បណ្ណាល័យ
មេរៀន​ទី១៦០ ៖ វិវរណៈ ២១–២២


មេរៀនទី ១៦០

វិវរណៈ ២១–២២

សេចក្ដីផ្ដើម

យ៉ូហាន​បាន​ឃើញ​ស្ថានសួគ៌​ថ្មី​មួយ និង​ផែនដី​ថ្មី​មួយ ព្រមទាំង​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថាន​សួគ៌ ។ លោក​ក៏​បាន​ឃើញ​ផង​ដែរ​ថា ព្រះ​នឹង​គង់​នៅ ហើយ​លួង​លោម​រាស្ត្រ​របស់​ទ្រង់ ហើយ​ថា​ក្រុង​សេឡេស្ទាល​របស់​ព្រះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ផែនដី​នេះ ។ យ៉ូហាន​បាន​ឃើញ​ថា ជន​ដែល​មាន​ឈ្មោះ​សរសេរ​នៅក្នុង​​សៀវភៅ​ជីវិត​នឹង​ចូល​ទៅ​ក្នុង​ទីក្រុង​នោះ ហើយ​រស់​នៅ​នឹង​ព្រះ​ក្នុង​សិរីល្អ ។ យ៉ូហាន​បាន​បញ្ចប់​ការ​និមិត្ត​របស់​លោក​ ដោយ​ទូល​អង្វរ​ឲ្យ​ព្រះអម្ចាស់​ត្រឡប់​មកផែនដី​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ២១

យ៉ូហាន​បាន​ឃើញ​ស្ថានសួគ៌​ថ្មី​មួយ និង​ផែនដី​ថ្មី​មួយ ព្រមទាំង​ក្រុង​សេឡេស្ទាល​របស់​ព្រះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​វេលា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ ដែល​ពួកគេ​បាន​ជួប​ប្រទះ​នឹង​ភាព​សោកសៅ ឬ​ការ​ឈឺចាប់ ។

  • តើ​រឿង​ណា​ខ្លះ​នៅ​ក្នុង​ជីវិត​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​សោកសៅ ឬ​ការ​ឈឺចាប់​ធ្ងន់​ធ្ងរ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារ​ខៀន ) ។

នៅ​ពេល​សិស្ស​សិក្សា​វិវរណៈ ២១​​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​​ ដែល​អាច​លួង​លោម​ចិត្ត​ពួកគេ​នៅ​ក្នុងគ្រាដ៏​លំបាក ។

សូម​ពន្យល់​ទៅ​សិស្ស​ថា វិវរណៈ ២១–២២ គឺជា​ដំណើរ​បន្ត​នៃ​ការ​និមិត្ត​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង ​បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទីពីរ​​រ​បស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២១:១–២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​​ថា​យ៉ូហាន​បាន​ឃើញ​អ្វីខ្លះ​នឹង​កើត​ឡើង ។

  • តើ​យ៉ូហាន​បាន​ឃើញ​អ្វីខ្លះ​នឹង​កើត​ឡើង ?

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ឮៗ ៖

សេចក្ដីថ្លែងទី ១

កាល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ម្ដង​ទៀត ហើយ​សហស្សវត្សរ៍​ចាប់ផ្ដើម ផែនដី​នឹង​ផ្លាស់ប្ដូរ​ទៅ​ស្ថានភាព​ពីមុន​ការ​ធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ ពីមុន​ការ​ធ្លាក់ ផែនដី​នេះ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ទេរេ​ស្ទ្រាល ឬ​បរមសុខ​ ( ស្ថានភាព​នៃ​ភាព​បរមសុខ ) ។ បន្ទាប់​ពី​សហស្សវត្សរ៍ ផែនដី​នេះ​នឹង​ផ្លាស់​ប្ដូរ​ម្ដង​ទៀត​​ទៅ​ស្ថានភាព​សេឡេស្ទាល​ ដែល​បាន​រៀបចំ​សម្រាប់​វត្តមាន​របស់​ព្រះ ។ ការ​ផ្លាស់ប្ដូរ​ទាំងនេះ​អាច​ជា​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ថា​នឹង​កើតឡើង​ពេល​លោក​បាន​ឃើញ ​« ស្ថានសួគ៌​ថ្មី​មួយ និង​ផែនដី​ថ្មី​មួយ » ( វិវរណៈ ២១:២ ) ។

សេចក្ដីថ្លែងទី ២

ក្រុង​យេរូសាឡិម​ថ្មី​ដែល​យ៉ូហាន​បាន​ឃើញ​ចុះ​មក​ពី​ស្ថានសួគ៌​ គឺជា​ក្រុង​សេឡេស្ទាល​របស់​ព្រះ ។ ក្រុង​នេះ​នឹង​ទំនង​ដាក់​បញ្ចូល​​នូវ​ក្រុង​របស់​អេណុក​ដែល​បាន​ប្រែ​រូប ហើយ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌ ។ « ក្រុង​បរិសុទ្ធ »​ នេះ​នឹង​ឡើង ហើយ​រួម​នឹង​ក្រុង​យេរូសាឡិម​ថ្មី ឬ​ក្រុង​ស៊ីយ៉ូន​ដែល​ពួក​បរិសុទ្ធ​នឹង​ស្ថាបនា​នៅ​លើ​ផែនដី ( សូម​មើល ម៉ូសេ ៧:៦២–៦៤ ) ។

  • តើ​អ្នក​គិត​ថា យ៉ូហាន​អាច​នឹង​មាន​អារម្មណ៍​បែប​ណា​ដែរ ​នៅ​ពេល​លោក​បាន​ឃើញ​រឿង​ទាំងនេះ​កាល​លោក​ត្រូវ​បាន​និរទេស​​ដោយសារ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អានវិវរណៈ ២១:៣–៤ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​ព្រះ​នឹង​ធ្វើ​អ្វីខ្លះ​ដល់​រាស្ត្រ​របស់​ទ្រង់ ។

  • តើ​ព្រះ​នឹង​ធ្វើ​អ្វីខ្លះ​ដល់​រាស្ត្រ​របស់​ទ្រង់ ? ( សិស្ស​អាច​នឹង​ស្គាល់​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ព្រះ​នឹង​គង់​នៅ ហើយ​លួង​លោម​ដល់​រាស្ត្រ​ទ្រង់ ហើយ​ពួកគេ​នឹង​លែង​ជួបប្រទះ​សេចក្ដី​ស្លាប់ ភាព​សោកសៅ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ។​ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​និយាយ​អំពី​បញ្ជី​នៅ​លើ​ក្ដារខៀន​ទាក់ទង​នឹង​រឿង ដែល​អាច​នាំមកឲ្យ​យើង​នូវ​ភាព​សោកសៅ ឬ​ការ​ឈឺចាប់ ។

  • តើ​ការ​ដឹង​ថា ព្រះ​នឹង​លួង​លោម​រាស្ត្រ​ទ្រង់ ហើយ​ដក​យក​ភាពសោក​សៅ និង​ការ​ឈឺចាប់​របស់​ពួកគេ​អាច​ជួយ​យើង ​នៅ​ពេល​យើង​ជួប​នឹង​ឧបសគ្គ​នៅ​ពេល​នេះ​យ៉ាង​ដូចម្ដេច?

អ្នក​គួរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សមត្ថភាព​របស់​ព្រះ​ដើម្បី​លួង​លោម​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២១:៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​យក​ឈ្នះ​ដោយ​ស្មោះត្រង់ ។

  • តើ​​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ជន​ដែល​យក​ឈ្នះ ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ឧបសគ្គ​ដែល​កើត​មាន ហើយ​នឹង​កើត​មាន​មុន​ការ​យាង​មក​ជា​លើក​ទីពីរ តើ​ប្រជាជន​ទាំងនេះ​នឹងត្រូវ​យកឈ្នះ លើ​រឿង​ប្រភេទ​ណាខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២១:៨ ឲ្យ​ឮៗ ។ អ្នក​គួរ​ពន្យល់​ថា គ្រូ​អាបធ្មប់​ម្នាក់​គឺជា​មនុស្ស​ម្នាក់​ ដែល​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ដែល​អញ្ជើញ​ឥទ្ធិពល​នៃ​វិញ្ញាណ​អាក្រក់ ហើយ​មនុស្ស​​កំផិត​គឺជា​មនុស្ស​ម្នាក់​ ដែល​ប្រព្រឹត្ត​កាម​គុណ ឬ​អំពើ​កំផិត ។

  • តើ​អ្វី​ទៅ​ជា​បទពិសោធន៍​​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខ​ទី ៨ ? ( សេចក្ដី​ស្លាប់​ទី​ពីរ ) ។

សូម​ពន្យល់​ថា សេចក្ដី​ស្លាប់​ទីពីរ​គឺជា​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ឬ​ការ​បែកចេញ​ពី​ព្រះ ថា​ជន​ដែល​បះបោរ​ប្រឆាំង​នឹង​ពន្លឺ និង​សេចក្ដី​ពិត​ដោយ​ចេតនា​នឹង​ជួប​រឿង​ទាំងនេះ បន្ទាប់ពី​សេចក្តីជំនុំ​ជម្រះ​ចុង​ក្រោយ ( សូម​មើល ហេលេមិន ១៤:១៦–១៩ ) ។

សូម​សង្ខេប វិវរណៈ ២១:៩–២១ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​ពិពណ៌នា​អំពី​ក្រុង​សេឡេស្ទាល​របស់​ព្រះ ។ លោក​បាន​ឃើញ​ថា ទីក្រុង​នោះ​មាន​កំផែង​ដ៏​ធំ​ដែល​មាន​ក្លោង​ទ្វារ​ចំនួន​១២ ហើយ​ចាំ​យាម​ដោយ​ទេវតា​ទាំង​ ១២ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង វិវរណៈ ២១:២២–២៧​​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​យ៉ូហាន​បាន​រៀន​អ្វីខ្លះ​អំពី​ក្រុង​សេឡេស្ទាល​នេះ ។

  • តើ​យ៉ូហាន​បាន​រៀន​អ្វីខ្លះ​អំពី​ក្រុង​សេឡេស្ទាល​នេះ ?

  • យោង​តាម ខ​ទី ២៧ តើ​នរណា​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល ? ( មាន​តែ​ជន​ដែល​មាន​ឈ្មោះ​នៅ​លើ​សៀវភៅ​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ) ។

វិវរណៈ ២២

យ៉ូហាន​បញ្ចប់​ការ​និមិត្ត​របស់​លោក

នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ២២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​​ពិត​មួយ​ដែល​អាច​ជួយ​ពួកគេ​ ឲ្យ​ដឹង​អំពី​របៀប​ដើម្បី​ឲ្យ​ឈ្មោះ​ពួកគេ​ត្រូវ​បាន​ចារ​នៅ​លើ​សៀវភៅ​ជីវិត​របស់​កូនចៀម ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ក្រុង​សេឡេស្ទាល​នេះ ។

រូបភាព
drawing, throne

ចូរ​ពិចារណា​បង្ហាញ​រូបភាព​មួយ​អំពី​បល្ល័ង្ក ឬ​គូរ​វា​នៅ​លើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​ម្នាក់​ឡើង​មក​ក្ដារខៀន ហើយ​គូរ​អ្វី​ផ្សេង​ទៀត​ដែល​យ៉ូហាន​បាន​ឃើញ​បន្ថែម​ទៀត​អំពី​បល្ល័ង្ក នៅ​ពេល​សិស្ស​ម្នាក់​ទៀត​អាន វិវរណៈ ២២:១–២ ឲ្យ​ឮៗ ។

  • តើ​យ៉ូហាន​បាន​ឃើញ​អ្វីផ្សេង​ទៀត​ នៅ​ក្នុង​ក្រុង​សេឡេស្ទាល​របស់​ព្រះ ?

សូម​អញ្ជើញ​សិស្ស​នោះ​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។

  • យោង​តាម ខ​ទី ២ តើ​យ៉ូហាន​​បានពិពណ៌នា​បែប​ណា​អំពី​ដើម​ជីវិត ? ( ដើម​នោះ​ឲ្យ​ផល​គ្រប់​រដូវ​ទាំងអស់ ហើយ​ស្លឹក​របស់​វា​អាច​ព្យាបាល​ប្រជាជាតិ​នានា​បាន ) ។

សូម​រំឭក​សិស្ស​ថា ព្រះគម្ពីរ​មរមន​កត់ត្រា​ថា ទាំង​លីហៃ និង​នីហ្វៃ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ដើម​ជីវិត ។ នីហ្វៃ​បាន​រៀន​ថា ដើម​នោះ និង​ប្រភព​នៃ​ទឹក​រស់​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ( សូម​មើល នីហ្វៃទី១ ១១:២៥ ) ។ សូម​សរសេរ​ពាក្យ សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ក្បែរ​ដើម​ឈើ និង​ទន្លេ​នៅ​ក្នុង​គំនូរ​របស់​សិស្ស ។

  • តើ​ការ​បើក​សម្ដែង​ដ៏​ធំ​បំផុត​អំពី​សេចក្ដី ស្រឡាញ់​នៃ​ព្រះ​គឺជា​អ្វី ? ( ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ [ សូម​មើល យ៉ូហាន ៣:១៦; យ៉ូហាន​ទី១ ៤:៩ ] ។ ផល​ផ្លែ​នៃ​ដើម​នោះ​ក៏​អាច​តំណាង​ឲ្យ​ពរជ័យ​នៃ​​ដង្វាយធួន​ផង​ដែរ ) ។

សូម​សង្ខេប វិវរណៈ ២២:៣–១០ ដោយ​ពន្យល់​ថា បន្ថែម​ពីលើ​ការ​ឃើញ​ក្រុង​សេឡេស្ទាល​នេះ យ៉ូហាន​ក៏​បាន​ទទួល​សាក្សី​មួយ​មកពី​ទេវតា​អង្គ​នោះ​​ដែល​មាន​បន្ទូល​មក​លោក​ថា រឿង​ទាំងឡាយ​បាន​បើក​សម្ដែង​ដល់​លោក​គឺជារឿង​ពិត ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ២២:១១–១៣​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វីខ្លះ​ នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

  • តើ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វីខ្លះ​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២២:១៤ ឲ្យ​ឮ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​យើង​ត្រូវ​ធ្វើ ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​បាន ?

សូម​ពន្យល់​ថា ដើម្បី​ « ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត »​ មាន​ន័យ​ថា ត្រូវ​សក្ដិសម​ដើម្បី​ទទួល​រាល់​ពរជ័យ​នៃ​ដង្វាយ​ធួន រួម​ទាំង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង ។

  • តើ​យើង​អាច​ស្គាល់សំគាល់ឃើញនូវគោលការណ៍​អ្វីខ្លះ​​នៅ​ក្នុង ខ​ទី ១៤ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖​ប្រសិន​បើ​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។​ សូម​ពន្យល់​ថា ការ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ​រួម​មាន​ទាំង​ការ​ទទួល​រាល់​ពិធី​បរិសុទ្ធ​ចាំបាច់​សម្រាប់​ការ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ) ។

សូម​ពន្យល់​ថា ទោះបី​ជា​ពរជ័យ​មួយ​ចំនួន​នៃ​ដង្វាយធួន—ដូចជា​អំណោយទាន​នៃ​ការ​រស់​ឡើង​វិញ—​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​កូនចៅ​របស់​ព្រះ​គ្រប់​រូប​ក្ដី ពរជ័យ​ផ្សេងទៀត​—​ដូចជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច—មាន​តែ​ចំពោះ​ជន​ដែល​ខិតខំ​ដោយ​ឧស្សាហ៍​ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​​គ្រីស្ទ ប្រែ​ចិត្ត ហើយ​ធ្វើ​តាម​បទបញ្ញត្តិ​ទាំងឡាយ​​របស់​ទ្រង់​ប៉ុណ្ណោះ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​បទបញ្ញត្តិ និង​ការ​បង្រៀន​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​​នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​បាន​ព្យាយាម​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

តើ​ការ​ខិតខំ​របស់​អ្នក​ដើម្បី​អនុវត្ត​បទបញ្ញត្តិ​ទាំងនេះ ​បាន​ជួយ​អ្នក​ឲ្យ​ទទួល​ពរជ័យ​របស់​ព្រះ​អម្ចាស់ ហើយ​បានរៀបចំ​អ្នក​ឲ្យ​ត្រឡប់​ទៅ​រក​វត្តមាន​របស់​ព្រះវរបិតា​របស់​អ្នក ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​ទាំងពីរ​នេះ ដោយ​ការ​ពិនិត្យ​មើលសារ​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អ្វី​ដែល​ពួកគេ​បាន​កត់​ចំណាំ ឬ​គូស​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួក​គេ និង​ចំណេះចំណាន​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​នៅ​ឆ្នាំ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួក​គេ​ចំពោះ​សំណួរ​ទាំងពីរ​នេះ​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បា​នសរសេរ​ជា​មួយ​​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ( សូម​រំឭក​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​ផ្ទាល់​ខ្លួន ឬ ឯកជន​ពេក ) ។

សូម​សង្ខេប វិវរណៈ ២២:១៥–១៩ ដោយ​ពន្យល់​ថា ជន​ដែល​ពុំ​បាន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​នឹង​ពុំ​អាច​ចូល​ទៅ​ក្នុង​ក្រុង​សេឡេស្ទាល​នោះ​បាន​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ប្រទាន​វិវរណៈ​នេះ​ដល់​យ៉ូហាន ហើយ​យ៉ូហាន​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ផឹក​ទឹក​ជីវិត​នោះ​​ដោយ​ឥត​គិត​ថ្លៃ ។ យ៉ូហាន​បាន​ព្រមាន​ពួក​អ្នក​អាន​របស់​លោក​កុំ​ឲ្យ​កែប្រែ​សារលិខិត​នៅ​ក្នុង​គម្ពីរ​ដែល​លោក​បាន​សរសេរ​ទុក​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២២:២០ ឲ្យ​ឮ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រក​មើល​ការ​ទូល​អង្វរ​របស់​យ៉ូហាន ។

  • តើ​អ្វី​ទៅ​ជា​ការ​ទូល​អង្វរ​របស់​យ៉ូហាន ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​គម្ពីរ​វិវរណៈ ហេតុអ្វី​អ្នក​គិត​ថា យ៉ូហាន​ទទូច​​សូម​ឲ្យ​ព្រះអម្ចាស់​យាង​មក​វិញ ?

សូម​បញ្ចប់ ដោយ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​វិវរណៈ ២១–២២ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ២១:៤ ។ « ព្រះ ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ »

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា នៅ​ក្នុង​កាល​វេលា​ផ្ទាល់​របស់​ព្រះអម្ចាស់ ភាព​សោកសៅ​របស់​ជន​ស្មោះត្រង់​នឹង​ត្រូវ​បាន​ជំនួស​ដោយ​អំណរ ៖

« ព្រះ​អម្ចាស់​ឲ្យ​រង្វាន់​ដល់​ពួកស្មោះត្រង់​ចំពោះ​រាល់ការ​បាត់បង់ទាំងអស់ ។ អ្វី​​ដែល​ត្រូវ​បាន​ដក​ចេញពី​អ្នកទាំងឡាយ​ណា​ដែល​ស្រឡាញ់ព្រះអម្ចាស់ នឹង​ត្រូវបានផ្តល់​បន្ថែម​ដល់​ពួកគេ​វិញ​តាម​មាគ៌ា​របស់ទ្រង់​ផ្ទាល់ ។ ខណៈ​ដែល​វា​ពុំ​កើតមាន​នៅ​គ្រា​ដែល​យើង​ប្រាថ្នា​ចង់បាន នោះ​ពួកអ្នក​​ស្មោះត្រង់​នឹង​ដឹង​ថា រាល់​គ្រប់ដំណក់​ទឹកភ្នែក​នឹង​ត្រឡប់​ទៅ​ជា​ដំណក់ទឹក​ភ្នែក​នៃ​អំណរ និង​ការ​ដឹងគុណ​រាប់មិនអស់​វិញ »​ (« Come What May, and Love It » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។

វិវរណៈ២២:១៨ ។ « បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្តី​ទាំង​នេះ »

មាន​មនុស្ស​ខ្លះ​បាន​បដិសេធ​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ផ្សេង​ទៀត​ដោយសារ​តែ​ពួកគេ​ជឿ​ថា ព្រះអម្ចាស់​បាន​បញ្ចប់​ការ​បើក​សម្ដែង​បទគម្ពីរ​ដល់​កូនចៅ​របស់​ទ្រង់​ហើយ ។ មាន​មនុស្ស​ជាច្រើន​បាន​ប្រើ វិវរណៈ ២២:១៨ ខុស ដើម្បី​​ប្រកាស​ថា ព្រះអម្ចាស់​នឹង​ពុំ​ប្រទាន​បទ​គម្ពីរ​បន្ថែម​ទៀត​ឡើយ ​ក្រៅ​ពី​ព្រះគម្ពីរ​ប៊ីប ហើយ​ថា​មនុស្ស​ណា​ម្នាក់​​ដែល​អះអាង​ថា​បាន​ទទួល​បទគម្ពីរ​បន្ថែម​ទៀត​នឹង​ទទួល​ការ​ដាក់​ទោស​ដែល​យ៉ូហាន​បាន​ព្រមាន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​លើក​ឡើង​ពី​ការ​បក​ស្រាយ​ខុស​នេះ ៖

« ឥឡូវ​នេះ​មាន​នូវ​ឯកច្ឆន្ទ​ដ៏​លើស​លុប​​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​ខាង​គម្ពីរ​ប៊ីប​ស្ទើរ​តែ​គ្រប់​រូប​ថា ខគម្ពីរ​នេះ​អនុវត្ត​តែ​ចំពោះ​គម្ពីរ​វិវរណៈ​ប៉ុណ្ណោះ ពុំ​មែន ព្រះគម្ពីរ​ប៊ីប​ទាំង​មូល​នោះ​ទេ ។ ពួក​អ្នក​ប្រាជ្ញ​ទាំង​នោះ​នៅក្នុង​ជំនាន់​របស់​យើង​បាន​ទទួល​ស្គាល់​ថា ‹ គម្ពីរ › ​ជាច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ភាគច្រើន​ត្រូវ​បាន​សរសេរ​ឡើង​យ៉ាង​ពិត​ប្រាកដ បន្ទាប់​ពី យ៉ូហាន​បាន​ទទួល​វិវរណៈ​នៅ​លើ​កោះ​ប៉ាត់ម៉ុស ។ នៅ​ក្នុង​វិវរណៈ​នេះ​យ៉ាង​ហោច​ណាស់​មាន​នូវ​គម្ពីរ​យូដាស សំបុត្រ​ទាំង​បី​របស់​យ៉ូហាន ហើយ​ប្រហែល​ជា​ដំណឹងល្អ​របស់​យ៉ូហាន​ទាំង​មូល​ផង​ដែរ ។ វា​ប្រហែល​ជា​មាន​លើស​ពី​នេះ​ទៅ​ទៀត ។

« ប៉ុន្តែ​មាន​ចម្លើយ​ដ៏​សាមញ្ញ​មួយ​ចំពោះ​សំណួរ​ថា​ហេតុអ្វី​បទគម្ពីរ​នោះ​នៅ​ក្នុង​គម្ពីរ​ចុង​ក្រោយ​​បង្អស់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​បច្ចុប្បន្ន​ ពុំ​អាច​អនុវត្ត​ចំពោះ​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល​បាន ។ ដូច​ដែល​យើង​បាន​ដឹង​ថា ​ដោយសារ​ព្រះគម្ពីរ​ប៊ីប​ទាំងមូល—ដែល​ការ​ប្រមូល​ផ្ដុំ​នៃ​អត្ថបទ​ដែល​បាន​ចងក្រង​នៅ​ក្នុង​សៀវភៅ​តែ​មួយ​—​ពុំ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ខគម្ពីរ​នោះ​ត្រូវ​បាន​សរសេរ​ឡើង​នោះ​ឡើយ ។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ បន្ទាប់​ពី​យ៉ូហាន​បាន​ធ្វើ​ការ​សរសេរ​របស់​លោក នោះ​គម្ពីរ​នីមួយៗ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មាន​លក្ខណៈ​ដាច់​តែ​ឯង ឬ​ប្រហែល​ជា​ចងក្រង​នឹង​អត្ថបទ​មួយ​ចំនួន​ផ្សេង​ទៀត ប៉ុន្តែ​ភាគ​ច្រើន ពុំ​មែន ជា​ការ​ប្រមូល​ផ្ដុំ​មួយ​ពេញ​លេញ​នោះ​ទេ ។ នៅ​ក្នុង​កម្រង​ទាំងមូល​នៃ​ការ​សរសេរ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ជា​ភាសា​ក្រិក​ចំនួន ៥,៣៦៦ មាន​តែ ៣៥​ប៉ុណ្ណោះ ដែល​បាន​សរសេរ​បោះពុម្ព​ក្នុង​​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​ដែល​យើង​មាន​នៅ​ពេល​នេះ និង ៣៤ នៃ​គម្ពីរ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​បន្ទាប់​ពី គ.ស. ១០០០ » ( « My Words … Never Cease » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០០៨ ទំព័រ​ ៩១–៩២ ) ។