បណ្ណាល័យ
មេរៀន​ទី ១១៥ ៖ កូរិនថូស​ ទី២ ៦-៧


មេរៀន​ទី ១១៥

កូរិនថូស​ ទី២ ៦-៧

សេចក្តី​ផ្ដើម

ប៉ុល​បាន​បន្ត​និយាយ​គាំទ្រ​ចំពោះ​​ទង្វើ​របស់​លោក​ ក្នុង​នាម​ជា​អ្នក​បម្រើ​ការងារ​របស់​ព្រះ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។ លោក​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ញែកខ្លួន​ឯង​ចេញ​ពី​អំពើ​ទុច្ចរិតទាំងអស់ ។ លោក​បាន​បញ្ជាក់​ពី​ការលះបង់​របស់​លោក​ទៅ​ពួក​បរិសុទ្ធ ហើយ​បាន​រីករាយ​ដែល​ពួកគេ​បាន​សោកស្ដាយ ហើយ​បានប្រែ​ចិត្ត​ពី​អំពើ​បាប​ខ្លួន ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស ទី២ ៦:១-១៣

ប៉ុល​ពិពណ៌នា​ពី​បុគ្គលិក​លក្ខណៈ​នៃ​ពួក​អ្នក​បម្រើ​ការងារ​របស់​ព្រះ

សូម​អញ្ជើញ​​សិស្ស​ឲ្យ​គិត​​ពិចារណា​អំពី​ស្ថានភាព​​ដូចខាងក្រោម​នេះ ៖

  • កាល​អ្នក និង​សមាជិក​មួយ​ចំនួន​ទៀត​នៅ​ក្នុង​វួដ ឬ​សាខា​របស់​អ្នក​កំពុង​ធ្វើ​ការ​បម្រើ​មួយ មាន​មនុស្ស​មួយ​ចំនួន​បាន​ដើរក្បែរ ហើយ​បាន​និយាយ​ពាក្យ​មិន​ល្អ​អំពី​សាសនាចក្រ ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​អ្នក និង​សមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុម​អ្នក​បាន​តប​ត​នឹង​ពាក្យ​ទ្រគោះបោះ​បោក​នោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​ដែល​ពួកគេ​អាចជួបប្រទះនឹង​ឧបសគ្គ ឬ​ការ​ចំអក​កាល​ពួកគេ​កំពុង​បម្រើ​​ព្រះអម្ចាស់ ។ នៅពេល​សិស្ស​សិក្សា​កូរិនថូសទី២ ៦:១-១៣​សូម​អញ្ជើញ​ពួកគេ​​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ ​ដែល​អាច​ជួយ​ពួកគេ​នៅ​ក្នុង​គ្រា​បែប​នេះ ។

សូម​សង្ខេប កូរិនថូសទី ២ ៦:១–២ ដោយ​ពន្យល់​ថា ប៉ុល​បាន​ហៅ​ខ្លួន​លោក និង​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​ថា​ « អ្នកធ្វើ​ការ​ជាមួយ​នឹង​ព្រះ » ( ខ​ទី ​១ ) មាន​ន័យ​ថា « អ្នកធ្វើ​ការ​ជាមួយ​នឹង​ព្រះគ្រីស្ទ » យោង​តាម​ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី ២ ៦:១ ។ ប៉ុល​បាន​ដក​ស្រង់​ពាក្យសម្ដី​របស់​ព្យាការី​អេសាយ ( សូមមើល អេសាយ ៤៩:៨ ) ដើម្បី​គូស​បញ្ជាក់​ថា ពេល​វេលា​បាន​មក​ដល់​ហើយ ដែល​ពួក​បរិសុទ្ធ​ត្រូវ​ពិចារណា​ពី​សេចក្ដីសង្គ្រោះ​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៦:៣-៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល់​ថ្នាក់​រក​មើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ពីឧបសគ្គ​ដែល​ប៉ុល និង​ពួក​អ្នក​បម្រើ​ការងារ​ផ្សេង​ទៀត​បាន​ជួបប្រទះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល់​ថ្នាក់​ទៀត​រក​មើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ថា​ តើ​ប៉ុល និង​ពួក​អ្នក​បម្រើ​ការងារ​ផ្សេង​ទៀត​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ​ចំពោះ​ឧបសគ្គនោះ ។

  • តើ​ឧបសគ្គបែប​ណា​ដែល​ប៉ុល និង​ពួក​អ្នក​បម្រើ​ការងារ​ផ្សេង​ទៀត​បាន​ជួប ?

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​​ដែល​បាន​ពិពណ៌នា​ពី​របៀប​ដែល​ពួក​លោក​មាន​ប្រតិកម្ម​​ចំពោះ​ឧបសគ្គ​នោះ ?

សូម​រំឭក ខ​ទី ៣ ហើយ​ពន្យល់​ថា ពាក្យ ការងារ​បម្រើ សំដៅ​ទៅ​លើ​កិច្ចការ​របស់​សាសនាចក្រ ។

  • តើ​ទង្វើ​របស់​សមាជិក​សាសនាចក្រ​សព្វថ្ងៃ​នេះ​អាច​ជះឥទ្ធិពល​ដូចម្តេចខ្លះ​ ដល់​ទស្សនៈ​របស់​មនុស្ស​ដទៃ​អំពី​សាសនាចក្រ ?

  • តើ​អ្នក​អាច​សង្ខេប​ការ​បង្រៀន​របស់​ប៉ុល​នៅក្នុង ខទី ៣-៧​ទៅ​ជា​គោលការណ៍​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​តប​ត​នឹង​ឧបសគ្គ​ដោយ​សេចក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស និង​សេចក្ដី​សុចរិត នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មើល​ឃើញ​សាសនាចក្រ​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​មួយ ) ។

សូម​រំឭក​សិស្ស​ពី​ស្ថានភាព​ដែល​បាន​លើក​ឡើង​​កាល​ពី​ដើម​មេរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ថា មនុស្ស​ម្នាក់​អាច​​តប​ត​ទៅ​នឹង​ស្ថានភាព​នោះ​តាម​របៀប​​ដ៏​សុចរិត​មួយ​បាន​យ៉ាង​ដូចម្ដេច ហើយ​ថា​អ្វី​ទៅ​ជា​ផល​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ដូច្នេះ ។

កូរិនថូសទី២ ៦:១៤-១៨

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ក្រោក​ចេញ​ពី​ពួក​ទុច្ចរិត

សូម​បំបែក​សិស្ស​ជា​គូ ហើយ​ចែក​ ឯកសារដែល​ភ្ជាប់​មក​ជាមួយទៅ​​ដល់​សិស្ស​ម្នាក់ៗ ។

រូបភាព
handout

កូរិនថូសទី២ ៦:១៤-១៨

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី១១៥

ទូន្មាន​ដល់​ពួក​បរិសុទ្ធ

ការ​សន្យា​មក​ពី​ព្រះ​អម្ចាស់

សូម​ឲ្យ​សិស្ស​អាន កូរិនថូសទី ២ ៦:១៤–១៨ ជាមួយ​នឹង​ដៃ​គូ ។ ចូរ​សុំ​សិស្ស​ម្នាក់ពី​ដៃ​គូនីមួយៗ រកមើល​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​បរិសុទ្ធ​ទាំងឡាយ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​រក​មើល​ការ​សន្យា​មក​ពី​ព្រះអម្ចាស់​ដែល​នឹង​ត្រូវ​បំពេញ ប្រសិន​បើ​ពួក​បរិសុទ្ធ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ប៉ុល​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ដើម្បី​បំពេញ​តារាង​នោះ​រួម​គ្នា ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ ត្រូវ​អ្វី​នឹង​គ្នា មាន​ន័យ​ថា​ការ​ប្រព្រឹត្ត​ចុះ​សម្រុង​ អារក្ស​បេលាល សំដៅ​ទៅ​លើ​អំពើ​ទុច្ចរិត ( សូម​មើល Bible Dictionary « Belial » ) ហើយ អ្នក​ដែល​មិន​ជឿ សំដៅ​ទៅ​លើ​ពួក​អ្នក​ឥត​ជំនឿ ឬ​អ្នក​ដែល​ជឿ​លើ​រូប​ព្រះ ប៉ុន្តែ​មិន​ជឿ​លើ​ព្រះវរបិតា​សួគ៌ ។ លើស​ពី​នេះ​ទៀត កាល​ពី​មុន​ប៉ុល​ធ្លាប់​បាន​ប្រៀបធៀប​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ទៅ​នឹង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ដូច្នេះ​ពាក្យ​វិហារ​សំដៅ​ទៅ​លើ​ពួកគេ ។

សូម​ទុក​ពេល​ឲ្យ​ដៃ​គូ​ប្រាប់​គ្នា​ពី​អ្វីដែល​ពួកគេ​បាន​រក​ឃើញ ហើយ​បំពេញ​តារាង​នោះ ។

សូម​ពន្យល់​ថា ប៉ុល​បាន​ព្រមាន​ជា​ពិសេស​​ឲ្យ​ពួក​បរិសុទ្ធ​ដក​ខ្លួន​ចេញ​ពី « របស់​ស្មោគ​គ្រោក » ( ខ​ទី ១៧ )—រួម​បញ្ចូល​ទាំង រឿង​អបិយ​ជំនឿ និង​អ្នក​ដែល​គោរ​តាម​វា—ដើម្បី​ការ​ពារ​ពួកគេ​ពី​អំពើ​បាប ។ រឿង​អបិយ​ជំនឿ​គឺជា​ការ​ស្រឡាញ់ ឬ​ថ្វាយ​បង្គំ​អ្វី​ដែល​បង្កើត​ដោយ​មនុស្ស​ច្រើន​ជាង​រឿង​មក​ពី​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ ប្រសិន​បើ នៅ​ពី​លើ​ចំណង​ជើង « ទូន្មាន​ដល់​ពួក​បរិសុទ្ធ » និង​ពាក្យ នោះ នៅ​ពី​លើ​ចំណង​ជើង « ការ​សន្យា​មក​ពី​ព្រះអម្ចាស់ »​ នៅ​ក្នុង​ឯកសារ​របស់​ពួកគេ ។

  • តើ​យើង​អាច​រៀនគោលការណ៍​អ្វីខ្លះ​នៅ​ក្នុង​កូរិនថូសទី ២ ៦:១៤–១៨​នេះ ? ( សិស្ស​អាច​នឹង​រក​ឃើញ​គោលការណ៍​មួយ​ចំនួន ប៉ុន្តែ​ត្រូវ​គូស​បញ្ជាក់​ថានៅ​ពេល​យើង​ដក​ខ្លួន​ចេញ​ពី​ទម្លាប់​ខុស​ឆ្គង និង​រឿង​ស្មោគ​គ្រោក នោះ​ព្រះអម្ចាស់​នឹង​ទទួល​យក​យើង ) ។

  • តើ​អ្វីទៅ​ជា​គំរូ​នៃ​ទម្លាប់​ខុស​ឆ្គង​ ឬ​រឿង​ស្មោគគ្រោក​មួយ​ចំនួន​នៅ​ក្នុង​សម័យរបស់​​យើង ?

  • តើ​យើង​អាច​ដក​ខ្លួន​ចេញ​ពី​រឿង​ទាំងនេះ និង​អ្នក​ដែល​ចូល​ចិត្ត​អ្វី​ទាំងនោះ​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​ពន្យល់​ថា គោលការណ៍​នេះ​ពុំមែន​មាន​ន័យ​ថា យើង​ធ្វើ​ដាក់​មនុស្ស​ដែល​មាន​ជំនឿ​ផ្សេង​ដោយ​កោងកាច ឬ​មិន​សេព​គប់​នឹង​ពួកគេ​នោះ​ទេ ប៉ុន្តែ​សូម​បញ្ជាក់​ជំនឿ​យើង​ឡើង​វិញ​ដោយ​ការ​គោរព ហើយ​ចៀសវាង​ពី​ការ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​នានា​ដែល​ដឹកនាំ​យើង​ទៅ​រក​អំពើ​បាប ។

  • តើ​អ្នក​គិត​ថា ឃ្លា​ព្រះអម្ចាស់​ « នឹង​ទទួល » យើង ( កូរិនថូសទី ២ ៦:១៧ )​មាន​ន័យ​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រា​មួយ ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​ពួកគេ នៅ​ពេល​ពួកគេ​បាន​ដក​ខ្លួន​ចេញពី​ទម្លាប់​ខុសឆ្គង​ដែល​អាច​នឹង​ដឹកនាំឲ្យ​​ពួកគេ​​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​​ដែល​ពួកគេ​ត្រូវ​ធ្វើ ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ទម្លាប់​ខុស​ឆ្គង និង​រឿង​ស្មោគ​គ្រោក​នានា​ ដើម្បី​ឲ្យ​ពួកគេ​អាច​​ទទួល​បាននូវ​​ពរជ័យ​ទាំងឡាយ​​របស់​ព្រះអម្ចាស់ ។

កូរិនថូស​ទី២ ៧

ប៉ុល​រីករាយ​ដោយសារ​ការ​ប្រែ​ចិត្ត​ដ៏​ពិត​របស់​ពួក​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សាច់រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​សម្រាប់​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ​ដើម្បី​រៀប​អាពាហ៍​ពិពាហ៍ មាន​យុវនារី​ម្នាក់​បាន​សារភាពពី​​អំពើបាបមួយ​ចំនួន​ពី​មុន​ដល់​ប៊ីស្សព​របស់​នាង ។ បន្ទាប់​ពី​ការ​ពិភាក្សា​ក្រោយ​មក​ទៀត ប៊ីស្សព​នោះ​បាន​ដឹង​ថា យុវនារី​នោះ​ពុំ​បាន​ប្រែចិត្ត​ពិត​ប្រាកដ​ពី​អំពើបាប​នាង​ឡើយ ហើយ​ថា​អំពើបាប​នាង​គឺមានសភាពធ្ងន់​ធ្ងរ​ល្មម ដែល​ធ្វើ​ឲ្យ​នាង​គ្មាន​ភាពសក្ដិសមដើម្បី​​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប៊ីស្សព​រូបនោះ​ពន្យល់​ថា យុវនារី​ម្នាក់​នឹង​ត្រូវតែ​រង់ចាំ​រហូត​ដល់​នាង​បាន​ប្រែចិត្ត​ពេញ​លេញ​សិន ដើម្បី​ទទួល​បាន​ប័ណ្ណ​នោះ ។ នាង​បាន​ភ័យ​ខ្លាច ហើយ​ក៏​ប្រកាស​ថា នាង​បាន​ប្រែចិត្ត​ហើយ ដោយសារ​នាង​មិន​បាន​ធ្វើ​អំពើបាប​ទាំងនោះ​យូរ​មក​ហើយ ។ ប៊ីស្សពរូប​នោះ​បាន​ពន្យល់​ថា ការ​គ្រាន់តែ​ឈប់​ពី​អំពើបាប​នោះ វា​ពុំមែន​ជាការ​ប្រែ​ចិត្ត​ពេញ​លេញ​នោះ​ទេ ហើយ​គាត់​អញ្ជើញ​នាង​ឲ្យ​ចាប់ផ្ដើម​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត​ពិត​ប្រាកដ​ដោយ​ស្មោះ​ត្រង់ ។

  • តើ​អ្នក​គិត​ថា យុវនារី​នោះ​មាន​អារម្មណ៍​បែប​ណា​ដែរ​នៅ​ក្នុង​កិច្ច​សម្ភាសន៍ត្រង់​ចំណុច​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​អាន​សាច់រឿង​នោះ​ឲ្យ​ឮៗ ៖

យុវនារី​នោះ​ពន្យល់​ទៅ​ប៊ីស្សព​នាង​ថា នាង​ខក​ចិត្ត​ខ្លាំង​ណាស់​ដោយព្រោះតែសំបុត្រអញ្ជើញ សម្រាប់​ពិធី​មង្គលការ​នាង​ត្រូវ​បាន​ផ្ញើ​ចេញ​អស់​ហើយ ។ នាង​និយាយ​ថា នាងមិន​អាច​ប្រឈមមុខនឹង​សំណួរ និង​ភាព​អាម៉ាស់ ដោយ​សារ​តែ​ការ​ពន្យារពេល​មង្គលការ​របស់​នាង​បាន​ឡើយ ។ នាង​សួរ​ថា តើ​មាន​វិធី​ណា​មួយ​ផ្សេង​ទៀត​ ដែល​នាង​អាច​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​ដូច​ដែល​បាន​គ្រោង​ទុក រួចហើយ​ធ្វើ​ការ​ប្រែ​ចិត្ត​តាម​ក្រោយ​បាន​ទេ ។

  • ដោយ​ផ្អែក​ទៅ​លើ​ការ​ឆ្លើយតប​របស់​យុវនារី​នោះ​ទៅ​កាន់​ប៊ីស្សព តើ​អ្វីទៅ​ដែល​នាង​ទំនង​ជា​ខ្វល់ខ្វាយ​ខ្លាំង​ជាង​គេបំផុត​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​មួយ នៅ​ពេល​ពួកគេ​សិក្សា កូរិនថូស​ទី​២ ៧ ដែល​យុវនារី​នៅ​ក្នុង​សាច់​រឿង​នោះ​​ត្រូវ​យល់​ពី​មុន​នាង​អាច​ប្រែចិត្តយ៉ាង​​ពិត​ប្រាកដ​ពី​អំពើបាប​របស់​នាង ។

សូម​សង្ខេប កូរិនថូសទី ២ ៧:១–៧ ដោយ​ពន្យល់​ថា ​ប៉ុល​បាន​បន្ត​ទាស់​ប្រឆាំង​នឹង​ជន​ដែល​ចង់​​មួល​បង្កាច់​លោក ហើយ​បាន​អះអាង​ដល់​ពួក​បរិសុទ្ធ​​នៅ​កូរិនថូស​ថា លោក​មិន​បាន​ធ្វើខុស​នឹង​នរណា​ម្នាក់​នោះទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៧:៨-៩ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលថា សំបុត្រ​ដំបូង​មួយ​របស់​ប៉ុល​បាន​ជះឥទ្ធិពល​ដល់​ពួក​បរិសុទ្ធនៅ​​កូរិនថូស​ដោយ​របៀប​ណា ។

  • តើ​សំបុត្រ​នោះ​បាន​ជះឥទ្ធិពល​ដល់​ពួក​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច ?

  • ហេតុអ្វី​ប៉ុល​រីករាយ​នៅ​ក្នុង​ភាព​សោកសៅ​របស់​ពួកគេ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន កូរិនថូស​ទី២ ៧:១០-១១ ដោយ​ស្ងាត់ស្ងៀម ។ អ្នក​គួរ​ណែនាំ​ឲ្យ​ពួកគេ​គូស​ចំណាំ​ពី​ទុក្ខសោក​ពីរ​ប្រភេទដែល​ប៉ុល​បាន​លើក​ឡើង និង​អ្វី​ដែល​ប្រភេទ​នីមួយៗ​ដឹកនាំ​ទៅ​រក ។

  • តើ​អ្វី​ជា​ទុក្ខសោក​ពីរ​ប្រភេទ​ដែល​ប៉ុល​បាន​លើក​ឡើង ?

សូម​សរសេរ​ចំណង​ជើង សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង ការ​សោក​សៅ​ខាង​លោកិយ នៅ​លើ​ក្ដារ​ខៀន ។ សូមអញ្ជើញ​​សិស្ស​ម្នាក់​អានឲ្យ​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​ ដែល​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ « ការ​សោក​សៅ​ខាង​លោកិយ » ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ការ​ឃើញ​ថា បុរស និង​ស្ត្រី​នៅ​ក្នុង​ពិភព​លោក​​នេះ​​ដែល​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​​រឿង​​ដែល​ពួកគេ​ធ្វើ​ខុស​នោះ វា​ជា​រឿង​ធម្មតា​ទេ ។ ពេល​ខ្លះ ការណ៍​នេះ​គឺ​ដោយ​សារ​ទង្វើ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ពួកគេ ឬ​អស់អ្នក​ដែល​​ពួកគេ​ស្រឡាញ់​មាន​រឿង​ទុក្ខសោក និង​ទុក្ខ​វេទនា​ដ៏​ធំ ។ ពេល​ខ្លះ ទុក្ខសោក​របស់​ពួកគេ​បាន​កើត​ឡើង ដោយសារ​ពួកគេ​ត្រូវ​ចាប់​បាន ហើយ​ទទួល​ទណ្ឌកម្ម​ដោយសារ​ទង្វើ​របស់​ពួកគេ ។ អារម្មណ៍​ខាង​លោកិយ​បែប​នេះ​ពុំ​បាន​បង្កើត ‹ សេចក្ដី​ព្រួយដែល​គាប់​ព្រះទ័យ​ដល់ព្រះ ›​ នោះ​ទេ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៨២ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អត្ថន័យ​នៃ​ការ​សោកសៅ​ខាង​លោកិយ​យ៉ាង​ដូចម្តេច ?

  • យោង​តាម ខ​ទី ១០​តើ​ការ​សោកសៅ​ខាង​លោកិយ​អាច​ដឹក​នាំ​ទៅ​រក​អ្វី ? ( សូម​ពន្យល់​ថា ពាក្យ សេចក្ដី​ស្លាប់ នៅ​ក្នុង ខ​ទី ១០ សំដៅ​ទៅ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ មាន​ន័យ​ថា ការ​បែក​ចេញ​ពី​ព្រះ ។ នៅ​ក្រោម​ចំណង​ជើង « ការ​សោកសៅ​ខាង​លោកិយ » នៅ​លើ​ក្ដារ​ខៀន សូម​សរសេរ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ ការ​សោកសៅ​ខាង​លោកិយ​អាច​ដឹកនាំ​ទៅ​រក​សេចក្ដី​ស្លាប់​​ខាង​វិញ្ញាណ ឬ​ការ​បែក​ចេញ​ពី​ព្រះ ) ។

  • តើ​ការ​សោកសៅ​ខាង​លោកិយ​អាច​នាំ​មនុស្ស​ម្នាក់​ទៅ​រក​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? ( វា​អាច​រារាំង​មនុស្ស​ម្នាក់​មិន​ឲ្យ​ប្រែចិត្ត​ពិត​ប្រាកដ និង​មិន​ឲ្យ​ទទួល​បាន​ការ​អភ័យ​ទោស​ពី​ព្រះវរបិតា​សួគ៌ ) ។

  • ដោយ​ផ្អែក​លើ ខ​ទី ១០​តើ​សេចក្ដី​​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​ដឹកនាំ​ទៅ​រក​អ្វី ? ( នៅ​ក្រោម​ចំណង​ជើង « សេចក្ដី​ព្រួយ » នៅ​លើ​ក្ដារ​ខៀន សូម​សរសេរ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ សេចក្តី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​ដឹកនាំ​យើង​ទៅ​រក​ការ​ប្រែ​ចិត្ត​​ពី​អំពើ​បាប​របស់​យើង ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ឡើង​ពី​ហេតុផល ​ដែល​សេចក្ដី​ព្រួយ​​ដឹកនាំ​យើង​ទៅ​រក​ការ​ប្រែ​ចិត្ត សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះគឺជាអំណោយទាន​នៃព្រះវិញ្ញាណ ។ វា​គឺជា​ការ​យល់ដឹង​ដ៏​ជ្រាលជ្រៅ​មួយ​ថា ទង្វើ​របស់​​យើង​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​របស់​យើង និង​ព្រះ​របស់​យើង​រវាត​ព្រះទ័យ ។ វា​គឺជា​ចំណេះដឹង​ដ៏​មុត​មាំ ហើយ​សកម្ម​ថា ឥរិយាបថ​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ ដែល​ជា​អង្គ​ដែល​គ្មាន​អំពើបាប ហើយ​ជា​អង្គ​ដែល​មហស្ចារ្យ​លើស​គេ​ទាំងអស់ ឲ្យ​ស៊ូទ្រាំ​នឹង​​ការ​ឈឺចាប់ និង​ការ​រងទុក្ខ ។ អំពើបាប​របស់​យើង​បាន​ធ្វើ​ឲ្យ​ទ្រង់​ហូរ​ព្រះ​លោហិត​នៅ​តាម​គ្រប់​រន្ធ​ញើស ។ ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ដ៏​ពិត​នេះ​គឺជា​អ្វី​​ដែល​ព្រះគម្ពីរ​បាន​លើក​ឡើង​ថា ការ​មាន ‹ ចិត្តសង្រេង និង វិញ្ញាណ​ទន់​ទាប › ។ … ស្មារតី​មួយ​បែប​នេះ​គឺជា​លក្ខណៈ​ពេញ​លេញ​សម្រាប់​ការ​ប្រែ​ចិត្ត​ពិត » ( Teachings: Ezra Taft Benson ទំព័រ ៨៣ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដី​ព្រួយ​ដឹកនាំ​យើង​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​យើង​យ៉ាង​ពិត​ប្រាកដ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សាច់​រឿង​អំពី​យុវនារី​ ដែល​ចង់​បាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ ។

  • នៅ​ក្នុង​ការ​សម្ភាស​របស់​យុវនារី​នោះ​ជាមួយ​នឹង​ប៊ីស្សព តើទង្វើ​អ្វី​ដែល​បង្ហាញ​ថា​នាង​មិន​បាន​មាន​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ជំនួស​ការ​សោក​សៅ​ខាង​លោកិយ​ជាមួយ​នឹង​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ?

ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា អារម្មណ៍​នៃ​សេចក្ដី​ពិត​ដែល​យើង​មាន នៅ​ពេល​យើង​ប្រែចិត្ត​អាច​មាន​ភាព​ខុសៗគ្នា​អាស្រ័យ​លើ​ភាព​ធ្ងន់​ធ្ងរ​នៃ​អំពើ​បាប​នោះ ។

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​មាន​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​លើស​ពី​ការ​សោកសៅ​ខាង​លោកិយចំពោះ​អំពើបាប នោះ​យើង​នឹង​អាច​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ ជ្រះ​ស្អាត​ពី​អំពើបាប​របស់​យើង ហើយ​នៅ​ទីបំផុត​បាន​ទទួល​សេចក្ដី​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​​នៅ​ក្នុង​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែ​ចិត្ត ។

សូម​សង្ខេប កូរិនថូសទី ២ ៧:១២–១៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្ហាញពី​កង្វល់ និង​ទំនុកចិត្ត​​របស់​លោក​ចំពោះ​ពួក​បរិសុទ្ធ ។

សូម​រំឭក​ដោយ​សង្ខេប​ពី​សេចក្ដី​ពិត​ ដែល​សិស្ស​បាន​រកឃើញ​សម្រាប់​ការ​សិក្សា​របស់​ពួកគេ​នៅ​ក្នុង កូរិនថូសទី២ ៦–៧ ហើយ​លើក​ទឹកចិត្ត​ពួកគេ​​ឲ្យ​ធ្វើ​តាម​រាល់​ការ​បំផុត​គំនិត​ដែល​ពួកគេ​មាន ​ដើម្បី​អនុវត្ត​សេចក្ដី​ពិត​ទាំងនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី២ ៦:១៧ ។ « ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយឡែក »

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​តម្រូវការ​ដើម្បី​ញែក​ខ្លួន​យើង​ចេញ​ពី​ភាព​ស្មោកគ្រោក និង​ពរជ័យ​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ដូច្នោះ ។

« ពាក្យ ពួក​បរិសុទ្ធ ជា​ភាសា​ក្រិក​មាន​ន័យ​ថា ‹ ញែក​ចេញ បំបែក​ចេញ [ និង ] បរិសុទ្ធ › [ នៅ​ក្នុង Daniel H. Ludlow, ed., Encyclopedia of Mormonism វ៉ុល​ ៥ ( ឆ្នាំ ១៩៩២ ) ៣:១២៤៩ ] ។ ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​ពួក​បរិសុទ្ធ​នៅ​ជំនាន់​យើង​នេះ យើង​ត្រូវ​តែ​ដក​ខ្លួន​ចេញពី​ទង្វើ​អាក្រក់ និង​សកម្មភាព​បំផ្លិច​បំផ្លាញ​​នានា​ដែល​ពេញ​និយម​នៅ​ក្នុង​ពិភពលោក​នេះ ។

« យើង​រង​ការ​វាយ​ប្រហារ​ដោយ​រូបភាព​នៃ​អំពើ​ហឹង្សា និង​រឿង​អសីលធម៌ ។ តន្ត្រី​មិន​សមរម្យ និង​រូប​អាសគ្រាម​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ។ ការ​ប្រើ​ថ្នាំ​ញៀន និង​គ្រឿង​ស្រវឹង​គឺ​មិន​អាច​គ្រប់​គ្រង​បាន​ឡើយ ។ ភាព​ស្មោះត្រង់ ​និង​​បុគ្គលិក​លក្ខណៈ​ល្អ​មាន​ការ​គូស​បញ្ជាក់​តិច​តួច​ណាស់ ។ បុគ្គល​ម្នាក់ៗ​ត្រូវ​ការ​សិទ្ធិ​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​យកចិត្ត​ទុកដាក់​ចំពោះកាតព្វកិច្ច ការ​ទទួល​ខុស​ត្រូវ និង​ភារកិច្ច​ទាំងឡាយ​នោះ​ទេ ។ វិធី​ដែល​មនុស្ស​ប្រាស្រ័យ​ទាក់​ទង​គ្នា​កាន់​តែ​មាន​ភាព​គ្រោត​គ្រាត ហើយ​មនុស្ស​តែង​ទៅ​រក​អ្វី​ដែល​ជា​របស់​ខាង​សាច់​ឈាម ហើយ​ថោក​ទាប ។ មារសត្រូវបាន​ខិតខំ​គ្មាន​ប្រណី​ឡើយ​ ដើម្បី​បំផ្លាញ​ផែនការ​នៃ​សេចក្ដី​សុភមង្គល ។ ប្រសិន​បើ​យើង​ដក​ខ្លួន​ចេញ​ពី​ទង្វើ​របស់​លោកិយ​នេះ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​យើង ហើយ​មាន​អំណរ​ចំពោះការ​ធ្វើ​ជា​ពួក​បរិសុទ្ធ​ដ៏​សក្ដិសម​នៅ​ថ្ងៃ​ចុង​ក្រោយ »​ ( « Are You a Saint? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៩៥ ) ។

កូរិនថូសទី២ ៧:៨–១១ ។ « សេចក្តី​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​សេចក្តី​​ស្លាប់ »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ​បាន​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​សោក​សៅ​ខាង​លោកិយ និង​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ៖

« មាន​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​រវាង​ភាព​សោកសៅ​ចំពោះ​អំពើបាប​ដែល​នាំ​ទៅ​រក​ការ​ប្រែចិត្ត និង​ភាពសោកសៅ​ដែល​នាំ​ទៅ​រក​ភាព​អស់សង្ឃឹម ។

« សាវក​ប៉ុល​បាន​បង្រៀន​ថា ​‹ សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ​ នោះ​រមែងនាំ​ឲ្យ​ប្រែចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ … តែ​សេចក្ដីព្រួយ​របស់​លោកិយនោះ​បង្កើត​សេចក្ដីស្លាប់វិញ ›​[ កូរិនថូសទី២ ៧:១០ ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។ សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ បំផុស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​ក្ដី​សង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដីព្រួយ​ខាង​លោកិយ បំផ្លាញ​យើង ដក​យក​ក្ដីសង្ឃឹម ហើយ​នាំ​យើង​ទៅ​រក​ការ​ល្បួង​បន្ថែម​ទៀត ។

« សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ នាំទៅរក​ការ​ប្រែចិត្តជឿ [ សូម​មើល កិច្ចការ ៣:១៩ ] និង​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត [ សូម​មើល អេសេគាល ៣៦:២៦, កូរិនថូស​ទី ២ ៥:១៧, ម៉ូសាយ ៣:១៩ ] ។ វា​ធ្វើ​ឲ្យ​យើង​ស្អប់អំពើបាប ហើយ​ស្រឡាញ់​សេចក្ដី​ល្អ [ សូម​មើល ម៉ូសាយ ៥:២ ] ។ វា​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្រោកឈរ ហើយ​ដើរ​ក្នុង​ពន្លឺ​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ការ​ប្រែចិត្ត​ពិតគឺ​ការ​ផ្លាស់ប្ដូរ ពុំ​មែន​ជា​ទារុណកម្ម ឬ​ការ​ដាក់​ទោស​នោះ​ឡើយ ។ មែនហើយ ការ​សោកស្ដាយ និង​វិប្បដិសារី​ពិត​ចំពោះ​​ការ​មិន​គោរពប្រតិបត្តិ​ ជា​រឿយៗ​មាន​ការ​ឈឺចាប់ ហើយជាជំហាន​ដ៏​​សំខាន់​មួយ​ក្នុង​ដំណើរការ​ប្រែចិត្ត​ដ៏​ពិសិដ្ឋ​នេះ ។ តែ​ពេល​កំហុស​នាំទៅរក​ការ​ស្អប់ ឬ​ការ​ពារ​ខ្លួន​ឯងពី​ការ​ក្រោកឈរ​ម្ដងទៀត នោះ​វា​កំពុង​រារាំង​ ជាជាង​លើក​ទឹកចិត្ត​ឲ្យ​យើង​ប្រែចិត្ត​ទៅ​វិញ ( « You Can Do It Now! » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៦ ) ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ​បានបាន​ចង្អុល​បង្ហាញ​ថា ៖

« អំនួត​ចង់​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​ឥត​តម្លៃ បង់​ថ្លៃ​ជំនួស​សេចក្ដីព្រួយ​ដែល​ស្ទាក់​ស្ទើរ ។ វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ កាល​ពួក​អ្នក​ដែល​ស្វែង​រក​ការ​ប្រែ​ចិត្ត​ដែល​ឥត​តម្លៃ​ក៏​ស្វែង​រក​ការ​អភ័យទោស​ ដែល​ស្ទាក់ស្ទើរ​ជំនួស​ឲ្យ​ការ​ផ្សះផ្សារ​ដ៏​ពិត​ដែរ​នោះ ។ ដូច្នេះ ការ​ប្រែ​ចិត្ត​ពិត​គឺ​លើស​ពី​ពាក្យ​ថា ‹ ខ្ញុំ​សូម​ទោស ›​ ទៅ​ទៀត »​ ( ​« Repentance » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៩១ ទំព័រ ៣១ ) ។