បណ្ណាល័យ
មេរៀនទី ៣៨ ៖ ម៉ាកុស ៧-៨


មេរៀនទី ៣៨

ម៉ាកុស ៧-៨

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​ស្ដីបន្ទោស​ដល់ពួក​ផារិស៊ី​ចំពោះ​ទំនៀមទម្លាប់​ខុស​ឆ្គង​របស់ពួកគេ ។ បន្ទាប់មក​ទ្រង់​បាន​ព្យាបាល​កុមារ​ម្នាក់​ដែល​មាន​អារក្ស​ចូល​ដោយ​ក្ដីមេត្តា​ករុណា ក៏​ដូចជា​បុរស​ម្នាក់​ដែល​ថ្លង់ ហើយ​ពុំ​អាច​និយាយ​បាន​ផងដែរ ។ ទ្រង់​បាន​ប្រទានចំណីអាហារ​ដល់​ប្រជាជនចំនួន​បួនពាន់​នៅ​ជិត​នឹង​សមុទ្រ​កាលីឡេ ហើយ​បានធ្វើ​ដំណើរ​ទៅ​ភូមិ​បេតសៃដា ជាកន្លែង​ដែល​ទ្រង់​បាន​ព្យាបាល​បុរស​ខ្វាក់​ជា​យូរ​មក​ហើយ​ម្នាក់​ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៧

ព្រះយេស៊ូវ​បាន​បន្ទោស​ដល់​ពួក​ផារិស៊ី ព្យាបាល​កុមារ​ដែល​មាន​អារក្សចូល ហើយ​ព្យាបាល​បុរស​ថ្លង់​ម្នាក់

មុនពេលចាប់ផ្តើម​ថ្នាក់ សូម​ឲ្យ​សេចក្ដីណែនាំ​ដូច​ខាង​ក្រោម​ទៅដល់​សិស្ស​បីនាក់ ។ សិស្ស​ទី ១ ៖ « នៅពេល​បាន​ណែនាំ​ឲ្យធ្វើ​ដូច្នោះ ចូរ​ដើរ​ជុំវិញ​ថ្នាក់រៀន​ដោយ​គ្មាន​អាវ​រងា ហើយ​ធ្វើ​ជា​រងាញ័រ​ញាក់ ។ សិស្ស​ទី ២ ៖ « នៅពេល​បានណែនាំ​ឲ្យធ្វើដូច្នោះ ចូរ​ដើរ​ទៅ​ជុំវិញ​បន្ទប់ ហើយ​សួរ​​នរណា​ម្នាក់​ ប្រសិន​បើ​បាន​ឃើញ​សត្វ​ចិញ្ចឹម​របស់​គ្រួសារ​អ្នក​ដែល​បានបាត់​ដែរ​ឬទេ » ។ សិស្ស​ទី ៣ ៖ « នៅពេល​បានណែនាំ​ឲ្យ​ធ្វើ​ដូច្នោះ ចូល​រូតបើក​កាបូប​ស្ពាយ​របស់អ្នក ដើម្បី​ឲ្យ​វត្ថុ​ដែល​ដាក់​ក្នុង​កាបូប​នោះជ្រុះ​ពេល​អ្នក​ដើរ » ។ ( អ្នកអាច​សម្រប​សម្រួល​សកម្ម​ភាព​នេះ​ដោយ​ប្រើ​ស្ថានភាព​ផ្សេងទៀត ​ដែល​បង្ហាញ​សិស្ស​ដែល​ខ្វះខាត ប៉ុន្តែ​សូម​ប្រយ័ត្ន​កុំ​ប្រើ​ពេល​ច្រើនពេក ) ។

នៅពេល​ថ្នាក់​រៀន​ចាប់​ផ្ដើម សូម​ណែនាំ​សិស្ស​ឲ្យ​បំពេញ​ការណែនាំ​ទាំង​នេះ​មួយ​ម្ដងៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​នូវ​អ្វី​ដែល​ស្ថានភាព​ទាំង​បីនេះ​មាន​ទូទៅ ។

  • តើ​ស្ថានភាព​ទាំង​​នេះ​មានជាទូទៅដូចគ្នារបៀប​ណា ? ( ស្ថានភាព​នីមួយៗ​ទាំងនេះ តំណាង​ឲ្យ​នរណា​ម្នាក់​ដែល​​មានតម្រូវការ ) ។

  • តើ​យើងមាន​ឱកាស​ដើម្បី​ជួយអ្នកដទៃ​ដែល​មាន​តម្រូវការ​ញឹកញាប់​ប៉ុណ្ណា ? តើមាន​ឱកាស​មួយចំនួនណាខ្លះ ​ដែល​អ្នក​បាន​ធ្លាប់​ឃើញ​ថ្មីៗ​នេះ​ ?

សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​នៅពេលពួកគេ​សិក្សាម៉ាកុស ៧-៨ដើម្បី​ស្វែងរក​មើល​អ្វី ​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ឲ្យធ្វើ នៅពេល​យើង​កត់សម្គាល់​ឃើញ​នរណា​ម្នាក់​មានតម្រូវការ ។

សូម​សង្ខេបម៉ាកុស ៧:១-៣០ដោយ​ការ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ដល់​ពួក​ផារិស៊ី​ ចំពោះ​ការធ្វើតាមទំនៀមទម្លាប់​មិនត្រឹមត្រូវ ។ ទ្រង់​ក៏បាន​ព្យាបាល​កូនស្រី​របស់​ស្ត្រី​ជនជាតិ​ក្រិក​ម្នាក់​ ដែល​មានអារក្ស​ចូលផងដែរ ។ សូម​រំឭក​សិស្ស​ថា​នៅគ្រា​នេះ បេសកកម្ម​របស់ព្រះអង្គសង្គ្រោះ​គឺ​ចំពោះ​កូនចៅ​អ៊ីស្រាអែល ពុំ​មែន​ពួក​សាសន៍​ដទៃទេ ប៉ុន្តែ​ទ្រង់​បានជួយ​ដល់​ស្ត្រី​សាសន៍​ដទៃនេះ​ដោយ​ក្ដីមេត្តាករុណា ព្រោះ​នាងបាន​ទូលសូមឲ្យ​ទ្រង់ជួយ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ស្រុក​ទីរ៉ុស និង ​ស៊ីដូន និង ​សមុទ្រ​កាលីឡេ​នៅ​ក្នុង​ផែនទី​ព្រះគម្ពីរ​ប៊ីប លេខ ១១​ « ទឹកដី​បរិសុទ្ធ​នៅក្នុង​ជំនាន់​ព្រះគម្ពីរសញ្ញា​ថ្មី » ។ សូម​ពន្យល់​ថា បន្ទាប់ពីព្រះអង្គសង្គ្រោះ​បាន​ចាកចេញ​ពី​ស្រុកទីរ៉ុស និង ​ស៊ីដូន នោះ​ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ែក​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ ទៅ​​តំបន់​ស្រុក​ដេកាប៉ូល ។

សូម​បំបែក​សិស្ស​ជាគូ ។ សូមអញ្ជើញពួកគេ​អានម៉ាកុស ៧:៣១-៣៧ឲ្យ​ឮៗ​ជាមួយគ្នា រក​មើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បានបង្ហាញ​ក្ដីមេត្តា​ករុណា​ដល់​បុរស​ម្នាក់​នៅក្នុង​ស្រុក​ដេកាប៉ូល ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​សុំ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ ៖

  • តើ​បុរស​​ដែលស្វែងរក​ការព្យាបាលនេះ​ស្ថិត​នៅក្នុងស្ថានភាព​ណា ?

  • តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វី​ខ្លះ ពីមុន​ទ្រង់​​ព្យាបាល​ដល់បុរស​នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់សកម្ម​ភាព​របស់​ព្រះអង្គសង្គ្រោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ព្រះអម្ចាស់​កំពុង​ទំនាក់ទំនង​នឹង​ព្រលឹង​ដែល​មានជំនឿ ដែលពុំអាច​ស្ដាប់ឮ​ព្រះ​បន្ទូលទ្រង់ ឬមានបន្ទូល​ឆ្លើយឆ្លងពួកគេ ។ ដូច្នេះ​តើ​មានអ្វី​ដែល​​សាមញ្ញ​ជាង​ ដើម្បី​ប្រើ​សញ្ញា​សម្គាល់ជាទូទៅ ដើម្បី​ឲ្យ​បុរស​ថ្លង់ ហើយ​ពុំអាច​និយាយនេះ​ស្គាល់ និង​យល់ ​នូវអ្វី​ដែល​លោក​ចៅហ្វាយ​អាចធ្វើ ហើយ​នឹង​ធ្វើ​នោះ… ? » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ឆ្នាំ ១៩៦៥--៧៣], ១:៣៧៣ ) ។

  • តើ​សកម្មភាព​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ស្ថានភាព​នេះ​បង្រៀន​យើង​អំពី​ចរិត​លក្ខណៈ​របស់ទ្រង់របៀបណា ?

ចូរ​ពន្យល់​ថាទោះជាព្រះអង្គសង្គ្រោះ​​ព្រមាន​ដល់​អ្នកទាំងឡាយ​ ដែល​ទ្រង់​បាន​ព្យាបាល​ឲ្យជា កុំ​ឲ្យ​ប្រាប់​ដល់​អ្នកដទៃ​អំពី​អព្ភូតហេតុ​របស់ទ្រង់​ក្ដី ក៏​ប្រជាជន​នៅ​ស្រុក​ដេកាប៉ូល នៅ​តែ​ស្ដាប់​ឮ​អំពី​រឿង​អស្ចារ្យៗ​ដែលព្រះអង្គសង្គ្រោះ​បានធ្វើ​ដែរ ហើយ​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ​មករក​ទ្រង់ ( សូមមើល​ ម៉ាកុស ៧:៣៦-៣៧) ។

ម៉ាកុស ៨:១-២១

ព្រះយេស៊ូវ​បាន​​ប្រទានចំណីអាហារ​ដល់​ប្រជាជន​បួន​ពាន់​នាក់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរដូច​ខាង​ក្រោម​​ ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើពេល​ណា​ ដែល​មានមនុស្ស​ម្នាក់សម្គាល់​ឃើញ​ថា​អ្នក​ត្រូវការ​ជំនួយ ហើយ​បាន​ធ្វើអ្វី​មួយ​ដើម្បីជួយដល់​អ្នក ?​

ចូរ​ពន្យល់​ថា​​ក្រោយមក​ក្នុង​មេរៀន​នេះ សិស្សដែល​ចង់​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​ នឹង​មាន​ឱកាស​ដើម្បី​ចែកចាយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៨:១-៣ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​​បញ្ហា​ដែលបាន​កើតឡើង ដោយ​សារតែ​ហ្វូង​មនុស្ស​ដែល​មក​តាម​ព្រះយេស៊ូវ ។

  • តើ​មានបញ្ហាអ្វី​​ដែលបាន​កើត​ឡើង​ចំពោះ​ហ្វូង​មនុស្ស​នោះ ? តើ​នរណា​ដែល​បានដឹង​អំពី​សេចក្ដីត្រូវការ​របស់​ហ្វូង​មនុស្ស ?

  • តើ​ព្រះអង្គសង្គ្រោះ​បារម្ភ​ថា​​មានអ្វីអាចនឹង​កើតឡើង បើ​មនុស្ស​ព្យាយាម​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​ដោយគ្មាន​ទទួលទាន​អ្វី​បន្ដិច​ជាមុន​សិន​នោះ ?

  • យោង​តាមខទី ២តើ​ព្រះអង្គសង្គ្រោះ​មានព្រះទ័យ​យ៉ាង​ណា​ចំពោះ​ហ្វូង​មនុស្ស ? ( អ្នកគួរតែផ្ដល់​យោបល់​ដល់សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា « ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ » ដែល​បង្ហាញ​ពី​អារម្មណ៍​អាណិតអាសូរ​ និង ​កង្វល់​ដែល​ព្រះអង្គសង្គ្រោះ​មានចំពោះ​ប្រជាជន ) ។

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗចេញ​ពី ម៉ាកុស ៨:៤-៩ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែល​ជា​លទ្ធផល​មកពី​ក្ដីមេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីខ្លះ​សម្រាប់ហ្វូង​មនុស្ស ?

  • តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់បានទទួលទាន​ចំណី​អាហារ​ ?

  • តើយើង​អាច​​រៀន​អ្វីខ្លះមកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ នៅក្នុង​ដំណើរ​រឿង​នេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ យើង​អាច​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​ ដោយ​ការ​មើល​ឃើញ​ពី​តម្រូវការ​របស់​អ្នកដទៃ រួច​ហើយ​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយសិស្ស​ឲ្យ​យល់​អំពីគោលការណ៍នេះ ចូរ​ពន្យល់​ថាបងស្រី ​លីនដា ខេ ប៊ើតុន ជាប្រធានសមាគម​សង្គ្រោះ​ទូទៅ បានបង្រៀនថា ដើម្បី​ដើរ​តាម​គំរូ​របស់ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការ​បម្រើ​ដល់​កូនចៅ​របស់ព្រះ នោះ​យើង​ចាំបាច់​ត្រូវ « ដំបូង​សង្កេត បន្ទាប់​មក​បម្រើ » (« First Observe, Then Serve »Ensign​ឬLiahonaខែ ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៨ ) ។ ចូរ​សរសេរឃ្លា​នេះ​នៅលើ​ក្ដារខៀន នៅខាង​ក្រោម​គោលការណ៍ ។

  • តើ​​យើងអាច​រៀន​កាន់តែ​ចេះ​យកចិត្តទុកដាក់ចំពោះតម្រូវការ​របស់អ្នក​ដទៃ​បាន​យ៉ាង​ដូចម្ដេច ? ( ចូរ​គិត​ពិចារណា​ធ្វើការ​ចង្អុល​បង្ហាញ​ថា មាន​តម្រូវការ​ខ្លះ​អាច​នឹង​ពុំ​ត្រូវ​បាន​មើល​ឃើញ​ភ្លាមៗ​នោះទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ យើងអាច​អធិស្ឋាន​ ហើយ​សុំ​ជំនួយ​ដើម្បី​កត់សម្គាល់ឃើញ​ពី​តម្រូវការ​របស់អ្នកដទៃ ហើយ​ផ្ដោ​ត​គំនិត​របស់​យើង​ទៅលើ​អ្នកដទៃ​ជាជាង​មក​លើ​ខ្លួន​យើង ) ។

  • តើ​មានអ្វីខ្លះអាច​នឹង​មក​រារាំង​ផ្លូវ​មិន​ឲ្យ​យើងអាច​សម្គាល់​ឃើញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយជួយបំពេញ​វា​នោះ ?

សូមអញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយបទពិសោធន៍​ទាំងឡាយ​ដែល​ពួកគេ​បានសរសេរ​អំពី​គ្រា​មួយ ដែល​មនុស្ស​ម្នាក់​បានសម្គាល់​ឃើញ​ពីតម្រូវការ​ដែល​ពួកគេត្រូវការ ហើយបាន​ផ្ដល់​ជំនួយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« តើ​បេះដូងរបស់​អ្នក​ត្រូវ​បាន​​ប៉ះប៉ុន្មានដង នៅពេល​អ្នកបាន​ធ្វើ​ជា​សាក្សី​ពី​តម្រូវការ​របស់អ្នកដទៃ ? តើ​អ្នក​ធ្លាប់​មានបំណងដើម្បីធ្វើជា​មនុស្ស​ឲ្យគេ​ជួយ​​ញឹកញាប់​ប៉ុណ្ណាដែរ ? ហើយ​ជីវភាព​ប្រចាំ​ថ្ងៃ​ត្រូវបាន​បង្អាក់​ញឹកញាប់ប៉ុណ្ណា រួច​ហើយ​អ្នកបាន​បន្សល់​វា​ទុក​ឲ្យ​អ្នក​ផ្សេង​ជួយ ដោយមានអារម្មណ៍ថា ‹ អូ៎ ប្រាកដ​ណាស់ នឹង​មាននរណា​ម្នាក់​ជួយ​មើល​ថែ​តម្រូវការ​នោះ​ហើយ › ។

« យើង​ត្រូវ​បាន​ជាប់ជំពាក់យ៉ាង​ខ្លាំង​នៅក្នុងភាព​រវល់​នៃ​ជីវិត​របស់​យើង ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ត្រូវ​បោះជំហានថយ​ក្រោយបន្តិច ហើយ​សម្លឹង​មើល​នូវអ្វី​ដែល​យើង​កំពុងធ្វើ នោះ​យើង​អាច​រក​ឃើញ​ថា យើង​បាន​ជ្រមុជ​ខ្លួន​យើង​នៅក្នុង ‹ រឿងរ៉ាវគ្រប់បែបយ៉ាង › ។ ឬ​ម្យ៉ាង​ទៀត ជាញឹកញាប់​យើង​បាន​ចំណាយពេល​ច្រើន​បំផុត​ ដោយយកចិត្តទុកដាក់​ទៅ​អ្វីដែល​ពុំសូវសំខាន់នៅគ្រប់រឿង​រ៉ាវគ្រប់បែបយ៉ាង ដោយមិន​យកចិត្តទុកដាក់ទៅលើបព្វហេតុដែលកាន់តែ​សំខាន់​​​ទៅវិញ » (​ « What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។

ចូរ​សុំ​ឲ្យសិស្ស​នឹក​ស្រមៃ​នៅក្នុង​គំនិត​របស់ពួកគេ ​អំពី​ព្រឹត្តការណ៍​ទាំងឡាយ​នៅក្នុង​ថ្ងៃណា​មួយ​សម្រាប់​ពួកគេ​ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យគិតអំពី​មនុស្ស​ដែល​ពួកគេ​បានជួយ ដែលអាច​នឹង​ត្រូវ​ការ​ជំនួយ​របស់ពួកគេ ដូចជា​ឪពុក​ម្ដាយ បងប្អូន និង មិត្តភក្ដិ ។ សូម​លើក​ទឹកចិត្តសិស្ស​ឲ្យ​តាំងចិត្ត​ដើម្បី​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ផ្ដល់​ជំនួយ នៅពេល​ពួកគេ​ឃើញ​នរណា​ម្នាក់​ត្រូវការ​ជំនួយ ។

សូម​សង្ខេបម៉ាកុស ៨:១០-២១ដោយ​ការ​ពន្យល់​ថា បន្ទាប់ពី​បាន​ប្រទាន​ចំណី​អាហារ​ដល់​មនុស្ស ៤០០០ នាក់​ប្រកប​ដោយអព្ភូតហេតុ​មក ព្រះ​យេស៊ូវ និង​ ពួកសិស្ស​របស់ទ្រង់ បាន​ជិះ​ទូក​ទៅកន្លែង​មួយ​ដែលហៅ​ថា ស្រុក​ដាលម៉ានូថា ។ នៅទីនោះ​ពួក​ផារិស៊ី​បាន​សុំ​ឲ្យ​ទ្រង់​បង្ហាញ​ទីសម្គាល់មួយ​ដល់ពួកគេ ។ ព្រះយេស៊ូវ​បាន​បដិសេធ​ ហើយបានបង្រៀន​ពួកសិស្ស​របស់ទ្រង់​ឲ្យ​ប្រយ័ត្ន​ នឹង​គោល​លទ្ធិ​​របស់ពួក​ផារិស៊ី ដែល​គោលលទ្ធិ​នោះ​ចេញ​មកពី​ភាព​ល្ងិត​ល្ងង់​ខាង​វិញ្ញាណ ។

ម៉ាកុស ៦:២២-២៦

ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​សន្សឹមៗ

ចូរ​ពន្យល់​ថា​ព្រះយេស៊ូវ និង​ ពួកសិស្ស​របស់ទ្រង់​បានចាក​ចេញ​ពី​តំបន់​ស្រុក​ដេកាប៉ូល ហើយ​បាន​មក​ដល់​កន្លែង​មួយ​ដែល​ហៅ​ថា ភូមិ​បេតសៃដា ។ នៅពេល​ពួក​លោក​បាន​មក​ដល់​ទីនោះ មានបុរស​ខ្វាក់​ម្នាក់​ត្រូវ​បាន​គេ​នាំ​ទៅកាន់ព្រះ​អង្គ​សង្គ្រោះ​ដើម្បី​ព្យាបាល ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ៨:២២-២៦ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលនូវ​របៀប​ដែល​​ព្រះអង្គ​សង្គ្រោះ​ព្យាបាល​ដល់​បុរសខ្វាក់ ។

  • តើមានអ្វីបាន​កើតឡើង បន្ទាប់ពី​គ្រា​ដំបូង​ដែលព្រះអង្គសង្គ្រោះ​បាន​ដាក់ព្រះហស្ត​របស់ទ្រង់​ទៅលើ​បុរស​ខ្វាក់ភ្នែក​នោះ ? ( អ្នកគួរតែត្រូវ​ពន្យល់​​ឃ្លា « ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ » [ខទី ២៤] ចង្អុល​បង្ហាញ​ថា បុរស​ខ្វាក់​អាច​មើល​ឃើញ ប៉ុន្តែ​ពុំ​ច្បាស់ ) ។

  • តើ​មានអ្វីខ្លះកើត​ឡើង ​បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ដាក់​ព្រះហស្ត​របស់ទ្រង់​ទៅលើ​បុរស​នោះជា​លើក​ទីពីរ ?

សូមចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ​ដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនគី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​រក​មើល​មូលហេតុ​នានា​ដែល​ព្រះយេស៊ូវ​ ប្រហែលជា​បាន​ព្យាបាល​បុរស​នោះ​បន្ដិច​ម្ដងៗ ឬ​នៅ​ក្នុងដំណាក់កាល​នានា។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« អព្ភូតហេតុ​នេះ​គឺ​ពិសេស វា​​ត្រូវ​បាន​កត់ត្រា​តែ​គ្រា​ដែល​ព្រះយេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​បន្ដិចម្ដងៗ ។ ប្រហែលជាព្រះអម្ចាស់​របស់​យើង​បាន​ធ្វើ​តាម​របៀប​នេះ ដើម្បី​ពង្រឹង​ដល់​ភាពទន់ខ្សោយ ប៉ុន្តែបណ្តុះសេចក្ដីជំនឿ​របស់បុរសខ្វាក់​វិញ​ ។ វា​ហាក់ដូចជាបង្ហាញ​ឲ្យឃើញ​ថា គំរូ​ជាលំដាប់លំដោយនៃ​ការប៉ះព្រះ​កាយ​ព្រះយេស៊ូវ​មានឥទ្ធិពល​​បន្ថែម​ជា​សេចក្ដីសង្ឃឹម ការ​អះអាង និង​សេចក្ដីជំនឿ​ទៅ​ដល់បុរស​ខ្វាក់ភ្នែក ។ ព្រះយេស៊ូវ​ផ្ទាល់ (១) បាន​ដឹកដៃ​របស់​បុរស​ខ្វាក់​ចេញ​ពី​ក្រុង (២) បាន​ដាក់​ទឹក​មាត់របស់ទ្រង់​ផ្ទាល់​ទៅលើ​ភ្នែក​​របស់​បុរស​ខ្វាក់​នោះ (៣) បាន​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការ​ដាក់ដៃ​លើ ហើយ (៤) បាន​ដាក់​ព្រះហស្ត​របស់ទ្រង់​ជាលើក​ទីពីរ​នៅលើ​ភ្នែក​របស់​បុរស​នោះ ។

« ប្រាកដ​ណាស់ របៀប​ដែល​ការ​ព្យាបាល​នេះ​ធ្វើឡើង បង្រៀន​ថា មនុស្ស​គប្បី​ស្វែងរក​ព្រះគុណ​ព្យាបាល​របស់ព្រះអម្ចាស់​ដោយ​អស់ពី​ពលំ និងអស់​​ពី​សេចក្ដីជំនឿ​របស់ ពួកគេ ដ្បិត​រឿង​ដូច្នេះ​គឺ​គ្រប់គ្រាន់​ល្មមសម្រាប់តែ​ការព្យាបាល​ខ្លះៗ​ប៉ុណ្ណោះ បន្ទាប់​ពី​ទទួល​បាន​ការណ៍ដូច្នោះហើយ ទោះជា​យ៉ាង​ណា​ក៏ដោយ ពួកគេ​អាច​នឹង​ទទួលបាន​នូវការ​ការបញ្ជាក់ និង​សេចក្ដីជំនឿ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យជា​សះស្បើយ និង​បាន​ល្អ​គ្រប់ផ្នែក ។ ជាញឹកញាប់​មនុស្ស​ក៏​ត្រូ​វ​បាន​ព្យាបាល​ពី​ជំងឺ​ខាង​វិញ្ញាណ​របស់ពួកគេ​តាម​កម្រិត​ មួយដំណាក់​កាល​ម្ដងៗផងដែរ នៅពេល​ពួកគេ​ដាក់ជីវិត​របស់ពួកគេ​ឲ្យ​ស្រប​ទៅ​តាម​ផែនការ និង​គោលបំណង​របស់ព្រះ » (​Doctrinal New Testament Commentary១:៣៧៩–៨០) ។

  • តើ​ការ​ត្រូវបាន​ព្យាបាល​បន្ដិច​ម្ដងៗ បង្កើន​សេចក្ដីជំនឿ​របស់​នរណា​ម្នាក់​ទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​យល់​ថា ពរជ័យ​មួយចំនួន​ ដូចជា​ការ​ទទួលបាន​ទីបន្ទាល់នៃ​ដំណឹងល្អ ឬ​ការ​ទទួលបាន​ការ​ព្យាបាល​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ជាញឹកញាប់​កើត​មាន​បន្ដិចម្ដងៗ​ ឬ​ក្នុងពេល​យូរ ជាជាង​ក្នុងពេល​ភ្លាមៗ ឬ​ទាំងស្រុងដូច្នេះ ?

ម៉ាកុស ៨:២៧-៣៨

ពេត្រុស​​ថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវ​ជាព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៨:២៨ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលសំណួរ​ដែល​ព្រះអង្គសង្គ្រោះ​សួរ​ដល់ពួក​សិស្ស​របស់ទ្រង់ ។ សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​នឹកគិត​ឡើងវិញ​អំពី​របៀប​ដែល​ពេត្រុស​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ ដូច​បានកត់ត្រា​នៅក្នុងម៉ាថាយ ១៦:១៦( ខគម្ពីរនេះ​គឺជា​ចំណែក​នៃ​ចំណេះចំណាន​ខគម្ពីរ ) ។ បើពួកគេ​ពុំ​ចាំ​ទេ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អានម៉ាកុស ៨:២៩​ឮ​ៗ ( ខគម្ពីរ​នេះ​មាន​នូវការ​ឆ្លើយតប​របស់ពេត្រុស ) ។

សូមសង្ខេបម៉ាកុស ៨:៣០-៣៨ដោយ​ការ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានមានបន្ទូល​ប្រាប់​ដល់ពួក​សិស្ស​របស់ទ្រង់ កុំ​ឲ្យប្រាប់​ពី​អត្តសញ្ញាណ​របស់​ទ្រង់ ថាជា​ព្រះគ្រីស្ទ ឬ​ជា​ព្រះមែស៊ី ទៅកាន់​សាធារណៈជន​ឡើយ ។ ទ្រង់​ក៏បាន​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​អំពី​ការរងទុក្ខ និងការ​សុគត​របស់ទ្រង់​​នា​ពេល​ខាង​មុខផងដែរ ។

សូមបញ្ចប់​មេរៀន​ដោយការ​អញ្ជើញសិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែលពួកគេ​បាន​រៀន​មកពីខគម្ពីរ ដែលពួកគេ​បាន​សិក្សា​ក្នុងអំឡុង​ពេល​រៀនមេរៀន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ៧:១១ ។ តើ « គ័របាន់ » គឺជាអ្វី ?

អែលឌើរ ប្រូស អ័រ ម៉ាក់ខនឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានពន្យល់អំពី​អត្ថន័យ​នៃ « គ័របាន់ » និង​មូលហេតុ​ដែលព្រះអង្គ​សង្គ្រោះ​បាន​​ដាក់ទោស​លើ​របៀប​ដែល​ពួកផារ៉ាស៊ី និង​ពួកអាចារ្យ​បានប្រើ​ការអនុវត្ត​នេះ ៖

« នេះ​គឺជា​រូបភាព​ព្រះយេស៊ូវ​កំពុង​ឈឺចាប់ ៖ ឪពុក​ម្ដាយ ប្រហែលជា​ចាស់ជរា និង​ទ្រុឌទ្រោម ស្រេក​ឃ្លាន អក្រាត ហើយគ្មានផ្ទះសម្បែង។ … ប៉ុន្តែ​ពួកគេ​មានកូនចៅ—ជា​កូនចៅ​ដែល​មានចម្រុងចម្រើន ហើយ​ជា​អ្នកមាន ។… ប្រាកដ​ណាស់​ថា មាន​អ្វីៗ​គ្រប់គ្រាន់ ហើយ​នៅសល់​ទៀតផង ។ ប៉ុន្តែ​កូនៗ​បាន​និយាយថា​ ទេ ៖ ‹ វា​គឺជា​គ័របាន់ › ។ នោះគឺថា ‹ យើង​បាន​ស្បថា​សម្រាប់​គោលបំណង​ពិសិដ្ឋ​ទាំងឡាយ ។ ឪពុក​ម្ដាយរបស់​យើង អាច​នឹង​ត្រូវ​រងាញាក់ ស្រេកឃ្លាន ហើយ​គ្មាន​ផ្ទះ​សម្បែង ឯ​ទ្រព្យ​របស់យើង​ពុំមាន​ដើម្បី​ជួយ​លោក​អ្នក​បានទេ ។ យើង​ស្រឡាញ់​ព្រះអម្ចាស់​យ៉ាង​ខ្លាំង ហើយ​ទ្រព្យ​របស់​យើ​ងគឺ​ស្បថ​ថ្វាយទ្រង់ ហើយ​យើង​ពុំ​អាច​ផ្តាច់សម្បថ​របស់​យើង​ឡើយ › ។

« ឬ ៖ ‹ វាគឺជា​គ័របាន់ ខ្ញុំ​បាន​ស្បថ​ថា ទ្រព្យ​របស់​ខ្ញុំ​ថាហាក់ដូចជា​ត្រូវបាន​ចាត់ទុក​ដូច​ជា​ឧទ្ទិស​ថ្វាយ​គោលបំណង​ពិសិដ្ឋ ហើយ​ដូច្នេះ ខ្ញុំ​អាច​បន្ដ​ប្រើ​វា​ពេញ​មួយជីវិត​របស់ខ្ញុំ ឯអ្ន​កនឹងគ្មាន​អ្វី​សោះទេ ពីព្រោះ​វា​ជា​សម្បថ​របស់ខ្ញុំ › ។

«‹… វា​សំខាន់ជាង​ដែល​ខ្ញុំ​ត្រូវ​រក្សា​សម្បថ​របស់ខ្ញុំ ជាជាង​ខ្ញុំ​បំពេញ​កាតព្វកិច្ចរបស់ខ្ញុំ​ដើម្បី​ផ្គត់ផ្គង់​ឪពុក​ម្ដាយរបស់ខ្ញុំ ។ ទំនៀមទម្លាប់​តាម​មាត់​របស់ពួក​អាចារ្យ បាន​​មានអាទិភាព​ខ្លាំង​ជាង​ច្បាប់​របស់ព្រះ​ដែល​បាន​សរសេរ​ដោយ​ម៉ូសេ › ។

« វា​ហាក់ដូចជា​ពិបាក​ជឿ​ថា សាសនា​អាច​ធ្លាក់ចុះ​ដល់ជម្រៅ​នេះ ហើយ​ថា​មនុស្ស​ម្នាក់​ដែល​ប្រកាស​ថា​បម្រើ​ព្រះយេហូវ៉ា​របស់​ជីដូនជីតា​ខ្លួន​ អាចគ្មាន​មនសិកា​រ​ដោយ​ងាយ ហើយ​ដោះ​ខ្លួន​ពីការ​រក្សា​ច្បាប់​របស់ទ្រង់​ទៅវិញដូច្នេះសោះ ។ ព្រះយេស៊ូវ​បាន​ហៅពួកគេ​ថា ពួក​លាក់​ពុត​រួចទៅហើយ ហើយ​បាន​មានបន្ទូល​ថា​ការ​ថ្វាយបង្គំ​របស់ពួកគេ​គឺ​ឥត​ប្រយោជន៍​ទេ » (The Mortal Messiahវ៉ុល ៤ [ ឆ្នាំ ១៩៧៩–៨១ ] ២:៤០៧–៨ ) ។

ម៉ាកុស ៨:១-៩។ « ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ »

ប្រធាន​ ថូម៉ាស អេស ម៉នសុន បាន​បង្រៀនអំពី​ទង្វើ​ជួយ​ដល់​អ្នកដទៃ ៖

« សេចក្តី​ត្រូវ​ការរបស់អ្នកដទៃតែងតែកើតមានជានិច្ច ហើយ​យើង​ម្នាក់ៗអាច​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ម្នាក់​បាន » ។ …

« បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ យើង​រស់​នៅជុំវិញ​មនុស្ស​ដែល​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ការលើក​ទឹកចិត្ត ការ​គាំទ្រ ការ​លួង​លោម និងសេចក្តី​សប្បុរស​ពី​យើង—ពួកគេ​អាច​ជា​សមាជិក​នៃគ្រួសារ មិត្តភក្តិ អ្នកស្គាល់មុខ ឬជន​ប្លែក​មុខ​ផ្សេងៗទៀត ។ យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ដោយ​បង្គាប់​ឲ្យ​បម្រើ និង ជួយ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ពឹងអាស្រ័យ​លើ​យើង​ម្នាក់ៗ » (« What Have I Done for Someone Today? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥, ៨៦ ។