បណ្ណាល័យ
មេរៀនទី ៥៩ ៖ លូកា ២៤


មេរៀនទី ៥៩

លូកា ២៤

សេចក្ដីផ្ដើម

នៅ​ថ្ងៃទីបី​បន្ទាប់ពីការសុគត​របស់ព្រះយេស៊ូវ ពួកទេវតា​នៅ​ឯផ្នូរ​បានប្រកាស​អំពី​ការ​រស់​ឡើង​វិញ​របស់ទ្រង់​ដល់ស្ត្រី​មួយ​ក្រុម ។ ពេល​ស្ដាប់​ឮ​​ការរាយការណ៍​របស់​ស្ត្រី​នោះ ​ពួកសិស្ស​មួយ​ចំនួន​បាន​សង្ស័យ​អំពី​លទ្ធភាព​នៃ​ការ​រស់ឡើងវិញ​របស់ព្រះអង្គសង្គ្រោះ ។ ពួកសិស្ស​ពីរនាក់​បានធ្វើ​ដំណើរ​ទៅ​ក្រុង​អេម៉ោស ពួកគេ​បាន​និយាយ​ជាមួយ​ទ្រង់នៅ​តាម​ផ្លូវ​ ដោយ​ពុំ​បាន​ស្គាល់​ព្រះអម្ចាស់​ដែលបាន​រស់ឡើងវិញ​ឡើយ ។ ក្រោយ​មក​ព្រះយេស៊ូវ​បាន​លេច​មកឯ​ពួកសាវក​របស់ទ្រង់ និងអ្នកដទៃទៀត បានបង្ហាញ​រូបកាយ​ដែល​បានរស់ឡើងវិញ​របស់ទ្រង់​ដល់ពួកគេ ហើយ​បាន​បង្គាប់​ដល់​ពួកគេ​ឲ្យផ្សាយ​ការប្រែចិត្ត និង​ធ្វើជា​សាក្សី​ដល់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២៤:១-១២

ពួក​ទេវតា​ប្រកាស​ដល់​ក្រុមស្ត្រី​ថា ព្រះយេស៊ូវ​គ្រីស្ទបានរស់ឡើងវិញ

សូមបង្ហាញ​ផ្នែក​មួយ​នៃ​វីដេអូ« Jesus Is Laid in a Tomb »ចេញមកពីវីដេអូ​គម្ពីរ​ប៊ីប​អំពីជីវិត​របស់ព្រះយេស៊ូវ​គ្រីស្ទចុចផ្អាក​មុន​ពេល​ពួកទេវតា​​មាន​បន្ទូល​ទៅ​ពួក​ស្ត្រី ( លេខ​កូដ​ម៉ោង ០:០០–២:២៧ ) ។ វីដេអូ​នេះ​មាននៅក្នុងLDS.org

ប្រសិនបើ​អ្នកពុំ​អាច​បង្ហាញ​វីដេអូ សូមអញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​បាន​នៅឯ​ផ្នូរ ពេលព្រះយេស៊ូវ​ត្រូវ​បាន​គេ​ដាក់នៅទីនោះ ហើយ​បាន​មើល​ឃើញ​ថ្ម​រមៀល​ចេញ​ពី​ខាងមុខមាត់ទ្វារ ។ ចូរ​សុំ​ឲ្យពួកគេ​នឹក​ស្រមៃ​អំពី​គំនិត និងអារម្មណ៍​ដែល​ពួកគេ​អាច​មាន​នៅទីនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:១-៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​អ្វី​ដែល​ស្ត្រី​នោះ​បាន​រកឃើញ​ពេលពួកគេ​ត្រឡប់​ទៅ​ឯ​ផ្នូរ​ក្នុង​រយៈពេល​បីថ្ងៃ​ក្រោយមក ។

បន្ទាប់​ពីការ​បង្ហាញវីដេអូ ឬ​ការ​អានខទី ១-៤ចូរ​សួរ ៖

  • តើ​ស្ត្រី​នោះបាន​រក​ឃើញ​អ្វី​នៅ​ឯ​ផ្នូរ ?

  • តើ​អ្នក​ប្រហែលជាមានប្រតិកម្ម​យ៉ាង​ដូចម្ដេច ប្រសិន​បើ​អ្នក​បាន​ឃើញ​ពួកទេវតា​គង់​នៅ​ឯ​ផ្នូរដែលបើក​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:៥-៨ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​ដែល​ពួកទេវតា​បានប្រាប់​ដល់ស្ត្រី​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេបលូកា ២៤:៩-១០ដោយ​ពន្យល់​ថា ស្ត្រី​នោះបាន​ចាក​ចេញ​ពីផ្នូរ​ ហើយបាន​ប្រាប់​ដល់ពួក​សាវក​អំពីអ្វី​ដែលពួកគេ​បាន​ឃើញ និង​ស្ដាប់​ឮ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២៤:១១ឮៗ ហើយសុំ​ឲ្យសិស្ស​ក្នុងថ្នាក់​រក​មើលប្រតិកម្ម​របស់ ពួកសាវកចំពោះ​​ពាក្យ​សម្ដីរបស់​ស្ត្រី​ទាំងនោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ចូរ​ពន្យល់​ថា បន្ទាប់ពី​ស្ដាប់​ឮស្ត្រី​រាយការណ៍ហើយ នោះ​ពេត្រុស និង​យ៉ូហាន​បាន​រត់​ទៅ​ផ្នូរ ហើយ​បាន​ឃើញ​ថា ព្រះសព​របស់ព្រះយេស៊ូវ​បាន​បាត់ ( សូមមើល​លូកា ២៤:១២,​យ៉ូហាន ២០:១-៤) ។

លូកា ២៤:១៣-៣២

ព្រះអម្ចាស់​ដ៏​មានព្រះជន្ម​រស់​បាន​មានបន្ទូលទៅ​ពួក​សិស្ស​ពីរនាក់​នៅ​លើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស

ចូរ​សុំ​ឲ្យសិស្ស​ពិចារណា​អំពីគ្រា​មួយពេល​ដែ​ល​ពួកគេ​ ដូចជា​ពួក​សិស្ស​នៅក្នុង​ដំណើរ​រឿង​នេះ បានមាន​បញ្ហា​នឹង​ជឿ​ទៅលើ​គោលគំនិត​នៃដំណឹងល្អ​មួយ ។

សូមពន្យល់​ថានៅក្នុងលូកា ២៤:១៣​យើង​រៀន​ថា សិស្ស​ពីរ​នាក់បាន​ចាក​ចេញពីទីក្រុង​យេរូសាឡិម « នៅថ្ងៃ​​នោះ » ដោយកំពុងធ្វើដំណើរ​ប្រហែលជា ៦-៧.៥ ម៉ែល ( ១០-១២ គ.ម) « ភូមិ​អេម៉ោស » ។ ការសិក្សា​អំពី​បទពិសោធន៍​របស់ពួកគាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស អាច​ជួយ​យើង​ដឹង​អំពី​របៀប​ដើម្បី​ពង្រឹង​ទី​បន្ទាល់របស់​យើងទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២៤:១៤–១៧ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថានរណា​បាន​ចូលរួម​ដំណើរ​នឹង​ពួកសិស្ស​ទាំងពីរ​នាក់​នោះ ខណៈពេល​ពួកគាត់​កំពុង​ដើរ ។

  • តើ​នរណា​បាន​ចូលរួម​ដំណើរ​នឹង​ពួកសិស្ស​ពេលពួក​គាត់​ធ្វើដំណើរ​នោះ ?

  • ហេតុអ្វី​ក៏​ពួកសិស្ស​ពុំ​ស្គាល់ព្រះយេស៊ូវ ? ( ចូរ​ពន្យល់​ថា ពាក្យថ្ពឹន [ខទី ១៦] មានន័យ​ថា​រារាំង ឬ​បិទបាំង ) ។

សូមបង្ហាញ​វីដេអូ« Christ Appears on the Road to Emmaus »​( ៣:៣២ ) ចេញមកពី The Life of Jesus Christ Bible Videos ដែល​មាននៅLDS.org។ ចូរ​សុំ​ឲ្យសិស្ស​មើល​នូវអ្វី​ដែលពួកសិស្ស​បានរៀនមកពី​ព្រះយេស៊ូវ នៅពេលពួកគាត់​ដើរ​ជាមួយ​ទ្រង់​​ដោយពុំ​ស្គាល់​ថា​ទ្រង់ជានរណា​នោះ ។ មុនពេល​បង្ហាញវីដេអូ ចូរ​ពន្យល់​ថា ការសន្យា​នៅក្នុងវីដេអូគឺ​ដកស្រង់​ចេញ​មក​ពី​លូកា ២៤:១៧-៣៣ដើម្បីសិស្ស​អាច​ផ្ទៀងតាម​នៅក្នុងព្រះគម្ពីរ ​ប្រសិន​បើ​ពួកគេ​ចង់​ផ្ទៀងតាមនោះ ។ ( ប្រសិន​បើ​អ្នក​ពុំ​អាច​បង្ហាញ​វីដេអូ​បាន សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់វេណ​គ្នា​អាន​ឮៗ​ចេញមកពី​ខគម្ពីរ​ទាំងនេះ ) ។

សូមចង្អុល​បង្ហាញថា នៅក្នុង​វីដេអូ​នេះ យើង​ពុំ​ស្ដាប់​ឮ​អ្វី​ដែលព្រះយេស៊ូវ​បានបង្រៀន​ដល់​ពួក​សិស្ស ​នៅពេល​ពួកគាត់​ដើរ​នោះទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២៤:២៧ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើលថា តើព្រះយេស៊ូវ​បានបង្រៀនដល់​ពួកសិស្ស​អ្វីខ្លះ ។

  • តើព្រះយេស៊ូវ​បាន​សួរ​ដល់ពួកសិស្ស​អ្វីខ្លះ ? តើ​ទ្រង់បាន​ប្រើ​ឧបករណ៍អ្វី ​ដើម្បី​បង្រៀន​អំពី​ព្រះអង្គ​ទ្រង់នោះ ?

  • យោងតាមលូកា ២៤:៣២តើ​ការបង្រៀន​របស់ព្រះអង្គសង្គ្រោះ​ចេញមកពី​បទគម្ពីរ​នានាជះឥទ្ធិពល​ដល់ពួកសិស្ស​ពីរនាក់​នោះយ៉ាង​ដូចម្ដេច ?

  • តើ​វា​មានន័យ​យ៉ាង​ណា​ដែល​ពួកសិស្ស ‹ មានសេចក្ដីខ្មួល​ខ្មាញ់​នៅក្នុងចិត្ត › ពួកគេ​នោះ ? ( ព្រះវិញ្ញាណ​បរិសុទ្ធ​បានថ្លែង​ទីបន្ទាល់ថា ការ​បង្រៀន​អំពី​ព្រះយេស៊ូវ​នៅក្នុង​បទគម្ពីរ​គឺជាការពិត ) ។

សូមអញ្ជើញសិស្ស​ឲ្យពិចារណាអំពី​អ្វី​ដែលពួកសិស្ស​ប្រហែលជាបានរៀន​មកពី​ការប្រើ​បទគម្ពីរ​របស់ព្រះ​យេស៊ូវ​ដើម្បីបង្រៀន​ពួកគេ​ជាជាង​គ្រាន់តែការ​បង្ហាញ​នូវ អត្តសញ្ញាណ​របស់ព្រះអង្គ​ ។ អ្នក​អាច​នឹង​សុំឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ផ្នត់គំនិតរបស់​ពួកគេ ។

  • តើ​យើង​អាច​រៀន​អ្វី​បាន​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​ឥទ្ធិពល​នៃ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ សូមសរសេរគោលការណ៍ដូច​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ នៅពេល​យើង​សិក្សា​ខគម្ពីរ សូមយើង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ )​

  • ក្រៅពី​ការ​ខ្មួលខ្មាញ់​នៅក្នុងចិត្ត​របស់យើង តើ​អ្នក​អាច​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​អាច​នឹង​មានបទពិសោធន៍​ពេល​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទីបន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​សិស្ស​ឲ្យ​រកមើល​ខគម្ពីរមួយ​ដែល​បានជួយ​ពួកគេ​មាន​អារម្មណ៍ពី​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​ពួកគេ​អំពីព្រះ​យេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទគម្ពីររបស់ពួកគេ ហើយនិង​ឥទ្ធិពលអ្វី​ដែល​ពួកគេ​បាន​ទទួលអារម្មណ៍ ។ អ្នក​ក៏អាច​នឹង​ចង់​ចែកចាយ​ខគម្ពីរមួយ​ដែលបាន​ជួយអ្នក​ដោយផ្ទាល់​ផងដែរ ។

សូម​រំឭក​សិស្ស​ថា ទោះជា​វា​សំខាន់​ដើម្បី​អាន​គម្ពីរសញ្ញា​ថ្មី​សម្រាប់​ពិន្ទុ​រ​ថ្នាក់សិក្ខាសាលា​ក្ដី តែ​ក៏​វា​កាន់តែ​សំខាន់​ដើម្បីសិក្សា​គម្ពីរ​តាមរបៀប​មួយ​ដែលព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ពង្រឹង​ដល់​ទីបន្ទាល់​របស់ពួកគេ​អំពីព្រះអង្គ​សង្គ្រោះ ។

សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅដែលមាននូវ​សេចក្ដីថ្លែងការ​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( ឬ​អញ្ជើញសិស្ស​ឲ្យ​សរសេរ​សេចក្ដីថ្លែង​ការណ៍​នៅលើ​វត្ថុស៊កចំណាំ​​ក្នុង​សៀវភៅ​ដែលនៅទំនេរ ) ៖

រូបភាព
ឯកសារ​ចែកចាយ វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៥៩

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« គោលបំណង​ដ៏​ចម្បង​នៃ​ព្រះគម្ពីរ​ទាំងឡាយ គឺ​ដើម្បី​បំពេញ​ដល់​ព្រលឹង​យើង​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះ ជា​ព្រះវរបិតា និង​ទៅលើ​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ …

«… សេចក្តីជំនឿ កើតមាន​តាមរយៈ​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ មក​កាន់​ព្រលឹង​របស់​យើង ព្រះវិញ្ញាណមកកាន់​វិញ្ញាណ​របស់​យើង នៅពេល​យើង​ស្តាប់ ឬ អាន​ព្រះបន្ទូល​របស់​ព្រះ ។ ហើយ​សេចក្ដីជំនឿ​បាន​ចាស់ទុំ នៅពេល​យើង​បន្ដ​ទទួលទាន​ព្រះបន្ទូល ។ …

« … ចូរ​សិក្សា​ព្រះគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ដោយ​មាន​ចេតនា ។ សូម​ពិចារណា ព្រមទាំង​អធិស្ឋាន​អំពី​វា ។ ខគម្ពីរ​គឺជា​វិវរណៈ ហើយវា​នឹង​នាំ​មកនូវ​វិវរណៈបន្ថែម » ( ឌី ថត គ្រីស្តូហ្វឺសិន​«The Blessing of Scripture»Ensign​ឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤, ៣៥ ) ។

សូមប្រាប់ឲ្យ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន នោះ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យផ្ទៀងតាម រកមើល​នូវ​របៀប​ដែលពួកគេ​អាច​កែលម្អ​ការសិក្សា​គម្ពីរ​ផ្ទាល់ខ្លួន​របស់ពួកគេ ។

សូមអញ្ជើញសិស្ស​ឲ្យដាក់គោលដៅ​មួយ​ ដើម្បីសិក្សា​បទ​គម្ពីរ​របស់ពួកគេ​តាមរបៀប​ដែល​អញ្ជើញព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បីបង្កើន​ជំនឿ​ និង​ចំណេះដឹង​របស់ពួកគេទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នកអាច​នឹង​ផ្ដល់​យោបល់​ថា ពួកគេ​សរសេរ​គោលដៅ​នេះ​នៅលើ​ខ្នង​នៃ​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ ដើម្បី​ពួកគេ​អាច​ប្រើ​វា​ជា​ការ​រំឭក​មួយ អំឡុង​ការ​សិក្សា​បទ​គម្ពីរ​របស់ពួកគេ ។

លូកា ២៤:៣៣-៥៣

ព្រះយេស៊ូវបាន​លេច​មកឯ​ពួកសិស្ស​របស់ទ្រង់ ហើយ​បង្ហាញ​រូបកាយ​ដែលបាន​រស់ឡើងវិញ​របស់ទ្រង់​ដល់​ពួកគេ

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យយក​គម្ពីរ​របស់ពួកគេ​មក​ខាង​មុខ​ថ្នាក់ ដើម្បីជួយ​ដើរ​តួ​ធ្វើ​ជា​ទិដ្ឋភាព​មួយ ដែល​បង្ហាញ​ពី​អ្នកផ្សព្វផ្សាយសាសនា​ដើរ​ទៅ​មាត់ទ្វា​រផ្ទះ​របស់​មនុស្ស​ម្នាក់ ។ សូម​ប្រាប់ពួកគេ​ឲ្យគោះ​ទ្វារ ។ ធ្វើជា​បើក​ទ្វា​រ ហើយ​ស្វាគមន៍​ពួកគេ ។ សូមប្រាប់ពួកគេ​ឲ្យ​ណែនាំ​ខ្លួន ។ បន្ទាប់ពី​ពួកគេ​ណែនាំ​ខ្លួន​ហើយ ចូរ​និយាយ​អ្វីខ្លះ​ដូចខាង​ក្រោម ៖

« ខ្ញុំមានសំណួរ​មួយ ។ មនុស្ស​ជាច្រើន​ដែល​ពុំ​ជឿ​ទៅលើ​ជីវិត​បន្ទាប់​ពី​ការស្លាប់ ។ ពួកគេ​ខ្លះ​បាន​និយាយ​ថា ពួកគេ​ជឿ​ទៅលើ​ព្រះយេស៊ូវ ប៉ុន្តែ​ពុំ​ជឿ​ថា​ទ្រង់បាន​រស់ឡើងវិញ​ដោយ​មានរូបកាយ​​ទេ ។ ពួកគេ​និយាយ​ថា ទ្រង់​បន្ដ​រស់នៅ​តែជា​វិញ្ញាណ​ប៉ុណ្ណោះ ។ តើអ្នកជឿ​អំពី​ការ​រស់ឡើងវិញរបស់ព្រះយេស៊ូវ​គ្រីស្ទ​ឬទេ ?

សូម​ផ្ដល់​ពេល​ដល់សិស្ស​ទាំងពីរ​នាក់​ដើម្បី​ឆ្លើយ​សំណួរ ។

សូមចង្អុលបង្ហាញថាលូកា ២៤:៣៦-៣៩គឺជា​ចំណេះចំណាន​ខគម្ពីរមួយ ហើយអាច​ជួយ​បង្រៀនអំពី​ការ​រស់​ឡើងវិញ​ដោយពិតប្រាកដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ផ្ដល់​នូវ​បរិបទ​សម្រាប់​វគ្គ​គម្ពីរ​នេះ ដោយពន្យល់​ថា ពួកសិស្ស​ដែល​នៅជាមួយព្រះយេស៊ូវ​នៅតាមផ្លូវ​ទៅ​ភូមិ​អេម៉ោស រំពេច​នោះ​បានត្រឡប់ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​បាន​រៀបរាប់​ពី​បទពិសោធន៍​របស់ពួកគេ​ទៅ​ដល់​ពួក​សាវក និង​ពួកសិស្ស​ដទៃទៀត ( សូមមើល​លូកា ២៤:៣៣-៣៥) ។ ខណៈ​ដែល​ពួកគេ​កំពុង​ដើរ នោះព្រះអង្គសង្គ្រោះ​បានបង្ហាញ​ព្រះកាយ ( សូមមើល​ខ ៣៦) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ដែល​បានជួយដើរ​តួឲ្យ​អានលូកា ២៤:៣៦-៣៩​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​ភស្ដុតាង​ ដែល​ព្រះយេស៊ូវពិតជា​បាន​រស់ឡើងវិញ ហើយ​មាន​រូបកាយ​សាច់ និង​ឆ្អឹង ។

រូបភាព
ព្រះ​យេ​ស៊ូវ​​បង្ហាញ​ស្នាម​របួស​ទាំង​ឡាយ​របស់​ទ្រង់
  • តើ​ព្រះយេស៊ូវ​បានអញ្ជើញ​ពួកសិស្ស​របស់ទ្រង់​ឲ្យ​ធ្វើ​អ្វី ដើម្បីជួយពួកគេ​ឲ្យយល់​ថា ទ្រង់​គឺ​ពុំ​មែន​ជា​វិញ្ញាណ តែ​មានរូបកាយ​សាច់ឈាម​នោះ ? ( ចូរពិចារណា​ធ្វើការ​​ដាក់​បង្ហាញ​រូបភាពព្រះ​យេ​ស៊ូវ​បង្ហាញ​ស្នាម​របួស​ទាំង​ឡាយ​របស់​ទ្រង់​[Gospel Art Book[ ឆ្នាំ ២០០៩ ] ទំព័រ ៦០, សូមមើលផង​ដែរLDS.org] ) ។

  • តើអ្នកគិត​ថា​អ្នកនឹង​មានអារម្មណ៍​យ៉ាងណា ប្រសិន​បើ​អ្នក​មានវត្តមាន អំឡុង​ពេល​ដែល​ព្រះគ្រីស្ទ​បង្ហាញ​ព្រះអង្គ​ទ្រង់ដល់​ពួកសិស្ស​របស់ទ្រង់​នោះ ?

អរគុណ​ដល់សិស្ស​ដែល​បាន​ជួយ​ដើរ​តួ ហើយសុំ​ឲ្យពួកគេ​ទៅកាន់​កន្លែងអង្គុយ​វិញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:៤០-៤៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើល​នូវអ្វី​ផ្សេងទៀត​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ដើម្បីបង្ហាញ​ថា ទ្រង់​មាន​រូបកាយ​ដែលរស់ឡើងវិញ (ឬរាងកាយ) ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វី​ផ្សេងទៀត ដើម្បីបង្ហាញថា​ទ្រង់​មាន​រូបកាយ​រស់ឡើងវិញ​នោះ ?

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមក​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​ប្រាប់អំពីគោលលទ្ធិ​ផ្សេងមួយ ប៉ុន្តែ​ចូរ​ប្រាកដ​ថា​អ្នកគូសបញ្ជាក់​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មាន​រូបកាយ​សាច់ និង​ឆ្អឹង ដែល​បានរស់ឡើងវិញ ។ សូមសរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វីគោលលទ្ធិ​នេះ​សំខាន់​ដើម្បី​យល់ និងជឿ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ឮៗ ៖

« តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ—បាន​សង្គ្រោះ​ពី​ការ​ស្លាប់​ខាង​រូបកាយ ( សូមមើលកូរិនថូស​ទី១ ១៥:២២) ។ ការ​រស់ឡើងវិញ គឺជា​ការ​រួបរួម​ឡើងវិញនៃវិញ្ញាណ​នឹង​រូបកាយ​នៅក្នុង​ស្ថានភាព​អមតភាព​ ល្អ​ឥតខ្ចោះ​មួយ ឈប់​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ជំងឺ ឬ​សេចក្ដីស្លាប់​ទៀត​ឡើយ ( សូមមើល​អាលម៉ា ១១:៤២-៤៥) ។ …

« ការ​យល់​ដឹង និង​ទីបន្ទាល់អំពី​ការ​រស់ឡើងវិញ អាច​ផ្ដល់​ដល់អ្នក​នូវ​ក្ដីសង្ឃឹម​ និងទស្សនវិស័យ​ ពេល​អ្នកជួប​នឹង​ការ​លំបាក​ ការសាកល្បងនានា ហើយយក​ឈ្នះ​លើ​ជីវិត ។ អ្នកអាច​រកបាន​ភាព​លួងលោម​នៅក្នុង​ការ​អះអាង​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​តាមរយៈ​ដង្វាយធួនរបស់ទ្រង់ ‹ ទ្រង់​ផ្ដាច់​ចំណងទាំងឡាយ​នៃ​សេចក្ដីស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យជំនះ ហើយ​ដើម្បី​ឲ្យ​ទ្រនិច​នៃ​សេចក្ដីស្លាប់​ត្រូវ​បាន​លេប​ទៅក្នុង​សេចក្ដីសង្ឃឹម​នៃ​សិរីល្អ › (អាលម៉ា ២២:១៤) » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៣៩, ១៤០) ។

  • តើ​ឧទាហរណ៍​មួយចំនួននៃ​ការ​សាកល្បង​អ្វីខ្លះ ដែលសេចក្ដីសង្ឃឹម​នៃ​ការ​រស់ឡើង​វិញ​ផ្ទាល់ខ្លួន​​របស់​យើង អាចជួយ​យើង​ឲ្យ​ស៊ូទ្រាំ ?

ចូរ​សុំ​ឲ្យ​សិស្ស​ខ្លះ​ថ្លែងទីបន្ទាល់អំពី​ការ​រស់ឡើងវិញ​របស់ព្រះអង្គសង្គ្រោះ ហើយ​ពន្យល់​ពី​មូលហេតុ​​ដែល​គោលលទ្ធិ​នៃ​ការ​រស់ឡើងវិញ​សំខាន់ចំពោះ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:៤៤-៥៣ ឲ្យ​ឮៗ ។ ចូរ​សុំ​​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ព្រះបន្ទូលរបស់ព្រះអង្គ​សង្គ្រោះ ដូចជា​ពួកគេ​មានចំណែក​នៅក្នុង​ក្រុម​ពួក​សិស្ស​​ដែល​នៅជាមួយទ្រង់ ហើយពិចារណា​អំពី​ការបង្រៀន​​ណា​មួយ ដែលមាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​គំនិតរបស់​ពួកគេ​អំពី​ការបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

សូមបញ្ចប់​ដោយ​ការ​​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែល​អ្នកបាន​ពិភាក្សា​ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—លូកា ២៤:៣៦-៣៩

ដើម្បីជួយ​សិស្ស​ទន្ទេញចាំលូកា ២៤:៣៦-៣៩សូម​បំបែក​ថ្នាក់ជា​បួន​ក្រុម ។ សូមចាត់​ខផ្សេងមួយ​ចេញមកពី​វគ្គ​គម្ពីរ​នេះ​ដល់​ក្រុម​នីមួយៗ ហើយណែនាំ​សិស្ស​ក្នុងក្រុម​នីមួយៗ​​ធ្វើការ​រួមគ្នា​ដើម្បី​ទន្ទេញចាំ​ខគម្ពីរ​ដែលបាន​ចាត់​ឲ្យពួកគេ ។ បន្ទាប់ពី​ពីរបីនាទីមក ចូរ​សុំ​ឲ្យ​ក្រុមនីមួយៗ​សូត្រ​ខគម្ពីរ​ដែលចាត់​ឲ្យពួកគេ​នោះ តាម​លំដាប់​នៃ​ខ ។ អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យសូត្រ​ខគម្ពីរ​របស់ពួកគេ​ម្ដងទៀត​សម្រាប់​ថ្នាក់​ក្រោយៗ រហូត​​ដល់​វគ្គ​គម្ពីរ​ទាំងមូល​ត្រូវបានស្គាល់គ្រប់គ្នា​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ២៤:១១  ។ « ពួកគេ​មិនបានជឿទេ »

លូកា​បានចង្អុល​បង្ហាញថា វា​ពិបាក​យ៉ាងណា​សម្រាប់​សាវក​ដប់មួយនាក់​ជឿ​ស្ត្រី​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេ​ស៊ូវបាន​រស់ឡើងវិញ​ពី​ផ្នូរ​នោះណាស់ ។ ទោះជា​មាន​មនុស្ស​ផ្សេងៗ​បាន​រស់ពី​ស្លាប់​ជាបណ្ដោះ​អាសន្ន​ក្ដី ប៉ុន្តែ​នឹង​ត្រូវ​ស្លាប់​ម្ដងទៀត​ជាជីវិត​រមែង​ស្លាប់ជាមិន​ខាន ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​មនុស្ស​ដំបូង​ដែលបាន​រស់ឡើងវិញ ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ពន្យល់៖

« ពុំ​ដែល​មាន​រឿង​នេះ​កើតឡើងពីមុនមកទេ ។ វា​ធ្លាប់មាន​តែ​សេចក្ដីស្លាប់​ដោយ​គ្មានក្ដីសង្ឃឹម ។ ឥឡូវ​មានជីវិត​អស់កល្បជានិច្ច ។ មាន​តែ​ព្រះ​ទេ ទើប​អាច​ធ្វើ​ការណ៍​នេះ​បាន ។ ការរស់ឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រឹត្តការណ៍​ដ៏សំខាន់ណាស់​នៃ​ជីវិត និងបេសកកម្ម​របស់ទ្រង់ ។ វាគឺជា​ចំនុច​សំខាន់នៃ​ដង្វាយធួន ។ ពលិកម្មនៃជីវិត​របស់ទ្រង់​សម្រាប់មនុស្ស​គ្រប់គ្នា ពុំអាច​​បានបំពេញ​ដោយគ្មានការ​ក្រោក​ចេញពីផ្នូរ ដោយមាន​ការ​រស់ឡើងវិញ​ដោយពិតប្រាកដ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ដើរ​នៅ​លើ​​ផែនដី​នេះ​នោះទេ ។

« គ្រប់​ភាពជោគជ័យ​ទាំងអស់នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក គ្មានភាពជោគជ័យ​ណា​ដែល​អស្ចារ្យបំផុត ដែល​មានឥទ្ធិពលជា​សាកល ដែល​មានលទ្ធផល​ដ៏​យូរអង្វែង ដូចជា​ជោគជ័យ​នៃ​ព្រះអម្ចាស់​ដែល​បាន​ឆ្កាង ដែល​បាន​យាងចេញពីផ្នូរ​នៅ​ព្រឹក​ដំបូង​នៃ​បុណ្យ​អ៊ីស្ទើរ​នោះទេ ។

« អ្នកទាំងឡាយ​ដែល​ធ្វើជា​សាក្សី​នៃ​ព្រឹត្តការណ៍​នោះ អស់​អ្នកដែលបាន​មើល​ឃើញ និងស្ដាប់ឮ ហើយបាន​និយាយ​នឹង​ព្រះអម្ចាស់​ដែលបាន​រស់ឡើងវិញ បានថ្លែង​ទីបន្ទាល់​អំពី​ភាព​ពិត​នៃ​ការណ៍ដ៏​មហិមាបំផុត​នៃ​អស់ទាំងអព្ភូតហេតុ​នេះ ។ អ្នក​ដើរ​តាមទ្រង់​គ្រប់​សតវត្សរ៍​បានរស់នៅ និង​បាន​ស្លាប់ទៅ​ដោយ​ប្រកាស​អំពី​សេចក្ដីពិត​នៃ​សកម្មភាព​ដ៏​វិសេស​បំផុត​នេះ ។

« ចំពោះអ្វីៗទាំងអស់នេះ យើង​បន្ថែម​ទីបន្ទាល់របស់​យើងថា ទ្រង់​ដែលបាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី បានរស់ឡើងវិញ​នៅ​ក្នុង​ភាពរុងរឿង​​អស្ចារ្យ​ក្នុងនាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះជាម្ចាស់នៃជីវិត និង​សេចក្ដីស្លាប់ » («Special Witnesses of Christ» Ensign,ខែ មេសា ឆ្នាំ ២០០១ ទំព័រ ១៥Liahonaខែ មេសា ឆ្នាំ ២០០១ ទំព័រ ១៦-១៧ ) ។

លូកា ២៤:៣៦-៤៣។ « ខ្មោច​គ្មាន​សាច់ ឬ ឆ្អឹង​ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ »

អែលឌើរ ថាត អរ ខាលីស្ទើរ ដែល​បាន​បម្រើ​ជា​គណៈ​ប្រធាន​នៃ​ពួកចិតសិបនាក់ បាន​មាន​ប្រសាសន៍​ដូច​ខាង​ក្រោមអំពី​គំនិត​ខុសឆ្គង​​ដែល​ថា ការរស់ឡើងវិញ​របស់ព្រះអង្គ​សង្គ្រោះ​គឺជា​រឿង​បណ្ដោះ​អាសន្នប៉ុណ្ណោះ ៖

« បន្ទាប់ពីការ​រស់ឡើងវិញ​របស់ព្រះអង្គសង្គ្រោះ ទ្រង់​បានលេច​មក​ពួកសិស្ស​របស់ទ្រង់ ហើយ​បាន​មានបន្ទូល​ថា ‹ ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ › ( លូកា ២៤:៣៩ ) ។ អ្នកខ្លះ​បាន​ផ្ដល់​គំនិត​ថា នេះ​គឺជា​ការ​បង្ហាញ​រូបកាយ​ជាបណ្ដោះ​អាសន្ន​មួយ ហើយថា នៅពេលទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌វិញ នោះទ្រង់​បាន​ជម្រុះ​ចោលពី​រូប​កាយ​ទ្រង់ ហើយ​ត្រឡប់ទៅជា​រូបកាយវិញ្ញាណ​របស់ទ្រង់​វិញ ។ ប៉ុន្តែ​បទគម្ពីរ​ប្រាប់យើង​ថា​រឿង​នេះ​ពុំ​អាច​ទៅរួច​ទេ ។ ប៉ុល បាន​បង្រៀន​ថា ‹ ដោយ​​ដឹង​ថា​ដែល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត › (រ៉ូម ៦:៩)។ ជា​ពាក្យម្យ៉ាង​ទៀត នៅពេល​ព្រះគ្រីស្ទ​បាន​រស់ឡើងវិញ នោះ​រូបកាយ​របស់ទ្រង់​ពុំ​បែកចេញ​ពី​វិញ្ញាណ​របស់ទ្រង់​ទៀត​ឡើយ បើ​មិនដូច្នោះ​ទេ ទ្រង់​នឹង​រង​ទុក្ខ​សេចក្ដី​ស្លាប់ តែ​ជាលទ្ធផល​ប៉ុល​បាន​និយាយថា ការ​រងទុក្ខ​​ពុំ​មាន​តទៅទៀត​ឡើយ បន្ទាប់ពី​ទ្រង់​រស់ឡើងវិញ​នោះ » ( « Joseph Smith—Prophet of the Restoration »​EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥ ) ។