បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖​ វិវរណៈ ១–១១ ( មេរៀនទី ៣១ )


មេរៀន​សិក្សា​នៅ​ផ្ទះ

វិវរណៈ ១–១១ ( មេរៀនទី ៣១ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពី​ព្រឹត្តិការណ៍​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា វិវរណៈ ១–១១ ( មេរៀន​ទី ៣១ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពីតម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( វិវរណៈ ១–៣ )

នៅ​ពេល​សិស្ស​សិក្សា​អំពី​វិវណៈ​របស់​សាវក​យ៉ូហាន ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​អាន ស្វែងរកការយល់ដឹង ហើយ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​បានពរ ។ យ៉ូហាន​បាន​បង្រៀន​សមាជិក​សាសនាចក្រ​​ថា ព្រះយេស៊ូវ​គ្រីស្ទ​ឃុំ​គ្រង ហើយ​មើល​ថែ​ពួក​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ហើយ​ថា​ទ្រង់​គឺជា​អង្គ​ដែល​មាន​ព្រះជន្ម​ឡើង​វិញ​ដ៏​រុង​រឿង ​ដែល​មាន​ព្រះចេស្ដា​លើ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា នៅ​ពេល​យើង​បើក​​ទ្វារ​ទទួល​យក​ព្រះអង្គ​សង្គ្រោះ ទ្រង់​នឹង​យាង​ចូល​មក​រក​យើង ហើយ​បរិភោគ​ជាមួយ​នឹង​យើង ។

ថ្ងៃ​ទី ២ ( វិវរណៈ ៤–៥ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​អាន​អំពី​ការ​និមិត្ត​របស់​យ៉ូហាន​អំពី​កូនចៀម​របស់​ព្រះ ហើយ​រៀន​នូវ​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​ស្គាល់​អំពី​មហិទ្ធិឫទ្ធិ​របស់​ព្រះវរបិតា​សួគ៌ នោះ​យើង​មាន​បំណង​ចង់​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​តែ​មួយ​អង្គ​គត់​ដែល​សក្ដិសម ហើយ​អាច​ប្រោសលោះ​យើង​បាន ។ នៅ​ពេល​យើង​ស្គាល់ ហើយ​មាន​អំណរ​គុណ​ចំពោះ​អ្វី​​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​មាន​បំណង​ចង់​ថ្វាយ​បង្គំ ហើយ​សរសេរ​តម្កើង​ចំពោះ​ទ្រង់​ទាំង​ពីរ​អង្គ ។

ថ្ងៃ​ទី ៣ ( វិវរណៈ ៦–៧ )

នៅ​ពេល​សិស្ស​បាន​រៀន​អំពី​ត្រា​ទាំង​ប្រាំពីរ ពួកគេ​បាន​រក​ឃើញ​ថា ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់ ហើយ​ប្រែក្លាយជា​បរិសុទ្ធ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រីករាយ​នឹង​សិរីល្អ​សេឡេស្ទាល​ជាមួយ​នឹង​ព្រះ ។

ថ្ងៃ​ទី ៤ ( វិវរណៈ ៨–១១ )

សិស្ស​បាន​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​ដែល​បាន​ស្គាល់​នៅ​ក្នុង​មេរៀន​សម្រាប់​ថ្ងៃ​ទី ៣ នៅ​ពេល​ពួកគេ​បាន​រៀន​អំពី​ការ​និមិត្ត​របស់​យ៉ូហាន​ ទាក់​ទង​នឹង​​ការ​បើក​ត្រា​ទាំង​ប្រាំពីរ​នោះ ។

សេចក្តីផ្តើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​យើង ដោយសារ​ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​យើង ។ លើស​ពី​នេះ​ទៀត វា​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ថា តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ២–៣

យ៉ូហាន​សរសេរ​អំពី​បន្ទូល​ទាំងឡាយ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ដល់​​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ជំនុំ​ទាំងប្រាំ​ពីរ ។

កំណត់​ចំណាំ ៖ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​ដល់​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ អ្នក​គួរ​មើល​នៅ​ក្នុង New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ) ទំព័រ ៥៣១–៣២ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​ដំណើរ​រឿង​ខាងក្រោម​ដោយ​ស៊ិស្ទើរ ស៊ីឌនី អេស រេណល្តស៍ អតីត​សមាជិក​មួយ​រូប​នៅ​ក្នុង​គណៈប្រធាន​អង្គ​បឋម​សិក្សា​ទូទៅ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថា ​តើ​ពួកគេ​អាច​រៀន​អ្វីខ្លះ​នៅ​ក្នុង​ដំណើរ​រឿង​នេះ​អំពី​ព្រះអម្ចាស់ ។

រូបភាព
ស៊ីដនី អេស រេណលស៍

« ស៊ិស្ទើរ ហ្គេល ក្លេគ នៃ​គណៈប្រធាន​អង្គ​បឋម​​សិក្សា​ទូទៅ និង​ស្វាមី​គាត់​បាន​រស់​ក្នុង​ប្រទេស​ប្រេស៊ីល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ ថ្មីៗ​នេះ គាត់​មាន​កិច្ចការ​មួយ​ខាង​អង្គការ​បឋម​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ នៅ​ពេល​គាត់​ដើរ​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​នៅ​ថ្ងៃ​អាទិត្យ គាត់​បាន​សង្កេត​ឃើញ​គ្រួសារ​ជនជាតិ​ប្រេស៊ីល​មួយ​គ្រួសារ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជប៉ុន ។ … គាត់​មាន​ពេល​តែ​មួយ​នាទី​​ដើម្បី​រាក់ទាក់​នឹង​ពួកគេ ហើយ​បាន​ដឹង​ថា ម្ដាយ និង​កូនៗ​មានចិត្តសោមនស្សខ្លាំង​ណាស់ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ឪពុក​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ។ ‹ ខ្ញុំ​នឹង​មាន​ឱកាស​និយាយ​នឹង​ពួកគេ​ក្រោយ​ពី​ការ​ប្រជុំ › ​គាត់​បាន​គិត នៅ​ពេល​គាត់​បាន​ប្រញាប់​ឡើង​ទៅ​អង្គុយ​នៅ​លើ​វេទិកា ។ គាត់​បាន​ថ្លែង​សុន្ទរកថា​របស់​គាត់​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​គេ​បកប្រែ​ជា​ភាសា​ជប៉ុន រួច​គាត់​បាន​ទទួល​ការ​បំផុស​ឲ្យ​ថ្លែង​ទីបន្ទាល់​​ជា​ភាសា​ព័រទុយហ្គាល់​ផង​ដែរ ។ គាត់​រៀង​ស្ទាក់ស្ទើរ​ដោយសារ​គ្មាន​អ្នក​បកប្រែ​​ជា​ភាសា​ព័រទុយហ្គាយ ហើយ​មនុស្ស​ ៩៨ ភាគ​រយ​នឹង​ពុំ​យល់​អំពីអ្វី​ដែល​គាត់​នឹង​និយាយ​​ឡើយ ។

« បន្ទាប់​ពី​ការ​ប្រជុំនោះ ឪពុក​ដែល​ជា​ជន​ជាតិ​ប្រេស៊ីល​​រូបនោះ​បាន​ដើរ​មក​រក​គាត់ ហើយ​ពោល​ថា ‹ ស៊ិស្ទើរ ទំនៀម​ទម្លាប់​នៅ​ទី​នេះ​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ឯកោ​តែ​ឯង ។ ការ​មក​ព្រះវិហារ​ដោយ​ពុំ​បាន​យល់​អ្វី​សោះ​នោះ វាគឺជា​រឿង​ពិបាក​ណាស់ ។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា វា​នឹង​ប្រសើរ​ជាង​ ប្រសិន​បើ​ខ្ញុំ​នៅ​ផ្ទះ​អាន​ព្រះគម្ពីរ​វិញនោះ ។ ខ្ញុំ​បាន​ប្រាប់​ភរិយា​របស់​ខ្ញុំ​ថា « ខ្ញុំ​នឹង​សាក​ល្បង​ម្ដង​ទៀត » ហើយ​ខ្ញុំ​បាន​មក​នៅ​ថ្ងៃ​នេះ​ដោយ​គិត​ថា​ វា​គឺជា​លើក​ចុង​ក្រោយ​សម្រាប់​ខ្ញុំ ។ នៅ​ពេល​អ្នក​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ជា​ភាសា​ព័រទុយហ្គាល់ ព្រះវិញ្ញាណ​បាន​ប៉ះ​ដល់​ដួង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា នេះ​គឺជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​មក ។ ព្រះ​ជ្រាប​ថា​ខ្ញុំ​នៅ​ទីនេះ ហើយ​ទ្រង់​នឹង​ជួយ​ខ្ញុំ › » ( « He Knows Us; He Loves Us » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៣ ទំព័រ​ ៧៦ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​​នៅ​ក្នុង​ដំណើរ​រឿង​នេះ ?

សូម​សរសេរ​ឃ្លា​មិន​ពេញ​លេញ​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ … នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ២–៣ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអម្ចាស់​អាច​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកគេ ដោយសារ​ទ្រង់​ស្គាល់​ពួកគេ​នោះ ។

សូម​ពន្យល់​ថា វិវរណៈ ២–៣ មាន​នូវ​កំណត់ត្រា​របស់​សាវក​យ៉ូហាន​អំពី​បន្ទូល​របស់​​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ពួក​ជំនុំ​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ​នៅ​អាស៊ី​តូច ( ប្រទេស​តួគី​បច្ចុប្បន្ន ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២:១–៣, ៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា ព្រះអម្ចាស់​បាន​ជ្រាប​អ្វីខ្លះ​​អំពី​ពួកបរិសុទ្ធ​ក្នុង​អេភេសូរ ។

  • តើ​ព្រះអម្ចាស់​បាន​ជ្រាប​អ្វី​ខ្លះ​អំពី​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ? ( សូម​ពន្យល់​ថា ពាក្យ ពួក​នីកូឡាស នៅ​ក្នុង ខ​ទី ៦​ អាច​សំដៅ​ទៅ​លើ​ក្រុម​ដែល​សមាជិក​របស់​ខ្លួន​បាន​ប្រកាស​ថា ពួកគេ​អាច​ធ្វើ​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ដោយគ្មាន​ការ​ដាក់​ទោស ដោយសារ​តែ​ព្រះគុណ​របស់​ព្រះ​នឹង​សង្គ្រោះ​ពួកគេ [ សូម​មើល Bible Dictionary « Nicolaitans » ] ) ។

សូម​ចង្អុល​បង្ហាញ​ថា ខគម្ពីរ​ទាំង​នេះ​កត់ត្រា​ថា ព្រះអម្ចាស់​បាន​សរសើរ​ពួក​បរិសុទ្ធ​ចំពោះ​កិច្ចការ​ល្អ​របស់​ពួកគេ ។ សូម​ដាក់​បន្ថែម​ទៅ​នឹង​ឃ្លា​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​វា​មាន​ន័យ​ដូច​តទៅ​នេះ ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ ទ្រង់​អាច​ប្រទាន​នូវ​ការ​សរសើរ​ដោយ​ផ្ទាល់​ដល់​យើង …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២:៤–៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​ជ្រាប​អ្វីខ្លះ​ទៀតអំពី​ពួកបរិសុទ្ធ​ក្នុង​អេភេសូរ ។

  • តើ​ព្រះអម្ចាស់​បាន​ជ្រាប​អ្វី​ខ្លះ​ទៀត​ អំពី​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​កំពុង​ប្រទាន​ការ​កែតម្រូវ​ដល់​ពួក​បរិសុទ្ធ ដោយសារ​តែ​អំពើ​បាប​របស់​ពួកគេ ។ សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​វា​បង្ហាញ​នូវ​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ ទ្រង់​អាច​ប្រទាន​នូវ​ការ​សរសើរ និង​ការ​កែតម្រូវ​ដោយ​ផ្ទាល់​ដល់​យើង ។

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន​ការ​សរសើរ និង​ការ​កែតម្រូវ​ដោយ​ផ្ទាល់​មក​ពី ព្រះអម្ចាស់ ? ( តាមរយៈ​ការ​អធិស្ឋាន ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង តាមរយៈ​ពាក្យ​ទូន្មាន​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ឪពុកម្ដាយ ព្រមទាំង​ពរ​របស់​លោក​អយ្យកោ ) ។

  • តើ​ការ​ដឹង​ថា ព្រះអម្ចាស់​អាច​ប្រទាន​ដល់យើងនូវ​ការ​សរសើរ និង​ការ​កែ​តម្រូវ​ អាច​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​ធ្វើ​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​វាអាច​ជះឥទ្ធិពល​ទៅ​លើ​របៀប ​ដែល​យើង​ឆ្លើយតប​ចំពោះ​ពាក្យ​ទូន្មាន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ឪពុកម្ដាយ​របស់​យើង​យ៉ាង​ដូចម្ដេច​ដែរ ?

  • ហេតុអ្វី​យើង​គួរ​មាន​នូវ​ការ​ខិតខំ​មួយ​ដើម្បី​ស្វែង​រក​ការ​សរសើរ និងការ​កែតម្រូវ​ដោយ​ផ្ទាល់​មក​ពី​ព្រះអម្ចាស់ ?

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍​នូវ​ការ​សរសើរ ឬ​ការ​កែតម្រូវ​ដោយ​ផ្ទាល់​មក​ពី​ព្រះអម្ចាស់​នៅ​ពេល​ណា​ដែរ ? តើ​បទពិសោធន៍​នេះ​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ស្គាល់​អ្នក​ម្នាក់ៗ​​​យ៉ាង​ដូចម្ដេច​ដែរ ? ( សូម​ហាម​សិស្ស​កុំ​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពិសិដ្ឋ​ឬ ឯកជន​ពេក ) ។ អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​មួយ​ផង​ដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សកម្មភាព​ដែល​ពួកគេ​គិត​ថា ព្រះអម្ចាស់​អាច​នឹង​សរសើរ​​ដល់​ពួកគេ ក៏​ដូចជា​គំនិត ឬ​ឥរិយាបថ​​ដែល​ព្រះអម្ចាស់​អាច​នឹង​កែតម្រូវ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ប្រែចិត្ត នៅ​ពេល​ព្រះអម្ចាស់​កែតម្រូវ​ដល់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​​យក​ឈ្នះ ឬ​ជន​ដែល​ស៊ូទ្រាំ​ដោយ​ស្មោះ​ត្រង់​ដរាប​ដល់​ចុង​បំផុត​នោះ ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​យក​ឈ្នះ ឬ​ជន​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​នៅ​ក្នុង​សេចក្ដី​សុចរិត ?

  • តើ​អ្នក​គិតថា « ការ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត »​ មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៧ ) ។

  • តើ​ការ​ស្ដាប់​ឮ​ពរជ័យ​ដែល​បាន​សន្យា​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​កែតម្រូវ​ដោយ​ផ្ទាល់​មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ​ ដល់​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ?

សូម​រំឭក​សិស្ស​ថា បន្ថែម​ពី​លើ​ការ​មាន​បន្ទូល​ទៅ​កាន់​​ពួក​ជំនុំ​របស់​សាសនាចក្រ​នៅ​អេភេសូរ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួក​ជំនុំ​ផ្សេង​ទៀត​របស់​សាសនាចក្រ​នៅ​អាស៊ី​តូច ។

សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​ប្រាំ​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​នូវ​បទគម្ពីរ​មួយ​ដូច​ខាង​ក្រោម​នេះ ៖

  1. វិវរណៈ ២:៨–១១

  2. វិវរណៈ ២:១២–១៧

  3. វិវរណៈ ២:១៨–២៩, ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ២:២៦–២៧ ( នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ )

  4. វិវរណៈ ៣:១–៦( សូម​ផ្ដល់​សំណៅ​នៃ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់​វិវរណៈ ៣:១–២ ដល់​ក្រុម​ដែល​ទទួល​បាន​បទគម្ពីរ​យោង​នេះ ៖ ​« ចូរ​សរសេរ​ផ្ញើ​ទៅ​ពួក​អ្នក​បម្រើ​នៃ​ពួក​ជំនុំ​ដែល​នៅ​ក្រុង​សើដេស​ថា ព្រះដ៏​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ ដែលជា​ពួក​អ្នក​បម្រើ​ទាំង​ប្រាំពីរ​របស់​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​នូវ​សេចក្ដី​ទាំងនេះ​ថា យើង​ស្គាល់​ការ​ដែល​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ហើយ គឺ​ដែល​អ្នក​រាល់គ្នា​មាន​ឈ្មោះ​ថា​រស់ តែ​អ្នករាល់គ្នា​ស្លាប់​ទេ ។ ហេតុ​ដូច្នេះ​​ហើយ ចូរ​ប្រុង​ប្រយ័ត្ន ហើយចម្រើន​កម្លាំង​ដល់​អ្វីៗ​ដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​យើង​មិន​បាន​ឃើញ​ការ​ដែល​​អ្នករាល់គ្នា​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទេ ) ។

  5. វិវរណៈ ៣:៧–១៣

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ដែល​បាន​ចាត់​ដល់ពួកគេ​​ជា​ក្រុម ហើយ​រក​មើល​ថា ព្រះ​អម្ចាស់​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ និង​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ថា​ពួកគេ​នឹង​ទទួល​បាន ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នោះ ។ សូម​ពន្យល់​ថា អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា « នំម៉ាន៉ា​ដ៏​លាក់​កំបាំង » ​នៅ​ក្នុង វិវរណៈ ២:១៧ គឺជា​ « នំប៉័ង​នៃ​ជីវិត ជា​គោលលទ្ធិ​អំពី​ទ្រង់​ ដែល​ជា​នំប៉័ង​នៃ​ជិវិត—ដែល​បាន​លាក់​កំបាំង​ពី​គំនិត​ខាង​សាច់​ឈាម [ ឬ​ខាង​លោកិយ ] ។ ហេតុដូច្នេះ​ហើយ ជន​ដែល​បរិភោគ​នឹង​ពុំ​ឃ្លាន​ទៀត​ឡើយ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺជា​មរតក​​របស់​ពួកគេ​នៅ​ថ្ងៃ​ចុងក្រោយ » ( Doctrinal New Testament Commentary​ វ៉ុល​ទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ៣:៤៥១ ) ។

បន្ទាប់ពី​ផ្តល់​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ ចូរ​អញ្ជើញ​​សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយៗ​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​ក្រុម​របស់​គាត់​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​នៅ​លើ​ក្ដារ​ខៀន ( នៅក្រោម​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង វិវរណៈ ២:៧ ) ពរជ័យ​សន្យា​ដែល​ក្រុម​នីមួយៗ​បាន​រក​ឃើញ ( សូម​មើល វិវរណៈ ២:១១, ១៧, ២៦, ៣:៥, ១២ ) ។ បន្ទាប់​ពី​បាន​ធ្វើ​ចប់​សព្វ​គ្រប់​ហើយ សូម​ចង្អុល​​បង្ហាញ​ថា ការសន្យា​ទាំងនេះ​នីមួយៗ​សំដៅ​ទៅ​លើ​ការ​ទទួល​បាន​ពរជ័យ​នៃ​ភាព​តម្កើង​ឡើង ដែល​វា​សម​ស្រប​ទៅ​នឹង​ការ​កាន់​ខ្ជាប់​ដ៏​ស្មោះ​ត្រង់​របស់​យើង​ដរាប​ដល់​ចុង​បំផុត ។

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើងឡើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​យក​ឈ្នះ​បាន នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​ភាព​តម្កើង​ឡើង ) ។

សូម​ពន្យល់​ថា ជន​ដែល​ទទួល​បាន​ពរជ័យ​នៃ​ភាព​តម្កើង​ឡើង​គឺជា​អស់អ្នក​ដែលយក​ឈ្នះដោយ​ព្រះ​គុណ​របស់​ព្រះ​លើរាល់​ឧបសគ្គ​​ទាំងឡាយ​ដែល​អាច​រារាំង​ពួកគេ​ពុំ​ឲ្យ​ត្រឡប់​​ទៅ​រក​ទ្រង់​វិញ ។ ឧបសគ្គ​ទាំងនេះ​រួម​មាន ទម្លាប់​ខាង​លោកិយ ការ​សាកល្បង អំពើបាប និង​សេចក្ដី​ស្លាប់ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា​ពួកគេ​ត្រូវ​យក​ឈ្នះ​លើ​អ្វីខ្លះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវរបិតា​សួគ៌​ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​អាច​រារាំង​ពួកគេ​ពុំ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះវរបិតា​​សួគ៌​​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​នា​នា ។

មេរៀន​បន្ទាប់ ( វិវរណៈ ១២–២២ )

សូម​សួរ​សិស្ស​ថា ពួកគេ​ធ្លាប់​ងឿង​ឆ្ងល់​​អំពី​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ និង​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើត​ឡើង​​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ទេ ។ តើ​សាវក​យ៉ូហាន​បាន​សរសេរ​អ្វីខ្លះ​ អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ ? តើ​មាន​វិញ្ញាណ​ប៉ុន្មាន​នាក់​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ជាមួយ​នឹង​សាតាំង ? តើ​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ​នឹង​មាន​ទិដ្ឋភាព​​បែបណា ? តើ​យើង​នឹង​ទទួល​ការ​កាត់សេចក្ដី​តាមរយៈ​អ្វី នៅ​ពេល​យើង​ឈរ​នៅ​ចំពោះ​ព្រះ ? តើ​យ៉ូហាន​បាន​ពិពណ៌នា​ភាព​រុងរឿង​សេឡេស្ទាល​​យ៉ាង​ដូចម្ដេច ? សូម​ពន្យល់​ថា នៅ​ពេល​ពួកគេ​សិក្សា វិវរណៈ ១២–២២ នៅ​សប្ដាហ៍​ក្រោយ នោះ​ពួកគេ​នឹង​រៀន​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ។