បណ្ណាល័យ
មេរៀនទី ៤២ ៖ ម៉ាកុស ១១-១៦


មេរៀន​ទី ៤២

ម៉ាកុស ១១-១៦

សេចក្ដីផ្ដើម

នៅជិត​ចុង​បញ្ចប់នៃការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​សង្កេតឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់ ដែល​បាន​ដាក់​ប្រាក់​ពីរស្លឹង​នៅក្នុង​ហឹប​ព្រះវិហារបរិសុទ្ធ ។ ក្រោយមក ខណៈ​ដែល​នៅពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភូមិ​បេថានី ម៉ារា​បាន​ចាក់​ប្រេង​ឲ្យ​​ព្រះយេស៊ូវ​ជា​ទីសម្គាល់​នៃ​ការ​សុគត​របស់ទ្រង់ ។​ ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​នៅ​សួន​ច្បារ​គែតសេម៉ានី ។ ទ្រង់​ត្រូវ​បានគេ​កាត់ទោស ហើយ​ដាក់ទោស​រហូតដល់សុគត ។ បន្ទាប់ពី​ទ្រង់​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ហើយបាន​រស់ឡើងវិញ នោះព្រះអម្ចាស់​បាន​លេច​ព្រះកាយមក​ឲ្យពួក​សាវក​របស់ទ្រង់​ឃើញ ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​នាំ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ១១-១៣

ព្រះអង្គសង្គ្រោះ​បង្រៀន​នៅព្រះវិហារបរិសុទ្ធ ហើយ​សង្កេត​ឃើញ​ស្ត្រីមេម៉ាយ​ម្នាក់បាន​ដាក់​ប្រាក់​​ពីរ​ស្លឹង​ទៅក្នុងហឹប​ព្រះវិហារបរិសុទ្ធ ។

សូមអាន​ស្ថានភាព​ដូច​តទៅនេះ​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​មើល​ភាព​ផ្សេងគ្នា​រវាង​ដង្វាយ​នានា ដែល​ថ្វាយទៅព្រះអម្ចាស់​នៅក្នុង​ស្ថានភាព​នីមួយៗ ។

  1. ស្ត្រីម្នាក់បានឲ្យ​ដល់​ប៊ីស្សព​នូវ​ចំនួនប្រាក់ដ៏ច្រើន​ជា​ដង្វាយ​តមអាហារ ។ ស្ត្រីម្នាក់ទៀត​បានរស់នៅ​ក្នុង​វួដ​ដូចគ្នា បាន​ឲ្យ​ប្រាក់​ដល់​ប៊ីស្សព​ក្នុង​ចំនួន​តិច​បំផុត​មួយ​ជា​ដង្វាយ​តមអាហារ​របស់គាត់ ។

  2. បុរស​ម្នាក់​បម្រើ​ជា​ប្រធានស្ដេក ។ បុរស​ម្នាក់ទៀត​នៅក្នុង​ស្ដេកដូចគ្នា ​បម្រើជា​គ្រូបង្រៀន​ថ្នាក់អង្គការ​បឋមសិក្សា ។

  • តើ​អ្នក​សម្គាល់ឃើញ​មានភាព​ខុសគ្នាអ្វីខ្លះ នៅក្នុង​ការ​ថ្វាយ​ដង្វាយតាម​ស្ថានភាព​​នីមួយៗ​ ?

  • តើ​មនុស្ស​ម្នាក់​អាច​មានអារម្មណ៍យ៉ាង​ដូចម្ដេច បើដង្វាយ​របស់ពួកគាត់​ថ្វាយទៅព្រះ​អម្ចាស់​មាន​ចំនួន​តិចតួច នៅពេល​ប្រៀបធៀប​នឹង​ការ​ថ្វាយដង្វាយ​របស់អ្នកដទៃ ?

សូមអញ្ជើញសិស្ស​ឲ្យ​ស្វែង​រក​សេចក្ដីពិត​នៅពេល​ពួកគេ​សិក្សាម៉ាកុស ១១-១៤​ដែលនឹង​ជួយពួកគេ​ដឹង​ពីរបៀប​ ដែល​ព្រះអម្ចាស់​ទតមើល​ទៅលើ​ដង្វាយ​របស់ពួកគេ​ដល់ទ្រង់ ។

រូបភាព
ការយាងចូល​​ដ៏ជោគជ័យ

ចូរ​ដាក់​បង្ហាញ​រូបភាពការយាងចូល​ដ៏ជោគជ័យ(Gospel Art Book[២០០៩] ទំព័រ ៥០,សូមមើលផង​ដែរLDS.org) ។ សូម​សង្ខេប​ម៉ាកុស ១១:១-១២:៤០ដោយ​ពន្យល់​ថា នៅពេលជិតដល់ទីបញ្ចប់នៃ​ការ​បម្រើរបស់​ព្រះអង្គសង្គ្រោះ​​ក្នុងជីវិត​រមែង​ស្លាប់ នោះទ្រង់​បាន​ជិះ​ចូល​ទៅក្នុងទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ បានសម្អាត​ព្រះវិហារ​បរិសុទ្ធ ហើយ​បានបង្រៀនមនុស្ស​នៅទីនោះ ។ សូមរំឭក​សិស្ស​ថា នៅក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់ព្រះអង្គសង្គ្រោះ នោះ​ពួកផារ៉ាស៊ី និងពួកអាចារ្យ បាន​សួរ​ដល់ទ្រង់​នូវ​សំណួរ​លំបាកៗ ខណៈ​ដែល​ទ្រង់​បានបង្រៀន​នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​តប​ចំពោះសំណួរ​របស់ពួកគេ ទ្រង់បាន​ប្រកាស​បដិសេធពី​ភាព​លាក់ពុត​របស់ពួកផារីរ៉ាស៊ី និង ពួកអាចារ្យ ( សូមមើល​ម៉ាថាយ ២៣) ។

សូមពន្យល់​ថា ខណៈ​ដែលព្រះយេស៊ូវ​គង់នៅព្រះវិហារបរិសុទ្ធ នោះទ្រង់​បាន​ទតឃើញ​បុគ្គល​ទាំងឡាយ​ដែលបាន​ដាក់ប្រាក់ទៅក្នុង​ហឹប​ព្រះវិហារបរិសុទ្ធ ជា​ការ​ថ្វាយ​ដល់ព្រះ ។​ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានម៉ាកុស ១២:៤១-៤៤ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​ដែល​ព្រះអង្គសង្គ្រោះ​បានទត​ឃើញ​នៅ​ត្រង់ហឹប​នោះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បានទតឃើញអ្វីនៅ​ត្រង់ហឹប​នោះ ?

សូមបង្ហាញកាក់​ដែលមាន​តម្លៃ​តិច​បំផុត ​ជា​រូបិយបណ្ណ​ប្រទេស​អ្នក ហើយពន្យល់​ថា ប្រាក់មួយស្លឹង គឺ​ជា​« កាក់​ស្ពាន់​ដ៏​តិចបំផុត​ដែលបានប្រើ​ដោយ​ពួកសាសន៍​យូដា » (Bible Dictionary, « Money ») ។

  • តើមនុស្ស​ម្នាក់មានអារម្មណ៍​យ៉ាងណា បើពួកគេ​អាច​ដាក់​ប្រាក់​តែ​ពីរស្លឹង​ជា​ដង្វាយ​ថ្វាយព្រះនោះ ?

  • តើព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល​ដូចម្តេច អំពី​ដង្វាយ​របស់ស្ត្រីមេម៉ាយ បើប្រៀប​ធៀបទៅ​នឹង​ដង្វាយ​របស់​អ្នកផ្សេងទៀត ?

  • ហេតុអ្វី​ក៏អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​ចាត់ទុក​ដង្វាយរបស់​គាត់ « ច្រើន » ជាង​ដង្វាយផ្សេងៗ ?

  • ផ្អែកទៅលើ​អ្វី​ដែលព្រះអម្ចាស់​បានមានបន្ទូល​អំពី​ស្ត្រីមេម៉ាយ តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀនអំពី​ការ​ថ្វាយដល់ព្រះអម្ចាស់ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូចតទៅ ៖ បើ​យើង​ស្ម័គ្រចិត្ត​ដើម្បី​ផ្ដល់​អស់នូវ​អ្វីដែល​យើងមាន​ថ្វាយ​ព្រះអម្ចាស់ នោះ​ទ្រង់នឹង​ទទួល​យក​ដង្វាយរបស់យើង ទោះ​បើវា​មានចំនួន​តិច បើ​ប្រៀប​ទៅនឹង​អ្នកដទៃ​ក្ដី )

សូម​សង្ខេបម៉ាកុស ១៣ដោយពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បង្រៀនដល់ពួកសាវក​របស់ទ្រង់​អំពី​ការ​យាង​មក​ជា​លើកទីពីរ ។ សូមរំឭកសិស្ស​ថា ពួកគេ​បានសិក្សា​អំពីការ​បង្រៀនទាំងនេះ​នៅក្នុង យ៉ូសែប ស្ម៊ីធ–ម៉ាថាយ ។

ម៉ាកុស ១៤:១-៩

ម៉ារា​បានចាក់​ប្រេង​​ឲ្យព្រះអង្គសង្គ្រោះ

ចូរ​ពន្យល់​ថា បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បានបង្រៀនដល់​ពួកសិស្ស​របស់ទ្រង់ អំពី​ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើកទីពីរ នោះទ្រង់​បាន​យាងចេញពីទី​ក្រុង​យេរូសាឡិម ហើយបាន​ចេញទៅភូមិ​បេថានី ទៅផ្ទះបុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ដែល​ពីមុន​បាន​រងទុក្ខ​ដោយ​ជំងឺ​ឃ្លង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ម៉ាកុស ១៤:៣ឲ្យឮៗ ហើយ​ឲ្យ​សិស្ស​ម្នាក់ទៀត​ឲ្យអានយ៉ូហាន ១២:៣ឮៗ ។ ចូរ​សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់ស្ដាប់​នូវអ្វី​ដែល​បាន​កើត​ឡើង​ដល់​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​គង់​ចុះ​ទទួលទាន​អាហារ​ពេលល្ងាច ។

  • តើមានអ្វីខ្លះ​កើតឡើង​ចំពោះព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់គង់ចុះ​នៅ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​របស់​ស៊ីម៉ូន ? ( ចូរ​ពន្យល់​ថា ស្ត្រី​ដែល​ចាក់ប្រេង​ឲ្យព្រះអង្គសង្គ្រោះ គឺជា​ម៉ារា​បងស្រី​របស់​ម៉ាថា និង ឡាសា [ សូមមើលយ៉ូហាន ១២:១-៣] ) ។

  • តើម៉ារា​បាន​បង្ហាញ​ដល់​ព្រះអង្គ​សង្គ្រោះ​នូវ​ក្ដី​ស្រឡាញ់ និ​ង ការ​លះបង់​របស់នាង​យ៉ាង​ដូចម្ដេច​ខ្លះ ?

ចូរ​ពន្យល់​ថា ទង្វើ​របស់​ម៉ារា​ក្នុងការ​ចាក់​ប្រេង​លើ​សិរិសារ​របស់​ព្រះអង្គ​សង្គ្រោះ និង ​ព្រះបាទា​ទ្រង់ ជាមួយ​នឹង​ប្រេង​ទេព្វិរូ ( ប្រេង​ដែលមានតម្លៃ​ថ្លៃ ) គឺជា​ទង្វើ​នៃ​គារវភាព​​ដែល​សូម្បី​តែ​ស្ដេច​កម្រ​នឹង​បានទទួល ( សូមមើល​ James E. TalmageJesus the Christ បោះពុម្ព​ជាលើកទី ៣ [ឆ្នាំ ១៩១៦ ] ​ទំព័រ ៥១២ ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ១៤:៤-៩ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​របៀប​ដែល​មនុស្ស​មួយចំនួន​នៅ​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច បាន​មានប្រតិកម្ម​យ៉ាងណា​ចំពោះ​អ្វីដែល​ម៉ារា​បានធ្វើ ។ សូមពន្យល់​ថា យើង​រៀន​មកពីយ៉ូហាន ១២:៤-៥ថា យូដាស អេស្ការីយ៉ុត គឺជា​មនុស្ស​ម្នាក់​ដែល​បាន​រអ៊ូរទាំ​អំពី​ទង្វើ​របស់​ម៉ារា ។

  • តើ​យូដាស អេស្ការីយ៉ុត មានប្រតិកម្ម​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ចាក់​ប្រេង​របស់​ម៉ារា​ដល់​ព្រះអង្គ​សង្គ្រោះ​ដោយ​ប្រេង​ដែល​មានតម្លៃ​ថ្លៃនោះ ?

  • យោងតាមខទី ៥តើ​ប្រេង​ដ៏មានតម្លៃ​នោះថ្លៃប៉ុន្មាន ? ( សូមពន្យល់​ថា​ បីរយកាក់ គឺប្រហែលជា​ស្មើ​នឹង​ចំនួន​ប្រាក់ដែល​អ្នកធ្វើការ​ជាទូទៅ​អាច​រក​បាន​ក្នុង​មួយឆ្នាំ ) ។​

  • តើព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតបយ៉ាង​ដូចម្ដេច ​ចំពោះ​ការរិះគន់​របស់​យូដាស​អំពី​ម៉ារា​ ?

សូម​ចង្អុល​បង្ហាញ​ឃ្លា « នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ » នៅក្នុង​ខទី ៦ហើយ​ពន្យល់​ថា វា​ចង្អុល​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​នឹង​អ្វីដែល​ម៉ារា​បានធ្វើ ។ ក៏សូម​ចង្អុល​បង្ហាញ​ឃ្លា « នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន » នៅក្នុងខទី ៨ហើយពន្យល់​ថា ការ​បញ្ជាក់នេះ​ថា ម៉ារា​បាន​ថ្វាយអស់ពី​លទ្ធភាព​របស់នាង​ទៅ​ព្រះអម្ចាស់ ។

  • តើ​យើងអាច​រៀន​សេចក្ដីពិតអ្វីខ្លះ ចេញមកពី​ខគម្ពីរ​ទាំង​នេះ អំពី​របៀប​ដែលព្រះ​អង្គ​សង្គ្រោះ​​មាន​ព្រះទ័យ នៅពេល​យើង​ថ្វាយ​អស់ពីលទ្ធភាព​របស់​យើង​ទៅទ្រង់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ព្រះអង្គសង្គ្រោះ សព្វព្រះទ័យ​នៅពេល​យើង​ថ្វាយដល់ទ្រង់ នូវ​លទ្ធភាព​របស់យើងទាំងអស់ ) ។

សូម​យោង​ទៅ​ស្ថានភាព​ពីរ​ដែល​បានបង្ហាញ​នៅ​ខាង​ដើម​មេរៀន ។ ចូរ​សុំ​ឲ្យសិស្ស​ប្រើ​សេចក្ដីពិត​ដែល​ពួកគេ​បាន​ប្រាប់នៅក្នុង​ម៉ាកុស ១២និងម៉ាកុស ១៤ដើម្បីពន្យល់​អំពី​របៀប​ដែល​បុគ្គល​ម្នាក់នៅក្នុង​ស្ថានភាព​នេះ អាច​នឹង​សព្វព្រះទ័យ​ដល់ព្រះអម្ចាស់ ។

  • តើ​ការ​ជឿ​ទៅលើ​សេចក្ដីពិត​ទាំងនេះ អាចជួយ​នរណា​ម្នាក់​ដែល​មានអារម្មណ៍​ថា​ពួកគេ​​ពុំបាន​ថ្វាយ​ច្រើន​ដល់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា ដែលអ្នកបានឃើញ​នរណា​ម្នាក់​បាន​ថ្វាយ​អស់ពី​លទ្ធភាព​របស់ពួកគេ​ដល់ព្រះអម្ចាស់ ?

សូមអញ្ជើញ​សិស្ស​ឲ្យគិត​ពិចារណា​ថា​ តើ​ថ្មីៗ​នេះ​ពួកគេ​បានថ្វាយ​អស់ពី​លទ្ធភាព​របស់​ពួកគេ​ដល់ព្រះអម្ចាស់ឬទេ ​។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យជ្រើសរើស​ទិដ្ឋភាព​មួយ​នៃ​ជីវិត​របស់​ខ្លួនគេ ដែលពួកគេ​អាច​កែលម្អ ហើយ​ដាក់​គោលដៅ​ ដែល​នឹង​ជួយពួកគេ​ឲ្យ​ថ្វាយ​អស់ពី​លទ្ធភាព​ដល់ព្រះ​អម្ចាស់ ។

ម៉ាកុស ១៤:១០-១៦:២០

ព្រះយេស៊ូវ​ បានចាប់​ផ្ដើម​ដង្វាយធួន​របស់ទ្រង់ នៅពេល​ទ្រង់​រងទុក្ខ​នៅ​សួនច្បារ​គែត​សេម៉ានី​ដើម្បីអំពើបាប​របស់​យើង ទ្រង់ត្រូវបាន​ យូដាស​ អេស្ការីយ៉ុត​ ក្បត់ ហើយ​បាននាំ​ទៅ​ឈរ​ចំពោះ​មុខ​ពួកអ្នកដឹកនាំ​យូដា 

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងាត់ៗ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នកធ្លាប់មានអារម្មណ៍​ថា គ្មាន​នរណា​យល់​ចិត្តអ្នក ឬ​យល់​ពី​អ្វី​ដែល​អ្នកកំពុង​ឆ្លងកាត់​ដែរ​ឬទេ ?

  • តើអ្នក​ធ្លាប់មានអារម្មណ៍​ថា អ្នក​មិនអាច​ត្រូវ​បានអភ័យទោស​ពី​អំពើបាប​កាលពី​អតីតកាល​​របស់អ្នកឬទេ ?

សូមអញ្ជើញសិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត នៅពេល​ពួកគេ​សិក្សាម៉ាកុស ១៤​ដែលអាច​ជួយ​នរណាម្នាក់​ដែលអាច​នឹង​មាន​អារម្មណ៍ទាំងនេះ ។

សូម​សង្ខេបម៉ាកុស ១៤:១០-៣១ដោយ​ពន្យល់​ថា ប៉ុន្មានពីរបី​ថ្ងៃ​បន្ទាប់ពី​ម៉ារា​បានចាក់​ប្រេង​ដល់ព្រះយេស៊ូវ នោះ​ព្រះយេស៊ូវ និង ពួកសាវក​បានធ្វើ​បុណ្យរំលង ។ បន្ទាប់មក ព្រះអង្គសង្គ្រោះ​បាន​ចេញ​ទៅ​សួនច្បារ​គែតសេម៉ានី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ១៤:៣២-៣៤ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលនូវ​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មានព្រះ​ទ័យ​យ៉ាងណា ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ។

  • តើព្រះអង្គ​សង្គ្រោះ​មានព្រះទ័យ​យ៉ាង​ណា​ នៅក្នុង​សួនច្បារ​គែតសេម៉ានី ?

​បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​សូមសរសេរឃ្លា​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ឈឺចាប់​ខ្លាំង​បំផុត ធ្ងន់ធ្ងរ​បំផុត សោកសៅ​ដ៏លើសលប់ ។

សូមពន្យល់​ថា ឃ្លា​ទាំងនេះ សំដៅ​ទៅលើ​ការ​រងទុក្ខ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ទទួល​ពិសោធន៍ ជា​ចំណែក​នៃ​ដង្វាយធួន​របស់ទ្រង់ ។

  • តើ​ឃ្លា​ទាំងនេះ​បង្រៀនយើង​អ្វីខ្លះ​អំពី​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ សូមសរសេរ​សេចក្ដីពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ជា​ផ្នែក​នៃ​ដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ ហើយ​បាន​សោក​សៅ​នៅក្នុង​​សួនច្បារ​គែតសេម៉ានី )

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាកុស ១៤:៣៥-៤២ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ដោយ​សារ​ការ​រងទុក្ខ​ដ៏​ខ្លាំង​របស់ទ្រង់ ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វីខ្លះ ដោយ​សារតែ​ការរងទុក្ខ​ដ៏ខ្លាំង​របស់ទ្រង់នោះ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា ការ​រងទុក្ខ​របស់ព្រះយេស៊ូវ​គឺ​ធ្ងន់ធ្ងរហួសហេតុ ដែលទ្រង់បាន​ទូលសូមថា បើ​អាច​ធ្វើ​ទៅបាន​ចំពោះទ្រង់ នោះ​សូមកុំ​ឲ្យ​ទូលបង្គំទទួលបទពិសោធន៍​នេះអី ) ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ …ដើម្បី​ទ្រង់ …

សូមពន្យល់​ថា វគ្គ​បទគម្ពីរ​ផ្សេងទៀត​អាច​ជួយ​យើង​យល់​អំពី​ការ​រងទុក្ខ​របស់ព្រះ​យេស៊ូវគ្រីស្ទ និង​ មូលហេតុ​ដែលទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​រងទុក្ខ​សម្រាប់​យើង ។

សូម​សរសេរ​សេចក្ដី​​យោង​ដូចខាងក្រោម​នេះ​នៅលើក្ដារខៀន ៖ អេសាយ ៥៣:៣-៥និងអាលម៉ា ៧:១១-១៣ សូម​បំបែក​សិស្ស​ជា​គូៗ ហើយអញ្ជើញ​ពួកគេឲ្យអាន​ខគម្ពីរ​ជាមួយគ្នា ដោយស្វែង​រក​​នូវបព្វហេតុ និង​មូលហេតុដែលព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ ។ ចូរ​សូម​ឲ្យសិស្ស​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ថា ​ពួកគេ​នឹង​បំពេញ​ឃ្លា​ដែល​បាន​សរសេរនៅ​លើ​ក្ដារខៀន​ដោយប្រើ​នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុងអេសាយ ៥៣:៣-៥​អាលម៉ា ៧:១១-១៣យ៉ាង​ដូចម្ដេច ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យជួយនៅក្នុង​អាលម៉ា ៧:១២មានន័យ​ថា ប្រញាប់​ដើម្បី​ផ្ដល់​នូវ​ការ​សង្គ្រោះ ឬ​ទៅផ្តល់​ជំនួយ​​ដល់នរណា​ម្នាក់ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​បួនប្រាំ​នាក់​ចែកចាយរបៀប​ដែល​ពួកគេ​បាន​បំពេញ​ឃ្លា​នោះ ។ ចម្លើយ​របស់ពួកគេ​នឹង​ស្រដៀង​គ្នា​ដូចខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​នូវការ​ឈឺចាប់ ក្ដី​ទុក្ខលំបាក ការ​ល្បួង ជំងឺ រោគ និងការ​សោកសៅ​របស់យើង ដើម្បី​ទ្រង់​នឹង​ដឹង​របៀប​ដើម្បីជួយ​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង ដើម្បីទ្រង់​នឹង​លុបចោល​អំពើរំលង​របស់​យើង​ចេញ ។ សូម​រំឭក​សិស្ស​ថា ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ​សម្រាប់អំពើបាប​របស់មនុស្ស​លោក បាន​ចាប់​ផ្ដើម​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ហើយបាន​បន្ដ​ និង ទីបំផុតឈានទៅដល់​ការ​ឆ្កាង​​របស់​ទ្រង់​នៅលើ​ឈើ​ឆ្កាង ។

  • តើការ​ដឹង​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ និង​មូលហេតុ​ដែល​ទ្រង់បាន​រងទុក្ខ អាច​ជួយ​ដល់អ្នក នៅពេល​អ្នក​ជួប​ប្រទះនឹងការ​សាកល្បង កា​រឈឺចាប់ និង​ ក្ដីលំបាក​យ៉ាង​ដូចម្ដេច ?

  • តើអ្នក​ធ្លាប់​មានអារម្មណ៍​ថា​ព្រះអង្គសង្គ្រោះ​ជួយអ្នកនៅក្នុង​គ្រា​ឈឺចាប់ ជំងឺ ឬ​ការ​សោកសៅ​នៅពេលណា ?

  • តើអារម្មណ៍​អ្វីខ្លះ​ដែល​អ្នក​បានដកពិសោធន៍ នៅពេល​អ្នក​បានប្រែ​ចិត្ត ហើយ​មានអារម្មណ៍​ថា អំពើបាប​របស់អ្នក​ត្រូវ​បាន​លុប​ចោល ( ឬ​បំបាត់​ចោល ) តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​សង្ខេបម៉ាកុស ១៤:៤៣-១៦:២០ដោយ​ការ​ពន្យល់​ថា ព្រះ​យេស៊ូវ ត្រូវ​បាន​នាំ​យក​ទៅ​កាត់ទោស​ដោយ​មិនស្របច្បាប់ នៅចំពោះ​មុខ​ពួក​សានហេឌ្រីន ហើយ​ផ្ដន្ទាទោស​ដល់​ស្លាប់ ។ បន្ទាប់ពីព្រះអង្គសង្គ្រោះ​​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ហើយបាន​រស់ឡើងវិញ នោះទ្រង់​បាន​លេច​ព្រះកាយមក​ឲ្យពួក​សាវក​របស់ទ្រង់​ឃើញ ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​នាំ​ដំណឹងល្អ​ទៅ​កាន់ពិភពលោក ។

អ្នកគួរតែបញ្ចប់ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សានៅថ្ងៃនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ១២:៤១-៤៤។ ប្រាក់​ស្លឹង​របស់ស្ត្រី​មេម៉ាយ​ក្រីក្រ

« ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ បាន​បរិច្ចាគ​ទៅ​ក្នុង​ហឹប​ព្រះវិហារបរិសុទ្ធ គឺ​ជា​កាក់​សាសន៍​យូដា​ចំនួន​តិច​ ហៅថាlepta( ភាសាក្រិក​ថាតិច) ។ វា​មានទម្ងន់​ប្រហែល​ជា ១/២ ​ក្រាម ( តិចជាង ១/៥០​នៃ​ប្រាក់​មួយ​អោន ) ហើយ​​មាន​តម្លៃ​តិចជាង ‹ ប្រាក់កាក់ › ឬសេន​ដែល​ជា​កាក់​របស់​រ៉ូមដែលមានតម្លៃ​តិច​បំផុត​នៅជំនាន់នោះ ( សូមមើលម៉ាកុស ១២:៤២) ។

« ការ​ពិត​ដែល​ស្ត្រីមេម៉ាយ​បានផ្ដល់ ‹ របស់​នាង​ទាំង​ប៉ុន្មាន › បាន​បង្ហាញ​ពី​ការលះ​បង់​​ដ៏​ស្មោះត្រង់​របស់​គាត់​ចំពោះ​ព្រះ ដែល​ផ្ទុយ​ពី​ការលាក់ពុត​របស់​ពួកអាចារ្យ ( សូម​មើល ម៉ាកុស ១២:៣៨-៤០) ។ អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២-១៩៣៣ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានពន្យល់​ថា ហេតុអ្វី​ព្រះអម្ចាស់​បានសរសើរ​ដល់​​ស្ត្រី​មេម៉ាយ​នោះ ទោះជា​គាត់​បាន​ថ្វាយ​តែ​បន្ដិច​នោះ ៖ ‹ ពួក​អ្នកមាន​បាន​ផ្ដល់​ឲ្យ​ច្រើន ប៉ុន្តែ​ទុក​កាន់តែច្រើន​ទៀត ឯ​អំណោយ​របស់​ស្ត្រី​មេម៉ាយ​​គឺជា​អ្វីៗ​ទាំង​អស់​ដែល​គាត់មាន ។ វា​មិន​មែនជា​ចំនួន​តិច​នៃ​ដង្វាយ​របស់គាត់​ទេ ដែល​អាច​ទទួលយក​បាន​ដោយ​ពិសេស​​នោះ ប៉ុន្តែ​អារម្មណ៍​នៃការ​លះបង់ និង ​បំណង​ចិត្ត​លះបង់​ដោយ​អស់​ពីចិត្ត​របស់​គាត់វិញ​ទេ​តើ (Jesus the Christបានបោះពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៥៦១–៦២ ) ។ អែលឌើរ ថាលម៉េហ្គ ក៏​បាន​ថ្លែង​ផងដែរ​ ៖ ‹ មិនថា​វាជា​អំណោយ​របស់មនុស្ស​ម្នាក់ ឬ​ជាតិសាសន៍​មួយ​នោះ​ទេ អ្វីដែល​ល្អ​បំផុត​នោះ ប្រសិន​បើ​បាន​ថ្វាយ​ដោយ​ស្ម័គ្រចិត្ត និង ​ដោយ​បំណង​បរិសុទ្ធ គឺ​តែងតែ​ល្អ​បំផុត​នៅ​ចំពោះ​ព្រះនេត្រ​របស់ព្រះ ទោះជា​ក្រីក្រ​ ​ដោយការ​ប្រៀបធៀប​នឹង​អ្វី​ផ្សេង​ដែល​ល្អ​បំផុត​ក្ដី › (The House of the Lordកំណែថ្មី​បានបោះពុម្ព [ ឆ្នាំ ១៩៦៨] ទំព័រ ៣ ) » (New Testament Student Manual[Church Educational System manual ឆ្នាំ ២០១៤ ], ទំព័រ ១២៨-២៩ ) ។

ម៉ាកុស ១៤:៣-៩។ ម៉ារា​ចាក់ប្រេង​លើ​ព្រះយេស៊ូវ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ បាន​ពន្យល់​ថា ទង្វើ​របស់​ម៉ារាបង្ហាញ​នូវ​ក្ដីស្រឡាញ់​ដ៏​មហិមា​របស់​នាង​ចំពោះ​ព្រះយេស៊ូវ ៖

« ដើម្បី​ចាក់​ប្រេង​លើក្បាលរបស់​ភ្ញៀវ​ម្នាក់​ដោយ​ប្រេង​ធម្មតា គឺ​ធ្វើដើម្បី ផ្ដល់ កិត្តិយស​ដល់​ទ្រង់ ដើម្បីចាក់​ប្រេង​នៅលើព្រះបាទា​ទ្រង់​ក៏​បង្ហាញ​ពី​ទីសម្គាល់នៃ​ការគោរពខុសពីធម្មតា​ ប៉ុន្តែ​ការ​ចាក់ប្រេង​លើ​សិរិសារ និង ​ព្រះបាទា​ដោយ​ប្រេង​​ទេព្វិរូ ហើយ​ដោយច្រើនដូច្នេះ គឺ​ជា​ទង្វើ​នៃ​ការ​គោរព​បូជា​ដោយ​កម្រ​សូម្បី​តែ​ចំពោះ​ស្ដេច ។ ទង្វើ​របស់​ម៉ារា គឺជា​ការ​បង្ហាញ​នូវ​ការគោរពបូជា​ វាគឺជាក្លិន​ក្រអូប​ដែល​ចេញ​មកពី​ក្នុង​ដួងចិត្ត​ពោរពេញ​ដោយ​ការ​ថ្វាយបង្គំ និង​សុច្ឆន្ទៈ » (​​Jesus the Christ, បាន​បោះពុម្ព​ជា​លើក​ទី ៣ [ឆ្នាំ ១៩១៦ ] ទំព័រ ៥១២ ) ។

ម៉ាកុស ១៤:៣២-៣៦។ ការ​រងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​នៅ​សួន​ច្បារ​គែតសេម៉ានី

« ភាសា​របស់​ម៉ាកុស ថ្លែង​ជាសាក្សី​អំពីភាពពិត និង ភាព​ធ្ងន់ធ្ងរ​នៃការ​រងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល​ម៉ាកុស ១៤:២៣-៣៦) ។ ពាក្យ​ក្រិក​បានបកប្រែ​ថា ‹ ឈឺចាប់​ខ្លាំង​បំផុត › នៅក្នុង​អត្ថបទ អាច​សំដៅទៅលើ​ទំហំ​នៃ​អារម្មណ៍ រួមទាំង​ភាព​ស្ញប់ស្ញែង ភាព​អស្ចារ្យ ភាព​​រំភើបដែលមានតាម​ក្រោយ​នូវ​ភាព​​ដ៏​រន្ធត់ និងសម្ពាធដ៏ធំ​លើសលប់ ។ ជាកិរិយាសព្ទ​នៃ​ភាសាក្រិច ‹ យ៉ាង​ធ្ងន់ធ្ងរ › អាច​មានន័យថា អស់សង្ឃឹម ស្រពាប់ស្រពោន ហើយពេញដោយ​ការ​ឈឺចាប់ ឬ​សោកសៅ ។ ពាក្យទាំងនេះ​រួមគ្នា បង្ហាញ​ពី​ការឈឺចាប់​ដ៏ខ្លាំង និង​លើសលប់ ។ ព្រះអង្គសង្គ្រោះ​បានមានបន្ទូល​ថា ព្រលឹង​របស់​ទ្រង់​គឺ ‹ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ › (ម៉ាកុស ១៤:៣៤)--​គឺថា ការ​ឈឺចាប់របស់​ទ្រង់​គឺ ធ្ងន់ធ្ងរ​​ខ្លាំង​ណាស់ ដែល​ទ្រង់មាន​ព្រះទ័យ​ថា ទ្រង់​សឹង​តែ​នឹង​ស្លាប់​នោះ ។ …

« អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦-២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់… បាន​ថ្លែង​អំពី​ការ​រងទុក្ខ​នៃ​ដង្វាយធួន​ ៖

«‹ នៅក្នុង​សួនច្បារ​គែតសេម៉ានី ការរងទុក្ខ​របស់ព្រះយេស៊ូវ បាន​ចាប់​ផ្ដើម​មានការ « ឈឺចាប់​ខ្លាំង​បំផុត » (ម៉ាកុស ១៤:៣៣) ឬ​នៅភាសាក្រិក « លើសលប់ » និង « ដ៏ញ័រ​រន្ធត់ » ។

«‹ សូម​ស្រមៃ​មើល ព្រះយេហូវ៉ា ដែលជា​អង្គបង្កបង្កើត​នៃ​ពិភពលោក​នេះ និង​ ពិភព​នានាដទៃទៀត «បាន​ញ័រ​រន្ធត់ » ! … ទ្រង់​ពុំ​បាន​ដឹង​ជាមុនច្បាស់​អំពី​ដំណើរ​នៃ​ដង្វាយធួន​ថា​ឈឺចាប់​ប៉ុណ្ណា​ទេ ។ ដូច្នេះ នៅពេល​ការឈឺចាប់​បានដល់​កម្រិតពេញលេញរបស់​វា វា​ធ្ងន់ធ្ងរពេកក្រៃ ​ដុន​ដាបយ៉ាង​ខ្លាំងម្ល៉េះ​ សូម្បីតែ​ទ្រង់​ដែល​មាន​ប្រាជ្ញា​វាងវៃ​ល្អឯក​ ​មិន​អាចនឹក​ស្រមៃ​ដល់ ! …

«‹ ទម្ងន់​សរុប​នៃ​អំពើបាប​ខាង​សាច់ឈាម​ទាំងអស់​—​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​—​បាន​សង្កត់សង្កិន​ដល់​ព្រលឹង​ដ៏​ឥតខ្ចោះ គ្មាន​អំពើបាប​សោះ និង ​ញាណដ៏ទន់ភ្លន់នោះ ! ទុក្ខវេទនា និង​ ជំងឺ​ទាំងឡាយ​របស់​យើង​ក៏​ជា​ផ្នែក​មួយ​នៃក្តីរន្ធត់​ដ៏​ច្រើន​ពន់​ពេក​នៃ​ដង្វាយធួន​នេះ​ដែរ ។ ( សូមមើល អាលម៉ា ៧:១១–១២, អេសាយ ៥៣:៣–៥, ម៉ាថាយ ៨:១៧› ) ។ (‹ Willing to Submit Ensign ខែ​ឧសភា ឆ្នាំ ១៩៨៥, ៧២–៧៣) » (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ១៣០) ។