បណ្ណាល័យ
មេរៀន​ទី១៥១ ៖ វិវរណៈ ១


មេរៀន​ទី ១៥១

វិវរណៈ ១

សេចក្តីផ្តើម

កាល​នៅ​លើ​កោះ​ប៉ាត់ម៉ុស យ៉ូហាន​បាន​សរសេរ​សំបុត្រ​មួយ​អំពី​ការ​លើក​ទឹក​ចិត្ត​ទៅ​ពួក​ជំនុំ​​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ​ដោយ​ពិពណ៌នា​នូវ​វិវរណៈ​ដែល​លោក​បាន​ទទួល ។ យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ទេវតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​​ដល់​លោក ។ យ៉ូហាន​ក៏​បាន​កត់ត្រា​ព័ត៌មាន​លម្អិត​អំពី​ការ​និមិត្ត​របស់​លោក​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​​គ្រីស្ទ​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ១:១–១១

យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​និមិត្ត​របស់​លោក

ពី​មុន​ថ្នាក់​ចាប់​ផ្ដើម សូម​ដាក់​វត្ថុ​មួយ​នៅ​លើ​តុ ឬ​កៅអី​នៅ​ពីមុខ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​គ្រប​វត្ថុ​នោះ​ ដើម្បី​កុំ​ឲ្យ​សិស្ស​ដឹង​ថា​វា​គឺជា​អ្វី ។ នៅ​ពេល​ថ្នាក់​ចាប់​ផ្ដើម សូម​អញ្ជើញ​សិស្ស​ឲ្យ​ទស្សន៍​ទាយ​ថា​វត្ថុ​នោះ​គឺជា​អ្វី ។ បន្ទាប់​ពី​សិស្ស​បី​បួន​នាក់​បាន​ទស្សន៍​ទាយ​រួច សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​ឲ្យ​គាត់​បើក​មើល​វត្ថុ​នោះ​ឲ្យ​ឃើញ​​តែម្នាក់ឯង​បាន​ហើយ​ ។ សូម​ឲ្យ​សិស្ស​នោះ​ពិពណ៌នា​អំពី​វត្ថុ​នោះ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​សិស្ស​ដែល​បាន​ពិពណ៌នា​អំពី​វត្ថុ​នោះ​អាច​តំណាង​ឲ្យ​តួនាទី​មួយ​របស់​ពួក​ព្យាការី និង​ពួក​សាវក​បាន​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​នោះ​ទៅ​កាន់​កន្លែង​អង្គុយ​វិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​គម្ពីរ​វិវរណៈ ។ សូម​ពន្យល់​ថា គម្ពីរ​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាប៉ូកាលីព​ដែរ ហើយ​នៅ​ក្នុង​ភាសា​ក្រិក​មាន​ន័យ​ថា វិវរណៈ ការ​ពន្យល់​ប្រាប់ ឬ​ការ​បើក​សម្ដែង​អំពី​អ្វី​ដែល​បាន​លាក់​បាំង ។ នៅ​ក្នុង​គម្ពីរ​នេះ សាវក​ប៉ុល​បាន​កត់ត្រា​ទុក​នូវ​សេចក្ដី​ពិត​ទាំងឡាយ ​ដែល​ត្រូវ​បាន​បើក​សម្ដែង​មក​កាន់​លោក​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែន​ការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ព្រឹត្តិការណ៍​​ដែល​នឹងនាំ​ឆ្ពោះទៅ​កាន់​ការ​យាង​មក​ជា​លើក​ទីពីរ និង​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត ​ដែល​ត្រូវ​បាន​បើក​សម្ដែង​ដល់​យ៉ូហាន នៅ​ពេល​ពួកគេ​សិក្សា​គម្ពីរ​វិវរណៈ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ វិវរណៈ ១:១–៣ ឲ្យ​ឮៗ ដែល​មាន​នៅក្នុង​សេចក្ដីណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា​យ៉ូហាន​បាន​បង្រៀន​អ្វីខ្លះ​អំពី​វិវរណៈ​ដែល​លោក​បាន​ទទួល ។

  • ហេតុអ្វី​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ទៅ​យ៉ូហាន ?

  • តើ​យ៉ូហាន​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​វិវរណៈ​នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ហេតុផល​ ដែល​យ៉ូហាន​បាន​លើក​ឡើង​ទាំង​ជន​ដែល​ស្ដាប់​ឮ​ពាក្យ​សម្ដី​របស់​លោក និង​ជន​ដែល​អាន​ពាក្យ​សម្ដី​របស់​លោក សូម​ពន្យល់​ថា នៅ​ក្នុង​ជំនាន់​របស់​យ៉ូហាន មាន​ពួក​បរិសុទ្ធ​ជាច្រើន​ពុំ​ចេះ​អាន​អក្សរ​ទេ ដូច្នេះ​ពួកគេ​បានស្គាល់​គម្ពីរ​វិវរណៈ​​តាមរយៈ​ការ​ស្ដាប់​មនុស្ស​ដទៃ​ទៀត​អាន​គម្ពីរ​នេះ​ឮៗ ។

  • តើ​យ៉ូហាន​បាន​និយាយ​អ្វីខ្លះ​ អំពី​មនុស្ស​ដែល​នឹង​អាន ស្វែងរកការ​​យល់​ដឹង ហើយ​គោរព ( ប្រតិបត្តិ​តាម ) ​ការ​បង្រៀន​ដែល​បាន​កត់ត្រា​នៅ​ក្នុង​គម្ពីរ​វិវរណៈ​នេះ ?

  • តើ​អ្នក​អាច​សង្ខេប​ការ​បង្រៀន​របស់​យ៉ូហាន​នៅក្នុង វិវរណៈ ១:៣​ទៅ​ជា​គោលការណ៍​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​អាន ស្វែងយល់ដឹង ហើយ​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ យើង​នឹង​មាន​ពរ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ១:៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​យ៉ូហាន​បាន​និយាយ​អំពី​នរណា​ខ្លះ​នៅ​ក្នុង​សំបុត្រ​របស់​លោក ។

  • តើ​យ៉ូហាន​បាន​និយាយ​អំពី​នរណា​ខ្លះ​នៅ​ក្នុង​សំបុត្រ​របស់​លោក ? ( សូម​ពន្យល់​ថា « ពួក​ជំនុំ​ទាំង​ ៧​ នៅ​ស្រុក​អាស៊ី » សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​ក្នុង​សាសនា​ចក្រ ប្រៀប​បាន​នឹង​វួដ និង​សាខា​នៅ​ថ្ងៃ​សព្វថ្ងៃ​នេះ​ដែរ ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​តួគីនាពេល​បច្ចុប្បន្ន​នេះ ។ « ព្រះវិញ្ញាណ​ទាំង​ ៧ » ​សំដៅ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ជុំនំ​ទាំងនោះ ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ១:៥–៨​ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រក​មើល​​អ្វី​ដែល​យ៉ូហាន បាទីស្ទ ចង់​ឲ្យ​មនុស្ស​ដឹងអំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​យ៉ូហាន​ចង់​ឲ្យ​ពួក​ជំនុំ​ទាំង​ប្រាំពីរ​នោះ​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ឃ្លា​ណា​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ខគម្ពីរ​ទាំងនេះ មាន​អត្ថន័យ​ពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ? ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា អាល់ផា និង អូមេកា គឺជា​តួ​អក្សរ​ដំបូង និង​ចុង​ក្រោយ​បង្អស់​នៃ​តួ​អក្សរ​របស់​ក្រិក ។ ចំណង​ជើង​នេះ​ចង្អុល​បង្ហាញ​ថា តួនាទី​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌​រួម​មាន​អ្វីៗ​ទាំងអស់​ តាំង​ពី​ដំបូង​រហូត​ដល់​ចុង​បញ្ចប់ ។ [ សូម​មើល​ផង​ដែរ វិវរណៈ ២២:១៣ ] ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១:៩–១១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​យ៉ូហាន​នៅ​ទី​ណា​ពេល​លោក​បាន​ទទួល​វិវរណៈ​នេះ និង​ទីតាំង​នៃ​ពួក​ជំនុំ​ទាំង​ប្រាំពីរ ។

  • តើ​យ៉ូហាន​នៅ​ទី​ណា​ពេល​លោក​បាន​ទទួល​វិវរណៈ​នេះ ? តើ​ពួក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នោះ​មាន​ទីតាំង​នៅ​ទីណា ?

សូម​ពិចារណា​ឲ្យ​សិស្ស​បើក​ទៅ​ផែនទី​​ក្នុង​ព្រះគម្ពីរប៊ីប លេខ ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ​ដើម្បី​រក​ប៉ាត់ម៉ុស និង​ក្រុង​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំពីរ​ដែល​មាន​នៅ​ក្នុង វិវរណៈ ១:១១ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ទិដ្ឋភាព​នៃ​ប៉ាតម៉ុស សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែង​រក​រូប​ថត​អំពី​ព្រះគម្ពីរ​ប៊ីប​ទី ៣២ « កោះប៉ាត់ម៉ុស » ។

  • យោង​តាម វិវរណៈ ១:៩ ហេតុអ្វី​យ៉ូហាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស ?

សូម​ពន្យល់​ថា យ៉ូហាន​បាន​ទទួល​វិវរណៈ​នេះ​នៅ​ក្នុង​គ្រា​លំបាក​មួយ​សម្រាប់​សមាជិក​សាសនា​ចក្រ ។ នៅ​ក្នុង​គ្រា​នេះ មាន​ការ​បៀតបៀន​ដ៏​ធំ​មក​លើ​ពួក​បរិសុទ្ធ ហើយ​មាន​ការ​ក្បត់​សាសនា និង​ការ​បែក​បាក់​​ផ្សេងៗ​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ លើស​ពី​នេះ​ទៀត ពួក​សាវក​គ្រប់​រូប​លើក​លែង​តែ​យ៉ូហាន​ត្រូវ​បាន​គេ​សម្លាប់ ។ គម្ពីរ​វិវរណៈ​ប្រហែល​ជា​សរសេរ​នៅ​ក្នុង​សម័យ​នៃ​​ស្ដេច​រ៉ូម​ឈ្មោះ​ ដូមីត ដែល​បាន​បង្កើត​ការ​ថ្វាយ​បង្គំ​ដល់​ស្ដេច​ឡើង​វិញ​នៅ​ទូទាំង​អាណាចក្រ​រ៉ូម ហើយ​បាន​និរទេស ឬ​បាន​សម្លាប់​ជន​ដែល​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ ដែល​​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​រ៉ូម ។ មាន​មនុស្ស​ជាច្រើន​ជឿ​ថា ​យ៉ូហាន​ត្រូវ​បាន​គេ​និរទេស​ទៅ​កោះ​ប៉ាតម៉ុស​ដោយ​សារ​តែ​ហេតុ​ផល​នោះ ។

  • យោង​តាម វិវរណៈ ១:១០ តើ​យ៉ូហាន​បាន​ពិពណ៌​អំពី​ស្ថានភាព​របស់​លោក​ កាល​លោក​បាន​ទទួល​វិវរណៈ​នេះ​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​គិត​ថា​ឃ្លា « ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ » ​មាន​អត្ថន័យ​ដូចម្ដេច​ដែរ ?

  • យោង​តាម ខទី ១១តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​យ៉ូហាន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​ពន្យល់​ថា យើង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា នីហ្វៃ​មាន​ការ​និមិត្ត​មួយ​ស្រដៀង​គ្នា​នឹង​​ការ​និមិត្ត​របស់​យ៉ូហាន​ដែរ ។ នីហ្វៃ​បាន​ឃើញ​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ចុងក្រោយ ( រួម​បញ្ចូល​ទាំង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ សហស្សវត្សរ៍ និង​ការ​បញ្ចប់​កិច្ចការ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ ) ប៉ុន្តែ​លោក​ត្រូវ​បាន​បង្គាប់​កុំ​ឲ្យ​សរសេរ​អំពី​វា ដោយសារ​យ៉ូហាន​ត្រូវ​​បាន​តែងតាំង​​ពី​មុន​ផែនដី​ដើម្បី​ធ្វើ​រឿង​នេះ ( សូម​មើល នីហ្វៃទី១ ១៤:២៤–២៩ ) ។

  • ហេតុអ្វី​វា​មាន​សារៈសំខាន់​សម្រាប់​យើង ដើម្បី​សិក្សា​ពាក្យ​ពេចន៍​របស់​យ៉ូហាន​នៅ​ក្នុង​វិវរណៈ ?

នៅ​ពេល​សិស្ស​បន្ត​សិក្សា​គម្ពីរ​វិវរណៈ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្ដី​ពិត​អំពី​ថ្ងៃ​ចុង​ក្រោយ ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សហស្សវត្សរ៍ និង​ការ​បញ្ចប់​កិច្ចការ​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ ។

វិវរណៈ១:១២–២០

យ៉ូហាន​ឃើញ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​និមិត្ត​មួយ

ដើម្បី​ណែនាំ​អំពី​គំនិត​នៃ​និមិត្ត​សញ្ញា សូម​បង្ហាញ ( ឬ​គូរ​នៅ​លើ​ក្ដារខៀន ) រូបភាព​នៃ​សញ្ញា​មួយចំនួនតូច​ដែល​គេអាច​ស្គាល់​​ទូទៅ​នៅ​ក្នុង​វប្បធម៌​របស់​អ្នក ដែល​អាច​ងាយ​យល់​ដោយ​ពុំ​ចាំបាច់​ប្រើ​ពាក្យ ។ ឧទាហរណ៍ អ្នក​អាច​ដាក់​បង្ហាញ​សញ្ញា​ចរាចរ ឬ​ សញ្ញា​ហាម​ឃាត់ ។ សូម​ឲ្យ​សិស្ស​ពន្យល់​អំពី​គោលបំណង​នៃ​សញ្ញា​ទាំងនេះ ។

សូម​ពន្យល់​ថា នៅ​ក្នុង​គម្ពីរ​វិវរណៈ យ៉ូហាន​បាន​ប្រើ​និមិត្ត​សញ្ញា និង​រូបភាព​ដើម្បី បង្រៀន​​នូវ​សារលិខិត​ដ៏​សំខាន់​អំពី​ដំណឹងល្អ ។ និមិត្ត​សញ្ញា​នានា​អាច​ជា​ឧបករណ៍​បង្រៀន​ដ៏​មាន​ឥទ្ធិពល ដោយសារ​វា​អាច​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​មនុស្ស​នៅ​ក្នុង​ជំនាន់ និង​វប្បធម៌​ខុសៗ​គ្នា ។ វា​ក៏​អាច​បញ្ជូន​សារលិខិត​ខុស​គ្នា​មួយ​ចំនួន​តូច​ផង​ដែរ ។

សូម​ចែក​សិស្ស​ទៅជា​គូ ។ សូម​អញ្ជើញ​គូ​នីមួយៗ​ឲ្យ​អាន វិវរណៈ ១:១២–១៨ ឮៗ​រួម​គ្នា​រក​មើល​និមិត្ត​សញ្ញា​ដែល​យ៉ូហាន​បាន​ប្រើ​ ដើម្បី​ពិពណ៌នា​អំពី​វិវរណៈ​របស់​លោក ។ អ្នក​គួរ​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​និមិត្ត​សញ្ញា​ដែល​ពួកគេ​បាន​អាន ។

  • តើ​យ៉ូហាន​បាន​ប្រើ​និមិត្ត​សញ្ញា​អ្វី​ ដើម្បី​ពិពណ៌នា​អំពី​វិវរណៈ​របស់​លោក ?

សូម​ផ្ដល់ ឯកសារ នៃ​តារាង​ខាងក្រោម ( ឬ​បង្កើត​តារាង​ថ្មី​នៅ​លើ​ក្ដារខៀន ) ដល់​សិស្ស ។ សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​ឲ្យ​អាន​សេចក្ដី​យោង​បទគម្ពីរ ឬ​នៅ​ក្នុង​ជួរ​ឈរ​ខាង​ស្ដាំ​នៃ​តារាង ហើយ​សរសេរ​នៅ​ក្នុង​ជួរ​ឈរ​នោះ​នូវ​អត្ថន័យ​ដែល​អាច​មាន​សម្រាប់​និមិត្ត​សញ្ញា​នីមួយៗ​ដែល​យ៉ូហាន​បាន​ប្រើ ។

រូបភាព
handout, Revelation 1

និមិត្ត​សញ្ញា​នៅ​ក្នុង វិវរណៈ ១

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៥១

និមិត្តសញ្ញា

អត្ថន័យ​ដែល​អាច​មាន

វិវរណៈ ១:១២—ចង្កៀង​មាស​ប្រាំពីរ

វិវរណៈ ១:២០; នីហ្វៃទី៣ ១៨:២៤

វិវរណៈ ១:១៦–១៧—ព្រះហស្ដ​ស្ដាំ

ម៉ាកុស ១៦:១៩

វិវរណៈ ១:១៦—ផ្កាយ​ប្រាំពីរ

ផ្កាយ​ប្រាំពីរ​គឺជា​ពួក​អ្នក​បម្រើ​នៃ​ពួក​ជំនុំ​ទាំង​ប្រាំពីរ ( Joseph Smith Translation, Revelation ១:២០ )  ។

វិវរណៈ ១:១៦—ដាវ​មុខ​ពីរ​ដ៏​មុត

ហេព្រើរ៤:១២

វិវរណៈ ១:១៨—កូនសោ​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

នីហ្វៃទី២ ៩:១០–១៣

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​អំពី​អត្ថន័យ​ដែល​អាច​មាន​នៃ​និមិត្ត​សញ្ញា​នីមួយៗ ​ដែល​យ៉ូហាន​បាន​ប្រើ ។ ប្រសិន​បើ​ចាំបាច់ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ថា ចង្កៀង​​ទាំង​ប្រាំពីរ​តំណាង​ឲ្យ​ពួក​ជំនុំ​ទាំង​ប្រាំពីរ​ដែល​ត្រូវ​លើក​ពន្លឺ​នៃ​ដំណឹងល្អ​ឡើង ព្រះហស្ដ​ស្ដាំ​តំណាង​ឲ្យ​ព្រះចេស្ដា និង​ការ​អនុមតិ​របស់​ព្រះ ផ្កាយ​ប្រាំពីរ​តំណាង​ឲ្យ​ពួក​អ្នក​បម្រើ ឬ​ថ្នាក់​ដឹកនាំ​គ្រប់​គ្រង​ពួក​ជំនុំ​ទាំង​ប្រាំពីរ​ដែល​ដឹកនាំ​ដោយ​ព្រះ​អម្ចាស់ ដាវ​តំណាង​ឲ្យ​បន្ទូល​ព្រះ ការ​ប្រកាស​​កាត់​សេចក្ដី​ចំពោះ​ជន​ទុច្ចរិត និង​ការ​ដោះ​លែង​ជន​គ្មាន​ទោស ហើយ​​កូនសោ​នៃ​ស្ថាន​ឃុំ​ព្រលឹង និង​សេចក្ដី​ស្លាប់​តំណាង​ឲ្យ​ព្រះចេស្ដា​របស់​ព្រះ​អម្ចាស់​ដើម្បី​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ។

  • ដោយ​ផ្អែក​លើ​សារលិខិត​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ពួក​បរិសុទ្ធ​តាមរយៈ​យ៉ូហាន តើ​យើង​អាច​រៀននូវ​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទំនាក់​ទំនង​របស់​ទ្រង់​នឹង​ពួក​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ឃុំ​គ្រង ហើយ​មើល​ថែ​ពួក​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ) ។

សូម​រំឭក​សិស្ស​អំពី​ការ​ប្រឈម​ ដែល​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ជំនាន់​របស់​យ៉ូហាន​បាន​ជួប​ប្រទះ ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ឲ្យ​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​របស់​​យ៉ូហាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​​បន្ត​ឃុំ​គ្រង ហើយ​មើល​ថែ​ដល់​ពួកគេ ?

  • ហេតុអ្វីបានជា​វា​សំខាន់​​ចំពោះ​យើង​ដើម្បី​ចងចាំ​ពី​​សេចក្ដីពិត​ដូចគ្នា​នេះ ?

សូមអញ្ជើញសិស្ស​ឲ្យគិត​អំពី​គ្រា​មួយ ដែល​ពួកគេ​បានមាន​អារម្មណ៍​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឃុំ​គ្រង ហើយ​មើល​ថែ​ដល់​ពួក​គេ ។ សូម​ឲ្យ​ពួកគេ​ពីរ​បីនាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​​ជា​មួយ​សិស្ស​នៅ​ក្នុង​ថ្នាក់ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​មួយ​របស់​អ្នក​ផង​ដែរ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ១:១៧–១៨​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​ទៅ​កាន់​យ៉ូហាន ។

  • តើ​យើង​អាច​រៀនគោលលទ្ធិ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្អែក​លើ​អ្វី​ ដែលទ្រង់​បាន​មាន​បន្ទូល​ទៅ​យ៉ូហាន ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​ដ៏​រុង​រឿង ដែល​មាន​ព្រះចេស្ដា​យក​ឈ្នះ​លើ​​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ) ។

  • តើ​គោលលទ្ធិ​នេះ​បាន​នាំ​យក​សេចក្ដី​សង្ឃឹម​អ្វីខ្លះ ​ទៅ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ជំនាន់​របស់​យ៉ូហាន ?

  • តើ​គោលលទ្ធិ​នេះ​បាន​នាំ​យក​សេចក្ដី​សង្ឃឹម​អ្វីខ្លះ​មក​ឲ្យ​យើង ?

  • តើ​គោលលទ្ធិ​នេះ​បាន​បង្រៀន​យើង​អ្វីខ្លះ​អំពី​លទ្ធផល​ចុង​បញ្ចប់​នៃ​ចម្បាំង​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​ដែល​កើត​មាន​ពាស​ពេញ​ផែនដី​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​​ដូចខាង​ក្រោម​អំពី​គម្ពីរ​វិវរណៈ ៖

« សារលិខិត​នៃ​វិវរណៈ​គឺ​ដូចជា​ក្នុងគ្រប់​បទ​គម្ពីរ ៖ នឹង​មាន​ជោគជ័យរបស់​ព្រះអម្ចាស់​នៅលើ​ផែនដីនេះ​​នៅទីបំផុត យក​ឈ្នះ​លើ​អារក្ស ជា​ជ័យ​ជំនះ​ដ៏​និរន្ដន៍​មួយ​នៃ​សេចក្ដីល្អ​លើ​សេចក្ដីអាក្រក់ ជា​ជ័យ​ជំនះ​របស់​ពួក​បរិសុទ្ធ​​លើ​ពួក​បៀត​បៀន​ពួកគេ ជា​ជ័យ​ជំនះ​របស់​​នគរ​ព្រះ​លើ​នគរ​មនុស្ស និង​សាតាំង »​ ( Bible Dictionary, « Revelation of John » ) ។

សូម​ចង្អុល​បង្ហាញ​ថា ដោយ​សារ​យើង​ដឹង​ថា​នៅ​ទី​បំផុត អំពើ​ល្អ​នឹង​យក​ឈ្នះ​លើ​អំពើ​អាក្រក់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា តើ​យើង​ជ្រើស​យក​នៅ​ខាង​ណា ខាង​សាតាំង ឬ​ខាង​ព្រះ ។ អ្នក​គួរ​ថ្លែង​ទីបន្ទាល់​អំពី​ជ័យ​ជំនះ​របស់​ព្រះអង្គ​សង្គ្រោះ​លើ​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក និង​អំពី​ធាតុពិត ​ដោយសារ​តែ​ទ្រង់​ទើប​យើង​អាច​ជ្រើស​យក​នៅ​ខាង​ព្រះ​នៅ​ក្នុង​ចម្បាំង​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ ពិចារណា អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ជ្រើស​រើស​កាន់​ពេញ​លេញ​ថែម​ទៀត​​ដើម្បី​នៅ​ខាង​​ព្រះ ។ សូមលើក​ទឹកចិត្ត​​ពួកគេ​ធ្វើ​សកម្មភាព ​តាម​ការបំផុស​គំនិត​ណាមួយ​ដែល​ពួកគេ​បាន​ទទួល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ១:១៩ ឲ្យ​ឮ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូហាន​ឲ្យ​សរសេរ​អ្វី​ខ្លះ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា វិវរណៈ ១ កត់ត្រា​នូវ​អ្វី​ដែល​យ៉ូហាន​បាន​សរសេរ​អំពី​ការ​និមិត្ត​​របស់​លោក​​អំពី​ព្រះអង្គ​សង្គ្រោះ ។ ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង វិវរណៈ ២–៣ យ៉ូហាន​បាន​សរសេរ​អំពី​« ​សេចក្តី​​ដែល​មាន​ » ( វិវរណៈ ១:១៩ ) ឬ​ស្ថានភាព​របស់​សាសនាចក្រ​​នៅ​ជំនាន់​របស់​លោក ។ វិវរណៈ ៤–២២ កត់ត្រាអំពី​អ្វី​ដែល​យ៉ូហាន​បាន​សរសេរ​ « សេចក្តី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ » ( វិវរណៈ ១:១៩ ) ឬ​នា​​ពេល​អនាគត ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ១:១២ ។ ចង្កៀង​មាស​ប្រាំពីរ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ដូច​តទៅ​នេះ​​អំពី​ចង្កៀង​មាស​ប្រាំពីរ ​ដែល​យ៉ូហាន​បាន​ឃើញ ៖

« ចង្កៀង​សម្រាប់​ទុក​ពន្លឺ វា​ពុំ​មែន​បង្កើត​ពន្លឺ​នោះ​ទេ ។ តួនាទី​របស់​វា​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ពន្លឺ ប៉ុន្តែ​ពុំ​ធ្វើ​ឲ្យ​មាន​ពន្លឺ​​នោះ​ទេ ។ ដូច្នេះ​ដោយ​ការ​ប្រើ​ចង្កៀង​ប្រាំពីរ​​ដើម្បី​រ៉ាយ​រ៉ាប់​អំពី​ពួក​ជំនុំ​ទាំង​ប្រាំពីរ ​ដែល​យ៉ូហាន​កំពុង​ផ្ដល់​ពាក្យ​ទូន្មាន​នៅ​ពេល​នេះ នោះ​ព្រះអម្ចាស់​កំពុង​បង្ហាញ​ថា ក្រុម​ជំនុំ​របស់​ទ្រង់​នៅ​លើ​ផែនដី​ត្រូវ​នាំ​យក​ពន្លឺ​ទៅ​កាន់​ពិភពលោក ។ ព្រះគ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​លោកិយ ។ ( យ៉ូហាន ៨:១២ ) ។ ‹ ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​​ធ្វើ › (នីហ្វៃទី៣ ១៨:២៤); ម៉ាថាយ ៥:១៤–១៦ ) » ។ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥​–​៧៣ ] ៣:៤៤២ ) ។