត្រូវ​តែ​អភ័យទោស ហើយ​ឈប់​មានចិត្តគំគួនចំពោះ​អ្នកទាំងឡាយ​ដែល​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើជា​គំរូ​មក​ពី​លើ​ឈើ​ឆ្កាង​ ៖ ‹ ឱ ព្រះវរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ត្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ › (លូកា ២៣:៣៤) ។ យើង​ពុំ​ដឹង​ពី​ដួងចិត្ត​នៃ​អ្នក ​ដែល​ធ្វើ​ឲ្យ​យើងអាក់អន់​ចិត្តទេ » (« That We May Be One »​Ensignខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៨ ) ។

ខណៈពេល​កំពុង​បម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួកចិត្ត​សិបនាក់ អែលឌើរ ដេវីឌ អ៊ី សូរិនសិន បាន​បង្រៀនថា នៅពេល​យើង​អភ័យទោស​ដល់អ្នកដទៃ នោះ​យើង​បំភ្លេច​អតីតកាល ហើយ​ឆ្ពោះទៅមុខ​ដោយ​សេចក្ដីជំនឿ និង​ក្ដីស្រឡាញ់​នៅក្នុង​អនាគតកាល ៖

« នៅពេល​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬធ្វើ​ឲ្យ​​អ្នកទាំងឡាយ​ដែល​យើងស្រឡាញ់ឈឺចាប់ នោះ​ការ​ឈឺចាប់​នោះ​អាច​នឹង​គ្រប​ដណ្ដប់​លើ​យើងយ៉ាងធ្ងន់ធ្ងរ ។ វា​អាច​មានអារម្មណ៍​ដូចជា ការ​ឈឺចាប់ ឬ​សេចក្តី​អយុត្តិធម៌​នោះ វា​សំខាន់​បំផុត​នៅក្នុងពិភពលោកនេះ ហើយ​ថា​យើង​គ្មាន​ជម្រើស​ ក្រៅពីការ​សង​សឹក ។ ប៉ុន្ដែ​ព្រះគ្រីស្ទ ដែលជា​ស្ដេច​នៃ​មេត្រីភាព បង្រៀន​យើង​នូវ​របៀប​មួយ​ដែល​ល្អ​ប្រសើរ​ជាង ។ វា​អាច​ជារឿងដ៏លំបាក​មួយ​ដើម្បី​អភ័យទោស​ដល់នរណា​ម្នាក់​ ចំពោះ​ការ​បំផ្លាញ​ដែល​ពួកគេ​បានធ្វើ​មកលើ​យើង ប៉ុន្តែ​នៅពេល​យើងអភ័យ​ទោស នោះយើង​ផ្តល់ឱកាស​ឲ្យខ្លួនយើង​ឈានទៅរក​អនាគតកាល​កាន់តែ​ល្អប្រសើរ​មួយ ។ ទង្វើ​នៃ​ការ​ធ្វើ​ខុសឆ្គង​របស់​អ្នកដទៃនោះ នឹង​ឈប់​មកគ្រប់គ្រង​លើ​ផ្លូវ​ជីវិត​យើងទៀតឡើយ ។ នៅពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ វា​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ ដើម្បី​ជ្រើសរើស​ថា​តើ​យើង​នឹង​រស់នៅ​ក្នុងជីវិត​របស់​យើង​តាម​របៀប​ណា ។ ការអភ័យទោស​មានន័យថា បញ្ហា​កាល​ពី​អតីតកាល ឈប់​សម្រេច​ជោគវាស​នា​របស់​យើង​ទៀត​ហើយ ហើយ​យើង​អាច​ផ្ដោត​ទៅលើ​អនាគត​កាល​ដោយ​ក្ដីស្រឡាញ់​របស់ព្រះ​នៅក្នុង​ដួងចិត្ត​របស់​យើង » (​« Forgiveness Will Change Bitterness to Love »EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

លូកា ២៣:៧–១២។ « ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ »

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានសរសេរ​អំពី​ទំនាក់ទំនងរវាង​ព្រះ​អង្គសង្គ្រោះ និង​ហេរ៉ូឌ ៖

« ហេរ៉ូឌ បានចាប់​ផ្ដើម​សួរ​ចម្លើយ​អ្នកទោស ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​នៅស្ងៀម ។ ពួកមេសង្ឃ និង​ពួកអាចារ្យ បាន​ស្រែកការ​ចោទ​ប្រកាន់របស់​ពួកគេ​​ដោយខ្លាំងៗ ប៉ុន្តែ​ព្រះអម្ចាស់​​ពុំ​បន្លឺ​បន្ទូល​មួយម៉ាត់​ឡើយ ។ … ដរាបណា​ដែល​យើងដឹង ហេរ៉ូឌ គឺជា … ​ស្តេចតែមួយអង្គដែលបាន​ឃើញ​ព្រះគ្រីស្ទ​ផ្ទាល់ភ្នែក ហើយ​បាន​ទូល​ទៅកាន់ទ្រង់ ប៉ុន្តែ​ពុំ​បាន​ឮ​សំឡេង​របស់ទ្រង់​បន្លឺ​ចេញមកឡើយ ។ … ពីព្រោះ​​ហេរ៉ូឌ​បានមាន​ល្បិចកល ទ្រង់​ពុំមានព្រះទ័យនៅស្ងាត់ស្ងៀម ក្នុងឋានៈជាស្តេចឡើយ ។ ហេរ៉ូឌ​បាន​បង្វែរ​ពី​សំណួរ​ប្រមាថ​ទៅជា​ទង្វើចំអក​ដ៏អាក្រក់ ដោយ​ការ​ក្រោធខឹង​ទាំងស្រុង​វិញ ។ ទ្រង់ និងពួក​ទាហានកាន់អាវុធ​របស់​ទ្រង់ បានលេងជា​ល្បែង​ដោយធ្វើ​ទណ្ឌកម្ម​ព្រះគ្រីស្ទ ‹ បាន​ចំអក​មើលងាយ​ទ្រង់ › បន្ទាប់​មក​ ‹ ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​​ទៅ​ឯ​លោក​ពីឡាត់​វិញ› [លូកា ២៣:១១] ។ ហេរ៉ូឌ​ពុំ​រក​ឃើញ​កំហុស​អ្វី​ដែល​ព្រះយេស៊ូវ​នឹង​ត្រូវ​ដាក់​ទោស​នោះទេ » (Jesus the Christ បានបោះពុម្ព​លើកទី ៣ [ឆ្នាំ ១៩១៦] ទំព័រ ៦៣៦ ) ។

លូកា ២៣:៧-៣៤។ ការ​ឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះចំពោះ​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​មិនល្អ​នឹង​ទ្រង់​

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​គំនិត​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​​ធ្វើ​តាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ពេល​អ្នកដទៃ​ទៀត​​រិះគន់ ឬ​បៀតបៀន​យើង ៖

« នៅពេល​យើង​ឆ្លើយតប​ចំពោះ​អ្នក​ចោទ​ប្រកាន់​យើង​ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នោះ​យើង​នឹង​មិនគ្រាន់តែ​ប្រែក្លាយកាន់តែ​ដូចជា​ព្រះគ្រីស្ទ​ប៉ុណ្ណោះទេ ប៉ុន្តែ​យើង​បាន​អញ្ជើញអ្នកដទៃ​ឲ្យ​ស្គាល់​ក្ដីស្រឡាញ់របស់ទ្រង់ ហើយ​ដើរ​តាម​ទ្រង់​ផងដែរ ។

« ដើម្បី​ឆ្លើយតប​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ គឺពុំអាច​សរសេរ​ទុកពីមុន ឬ​ផ្អែក​ទៅលើ​រូបមន្ដ​មួយនោះទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ផ្សេងៗគ្នា​នៅក្នុង​ស្ថានភាព​ទាំងអស់ ។ នៅពេលទ្រង់​ត្រូវ​ប្រឈម​នឹង​ស្ដេច​ហេរ៉ូឌ​ទុច្ចរិត នោះ​ទ្រង់​នៅស្ងៀម ។ នៅពេល​ទ្រង់​គង់នៅចំពោះ​ពីឡាត់ ទ្រង់​បានថ្លែង​ទី​បន្ទាល់​សាមញ្ញ និង​ប្រកប​ដោយ​អានុភាព​​អំពី​ទេវភាព និង​គោលបំណង​របស់ទ្រង់ ។ ពេល​ប្រឈម​មុខ​នឹង​អ្នក​ប្ដូរ​ប្រាក់ ដែល​បង្ខូច​ដល់ព្រះ​វិហារបរិសុទ្ធ នោះទ្រង់បាន​អនុវត្ត​ការ​ទទួលខុសត្រូវ​ដ៏​ទេវភាព​របស់ទ្រង់ ដើម្បីរក្សា និងការពារ​អ្វីដែល​ពិសិដ្ឋ ។ ពេល​ត្រូវបាន​លើក​ឡើង​នៅលើ​ឈើ​ឆ្កាង ទ្រង់​បាន​បន្លឺ​បន្ទូល​ឆ្លើយ​តបក្នុងនាមជា​គ្រីស្ទាន​​ដែលពុំ​អាច​ប្រៀប​ផ្ទឹម​បានថា ‹ ឱ ព្រះវរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ត្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ › (លូកា ២៣:៣៤) ។

« អ្នកខ្លះ​គិត​ខុស​ថា ដោយ​ឆ្លើយតប​ដូចជា ការស្ងៀមស្ងាត់ សុភាពស្លូតបូត ការអភ័យទោស និង​ការថ្លែងទីបន្ទាល់​ដ៏​រាបសា គឺជា​មិនសកម្ម ឬ​ទន់ខ្សោយ ។ ប៉ុន្ដែ​ ‹ ដើម្បី​ស្រឡាញ់​សត្រូវ [ របស់​យើង ] ​ប្រទានពរ​ដល់​ពួកគេ​​ដែល​បាន​ដាក់​បណ្ដាសា​ដល់ [ យើង ] ​ធ្វើ​ល្អ​ដាក់​ពួកគេ​ដែល​ស្អប់ [ យើង ] ហើយ​​អធិស្ឋាន​ឲ្យ​ពួកគេ​ដែល​ប្រើ​ [ យើង ] ដោយ​មាន​គំនុំ​ព្យាបាទ ហើយ​បៀតបៀន​ [ យើង ] › (ម៉ាថាយ ៥:៤៤) វា​ត្រូវការ​សេចក្ដីជំនឿ កម្លាំង និង​សំខាន់​បំផុត​នោះ វា​ត្រូវការ​សេចក្ដីក្លាហាន​ក្នុងនាម​ជា​ពួកគ្រីស្ទាន » (« Christian Courage: (The Price of Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ ) ។

លូកា ២៣:៣១។ ដើម​ឈើ​ខៀវ​ខ្ចី និង​​ដើម​ឈើ​សោះកក្រោះ

« ‹ ដើម​ឈើ​ខៀវ​ខ្ចី › បានពិពណ៌នា​នៅក្នុង ​លូកា ២៣:៣១​តំណាង​ឲ្យ​គ្រា​នៃ​ការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់របស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីថ្លែង​របស់ព្រះអង្គសង្គ្រោះបាន​រៀបរាប់​ថា ប្រសិន​​បើពួក​អ្នក​សង្កត់សង្កិននៃ​ប្រជាជន​​យូដា អាច​អនុវត្តនូវ​ទង្វើ​អាក្រក់​ដូច្នេះ ( សូមមើល​​លូកា ២៣:២៨-៣០) នៅគ្រា​មួយ​ដែល​ព្រះ​យេស៊ូវ​គង់នៅក្នុងចំណោម​ពួកគេ នោះពួកគេ​នឹងធ្វើ​រឿង​កាន់តែ​អាក្រក់​ចំពោះ​ប្រជាជន​យូដា បន្ទាប់ពី​ទ្រង់ចេញ​​ទៅបាត់—ជាគ្រា​មួយ​ដែល​តំណាង​ឲ្យ​ ‹​ ដើម​ឈើ​សោះកក្រោះ › ។ ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ បានបន្ថែម​ប្រយោគ​មួយ​ចំពោះ​ខគម្ពីរ​នេះ​ ដែល​ពិពណ៌នា​អំពី​ការ​បំផ្លិចបំផ្លាញ​ដែល​នឹង​កើតមាន​បន្ទាប់ពី​ការ​សុគត​របស់ព្រះអង្គសង្គ្រោះ » (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤] ទំព័រ ១៨៨)។

លូកា ២៣:៤៦។ « ឱព្រះវរបិតាអើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ដ​ទ្រង់​វិញ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពីសារៈសំខាន់​នៃបន្ទូលចុង​ក្រោយ​​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើ​ឆ្កាង​ ៖

« នៅពេល​ដែល​ថ្លៃ​ត្រូវ​បាន​បង់​ហើយ នៅពេល​ដែល​ការសម្រេចចិត្ត​របស់​ព្រះគ្រីស្ទ​ដើម្បី​នៅ​ស្មោះត្រង់​មាន​យ៉ាងជាក់ច្បាស់​ថា​នឹង​មិន​ដែល​ត្រូវ​បរាជ័យ នៅ​ទីបញ្ចប់ និង​ដោយ​សេចក្ដីមេត្តា នោះ​វា​ ‹ ស្រេច ›​ ហើយ [ សូម​មើលយ៉ូហាន ១៩:៣០ ] ។ ពុះពារជំទាស់​នឹងការរងទុក្ខគ្រប់យ៉ាងនិង​ដោយ​គ្មាន​នរណាម្នាក់​ជួយ ឬ គាំទ្រឡើង នោះ​ព្រះយស៊ូវ​នៃ​ណាសារ៉ែត ជាព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ បាន​ស្ដារ​ព្រះ​ជន្ម​ខាង​សាច់ឈាម​មក​វិញ ខណៈដែល​សេចក្ដីស្លាប់​បាន​មាន​ឥទ្ធិពល និង​បាន​នាំ​មក​នូវ​ការប្រោសលោះ​ដ៏​រីក​រាយខាង​វិញ្ញាណ​ចេញពី​អំពើបាប ភាពងងឹត​ដូច​នរក និង​ក្ដី​អស់​សង្ឃឹម ។ ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះ ដែល​ទ្រង់ ជ្រាបថា ព្រះ​គង់​នៅ​ជាមួយ ទ្រង់​អាច​មាន​បន្ទូល​ដោយ​ជោគជ័យ​ថា ‹ ឱ​ព្រះវរបិតា​អើយ ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ដ​ទ្រង់​វិញ › [ ​លូកា ២៣:៤៦ ] » (« None Were with Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ) ។