បណ្ណាល័យ
សេចក្តីផ្តើម​នៃ​វិវរណៈ​របស់​យ៉ូហាន


សេចក្តីផ្តើម​នៃ​វិវរណៈ​របស់​យ៉ូហាន

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

ដូច​ដែល​ « សេចក្ដី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​ឲ្យ​ឃើញ » ( វិវរណៈ១:១ ) គម្ពីរ​នេះ​ពេល​ខ្លះ​ត្រូវ​បាន​ហៅថា​អាប៉ូកាលីព ដែល​ភាសា​ក្រិក​មាន​ន័យ​ថា វិវរណៈ ការ​បើក​បង្ហាញ ឬ​ការ​បើក​ឲ្យ​ឃើញ​នៃ​អ្វី​ដែល​បាន​លាក់​ទុក ( សូម​មើល Bible Dictionary « Revelation of John » ) ។ គម្ពីរ​នេះ​គឺជា​ការ​បើក​សម្ដែង​មួយ​ពី​ព្រះអម្ចាស់​​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​វិវរណៈ​នៃ​សិទ្ធិ​អំណាច ព្រះចេស្ដា និង​តួនាទី​ដ៏​ឧត្តុង​ឧត្តម​របស់​ទ្រង់​ នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា ។ គម្ពីរ​នេះ​ក៏​បើក​សម្ដែង​​ពី​ព័ត៌មាន​ដ៏​សំខាន់​ជាច្រើន​​អំពី​ព្រឹត្តិការណ៍​នានា ដែល​ដឹកនាំ​ឆ្ពោះទៅ​ការ​យាង​មក​ជា​លើក​ទីពីរ និង​សហសវត្សរ៍ ។

ការ​សិក្សា​គម្ពីរ​វិវរណៈ​អាច​ជួយ​សិស្ស​ឲ្យ​​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ជ្រាល​ជ្រៅ​អំពី​​ព្រះរាជ​បុត្រា​នៃ​ព្រះ​ ដែល​មាន​ព្រះជន្ម​ឡើង​វិញ ហើយ​រុងរឿង និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​នឹង​កូនចៅ​របស់​ព្រះ​នៅ​គ្រប់​ជំនាន់​នៃ​ប្រវត្តិសាស្ត្រ​លើ​ផែនដី​នេះ ជា​ពិសេស​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ គម្ពីរ​នេះបន្ថែម​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម​មួយ​ដល់​មនុស្ស​សុចរិត ហើយ​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ស្មោះត្រង់​​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​កណ្ដាល​ការ​បៀតបៀន និង​ការ​សាក​ល្បង ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សាវក​យ៉ូហាន ​ដែល​ជា​សិស្ស​សំណប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​អ្នក​សរសេរ​គម្ពីរ​នេះ ។ ព្រះគម្ពីរ​មរមន​បញ្ជាក់​ថា យ៉ូហាន​ត្រូវ​បាន​តែង​តាំង​ពី​មុន​ដើម្បី​សរសេរ​រឿង​ដែល​បាន​កត់ត្រា​​នៅ​ក្នុង​គម្ពីរ​វិវរណៈ ( សូម​មើល នីហ្វៃ​ទី១ ១៤:១៨–២៧, អេធើរ ៤:១៦ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

គម្ពីរ​វិវរណៈ​ត្រូវបាន​សរសេរ​ឡើង​នៅ​គ្រា​មួយ ដែល​ពួក​គ្រីស្ទាន​​កំពុង​ប្រឈម​នឹង​ការ​បង្រៀន​​ខុស​ឆ្គង ភាព​ព្រងើយ​កន្តើយ និង​ការ​បៀត​បៀន​ដ៏​ធ្ងន់​ធ្ងរ ( សូម​មើល វិវរណៈ ១:៩​,​ ២:៤, ១០, ១៤–១៥, ៣:១៦, ៦:៩ ) ។ ការ​បៀតបៀន​នេះ​ទំនង​ជា​កើត​ឡើង​ដោយ​សារ​ពួក​មន្ត្រី​រ៉ូម​នៅក្នុង​ពីរ​​ទសវត្សរ៍ចុង​ក្រោយ​នៃ​សតវត្សរ៍​ទី​មួយ គ.ស. ។ យ៉ូហាន​បាន​សរសេរ​ចេញ​ពី​កោះ​ប៉ាត់ម៉ុស នៅ​សមុទ្រ​អេ​ហ្គាន ប្រមាណ​ជា​ (១០០ គីឡូម៉ែត្រ) ភាគ​​នីរតី​នៃ​ក្រុងអេភេសូរ ( សូម​មើល វិវរណៈ ១:៩ ) ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

យ៉ូហាន​បាន​សរសេរ​សារលិខិត​មួយ​​អំពី​សេចក្ដី​សង្ឃឹម និង​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ​​នៅ​ជំនាន់​របស់​លោក ( សូម​មើល វិវរណៈ ១:៤, ១១ ) និង​ជន​ដែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ជំពូក​បី​ដំបូង​នៃ​វិវរណៈ​ត្រូវបាន​លើក​ឡើង​ជាក់លាក់​​ទៅ​សាខា​ទាំង​ប្រាំពីរ​របស់​សាសនា​ចក្រ​នៅ​អាស៊ីតូច ( សូម​មើល វិវរណៈ ១:៤, ១១, ២–៣ ) ។ ដោយសារ​មាន​ការ​បៀតបៀន​ដ៏​ខ្លាំង នោះ​ពួក​បរិសុទ្ធ​ត្រូវការ​សារលិខិត​លើកទឹក​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​មាន​នៅ​ក្នុង​​គម្ពីរ​វិវរណៈ ។ លើស​ពី​នេះ​ទៀត ព្យាការី​នីហ្វៃ បាន​ថ្លែង​ទី​បន្ទាល់​ថា « ព្រះ​ទ្រង់​បាន​តែង​តាំងសាវក »​ យ៉ូហាន​ឲ្យ​សរសេរ​​អំពី​ចុងបញ្ចប់​នៃ​ពិភព​លោក​នេះ ( នីហ្វៃ​ទី១ ១៤:២៥ ) ហើយ​ថា​សម្ដី​របស់​លោក​នឹង​ចេញ​ទៅ​ដល់​ពួក​សាសន៍​ដទៃ និង​ពូជ​ពង្ស​សំណល់​នៃ​អ៊ីស្រាអែល​​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ( សូម​មើល នីហ្វៃ​ទី១ ១៣:២០–២៤, ៣៨, ១៤:១៩–២៧ ) ។

តើមានលក្ខណៈពិសេសអ្វីខ្លះ នៅ​ក្នុង​គម្ពីរ​នេះ ?

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « គម្ពីរ​វិវរណៈ​គឺជា​គម្ពីរ​ដ៏​ច្បាស់​មួយ​ដែល​ព្រះ​ពុំ​ធ្លាប់​បណ្ដាល​ឲ្យ​សរសេរ​ពី​មុន​មក » ( នៅក្នុង​History of the Church៥:៣៤២ ) ។ ទោះ​ជា​​មាន​នូវ​ការ​ប្រៀប​ធៀប​យ៉ាង​ប៉ិន​ប្រសប់ និង​រូប​តំណាង​ដែល​ពុំ​តែងតែងាយ​ឲ្យ​អ្នក​អាន​នៅ​ក្នុង​សម័យ​​ទំនើប​យល់​ក្ដី ក៏​ប្រធាន​​បទ​នៃ​គម្ពីរ​នេះ​សាមញ្ញ ហើយ​បំផុស​គំនិត ។

យ៉ូហាន​បាន​ពិពណ៌នា​ពី​លក្ខខណ្ឌ​នៃ​សាសនា​ចក្រ​​នៅ​ក្នុង​សម័យ​របស់​​លោក ( សូម​មើល វិវរណៈ ២–៣ ) ហើយ​សរសេរ​អំពី​ព្រឹត្តិការណ៍​នានា​​ពី​អតីតកាល និងនៅ​អនាគត ( សូម​មើល វិវរណៈ ៤–២២ ) ។ គម្ពីរ​វិវរណៈ​មាន​នូវ​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​មួយ​ចំនួន​​នៅ​ក្នុង​បទគម្ពីរ ដែល​រៀបរាប់​ពី​សង្គ្រាម​នៅ​ស្ថាន​សួគ៌ ( សូម​មើល វិវរណៈ ១២:៧–១១ ) ហើយ​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​​​ដ៏​បំផុស​គំនិត​មួយ​ពី​ប្រវត្តិ​សាស្ត្រ​នៃ​ពិភពលោក ដោយ​ផ្ដោត​ជា​ពិសេស​លើ​ថ្ងៃ​ចុងក្រោយ និង​សហសវត្សរ៍ ។ ប្រធានបទ​ដ៏​សំខាន់​រួម​មាន​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​ការ​អនុវត្ត​ផែនការ​របស់​ព្រះ ព្រះហស្ដ​របស់​ព្រះ​នៅ​ក្នុង​ប្រវត្តិសា​ស្ត្រ​របស់​ផែន​ដី​នេះ ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បំផ្លាញ​​របស់​អារក្ស និង​ការ​សន្យា​ថា នៅ​ទីបំផុត ផែនដី​នឹង​ក្លាយ​ទៅ​ជានគរ​សេឡេស្ទាល ។ គម្ពីរ​នេះ​ក៏​ពន្យល់​ផង​ដែរ​ថា នឹង​មាន​នូវ​« ជ័យ​ជំនះ​ជា​អចិន្ត្រៃយ៍​នៃ​សេចក្ដី​ល្អ​ឈ្នះ​លើ​សេចក្ដី​អាក្រក់ … [ និង ]​ នៃ​នគរ​ព្រះ​ឈ្នះ​លើ​នគរ​មនុស្ស និង​សាតាំង » ( Bible Dictionary « Revelation of John » ) ។

គម្រោង

វិវរណៈ ១–៣ យ៉ូហាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​សរសេរ​សារលិខិត​ដាច់​ដោយ​ឡែក​ទៅ​ព្រះវិហារ​ទាំង​ប្រាំពីរ​នៅតំបន់​អាស៊ី សារលិខិត​ទាំងនេះ​រួម​មាន​នូវ​​ការ​សរសើរ ការ​ទូន្មាន និង​ការ​សន្យា​ដល់​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​នៅ​ក្នុង​សាខា​នីមួយៗ ។

វិវរណៈ ៤–១១ យ៉ូហាន​ឃើញ​ការ​និមិត្ត​មួយ​អំ​ពី​​កាល​ដែល​ព្រះ​គង់​លើ​បល្ល័ង្ក​ក្នុង​នគរ​សេឡេស្ទាល កូនចៀម​នៃ​ព្រះ និង​សៀវភៅ​មួយ​បាន​បិទត្រា​ដោយ​ត្រា​​ប្រាំ​ពីរ ។ យ៉ូហាន​ឃើញ​ការ​និមិត្ត​ទាក់ទង​នឹង​ការ​បើក​ត្រា​នីមួយៗ​នៃ​ត្រា​ទាំង​ប្រាំពីរ​នោះ ។ ជន​ដែល​មានត្រា​របស់​ព្រះ​នៅ​លើ​ថ្ងាស​នឹង​ទទួល​​បាន​ការ​ការពារ​របស់​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ យ៉ូហាន​ឃើញ​ពី​សង្គ្រាម ជំងឺ និង​ព្រឹត្តិការណ៍​ជាច្រើន​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចុងក្រោយ​ ដែល​នឹង​​កើត​ឡើង​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

វិវរណៈ ១២–១៦ យ៉ូហាន​ឃើញ​ការ​និមិត្ត​មួយ​ពី​សង្គ្រាម​នៅ​ស្ថានសួគ៌​ពី​មុន​ជីវិត​នៅ​លើ​ផែនដី និង​ការ​បន្តនៃ​សង្គ្រាម​នោះ​​នៅ​លើ​ផែនដី ។ លោក​បង្រៀនថា កម្លាំង​អារក្ស​ខំ​ព្យាយាម​បំផ្លាញ​នគរ​ព្រះ​នៅ​លើ​ផែនដី ។ នៅ​ថ្ងៃ​ចុងក្រោយ ដំណឹងល្អ​នឹង​ត្រូវ​​បាន​ស្ដារ​ឡើង​វិញ​នៅ​លើ​ផែនដី​ក្នុង​ភាព​ពេញ​លេញ ​ដោយ​ការងារ​បម្រើ​របស់​ទេវតា ។ ការ​រៀបចំ​នានា​នឹង​ត្រូវ​ធ្វើ​ឡើង​សម្រាប់​សង្គ្រាម​នៃ​អើម៉ាគេដូន ។

វិវរណៈ ១៧–២២ បាប៊ីឡូន​ខាង​វិញ្ញាណ​នឹង​រីកសាយ​នៅ​ទូទាំង​ផែនដី ។ បន្ទាប់​ពី​ពួក​បរិសុទ្ធ​ដ៏​សុចរិត​បាន​ប្រមូល​ផ្ដុំ​គ្នា នោះ​បាប៊ីឡូន​នឹង​ដួល​រលំ ហើយ​​នឹង​ទួញ​យំ​ដោយ​ពួក​អ្នក​គាំទ្រ​របស់​វា ។ មនុស្ស​សុចរិត​នឹង​បានគេ​​អញ្ជើញឲ្យ​​ទៅ​ពីធី​មង្គល​របស់​កូនចៀម​នៃ​ព្រះ ។ សាតាំង​នឹង​ត្រូវ​បាន​ជាប់​ច្រវ៉ាក់ សហសវត្សរ៍​នឹង​ចាប់​ផ្ដើម ហើយ​ព្រះគ្រីស្ទ​នឹង​គ្រង​រាជ្យ​ដោយ​​ផ្ទាល់​នៅ​លើ​ផែនដី​នេះ ។ ពួក​អ្នក​ស្លាប់​នឹង​ទទួល​ការ​កាត់​សេចក្ដី ។ ផែនដី​នឹង​ទទួល​បាន​សិរីល្អ​សេឡេស្ទាល​របស់​វា ។