បណ្ណាល័យ
សេចក្តីណែនាំ​ស្ដីពីព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​​សិក្ខាសាលា


សេចក្តីណែនាំ​ស្ដីពី ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលបំណង​របស់​យើង

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ចែង​ថា៖

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ទាំងឡាយ​ឲ្យ​យល់ និង​ពឹង​ផ្អែក​លើ​ការបង្រៀន​ទាំងនេះ និង​លើ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មាន​ភាពសក្តិសម​សម្រាប់​ពរជ័យ​ទាំង​ឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់​កល្ប​​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ( ការបង្រៀន និង​ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួន​ខ្នាត​សម្រាប់​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ ១ ) ។

ដើម្បី​សម្រេច​បាន​នូវ​គោលលបំណង​របស់​យើង នោះ​យើង​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ ​ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់​ដឹង និង ការស្អាងឡើង ។ យើង​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​បំពេញ​តួនាទី​របស់​​ពួកគេ​ នៅ​ក្នុង​ដំណើរការ​នៃ​ការរៀន​សូត្រ និង រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ​ទៀត ។

ដើម្បី​សម្រេចបាន​គោលបំណង​ទាំងនេះ នោះ​អ្នក និង សិស្ស​ដែល​អ្នក​បង្រៀន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យសហការ​គ្នា​ធ្វើ​តាម ​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន និង ការរៀន​ដំណឹង​ល្អ​ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​រួមគ្នាដូច​ខាង​ក្រោម ៖

  • បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

  • បង្កើត​បរិយាកាស​រៀនសូត្រ​ ដែល​ពោរពេញ​ដោយសេចក្តី​ស្រឡាញ់ ការគោរព និង មាន​គោលបំណង ។

  • សិក្សា​ព្រះគម្ពីរ​រៀង​រាល់​ថ្ងៃ និង អាន​មេរៀន​នៃវគ្គ​សិក្សា ។ [ តារាង​សម្រាប់​តាមដាន​ការ​អាន​ព្រះគម្ពីរ​នៅ​​ក្នុង​ព្រះគម្ពីរ​សញ្ញ​ថ្មី​ទាំងមូល​ អាច​មាន​នៅ​ជាមួយ​នឹង ប័ណ្ណ​ចំណេះចំណាន​ខ​គម្ពីរ​ព្រះគម្ពីរសញ្ញា​ថ្មី នៅ​លើ LDS.org និង​នៅ​លើ store.lds.org ( ទំនិញ ​ល.រ. ១០៤៨០ ) ] ។

  • យល់​អំពីបរិបទ និង មាតិកា​នៃព្រះគម្ពីរ ព្រមទាំង​ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។

  • ស្វែង​រក យល់ ដឹង​អំពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​គោល​លទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  • ពន្យល់ ចែកចាយ និង ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។

  • រៀន​ឲ្យ​ស្ទាត់​អំពីវគ្គ​បទគម្ពីរ​សំខាន់ៗ និង​គោលលទ្ធិ​គ្រឹះ » (Gospel Teaching and Learning ទំព័រ ១០ ) ។

បន្ថែម​ទៅ​លើ​ការ​សម្រេច​គោលបំណង​ទាំង​នេះ អ្នក​ត្រូវ​តែ​ជួយ​សិស្ស​ឲ្យ​ស្មោះ​ត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀន​ញែក​ដឹង​​សេចក្ដី​ពិត​ចេញ​ពី​កំហុស ។ សិស្ស​អាច​មាន​សំណួរ​អំពី​គោលលទ្ធិ ប្រវត្តិ​សាស្ត្រ ឬ​គោល​ជំហរ​លើ​បញ្ហា​សង្គម​របស់​សាសនាចក្រ ។ អ្នក​អាច​រៀបចំ​សិស្ស​ឲ្យ​លើក​សំណួរ​បែប​នេះ​ឡើង​ដោយ​ជួយ​ពួកគេ​ឲ្យ « ស្វែងរក​ការរៀន​សូត្រ គឺ​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តី​ជំនឿ​ផង » ( គ. និង ស. ៨៨:១១៨ ) និង​ដោយ​ប្រើ​ធនធាន​នានា​នៅ​ក្នុង​ផ្នែក ស្វែង​រក​សេចក្ដី​ពិត នៃ si.lds.org ។

សៀវភៅ​ណែនាំ​សម្រាប់​គ្រូបង្រៀន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​​​ទទួល​បាន​ជោគជ័យ​ក្នុង​ការសម្រេច​នូវ​គោលបំណង​ទាំងនេះ ។

ការរៀបចំ​មេរៀន

ព្រះអម្ចាស់​បាន​បញ្ជា​ដល់​អស់​អ្នក​ដែល​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់​ឲ្យ « បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង​ ដែល​មាន​នៅក្នុង​ព្រះគម្ពីរប៊ីប និង ព្រះគម្ពីរ​មរមន​ គឺ​ជា​ភាពពោរពេញ​នៃ​ដំណឹងល្អ » (គ. និង ស. ៤២:១២) ។ ទ្រង់​បាន​ត្រាស់​បង្គាប់​បន្ថែម​ទៀត​ថា សេចក្តី​ពិត​ទាំង​នេះគួរតែ​ត្រូវបាន​បង្រៀន​ដូចដែល « ត្រូវបាន​ដឹកនាំ​ពីព្រះវិញ្ញាណ » ដែល « ត្រូវ​បាន​​ប្រទាន​ដល់​អ្នក … ដោយ​ពាក្យ​អធិស្ឋាន​នៃសេចក្តីជំនឿ » (គ. និង ស. ៤២:១៣–១៤) ។ នៅពេលរៀបចំ​មេរៀន​នីមួយៗ សូម​អធិស្ឋាន​​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​​ព្រះគម្ពីរ និង​គោលលទ្ធិ ព្រម​ទាំង​គោលការណ៍​នានា​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ ដូចគ្នា​នេះ​ដែរ សូម​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ នៅពេល​អ្នក​ដាក់​ផែនការ​​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បទគម្ពីរ រៀន​ទទួល​ការ​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​មាន​ឆន្ទៈ​ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ។

នៅក្នុង​វគ្គសិក្សា​នេះ ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ​ជា​អត្ថបទ​​ចម្បង​របស់​អ្នក នៅ​ពេល​អ្នក​រៀបចំ និង​បង្រៀន ។ សូម​សិក្សា​ជំពូក​ឬ​ខគម្ពីរ​នានាដែល​អ្នក​នឹង​បង្រៀន​ដោយការ​អធិស្ឋាន ។ សូម​ព្យាយាម​យល់​ពី​បរិបទ និង មាតិកា​នៃ​បណ្តុំ​បទគម្ពីរ រួម​ទាំង​ខ្សែ​រឿង មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍​នានា ។ នៅពេល​អ្នក​កាន់តែ​ស្គាល់​បរិបទ និង មាតិកា​នៃ​បណ្តុំ​បទគម្ពីរ នោះ​សូម​ព្យាយាម​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅក្នុង​ខគម្ពីរ​នោះ ហើយ​សម្រេច​ចិត្ត​ថា​សេចក្តី​ពិត​ណា​មួយ​ដែល​សំខាន់​សម្រាប់​សិស្ស​របស់​អ្នកដើម្បី​យល់ ហើយ​អនុវត្ត​វា​នោះ ។ កាលណាអ្នក​បាន​រកឃើញ​អ្វី​ ដែលអ្នក​ផ្តោត​យកចិត្ត​ទុក​ដាក់​ហើយ​នោះ សូម​កំណត់​អំពី​វិធីសាស្ត្រ យុទ្ធ​សាស្ត្រ និង សកម្មភាព​ណា​មួយ​ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត​ឲ្យ​រៀន និង អនុវត្ត​សេចក្តីពិត​ដ៏ពិសិដ្ឋ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នេះ ។

សៀវភៅ​សិក្សានេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​អ្នក​ក្នុង​ដំណើរ​ការ​នេះ ។ សូម​រំឭក​មេរៀន​ដោយ​យកចិត្ត​ទុកដាក់​ ឲ្យ​ស្រប​ទៅ​នឹង​បណ្តុំបទគម្ពីរ​ដែល​អ្នក​នឹង​បង្រៀន ។ អ្នក​អាច​ជ្រើសប្រើប្រាស់​យោបល់​ណែនាំ​ទាំង​អស់ ឬ​មួយចំនួន​សម្រាប់​បណ្តុំ​បទគម្ពីរ ឬ អ្នកអាច​សម្របសម្រួល​ទៅ​តាម​គំនិត​ ដែល​បាន​ណែនាំ​ទៅ​តាម​តម្រូវការ និង ស្ថានភាព​សិស្ស​ដែល​អ្នក​បង្រៀន ។

វា​សំខាន់​ថា ​អ្នក​ជួយសិស្ស​ឲ្យ​សិក្សា​បណ្តុំ​បទ​គម្ពីរ​ទាំងមូល​នៅក្នុង​មេរៀន​នីមួយៗ ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ចាប់យក​សារ​លិខិត​ពេញលេញ ដែល​អ្នក​សរសេរ​ព្រះគម្ពីរ​មាន​បំណង​ចង់​បង្ហាញ ។ ប៉ុន្តែ នៅពេល​អ្នកគ្រោង​មេរៀន​របស់​ខ្លួន អ្នក​អាច​រកឃើញ​ថា ​អ្នក​ពុំ​មាន​ពេល​គ្រប់​គ្រាន់​នៅក្នុង​ម៉ោង​បង្រៀន​ ដើម្បី​ប្រើគ្រប់​អស់​​ទាំង​យោបល់​នៃ​ការបង្រៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ឡើយ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ហើយ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​តម្រូវការ​នៃ​សិស្ស​របស់​អ្នក នៅពេល​អ្នក​សម្រេច​ចិត្ត​​ដើម្បី​បញ្ជាក់​អត្ថន័យ​លើ​ផ្នែក​ណាមួយ​នៃ​បណ្តុំ​បទ​គម្ពីរ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីពិត និង សារៈសំខាន់​របស់​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិន​បើ​​ពេលវេលា​ខ្លី អ្នក​ត្រូវតែ​សម្រប​សម្រួល​​ផ្នែកដ​ទៃ​ទៀត​នៃ​មេរៀន ដោយ​សង្ខេប​​ក្រុមខគម្ពីរ​នោះ​ឲ្យ​ខ្លី ឬ តាមរយៈ​ការ​នាំ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍ ឬ គោលលទ្ធិ​មួយ​យ៉ាង​លឿន ពីមុន​បន្ត​ទៅ​ក្រុមខគម្ពីរ​បន្ទាប់​ទៀត ។

នៅពេល​អ្នក​ពិចារណ​អំពី​របៀប​ដើម្បី​សម្រប​សម្រួល​មេរៀន សូមប្រាកដ​ថា​បាន​ធ្វើតាម​ការប្រឹក្សា​នេះ ពី​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ខ្ញុំ​ស្ដាប់​ឮ​ប្រធាន ផាកកឺ លោកបាន​បង្រៀន​​ជាញឹកញាប់​ថា ដំបូង​យើង​ត្រូវ​ទទួល​យក បន្ទាប់មក​សម្រប​តាម​វា ។ ប្រសិនបើ​យើង​គ្រោងលើកយក​មេរៀន​ដែល​មាន​នៅ​ក្នុង​សៀវភៅ ដោយ​យកចិត្ត​ទុកដាក់​មុន​នឹង​យើង​បង្រៀន នោះ​យើងអាច​ធ្វើតាម​ព្រះវិញ្ញាណ​​ដើម្បី​សម្របសម្រួល​តាម​វា​បាន » ( « 4.3.4 Decide through Inspiration » ដក​ស្រង់​មក​ពី ​« A Panel Discussion with Elder Dallin H. Oaks » [ Seminaries and Institutes of Religion satellite broadcast ថ្ងៃ​ទី ​៧ ខែ ​សីហា ឆ្នាំ​២០១២ ] LDS.org) ។

នៅពេល​អ្នករៀបចំ​បង្រៀន សូមនឹកគិត​ដល់​សិស្ស​​ដែល​មាន​តម្រូវការ​ជាពិសេស​ផង ។ សូមសម្របសម្រួល​សកម្មភាព​នានា និង​ការរំពឹងទុក​ទាំងឡាយ​​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ។ ទំនាក់ទំនង​ជាមួយ​នឹង​ឪពុកម្ដាយ និង អ្នក​ដឹកនាំ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​តម្រូវការ​របស់​សិស្ស ហើយ​​ជួយ​អ្នក​ឲ្យ​បាន​ជោគជ័យ ក្នុង​ការផ្ដល់​នូវ​បទពិសោធន៍​ដ៏​មាន​ន័យ​សម្រាប់​​សិស្ស ។

អំឡុង​ពេល​នៃ​ការរៀបចំ​មេរៀន​របស់​អ្នក អ្នក​អាច​ជ្រើសរើសប្រើប្រាស់​ឧបករណ៍កំណត់ចំណាំ និង សៀវភៅ​កំណត់ហេតុ​នៅលើគេហទំព័រ LDS.org ឬ នៅក្នុង Gospel Library សម្រាប់​ឧបករណ៍​ចល័ត​របស់​អ្នក ។ អ្នក​អាច​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ​ដើម្បី​គូស​ចំណាំ​ព្រះគម្ពីរ សុន្ទរកថា​សន្និសីទ អត្ថបទ​ទស្សនាវដ្តី​នៃ​សាសនាចក្រ និង មេរៀន​នានា ។ អ្នក​អាច​បន្ថែម ឬ រក្សាទុក​កំណត់ចំណាំ​នោះ​សម្រាប់​ប្រើវា​អំឡុង​ពេល​អ្នក​បង្រៀន ។ ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ប្រើប្រាស់​ឧបករណ៍​​ទាំង​នេះ សូមមើល Notes and Journal Help នៅគេហទំព័រ LDS.org

សម្ភារ​មួយ​ចំនួន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​បាន​ប្រែ​សម្រួល​មក​ពី New Testament Student Manual Church Educational System Manual ឆ្នាំ​ ២០១៤ ) ។

ការប្រើ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ប្រចាំ​ថ្ងៃ

សេចក្ដីផ្ដើម​នៃ​គម្ពីរ

សេចក្តីផ្តើម​នៃ​គម្ពីរ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​គម្ពីរ​នីមួយៗ ។ នៅ​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត វា​ពន្យល់​ថា គម្ពីរ​នីមួយៗ​បាន​សរសេរ​ឡើង​ដោយ​នរណា រៀបរាប់​អំពី​លក្ខណៈ​ខុស​ប្លែក​គ្នា​នៃ​គម្ពីរ​នីមួយៗ ហើយ​ផ្ដល់​នូវ​សេចក្ដី​សង្ខេប​មួយ​ស្ដីពី​​មាតិកា​នៃ​គម្ពីរ​នីមួយៗ ។

សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ

សេចក្ដីណែនាំនៃបណ្តុំបទគម្ពីរ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​ខ្លី​មួយ​នៃ​បរិបទ និង មាតិកា​នៃ​បណ្តុំ​បទគម្ពីរ​សម្រាប់​មេរៀននីមួយៗ ។

សេចក្ដីសង្ខេប​នៃក្រុម​ខគម្ពីរ និង បរិបទ

ជាញឹកញាប់​ បណ្តុំបទគម្ពីរ​ត្រូវបាន​បែង​ចែក​ចេញ​​ទៅជា​វគ្គតូចៗ ឬ ក្រុម​ខគម្ពីរដែល​ផ្តោត​លើ​ប្រធាន​បទ ឬ សកម្មភាព​ជាក់លាក់​មួយ ។ សេចក្ដីយោង​នៃ​ក្រុម​ខគម្ពីរ​នីមួយៗ ត្រូវ​បាន​​បន្ត​ដោយ​សេចក្ដីសង្ខេបខ្លី​នៃ​ហេតុ​ការណ៍ ឬ​ការបង្រៀន​នៅក្នុង​ក្រុម​ខគម្ពីរ​នោះ ។

ជំនួយក្នុងការបង្រៀន

ជំនួយក្នុងការបង្រៀន​នឹង​ពន្យល់​អំពី​គោល​ការណ៍ និង វិធីបង្រៀន​ដំណឹងល្អ​ ។ វា​អាច​ជួយ​អ្នក​នៅក្នុង​ការខិតខំ​ ដើម្បី​កែ​លម្អ​​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ។

តួសេចក្តី​នៃ​មេរៀន

តួ​សេចក្តី​នៃមេរៀន​មានសេចក្តីណែនាំ​សម្រាប់​​អ្នក នៅពេល​អ្នក​សិក្សា និង បង្រៀន ។ វា​ផ្ដល់​គំនិត​បង្រៀន រួមមាន​សំណួរ សកម្មភាព ការដកស្រង់ ដ្យាក្រាម និង តារាង​នានា ។

គោលលទ្ធិ និង គោលការណ៍ទាំងឡាយ

នៅពេល​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយ​លេច​ឡើង​នៅក្នុង​ការសិក្សា​អត្ថបទ​ព្រះគម្ពីរ នោះ​វា​ត្រូវបាន​គូស​បញ្ជាក់​ជា​អក្សរ​ខ្មៅ​ដិត​ ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ និង​ផ្ដោតយក​ចិត្ត​ទុកដាក់​លើ​វា​នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​សិស្ស ។

រូបភាព

រូបភាព​នៃ​អ្នកដឹកនាំ​សាសនាចក្រ និង ព្រឹត្តិការណ៍​នានា​អំពី​ព្រះគម្ពីរ​ តំណាង​ឲ្យ​ជំនួយ​ចក្ខុវិស័យ ដែល​អ្នក​អាច​បង្ហាញ​ ប្រសិន​បើ​វា​មាន​នៅពេល​អ្នក​បង្រៀន ។

ចំណេះចំណានខគម្ពីរ

វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង ២៥ មាន​នៅ​ក្នុង​ព្រះគម្ពី​សញ្ញា​ថ្មី ត្រូវ​បាន​គូស​ចំណាំ​នៅក្នុង​បរិបទ​ក្នុង​មេរៀន​ដែលមាន​វា ។ មេរៀន​នីមួយៗ​ក៏​មាន​នូវ​គំនិត​សម្រាប់​ការបង្រៀន​ផងដែរ ​សម្រាប់​វគ្គ​បទគម្ពីរ​ទាំងនេះ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ជា​ទៀងទាត់ នោះ​មាន​សកម្មភាព​រំឭក​ចំណេះចំណាន​ខគម្ពីរ​ជា​ច្រើន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ។ ចំពោះ​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ចំណេះចំណាន​ខគម្ពីរ​ សូម​មើល​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ឬ​Seminary Student Resources នៅ​គេហទំព័រ LDS.org ។

ចន្លោះ​ជួរឈរ

ចន្លោះ​ជួរឈរ​នៅ​ក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូ​ ដែល​បាន​បោះពុម្ព​អាច​ត្រូវបាន​ប្រើ​​សម្រាប់​ការរៀបចំ​មេរៀន​រួមមាន​ការសរសេរ​កត់ចំណាំ គោលការណ៍ បទពិសោធន៍ ឬ គំនិត​ផ្សេង​ទៀត ​នៅពេល​អ្នក​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ការ​ដកស្រង់ និង ការពន្យល់​បន្ថែម​ត្រូវបាន​ផ្ដល់​ឲ្យ​នៅចុងបញ្ចប់​មេរៀន​មួយ​ចំនួន ដើម្បី​បន្ថែម​ការយល់​ដឹង​ស្ដីពី​ប្រវត្តិ​បរិបទ ទស្សនៈ​ជាក់លាក់ ឬ វគ្គបទគម្ពីរ​នានា ។ សូម​ប្រើ​ព័ត៌មាន​នៅក្នុង​ផ្នែក​នេះ ដើម្បី​រៀបចំ​ឆ្លើយនឹង​សំណួរ ឬ ផ្ដល់​ការយល់​ដឹង​បន្ថែម​នៅពេល​អ្នក​បង្រៀន ។ សេចក្តីអធិប្បាយ​បន្ថែម​ផ្សេង​ទៀត អាច​រក​បាននៅ​ក្នុង​ទម្រង់​អេឡិចត្រូនិច​នៃ​សៀវភៅ​សិក្សា​នេះ​នៅ​គេហទំព័រ LDS.org និង​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

គំនិត​បន្ថែម​សម្រាប់​ការបង្រៀន

គំនិត​បន្ថែម​នានា​សម្រាប់​ការបង្រៀន​ មាន​នៅ​ខាង​ចុង​នៃ​មេរៀន​មួយ​ចំនួន ។ គំនិត​នេះ​ផ្តល់ជា​​យោបល់​សម្រាប់​ការបង្រៀន​គោលលទ្ធិ និង គោលការណ៍​ដែល​ពុំ​អាច​រកឃើញ ឬ សង្កត់​ធ្ងន់​នៅក្នុង​តួសេចក្តីនៃមេរៀន ។ វា​ក៏​ផ្តល់ផងដែរ​នូវ​យោបល់​ស្តី​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សោតទស្សន៍ ដូច​ជា​ឌី.វី.ឌី.​ បទ​បង្ហាញ និង វីដេអូ​នៅ​លើ​គេហទំព័រ LDS.org។ គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​អាច​រក​បាន ​នៅ​ក្នុង​ទម្រង់​អេឡិចត្រូនិច​នៃ​សៀវភៅ​សិក្សា​នេះ​នៅ​គេហទំព័រ LDS.org និង​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ( ម៉ោង​សិក្សា​អំពីសាសនា និង ម៉ោង​ព្រឹកព្រលឹម )

សៀវភៅសិក្សា​នេះ រួមមាន​មូលដ្ឋាន​គ្រឹះ​ដូច​ខាង​ក្រោមសម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខា​សាលា​​ប្រចាំ​ថ្ងៃ ៖ មេរៀន​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូ​បង្រៀន​ចំនួន ១៦០ ​មេរៀន ជំនួយ​ក្នុង​ការបង្រៀន សេចក្ដីផ្ដើម​នៃ​គម្ពីរ និង ធន​ធាន​​សម្រាប់​ការបង្រៀន​ចំណេះចំណានខគម្ពីរ និង គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។

សេចក្ដីផ្ដើម​នៃ​គម្ពីរ

សេចក្ដីផ្ដើម​នៃ​គម្ពីរ​គឺ​ដាក់​នៅ​ពីមុន​មេរៀន​ដំបូង​នៃ​គម្ពីរ​នីមួយៗ ។ សេចក្ដីផ្ដើម​នៃ​គម្ពីរ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​គម្ពីរ​នីមួយៗ​ ដោយ​ឆ្លើយ​នឹង​សំណួរ​ដូច​តទៅ​នេះ ៖ ហេតុអ្វី​ត្រូវ​សិក្សា​គម្ពីរ​នេះ ? តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ? តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ? តើ​វា​សរសេរ​ទៅ​កាន់​នរណា ? ហេតុអ្វី ? និង​តើ​លក្ខណៈ​ខុស​ប្លែ​កគ្នា​មួយ​ចំនួន​​នៃ​គម្ពីរ​នេះ​មាន​អ្វីខ្លះ ? សេចក្ដីផ្ដើម​ទាំងឡាយ​ក៏​បង្ហាញ​ដោយ​សង្ខេប​នូវ​មាតិកា​នៃ​គម្ពីរ​នីមួយៗ​​ផង​ដែរ ។ ពួក​គ្រូបង្រៀន​គួរ​រួមបញ្ចូល​បរិបទ និង​ព័ត៌មាន​​សាច់​រឿង​មក​ពី​សេចក្ដីផ្ដើម​នៃ​គម្ពីរ​ទៅ​ក្នុង​មេរៀន ប្រសិន​​​បើ​​ចាំបាច់ ។

មេរៀន​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រូបង្រៀន

ទម្រង់​នៃ​មេរៀន

មេរៀននីមួយៗ​នៅក្នុង​សៀភៅសិក្សា​នេះ​ផ្តោតលើ​បណ្តុំ​បទគម្ពីរ​មួយ ជាជាង​ផ្តោតទៅ​លើ​គំនិត​ គោលលទ្ធិ ឬ គោលការណ៍ពិសេស​ណា​មួយ ។ ទម្រង់​នៃ​មេរៀន​នេះ​ជួយ​អ្នក និង សិស្ស​របស់​អ្នក​ឲ្យ​សិក្សា​​ព្រះគម្ពីរតាម​លំដាប់​លំដោយ ហើយ​ពិភាក្សា​ពីគោលលទ្ធិ និង គោលការណ៍​​ដែល​វា​មាន​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ។ នៅពេល​សិស្ស​រៀន​មាតិកា​នៅក្នុង​គោលលទ្ធិ ឬ គោលការណ៍​ដែល​រកឃើញ នោះ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នោះ​​នឹង​កាន់តែជ្រាលជ្រៅ ។ លើស​ពី​នេះ​ទៅ​ទៀត សិស្ស​នឹង​មើល​ឃើញ ហើយ​យល់​កាន់តែ​ប្រសើរ​ឡើង​អំពីវិសាលភាព​ទាំង​មូល​នៃ​សារលិខិត​ដែល​បំផុស​គំនិត​​ដល់​អ្នក​សរសេរ​គម្ពីរ​ ដែល​មាន​បំណង​ចង់​បង្ហាញ ។ ការបង្រៀន​ព្រះគម្ពីរ​តាម​របៀប​នេះ​ក៏នឹង​ជួយ​សិស្ស​ឲ្យ​រៀន​ផងដែរ ពីរបៀប​ស្វែងរក និង អនុវត្ត​សេចក្តីពិត​ដ៏​អស់កល្ប​នានា​​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

នៅក្នុង​មេរៀន​នីមួយៗ​គ្រប់ផ្នែក​ទាំងអស់​នៃ​បណ្តុំ​បទគម្ពីរ​ពុំ​ត្រូវបានសង្កត់​ធ្ងន់​ឡើយ ។ ផ្នែក​មួយ​ចំនួន​ត្រូវបាន​ផ្តោត​លើ​តិចតួច ដោយសារ​វា​ពុំសូវ​ផ្តោត​សំខាន់​លើ​សារលិខិត​ទាំងមូល ​នូវ​ការបំផុសគំនិត​របស់​អ្នក​សរសេរ ឬ ដោយសារ​វា​ពុំសូវពាក់ព័ន្ធ​ចំពោះ​យុវវ័យទេ ។ អ្នកមាន​ទំនួលខុសត្រូវ​ដើម្បី​កែសម្រួល​មេរៀន​ទាំង​នេះ​ទៅតាម​តម្រូវការ និង ការចាប់​អារម្មណ៍​របស់​​សិស្ស​ដែល​អ្នក​បង្រៀន ។ អ្នក​អាចសម្របសម្រួល​គំនិត​នៃ​មេរៀន​នៅ​ក្នុង​​សៀវភៅ​សិក្សា​នេះ ដោយ​ជ្រើសយក​ការសង្កត់ធ្ងន់​កាន់​តែ​ខ្លាំង​ចំពោះគោលលទ្ធិ ឬ គោលការណ៍​ពិសេសៗ​ ជាជាង​គំនិត​នានា​ដែលត្រូវបាន​ផ្តល់​ឲ្យ​ក្នុង​មេរៀន ឬ ដោយ​ជ្រើស​យក​ការសង្កត់ធ្ងន់​តែ​បន្តិចបន្តួច​​លើ​ផ្នែក​មួយ​នៃ​បណ្តុំ​បទគម្ពីរ ដែលត្រូវ​​បាន​បង្កើត​ឡើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​នៅក្នុង​​សៀវភៅ​សិក្សា​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ជួយ​អ្នកឲ្យធ្វើ​ការកែសម្រួល​នេះ ​នៅ​ពេល​អ្នក​រៀបចំ និង បង្រៀន ។

គោលលទ្ធិ និង គោលការណ៍ទាំងឡាយ

នៅក្នុង​តួ​សេចក្តី​នៃ​មេរៀននីមួយៗ អ្នក​នឹង​រកឃើញ​ថា គោលលទ្ធិ និង គោលការណ៍​គន្លឹះ​មួយ​ចំនួននោះ​​ត្រូវបាន​គូសបញ្ជាក់​ជា​អក្សរ​ដិត​ខ្មៅ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ត្រូវបាន​រកឃើញនៅក្នុង​កម្មវិធី​សិក្សា​ដោយសារ (១) វា​ឆ្លុះ​បញ្ចាំង​ពីសារលិខិត​សំខាន់​នៃ​បណ្តុំ​បទគម្ពីរ (២) ជាពិសេស វា​អាចអនុវត្ត​បាន​ចំពោះ​សេចក្តីត្រូវការ និង ស្ថានភាព​នានា​​របស់​សិស្ស (៣) វា​គឺ​ជា​សេចក្តីពិត​ដ៏​សំខាន់ ដែល​អាច​ជួយ​សិស្សឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ឡើង​​ជាមួយ​ព្រះអម្ចាស់ ។ សូម​ដឹង​ថា ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​សេចក្តី​ពិត​មួយ​ចំនួនច្រើន​ជាង​សេចក្តីពិត​ទាំងអស់​ដែល​មាននៅក្នុង​កម្មវិធី​សិក្សា ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ​ព្រះគម្ពីរ​មាន​នូវ « បណ្តុំ​នៃ​សេចក្តីពិត​ដ៏​អស់​កល្ប ​ដែល​នឹង​បំពេញ​នូវ​សេចក្តីត្រូវការ​នៃ​ជន​គ្រប់​រូប​នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ » (« The Great Plan of Happiness »  [ CES Symposium on the Doctrine and Covenants/Church History, ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៩៣ ]​ គេហទំព័រ si.lds.org, សូមមើល​ផងដែរ Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ​៦៩ , គេហទំព័រ LDS.org) ។

នៅពេល​អ្នក​បង្រៀន សូម​ផ្តល់​​ឱកាស​ឲ្យ​សិស្ស​ជានិច្ច​ដើម្បី​ស្វែងរក​គោលលទ្ធិ និង គោល​ការណ៍​នានា​នៅក្នុង​ព្រះគម្ពីរ ។ នៅពេល​សិស្ស​បង្ហាញ​សេចក្តីពិត​ដែល​ពួកគេ​រក​ឃើញ នោះជាញឹកញាប់​ពួកគេ​អាច​ប្រើ​ពាក្យ ​ដែល​ខុសគ្នា​អំពី​របៀប​ដែល​គោលលទ្ធិ ឬ គោលការណ៍​នោះ​បាន​ថ្លែង​នៅក្នុង​សៀវភៅ​សិក្សា​នោះ ។ ពួកគេ​ក៏​អាច​រក​ឃើញ​ផងដែរ នូវ​សេចក្តីពិត​ដែលពុំ​មាន​​នៅក្នុង​គម្រោង​មេរៀន ។ សូម​ប្រុងប្រយ័ត្ន​ កុំ​ផ្តល់​យោបល់​ដោយ​ងាយៗ​ថា ចម្លើយ​របស់​សិស្ស​គឺ​ខុស ដោយសារតែ​ពាក្យ​​ដែល​ពួកគេ​ប្រើ​ដើម្បី​បង្ហាញ​ពី​សេចក្តីពិត ខុស​ពី​អ្វី​ដែល​បាន​ប្រើ​នៅក្នុង​សៀវភៅ​សិក្សា ឬ ដោយសារ​ពួកគេ​បាន​រក​ឃើញ​សេចក្តីពិត​មួយ​ ដែល​ពុំ​បាន​លើក​ឡើង​នៅក្នុង​កម្មវិធី​សិក្សា​នោះ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​ប្រយោគ​របស់​សិស្ស​ម្នាក់​ខុស​ពី​គោលលទ្ធិ នោះ​វា​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ដើម្បី​ជួយសិស្ស​ដោយ​ឥរិយាបទ​ទន់ភ្លន់ ​ដើម្បី​ជួយ​កែតម្រូវ​សេចក្តីថ្លែងការណ៍​របស់​គាត់ ដោយ​ធ្វើ​ការនេះ​ដោយ​សេចក្តីស្រឡាញ់ និង ការទុកចិត្ត ។ ការធ្វើ​ដូច្នោះ​អាច​ផ្ដល់​នូវ​បទពិសោធន៍​រៀន​សូត្រ​យ៉ាង​សំខាន់​ដល់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ។

ល្បឿន​បង្រៀន

សៀវភៅសិក្សានេះ​មាន​មេរៀន​ថ្នាក់​សិក្ខា​សាលា​​ប្រចាំថ្ងៃ​ចំនួន ១៦០ ​មេរៀន ។ អ្នក​អាច​សម្របសម្រួល​មេរៀន​នេះ និង ល្បឿន​​​នៃ​ការបង្រៀន​ទៅតាម​តម្រូវការ​នៃ​រយៈពេលវេលា​ដែល​អ្នក​មាន​ ដើម្បី​បង្រៀន​​វគ្គសិក្សា​នេះ ។ សូមមើល​ឧបសម្ព័ន្ធ​នៃ​សៀវភៅសិក្សា​នេះ សម្រាប់​​សេចក្តីណែនាំគំរូ​នៃ​ល្បឿន​បង្រៀន​ ។ សេចក្តីណែនាំនៃ​ល្បឿន​បង្រៀន​ផ្អែក​ទៅ​លើ​ឆ្នាំ​សិក្សា​ដែល​មាន​រយៈពេល​ ៣៦ ​សប្តាហ៍ ឬ ១៨០ ​ថ្ងៃ និង​រួម​បញ្ចូល​នូវ​ ២០ ​ថ្ងៃ « ​ដែល​អាច​ផ្លាស់ប្ដូរ​បាន » ដែល​អ្នក​អាច​ប្រើ​ដើម្បី​សម្រួល​មេរៀន​ប្រចាំថ្ងៃ ជួយ​សិស្ស​ឲ្យ​សូត្រ​ចាំវគ្គ​ចំណេះចំណាន​ខគម្ពីរ​ស្ទាត់ និង គោលលទ្ធិគ្រឹះ រំឭក​មេរៀន​ពីមុនៗ ចាត់ចែង ហើយ​ពិនិត្យ​ការ​វាយ​តម្លៃ​លើ​ការ​រៀន​​សូត្រ​ដែល​ចាំបាច់ ហើយ​ទុក​ពេល​សម្រាប់​កាលវិភាគ​ដែល​អាក់​ខាន​នានា ។

កិច្ចការ​ជំនួស​អវត្តមាន

សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ អាច​ត្រូវបាន​ប្រើ​ប្រាស់​​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ​ជា​ធនធាន​ ដើម្បី​ផ្តល់​កិច្ចការ​ដែល​សិស្ស​មិនទាន់​បាន​បំពេញ​នៅ​ឡើយ ។ មេរៀន​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ ​ស្រប​នឹង​មេរៀន​ដែល​មាន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សិស្ស​ដែល​អវត្តមាន​ច្រើន​លើសលុប​អាច​ត្រូវ​បាន​ចាត់ឲ្យ​បំពេញនូវ​កិច្ចការ​នានា​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ ដែល​ត្រូវគ្នា​​នឹង​មាតិកា​ដែល​ពួកគេពុំ​បាន​ធ្វើ ព្រោះមិនបានមករៀន ។ កិច្ចការ​នោះ​អាច​បោះពុម្ព​ចេញពី​គេហទំព័រ​LDS.org ដូច្នេះ​អ្នក​ពុំ​ចាំបាច់​​ត្រូវ​ផ្តល់សៀវភៅ​សិក្សា​ទាំងមូលនេះ​ដល់​សិស្ស​ ដែល​ត្រូវ​ធ្វើកិច្ចការ​ជំនួស​ពេលដែលអវត្តមាន​ឡើយ ។ ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង សៀវភៅមគ្គុទេសន៍ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ​ គឺ​ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុងវគ្គ​ចំណង​ជើង « កម្មវិធី​សិក្សា​ថ្នាក់​សិក្ខា​សាលា​ដែល​សិក្សា​នៅ​ផ្ទះ » នៅក្នុង​សៀវភៅ​សិក្សា​នេះ ។

ជំនួយ​ក្នុង​ការបង្រៀន

ជំនួយ​ក្នុង​ការបង្រៀន​មាននៅ​គែម​ទំព័រ​នៃ​សៀវភៅ​សិក្សា​នេះ ។ ការបង្រៀន​ទាំង​នេះ​ជួយ​ពន្យល់ និង បង្ហាញ​អំពីរបៀប​ដែល​អ្នក និង សិស្សដែល​អ្នក​បង្រៀន ​អាច​អនុវត្តការបង្រៀន និង​ការ​រៀន​សូត្រ​មូលដ្ឋានគ្រឹះនៃ​ដំណឹង​ល្អ​នៅ​ក្នុង​ការសិក្សារបស់​អ្នក​​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ វា​ក៏​ផ្តល់​ផងដែរ​នូវ​យោបល់​នានា​ស្តី​អំពី​របៀប​ដ៏​មាន​ប្រសិទ្ធភាព ​ដើម្បី​ប្រើ​វិធី​សាស្ត្រ ជំនាញ និង យុទ្ធសាស្រ្ត​បង្រៀន​ផ្សេងៗ ។ នៅពេល​អ្នក​យល់​គោលការណ៍​​ដែល​មាន​នៅ​ក្នុងជំនួយក្នុងការបង្រៀន សូម​រក​មើល​របៀប​​នានា​ដើម្បីអនុវត្ត ហើយ​ប្រើ​វា​ឲ្យ​បាន​ជាប់លាប់​នៅក្នុងការបង្រៀន​របស់​អ្នក ។

ចំណេះចំណានខគម្ពីរ និង គោលលទ្ធិ​គ្រឹះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​រក្សា​ទុក​នូវ​សេចក្តី​ពិត​ដ៏​អស់​កល្ប​ជានិច្ច និង ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​លើ​ការរៀនសូត្រ និង ការបង្រៀន​ចេញ​ពី​ព្រះគម្ពីរ នោះ​ថ្នាក់​សិក្ខាសាលា និង វិទ្យា​ស្ថាន​​សាសនា ( ស&វ ) បាន​ជ្រើសរើស​វគ្គ​​បទគម្ពីរ​ជាច្រើន​​សម្រាប់​សិស្ស​ឲ្យ​សូត្រ​ចាំស្ទាត់ក្នុង​អំឡុង​ពេល​នៃ​វគ្គសិក្សា​នីមួយៗ ។ លើស​ពី​នេះ​ទៀត​បញ្ជី គោលលទ្ធិ​គ្រឹះ ត្រូវបាន​ដាក់​បញ្ចូល​​ដើម្បី​បង្ហាញនូវ​គោលលទ្ធិ​គន្លឹះ​ដែល​សិស្ស​គួរតែ​យល់ ជឿ ហើយ​រស់នៅតាម​ពេញ​បួន​ឆ្នាំនៃ​ថ្នាក់​សិក្ខាសាលា និង ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ សៀវភៅសិក្សា​​សម្រាប់​វគ្គ​សិក្សា​នីមួយៗ​ ក្នុង​ថ្នាក់​សិក្ខាសាលា ត្រូវបាន​រៀបចំ​ដើម្បី​បង្ហាញ​អំពី​គោលលទ្ធិ​គ្រឹះ នៅពេល​វាលេចឡើង​អំឡុង​​ពេលសិស្សសិក្សា​ព្រះគម្ពីរ​​តាម​លំដាប់​លំដោយ​​របស់​វគ្គគម្ពីរ ។ មាន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ជា​ច្រើន​ ត្រូវ​បាន​​ជ្រើសរើស​ជាមួយ​នឹង​គោលលទ្ធិ​គ្រឹះ​នៅ​ក្នុង​ចិត្ត ដូច្នេះ​ហើយ នៅពេល​អ្នក​បង្រៀន​​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដល់​សិស្ស នោះ​អ្នក​នឹង​បង្រៀន​គោលលទ្ធិ​គ្រឹះ​ផងដែរ ។

នៅពេល​សិស្ស​បាន​រក្សាទុក​នូវ​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​គំនិត និង ដួងចិត្ត​របស់ខ្លួន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​សេចក្តី​ពិត​ទាំងនេះ ទៅ​ដល់​ការចងចាំ​នៅពេល​ដែល​ចាំបាច់ និង ផ្តល់​ភាពក្លាហាន​ដល់​គេ​​ដើម្បី​ធ្វើ​សកម្មភាព​​ដោយ​សេចក្តី​ជំនឿ ( សូមមើល យ៉ូហាន ១៤:២៦) ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន ៖

« ខ្ញុំ​សុំ​លើកទឹកចិត្ត​អ្នក​យ៉ាង​ម៉ឹងមាត់ ឲ្យ​ប្រើ​បា្រស់​ព្រះគម្ពីរ​នៅក្នុង​ការបង្រៀន​របស់​អ្នក និង ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​អ្នក ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើប្រាស់ និង មាន​អារម្មណ៍​កាន់​តែ​កក់ក្តៅចំពោះព្រះគម្ពីរ ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​វ័យ​ក្មេង​របស់​យើង​មាន​ទំនុក​ចិត្ត​លើ​ព្រះគម្ពីរ ។ …

« … យើង​ចង់​ឲ្យ​សិស្ស​មាន​ទំនុកចិត្ត​លើ​អានុភាព និង សេចក្តីពិត​នៃ​ព្រះគម្ពីរ មាន​ទំនុកចិត្ត​ថា ​ព្រះ​វរបិតា​សួគ៌​របស់​ពួកគេ ពិតជា​កំពុង​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ​តាមរយៈ​ព្រះគម្ពីរ​មែន ហើយទំនុកចិត្តថា​ពួកគេ​អាចងាក​ទៅ​អាន​ព្រះគម្ពីរ ហើយ​រក​ចម្លើយ​ចំពោះ​បញ្ហា និង ការអធិស្ឋាន​របស់​ពួកគេ ។ …

« …យើង​សង្ឃឹម​ថា គ្មាន​សិស្ស​ណាម្នាក់​របស់​អ្នក​នឹង​ចាកចេញ​ពី​ថ្នាក់​របស់​អ្នក​ដោយ​ការភ័យ​​ខ្លាច​​ ឬ​អៀនខ្មាស់ ឬ អាម៉ាស់​​មុខ ដែល​ពួកគេ​មិន​អាច​រក​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដោយសារ​ពួក​គេ​មិន​ចេះ​​ព្រះគម្ពីរ​ច្បាស់គ្រប់គ្រាន់​ ក្នុង​ការ​រក​វគ្គបទគម្ពីរ​​ត្រឹមត្រូវនោះឡើយ » (« Eternal Investments » [ address to CES religious educators, ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ] ទំព័រ​ ២ si.lds.org, សូមមើល​ផងដែរ Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ ២០,LDS.org) ។

សូមមើល​ឧបសម្ព័ន្ធ​នៃ​សៀវភៅសិក្សា​នេះ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ចំណេះ​ចំណាន​ខគម្ពីរ និង គោល​លទ្ធិ​គ្រឹះ ។

ការប្រើ​ប្រាស់​មេរៀនដែល​​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​របស់​សិស្ស

សេចក្ដីសង្ខេប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​បរិបទ និង គោលលទ្ធិ ព្រមទាំង​គោលការណ៍​នានា ​ដែល​សិស្ស​បាន​សិក្សា​ក្នុង​មួយ​សប្ដាហ៍ នៅក្នុង​សៀវភៅមគ្គុទេសន៍ការសិក្សា​របស់​សិស្ស ។

សេចក្ដីផ្ដើម​នៃ​មេរៀន

សេចក្ដីផ្ដើម​នៃមេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​​ពីផ្នែក​ខ្លះៗ​នៃ​បណ្តុំបទគម្ពីរ​ណា​មួយ ដែល​នឹង​ត្រូវលើក​យក​មក​បញ្ជាក់​នៅក្នុង​មេរៀននេះ ។

សេចក្ដីសង្ខេប​នៃក្រុម​ខគម្ពីរ និង បរិបទ

ខគម្ពីរ​ត្រូវបាន​ដាក់​ជា​ក្រុម ស្របតាម​​ទីតាំង​ដែល​ផ្លាស់ប្តូរ​នៅក្នុង​បរិបទ ឬ មាតិកា​ដែល​មានពាស​ពេញ​ទាំង​បណ្តុំ​បទគម្ពីរ ។ សេចក្ដីយោង​នៃ​ក្រុម​ខគម្ពីរ​នីមួយៗ ត្រូវ​បាន​​បន្ត​ដោយ​សេចក្ដីសង្ខេបខ្លី​នៃ​ហេតុ​ការណ៍ ឬ​ការបង្រៀន​នៅក្នុង​ក្រុម​ខគម្ពីរ​នោះ ។

តួសេចក្តី​នៃ​មេរៀន

តួ​សេចក្តីនៃ​មេរៀន​ផ្តល់​នូវ​សេចក្តីណែនាំ​​សម្រាប់​អ្នក នៅពេល​អ្នក​សិក្សា និង បង្រៀន ។ វា​ផ្ដល់​គំនិត​បង្រៀន រួមមាន​សំណួរ សកម្មភាព ការដកស្រង់ ដ្យាក្រាម និង តារាង​នានា ។

គោលលទ្ធិ និង គោលការណ៍ទាំងឡាយ

នៅពេល​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយ​លេច​ឡើង​នៅក្នុង​ការសិក្សា​អត្ថបទ​ព្រះគម្ពីរ នោះ​វា​ត្រូវបាន​គូស​បញ្ជាក់​ជា​អក្សរ​ខ្មៅ​ដិត​ ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ និង​ផ្ដោតយក​ចិត្ត​ទុកដាក់​លើ​វា​នៅក្នុង​ការពិភាក្សា​របស់​អ្នក​ជាមួយ​សិស្ស ។

សេចក្ដីណែនាំ​នៃ​មេរៀន​បន្ទាប់

កថាខណ្ឌ​ចុង​ក្រោយ​នៃ​មេរៀន​នីមួយៗ​​ផ្តល់​ការចង្អុល​បង្ហាញ​មួយ​ទៅ​មេរៀន​បន្ទាប់ ។ សូម​ចែកចាយ​កថាខណ្ឌ​នេះ​ជាមួយ​សិស្ស​របស់​អ្នក នៅពេល​បញ្ចប់​មេរៀន​នីមួយៗ ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ខ្នះខ្នែងសិក្សាព្រះគម្ពីរ​អំឡុង​ពេល​នៃ​សប្ដាហ៍​ក្រោយ ។

កម្មវិធី​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ

ក្រោមការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​​ក្នុង​មូលដ្ឋាន និង អ្នក​តំណាង ស&វ នោះ​ថ្នាក់​សិក្ខា​សាលា​​សិក្សា​​នៅផ្ទះ​អាច​ត្រូវបាន​រៀបចំ​ឡើង​នៅកន្លែង​ណា ដែល​សិស្ស​ពុំ​អាច​ចូលរួម​រៀន​នៅក្នុង​ថ្នាក់​ជា​រៀងរាល់​ថ្ងៃ​បាន ដោយសារតែ​ចម្ងាយ​ផ្លូវឬ កត្តា​ផ្សេងៗ​ទៀត ( ដូច​ជាពិការ​ភាព​ជា​ដើម ) ។ ជាទូទៅ​ ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះពុំ​​ដូច​ថ្នាក់​រៀ​នដែល​បង្រៀន​រៀងរាល់​ថ្ងៃ ( ថ្ងៃ​នៃ​សប្តាហ៍ ) នៅពេល​ព្រឹក​ព្រលឹម ឬ ម៉ោង​​សិក្សា​អំពី​សាសនា​​សម្រាប់​ថ្នាក់​សិក្ខា​សាលា​ឡើយ ។

កម្មវិធី​សិក្សា​នៅ​ផ្ទះ​អនុញ្ញាត​ឲ្យ​សិស្ស​ទទួល​បាន​ក្រេឌីត​នៅក្នុង​ថ្នាក់​សិក្ខាសាលា តាមរយៈ​ការបំពេញ​មេរៀន​នីមួយៗ​នៅ​ផ្ទះ​ ជាជាង​ចូល​រួម​រៀន​នៅក្នុង​ថ្នាក់​រៀងរាល់​ថ្ងៃនៃ​សប្តាហ៍ ។ មេរៀន​ទាំង​នេះ​មាន​នៅក្នុង​សៀវភៅសិក្សា​ផ្សេង​មួយ​ទៀត សៀវភៅ​មគ្គុ​ទេសន៍​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅ​ផ្ទះ ។ មួយ​សប្ដាហ៍​ម្ដង សិស្ស​នឹង​ជួប​ជាមួយ​នឹង​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ដើម្បី​ប្រគល់​កិច្ចការ​របស់ពួកគេ និង ចូលរួម​ក្នុង​មេរៀន​ប្រចាំ​សប្ដាហ៍ ។ សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស និង មេ​រៀន​ប្រចាំ​សប្តាហ៍​​ ត្រូវបាន​ពន្យល់​បន្ថែម​ទៀត​នៅ​ខាង​ក្រោមនេះ ។

សៀវភៅមគ្គុទេសន៍ការសិក្សា​សម្រាប់​សិស្ស​សិក្សា​នៅផ្ទះ

សៀវភៅមគ្គុទេសន៍ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សានៅផ្ទះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ ​ឲ្យ​​ទទួល​នូវ​បទពិសោធន៍​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​​ថ្មី​ ស្រដៀង​នឹង​សិស្ស​ដែល​ចូលរៀន​នៅ​ក្នុង​ថ្នាក់​រៀន​ រៀងរាល់​ថ្ងៃ​នៃ​សប្តាហ៍​ដែរ ។ ហេតុដូច្នោះ​ហើយ ល្បឿន​បង្រៀននៃ​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ព្រមទាំង​គោលលទ្ធិ និង គោលការណ៍​ដែល​វា​បញ្ជាក់​អត្ថន័យ​នោះ វាស្រប​ទៅ​នឹង​មេរៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។ សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ក៏​រួម​មាន​នូវ​សេចក្តីណែនាំ​អំពី​​ចំណេះចំណាន​ខគម្ពីរ​ផងដែរ ។ វគ្គចំណេះចំណាន​ខគម្ពីរ​ត្រូវបាន​រៀបរាប់​នៅ​ក្នុង​បរិបទ ដូចដែល​វា​មាន​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ហើយ​ជាញឹកញាប់​សកម្មភាព​សរសេរ​នានា ត្រូវបាន​ផ្តល់​ឲ្យ​​នៅក្នុង​មេរៀន​នានា​ដែល​មាន​វគ្គបទគម្ពីរ​នោះ ។

រៀងរាល់​សប្តាហ៍ សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅផ្ទះ ត្រូវបញ្ចប់​មេរៀន​បួន​មក​ពី​សៀវភៅ​​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស ហើយ​ចូលរួម​នៅក្នុង​មេរៀន​ប្រចាំសប្តាហ៍​មួយ ដែល​បង្រៀន​ដោយ​គ្រូ​ថ្នាក់​សិក្ខាសាលា​របស់​ពួក​គេ ។ សិស្ស​បំពេញ​កិច្ចការ​មួយ​ចំនួន​ពី​សៀវភៅ​មគ្គុទេសន៍​ការសិក្សា នៅក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​គួរតែ​មាន​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ពីរ​ក្បាល ដូច្នេះ​ពួកគេ​អាច​ទុកមួយ​នៅ​​ជាមួយ​គ្រូ ហើយ​ទុក​មួយ​ទៀត​សម្រាប់​សរសេរ​ខ្លួន​ឯង ។ នៅពេល​សិស្ស​ជួប​ជាមួយ​គ្រូ​របស់​ខ្លួន​រាល់​សប្តាហ៍ សៀវភៅ​កំណត់ហេតុ​មួយ​​ដែល​សិក្សា​នៅ​ផ្ទះ​ត្រូវ​ឲ្យ​ទៅ​គ្រូ ហើយ​សៀវភៅ​មួយ​ក្បាល​ទៀត​ត្រូវប្រគល់​ឲ្យ​សិស្ស​វិញ ​ដើម្បី​ប្រើ​សរសេរ​មេរៀន​បន្ទាប់ ។ ( ឧទាហរណ៍ អំឡុង​មួយ​សប្តាហ៍ សិស្ស​បញ្ចប់​កិច្ចការ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ទី​មួយ ។ បន្ទាប់​មក សិស្ស​យក​សៀវភៅ​កំណត់ហេតុ​នោះ​ទៅ​ថ្នាក់​រៀន ហើយ​ប្រគល់​វា​ទៅ​ឲ្យ​គ្រូ​បង្រៀន ។ អំឡុង​សប្តាហ៍​បន្ទាប់ សិស្ស​បញ្ចប់​កិច្ចការ​​នៅ​ក្នុង​​សៀវភៅ​កំណត់ហេតុ​ទី​ពីរ ។ នៅពេល​សិស្ស​ប្រគល់​សៀវភៅ​កំណត់​ហេតុទី​ពីរ​ឲ្យ​គ្រូ នោះ​គ្រូ​នឹង​ឲ្យ​សៀវភៅ​កំណត់ហេតុ​ទី​មួយ​មក​​សិស្ស​វិញ ។ បន្ទាប់មក សិស្ស​ប្រើសៀវភៅ​កំណត់ហេតុ​ទី​មួយ ដើម្បី​បំពេញ​កិច្ចការ​នៅ​សប្តាហ៍​បន្ទាប់ ) ។

សិស្ស​ថ្នាក់​សិក្ខាសាលា​ទាំងអស់ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ហើយ​អាន​មេរៀន​នានា ប៉ុន្ដែ​សិស្ស​សិក្សា​នៅផ្ទះគួរយល់​ថា ពួកគេ​ត្រូវ​បាន​រំពឹង​ឲ្យ​ចំណាយពេលពី ៣០ ទៅ ៤០ ​នាទី​បន្ថែម​ទៀត​សម្រាប់​មេរៀន​នីមួយៗ​​នៅ​ក្នុង​មេរៀន​ទាំងបួននៃ​មេរៀន​ការសិក្សា​នៅផ្ទះ​នៅក្នុង​​​មេរៀន​នីមួយ​ៗ ហើយ​ចូលរួម​​នៅក្នុង​ថ្នាក់​សិក្សា​នៅផ្ទះ​ប្រចាំ​សប្ដាហ៍ ។

មេរៀន​ប្រចាំ​សប្ដាហ៍​សម្រាប់​គ្រូបង្រៀន​ដែល​បង្រៀនសិស្សនៅផ្ទះ​

មេរៀន​នីមួយៗ​នៅក្នុង សៀវភៅ​មគ្គុទេសន៍ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់ សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ ត្រូវគ្នា​នឹង​មេរៀន​​ចំនួន​ប្រាំ​ នៅក្នុង​សៀវភៅ​សិក្សា​ប្រចាំ​ថ្ងៃរបស់​គ្រូបង្រៀន ។ បន្ទាប់​ពី​មេរៀន​ទីប្រាំ​នៅក្នុង​សៀវភៅ​សិក្សា​នេះ អ្នក​នឹង​ឃើញ​មាន​មេរៀនប្រចាំ​សប្តាហ៍​មួយ សម្រាប់​គ្រូបង្រៀន​ដែល​បង្រៀន​សិស្ស​នៅ​ផ្ទះ ។ មេរៀន​សិក្សា​នៅ​ផ្ទះ​នឹង​ជួយ​សិស្ស​ឲ្យ​រំឭក ពង្រីក​ការយល់​ដឹង​របស់​ពួកគេ និង អនុវត្ត​គោលលទ្ធិ និង គោលការណ៍​​ដែល​ពួកគេ​បាន​រៀន ​នៅពេល​ពួកគេ​បញ្ចប់​មេរៀន​​នៅក្នុង​សៀវភៅមគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​អំឡុង​សប្តាហ៍​នោះ ។ មេរៀន​ទាំង​នេះ​អាចបង្ហាញនូវ​សេចក្តីពិត​បន្ថែម​ ដែល​ពុំ​មាន​នៅក្នុង​សៀវភៅ​មគ្គុ​ទេសន៍​ការសិក្សា​របស់​សិស្ស ។ ( សម្រាប់​ជំនួយនៅក្នុង​ការរៀបចំ​កាលវិភាគ​មេរៀន​របស់​អ្នក សូមមើល​សេចក្តី​ណែនាំ​ពី​ល្បឿ​ននៃ​ការបង្រៀន​សម្រាប់​គ្រូ​បង្រៀន​​​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅសិក្សា​នេះ ) ។

ក្នុងនាម​ជា​គ្រូបង្រៀនដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ​ម្នាក់ អ្នក​អាច​មាន​ការយល់​ដឹង​ទាំង​ស្រុង​អំពីអ្វី​ ដែល​សិស្ស​របស់​អ្នក​កំពុង​សិក្សា​​នៅផ្ទះ​រាល់​សប្តាហ៍ ដូច្នេះ​អ្នក​អាច​ឆ្លើយ​សំណួរ និង បង្កើត​ការពិភាក្សា​នានា​ដ៏​មាន​អត្ថន័យ​ នៅពេល​អ្នក​ជួប​ជាមួយ​នឹង​ពួកគេ ។ សូម​ឲ្យ​​សិស្ស​យក​ព្រះគម្ពីរ សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​​សិស្ស ​របស់​ពួកគេ​មក​ថ្នាក់​រៀន​រាល់​សប្តាហ៍ ដូច្នេះ​ពួកគេ​អាច​ប្រើប្រាស់​វា​ពេល​​កំពុង​រៀន ។ សូមសម្របសម្រួល​មេរៀននានា​ស្រប​ទៅតាម​តម្រូវការ​របស់​សិស្ស នៅពេល​អ្នក​បង្រៀន និង ស្របទៅ​តាមការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ​អ្នក​ក៏​អាច​ប្រើប្រាស់​មេរៀន​ប្រចាំ​ថ្ងៃ​របស់​គ្រូ​បង្រៀន​​នៅក្នុង​សៀវភៅ​សិក្សា​នេះ​ នៅពេល​អ្នក​រៀបចំ និង បង្រៀន​ផង​ដែរ ។ ការសិក្សា​ពីជំនួយ​ក្នុង​ការបង្រៀន និង វិធី​សាស្ត្រ​​នានា ដែល​បាន​ប្រើ​​នៅក្នុង​មេរៀន​ប្រចាំ​ថ្ងៃ អាច​ជួយ​ពង្រីក​ការបង្រៀន​ប្រចាំ​សប្តាហ៍​របស់​អ្នក ។ សូម​តម្រូវ​​ទៅតាម​សេចក្តីត្រូវការ​ពិសេស​នានា​​នៃ​សិស្ស​ដែល​អ្នក​បង្រៀន ។ ឧទាហរណ៍ ប្រសិន​បើ​សិស្ស​ម្នាក់​មាន​ការលំបាក​ក្នុង​ការ​​សរសេរ សូម​ឲ្យ​គាត់​ប្រើ​ម៉ាស៊ីន​ថត​សំឡេង ឬ និយាយ​​គំនិត​នោះ​ទៅ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ដែល​អាច​សរសេរ​ចម្លើយ​របស់​គាត់​ទុក ។

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​រាល់​សប្តាហ៍ សូម​ប្រមូល​សៀវភៅ​កំណត់ហេតុសិក្សា​ព្រះគម្ពីរ​របស់​សិស្ស ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ការសិក្សា​របស់​ពួកគេ ។ សូម​ផ្តល់​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ​សម្រាប់​កិច្ចការ​សប្តាហ៍​បន្ទាប់ ដូច​ដែល​បាន​ពន្យល់​​ពីខាង​លើ​​នៅក្នុង​វគ្គ​ដែល​ហៅ​ថា « សៀវភៅ​មគ្គុទេសន៍​ការសិក្សា​​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ » ។ (ក្រោម​ការដឹកនាំ​ថ្នាក់​ដឹកនាំ​បព្វជិតភាព និង ឪពុក​ម្ដាយ នោះ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ស្តេក [ ដែល​បានហៅ ] អាច​ទាក់ទង​សិស្ស​ថ្នាក់​សិក្ខាសាលា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ​ជាមួយ​សិស្ស​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​សិក្ខា​សាលា​នៅ​ផ្ទះ​បាន ) ។

នៅពេល​អ្នក​អាន​កិច្ចការ​របស់​សិស្ស​ នៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សាព្រះគម្ពីរ​របស់​សិស្ស​ចប់​ហើយ សូម​ឆ្លើយតប​ចំពោះ​កិច្ចការ​របស់​ពួកគេ​ម្តងម្កាល ដោយ​សរសេរ​កំណត់​ចំណាំ ឬ មូលវាចារណ៍​ខ្លីមួយ​ នៅពេល​អ្នក​ជួប​ពួកគេ​លើក​ក្រោយ ។ អ្នក​ក៏​អាច​ស្វែងរក​វិធី​នានា​ដើម្បី​ផ្តល់​ការគាំទ្រ និង ផ្តល់​មតិ​កែលម្អ​ដ៏​មាន​អត្ថន័យ​ផងដែរ ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ដឹង​ថា អ្នក​ខ្វល់​អំពីកិច្ចការរបស់​ពួកគេ និង ជួយ​ជំរុញ​ទឹក​ចិត្ត​​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ពួកគេ​បាន​កាន់​តែហ្មត់ចត់ ។

កិច្ចខិតខំ​ភាគច្រើន​របស់​សិស្ស​ ដើម្បី​សូត្រ​វគ្គ​បទគម្ពីរ​គន្លឹះ​ឲ្យ​ចាំស្ទាត់​​នឹង​អាច​ធ្វើ​បាន នៅ​ពេល​ពួកគេ​បំពេញ​មេរៀន​សិក្សា​នៅ​ផ្ទះ​របស់​ខ្លួន។ គ្រូបង្រៀន​ដែល​បង្រៀន​សិស្ស​នៅផ្ទះ អាច​តាមដាន​កិច្ចខិតខំ​របស់​សិស្ស​ អំឡុង​ពេល​មេរៀន​​សិក្សា​នៅ​ផ្ទះ ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ ឬ រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ ​ដែល​មាន​នៅ​ក្នុង​អត្ថបទ​សម្រាប់​មេរៀន​សិក្សា​នៅ​សប្តាហ៍​នោះ ។

ធនធាន​ផ្សេង​ទៀត

LDS.org

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលាnttm.lds.org ) និង សៀវភៅមគ្គុទេសន៍ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ មាន​នៅ​លើ​គេហទំព័រ LDS.org និង​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​​សម្រាប់​ឧបករណ៍​ចល័ត ។ កំណែ​ឌីជីថល​នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​នេះ​មាន​នូវ​សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង​បន្ថែម គំនិត​បន្ថែម​សម្រាប់​ការបង្រៀន និង​ធនធាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ពុំ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​សៀវភៅ​សិក្សា​​ដែល​បាន​បោះពុម្ព ដោយ​សារ​​តែ​ទំហំ​មាន​កំណត់ ។

si.lds.org

គ្រូ​បង្រៀន​អាច​មើល​គេហទំព័រ​នៃ​ថ្នាក់​សិក្ខា​សាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា (si.lds.org) សម្រាប់​ជំនួយ​នៅក្នុង​ការ​រៀបចំ​មេរៀន និង ស្វែងរក​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន ។

Notes and Journal Tools ( ឧបករណ៍​កំណត់​ចំណាំ និង កំណត់​ហេតុ )

គ្រូបង្រៀន និង សិស្ស​អាច​ប្រើ​ Notes and Journal tools ( ឧបករណ៍​កំណត់​ចំណាំ និង កំណត់​ហេតុ ) តាមអ៊ិនធើរណែត និង ឧបករណ៍​​ចល័ត​ដើម្បី​គូសចំណាំ និង បន្ថែម​កំណត់ចំណាំ​ក្នុង​កំណែ​ឌីជីថល​នៃ​សៀវភៅ​សិក្សា​​ទាំង​នេះ នៅពេល​ពួកគេ​រៀបចំ​មេរៀន និង សិក្សាព្រះគម្ពីរ ។ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​របស់​សិស្ស​ក៏​មាន​នៅ​LDS.org ដើម្បី​ទាញ​យក​ជា​ទម្រង់​នានា ( ដូចជា​ឯកសារ ​PDF, ePub, និង mobi [Kindle] ) ។

សម្ភារ​បន្ថែម

ធនធាន​ខាងក្រោមនេះ​មាន​នៅ​លើ​អ៊ិន​ធើរ​ណែត តាមរយៈ​អ្នកគ្រប់គ្រង​របស់​អ្នក តាម​រយៈ​មជ្ឈមណ្ឌល​ចែកចាយ​របស់​សាសនាចក្រ​​នៅ​ក្នុង​មូលដ្ឋាន និង តាមរយៈ​ហាង​ទំនិញ​តាម​អ៊ិនធើរណែត​របស់​សាសនាចក្រ​នៅ​គេហទំព័រ (store.lds.org) ៖