បណ្ណាល័យ
មេរៀន​ទី ១១៦ ៖ កូរិនថូស​ទី ២ ៨-៩


មេរៀនទី ១១៦

កូរិនថូសទី ២ ៨-៩

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ដោយ​ពន្យល់​ថា សមាជិក​នៅ​ម៉ាសេដូនី​បាន​ជួយ​ដល់​ជន​ដែល​ក្រីក្រ​ដោយ​សប្បុរស ។ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ផង​ដែរ​ តាមរយៈ​ការ​ជួយ​ដល់​ជន​ក្រីក្រ ។ ប៉ុល​បាន​បង្រៀន​អំពី​ពរជ័យ​ដែល​កើត​មាន​ចំពោះជន​ដែល​ជួយ​ដល់​ជន​ក្រី​ក្រ​ដោយ​ក្ដី​រីករាយ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី២ ៨

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​មើល​ថែ​ដល់​ជន​ក្រីក្រ

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( ដក​ស្រង់​ចេញ​ពី « Are We Not All Beggars? » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ៤០ ) នៅ​លើ ក្ដារខៀន ពីមុន​ថ្នាក់​ចាប់ផ្ដើម ប៉ុន្តែ​ទុក​ចន្លោះ​នៅ​ត្រង់​ពាក្យ ភាព​ក្រីក្រ ។ សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឮៗ ។

« ក្នុង​ប្រវត្តិសាស្ត្រ​ភាពក្រីក្រ គឺ​ត្រូវ​បាន​ចាត់​ថា​ជា​ឧបសគ្គ​ដ៏​ធំ និង ទូទៅ​បំផុត​របស់​មនុស្ស​លោក ។ ជាទូទៅ​ការ​រងទុក្ខ​ស្តែងមកពីភាពក្រីក្រ​ខាង​សាច់ឈាម តែ​ការ​ខូចខាត​ខាង​វិញ្ញាណ និងខាង​សតិ​អារម្មណ៍​ ដែល​បណ្ដាល​មកពី​ភាពក្រីក្រ​​អាច​កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​ទៅ​ទៀត » ។

ចូរ​សុំ​ឲ្យ​សិស្ស​ទាយ​ពាក្យ​​​ដែល​បាត់​នៅ​ក្នុងឃ្លានោះ ។ បន្ទាប់​មក សូម​សរសេរ​ដាក់​ពាក្យ ភាព​ក្រីក្រ ។

  • តើ​ភាព​ក្រីក្រ​ជា​អ្វី ? ( ស្ថានភាព​មួយ​ដែល​មាន​ប្រាក់តិច​តួច របស់​របរ ឬ​មធ្យោបាយ​នៃ​ការ​ផ្គត់​ផ្គង់​តិច​តួច ឬ​គ្មាន​ទាល់​តែ​សោះ ) ។

  • ហេតុអ្វី​ភាពក្រីក្រ​អាច​ជា​ការ​ប្រឈម​មួយ​ដ៏​ពិបាក ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គិត​ពី​បុគ្គល​ដែល​ពួកគេ​ស្គាល់ ​ដែល​ត្រូវ​ការ​ជំនួយ ​រួម​ទាំង​ខាង​សាច់​ឈាម ខាង​ផ្លូវ​ចិត្ត ខាង​សង្គម ឬ​ខាង​វិញ្ញាណ ។ នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី ២ ៨–៩ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការជួយ​ដល់​ជន​​ខ្វះខាត ។

សូម​សង្ខេប កូរិនថូស​ទី ២ ៨:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា សមាជិក​សាសនាចក្រ​នៅ​ម៉ាសេដូ​បាន​បរិច្ចាគ​ដោយ​ចិត្ត​សប្បុរស​ដើម្បី​ជួយ​ជន​ក្រីក្រ​ដែល​​ត្រូវការ​ខាង​សាច់​ឈាម​ ។ ( អ្នក​គួរ​ឲ្យ​សិស្ស​ស្វែង​រក​កូរិនថូស និង ម៉ាសេដូ នៅ​លើ​ផែនទី​ក្នុង​ព្រះគម្ពីរ ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ ប៉ុល​បាន​ពន្យល់​ថា សមាជិក​នៅ​ម៉ាសេដូ​បាន​ធ្វើ​ដូច្នោះ ដោយសារ​ពួកគេ​ចង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ​ឲ្យ​ធ្វើ​តាម​គំរូ​នេះ​ចំពោះ​ការ​ជួយ​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ។

សូម​សរសេរ​ពាក្យ មាន និង ក្រីក្រ នៅ​លើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​អាន កូរិនថូសទី២ ៨:៩ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ថា ប៉ុល​បាន​និយាយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ពួក​បរិសុទ្ធ​ទាំងនោះ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​នៅ​លើ​ក្ដារខៀន​នៅ​ក្រោម​ពាក្យ មាន និង ក្រីក្រ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដែល​មាន​ភាព​ឧត្តុង្គ​ឧត្តម​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​តាម​របៀប​ណា ? ( ចម្លើយ​សិស្ស​អាច​រួមមាន​ដូចខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​បុត្រ​ច្បង​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា ​ពី​មុន​ទ្រង់​ប្រសូត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ទៅ​ទៀត ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​ដែល​គង់​នៅក្បែរ​ព្រះវរបិតា​សួគ៌​ដោយ​មាន​សិទ្ធិ​អំណាច ព្រះចេស្ដា និង​សិរីល្អ ហើយ​បាន​បង្កើត​ពិភព​ជាច្រើន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា ) ។

  • តើ​ទ្រង់​ត្រូវ​បាន​គេ​ចាត់ទុក​​ថា​ក្រីក្រ​ កាល​ទ្រង់​មាន​ព្រះជន្ម​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​តាម​របៀប​​ណា ? ( ទ្រង់​បាន​ចាក​ចេញ​ពី​តួនាទី​ដ៏​មាន​សិរី​ល្អ​របស់​ទ្រង់ ដើម្បី​មក​ប្រសូត ហើយ​គង់​នៅ​លើ​ផែនដី​នៅ​ក្នុង​​កាលៈទេសៈ​​ដ៏​ទន់ទាប ។

  • តើ​អ្នក​គិត​ថា នៅ​ក្នុង ខ​ទី ៩ ដែល​ចែង​ថា យើង « បាន​មាន​ឡើង ដោយសារ​សេចក្ដី​កម្រ​របស់ ​[ ព្រះអង្គ​សង្គ្រោះ ] » មានន័យ​យ៉ាង​ដូចម្ដេច ? ( ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ចុះ​ពី​បល្ល័ង្ក​នៃ​ជីវិត​មុនផែនដីរបស់​ទ្រង់​ មក​កាន់​ផែនដី​ដើម្បី​ធ្វើ​ការ​ងារ​បម្រើ ធ្វើ​ជា​គំរូ​សម្រាប់​យើង ហើយ​ធ្វើ​ដង្វាយធួន នោះ​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

សូម​ពន្យល់​សិស្ស​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ត្រូវបាន​បង្គាប់​ឲ្យ​ប្រមូល​ម្ហូប​អាហារ​ជួយ​ដល់​ពួក​បរិសុទ្ធ​ក្រី​ក្រ​នៅ​ស្រុក​យូដារយៈ​ពេល​ប្រហែល​ជា​មួយ​ឆ្នាំ​មុន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ៨:១០-១១​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​ណែនាំ​​​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យធ្វើ​​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើអ្វីខ្លះ ?

សូម​ពន្យល់​ថា ឃ្លា « ធ្វើ » និង « បំពេញ​ការ​នោះ »​ មាន​ន័យ​ថា ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​បំពេញ​ការ​តាំង​ចិត្តកាល​​ពី​មុន​របស់​ពួកគេ​ ដើម្បី​ផ្ដល់​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដល់​ពួក​បរិសុទ្ធ​ក្រីក្រ ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ភាព​មាន​បាន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​ពួកគេ​ដែរ ។

  • តើ​មាន​អ្វី​កើត​ឡើង​ដល់​​យើង​ម្នាក់ៗ នៅ​ពេល​យើង​យល់​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​​គ្នានេះ​ដូចតទៅ ៖ នៅ​ពេល​យើង​យល់​អ្វីៗ​ទាំងអស់​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​យើង នោះ​យើង​នឹង​មាន​ឆន្ទៈ​កាន់​តែ​ខ្លាំង​​ឡើង​ ដើម្បី​ផ្ដល់​ទ្រព្យ​សម្បត្តិ​របស់​យើង​ដល់​មនុស្ស​ដទៃ ) ។

  • តើ​ការ​សញ្ជឹង​គិត​ពី​អំណោយទាន​ពី​ព្រះអង្គ​សង្គ្រោះដល់​យើង អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដល់​ដល់​ជន​ដែល​ខ្វះខាត​យ៉ាង​ដូចម្ដេច ?

  • តើ​អំណោយទាន​ជាក់​លាក់​ណា​ខ្លះ ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​អ្នក​ដែល​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ផ្ដល់​ដល់​មនុស្ស​ដទៃ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ៨:១២-១៥​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​សេចក្ដី​ពិត​បន្ថែម​មួយ ​ដែល​ប៉ុល​បាន​បង្រៀន​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ការ​ផ្គត់ផ្គង់​គ្នា​ទៅវិញ​ទៅ​មក​ខាង​សាច់​ឈាម ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ១២–១៣ ?​ ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះ​សព្វ​ព្រះទ័យ​ចង់ឲ្យ​យើង​មាន​ឆន្ទៈ​ចេះ​ផ្ដល់​ឲ្យ ទោះ​ជា​ពេល​យើង​គ្មាន​អ្វី​ផ្ដល់​ឲ្យ​ក៏​ដោយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីសេចក្ដីពិត​នេះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« មានឬក្រ យើងត្រូវ ‹ ធ្វើអ្វីដែលយើងអាចធ្វើបាន › ពេលអ្នកផ្សេងទៀតត្រូវការជំនួយ » ( « Are We Not All Beggars? » ទំព័រ ៤១ ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មនុស្ស​ដទៃ ប្រសិន​បើ​យើង​គ្មាន​អ្វី​ផ្ដល់​ដល់​ពួកគេ​ផង​នោះ ?

  • យោង​តាម ខ​ទី ១៤–១៥ តើ​នរណា​ទៅ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ កាល​ពួក​បរិសុទ្ធ​គ្រប់​រូប​ជួយ​ដល់​ជនដែល​ខ្វះខាត​ជា​ទៀង​ទាត់​នោះ ? ( ជន​​ណា​​ដែល​ខ្វះ​ខាត​ នៅ​គ្រប់​ពេលទាំង​អស់​ ) ។

  • តើ​វិធី​មួយ​ចំនួន​ដែល​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​អត្ថប្រយោជន៍ ​កាល​យើង​ទាំងអស់​គ្នា​មាន​ឆន្ទៈ​ផ្ដល់​ឲ្យនោះ​មាន​អ្វីខ្លះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សេចក្ដី​ពិត និង​គោលការណ៍​ទាំងនេះ ហើយ​អនុវត្ត​តាម សូម​អាន​ឲ្យឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​អែលឌើរ ហូឡិនដូច​​ខាង​ក្រោម​ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់​មើល​របៀប​ ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​តប​​ចំពោះ​ជន​ក្រីក្រ​ដោយ​ចិត្ត​មេត្តា​ករុណា ។

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ខ្ញុំមិនដឹងប្រាកដថា បងប្អូន​ម្នាក់ៗគួរ​​បំពេញ​កាតព្វកិច្ច​របស់​បងប្អូន​​ក្នុង​ការ​ជួយ​ដល់​ពួក​អ្នកដែល​​ជានិច្ចកាល ​មិន ឬ មិនអាច​ជួយ​ខ្លួន​គេដោយ​របៀប​ណា​នោះ​ទេ ។ តែ​ខ្ញុំ​ដឹងថា ព្រះទ្រង់​ជ្រាប​ដឹង ហើយ​ទ្រង់​នឹង​ជួយ​អ្នក ហើយ​ដឹកនាំ​អ្នក​ក្នុង​ទង្វើ​ដ៏​ពេញ​ដោយ​ក្ដី​អាណិត​អាសូរ​នៃ​ភាព​ជា​សិស្ស​នោះ បើ​អ្នក​មាន​ចេតនាចង់​ធ្វើ ហើយ​អធិស្ឋាន ហើយ​រកមើល​របៀប​កាន់​តាម​​បទបញ្ញត្តិ ដែល​ទ្រង់​ប្រទាន​ដល់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ » ​( « Are We Not All Beggars? » ទំព័រ ៤១ ) ។

ប្រសិន​បើ​មាន​ពេល ហើយ​អ្នក​អាច​ធ្វើ​ទៅ​បាន សូម​ពិចារណា​បង្ហាញ​វីដេអូ​នៃ​សុន្ទរកថា​របស់​អែលឌើរ ហូឡិន ក្នុង​សន្និសីទ​ទូទៅ « Are We Not All Beggars? » ( ០:០០–៧:០៤ ) ។

  • តើ​អែលឌើរ ហូឡិន បានមាន​ប្រសាសន៍ថា ​យើង​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀម​ខ្លួន​ជួយ​ដល់​ជន​ក្រីក្រ និង​ខ្វះខាត ?

  • តើ​វិធី​មួយ​ចំនួន​ដែល​សាសនាចក្រ​បាន​ស្ថាបនា​ឡើង​ដែល​​យើង​អាច​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ជន​ក្រី​ក្រ​មាន​អ្វីខ្លះ ? ( តាមរយៈ​ការ​តម​អាហារ គម្រោង​សេវាកម្ម​ក្នុង​មូលដ្ឋាន និង​ឱកាស​សប្បុរសធម៌ ) ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​​កំណត់ត្រា​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​រឿង​មួយ​ដែល​ពួកគេ​អាច​ធ្វើ ​ដោយ​ផ្អែក​លើ​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការ​ផ្ដល់​ឲ្យ​ដល់​ជន​ក្រីក្រ និងជន​​​ខ្វះខាត​នោះ ។

សូម​សង្ខេប កូរិនថូសទី ២ ៨:១៦–២៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​ថ្លែង​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​ទីតុស និង​បងប្អូន​ប្រុស​ពីរ​នាក់​ផ្សេង​ទៀត​ ដែលត្រូវ​បាន​បញ្ជូនឲ្យ​ទៅ​​ប្រមូល​ការ​បរិច្ចាគ​សប្បុរសធម៌​សម្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ។ ប៉ុល​បាន​ថ្លែង​អំពី​ទំនុកចិត្ត​​របស់​លោក​ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ហើយ​បាន​ពន្យល់​ថា ការ​ផ្ដល់​ឲ្យ​ដ៏​សប្បុរស​របស់​ពួកគេ​នឹង​ក្លាយ​ជា​ភស្ដុតាង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​មនុស្ស​ដទៃ ។

កូរិនថូស​ទី២ ៩

ប៉ុល​បង្រៀន​អំពី​ពរជ័យ​នៃ​ការ​ធ្វើ​ជាអ្នក​ផ្ដល់​ឲ្យ​ដ៏​ស្មោះ​ម្នាក់

សូម​សង្ខេប កូរិនថូសទី ២ ៩:១–៥ ដោយ​ពន្យល់​ថា ប៉ុល​បាន​បន្ត​សរសើរ​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។ លោក​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា លោក​បាន​បញ្ជូន​ទីតុស និង​មនុស្ស​ផ្សេង​ទៀត​ឲ្យ​បញ្ជាក់​ពីឆន្ទៈផ្ដល់​ឲ្យ​ដ៏​សប្បុរស​របស់​ពួកគេ ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិតថា តើ​ពួកគេ​ធ្លាប់​ផ្ដល់​អ្វី​មួយ​ដល់​មនុស្ស​ម្នាក់ ឬ​ផ្ដល់​ការ​បម្រើ​មួយ​ដល់​មនុស្ស​ម្នាក់​ទាំងមានចិត្ត​ទើស​ទាល់​ដែរ​ឬទេ ។

  • ហេតុអ្វី​ពេល​ខ្លះ​វា​ជា​រឿង​ពិបាក​ដើម្បី​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ផ្ដល់​ពេល​វេលា ប្រាក់​កាស ឬ​ធនធាន​ផ្សេងទៀត​របស់​អ្នក​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ៩:៦-៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ការ​ប្រៀប​ធៀប​ ដែល​ប៉ុល​បានប្រើ​ដើម្បី​​បង្រៀន​សមាជិក​នៅ​កូរិនថូស​អំពី​ការ​ផ្ដល់​ឲ្យ​ដ៏​សប្បុរស ។

  • តើ​ការ​សាប​ព្រោះ ​មាន​អត្ថន័យ​យ៉ាង​ណាដែរ​ ? ( ការ​ដាំ​គ្រាប់​ពូជ ) ។

  • តើ​ប៉ុល​បាន​ប្រៀបធៀប​អ្វី​ទៅ​នឹង​ការ​សាប​ព្រោះ ? ( ការ​ផ្ដល់​ឲ្យ​ដល់​មនុស្ស​ដទៃ ) ។

ចូរ​លើក​គ្រាប់​ពូជ​ផ្លែ​ឈើ ឬ​បន្លែ​មួយ​ចំនួន​ឡើង ឬ​ដាក់​បង្ហាញ​រូបភាព ​នៃ​គ្រាប់​ពូជ​មួយ​ចំនួន ។

រូបភាព
seeds
  • តើ​អ្នក​ព្រោះ​ពូជ​នៅ​ក្នុង​ការ​ប្រៀប​ធៀប​​នេះ​ជា​នរណា ? ( ពួក​បរិសុទ្ធ ឬ​យើង ) ។

  • យោង​តាម ខ​ទី ៧តើ​ព្រះអម្ចាស់​រំពឹង​​ឲ្យ​យើង​សាប​ព្រោះ ឬ​ផ្ដល់​ឲ្យ​តាម​របៀប​ណា ? ( ដោយ​រីករាយ ដោយ​មិន​ទើស​ទាល់ ។ សូមមើល​ផងដែរ មរ៉ូណៃ ៧:៨ ) ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​​នេះនៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ផ្ដល់​ដល់​ជន​ខ្វះខាត​ដោយ​ដួង​ចិត្ត​រីករាយ …

  • តើ​ការ​ផ្ដល់​ឲ្យ​មនុស្ស​ដទៃ​ប្រៀប​បាន​នឹង​ការ​សាបព្រោះ​គ្រាប់​ពូជ​នៅ​ក្នុង​ទី​វាល​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​យើង​សាប​ព្រោះ​តែ​បន្តិច​បន្តួច​នោះ ?

  • តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​យើង​សាប​ព្រោះ​ដោយសទ្ធា​នោះ ?

សូម​បញ្ចប់​គោលការណ៍​នៅលើ​ក្ដារខៀន​ ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ផ្ដល់​ដល់​ជន​ខ្វះខាត​ដោយ​ដួង​ចិត្ត​រីករាយ នោះ​ព្រះ​នឹង​ប្រទាន​ពរដល់​យើង​ដោយ​ព្រះទ័យ​សប្បុរស ។

  • តើ​ការ​ផ្ដល់​ឲ្យ​មនុស្ស​ដទៃ​ដោយ​ឥរិយាបថ​​រីករាយ​ ពិត​ជា​ដឹកនាំ​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​ពរជ័យ​ ​លើស​ពីដើមទុន​​ដំបូង​របស់​​យើង​​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ៩:៨-១០ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពរជ័យ​ដែល​ប៉ុល​បាន​លើក​ឡើង​ថា ​នឹង​កើត​មាន​ចំពោះ​ពួក​បរិសុទ្ធ ប្រសិន​បើ​ពួកគេ​បាន​ផ្ដល់​ឲ្យ​ដោយ​មាន​ដួង​ចិត្ត​រីករាយ ។

  • តើ​ឃ្លា​មួយ​ចំនួន​ដែល​ប៉ុល​ធ្លាប់​ប្រើ​ ដើម្បី​រៀបរាប់​ពី​ពរជ័យ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​ជន​ដែល​ផ្ដល់​ឲ្យ​ដោយ​​ដួង​ចិត្ត​រីករាយ​មាន​អ្វីខ្លះ ? ( ចម្លើយ​អាច​រួម​មាន «​ គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នក​រាល់​គ្នា » [ ខ​ទី ៨ ] « ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច » [ ខ​ទី ៨ ] « សេចក្តី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច » [ ខ​ទី ៩ ] និង « ចម្រើន​ផល​ពី​ការ​សុចរិតរបស់​អ្នក​រាល់​គ្នា​ផង » [ ខ​ទី ១០ ] ) ។

សូម​ពន្យល់​ថា ឃ្លា​ទាំង​នេះ​ប្រាប់​ថា យើង​នឹង​ទទួល​បាន​ព្រះគុណ​របស់​ព្រះអម្ចាស់ ដែល​រួម​បញ្ចូលទាំង​ពរជ័យ​ខាង​សាច់​ឈាម យ៉ាង​គ្រប់គ្រាន់​សម្រាប់​​សេចក្ដី​ត្រូវការ​របស់យើង ។

  • យោង​តាម ខ​ទី ១០ តើ​ « ​អ្នក​ផ្គត់ផ្គង់​ពូជសម្រាប់​​អ្នក​ដែល​ព្រោះ »​ ជា​នរណា ? ( ព្រះ​អម្ចាស់ ។ សូម​ដាក់​បង្ហាញ​គ្រាប់​ពូជ​នោះ​ម្ដង​ទៀត ហើយ​ពន្យល់​ថា យើង​អាច​ផ្ដល់​ឲ្យ​ដល់​មនុស្ស​ដទៃ​បាន ដោយសារ​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​ពីដំបូង ) ។

  • តើ​ការ​ចងចាំ​ថា​ ​គ្រប់អ្វីដែល​យើង​មាន​បាន​មក​ពី​ណា​ អាច​ជួយ​យើង​ឲ្យ​បរិច្ចាគ​ដោយ​រីករាយ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង កូរិនថូសទី ២ ៩:១១–១៥ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​បង្រៀន​អ្វីខ្លះ ​អំពី​ពួក​បរិសុទ្ធ​ដែល​ផ្ដល់​ឲ្យ ហើយ​ទទួល​ដោយ​រីករាយ ។

  • យោងតាម ខ​ទី ១១–១៥ តើ​ពួក​បរិសុទ្ធ​ដែល​ផ្ដល់​ឲ្យ​ដោយ​សប្បុរស ហើយ​ពួក​បរិសុទ្ធដែល​ទទួល​បាន​​ទ្រព្យ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ចំពោះ​ព្រះ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​ធ្វើការ​​គូស​ចំណាំ​ឃ្លា​នានា​ស្ដីពី​ការ​ដឹងគុណ​ ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះដូចជា « ដែល​នឹង​បង្កើត​សេចក្តី​អរ​ព្រះគុណ​ដល់​ព្រះ ដោយសារ​យើង​រាល់​គ្នា » ( ខ​ទី ១១ ) « ​ពាក្យ​គេ​អរ​ព្រះគុណ​ជា​ច្រើន » ( ខ​ទី ១២ ) « ​គេ​សរសើរតម្កើង​​ដល់​ព្រះ » ( ខ​ទី ១៣ ) ហើយ « អរ​ព្រះគុណ​ដល់​ព្រះអង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន » ( ខ​ទី ១៥ ) ។

អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ​ទី ១១-១៥ ៖ ការ​​ស្គាល់​ពី​ព្រះទ័យ​សប្បុរស​របស់​ព្រះ​នៅ​ក្នុងការ​ប្រទាន​ពរជ័យ​ដល់​យើង​អាច​ជួយ​យើង​ឲ្យ​មាន​ការ​ដឹងគុណ​ចំពោះ​​ទ្រង់ ។

  • តើ​អ្នក​ធ្លាប់​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​នៅ​ពេល​ណា​ បន្ទាប់​ពី​ស្គាល់​ពរជ័យ​ដែល​ទ្រង់​បាន​បញ្ជូន​មក​​ដល់​អ្នក​សម្រាប់​ការ​បម្រើ និង​ការ​ផ្ដល់​ឲ្យ​មនុស្ស​ដទៃ​ដោយ​ចិត្ត​រីករាយ​នោះ​ ?

សូម​ថ្លែង​ទីបន្ទាល់​ពី​គោលការណ៍ និង​សេចក្ដីពិត​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង កូរិនថូស​ទី២ ៨–៩ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​វិធី​ ដែល​ពួកគេ​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​មាន​សេចក្ដីត្រូវ​ការ​នៅ​សប្ដាហ៍​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​គោលដៅ​មួយ​ដើម្បី​ជួយ​បុគ្គល​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី ២ ៨:៩ ។ « ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ »

សម្រាប់​ជា​ការ​ពន្យល់​ពី​ការ​បន្ទាប​ខ្លួន​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង សូម​មើល « The Condescension of God and of Man » ( [ First Presidency Christmas devotional ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​២០១៤ ] lds.org/broadcasts ) ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

កូរិនថូសទី២ ៨:១៤ ។ « ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង »

នៅ​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​ទូទៅ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ ដែល​វា​អនុវត្ត​​ចំពោះ​បុរស និង​ស្ត្រីស្មើ​ភាព​គ្នា ៖

« នៅ​វេលា​នេះ​មាន​សមាជិក​សាសនាចក្រ​​ជាច្រើន​ដែល​កំពុង​រង​ទុក្ខ ។ ពួកគេ​ស្រេក​ឃ្លាន មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ហើយស្មុគ្រស្មាញ​មាន​​ទុក្ខ​ព្រួយ​ខាង​រូបកាយ ខាង​ផ្លូវ​ចិត្ត និង​​ខាង​វិញ្ញាណ ។ ពួកគេ​បាន​អធិស្ឋាន​ដោយ​អស់​ពី​កម្លាំង​នៃ​ព្រលឹង​របស់​ពួកគេ​ ទូល​សូម​ជំនួយ សូម​ការ​ធូរ​ស្រាល ។

« បងប្អូន​ប្រុស សូម​កុំ​គិត​ថា ការណ៍​នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​មនុស្សណា​ផ្សេង​ទៀត​ឲ្យ​សោះ ។ វា​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ និង​របស់​បងប្អូន​រាល់គ្នា ។ យើង​ត្រូវ​ធ្វើ​ទាំងអស់​គ្នា ។ ‹ ទាំងអស់​គ្នា › មាន​ន័យ​ថា គ្រប់​គ្នា—គ្រប់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន និង​ម៉ិលគីស្សាដែក ទាំង​អ្នក​មាន និង​អ្នក​ក្រ នៅ​ក្នុង​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ។ នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ មនុស្ស​គ្រប់​គ្នា​មាន​នូវ​អ្វី​មួយ​ដើម្បី​ចូល​រួម​ចំណែក » ( « Providing in the Lord’s Way » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ ៥៤ ) ។