បណ្ណាល័យ
មេរៀនទី ១៣១ ៖ ធីម៉ូថេទី២ ១-២


មេរៀនទី ១៣១

ធីម៉ូថេទី២ ១-២

សេចក្តី​ផ្ដើម

នៅ​ក្នុង​សំបុត្រ​ទីពីរ​របស់​លោក​ដល់​ធីម៉ូថេ ប៉ុល​បាន​បង្រៀន​ថា សេចក្ដីភ័យខ្លាច​ពុំ​មែន​កើត​មក​ពី​ព្រះ​ទេ ហើយ​បាន​ទូន្មាន​ធីម៉ូថេ​កុំ​ឲ្យ​ខ្មាស់​អៀន​ចំពោះ​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​ស្មោះ​ត្រង់ ហើយ​បាន​ណែនាំ​គាត់​ឲ្យ​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ប្រែ​ចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

ធីម៉ូថេទី២ ១

ប៉ុល​ទូន្មាន​ធីម៉ូថេ​កុំ​ឲ្យ​ខ្មាស់​អៀន​ចំពោះ​ដំណឹងល្អ​ឡើយ

សូម​សរសេរ​ពាក្យ សេចក្ដី​ភ័យខ្លាច នៅ​លើ​ក្ដារខៀន រួច​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា សេចក្ដីភ័យខ្លាច​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូចម្ដេច ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« នៅ​ក្នុង​ចំណោម​យើង​រាល់គ្នា តើ​មាន​នរណា​ម្នាក់​មិន​ភ័យ​ខ្លាច​ទេឬ ? ខ្ញុំ​ដឹង​ថា មនុស្ស​គ្រប់​រូប​មាន​ការ​ភ័យខ្លាច ។ ពិតណាស់ មាន​មនុស្ស​ខ្លះជួប​សេចក្តី​ភ័យខ្លាច​ខ្លាំង​ជាង​មនុស្ស​ដទៃទៀត ។ មនុស្ស​ខ្លះ​អាច​យក​ឈ្នះ​វា​យ៉ាង​រហ័ស ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ទៀត​ត្រូវបានសង្កត់​ជាប់ ហើយ​បាន​ទាញ​ទម្លាក់​ដោយ​សេចក្ដីភ័យ​ខ្លាចនេះ ហើយ​ថែម​ទាំង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចាញ់​ទៀត​ផង ។ យើង​រងទុក្ខ​ដោយសារ​សេចក្ដីភ័យខ្លាច​នៃ​ការ​ចំអក សេចក្ដីភ័យខ្លាចនៃ​ការ​បរាជ័យ សេចក្ដីខ្លាច​នៃ​ភាព​ឯកោ សេចក្ដីខ្លាច​នៃ​ភាពអវិជ្ជា ។ មាន​មនុស្ស​ខ្លះ​ខ្លាច​ចំពោះ​បច្ចុប្បន្នកាល រីឯ​ខ្លះ​ទៀតខ្លាចអនាគត​កាល ។ មនុស្ស​ទ្រ​បន្ទុក​នៃ​អំពើ​បាប ហើយ​សុខ​ចិត្ត​លះបង់​ស្ទើរ​តែ​អ្វីៗ​គ្រប់​យ៉ាង ​ដើម្បី​ឲ្យ​ខ្លួន​រួច​ផុត​ពី​បន្ទុក​ទាំងនោះ ប៉ុន្តែ​ខ្លាច​នឹងផ្លាស់​ប្ដូរ​ជីវិត​របស់​ពួកគេ » ( « God Hath Not Given Us the Spirit of Fear » Ensign ខែ តុលា ឆ្នាំ​ ១៩៨៤ ទំព័រ ២ ) ។

  • យោង​តាម​ប្រធាន ហ៊ិងគ្លី តើ​សេចក្ដីភ័យខ្លាច​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីភ័យខ្លាច​អាច​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​យើង ​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​សិក្សា​ធីម៉ូថេទី២ ១​សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ភ័យខ្លាច ។

សូម​ពន្យល់​ថា ពីមុន​ប៉ុល​ស្លាប់​មិន​យូរ​ប៉ុន្មាន លោក​បាន​សរសេរ​សំបុត្រ​ទីពីរ​របស់​លោក​ដល់​ធីម៉ូថេ កាល​ជាប់​ឃុំ​នៅ​រ៉ូម ។ សូម​សង្ខេប ធីម៉ូថេទី ២ ១:១–៥ ដោយ​ពន្យល់​ថា ប៉ុល​បាន​បាន​សម្ដែង​បំណង​​​ប្រាថ្នា​របស់​លោក​ចង់​ជួប​​ធីម៉ូថេ ហើយ​នឹក​ឃើញអំ​ពី​សេចក្ដី​ជំនឿ​ស្មោះ​ត្រង់​របស់​ធីម៉ូថេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ១:៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា​ប៉ុល​បាន​រំឭក​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​រំឭក​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា « អំណោយទាន​របស់​ព្រះ » ដែល​​បាន​ទទួល​ដោយ​ការ​ដាក់​ដៃ​លើ ​ទំនង​ជា​សំដៅ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ « ដាស់​តឿន » មាន​ន័យ​ថា ការ​ស្ដារ​ឡើង​វិញ ឬ​ការ​ប្រោស​   ។ ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​​ឲ្យ​ស្ដារ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើង​វិញ ​ឬ​ស្វែង​រក​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយ​គាត់​ដោយ​ស្មោះ​ត្រង់ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​​​នេះដាក់លើ​ក្ដារខៀន ៖ នៅ​ពេល​យើង​ស្វែង​រក​ដើម្បី​មាន​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​យើង​ដោយ​ស្មោះ​ត្រង់ …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ១:៧-៨ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពរជ័យ​ដែលអាច​កើត​មាន​ពី​ការ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង ។

  • យោង​តាម ខ​ទី ៧ តើ​ពរជ័យ​អ្វីខ្លះ អាច​កើត​ចេញ​ពី​ការ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយនឹង​​យើង ?

  • តើ​ពរជ័យ​ទាំងនេះ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អ្វី ?

សូម​ពន្យល់​ថា ប៉ុល​បាន​ហៅ​សេចក្ដីភ័យ​ខ្លាចខាង​លោកិយ​ ដែល​វា​បង្កើត​នូវ​ការ​ថប់​បារម្ភ ថា​ជា​ភាព​ពុំ​ពិត​ប្រាកដ និង​ការ​រំជើប​រំជួល ហើយ​ខុស​ពី​អ្វី​ដែល​បទគម្ពីរ​ហៅ​ថា​ជា « សេចក្ដី​កោត​ខ្លាច​ដល់​ព្រះយេហូ​វ៉ា » ( សុភាសិត ៩:១០ ) ។ ការ​កោតខ្លាច​ដល់​ព្រះអម្ចាស់​គឺជា​ការ​ « មាន​ចិត្ត​គោរព​កោតក្រែង និង​ស្ងើច​ស្ញែង​ដល់​ទ្រង់ ហើយ​គោរព​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កោតខ្លាច » scriptures.lds.org ) ។

  • យោងតាម ខ​ទី ៨ តើ​ប៉ុល​បាន​អញ្ជើញ​ឲ្យ​ធីម៉ូថេ​ធ្វើ​អ្វីខ្លះ ជាមួយ​ការ​យល់​ដឹង​ថា ព្រះវិញ្ញាណ​អាច​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​សេចក្ដីភ័យខ្លាចបាន ?

សូម​សួរ​សិស្ស​ថា ពួកគេ​នឹង​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​បែប​ណា​ដែរ ដោយ​ប្រើ​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខទី ៧–៨ ។ សូម​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ​​ ដើម្បី​ឲ្យ​វា​នាំ​ទៅរក​​គោលការណ៍​ដូច​តទៅនេះ ៖ នៅ​ពេល​យើង​ខិតខំ​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង នោះ​យើង​អាច​យក​ឈ្នះ​លើ​សេចក្ដី​ភ័យខ្លាច ហើយ​ពុំ​ខ្មាស់​អៀន​អំពី​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

  • តើ​អំណាច សេចក្ដីស្រឡាញ់ និង​សេចក្ដី​ល្អ​ដែល​យើង​បាន​ទទួល​ពី​ព្រះ​តាមរយៈ​ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​សេចក្ដីភ័យខ្លាច​យ៉ាង​​ដូចម្ដេច ?

  • តើ​យើង​អាច​បង្ហាញ​ថា​ យើង​ពុំ​ខ្មាស់​អៀន​ចំពោះ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​​តាម​របៀប​ណា ?

  • តើ​ព្រះវិញ្ញាណ​ធ្លាប់​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ភ័យខ្លាច ឬ​ធ្លាប់​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ឈរ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅពេល​ណា​ដែរ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​យាង​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយនឹង​​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​យក​ឈ្នះ​លើ​សេចក្ដី​​ភ័យខ្លាច ហើយ​ពុំ​ខ្មាស់​អៀន​ពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សង្ខេប ធីម៉ូថេទី ២ ១:៩–១៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ឲ្យ​បន្ត​ស្មោះ​ត្រង់​ចំពោះ​គោលលទ្ធិ​ពិត ។ ប៉ុល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការក្បត់​សាសនា​ដ៏​ធំ​កំពុង​រីករាលដាល​នៅ​ក្នុង​សាសនាចក្រ ( សូម​មើល ធីម៉ូថេទី២ ១:១៥ ) ។

ធីម៉ូថេ​ទី២ ២

ប៉ុល​ណែនាំ​ធីម៉ូថេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការលំបាក​ដោយ​​ស្មោះ​ត្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ធីម៉ូថេទី២ ២:១ ដោយ​ស្ងាត់​ស្ងៀម រកមើល​ពាក្យ​ទូន្មាន​របស់​ប៉ុល​ដល់​ធីម៉ូថេ ។

  • តើ​ប៉ុល​បាន​ណែនាំ​អ្វីខ្លះ​ទៅ​ធីម៉ូថេ ? ( សូម​ពន្យល់​ថា យើង​ទទួល​បាន​ព្រះគុណ ឬ​ជំនួយ​ដ៏​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង [ សូម​មើល រ៉ូម ៥:២ ] ) ។

  • ហេតុអ្វី​មនុស្ស​ម្នាក់​អាច​រកឃើញថា​ វា​គឺជា​រឿង​ដ៏​លំបាក​ដើម្បី​បន្តមានចិត្ត​រឹង​មាំ​​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​ឲ្យ​នៅ​​រឹងមាំ​តាម​រយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ​លោក​បាន​ដឹង​ថា ធីម៉ូថេ​នឹង​ជួប​ការ​រងទុក្ខ និង​ការ​បៀតបៀន​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

សូម​ដាក់​បង្ហាញ រូបភាព អំពី​ទាហាន អត្តពលករ និង​កសិករ​ម្នាក់ ។ ( ឬ​ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូប​មនុស្ស​បី​ប្រភេទ​នេះ​នៅ​លើ​ក្ដារខៀន ) ។

រូបភាព
drawings, soldier, hurdler, farmer

សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​អំពី​ទាហាន អត្តពលករ និង​អ្នក​ចម្ការ ( ឬ​កសិករ ) ដើម្បី​បង្រៀន​ធីម៉ូថេ​ពី​របៀប​ដើម្បី​បន្ត​រឹង​មាំ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ទោះ​ជា​ជួប​ការ​លំបាក​ក្ដី ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​វាចូល​ទៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​​របស់​ពួកគេ ឬ​ចែក​ចាយ​​ឯកសារ​នោះ​ឲ្យ​ពួកគេ ៖

ការ​ប្រៀប​ធៀប

ការពិពណ៌នា

តើ​ការ​ប្រៀបធៀប​នេះ​បង្រៀន​អ្វីខ្លះ​ អំពី​ការ​បន្ត​រឹង​មាំ​នៅ​ក្នុង​សេចក្ដីជំនឿ

ទាហាន





អត្តពលករ





អ្នក​ចម្ការ ( កសិករ )





សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ២:៣-៦ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​តើ​ប៉ុល​បាន​រៀបរាប់​ពី​ទាហាន អត្តពលករ និង​កសិករ​យ៉ាង​ដូចម្ដេច ។ សូម​ពន្យល់​ថា ពាក្យ ទុក្ខ​លំបាកខ​ទី ៣ ) សំដៅ​ទៅ​លើ​ការ​រងទុក្ខ ឬ​ការ​លំបាក ហើយ​ឃ្លា « ប្រយុទ្ធ​គ្នា​ក្នុង​ព្រ័ត្រ » ( ខទី ៥ ) សំដៅ​ទៅ​លើ​ការ​ប្រកួត​​នៅ​ក្នុង​អត្តពលកម្ម  ។

  • យោង​តាម​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ៣–៤ តើ​ទាហាន​ល្អ​ម្នាក់​ធ្វើ​អ្វីខ្លះ ? ( សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នេះ​នៅ​ក្នុង​ប្រអប់​ទីមួយ​ក្រោម​ពាក្យ « ការ​ពិពណ៌នា » លើ​តារាង ៖ ទាហាន​ល្អ​ម្នាក់​ស៊ូទ្រាំ​នឹង​​ការលំបាក​ដោយ​ឧស្សាហ៍ ហើយ​ទុក​ចោល​កិច្ចការ​ផ្សេង​ទៀត​មួយ​អន្លើរ​ ដើម្បី​ធ្វើ​ឲ្យ​មេ​របស់​គាត់​ពេញចិត្ត ) ។

  • នៅ​ក្នុង ខ​ទី ៥ កាល​ដែល​អត្តពលករ​ម្នាក់​នឹង​ពុំ​បាន « ពាក់​ភួងជ័យ » ​ដរាប​ណា​គាត់​ប្រយុទ្ធ ឬ​ប្រកួត « តាម​ច្បាប់ » ​មាន​ន័យ​ដូចម្ដេច ? ( សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នេះ​នៅ​ក្នុង​ប្រអប់​ទីពីរ​ក្រោម​ពាក្យ « ការ​ពិពណ៌នា » ៖ អត្តពលករ​ម្នាក់​អាច​មាន​ជ័យ​ជំនះ ដរាប​​ណា​គាត់​គោរព​តាម​ច្បាប់​ប៉ុណ្ណោះ ) ។

  • យោង​តាម ខ​ទី ៦ តើ​អ្វី​ទៅ​ជា​រង្វាន់​សម្រាប់​កសិករ​ម្នាក់​ដែល​ខិតខំ​ធ្វើ​ការ​ច្រូតកាត់​ផល​របស់​គាត់ ? ( សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នេះ ​នៅ​ក្នុង​ប្រអប់​ទីបី​ក្រោម​ពាក្យ « ការ​ពិពណ៌នា » ៖ កសិករ​ម្នាក់​ត្រូវ​ខិតខំ​ធ្វើការ​ដើម្បី​រីករាយ​​នឹង​ផល​ផ្លែ​នៃ​ការងារ​របស់​គាត់ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​តារាង​របស់​ពួកគេ ​ដោយ​សរសេរ​នៅ​ក្នុង​ជួរ​ឈរ​ទីបី​នូវ​អ្វី​ដែល​ការ​ប្រៀបធៀប​នីមួយៗ​បង្រៀន​អំពី​ការ​បន្ត​រឹងមាំ​នៅ​ក្នុង​សេចក្ដី​ជំនឿ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់ពី​ចម្លើយ​របស់​ពួកគេ ។

សូម​ពន្យល់​ថា ប៉ុល​បាន​ពោល​ថា លោក​បាន​ជួប​នឹង​ការ​សាកល្បង​ជាច្រើន​​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ( សូម​មើល ធីម៉ូថេទី ២ ២:៩ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ២:១០-១២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា ប៉ុល​បាន​ពោល​អ្វីខ្លះ​អំពី​ហេតុផល​ដែល​លោក​បាន​ស៊ូទ្រាំ​នឹង​ការ​លំបាក​ទាំងនេះ ។ សូម​ពន្យល់​ថា « ពួក​រើស​តាំង » ( ខទី ១០ ) សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់ ហើយ​ថា​ពាក្យ ទ្រាំទ្រ នៅ​ក្នុង ខ​ទី ​១២ សំ​ដៅ​ទៅ​លើ​ការ​ស៊ូទ្រាំ និង​ការ​បន្តខ្ជាប់ខ្ជួន​ជានិច្ច  ។

  • យោង​តាម​ពាក្យ​សម្ដី​របស់​ប៉ុល​នៅ​ក្នុង ខទី ១០ និង ១២ ហេតុអ្វី​លោក​សុខ​ចិត្ត​ស៊ូទ្រាំ​នឹង​ការ​លំបាក ហើយ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​ប៉ុល នូវ​​អ្វី​ដែលអាច​កើត​ឡើង​ នៅ​ពេល​យើង​ស៊ូទ្រាំ​នឹង​ការលំបាក ហើយ​បន្ត​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូចតទៅ ៖ នៅ​ពេល​យើង​ស៊ូទ្រាំ​នឹង​ការលំបាក ហើយ​បន្ត​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់ យើង​អាច​ជួយ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​សេចក្ដីសង្គ្រោះ​​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​​ដោយ​ស្មោះ​ត្រង់​របស់​យើង អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​សេចក្ដីសង្គ្រោះ​​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប ធីម៉ូថេទី២ ២:១៣–១៩ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​​ឲ្យ​រំឭក​ពួក​បរិសុទ្ធ​ឲ្យ​ចៀសវាង​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ « ថយ​ចេញ​ពី​សេចក្ដី​ទុច្ចរិត » ( ខ​ទី ១៩ ) ។

សូម​ដាក់​បង្ហាញ រូបភាព​វត្ថុ​ដាក់​ទឹក​ផ្សេងៗ​គ្នា ដូចជា ចានគោម ពែង និង​ថូ​មួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ២:២០ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​មាន​គ្រឿង​ប្រដាប់​ប្រភេទ​ណា​ខ្លះ « នៅ​ក្នុង​ផ្ទះ​ធំ » ។

  • យោង​តាម​ប៉ុល តើ​មាន​គ្រឿង​ប្រដាប់​ប្រភេទ​ណា​ខ្លះ « នៅ​ក្នុង​ផ្ទះ​ធំ » ?

សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​គ្រឿង​ប្រដាប់ ឬ​វត្ថុ​ដាក់​ទឹក​ប្រភេទ​ខុសៗ​គ្នា ជា​ការ​ប្រៀប​ធៀប​មួយ​​សម្រាប់​សមាជិក​អំពី​ផ្ទះ​ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី២ ២:២១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​ « ប្រដាប់​…​មាន​ប្រយោជន៍​ដល់​ម្ចាស់ » ។

  • យោង​តាម​ប៉ុល តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​« មាន​ប្រយោជន៍​ដល់​ម្ចាស់ » ?

សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « សំអាត​ខ្លួនពី​សេចក្តី​ទាំង​នោះ » ( ខ​ទី ២១ ) សំដៅ​លើ​ការ​ប្រែ​ក្លាយ​ជា​ស្អាត​ទាំងស្រុង​ចេញ​ពី​សេចក្ដី​ទុច្ចរិត ( សូម​មើល ខ​ទី ១៩​ ) ។

  • ដោយ​ផ្អែក​លើ​ការ​ប្រៀប​ធៀប​របស់​ប៉ុល​ដោយ​ប្រើ​គ្រឿង​ប្រដាប់ តើ​យើង​អាច​រៀន​គោលការណ៍​​អ្វីខ្លះ​ទាក់ទង​នឹង​អ្វី​ ដែល​យើង​អាច​ធ្វើ​ដើម្បី​បម្រើ​ព្រះអម្ចាស់​ឲ្យ​បាន​ប្រសើរ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​យើង​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត នោះ​យើង​អាច​បម្រើ​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ ) ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ធីម៉ូថេទី២ ២:២២ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ថា​យើង​អាច​ធ្វើ​អ្វី​​ខ្លះ​ទៀត ដើម្បី​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ការ​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដី​ទុច្ចរិត អាច​ជួយ​យើង​អាច​ឲ្យ​បម្រើ​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ?

សូមអញ្ជើញឲ្យ​​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​ថា​គោលការណ៍​នេះ​អនុវត្ត​ចំពោះ​ជន ​ដែល​បម្រើ​ព្រះអម្ចាស់​ដូចជា​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា​ណា​អាចមិន​​ប្រែចិត្តពី​​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ភាសា​អាសគ្រាម ឬ​បណ្ដោយ​ខ្លួន​តាមរូប​ភាព​អាសគ្រាម រួច​ហើយ​មក​រំពឹង​ទុក​ឲ្យ​អ្នកដទៃ​ប្រែចិត្តចំពោះ​រឿង​ទាំងអស់​នេះ​នោះ​ទេ ! អ្នក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ពុំ​គង់​នៅ​នឹង​អ្នក​ឡើយ ហើយ​ពាក្យ​ទាំងឡាយ​នឹង​ត្រូវ​ស្លាក់​នៅ​ក្នុង​បំពង់ក​អ្នក ពេល​អ្នក​ថ្លែង​វា​ចេញ​មក ។ អ្នក​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​លីហៃ​បាន​ហៅ​ថា​ជា ‹ ផ្លូវ​ហាមឃាត់​ទាំងឡាយ › [ ​នីហ្វៃ​ទី​១ ៨:២៨ ] ហើយ​រំពឹង​ថា​នឹង​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ដើរតាម​ផ្លូវ ‹ ត្រង់ ហើយ​ចង្អៀត › [ នីហ្វៃ​ទី​២ ៣១:១៨ ] បាន​នោះ​ទេ—វា​ពុំ​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ » ។

« … មិនថា​អ្នកជា​នរណា ឬ​អ្នកបានធ្វើអ្វី​នោះ​ទេ អ្នកអាច​ត្រូវ​បាន​អភ័យទោស​ឲ្យ​ ។ … វា​គឺ​ជា​អព្ភូតហេតុ​នៃ​ការអភ័យទោស វា​គឺ​ជា​​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ អ្នកពុំ​អាច​ធ្វើ​វា​ដោយ​គ្មាន​ការ​តាំងចិត្ត​ដ៏​​សកម្ម​មួយ ចំពោះ​ដំណឹងល្អ​នោះទេ ហើយ​អ្នក​​ពុំ​អាច​ធ្វើ​វា​ដោយគ្មាន​ការ​ប្រែចិត្ត ពេល​ដែល​វាចាំបាច់​​តម្រូវ​ឲ្យ​មាន​នោះ​ទេ ។ ខ្ញុំ​កំពុង​សុំ​ឲ្យ​អ្នក… សកម្ម ហើយ​ស្អាតស្អំ ។ ប្រសិន​បើ​វា​តម្រូវ ខ្ញុំ​កំពុង​ស្នើសុំ​ឲ្យ​អ្នក​សកម្ម ហើយ​ស្អាតស្អំ » ( « We Are All Enlisted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤៥ ) ។

  • ហេតុអ្វី​ក៏​វា​ចាំបាច់​ ដើម្បី​មាន​ភាព​ស្អាតស្អំ​ពី​អំពើ​បាប នៅ​ពេល​ប្រកាស​ដំណឹងល្អ ?

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​គោលការណ៍​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​រាល់​អំពើ​បាប​ ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​ប្រែ​ចិត្ត ដើម្បី​ពួកគេ​អាច​បម្រើ​ព្រះអម្ចាស់​បាន​កាន់​តែ​ប្រសើរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ធីម៉ូថេទី២ ១:៧ ។ « ដ្បិត ​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​ប្រភព និង​ឥទ្ធិពល​នៃ​សេចក្ដី​ភ័យខ្លាច ៖

« ចូរ​យើង​ស្គាល់​ថា សេចក្ដី​ភ័យ​ខ្លាច​​ពុំ​មែន​កើត​ចេញ​ពី​ព្រះ​ទេ ប៉ុន្តែ​ធាតុ​ដែល​បំផ្លិច​បំផ្លាញ​ដ៏​រ៉ាំរៃ​នេះ​កើត​មក​ពី​មារសត្រូវ​នៃ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ។ សេចក្ដីភ័យខ្លាចគឺ​ផ្ទុយ​ស្រឡះ​ពី​សេចក្ដី​ជំនឿ ។ ឥទ្ធិពល​របស់​វា​មាន​នូវ​ការ​បំផ្លិច​បំផ្លាញ​ដ៏​កាច​សាហាវ ។

« ‹ ដ្បិត ​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ ›​ [ ធីម៉ូថេ​ទី២ ១:៧ ] ។

« គោលការណ៍​ទាំងនេះ​គឺជា​ថ្នាំ​បន្សាប​ចំពោះ​សេចក្ដី​ភ័យខ្លាច​នានា​ដែល​ដក​យក​កម្លាំង​ចេញ​ពី​យើង ហើយ​ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​ព្រម​ចុះចាញ់ ។ គោលការណ៍​ទាំងនេះ​ផ្ដល់​អំណាច​ដល់​យើង ។

« តើ​អំណាច​អ្វី​ទៅ ? អំណាច​នៃ​ដំណឹងល្អ អំណាច​នៃ​សេចក្ដីពិត អំណាច​នៃ​សេចក្ដីជំនឿ អំណាច​នៃ​បព្វជិតភាព » ( « God Hath Not Given Us the Spirit of Fear » Ensign ខែ តុលា ឆ្នាំ​ ១៩៨៤ ទំព័រ ២ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​កោត​ខ្លាច​ព្រះ និង​សេចក្ដីភ័យខ្លាចខាង​លោកិយ ៖

« ផ្ទុយ​ពី​សេចក្ដី​ខ្លាច​ដែល​យើង​ជួប​ជា​រឿយៗ​គឺជា​អ្វី​​ដែល​បទគម្ពីរ​បាន​រៀបរាប់​ថា​ជាការ ‹ កោតខ្លាច​ដល់ព្រះ › ​( ហេព្រើរ ១២:២៨ ) ឬ ‹ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះអម្ចាស់ ›​ ( យ៉ាកុប ២៨:២៨, សុភាសិត ១៦:៦, អេសាយ ១១:២–៣ ) ។ ការ​កោត​ខ្លាច​ដល់​ព្រះ​ពុំ​ដូច​ជា​សេចក្ដីភ័យខ្លាចខាង​លោកិយ​ដែល​បង្កើត​នូវ​ភាព​ច្រួល​ច្រាល និងការ​ថប់​បារម្ភ​ឡើយ វា​គឺជា​ប្រភព​មួយ​នៃ​ភាពសុខសាន្ត ការ​ធានាអះអាង និង​ការ​ជឿជាក់ ។

« ចុះ​តើ​អ្វីៗ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​សេចក្ដី​ខ្លាច​អាច​ត្រូវ​បាន​ស្ថាបនា​ឡើង ឬ​ជា​ប្រយោជន៍​​ខាង​វិញ្ញាណ​បាន​យ៉ាង​ដូចម្ដេច ?

« សេចក្ដី​ខ្លាច​ចំពោះ​សេចក្ដី​សុចរិត​ដែល​ខ្ញុំ​ចង់​រៀបរាប់​រួម​មាន​នូវ​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​មួយ​នៃ​គារវភាព ការ​គោរព និង​ការ​កោត​ខ្លាច​ដល់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ទំនុកដំកើង ៣៣:៨, ៩៦:៤ ) ការគោរព​ចំពោះ​បទបញ្ញត្តិ​ទ្រង់ ( សូមមើល ចោទិយកថា ៥:២៩, ៨:៦, ១០:១២, ១៣:៤, ទំនុកដំកើង ១១២:១​ ) និង​ការ​រង់​ចាំ​ចំពោះ​ការ​កាត់​សេចក្ដី និង​យុត្តិធម៌​នៅ​ថ្ងៃ​ចុងក្រោយ​ដោយ​ព្រះ​ហស្ដ​ទ្រង់ » ( « Therefore They Hushed Their Fears » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១៥ ទំព័រ ៤៨ ) ។

ធីម៉ូថេទី២ ១:៧-៨ ។ « ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដីខ្មាស់​ ចំពោះ​ការធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង​នោះ​ឡើយ » ។

ស៊ិស្ទើរ បូនី អិល អូស្ការសុន ប្រធាន​យុវនារី​ទូទៅ បាន​ចែកចាយ​ពី​ដំណើរ​រឿង​ដូច​ខាង​ក្រោម​នេះ​អំពី ​ម៉ារី ម៉ាឌេលីន ខាឌិន ជាអ្នក​ប្រែចិត្ត​ជឿ​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី​ ដែល​បាន​បង្ហាញ​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ការ​ពារ​សេចក្ដី​ជំនឿ​ថ្មី​របស់​នាង ៖

« ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​របស់ ម៉ារី ម៉ាឌេលីន ខាឌិន ជាមួយ​គ្រួសារ​គាត់​ដែល​បាន​ទទួល​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​​ព្រះយេស៊ូវ​គ្រីស្ទ​ តាម​រយៈ​អ្នកផ្សព្វផ្សាយ​សាសនា​ដំបូងគេ ដែលបានហៅ​ឲ្យបម្រើ​នៅក្នុង​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ១៨៥០ ។ គាត់ជា​យុវនារី​មានវ័យ ១៧ ឬ ១៨ ឆ្នាំ ពេល​ពួកគាត់​បាន​​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ នៅថ្ងៃ​អាទិត្យមួយ ពេលគ្រួសារ​​កំពុង​ធ្វើ​កម្មវិធី​ថ្វាយបង្គំ​នៅ​គេហដ្ឋាន​របស់ពួកគាត់​ នៅលើភ្នំ​ខ្ពស់​នៃ​ប្រទេសអ៊ីតាលី​ប៉ែក​ខាង​ជើង នោះមាន​មនុស្ស​កំណាច​មួយក្រុម​​ដែល​ខឹងសម្បារ មានទាំងគ្រូ​គង្វាល​​ក្នុង​តំបន់​មួយចំនួន បាន​មកផ្ដុំគ្នា​នៅជុំវិញ​ផ្ទះ រួច​ចាប់​ផ្ដើម​ស្រែកគំហកខ្លាំងៗ ហើយ​ហៅ​ឲ្យ​អ្នកផ្សព្វ​ផ្សាយសាសនា​ឲ្យ​ចេញទៅក្រៅ​ផ្ទះ ។ ខ្ញុំ​មិនគិត​ថា ពួកគេ​អន្ទះសារ​ចិត្ត​ទទួល​ការ​បង្រៀនដំណឹងល្អ​ទេ—​តែពួកគេ​មាន​បំណង​​ចង់​ធ្វើ​បាប​ខាង​រូបកាយ ។ ក្មេងស្រី ម៉ារី បាន​ចេញទៅ​ក្រៅ​ផ្ទះ​ប្រឈម​​នឹង​ពួកមនុស្ស​អាក្រក់ ។

« ពួកគេ​បានបន្ដ​ស្រែកយ៉ាង​សាហាវ ​ឲ្យ​យក​អ្នក​ផ្សព្វផ្សាយសាសនា​ចេញមកខាង​ក្រៅ ។ ម៉ារី បាន​លើក​ព្រះគម្ពីរ​ប៊ីបឡើង ហើយ​បញ្ជា​ពួកគេ​ឲ្យ​ចេញទៅ ។ នាង​​បាន​ប្រាប់​ពួកគេ​ថា ពួកអែលឌើរ​គឺស្ថិត​នៅក្រោម​ការការពារ​របស់នាង ហើយ​ពួកគេ​ពុំអាច​ប៉ះពាល់​ដល់​អ្នកផ្សាយ​សាសនា​​ សូម្បី​តែ​សក់​មួយសរសៃ​ឡើយ ។ សូម​ស្ដាប់​នូវ​ពាក្យ​របស់គាត់​ផ្ទាល់ ៖ ‹ មនុស្ស​ទាំងអស់​ឈរស្រឡាំងកាំង ។ … ព្រះគង់នៅនឹង​ខ្ញុំ ។ ទ្រង់ឲ្យ​ខ្ញុំ​និយាយ បើមិនដូច្នោះ​ខ្ញុំ​ពុំអាច​និយាយ​បានទេ ។ មនុស្ស​ទាំងអស់​នៅ​ស្ងៀម​មួយរំពេច ។ មនុស្ស​សាហាវ​មាឌធំៗ​ទាំងនោះបាន​​ឈរ​ទ្រឹង​នៅពីមុខ​ក្មេង​ស្រី​ទន់ខ្សោយ ភ័យញ័រ​ តែ​គ្មាន​ភាពភ័យ​ខ្លាច​នោះទេ › ។ គ្រូគង្វាល​បាន​សុំ​ឲ្យ​ពួក​មនុស្ស​អាក្រក់​ចាក​ចេញ ដែល​ពួកគេ​បានចេញទៅដោយ​ស្ងាត់​ស្ងៀម ដោយ​ខ្មាស់អៀន ភ័យខ្លាច និង​វិប្បដិសារី ។​ ក្រុមតូច​នោះ​បាន​បញ្ចប់ការ​ប្រជុំ​របស់ពួកគេ​ដោយ​សុខសាន្ដ ។

« តើអ្នក​អាច​នឹក​ស្មានដល់ទេ ដែល​យុវនារី​ក្លាហាន មានវ័យ​ស្របាល​អ្នក ឈរ​ចំពោះ​មនុស្ស​​អាក្រក់ ហើយការពារ​ជំនឿ​ដែល​នាង​បាន​រកឃើញ​ថ្មីៗ​ដោយភាព​ក្លាហាន និង​ដោយ​មានជំនឿចិត្ត​នោះ ? » ( « Defenders of the Family Proclamation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤ ។