បណ្ណាល័យ
សេចក្ដីណែនាំ​ទៅកាន់​ដំណឹងល្អ​ស្រប​តាម​លូកា


សេចក្ដីណែនាំ​ទៅកាន់​ដំណឹងល្អ​ស្រប​តាម​លូកា

ហេតុអ្វី ត្រូវសិក្សាគម្ពីរនេះ ?

គម្ពីរ​លូកា ផ្ដល់​នូវ​សាក្សី​បន្ថែម​មួយ​អំពី​សេចក្ដីពិត​ជា​ច្រើន ដែល​បាន​កត់ត្រា​ដោយ ម៉ាថាយ និង ម៉ាកុស ហើយ​ក៏​មាន​នូវ​មាតិកា​ពិសេស​ផងដែរ ។ ដំណឹងល្អ​របស់​លូកា អាច​ជួយ​ឲ្យ​សិស្ស​យល់​ដឹង​ជ្រៅជ្រះ​អំពី​ការ​បង្រៀនទាំងឡាយ​របស់ព្រះយេស៊ូវគ្រីស្ទ ហើយជួយ​ពួកគេ​ឲ្យ​មានអំណរគុណកាន់តែ​ពេញលេញចំពោះ​សេចក្ដីស្រឡាញ់ និង​ ក្ដីមេត្តាករុណា​របស់​ទ្រង់​ចំពោះ​មនុស្ស​លោក​ទាំងអស់ ដូច​បាន​បើក​សម្ដែង​អំឡុង​ពេល​ការ​បម្រើ​​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ និង​តាម​រយៈ​ដង្វាយធួន​ដ៏​និរន្ដរ​របស់ទ្រង់ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

លូកា គឺ​ជា​អ្នកសរសេរដំណឹងល្អ​នេះ ។ លោក​គឺជា​គ្រូពេទ្យ​មួយរូប ( សូមមើលកូល៉ុស ៤:១៤) និង​ ជា​ « សារទូត​របស់ព្រះយេស៊ូវ​គ្រីស្ទ » ។ លូកា គឺជា « គូ​កន​ធ្វើការម្នាក់ » របស់​ប៉ុល (​ភីលេម៉ូន ១:២៤) និង​​ជា​ដៃគូ​ផ្សព្វផ្សាយសាសនា​របស់ ប៉ុល ( សូមមើលធីម៉ូថេទី ២ ៤:១១) ។ លូកា ក៏​ជា​អ្នកសរសេរគម្ពីរ​កិច្ចការ​ផងដែរ ( សូមមើល Bible Dictionary​​« Luke ») ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

ទោះបី​ជា​វា​ពុំ​ត្រូវ​បានគេដឹង​ច្បាស់លាស់​ថា ពេលណា​ដែល​លូកា​សរសេរ​ដំណឹងល្អ​របស់​លោក​ក្ដី ក៏​វា​ទំនង​ជា​ត្រូវ​បាន​សរសេរ​នៅ​ពាក់កណ្ដាលសតវត្សរ៍​ទីមួយ​នៃគ.ស. ។ ប្រភព​របស់​លូកា គឺ​ជា​ប្រជាជន​ដែល « បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក » (លូកា ១:២) អំពី​ការ​ងារ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ និង ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ។ យើង​ពុំ​ដឹងពី​ទីកន្លែង​ដែល​ដំណឹងល្អ​របស់​លូកា​ត្រូវ​បាន​សរសេរ​ឡើងឡើយ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

លូកា មានបំណង​ចង់ឲ្យ​ដំណឹងល្អ​របស់លោក​ត្រូវ​បាន​អាន​ជាចម្បង​ដោយ​អ្នក​ស្ដាប់​ជាសាសន៍ដទៃ ហើយ​លោក​បាន​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​ ទាំង​របស់​ពួក​សាសន៍​យូដា និង ពួក​​សាសន៍​ដទៃ ។ លូកា​បាន​ថ្លែង​ជាពិសេស​អំពី​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់ « លោក​ថេវភីល » (លូកា ១:៣) ដែល​ជាភាសាក្រិក​មានន័យថា « មិត្ត​របស់​ព្រះ » ឬ « មនុស្ស​ជាទីស្រឡាញ់​របស់ព្រះ »  ។ វា​បង្ហាញ​ថា ថេវភីល បាន​ទទួល​ការណែនាំ​ពីមុនមកទាក់​ទង​ទៅនឹង​ជីវិត និង ការ​បង្រៀន​របស់ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើលលូកា ១:៤) ។ លូកា បាន​សង្ឃឹម​ថា​នឹងផ្ដល់ការណែនាំ​បន្ថែម​ទៀត ដោយ​ការផ្ដល់​នូវ​ដំណើរ​រឿង​ត្រឹម​ត្រូវ​​អំពី​បេសកកម្ម និង ​ការ​បម្រើ​របស់ព្រះអង្គសង្គ្រោះ ។ លោក​ចង់​ឲ្យ​អ្នកទាំងឡាយ​ដែល​អាន​ទីបន្ទាល់របស់​លោក « ជ្រាបពី​សេចក្ដីពិត » (លូកា ១:៤) អំពី​ព្រះរាជបុត្រា​របស់ព្រះ—ក្ដីមេត្ដា​របស់ទ្រង់ ដង្វាយធួន​របស់ទ្រង់ និង​ការ​រស់​ឡើងវិញ​របស់ទ្រង់ ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

គម្ពីរ​លូកា គឺជា​ដំណឹងល្អ​​ដែលវែង​ជាងគេក្នុង​ចំណោម​ដំណឹងល្អ​ទាំងបួន ហើយជា​គម្ពីរ​​វែង​ជាងគេ​បំផុត​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ។ ដំណើរ​រឿង​ដ៏​ល្បី​បំផុត​មួយ​ចំនួន​អំពីគ្រីស្ទ​អាណាចក្រ គឺ​ពិសេស​ដាច់​ដោយឡែក​ចំពោះ​ដំណឹងល្អ​របស់​លូកា ៖ ជាស្ថានភាព​ទាំងឡាយ​អំពី​កំណើត​របស់ ​យ៉ូហាន បាទីស្ទ ( សូមមើល​លូកា ១:៥–២៥, ៥៧–៨០) និទានកថា​ទំនៀម​ទម្លាប់​បុណ្យគ្រីស្ទម៉ាស់ ( សូមមើល​លូកា ២:១-២០) ដំណើរ​រឿង​របស់ព្រះយេស៊ូវ​កាលជា​កុមារា​វ័យ ១២ ឆ្នាំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ( សូមមើលលូកា ២:៤១-៥២) ដំណើរ​រឿង​ប្រៀបធៀប​អំពី​សាសន៍​សាម៉ារីល្អ ( សូមមើលលូកា ១០:៣០-៣៧) កូនប្រុស​ខ្ជះខ្ជាយ ( សូមមើលលូកា ១៥:១១-៣២) និង​បុរស​អ្នកមាន និង​ឡាសារ ( សូមមើលលូកា ១៦:១៩-៣១) ដំណើរ​រឿង​អំពី​មនុស្ស​ឃ្លង់​ដប់នាក់ ( សូមមើលលូកា ១៧:១១-១៩) និង ដំណើរ​រឿង​នៃ​ព្រះអម្ចាស់​ដែល​រស់ឡើងវិញ​យាង​ទៅ​ជាមួយ​នឹង​ពួកសិស្ស​នៅ​តាមផ្លូវ​ទៅ​កាន់ទីក្រុង​អេម៉ោស ( សូមមើលលូកា ២៤:១៣-៣២​) ។

លក្ខណៈពិសេស​ផ្សេងៗ​ទៀត គឺ​ជា​ការដាក់​បញ្ចូល​របស់​លូកា​អំពី​ការ​បង្រៀន​របស់​ យ៉ូហាន​បាទីស្ទ ដែល​ពុំ​មាន​នៅ​ក្នុង​ដំណឹង​ល្អ​ផ្សេង​ទៀត​ឡើយ ( សូមមើល​លូកា ៣:១០-១៤) ការ​គូស​បញ្ជាក់របស់លោក​អំពី​ភាពពេញលេញ​នៃ​ការ​អធិស្ឋាន​របស់ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើលលូកា ៣:២១,៥:១៦,៩:១៨, ២៨-២៩,១១:១) និង​ការ​ដាក់បញ្ចូល​របស់​លោក​អំពី​ការ​ហៅ​បម្រើ ការ​បំពាក់បំប៉ន និង ​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​ពួកចិត​សិបនាក់ ( សូមមើលលូកា ១០:១-២២) ។ លើល​ពីនោះទៀត លូកា គឺជា​អ្នក​សរសេរ​ដំណឹងល្អ​តែ​ម្នាក់គត់ ដែល​បាន​កត់ត្រា​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្ហូរ​លោហិត​នៅក្នុង​សួនច្បារ​គេតសេម៉ានី ហើយ​ថា​មាន​ទេវតា​មួយ​អង្គ​បាន​មក​បម្រើ​ទ្រង់ ( សូមមើលលូកា ២២:៤៣–៤៤​) ។

ដោយ​សារ​តែ​ដំណឹងល្អ​របស់​លូកាចាប់ផ្ដើម និង​ បញ្ចប់​ទៅវិញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​វា​ក៏ជា​សញ្ញា​ផងដែរ​អំពី​សារៈសំខាន់​របស់ព្រះវិហារបរិសុទ្ធ​ថា ​ជា​កន្លែង​​សំខាន់​មួយ​នៃ​ការ​ទំនាក់ទំនង​របស់ព្រះជា​មួយ​មនុស្ស​លោក ( សូមមើលលូកា ១:៩,២៤:៥៣)​ ។

គម្រោង

លូកា ១-៣កំណើត និង​ បេសកកម្ម​របស់​យ៉ូហាន ​បាទីស្ទ និង​ ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​​ព្យាករ​ពីមុន​មក ។ សាក្សី​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​ថា ទារក​យេស៊ូវ​គឺ​ជា​ព្រះ​មែស៊ី ។ នៅ​ព្រះជន្មាយុ ១២ វស្សា ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​នៅ​ក្នុងព្រះវិហារបរិសុទ្ធ ។ យ៉ូហាន​ បាទីស្ទ​ ផ្សាយ​អំពីការ​ប្រែចិត្ត ហើយ​ធ្វើ​បុណ្យជ្រមុជទឹក​ដល់ព្រះយេស៊ូវ​គ្រីស្ទ ។ លូកា ​កត់ត្រា​អំពី​ពង្សាវតា​​របស់ព្រះយេស៊ូវ​គ្រីស្ទ ។

លូកា ៤-៨ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បានល្បួង​នៅ​ទី​រហោស្ថាន ។ នៅ​ណាសារ៉ែត ទ្រង់បាន​ប្រកាស​អំពី​ខ្លួនព្រះអង្គ​ថាជា​ព្រះមែស៊ី ហើយ​ត្រូវ​បាន​គេ​បដិសេធ ។ ព្រះយេស៊ូវ​គ្រីស្ទ ជ្រើសរើស​ពួកសាវកដប់ពីរ​នាក់ ហើយ​បង្រៀន​ដល់ពួកសិស្ស​របស់​ទ្រង់ ។ ទ្រង់អភ័យទោស​ដល់អំពើបាប ហើយ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។

លូកា ៩-១៤ពួកសាវក​ដប់ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅផ្សាយ​ និង​ព្យាបាល ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទានអាហារ​ដល់មនុស្ស​ប្រាំ​ពាន់​នាក់ ហើយ​បាន​ប្រែ​រូប​នៅលើ​ភ្នំ​មួយ ។ ទ្រង់ហៅ​ពួកចិតសិបនាក់ ហើយ​បញ្ជូនពួកគេ​ឲ្យ​ចេញ​ទៅបង្រៀន ។ ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​ភាពជាសិស្ស អំពើពុតត្បុត និង​ការ​ជំនុំជំរះ ។ ទ្រង់​រៀបរាប់​អំពី​រឿងប្រៀបធៀប​អំពី​សាសន៍​សាម៉ារីល្អ ។

លូកា ១៥-១៧ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រៀបធៀប ។ ទ្រង់បង្រៀនអំពី​ទង្វើបំពាន សេចក្ដីជំនឿ និង​ការអភ័យទោស ។ ទ្រង់​ព្យាបាល​ដល់មនុស្ស​ឃ្លង់​ដប់នាក់ ហើយ​បង្រៀន​អំពី​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ។

លូកា ១៨-២២ព្រះយេស៊ូវ​បន្ដ​បង្រៀន​​រឿង​ប្រៀបធៀប ។ ទ្រង់ព្យាបាល​បុរស​ខ្វាក់​ម្នាក់ ហើយ​បង្រៀន​ សាខេ ។ ទ្រង់​ជិះ​ចូល​ទៅ​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ទ្រង់​ព្រះកន្សែង​ចំពោះទីក្រុង ហើយសម្អាត​ព្រះវិហារបរិសុទ្ធ ។ ព្រះយេស៊ូវ​បាន​ព្យាករ​ជាមុន​អំពីការ​បំផ្លិចបំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម ហើយ​មានបន្ទូល​អំពី​ទីសម្គាល់​ដែលនឹ​ង​កើតមាន​មុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ ទ្រង់​តាំងពិធីសាក្រាម៉ង់​ឡើង បង្រៀន​ដល់ពួកសាវក​របស់ទ្រង់ ហើយ​រងទុក្ខ​នៅ​សួនច្បារ​គេតសេម៉ានី ។ ទ្រង់​ត្រូវ​បាន​គេ​ក្បត់ ចាប់​ចង ចំអក វាយដំ និង ​សួរ​ចម្លើយ ។

លូកា ២៣-២៤ព្រះយេស៊ូវ​ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ពីមុខលោក​ពីឡាត់ ហើយ​ស្ដេចហេរ៉ូឌ​ ទ្រង់ត្រូវបានគេ​ឆ្កាង និង​បញ្ចុះ​ព្រះសព​ទ្រង់ ។ ពួក​ទេវតា​នៅ​ឯទី​ផ្នូរ ហើយ​ពួក​សាវក​ពីរនាក់​ដើរ​នៅ​តាមផ្លូវ​ទៅកាន់​ទីក្រុង​អេម៉ោស ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​រស់ឡើងវិញ ។ ព្រះអង្គសង្គ្រោះ​បាន​លេចព្រះកាយរបស់ទ្រង់​មក​​ជួប​ពួក​សិស្សនៅ​ទីក្រុង​យេរូសាឡិម សន្យា​នឹង​ពួកសាវក​របស់ទ្រង់​ថា ពួកគេ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះចេស្ដា​មកពីព្រះ ហើយ​ទ្រង់​ក៏យាង​ត្រឡប់ទៅ​ស្ថានសួគ៌​វិញ ។