បណ្ណាល័យ
មេរៀន​ទី ១៥២ ៖វិវរណៈ ២–៣


មេរៀនទី ១៥២

វិវរណៈ ២–៣

សេចក្ដីផ្ដើម

យ៉ូហាន​បាន​សរសេរ​ដល់​ពួក​ទេវតា​ទាំងប្រាំ​ពីរ​អង្គ ឬ​ពួក​អ្នក​បម្រើ​នៃ​ក្រុម​ជំនុំ​របស់​សាសនា​ចក្រ​នៅ​អាស៊ី​តូច ហើយ​បាន​បង្ហាញ​អំពីបន្ទូល​របស់​ព្រះអម្ចាស់​អំពី​ការ​សរសើរ ការ​កែតម្រូវ និង​​ការ​ព្រមាន​ដល់​ពួក​បរិសុទ្ធ ។ យ៉ូហាន​ក៏​បាន​ដាក់​បញ្ចូល​អំពីការ​សន្យា​នៃ​ភាព​តម្កើង​ឡើង​​ដល់​ជន​ដែល​យក​ឈ្នះ​បានផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ២–៣

យ៉ូហាន​សរសេរ​អំពី​ព្រះបន្ទូល​ទាំងឡាយ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ពួក​ថ្នាក់​ដឹក​នាំ​នៃ​ពួក​ជំនុំ​ទាំងប្រាំ​ពីរ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឲ្យ​ឮៗ​នូវ​ដំណើរ​​រឿង​ខាងក្រោម​ដោយ​ស៊ិស្ទើរ ស៊ីដនី អេស រេណលស៍ អតីត​សមាជិក​មួយ​រូប​នៅក្នុង​គណៈប្រធាន​អង្គ​បឋម​សិក្សា​ទូទៅ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថា ​ពួកគេ​អាច​រៀន​អ្វីខ្លះ​​ចេញពី​​ក្នុង​ដំណើរ​រឿង​​អំពី​ព្រះ​អម្ចាស់​នេះ ។

រូបភាព
បងស្រី ស៊ីដនី អេស រេណលស៍

« ស៊ិស្ទើរ ហ្គេល ក្លេគ នៃ​គណៈប្រធាន​អង្គ​បឋម​​សិក្សា​ទូទៅ និង​ស្វាមី​គាត់​បាន​រស់​នៅក្នុង​ប្រទេស​ប្រេស៊ីល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។ ថ្មីៗ​នេះ គាត់​មាន​កិច្ចការ​មួយ​​ខាង​អង្គការ​បឋម​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ នៅ​ពេល​គាត់​ដើរ​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​​នៅ​ថ្ងៃ​អាទិត្យ គាត់​បាន​សង្កេត​ឃើញ​គ្រួសារ​ជនជាតិ​ប្រេស៊ីល​មួយ​គ្រួសារ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជប៉ុន ។ … គាត់​មាន​ពេល​តែមួយ​នាទី​​ដើម្បី​រាក់ទាក់​នឹង​ពួកគេ ហើយ​បាន​ដឹង​ថា ម្ដាយ និង​កូនៗ​ចូល​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​សង្កេត​ឃើញ​ថា​ឪពុក​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ។ ‹ ខ្ញុំ​នឹង​មាន​ឱកាស​និយាយ​នឹង​ពួកគេ​ក្រោយ​ពី​ការ​ប្រជុំ ›​ គាត់​បាន​គិត នៅ​ពេល​គាត់​បាន​ប្រញាប់​ឡើង​ទៅ​អង្គុយ​នៅ​លើ​វេទិកា ។ គាត់​បាន​ថ្លែង​សុន្ទរកថា​របស់​គាត់​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​គេ​បកប្រែ​ជា​ភាសា​ជប៉ុន រួច​គាត់​បាន​ទទួល​ការ​បំផុស​ឲ្យ​ថ្លែង​ទីបន្ទាល់​​ជា​ភាសា​ព័រទុយហ្គាយ​ផង​ដែរ ។ គាត់​រៀង​ស្ទាក់ស្ទើរ​ដោយសារ​គ្មាន​អ្នក​បកប្រែ​​សម្រាប់​ភាសា​ព័រទុយហ្គាយ ហើយ​មនុស្ស ​៩៨ ភាគ​រយ​នឹង​ពុំ​យល់​អំពី​អ្វីដែល​គាត់​នឹង​និយាយ​​ឡើយ ។

« បន្ទាប់​ពី​ការ​ប្រជុំនោះ ឪពុក​ដែល​ជា​ជន​ជាតិ​ប្រេស៊ីល​រូបនោះ​បាន​ដើរ​មក​រក​គាត់ ហើយ​ពោល​ថា ‹ ស៊ិស្ទើរ ទំនៀម​ទម្លាប់​នៅ​ទី​នេះ​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ឯកោ​តែ​ឯង ។ ការ​មក​ព្រះវិហារ​ដោយ​ពុំ​បាន​យល់​អ្វី​សោះ​នោះ​ វាគឺជា​រឿង​ពិបាក​ណាស់ ។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា វា​នឹង​ប្រសើរ​ជាង ​ប្រសិន​បើ​ខ្ញុំ​នៅ​ផ្ទះ​អាន​ព្រះគម្ពីរ​វិញនោះ ។ ខ្ញុំ​បាន​ប្រាប់​ភរិយា​របស់​ខ្ញុំ​ថា « ខ្ញុំ​នឹង​សាក​ល្បង​ម្ដង​ទៀត » ហើយ​ខ្ញុំ​បាន​មក​នៅ​ថ្ងៃ​នេះ​ ដោយ​គិត​ថា​វា​គឺជា​លើក​ចុង​ក្រោយ​សម្រាប់​ខ្ញុំ ។ នៅ​ពេល​អ្នក​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ជា​ភាសា​ព័រទុយហ្គាយ ព្រះវិញ្ញាណ​បាន​ប៉ះ​ដល់​ដួង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា នេះ​គឺជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​មក ។ ព្រះ​ជ្រាប​ថា​ខ្ញុំ​នៅ​ទីនេះ ហើយ​ទ្រង់​នឹង​ជួយ​ខ្ញុំ › » ( « He Knows Us; He Loves Us » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៣ ទំព័រ​ ៧៦ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ចេញ​ពី​​ក្នុង​ដំណើរ​រឿង​នេះ ?

សូម​សរសេរ​ឃ្លា​មិន​ពេញ​លេញ​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ … នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ២–៣ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអម្ចាស់​អាច​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកគេ ដោយសារ​ទ្រង់​ស្គាល់​ពួកគេ​នោះ ។

សូម​ពន្យល់​ថា វិវរណៈ ២–៣ មាន​នូវ​កំណត់ត្រា​របស់​សាវក​យ៉ូហាន ​អំពី​បន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ពួក​ជំនុំ​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ​នៅ​អាស៊ី​តូច ( ប្រទេស​តួគី​បច្ចុប្បន្ន ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២:១–៣, ៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​ជ្រាប​ដឹងអ្វីខ្លះ​​អំពី​ពួកបរិសុទ្ធ​ក្នុង​អេភេសូរ ។

  • តើ​ព្រះអម្ចាស់​បាន​ជ្រាប​អ្វី​ខ្លះ​ អំពី​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ? ( សូម​ពន្យល់​ថា ពាក្យ ពួក​នីកូឡាសខ​ទី ៦ ] អាច​សំដៅ​ទៅ​លើ​ក្រុម​​ដែល​សមាជិក​របស់​ខ្លួន​បាន​ប្រកាស​ថា ពួកគេ​អាច​ធ្វើ​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ដោយគ្មាន​ការ​ដាក់​ទោស ដោយសារ​តែ​ព្រះគុណ​របស់​ព្រះ​នឹង​សង្គ្រោះ​ពួកគេ [ សូម​មើល Bible Dictionary « Nicolaitans » ] ) ។

សូម​ចង្អុល​បង្ហាញ​ថា ខគម្ពីរ​ទាំង​នេះ​កត់ត្រា​ថា ព្រះអម្ចាស់​បាន​សរសើរ​ពួក​បរិសុទ្ធ​​ចំពោះ​កិច្ចការ​ល្អ​របស់​ពួកគេ ។ សូម​ដាក់​បន្ថែម​ទៅ​នឹង​ឃ្លា​នៅ​លើ​ក្ដារខៀន ​ដើម្បី​ឲ្យ​វា​មាន​ន័យ​ដូច​តទៅ​នេះ ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ នោះ​ទ្រង់​អាច​ប្រទាន​នូវ​ការ​សរសើរ​ដោយ​ផ្ទាល់​ដល់​យើង …​

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២:៤–៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ព្រះអម្ចាស់​បាន​ជ្រាបអំពី​អ្វីខ្លះ​ទៀត​អំពី​ពួកបរិសុទ្ធ​ក្នុង​អេភេសូរ ។

  • តើ​ព្រះអម្ចាស់​បាន​ជ្រាប​អ្វី​ខ្លះ​ទៀត​ អំពី​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​កំពុង​ប្រទាន​ការ​កែតម្រូវ​ដល់​ពួក​បរិសុទ្ធ ដោយសារ​តែ​អំពើ​បាប​របស់​ពួកគេ ។ សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ ដើម្បី​ឲ្យ​បង្ហាញ​នូវ​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ដោយ​សារ​ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ នោះ​ទ្រង់​អាច​ប្រទាន​នូវ​ការ​សរសើរ និង​ការ​កែ​តម្រូវ​ដោយ​ផ្ទាល់​ដល់​យើង ។

  • តើ​វិធី​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន​ការ​សរសើរ និង​ការ​កែតម្រូវ​ដោយ​ផ្ទាល់​មក​ពី ព្រះ​អម្ចាស់ ?

  • តើ​ការ​ដឹង​ថា ព្រះអម្ចាស់​អាច​ប្រទាន​ការ​សរសើរ និង​ការ​កែតម្រូវ​ដល់​យើង អាច​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​ធ្វើ​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ជះឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​ឆ្លើយតប​​ចំពោះ​ពាក្យ​ទូន្មាន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ឪពុកម្ដាយ​របស់​យើង​យ៉ាង​ដូចម្ដេច​ដែរ ?

  • ហេតុអ្វី​យើង​គួរ​មាន​នូវ​ការ​ខិតខំ​មួយ​​ដើម្បី​ស្វែង​រក​ការ​សរសើរ និងការ​កែតម្រូវ​ដោយ​ផ្ទាល់​មក​ពី​ព្រះអម្ចាស់ ?

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍​នូវ​ការ​សរសើរ ឬ​ការ​កែតម្រូវ​ដោយ​ផ្ទាល់​​មក​ពី​ព្រះអម្ចាស់​នៅ​ពេល​ណា​ដែរ ? តើ​បទពិសោធន៍​នេះ​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ស្គាល់​អ្នក​ម្នាក់ៗ​​ជា​បុគ្គល​យ៉ាង​ដូចម្ដេច​ដែរ ? ( សូម​ហាម​សិស្ស​កុំ​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពិសិដ្ឋ​ឬ ឯក​ជន​ពេក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សកម្មភាព​​ដែល​ពួកគេ​គិត​ថា ព្រះអម្ចាស់​អាច​នឹង​សរសើរ​ដល់​ពួកគេ ក៏​ដូចជា​គំនិត ឬ​ឥរិយាបថ​​ដែល​ព្រះអម្ចាស់​អាច​នឹង​កែតម្រូវ​ដល់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ប្រែចិត្ត នៅ​ពេល​ព្រះអម្ចាស់​កែតម្រូវ​ដល់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​យក​ឈ្នះ ឬ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត ។

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​យក​ឈ្នះ ឬ​ជន​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​នៅ​ក្នុង​សេចក្ដី​សុចរិត ?

  • តើ​អ្នក​គិតថា « ការ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត »​ មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៧ ) ។

  • តើ​ការ​ស្ដាប់​ឮ​ពរជ័យ​ដែល​បាន​សន្យា​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​កែតម្រូវ​​ដោយ​ផ្ទាល់​មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ ​ដល់​ពួក​បរិសុទ្ធ​នៅ​អេភេសូរ ?

សូម​រំឭក​សិស្ស​ថា បន្ថែម​ពី​លើ​ការ​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ​របស់​សាសនាចក្រ​​នៅ​អេភេសូរ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួក​ជំនុំ​ផ្សេង​ទៀត​របស់​សាសនាចក្រ​នៅ​អាស៊ី​តូច ។

សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​ប្រាំ​ក្រុម ហើយ​ចាត់​​​បទគម្ពីរ​មួយ​ឲ្យ​ក្រុម​នីមួយៗ​ដូច​ខាង​ក្រោម​នេះ ៖

  1. វិវរណៈ ២:៨–១១

  2. វិវរណៈ ២:១២–១៧

  3. វិវរណៈ ២:១៨–២៩, ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ វិវរណៈ ២:២៦–២៧ (នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

  4. វិវរណៈ ៣:១–៦( សូម​ផ្ដល់​សំណៅ​នៃ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់​វិវរណៈ ៣:១–២ ដល់​ក្រុម​ដែល​ទទួល​បាន​បទគម្ពីរ​យោង​នេះ ៖​ « ចូរ​សរសេរ​ផ្ញើ​ទៅ​ពួក​អ្នក​បម្រើ​នៃ​ពួក​ជំនុំ​ដែល​នៅ​ក្រុង​សើដេស​ថា ព្រះដ៏​មាន​​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ ដែលជា​ពួក​អ្នក​បម្រើ​ទាំង​ប្រាំពីរ​របស់​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​នូវ​សេចក្ដី​ទាំងនេះ​ថា យើង​ស្គាល់​ការ​ដែល​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ហើយ គឺ​ដែល​អ្នក​រាល់គ្នា​មាន​ឈ្មោះ​ថា​រស់ តែ​អ្នករាល់គ្នា​ស្លាប់​ទេ ។ ហេតុ​ដូច្នេះ​​ហើយ ចូរ​ប្រុង​ប្រយ័ត្ន ហើយចម្រើន​កម្លាំង​ដល់​អ្វីៗ​ដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​យើង​មិន​បាន​ឃើញ​ការ​ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទេ ) ។

  5. វិវរណៈ ៣:៧–១៣

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ដែល​ពួកគេ​ត្រូវបានចាត់ឲ្យ​ដល់ក្រុមនីមួយៗ ហើយ​រក​មើល​ថា តើ​ព្រះអម្ចាស់​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ និង​រក​មើល​​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ថា​ពួកគេ​នឹង​ទទួល​បាន ប្រសិន​បើ​ពួក​គេ​ធ្វើ​ដូច្នោះ ។

បន្ទាប់ពី​ផ្តល់​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ ចូរ​អញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយៗ​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​ក្រុម​របស់​គាត់​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​នៅ​លើ​ក្ដារ​ខៀន ( នៅ​ខាងក្រោមពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង វិវរណៈ ២:៧ ) ពរជ័យ​សន្យា​ដែល​ក្រុម​នីមួយៗ​​បាន​រក​ឃើញ ( សូម​មើល វិវរណៈ ២:១១, ១៧, ២៦, ៣:៥, ១២ ) ។ បន្ទាប់​ពី​បាន​ធ្វើ​ចប់​សព្វ​គ្រប់ សូម​ចង្អុល​​បង្ហាញ​ថា ការសន្យា​នីមួយៗ​នៃ​ការសន្យា​ទាំងនេះ​សំដៅ​ទៅ​លើ​ការ​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើងឡើង​ ដែល​វា​សម​ស្រប​ទៅ​នឹង​ការ​កាន់​ខ្ជាប់​ដ៏​ស្មោះ​ត្រង់​របស់​យើង​ដរាប​ដល់​ចុង​បំផុត ។

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះ​​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើងឡើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​​គោលការណ៍​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​យក​ឈ្នះ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​ភាព​តម្កើង​ឡើង ) ។

  • តើ​អ្នក​គិត​ថា​យើង​ត្រូវ​យក​ឈ្នះ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​ពរ​ជ័យ​នៃ​ភាព​តម្កើង​ឡើង ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ៣:១៤–១៧ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​លក្ខខណ្ឌ​មួយ ​ដែល​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ឡៅឌីសេថា​ត្រូវ​យក​ឈ្នះ​​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង ។

  • តើ​លក្ខខណ្ឌ​អ្វីទៅ​ដែល​សមាជិក​សាសនាចក្រ​​នៅ​ក្រុង​ឡៅឌីសេថា​ត្រូវ​យក​ឈ្នះ ?

  • តើ​អ្នក​គិត​ថា ការ​ដែល​សមាជិក​សាសនាចក្រ​ទាំងនេះ​​គឺជា​ពួក​សិស្ស​ដែល​គ្រាន់តែ​ស្ទើរៗចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​មាន​ន័យ​ដូចម្ដេច ? ( ខទី ១៥ ) ។ ( ពាក្យ ក្ដៅ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​មនុស្ស​ម្នាក់ ​ដែល​បាន​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ចំពោះ​ដំណឹងល្អ ហើយ​ពាក្យ ត្រជាក់ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​​អំពី​មនុស្ស​ម្នាក់​ ដែល​បដិសេធ​ចោល​ទាំង​ស្រុង​​ចំពោះ​ការ​បង្រៀន និង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ដំណឹងល្អ ។ សិស្ស​ដែល​គ្រាន់តែ​ស្ទើរៗ​ម្នាក់​អាច​ជា​មនុស្ស​ម្នាក់​ដែល​​ជឿ​ដំណឹងល្អ​ថា​ពិត ប៉ុន្តែ​ពុំ​បាន​តាំង​ចិត្ត​ពេញ​លេញ​ដើម្បី​រស់​នៅ​តាម​នោះ​ទេ ) ។

  • នៅ​ក្នុង​ទស្សនៈ​របស់​អ្នក តើ​កិច្ចការ​ណា​ខ្លះ​ដែល​ពួក​សិស្ស​ ដែល​គ្រាន់​តែ​ស្ទើរ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​នឹង​ធ្វើ និង​ពុំ​ធ្វើ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ ដែល​ពួកគេ​បាន​ធ្វើ​​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​ថាតើ​ពួកគេ​គឺជា​សិស្ស​​ដែល​ក្ដៅ ត្រជាក់ ឬ​គ្រាន់តែ​ស្ទើរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៣:១៩ ឲ្យ​ឮ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ហេតុ​ផល​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​កំពុង​កែតម្រូវ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ឡៅឌីសេថា ។

  • ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ឡៅឌីសេ ថាហេតុអ្វី​ទ្រង់​កែតម្រូវ​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ដោយសារ​ព្រះអម្ចាស់​ស្រឡាញ់​យើង ទើប​ទ្រង់​កែតម្រូវ​យើង​ ដើម្បី​ឲ្យ​យើង​នឹង​ប្រែ​ចិត្ត ) ។

រូបភាព
ព្រះយេស៊ូវ​គង់​នៅ​ឯ​មាត់​ទ្វារ

សូម​ដាក់​បង្ហាញ រូបភាព ព្រះយេស៊ូវ​គង់​នៅ​ឯ​មាត់​ទ្វារGospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ. ៦៥, សូម​មើល​ផង​ដែរ LDS.org ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​រូបភាព​នេះ ?

សូម​អានឮៗ​នូវ​សំណួរ​ខាង​ក្រោម ហើយ​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​ចម្លើយ​របស់​ពួកគេ​​ដោយ​ស្ងៀម​ស្ងាត់ ៖

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​ស្ដាប់​ឮ​ការ​គោះទ្វារ​​នៅ​ផ្ទះ​របស់​អ្នក ហើយ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ជា​អ្នក​គោះ​ទ្វារ​នោះ ?

  • តើ​អ្នក​នឹង​បើក​ទ្វារ​នោះ​ដែរ​ឬទេ ?

សូម​ចង្អុល​បង្ហាញ​ថា រូបភាព​នេះ​បង្ហាញ​អំពី​បន្ទូល​​ដែល​ព្រះអម្ចាស់​បាន​លើក​មក​បង្រៀន​ដល់សាសនាចក្រ​នៅ​ក្រុង​ឡៅឌីសេថា ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៣:២០ ឲ្យ​ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ពរជ័យ ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ឡៅឌីសេថា និង​អ្វីដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​វា ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ឡៅឌីសេថា ?

  • តើ​ពួកគេ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ២០ ?​ ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​បើក​ទ្វារ​ថ្វាយ​ព្រះអង្គ​សង្គ្រោះ ទ្រង់​នឹង​យាង​ចូល ហើយ​គង់​នៅ​ជាមួយ​នឹង​យើង ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​នៅ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ សូម​ពន្យល់​ថា ប្រពៃណី​នៅ​តំបន់​ក្បែរ​ទិស​ខាង​កើត​កាល​ពី​បុរាណ ការ​បរិភោគ​អាហារ​ជាមួយ​នឹង​មនុស្ស​ម្នាក់​គឺជា​សញ្ញា​នៃ​ការ​រាប់​អាន ។ វា​បញ្ជាក់​ថា មាន​ចំណង​មិត្តភាព និង​ភាព​សុខសាន្ដ​ ឬ​យ៉ាង​ហោច​ណាស់​​មានន័យ​ថា ភាពសុខសាន្ដ​ត្រូវ​បាន​ផ្ដល់​ឲ្យ ។

  • តើ​អ្នក​គិត​ថា ការ​បើក​ទ្វារ​ដែល​បាន​លើក​ឡើង​​នៅ​ក្នុង ខ​ទី ២០ តំណាង​ឲ្យ​អ្វី ?

សូម​ពន្យល់​ថា មនុស្ស​ដែល​បើក​ទ្វារ​ថ្វាយ​ព្រះអង្គ​​សង្គ្រោះ ហើយ​ទទួលទាន​អាហារ​​ជាមួយ​​ទ្រង់​​គឺជា​បុគ្គល​ដែល​ប្រែ​ចិត្ត​ពី​អំពើបាប​ខ្លួន ហើយ​ក្លាយ​មិត្ត​​ទ្រង់ និង​ព្រះវរបិតា​សួគ៌​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​យល់​ថា ការ​បើក​ទ្វារ​នោះ​តំណាង​ឲ្យ​អ្វី​ទៅ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​ដំណើរ​រឿង​ដូចខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« មាន​ថ្ងៃ​មួយ​ [ វិចិត្រករ​ម្នាក់​ឈ្មោះ​ ហូល​មិន ហាន់ ]​ កំពុង​បង្ហាញ​រូបភាព​របស់​ខ្លួន​អំពី​ ‹ ព្រះគ្រីស្ទ​កំពុង​គោះ​ទ្វារ › ដល់​មិត្ត​ម្នាក់ ហើយ​រំពេច​នោះ​មិត្ត​ម្នាក់​នោះ​បាន​ស្រែក​ឡើង​ថា ‹ រូបភាព​របស់​ឯង​ដូចជា​មាន​បញ្ហា​អ្វី​មួយ › ។

« វិចិត្រករ​នោះ​បាន​សួរ​ថា ‹ តើ​វា​មាន​បញ្ហា​អ្វី​ដែរ ? ›

« មិត្ត​នោះ​ក៏​តប​ថា ‹ ទ្វារ​ដែល​ព្រះយេស៊ូវ​គោះ​នោះ​គ្មាន​ដៃ​ទ្វារ​ទេ › ។

« ​លោក​ហាន់ បាន​តប​ថា ‹ ទេ នោះ​ពុំ​មែន​ជា​កំហុស​ទេ ។ ឯង​ឃើញ​ទេ នេះ​គឺជា​ទ្វារ​​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​មនុស្ស ។ វា​អាច​បើក​បាន​តែ​ពី​ខាង​ក្នុង​ប៉ុណ្ណោះ › ។

« ហើយ​វា​គឺជា​រឿង​ពិត ។ ព្រះយេស៊ូវ​អាច​ឈរ ហើយ​គោះ​ទ្វារ ប៉ុន្តែ​យើង​ម្នាក់ៗ​​​គឺជា​អ្នក​សម្រេច​ចិត្ត​ថា​តើ​គួរ​បើក ឬ​ក៏​អត់ » ( The Miracle of Forgiveness [ ឆ្នាំ​ ១៩៦៩ ] ទំព័រ២១២ ) ។

  • តើ​អ្នក​គិត​ថា យើង​អាច​បើក​ដួងចិត្ត​របស់​យើង​ថ្វាយ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន វិវរណៈ ៣:២១–២២ ដោយ​ស្ងៀម​ស្ងាត់ រកមើល​ការ​សន្យា និង​បន្ទូល​ទូន្មាន​របស់​ព្រះអម្ចាស់​ទៅ​​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ឡៅឌីសេថា ។

  • យោងតាមខ​ទី ២២តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពាក្យ​ទូន្មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ « ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល » ( ខ​ទី ២២ ) ដោយ​សញ្ជឹង​គិត​អំពី​អ្វីដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ២:១–៣:២២ ។ សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួក​ជំនុំ​ទាំង​ប្រាំពីរ

កំណត់​ចំណាំ ៖ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​របស់​សាសនាចក្រ អ្នក​គួរ​មើល​នៅ​ក្នុង New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ) ទំព័រ ៥៣១–៣២ ។

វិវរណៈ ២:១១ ។ « សេចក្ដី​ស្លាប់​ទី​ពីរ »

« វិវរណៈ ២:១១ បង្រៀន​ថា ចំពោះ​ពួក​ស្មោះត្រង់​នោះ​ ‹ សេចក្ដី​ស្លាប់​ទីពីរ​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ › ។ ប៉ុន្តែ​ចំពោះ​ពួក​ទុច្ចរិត ​‹ នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ឆេះ​ជា​ភ្លើង និង​ស្ពាន់​ធ័រ​គឺជា​សេចក្ដី​ស្លាប់ទី​ពីរ​វិញ › ( វិវរណៈ ២១:៨ ) ។ កាល​កំពុង​បម្រើ​នៅ​ក្នុង​គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ អើល ស៊ី ធីងង៉ី បាន​ពន្យល់​ថា ‹ សេចក្ដី​ស្លាប់​ទីពីរ​គឺជា​រឿង​ខាង​វិញ្ញាណ ។ វា​គឺជា​ការ​បែក​ចេញ​ពី​វត្តមាន​របស់​ព្រះ › » ( ‹ The Great Plan of Happiness ​›​ EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៦ ទំព័រ ៧៣ ) ។

« យើង​ទាំងអស់​គ្នា​បាន​ជួបពិសោធន៍​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ នៅ​ពេល​យើង​ចាក​ចេញ​ពី​​វត្តមាន​របស់​ព្រះ​មក​កាន់​ផែនដី ។ ប៉ុន្តែ​ការ​បែក​ចេញ​ដំបូង​នេះ​ពុំ​មែន​ជា​ ‹ សេចក្ដី​ស្លាប់​ទី​ពីរ › ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង វិវរណៈ ២:១១​នោះ​ទេ ។ តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ កូន​ចៅ​ព្រះ​គ្រប់​រូប​នឹង​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដំបូង​នេះ ហើយ​ត្រូវ​បាន​នាំ​ត្រឡប់​ទៅ​វត្តមាន​រ​បស់​ព្រះវិញ ដើម្បីត្រូវបាន​កាត់​សេចក្ដី ( សូម​មើល ហេលេមិន ១៤:១៦–១៧ ) ដែល​បន្ទាប់​មក​មនុស្ស​ភាគ​ច្រើន​នឹង​គ្រង​នគរ​នៃ​សិរីល្អ ។ សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ទីពីរ​នឹង​បាន​ប្រកាស​នៅ​ឯ​ថ្ងៃ​នៃ​ការជំនុំ​ជម្រះ​ចំពោះ​ជន​ដែល​បាន​ពុំ​ព្រម​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន និង​ជន​ដែល​បះបោរ​ទាស់​នឹង​ពន្លឺ និង​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដោយ​ចេតនា ដូចដែល​សាតាំង​បាន​ធ្វើ​ដែរ [ សូម​មើល គ. និង ស. ២៩:៤៤–៤៥​; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, ‹ សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ › scriptures.lds.org ] ។ ពួកគេ​នឹង​បែកចេញ​ពី​ព្រះ​ជា​រៀង​រហូត ហើយ​នឹង​ក្លាយ​ជា​ពួក​កូន​អន្តរធាន ( សូ​មមើល គ. និង ស. ៧៦:៣០–៣៧, ៤៤ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៥៣៤ ) ។

វិវរណៈ ២:១៤ ។ « សេចក្តី​បង្រៀន​របស់​បាឡាម »

« បាឡាម​គឺជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ការ​ប្រព្រឹត្ត​របស់​លោក​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង ជនគណនា ២២–២៤; ៣១:១៦ ។ ដំបូង​ឡើយ លោក​ទំនង​ហាក់​ដូចជា​ស្មោះត្រង់ចំពោះ​ព្រះអម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់ ដោយ​បដិសេធ​សំណើ​ជា​បន្ត​បន្ទាប់​របស់​បាឡាក​ឲ្យ​ដាក់​បណ្ដាសា​ដល់​សាសន៍​អ៊ីស្រាអែល ។ ប៉ុន្តែ​នៅ​ទី​បំផុត បាឡាម​បានទន់​​​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាឡាក​បាន​ផ្ដល់​ឲ្យ ហើយ​បាន​បង្រៀន​បាឡាក​អំពី​របៀប​ធ្វើ​ឲ្យ​ទ័ព​អ៊ីស្រាអែល​ចុះ​ខ្សោយ​តាមរយៈ​អំពើ​បាប​ខាង​ផ្លូវ​ភេទ និង​រឿង​អបិយជំនឿ ​( សូម​មើល ជនគណនា ២៥:១–៥; ៣១:១៣–១៦ ) ។ ផែនការ​នោះ​រួម​មាន​ការ​ឲ្យ​ពួក​ស្ត្រី​សាសន៍​ម៉ូអាប់​ទាក់​ចិត្ត​ពួក​បុរស​អ៊ីស្រាអែល ហើយ​អូស​ទាញ​ពួកគេ​ឲ្យ​ថ្វាយ​យញ្ញ​បូជា​ដល់​រូប​ព្រះ ការ​ធ្វើ​ដូច្នេះ​នឹង​បំផ្លាញ​ពួកគេ​ខាង​វិញ្ញាណ » ( ​New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៥៣៤ ) ។

វិវរណៈ ២:១៧ ។ « នំម៉ាន៉ា​ដ៏​លាក់​កំបាំង » និង « គ្រួស​ស​មួយ »

« ព្រះអម្ចាស់​បាន​ប្រទាន​នំម៉ាន៉ា​ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​កូនចៅ​អ៊ីស្រាអែល​នៅ​ដំណើរ ​៤០ ឆ្នាំ​របស់​ពួកគេ​នៅ​ក្នុង​ទីរហោស្ថាន ( សូម​មើល និក្ខមនំ ១៦:១៥, ៣៥ ) ។ ដូចជា​នំម៉ាន៉ា​ដែល​បាន​ជួយ​ទ្រទ្រង់​ជីវិត​ខាង​សាច់​ឈាម​ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ​‹ នំប៉័ង​នៃ​ជីវិត ›​ ដែល​ទ្រ​ទ្រង់​ជីវិត​ខាង​វិញ្ញាណ ( យ៉ូហាន ៦:៣៥, ៤៨ ) ។ ‹ នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង › ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង វិវរណៈ ២:១៧ សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះយេស៊ូវ​ត្រូវ​បាន​ ‹ លាក់​កំបាំង ›​ ពី​ជន​ទុច្ចរិត ។ ប៉ុន្តែ​ដូច​ដែល​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង យ៉ូហាន ៦ ជន​ដែល​ទទួល​ទាន​នូវ​តំណាង​នៃ​សាច់​របស់​ទ្រង់​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូម​មើល យ៉ូហាន ៦:៤៧–៥៨ ) ។ …

« … សម្រាប់​ការ​បើក​សម្ដែង​អំពី​អត្ថន័យ​នៃ​គ្រួស​ស​នោះ សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៨–១១ » ( New Testament Student ManualChurch Educational System manual ទំព័រ ២០១៤ ] ទំព័រ ៥៣៥ ) ។

វិវរណៈ ២:២៨ ។ « យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ »

« ‹ ផ្កាយ​ព្រឹក › ​គឺជា​និមិត្ត​សញ្ញា​មួយ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( វិវរណៈ ២:២៨; ២២:១៦ ) ។ ការ​សន្យា​នៃ ​‹ ផ្កាយ​ព្រឹក ›​ ត្រូវ​បាន​ប្រគល់​ដល់​ជន​ ‹ ដែល​ឈ្នះ ហើយ​កាន់​តាម​ការណ៏​យើង ដរាប​ដល់​ចុង​បំផុត › ( វិវរណៈ ២:២៦ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៥៣៥ ) ។

វិវរណៈ ៣:១៤ ។ « អាម៉ែន »

« នៅ​ក្នុង​ភាសា​ហេព្រើរ និង​ភាសា​ក្រិក ពាក្យ ​‹ អាម៉ែន › ​មាន​ន័យ​ថា យ៉ាង​ពិត​ប្រាកដ ដែល​​ដឹង​ច្បាស់ ឬ​ដោយ​ស្មោះ​ត្រង់ ។ នៅ​ក្នុង វិវរណៈ ៣:១៤ ភក្ដីភាព​និង​សេចក្ដី​ទៀង​ត្រង់​របស់​ព្រះគ្រីស្ទ​គឺជា​ ‹ អាម៉ែន ›​ ដ៏​អស្ចារ្យ​ដែល​តំណាង​ឲ្យ​ភាព​ខុស​គ្នា​មួយ​នឹង​ឥរិយបថ​គ្រាន់​តែ​ស្ទើរៗរបស់​ពួក​ឡៅឌីសេថា ( សូម​មើល​ផង​ដែរ វិវរណៈ ៣:១៥–១៦ ) ។ ​នៅ​ចុង​បញ្ចប់​នៃ​ការ​អធិស្ឋាន ឬ​ការ​បង្រៀន​មួយ នោះ​ពាក្យ ​‹ អាម៉ែន ›​ គឺជា​វិធី​មួយ​នៃ​ការ​អះអាង​ដ៏​ឱឡារិក​នូវ​អ្វី​ដែល​​បាន​និយាយ ឬ​ការ​បង្ហាញ​ការ​យល់ព្រម​ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​ថា ងារ​របស់​ព្រះអង្គ​សង្គ្រោះ​ថា​ជា ‹ អាម៉ែន ›​ ក៏​បង្ហាញ ​‹ ថា​មាន​តែ​នៅ​ក្នុង​ទ្រង់ ហើយ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ​ទើប​ត្រា​នៃ​ការ​បញ្ជាក់​មក​ពី​ព្រះ​ត្រូវ​បាន​ដាក់​នៅ​លើ​រាល់​សេចក្ដី​សន្យា​របស់​ព្រះវរបិតា › ( Mormon Doctrine​ កំណែ​ទី ២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ៣២ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៥៣៦ ) ។