បណ្ណាល័យ
មេរៀនទី ៣៩ ៖ ម៉ាកុស ៩:១-២៩


មេរៀនទី ៣៩

ម៉ាកុស ៩:១-២៩

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​ត្រូវ​បាន​​ប្រែរូបនៅក្នុងវត្តមាន​របស់ ​ពេត្រុស យ៉ាកុប និង​ យ៉ូហាន ។ បន្ទាប់មក​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​តួនាទី​របស់​ យ៉ូហាន​ បាទីស្ទ ជា​អេលីយ៉ា​មួយ​រូប ដែល​បាន​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ។ បន្ទាប់​ពីព្រះយេស៊ូវ​​ត្រឡប់​ទៅ​កាន់ពួកសិស្ស​ដទៃទៀត​វិញ មានបុរស​ម្នាក់​បាន​ទូល​អង្វរ​ទ្រង់​ឲ្យ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញពី​កូនប្រុស​របស់​គាត់ ។ ព្រះយេស៊ូវ​បាន​បណ្ដេញ​វិញ្ញាណ​អសោច​ ហើយបានបង្រៀន​ដល់ពួកសិស្ស​របស់ទ្រង់​អំពី​តម្រូវ​ការ​សម្រាប់ការ​អធិស្ឋាន និង​ ការ​តមអាហារ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៩:១-១៣

ព្រះយេស៊ូវត្រូវ​បាន​​ប្រែរូប​នៅក្នុងវត្តមាន​របស់​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​បង្រៀនអំពី​អេលីយ៉ា

សូមអញ្ជើញ​អ្នកស្ម័គ្រចិត្តច្រើនរូប​មក​ខាង​មុខ​ក្ដារខៀន ហើយ​សម្ដែង​សកម្មភាព​មួយ​ដោយសង្ខេប ដែល​វា​ជួយបង្កើន​កម្លាំង​ខាង​រាងកាយ ។

  • ហេតុអ្វី​ក៏​មនុស្ស​ម្នាក់ចង់ ឬ​ចាំបាច់​ត្រូវ​បង្កើន​កម្លាំង​ខាង​រូបកាយរបស់​គេ ?

  • តើ​កម្លាំង​ខាង​រូបកាយត្រូវបាន​ប្រៀបទៅនឹង​កម្លាំង​ខាងវិញ្ញាណ ឬ​សេចក្ដីជំនឿ​​ទៅលើព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ស្ថានភាព​មួយចំនួន​​ណា​ខ្លះ ដែល​សេចក្ដីជំនឿ​របស់យើងទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​សាកល្បង ហើយ​មានតម្រូវការ​​​ជា​ពិសេស​ដើម្បី​ត្រូវបាន​ពង្រឹងនោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​នៅពេល​ពួកគេ​សិក្សា​ម៉ាកុស ៩:១-២៩ឲ្យ​រក​មើល​សេចក្ដីពិត​​ទាំងឡាយ ​ដែល​អាច​ជួយ​ពួកគេពង្រឹង​សេចក្ដីជំនឿ​របស់ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមសង្ខេបម៉ាកុស ១:១-១៣ដោយការ​ពន្យល់​ថា វា​មាន​នូវ​ដំណើរ​រឿង​អំពី​ការ​ប្រែរូប​របស់ព្រះយេស៊ូវ​នៅក្នុង​វត្តមាន​របស់​ ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅលើ​ភ្នំប្រែរូប ។ វគ្គគម្ពីរ​នេះ ក៏​មាន​រៀបរាប់​ថា ព្រះយេស៊ូវ​បានបង្រៀន​ដល់ពួក​សាវក​ទាំងនេះ​ថា យ៉ូហាន​បាទីស្ទ បានបំពេញ​តាម​តួនាទី​ដែលបាន​ព្យាករ​អំពី​អេលីយ៉ា ឬ​មនុស្ស​ម្នាក់ដែល​មក​រៀបចំ​ផ្លូវ​ថ្វាយ​ការ​យាងមក​របស់ព្រះអង្គសង្គ្រោះ ( សូមមើល ការបក​ប្រែ​​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:១០  ) ។

ម៉ាកុស ៩:១៤-២៩

ព្រះយេស៊ូវ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពីកូនប្រុស​របស់បុរស​ម្នាក់

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:១៤-១៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រក​មើល​នូវស្ថានភាព​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួប នៅពេល​ទ្រង់​ត្រឡប់មកពី​ភ្នំ ទៅជួបនឹង​ពួកសិស្ស​ដទៃទៀត ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ ហើយ​ឲ្យសិស្ស​ម្នាក់ទៀត​អានពាក្យ​របស់ឪពុក​នៅក្នុង​ដំណើរ​រឿង​ដែល​មាននៅក្នុងម៉ាកុស ៩:១៦-២៤( អ្នកអាច​នឹង​ចាត់​ចែង​ផ្នែក​ទាំងនេះ​មុនពេល​ថ្នាក់រៀន ហើយ​អញ្ជើញ​ឲ្យសិស្ស​ទាំងនេះ​ស្គាល់​បន្ទាត់​របស់ពួកគេ ) ។ ចូរ​ពិចារណា​ធ្វើការ​សម្ដែង​តួ​របស់​អ្នកអត្ថាធិប្បាយ ឬ​អញ្ជើញ​សិស្ស​ទីបី​ឲ្យ​ធ្វើដូច្នោះ ។ ចូរ​សុំ​ឲ្យសិស្ស​ដែល​បាន​ចាត់​តាំងនោះ អាន​ផ្នែក​របស់ពួកគេ​នៅក្នុង​ម៉ាកុស ៩:១៦-១៨ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើលនូវ​អ្វី​ដែលឪពុក​បានស្វែងរក​ពី​ពួកសិស្ស​របស់ព្រះអង្គសង្គ្រោះ ។

  • តើ​ឪពុក​រូបនេះ​ស្វែងរក​អ្វី​សម្រាប់​កូនប្រុសរបស់គាត់ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា កូនប្រុស​នោះមាន​វិញ្ញាណ​អសោច ដែល​បណ្ដាល​ឲ្យ​គ ហើយថ្លង់ [ សូមមើលម៉ាកុស ៩:១៧, ២៥] និង​ជំងឺ​ផ្សេង​ទៀត ។ នៅពេល​ណា​វិញ្ញាណ​អសោចចូល​ក្នុង​កូនប្រុស​នោះ កូន​នោះ​នឹង​ប្រកាច់ បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយរឹងឆ្អឹង ) ។

ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា​ធ្វើ​ជា​ឪពុក​រូប​នេះ ហើយ​ពិចារណា​អំពី​របៀប​ ដែល​សេចក្ដី​ជំនឿ​​របស់ពួកគេ​ទៅលើ​ព្រះអង្គសង្គ្រោះ និង​ព្រះចេស្ដារ​បស់​ទ្រង់អាច​នឹង​ប៉ះទង្គិច នៅពេល​ពួកសិស្ស​ពុំ​អាច​ព្យាបាល​ដល់​កូន​ប្រុស​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ដែល​បាន​ចាត់​តាំងនោះឲ្យ​បន្ត​អាន​ផ្នែក​របស់ពួកគេ​នៅក្នុងម៉ាកុស ៩:១៩-២២ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​នឹក​ស្រមៃ​អំពី​របៀប​ដែល​ឪពុក​រូប​នេះ អាច​នឹង​មានអារម្មណ៍​បែបណា នៅពេល​គាត់​សន្ទនា​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ។

  • តើអ្នកគិត​ថាឪពុក​រូបនេះ​មានអារម្មណ៍​យ៉ាង​ណា នៅពេល​គាត់​សន្ទនា​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ ?

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍ ​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​នូវ​អ្វី​ដែលអែលឌើរ ហូឡិន បាន​បន្ថែម​ទៅលើ​ការ​យល់​​ដឹង​របស់​យើង​អំពី​អារម្មណ៍ និង ​ការ​អង្វរ​របស់​ឪពុក​រូប​នេះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ដោយ​គ្មាន​សល់​ក្ដី​សង្ឃឹម​អ្វី​សោះ ឪពុក​រូប​នេះ​បានដាក់​នូវ​សេចក្ដីជំនឿ​ទាំងអស់​ដែល​គាត់​មាន ហើយ​ទូល​អង្វរ​ដល់ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ‹ ​បើ​​លោក​​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង › [ម៉ាកុស ៩:២២​​បាន​បន្ថែម​អក្សរទ្រេត​ ]​ ។ ខ្ញុំពិបាក​​អានពាក្យ​ទាំងនោះ​ដោយ​មិន​យំ​ណាស់ ។ ពហុសព្វនាម​យើងខ្ញុំ គឺ​ត្រូវ​បាន​ប្រើ​ដោយ​ចេតនា​ពិត ។ បុរស​នេះ​កំពុង​និយាយ ‹ គ្រួសារ​យើង​ខ្ញុំ​ទាំងមូល​កំពុង​ទូលអង្វរ › ។ បញ្ហា​របស់​យើង​នឹង​ពុំ​ដែលឈប់​មានឡើយ ។ យើង​នឿយហត់ណាស់ ។ កូនប្រុស​របស់​យើង​បានធ្លាក់​ទៅក្នុង​ទឹក ។ គាត់​ធ្លាក់ចូលភ្លើង ។ គាត់​បន្ដ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ ហើយ​យើង​បន្ដ​ភ័យខ្លាច ។ យើង​ពុំ​ដឹង​ថា​ត្រូវ​ទៅរក​នរណា​ទៀត​ទេ ។ តើ​លោកអាច​ជួយ​យើង​ខ្ញុំ​បាន​ទេ ? យើង​នឹង​មាន​អំណរគុណ​ចំពោះអ្វីគ្រប់យ៉ាងជា​ពរជ័យ​មួយ​ផ្នែក ជា​ក្ដីសង្ឃឹមមួយភ្លែត ជា​ការ​លើក​បន្ទុក​តូចៗ​ខ្លះ​ចេញពី​អំរែក​របស់​ម្ដាយ​ក្មេង​ប្រុស​នេះ​ដែល​មានប្រចាំ​ថ្ងៃ​ក្នុងជីវិត​របស់​គាត់ ›» (« Lord, I Believe »​EnsignLiahonaខែ​ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣ ) ។

សូមអញ្ជើញ​សិស្ស​ដែលបាន​ចាត់​តាំងខាង​ផ្នែក​ព្រះអង្គសង្គ្រោះ​ឲ្យអានម៉ាកុស ៩:២៣ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​ដែល​​ព្រះអង្គសង្គ្រោះ​​បានបង្រៀន​ដល់​​ឪពុក​រូបនេះ ។

  • តើ​ឪពុក​រូប​នេះ​ចាំបាច់​ត្រូវ​ជឿ​ទៅលើ​នរណា ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​ដល់​ឪពុក​រូប​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់សេចក្ដីពិត​ដូចខាង​ក្រោម​​នេះ ៖ ប្រសិន​បើ​យើងជឿទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ រឿង​គ្រប់យ៉ាង​នឹង​អាច​ធ្វើ​ទៅបាន​សម្រាប់​យើង ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំពាក្យ​នៅក្នុង​ខទី ២៣ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

ចូរ​ចង្អុល​បង្ហាញ​ថា « រឿងគ្រប់យ៉ាង » ទាក់ទង​ទៅនឹង​ពរជ័យ​សុចរិត​ទាំងអស់ ដែល​ស្រប​ទៅនឹង​ព្រះឆន្ទៈ​ គោលបំណង និង​ ពេលវេលា​របស់ព្រះ ។

  • តើ​ការ​ជឿ​ទៅលើ​គោលការណ៍​នេះ​អាច​ជួយ​នរណា​ម្នាក់​ ដែល​ប្រឈម​មុខ​នឹង​ការ​លំបាក​ដែល​ហាក់ដូចជា​មិនអាច​យកឈ្នះ​ដោយរបៀប​ណា ?

សូមអញ្ជើញ​សិស្ស​ដែលបាន​ចាត់​ ឲ្យដើរតួផ្នែក​​ឪពុក​ឲ្យអាន​ម៉ាកុស ៩:២៤ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​ការ​ឆ្លើយ​តប​របស់​ឪពុក​ចំពោះគោលការណ៍​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន ។

  • តើ​អ្នក​នឹង​ពិពណ៌នាយ៉ាង​ដូចម្ដេច ​អំពី​សេចក្ដីជំនឿ​របស់​ឪពុក​រូប​នេះ​នៅក្នុង​គ្រា​នោះ​ ?

ចូរ​សុំ​ឲ្យ​សិស្ស​កត់ចំណាំ​ចម្លើយ​ពី​រផ្នែក​របស់​ឪពុក​រូប​នេះ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ស្ដាប់​មើល​នូវ​អ្វី​ដែល​ជាការ​ប្រកាស​របស់ឪពុក ដែលគូស​បង្ហាញ​អំពីអ្វី​ដែល​យើងអាច​ធ្វើ​នៅក្នុង​គ្រា​នៃ « ការ​មិនជឿ » ឬ​គ្រា​នៃ​ការសង្ស័យ ឬ​ភ័យ​ខ្លាច ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​សេចក្ដីជំនឿ ឪពុក​រូបនេះ​បាន​ដាក់​អស់នូវ​កម្លាំង​របស់គាត់​ទទួល​ស្គាល់​ពី​ ដែន​កំណត់​របស់គាត់​ដំបូង​គេ និង ​តែ​មួយគត់ ។ ការ​ប្រកាស​ដំបូង​បំផុត​របស់​គាត់ គឺ​វិជ្ជមាន ហើយ​ឥត​ស្ទាក់ស្ទើរថា ៖ « ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ » ។ ខ្ញុំ​ចង់និយាយ​ទៅ​បងប្អូន​ទាំងអស់គ្នា​ ដែល​ចង់​មានជំនឿ​ខ្លាំង​ឡើង ឲ្យ​ចងចាំ​បុរស​រូបនេះ ! ក្នុង​វេលា​នៃ​ការ​ភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ទៅនឹង​ទីតាំង​ដែល​អ្នក​បាន​ដណ្តើមយកមកវិញ បើទោះ​បី​ជា​ទីតាំង​នោះ​មាន​កំណត់​ក្ដី ។ ក្នុង​ការ​លូតលាស់​ដែល​យើង​ទាំង​អស់​គ្នា​មាន​បទពិសោធន៍ ​ក្នុង​ជីវិត​រមែង​ស្លាប់ ភាព​ស្មើគ្នា​ខាង​វិញ្ញាណទៅនឹង​ការ​វេទនា​របស់​ក្មេង​ប្រុស​នេះ ឬ​ការ​អស់​សង្ឃឹម​របស់​ឪពុកម្ដាយ គឺ​នឹង​មក​ដល់​យើង​ទាំង​អស់គ្នា ។ ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយបញ្ហា​ផុសចេញ​មក នោះ​ដំណោះ​ស្រាយ​មិន​កើត​ភ្លាម​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់» (« Lord, I Believe » ទំព័រ ៩៣–៩៤ ) ។

  • តើ​យើងអាច​រៀនអ្វី​ខ្លះមកពី​ឪពុក​រូប​នេះ​ អំពី​អ្វី​ដែល​យើងអាច​ធ្វើ​នៅ​ក្នុងគ្រា​នៃ​ការ​ឥត​ជំនឿ ? ( ក្រោយពី​សិស្ស​ឆ្លើយ​តប​ហើយ សូម​សរសេរឃ្លា​ដែល​មិន​ពេញលេញ​ខាង​ក្រោមនេះ​នៅ​លើ​ក្តារខៀន ៖ បើ​យើង​កាន់​ឲ្យជាប់នូវអ្វី​ដែល​យើងជឿ… )

  • តើ​យើងអាច​រៀនអ្វីខ្លះ​អំពី​ដំណោះ​ស្រាយ​ចំពោះ​ការ​មិនជឿ​ដែល​ចេញ​មកពី​សេចក្ដីថ្លែង​ការណ៍របស់​ឪពុក​រូបនេះ​ ​ត្រង់​ផ្នែក​ផ្សេងទៀត​​នៅក្នុងខ ២៤ ? ( ក្រោយពី​សិស្ស​ឆ្លើយតប​ហើយ សូម​បន្ថែម​ឃ្លា​ខាង​ក្រោម​ទៅ​នឹង​ឃ្លា​លើ​ក្ដារខៀន ៖ ហើយ​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់…)

ចូរ​សុំ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:២៥-២៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី ដែល​​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយតប​ចំពោះ​ការ​ទូល​អង្វរ​របស់​ឪពុក​រូបនេះ ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វីខ្លះ​ នៅក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​ទូល​អង្វរ​របស់ឪពុក​រូបនេះ ?

  • តើ​អ្នកនឹង​បំពេញ​សេចក្ដីថ្លែងការ​ណ៍​នៅលើ​ក្ដារខៀន ដោយ​ផ្អែក​ទៅលើ​អ្វី​ដែលអ្នក​បាន​រៀន​មកពី​ដំណើរ​រឿង​នេះ​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន​ដើម្បី​វា​នាំ​ទៅរក​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​កាន់​ជាប់​នូវ​អ្វី​ដែល​យើងជឿ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះ​អម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង )

សូម​យោង​ទៅលើ​ស្ថានភាព​ដែល​បាន​រៀបរាប់​នៅលើ​ក្ដារខៀន ដែលអ្នក​បានពិភាក្សា​នៅ​ដើម​មេរៀន ។​

  • តើ​គោលការណ៍​នេះ​អាច​ត្រូវ​បាន​ប្រើ​នៅក្នុង​ស្ថានភាព​ដូច្នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ បាន​ទទួល​ជំនួយ​របស់ព្រះ​អម្ចាស់​នៅក្នុង​ពេល​ឥត​ជំនឿ​ដោយ​សារ​តែ​ការ​ក្រសោប​សេចក្ដី​ជំនឿ ហើយ​ស្វែងរក​ជំនួយ​របស់ទ្រង់ ? ( អ្នក​គួរតែចែកចាយ​បទពិសោធន៍​មួយ​ផងដែរ ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ អំឡុង​ពេល​​ឥតជំនឿ ។

ចូរ​រំឭក​សិស្ស​ថា ឪពុក​រូបនេះ ដំបូង​ឡើយ បាន​នាំ​កូនប្រុស​របស់គាត់​ទៅ​ជួប​នឹង​ពួកសិស្ស​មួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ​ ដើម្បី​ត្រូវ​បានព្យាបាល ។ សូមអញ្ជើញ​សិស្ស​ឲ្យនឹកស្រមៃ​ថា ​ពួកគេ​គឺជា​ពួកសិស្ស​ទាំងនេះ​ ។

  • តើ​អ្នក​នឹង​គិត​ ឬ​មានអារម្មណ៍​យ៉ាង​ណា ពេល​អ្នកមិនអាច​បណ្ដេញ​វិញ្ញាណ​អសោច​ចេញពី​ក្មេង​ប្រុស​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានម៉ាកុស ៩:២៨ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវ​សំណួរ​ដែល​ពួកសិស្សសួរ​ទៅ​​ព្រះយេស៊ូវ ។

  • តើ​ពួកសិស្ស​បាន​សួរ​សំណួរ​ព្រះយេស៊ូវ​អ្វីខ្លះ ?

សូម​សុំ​ឲ្យ​សិស្ស​រំឭកម៉ាកុស ៩:១៩​ហើយរក​មើល​នូវ​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ពិពណ៌នា​អំពី​មនុស្ស រួម​ទាំង​ពួកសិស្ស​របស់ទ្រង់ ​ដែល​មានវត្តមាន​ទីនោះ ។ ( ពួកគេ « មិនជឿ » នោះ​ទេ ) ។ ចូរ​ពន្យល់​ថាការ​មិនជឿនៅ​ទីនេះ សំដៅ​ទៅលើ​ការ​ខ្វះ​សេចក្ដីជំនឿ​​ទៅលើព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ចាំបាច់ ដើម្បី​ឲ្យ​ការ​​ប្រសិទ្ធពរ​បព្វជិតភាព​មាន​ប្រសិទ្ធភាព ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:២៩ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​សំណួរ​របស់​ពួកសិស្ស ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អ្វី​ខ្លះ​ ដល់​ពួក​សិស្ស​របស់​ទ្រង់ ?

  • តើ​ការ​អធិស្ឋាន និង ​ការ​តមអាហារ អាច​មានឥទ្ធិពលទៅលើ​សេចក្ដីជំនឿរបស់មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?​ ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ជួយ​ពួកគេ​យល់​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​អាច​បង្កើន​សេចក្ដីជំនឿរបស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការ​អធិស្ឋាន និង ការ​តមអាហារ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​នេះ ដែល​ដកស្រង់ពី​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ស្ថានភាព​ខុស ៗគ្នា​ដែល​សេចក្ដីពិត​អាច​អនុវត្ត ៖

« ដំណើរ​រឿង​នេះ​ [ អំពី​ព្រះយេស៊ូវ​​បណ្ដេញ​វិញ្ញាណ​អសោចចេញ​ពីកូនប្រុស​របស់​បុរស​នោះ ] បង្រៀន​ថា ការ​អធិស្ឋាន និង​ការ​តមអាហារ​អាច​ផ្ដល់​នូវ​កម្លាំង​បន្ថែម​ដល់​អ្នកទាំងឡាយ​ដែល​នឹងផ្ដល់ និង​ ទទួលការ​ប្រសិទ្ធពរ​បព្វជិតភាព ។ ដំណើរ​រឿង​ក៏អាច​អនុវត្ត​ចំពោះ​ការខិតខំ​ផ្ទាល់ខ្លួន​ ដើម្បី​រស់នៅ​តាមដំណឹងល្អ​របស់​អ្នក​ផងដែរ ។ ប្រសិន​បើ​អ្នក​មាន​ភាព​ទន់ខ្សោយ ឬ​អំពើបាប​មួយ ដែល​អ្នក​បាន​ពុះពារ​ដើម្បី​យក​ឈ្នះ នោះអ្នកគួរតែចាំបាច់​ត្រូវ​តមអាហារ ហើយអធិស្ឋាន​ដើម្បីទទួលបាន​ជំនួយ ឬការ​អភ័យទោស​ដែលអ្នកប៉ងប្រាថ្នា ។ ដូចជា​អារក្ស​អសោច​ដែលព្រះគ្រីស្ទ​បាន​បណ្ដេញ​ចេញ នោះការ​លំបាក​របស់អ្នក​អាច​នឹង​ជាប្រភេទ​ការលំបាក​ដែល​នឹង​បណ្ដេញ​ចេញ​តែ​តាមរយៈ​ការ​អធិស្ឋាន និង ការ​តម​អាហារ » (ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៦៧ ] ) ។

  • យោង​តាម​សេចក្ដី​ថ្លែង​ការណ៍នេះ តើ​ស្ថានភាព​មួយចំនួន​ដែលសេចក្ដីពិត​នេះ​អាចអនុវត្ត​មានអ្វីខ្លះ ?

  • តើ​ពេលណា​ដែល​ការ​អធិស្ឋាន និង ការ​តមអាហារ​បានជួយ​បង្កើន​សេចក្ដីជំនឿរបស់​អ្នក​ទៅលើ​ព្រះគ្រីស្ទ ហើយអនុញ្ញាត​ឲ្យអ្នក​ទទួលបាន​ពរជ័យ​សុចរិត​ដែល​អ្នកស្វែង​រក​នោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​នឹកគិត​អំពីពរជ័យទាំងឡាយ​ ដែល​ពួកគេ​ស្វែងរក​សម្រាប់ខ្លួន​គេ ឬ​អ្នក​ដទៃ ដែលអាច​នឹង​ត្រូវ​បាន​ទទួល​តាមរយៈ​ការ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការ​អធិស្ឋាន និង ការ​តមអាហារ ។ សូមអញ្ជើញ​ពួកគេ​ឲ្យសរសេរ​គោលដៅ​មួយ​ដើម្បីអធិស្ឋាន និង​តមអាហារ​ចំពោះ​ពរ​ជ័យ​ទាំងនេះ​នៅ​ថ្ងៃ​អាទិត្យ​តមអាហារ​ក្រោយ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សូមពិចារណា​ធ្វើការ​ស្វែងរក​ជាមុន​នូវវគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយចំនួន​ដែលសិស្ស​អាច​នឹង​មិនទាន់ស្គាល់​នៅឡើយ ។ សូមអញ្ជើញ​ពួកគេ​ឲ្យអាន​ ហើយគូស​ចំណាំ​វា ។ អ្នកអាច​នឹង​ចាត់តាំង​វគ្គ​ចំណេះចំណានខគម្ពីរ​ថ្មីមួយ​ដល់សិស្ស​ម្នាក់ៗ ឬ​ឲ្យសិស្ស​ដែល​ចាប់​​ជាដៃគូៗ ហើយសុំ​ឲ្យពួកគេ​គូស​រូប​នៅលើ​ក្រដាស​មួយ ដែល​ពិពណ៌នា​អំពី​សេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​របស់ពួកគេ ។ សូមអញ្ជើញពួកគេ​ឲ្យពន្យល់​អំពី​រូបភាព​របស់ពួកគេ​ទៅដល់សិស្ស​ក្នុងថ្នាក់ ។ អ្នកអាច​នឹង​បង្ហាញ​រូបភាព​សម្រាប់​ជា​សេចក្ដីយោង​ពេលក្រោយ ។

(កំណត់ចំណាំ ៖ អ្នកអាច​ប្រើ​សកម្មភាព​នេះ​នៅពេល​ចាប់​ផ្ដើម ឬ​ពេល​បញ្ចប់​មេរៀន​ណា​មួយ តាម​ពេល​​អនុញ្ញាត ) ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ៩:២២-២៤។ សូម​កាន់​ឲ្យ​ជាប់​ទៅ​នឹង​អ្វី​ដែល​យើង​ជឿ ហើយស្វែងរក​ជំនួយ​ដើម្បីពង្រឹង​ដល់ជំនឿ​របស់យើង

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានផ្ដល់នូវការ​ប្រឹក្សា​​ដូច​ខាង​ក្រោម​អំពីការ​ពង្រឹង​ជំនឿ​របស់​យើង ៖

«​ពេល​បញ្ហា​មក​ដល់ ហើយ​សំណួរ​ចោទ​ឡើង សូម​កុំ​ចាប់​ផ្ដើម​ការ​ផ្សងព្រេង​របស់​អ្នក​សម្រាប់​សេចក្ដី​ជំនឿ​ដោយ​និយាយ​ថា​អ្នក គ្មាន ជំនឿច្រើន ដែលដឹកនាំទៅរក « ការ​ឥតជំនឿ​» របស់​អ្នកនោះ​ឡើយ។ … ខ្ញុំ​មិន​បាន​សូម​ឲ្យ​អ្នក​ធ្វើ​ពុត​ថា ​អ្នក​មាន​សេចក្ដី​ជំនឿ​ ដែល​អ្នក​គ្មាន​នោះ​ទេ ។ ខ្ញុំ គឺ កំពុង​តែ​សូម​ឲ្យ​អ្នក​ស្មោះត្រង់​ទៅនឹង​សេចក្ដី​ជំនឿ ដែល អ្នក​មាន​វិញទេតើ ។ ពេល​ខ្លះ​យើង​ធ្វើ​ដូចជា​កា​រប្រកាស​ដោយ​ស្មោះត្រង់​អំពី​ភាពសង្ស័យ​គឺ​ជាការ​បង្ហាញ​អំពី​ភាព​ក្លាហាន​ខាងសីលធម៌​ខ្ពស់ជាង​ការប្រកាស​ដោយ​ស្មោះត្រង់អំពី​សេចក្ដីជំនឿទៅវិញ ។ វា​មិន​អាច​ទេ ! ដូច្នេះចូរ​យើង​ទាំងអស់គ្នា​ ចងចាំ​នូវ​សារលិខិត​ដ៏ច្បាស់​នៃ​ដំណើរ​រឿង​បទគម្ពីរ​នេះ ៖ សូម​ស្មោះត្រង់​អំពីចម្ងល់​​របស់អ្នក ដូច​ដែលអ្នកចាំបាច់​ត្រូវ​ស្មោះត្រង់ ជីវិត​គឺ​មាន​សុទ្ធតែ​ចម្ងល់​​​នៅ​ក្នុងប្រធានបទមួយ ទៅប្រធានបទមួយផ្សេងទៀត ។ ប៉ុន្តែ​ប្រសិនបើ​អ្នក និង​ គ្រួសារ​អ្នក​ចង់​បាន​ការ​ព្យាបាល ចូរ​កុំ​ទុក​ឲ្យ​ចម្ងល់​​ទាំងនោះ​ឈរ​រាំង​ផ្លូវនៃ​សេចក្ដីជំនឿ​មិនឲ្យ​ធ្វើអព្ភូតហេតុ​របស់វាឡើយ ។ …

« … នៅពេល​ការ​សង្ស័យ ឬការ​លំបាក​កើតមាន ចូរ​កុំ​ខ្លាច​នឹង​សុំរក​ជំនួយ​ឡើយ ។ ប្រសិនបើ​យើង​ចង់​បាន​វា​ដោយរាបសារ និង ស្មោះត្រង់​ដូច​ជា​ឪពុក​រូបនេះ​បាន​ធ្វើ នោះ​យើងអាច​ទទួលបាន​ ។ ​បទគម្ពីរ​ទាំងឡាយ រៀបរាប់​អំពី​បំណង​ប្រាថ្នា​ដ៏​ក្លៀវក្លា​ដូច្នេះ​ថា​ជា ‹ បំណង​ប្រាថ្នា​ពិត › តស៊ូ ‹ ដោយ​អស់​ពី​បំណង​នៃ​ដួង​ចិត្ត ការ​ប្រព្រឹត្ត​ដោយ​គ្មាន​ឧបាយកល និង ​គ្មាន​ការ​បញ្ឆោត​ចំពោះព្រះ ›​ [នីហ្វៃទី ២ ៣១:១៣] ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា នៅក្នុង​ការ​ឆ្លើយតប​ចំពោះការ​រុកគួន​ប្រភេទ​នោះ ព្រះនឹង​បញ្ជូនជំនួយ​មកទាំងសងខាងនៃ​វាំងនន ដើម្បី​ពង្រឹង​ដល់ជំនឿ​របស់​យើង »«Lord, I Believe»Ensign​ឬLiahonaខែ ​ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។

ប្រសិន​បើ​សិស្ស​របស់អ្នកណា​ម្នាក់ កំពុង​ពុះពារ​នឹង​ការ​សង្ស័យ ឬ​ការភ័យខ្លាច ដែល​កើត​ចេញ​មកពី​ចម្ងល់​ចំពោះ​គោលលទ្ធិ ឬ​ប្រវត្តិ​នៃ​សាសនាចក្រ​របស់ព្រះអង្គសង្គ្រោះ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យសិក្សា​នូវ​ឯកសារ​ទាក់ទង​ទាំងឡាយ​មកពី​​ Church’s Gospel Topics pages ( សូមមើល lds.org/topics) ។

ម៉ាកុស ៩:២៨-២៩។ ការ​តមអាហារ​រួមផ្សំនឹង​ការ​អធិស្ឋាន

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ដូច​តទៅ ៖

« យើង​សង្កេត​មើល​ថា នៅក្នុង​ខគម្ពីរ ការ​តមអាហារ​ស្ទើរតែ​តភ្ជាប់​ជានិច្ច​នឹង​ការ​អធិស្ឋាន ។ ដោយគ្មានការ​អធិស្ឋាន នោះ​ការ​តមអាហារ​នឹង​ពុំ​ពេញលេញ​ជា​ការ​តមអាហារ​ទេ វា​គ្រាន់តែ​ជា​ការ​អត់អាហារ​តាមធម្មតា ។ បើយើង​ចង់​ឲ្យការ​តមអាហារ​របស់​យើង​មានន័យជាង​ការ​គ្រាន់តែ​មិនហូបអាហារ នោះ​យើង​ត្រូវ​តែ​លើក​ដួងចិត្ត​របស់យើង គំនិត​របស់​យើង និងសម្លេង​របស់​យើង​ ទូល​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។ ការ​តមអាហាររួមផ្សំជាមួយ​នឹង​ការ​អធិស្ឋាន​ដ៏ក្លៀវក្លា គឺ​​ប្រកប​ដោយអានុភាព » (« Law of the Fast »Ensignខែ​ឧសភា ឆ្នាំ ២០០១ ទំព័រ ៧៣ ) ។

សម្រាប់ព័ត៌មាន​បន្ថែម​អំពី​ការ​​តមអាហារ​រួមផ្សំជាមួយនឹង​ការ​អធិស្ឋាន ដែល​រួម​បញ្ចូល​ទាំង​ឥទ្ធិពល​របស់​វា​ ដើម្បី​​នាំ​មកនូវ​អំណាច​ខាង​វិញ្ញាណ​កើន​ឡើង​នៅក្នុង​ជីវិត​របស់​យើង សូមមើល​​អែលឌើរ ខាល​ ប៊ី ប្រាត្ត« The Blessings of a Proper Fast »EnsignLiahonaខែ ​វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៧-៤៩ ។