បណ្ណាល័យ
មេរៀន​ទី ១៥៧ ៖ វិវរណៈ ១៤–១៦


មេរៀន​ទី ១៥៧

វិវរណៈ ១៤–១៦

សេចក្ដីផ្ដើម

នៅក្នុង​ការនិមិត្ត​មួយ សាវក​យ៉ូហាន​បាន​ឃើញ​ទេវតា​មួយ​អង្គ​ស្ដារឡើងវិញ​នូវ​ដំណឹង​ល្អរបស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុងថ្ងៃ​ចុង​ក្រោយ ។ លោក​ក៏​បាន​ឮ​សំឡេង​មក​ពី​លើ​មេឃ ដែល​ពិពណ៌នា​អំពីពរជ័យ​ដែល​កើត​មាន​ដល់​អស់​អ្នក ​ដែល​បាន​ស្លាប់​ទៅ​ក្នុងភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ យ៉ូហាន​បាន​ឃើញ​ការប្រមូល​ផ្តុំ​នៃ​ពួក​សុចរិត និង ការប្រមូល​ផ្តុំ​នៃ​ពួក​ទុច្ចរិត​​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ការជនុំជម្រះ​របស់​ព្រះ​​ដែល​ចាក់ស្រោច​លើ​ពួក​ទុច្ចរិត ។

យោបល់​សម្រាប់ការ​បង្រៀន

វិវរណៈ ១៤

យ៉ូហាន​ឃើញ​អំពីការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ និង ការប្រមូលផ្តុំ​នៃ​ពួកសុចរិត និង ពួកទុច្ចរិត

សូម​សរសេរ​សំណួរ​ដូច​តទៅ​នេះ​​នៅ​លើ​ក្ដារខៀន ៖ តើ​វា​អាច​ទៅ​រួច​ទេ ដើម្បី​រីករាយ​នឹង​ភាព​សុខសាន្ត ទោះបី​ជា​ពិភព​លោក​នេះ​​ពោរពេញ​ដោយ​អំពើ​ទុច្ចរិត ភយន្តរាយ និង អំពើ​ហិង្សា​នោះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​មួយ​ចំនួន​ឆ្លើយ​នឹង​សំណួរ ហើយ​ពន្យល់​ពីចម្លើយ​របស់​ពួកគេ ៖

សូម​ឲ្យ​ពួកគេ​រក​មើល​សេចក្ដី​ពិត នៅពេល​ពួកគេ​សិក្សា វិវរណៈ ១៤–១៦​​ ដែល​អាច​ជួយ​នាំ​ភាពសុខសាន្ត​ដល់​ពួកគេ អំឡុង​ពេល​រស់នៅក្នុង​ពិភពលោក​ដែល​ទុច្ចរិត និង ច្របូកច្របល់​នេះ​ពីមុន​ការយាង​មក​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុង វិវរណៈ ១៤:១–១៣ សាវក​យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​មួយ​​អំពី​ថ្ងៃ​ចុងក្រោយ ។ នៅក្នុង​ការនិមិត្ត​របស់​លោក នោះ​លោក​បាន​ឃើញ​គ្រោះមហន្ដរាយ ដែល​នឹង​កើត​មាន​មក​លើ​ពួក​ទុច្ចរិត ។ លោក​ក៏​បាន​ឃើញ​អំពីអ្វី​​ដែល​នឹង​នាំ​ភាពសុខសាន្ត​ដល់​ជន​សុចរិត​ផងដែរ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១៤:១–៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ថា នឹង​​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • តើ​យ៉ូហាន​បាន​ឃើញ​អ្វី​នឹង​​កើត​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ?

សូម​រំឭក​ប្រាប់សិស្ស​ថា មនុស្ស ១៤៤០០០ នាក់​គឺ​ជា​ពួកសង្ឃ​ជាន់​ខ្ពស់​នៃ​ពូជ​អំបូរ​ទាំង​ដប់​ពីរ​អ៊ីស្រាអែល ដែល​នឹង​ត្រូវបាន​តែងតាំង​ពី​គ្រប់​សាសន៍ ដើម្បី​ចាត់ចែង​ដំណឹង​ល្អ និង នាំ​មនុស្ស​មក​កាន់​សាសនាចក្រ ( សូមមើល វិវរណៈ ៧:៤–៨, គ. និង ស. ៧៧:១១) ។

  • យោង​តាម ខ​ទី ៤–៥ តើ​យ៉ូហាន​បាន​ពិពណ៌នា​អំពី​សង្ឃ​ជាន់​ខ្ពស់​ទាំង ១៤៤០០០ នាក់​ ដែល​នឹង​ចាត់ចែង​ដំណឹង​ល្អ​នៅ​ទូទាំង​ពិភពលោក​យ៉ាង​ដូចម្ដេច ? ( សូម​ពន្យល់​ថា​ឃ្លា « មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រី​ឡើយ » [ខ​ទី ៤] មាន​ន័យ​ថា​ពួកគេ​នៅ​បរិសុទ្ធ ឃ្លា « មិន​ឃើញ​មាន​សេចក្តី​ភូតភរ​នៅ​ក្នុង​មាត់​គេ​ឡើយ » [ខ​ទី ៥] មាន​ន័យ​ថា ពួកគេ​​ទៀង​ត្រង់ ហើយ​ស្មោះសរ ហើយ​ឃ្លា « ឥត​សៅហ្មង » [ខ​ទី ៥] មាន​ន័យ​ថា​ពួកគេ​ជ្រះ​ស្អាត​ពី​អំពើ​បាប ) ។

  • តើ​អ្នក​គិត​ថា ហេតុ​អ្វី​ការមាន​ភាពបរិសុទ្ធ ភាពទៀងត្រង់ និង ស្អាតបាត​ពី​អំពើ​បាប នឹង​ជួយ​ពួកសង្ឃ​ជាន់​ខ្ពស់ ១៤៤០០០ នាក់​នោះឲ្យ​​នាំ​យក​ដំណឹង​ល្អ​ទៅ​កាន់​អ្នក​ដទៃ ?

សូម​ពន្យល់​ថា អំឡុង​ពេល​នៃ​ការនិមិត្ត​របស់​យ៉ូហាន​អំពី​ថ្ងៃ​ចុងក្រោយ លោក​បាន​ឃើញ​ទេវតា​បី​អង្គ ។ សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​តំណាង​ជា​ទេវតា​បី​អង្គ​នោះ ( សិស្ស​ទាំង​នេះ​អាច​បន្ត​អង្គុយ​នៅ​កៅអី​របស់​ពួកគេ ) ។ សូម​អញ្ជើញ​សិស្ស​ដែល​តំណាង​ឲ្យ​ទេវតា​ទីមួយ​អាន វិវរណៈ ១៤:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​ថា​ទេវតា​នោះ​មាន​អ្វី ។

  • តើ​ទេវតា​នោះ​មាន​អ្វី ?

សូម​អញ្ជើញ​សិស្ស​ដែល​តំណាង​ឲ្យ​ទេវតា​ទីមួយ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៣៦–៣៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​ទេវតា​នោះ​បាន​ធ្វើ​​ជាមួយ​ដំណឹងល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ។

  • តើ​ទេវតា​នោះ​បាន​ធ្វើ​អ្វី​ជាមួយ​ដំណឹងល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ?

រូបភាព
មរ៉ូណៃ​បាន​បង្ហាញ​កាយ​ដល់​យ៉ូសែប ស៊្មីធ នៅក្នុង​បន្ទប់​របស់​លោក

សូម​ដាក់​បង្ហាញ​រូបភាព មរ៉ូណៃ​បាន​បង្ហាញ​កាយដល់​យ៉ូសែប ស៊្មីធ នៅក្នុង​បន្ទប់​របស់​លោក (Gospel Art Book [ ឆ្នាំ ២០០៩ ] លេខ ៩១, សូមមើល​ផងដែរ LDS.org) ។ សូម​ឲ្យ​សិស្ស​ម្នាក់​រំឭក​អំពីអ្វី​ដែល​បាន​កើត​ឡើង អំឡុង​ពេលមរ៉ូណៃ​មក​ជួប​យ៉ូសែប ស្ម៊ីធ​លើក​ដំបូង​ ។ ( ប្រសិនបើ​សិស្ស​ត្រូវការ​ការរំឭក​អំពី​ព្រឹត្តិការណ៍​​ទាំង​នេះ អ្នក​អាច​សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩–៣៥ ឲ្យ​ឮៗ ) ។

  • ក្រោម​ការដឹកនាំ​របស់​ព្រះ តើ​មរ៉ូណៃ​បាន​ឲ្យ​អ្វី​ដល់​យ៉ូសែប ស្ម៊ីធ​ ដើម្បី​ជួយ​ស្តារ​ដំណឹងល្អមក​កាន់​ផែនដី​វិញ​នោះ ? ( កំណត់ត្រា​នោះ​រួមមាន​ព្រះគម្ពីរ​មរមន ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ​ ដែល​មាន​រូប​ចម្លាក់​ទេវតា​មរ៉ូណៃ​នៅ​លើ​កំពូល ដូច​ជា​រូបភាព ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដែល​មាន​នៅក្នុង Gospel Art Book ( លេខ ១១៩, សូមមើល​ផងដែរ LDS.org) ។

  • ហេតុអ្វី​អ្នក​គិត​ថា រូប​ចម្លាក់​ទេវតា​មរ៉ូណៃ​ត្រូវ​បាន​ដាក់​នៅ​លើ​កំពូល​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​​របស់​យើង ?

សូម​ពន្យល់​ថា នៅក្នុង​សុន្ទរកថា​សន្និសីទ​មួយ​ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ដកស្រង់ វិវរណៈ ១៤:៦ ហើយ​ក្រោយ​មក​បាន​ប្រកាស​ថា « ទេវតា​នោះ​បាន​យាង​មក​ហើយ ។ ព្រះនាម​របស់​ទ្រង់​គឺ​ មរ៉ូណៃ » ( « Stay the Course Keep the Faith » Ensign ខែ វិច្ឆិកា ១៩៩៥ ទំព័រ ៧០ ) ។ ទេវតា​ក៏​អាច​តំណាង​ឲ្យ​ក្រុមមួយ​នៃ​សារទូត​ជា​ច្រើន​របស់​ស្ថានសួគ៌​រួមមាន មរ៉ូណៃ ដែល​បាន​ជួយ​ស្តារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៥២៩–៣១, សូមមើល​ផងដែរ គ. និង ស. ១៣, ១១០:១១–១៦, ១២៨:២០–២១ ) ។

សូម​អញ្ជើញ​សិស្ស​ដែល​តំណាង​ឲ្យ​ទេវតា​ទីមួយ​អាន វិវរណៈ ១៤:៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​ទេវតា​នោះ​បាន​មាន​បន្ទូល ។

  • តើ​ទេវតា​នោះ​បាន​មាន​បន្ទូល​​ដូចម្តេច​ ?

  • តើ​ឃ្លា « ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំជម្រះ នោះ​បាន​មក​ដល់​ហើយ » មាន​អត្ថន័យ​ដូចម្តេច ? ( ជា​ពេល​ដែល​នឹងមកដល់ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់​នៅលើ​ផែនដី​នេះ ។ ការជំនុំជម្រះ​របស់​ទ្រង់​នឹង​កើត​មាន​​ឡើង​ទាំង​នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ [ សូមមើល ម៉ាឡាគី ៣:១–៥] និង គ្រា​នៃ​សេចក្តីជំនុំជម្រះ​ចុង​ក្រោយ [ សូមមើល នីហ្វៃទី២ ៩:១៥] ) ។

  • ផ្អែក​លើ​អ្វី​ដែល​យើង​បាន​រៀន តើ​អ្វី​ទៅ​ជា​ហេតុផល​មួយដែល​ព្រះ​ស្តារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ? ( សិស្ស​គប្បី​រកឃើញ​សេចក្តីពិត​ដូចតទៅ​នេះ ៖ ព្រះ​បាន​ស្ដារឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​រៀប​ចំ​ពូជពង្ស​មនុស្ស​នៅ​លើ​​ផែនដី​​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ) ។

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រៀបចំ​មនុស្ស​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់​តាម​របៀប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពីរបៀប​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​​ដែល​បាន​ស្ដារឡើង​វិញ ជួយ​នាំ​ភាពសុខសាន្ត​ដល់​ពួកគេ អំឡុង​ពេល​រស់នៅក្នុង​ពិភពលោក​ដែល​ទុច្ចរិត និង ច្របូកច្របល់​នេះ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​គំនិត​របស់​ពួកគេ​​​ជា​មួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ដែល​តំណាង​ឲ្យ​ទេវតា​ទីពីរ​អាន វិវរណៈ ១៤:៨ ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​តំណាង​ឲ្យ​ទេវតា​ទី​បី​អាន វិវរណៈ ១៤:៩–១១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល​ទេវតា​នោះ​បាន​មាន​បន្ទូល ។

  • យោងតាម ខទី ៨ តើ​ទេវតា​ទី​ពីរ​បាន​មាន​បន្ទូល​ថា​ដូចម្តេច ? ( សូម​ពន្យល់​ថា ​អត្ថន័យ​មួយ​នៃ​ឃ្លា « ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ » គឺ​ថា​ថ្ងៃ​នោះ​នឹង​មក​ដល់ នៅពេល​អំពើ​ទុច្ចរិត​នៃ​ពិភព​លោក​នេះ​នឹង​បញ្ចប់ ។

  • តើ​ការដឹង​ថា អំពើ​ទុច្ចរិត​នៃ​ពិភពលោក​នេះ​នឹង​បញ្ចប់ នាំ​ឲ្យ​យើង​មាន​ភាពសុខសាន្ត​យ៉ាង​ដូចម្តេច ?

  • យោងតាម ខទី ៩–១១ តើ​ទេវតា​ទី​បី​បាន​មាន​បន្ទូល​ថា អ្វី​នឹង​កើត​ឡើង​​ដល់​អស់​ដែល​ធ្វើ​តាម « សត្វ​នោះ » (ខ​ទី ៩) ឬ សាតាំង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​​ដូច​ត​ទៅ​នេះ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ​ឲ្យ​ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​​រក​របៀប​ដែល​ព្យាការី​បាន​ពន្យល់​អំ​ពី​ទារុណកម្ម​ដែល​ពួក​ទុច្ចរិត​នឹង​ជួប​ប្រទះ ​បន្ទាប់​ពី​ពួកគេ​ស្លាប់​ទៅ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« សេចក្តី​វេទនា​ដ៏​ធំ​នៃ​វិញ្ញាណ​ ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​ពិភព​វិញ្ញាណ ជា​កន្លែង​ដែល​ពួកគេ​ទៅ​បន្ទាប់​ពី​ពួកគេ​ស្លាប់ គឺ​ការដឹង​ថា​ពួកគេ​ពុំ​ទទួល​បាន​សិរីរុងរឿង ដែល​មនុស្ស​ដទៃ​រីករាយ ហើយ​ថា​ពួកគេ​អាច​មាន​ក្តី​រីករាយ​ចំពោះ​ខ្លួន​ពួកគេ ហើយ​ពួកគេ​គឺ​ជា​អ្នក​ចោទប្រកាន់​ខ្លួន​ឯង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២២៤ ) ។

« មនុស្ស​ម្នាក់​គឺ​ជា​ម្ចាស់​នៃ​អំពើ​បាប​ខ្លួន ហើយ​​ក៏​ជា​អ្នក​កាត់​ទោស​ខ្លួន​ឯង​ដែរ ។ ហេតុដូច្នេះ​ហើយ ពួកគេ​នឹង​ទៅ​ក្នុង​បឹង​​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ [ សូម​មើល វិវរណៈ ២១:៨ ] ។ ការដាក់ទោស​នៃ​ការខកចិត្ត​​នៅក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់ ​គឺ​ធំអនេក​​ប្រៀប​ដូច​ជា​បឹង​​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ ( Teachings of Presidents of the Church: Joseph Smith ទំព័រ ២២៤ ) ។

  • យោង​តាម​ព្យាការី យ៉ូសែប ស៊្មីធ តើ​ទារុណកម្ម​អ្វី​​ដែល​ពួកទុច្ចរិត​នឹង​ជួប​បន្ទាប់​ពី​ពួកគេ​ស្លាប់​ទៅ ?

សូម​ចង្អុល​បង្ហាញ​ថា បន្ទាប់​ពី​ដឹង​អំពីអ្វី​ដែល​ពួក​ទុច្ចរិត​នឹង​ជួប​ប្រទះ បន្ទាប់​ពី​ពួកគេ​ស្លាប់ហើយ នោះ​យ៉ូហាន​បាន​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដោយ​រៀបរាប់​អំពីអ្វី​ដែល​ពួក​សុចរិត​នឹង​ជួបប្រទះ ​បន្ទាប់​ពី​ពួកគេ​ស្លាប់ទៅ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ១៤:១២–១៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​អ្វី​ដែល​ពួក​សុចរិត​នឹង​ជួប​ប្រទះ បន្ទាប់ពី​ពួកគេ​ស្លាប់​ទៅ ។

  • តើ​ពួក​សុចរិត​នឹង​ជួប​បទពិសោធន៍​អ្វី បន្ទាប់​ពី​ពួកគេ​ស្លាប់ ?

  • តើ​អ្នក​គិត​ថា « ឈប់​សម្រាក​ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ » មាន​ន័យ​ដូចម្តេច ? (ខ​ទី ១៣) ។

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​របស់​យ៉ូហាន​នៅក្នុង ខទី ១២–១៣ ឲ្យ​ទៅ​ជា​គោលការណ៍​មួយ​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​គោលការណ៍​​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​រស់​នៅ​ដោយ​សុចរិត នោះ​យើង​នឹង​មាន​ពរ​ចំពោះ​កិច្ចការ​របស់​យើង ហើយ​បាន​​សម្រាក​ពី​ការងារ​របស់​យើង​បន្ទាប់​ពី​យើង​ស្លាប់ទៅ) ។

  • តើ​គោលការណ៍​នេះ​អាច​នាំ​ភាពសុខសាន្ត​ដល់​យើង សូម្បី​តែ​ពេល​ដែល​យើង​ត្រូវបាន​ហ៊ុំ​ព័ទ្ធ​ដោយ​ភាពទុច្ចរិត​យ៉ាង​ដូចម្តេច ?

សូម​គិត​អំពីការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ អំពី​សារៈសំខាន់​នៃ​ការជ្រើសរើស​​រស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ប្រាកដ​ថា​ពួកគេ​នឹង​មិនរង​នឹងការឈឺចាប់​ចំពោះ​ទារុណកម្ម​នៃ​អំពើ​ទុច្ចរិត ប៉ុន្តែ​រីករាយ​នឹង​ភាពសុខ​សាន្ត​នៃ​អំពើ​សុចរិត​វិញ​នោះ ។ សូម​អញ្ជើញ​ពួកគេ​​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

សូម​សង្ខេប វិវរណៈ ១៤:១៤–២០ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ពិពណ៌នា​អំពី​ចម្រូត​ពីរ ។ នៅក្នុង​ការនិមិត្ត​របស់​លោក យ៉ូហាន​បាន​ឃើញ​ថា នៅក្នុង​អំឡុង​ពេល​ចម្រូត​ទីមួយ​ មនុស្ស​សុចរិត​ត្រូវបាន​ប្រមូល​ផ្តុំ​មក​ពី​ពួកទុច្ចរិត ( សូមមើល ខ​ទី ១៤–១៦​ ) ហើយ​ថា​ នៅ​អំឡុង​ពេល​ចម្រូត​ទី​ពីរ ពួកទុច្ចរិត​នឹង​ត្រូវ​បាន​ប្រមូលផ្តុំ ហើយ​ទីបំផុត​នឹង​ត្រូវ​បំផ្លាញ​ចោល ( សូមមើល ខ​ទី ១៧–២០ ) ។

វិវរណៈ ១៥-១៦

យ៉ូហាន​ឃើញ​ពួកសុចរិត​នៅ​ក្នុង​នគរ​សេឡេស្ទាល ហើយ​ឃើញ​មាន​សេចក្តី​វេទនា​ចំនួន​ប្រាំពីរ​​នៅ​ថ្ងៃ​ចុងក្រោយ

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១៥:១ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ផ្សេង​ទៀត​​ដែលយ៉ូហាន​បាន​ឃើញ​ថា​​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​អំពីអ្វី​​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុង វិវរណៈ ១៥–១៦ យ៉ូហាន​បាន​ពិពណ៌នា​អំពី​សេចក្តីវេទនា​ទាំង​ប្រាំពីរ ដែល​នឹង​ដាក់​ទោស​ដល់​ពួកទុច្ចរិត​​នៅ​ថ្ងៃ​ចុងក្រោយ ។ ប៉ុន្តែ​ពីមុន​លោក​បាន​រៀបរាប់​អំពីសេចក្តី​វេទនា​ទាំង​ប្រាំពីរ​នោះ យ៉ូហាន​បាន​ផ្អាក​បន្តិច ដើម្បីបញ្ជាក់ឡើង​វិញ​​អំពីពរជ័យ​នានា​ដែល​ពួក​សុចរិត​នឹង​ទទួល​បាន ។ សូម​សង្ខេប វិវរណៈ ១៥:២–៤ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​មួយ​​អំពី​អស់​អ្នក​ដែល​នឹង​យកឈ្នះ​លើ​សាតាំង ហើយ​សរសើរ​ដល់​ព្រះ​នៅក្នុង​នគរ​សេឡេស្ទាល ។

សូម​គូរ​រូប​ចានកន្ទោង ឬ ចាន​គោម​ប្រាំ​ពីរ​នៅលើ​ក្តារ​ខៀន ហើយ​ដាក់​លេខ​រៀង​ពី​លេខ ១ ដល់ ៧ ( ឬ សរសេរ​លេខ​នៅលើ​ក្តារ​ខៀន ) ។ សូម​ពន្យល់​ថា​ នៅក្នុង​ការនិមិត្ត​របស់​លោក នោះ​យ៉ូហាន​បាន​ឃើញ​ចាន​កន្ទោង ឬ ចាន​គោម​ប្រាំពីរ​ដែល​មាន​សេចក្តីវេទនា​ទាំង​ប្រាំពីរ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​​ឲ្យប្ដូរ​វេនគ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ១៦:២–៤, ៨–១២, ១៦–២១ ។ សូម​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ដោយ​រកមើល​របៀប​​ដែល​យ៉ូហាន​បាន​ពិពណ៌នា​អំពី​សេចក្តី​វេទនា​ទាំង​ប្រាំពីរ ។ សូម​ឈប់​បន្តិច​បន្ទាប់​ពី​ចប់​ការ​ពិពណ៌នា​អំពីសេចក្តី​វេទនា​នីមួយៗ ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​សេចក្តី​វេទនា​នោះ​នៅ​លើ​ក្តារ​ខៀន ដែល​នៅពីក្រោមត្រូវ​នឹង​រូប​ចាន​កន្ទោង ( ឬ លេខ ) នៅលើ​ក្ដារខៀន ។

បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ម្នាក់​​ឲ្យ​អាន​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​សេចក្តីវេទនា​ទីបី សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន វិវរណៈ ១៦:៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​មួយ​ ដែល​មនុស្ស​នឹង​រងទុក្ខ​ដោយសារ​សេចក្តី​វេទនា​​នៅ​ថ្ងៃ​ចុងក្រោយ ។

  • តើ​មូលហេតុ​អ្វី​ដែល​មនុស្ស​នឹង​រងទុក្ខ ​ដោយ​សារ​សេចក្តីវេទនា​នេះ​នៅ​ថ្ងៃ​ចុងក្រោយ ?

បន្ទាប់​ពី​សិស្ស​អាន​ការពិពណ៌នា​អំពី​សេចក្តី​វេទនា​ទី​ប្រាំមួយ​ហើយ សូម​ពន្យល់​ថា អំឡុង​ពេល​នៃ​សេចក្តីវេទនា​នេះ​ ទន្លេ​អ៊ើប្រាត​នឹង​រីងស្ងួត ដើម្បី​រៀបចំ​សម្រាប់​ការប្រមូល​ផ្តុំ​ស្តេច​នៃ​ពិភព​លោក​​សម្រាប់​ចម្បាំង​នៅ អើម៉ាគេដូន ( សូមមើល វិវរណៈ ១៦:១២–១៦​, សូមមើល​ផងដែរ សាការី ១២:១១) ។ នៅ​ពេល​សង្គ្រាម​ចប់ ព្រះអង្គសង្គ្រោះ​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​​ដល់​ប្រជាជន​នៅ​ក្នុង​ក្រុង​យេរូសាឡិម ( សូមមើល គ. និង ស. ៤៥:៤៧–៥៣) និង ដល់​មនុស្ស​ទាំងអស់​នៃ​ផែនដី ( សូមមើល ម៉ាថាយ ២៤:៣០, គ. និង ស. ១០១:២៣) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន វិវរណៈ ១៦:១៥ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​រក​មើល​អ្វី​ដែល​យើង​អាច​ធ្វើ​​ដើម្បី​រៀបចំ​ខ្លួន សម្រាប់ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា​ឃ្លា « រក្សា​សម្លៀកបំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត » សំដៅ​លើ​ការត្រៀម​ខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ ។

  • យោងតាម ខទី ១៥ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​គួរ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ចាំ​យាម ហើយ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​) ។

  • តើ​យើង​អាច​ត្រៀម​ខ្លួន​ជា​ស្រេច​ខាង​វិញ្ញាណ​តាម​របៀប​ណា​ខ្លះ?

សូម​ថ្លែង​ទីបន្ទាល់ ថា​ព្រះអម្ចាស់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ ហើយ​មាន​ព្រះទ័យ​ឲ្យ​​យើង​រៀប​ចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រុងប្រយ័ត្ន ហើយ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​​​ជា​ស្រេច ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ទទួល​ពរជ័យ​ពី​ព្រះអម្ចាស់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ១៤:៨ ។ « ក្រុង​បាប៊ីឡូន…​ដ៏​ធំ »

« ក្រុង​បាបិល​ត្រូវ​បាន​កសាង​ឡើង​ដោយ​នីមរ៉ុឌ ហើយ​ជាទី​ក្រុង​ចាស់​បំផុត​មួយ​នៅ​ស្រុក​មេសូប៉ូតាមា ឬ​ស្រុក​ស៊ីណើរ (លោកុ. ១០:៨–១០) ។ ព្រះ​អម្ចាស់​ទ្រង់​បាន​បំភាន់​ភាសា​ទាំង​ឡាយ នៅ​សម័យ​បណ្ដាជន​សង់​ប៉ម​នៅ​ក្រុង​បាបិល (លោកុ. ១១:១–៩, អេធើរ ១:៣–៥, ៣៣–៣៥) ។ ក្រោយ​មក ក្រុង​បាប៊ីឡូន​ក្លាយ​ទៅ​ជា​រាជធានី​របស់​ស្ដេច​នេប៊ូក្នេសា ។ ទ្រង់​បាន​សង់​ទី​ក្រុង​យ៉ាង​ធំ​មួយ ដែល​យើង​ឃើញ​នៅ​មាន​​សំណង់​បាក់​បែក​នៅ​ឡើយ ។ ក្រុង​បាប៊ីឡូន​បាន​ក្លាយ​ទៅ​ជា​ទី​ក្រុង​មួយ​ដ៏​អាក្រក់ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​អំពី​សេចក្ដី​ទុច្ចរិត​នៃ​ពិភព​លោក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បាបិល, បាប៊ីឡូន » scriptures.lds.org) ។

វិវរណៈ ១៦:១៥ ។ « មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សម្លៀកបំពាក់​ខ្លួន »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​អនុវត្ត​ឃ្លា « រក្សា​សម្លៀក​បំពាក់​ខ្លួន » (វិវរណៈ ១៦:១៥) ទៅនឹង « សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ សម្លៀក​បំពាក់​នៃ​បព្វជិតភាព​​ដ៏​បរិសុទ្ធ ជា​និមិត្តរូប​របស់​អាវ​នៃ​សេចក្ដី​សុចរិត ដែល​ពួក​បរិសុទ្ធ​ត្រូវ​ពាក់​លើ​ពួក​គេ ប្រសិនបើ​ពួកគេ​ទទួល​​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ បន្ទាប់​មក លោក​បាន​បង្រៀន​ដូច​តទៅ ទាក់ទង​នឹង​ឃ្លា​នេះ ៖

« ទាំង​ន័យ​ត្រង់ និង​ប្រៀបធៀប ការបង្ខូច​សម្លៀក​បំពាក់​របស់​បុគ្គល​ម្នាក់​គឺ​ការ​មិន​គោរព​បញ្ញត្តិ​របស់​ព្រះ ហើយ​រក្សា​សម្លៀក​បំពាក់​ខ្លួន (វិវរ. ១៦:១៥) គឺ​ជា​ការគោរព​បទបញ្ញត្តិ ហើយ​សក្តិសម​នឹង​អាវ​នៃ​សេចក្តីសុចរិត ដែល​ពាក់​នៅក្នុង​នគរ​សេឡេស្ទាល » (Doctrinal New Testament Commentary ភាគ​ទី​ ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:៤៥៤–៥៥, សូមមើល​ផងដែរ វិវរណៈ ៣:៣–៥) ។

វិវរណៈ ១៦:១៦ ។ ការប្រមូល​ផ្តុំ​នៅក្នុង​អើម៉ាគេដូន

« ឈ្មោះ​ថា អើម៉ាគេដូន គឺ​មក​ពី​ពាក្យហេព្រើរ ហារ​មេ​គី​ដូន​ ដែល​មាន​ន័យ​ថា ‹ ភ្នំ​មេ​គី​ដូន › ។ ជ្រលង​ភ្នំ​មេ​គី​ដូន នៅ​ខាង​លិច​វាល អេសដ្រាឡុន គឺ​មាន​ចម្ងាយ ៨០ គីឡូម៉ែត្រ​ខាង​ជើង​ក្រុង​យេរូសាឡិម ហើយ​ជា​កន្លែង​មួយ ដែល​មាន​កើត​ចម្បាំង​ដ៏​សំខាន់​ៗ​ជា​ច្រើន​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ ចម្បាំង​ដ៏​ធំ និង​ចុង​ក្រោយ​បង្អស់​នឹង​កើត​ឡើង នៅ​ជិត​ពេល​នៃ​ការ​យាង​មក​ជាលើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ គឺ​ហៅថា​ចម្បាំង​អើម៉ាគេដូន ព្រោះ​វា​នឹង​ចាប់​ផ្ដើម​ឡើង​​នៅ​កន្លែង​ដដែល​នោះ ។ ( សូមមើល អេសេ. ៣៩:១១, សាការី. ១២–១៤ ជាពិសេស ១២:១១, វិវរ. ១៦:១៤–២១) » ។ ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អើម៉ាគេដូន » scriptures.lds.org) ។ ចម្បាំង​ដែល​នឹង​ចាប់ផ្តើម​នៅ​ហារ​មេ​គី​ដូន នឹង​រាលដាល​ដល់​ក្រុង​យេរូសាឡិម ។