បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទី​បី​របស់​យ៉ូហាន


សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទី​បី​របស់​យ៉ូហាន

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​សំបុត្រ​ខ្លី​នេះ យ៉ូហាន​បាន​សរសើរ​ដល់​កៃយុស ជា​សមាជិក​សាសនាចក្រ​ម្នាក់​ ដែល​មាន​ភក្ដីភាព​​ក្នុងអំឡុងពេលនៃ​ការ​បះបោរ​ប្រឆាំង​មួយ​ទាស់​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ការ​បង្រៀន​របស់​យ៉ូហាន​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ឡើង​ពី​ការ​ក្បត់​សាសនា​ ដែល​បាន​កើត​ឡើង​ក្នុង​សាសនាចក្រ​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​អាច​បំផុស​គំនិត​ពួកគេ​​ឲ្យ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ មិន​ថា​មាន​ការ​បដិសេធជំទាស់​បែប​ណា​នោះ​ទេ ។

តើនរណាជាអ្នកសរសេរគម្ពីរនេះ ?

អ្នក​និពន្ធ​បាន​បង្ហាញ​ខ្លួន​លោក​ថា​ជា « អ្នក​ចាស់​ទុំ » ( យ៉ូហាន​ទី៣ ១:១ ) ហើយ​តាមទម្លាប់​ត្រូវ​បាន​ស្គាល់​ថា​ជា​សាវក​យ៉ូហាន ។

តើ​គម្ពីរ​នេះត្រូវ​បាន​សរសេរ​នៅពេលណា និង នៅកន្លែងណា​​ ?

គ្មាន​នរណា​ម្នាក់​ដឹក​ពិត​ប្រាកដអំ​ពី​ពេលវេលា និង​ទីកន្លែង​ដែល​គម្ពីរ​យ៉ូហាន​ទី ៣ ត្រូវ​សរសេរ​ឡើង​នោះ​ទេ ។

ប្រសិន​បើ​ទម្លាប់​នៃ​ការ​ស្នាក់​នៅ​ដ៏​យូរ​របស់​យ៉ូហាន​នៅ​អេភេសូរត្រឹម​​ត្រូវ នោះ​លោក​អាច​សរសេរ​សំបុត្រ​នេះ​នៅ​ទីនោះ​​នៅ​ចន្លោះ គ.ស. ៧០ និង ១០០ ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

សំបុត្រ​ទី​បី​របស់​យ៉ូហាន​ត្រូវ​បាន​សរសេរ​ទៅ​កៃយុស ជា​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​យ៉ូហាន​បាន​សរសើរ ​ដោយ​សារគាត់​​បាន​បង្ហាញ​ភក្ដីភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ដោយ​ផ្ដល់​ការ​ស្នាក់​នៅ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ ពេល​ពួកគាត់​ធ្វើ​ដំណើរ ( សូមមើល យ៉ូហានទី៣ ១:៥–៨ ) ។

យ៉ូហាន​ក៏​បាន​ព្រមាន​ដល់​កៃយុស​ផង​ដែរ​អំពី​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​ ឌីអូត្រេព ជា​អ្នក​ដែល​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​មូលដ្ឋាន​របស់​សាសនាចក្រ ។ ឌីអូត្រេព​បាន​បដិសេធ​យ៉ូហាន និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​សាសនាចក្រ​ដោយ​បើក​ចំហ ហើយ​ថែម​ទាំង​រារាំង​សមាជិក​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ដែល​បានប្រាថ្នាចង់​ទទួល​ពួកគាត់​មិន​ឲ្យ​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ​ ( សូម​មើល យ៉ូហានទី៣ ១:៩–១០ ) ។ យ៉ូហាន​បាន​លើក​ទឹក​ចិត្ត​កៃយុស​ឲ្យ​បន្ត​ធ្វើ​សេចក្ដី​ល្អ ហើយ​ថ្លែង​ថា លោក​រំពឹង​ទុក​ថា លោក​នឹង​ទៅ​លេង​នឹង​កៃយុស​ឆាប់ៗ​នេះ ( សូមមើល យ៉ូហានទី៣ ១:១១–១៤ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

នៅ​ក្នុង​យ៉ូហាន​ទី៣ យើង​ឃើញ​នូវ​កង្វល់​របស់​យ៉ូហាន​ស្ដីពី​ឥទ្ធិពល​នៃ​ការ​ក្បត់​សាសនា​នៅ​ក្នុង​សាសនាចក្រ ។ យើង​ក៏​ឃើញ​ផង​ដែរ​ពី​សេចក្ដី​ស្រឡាញ់​របស់​យ៉ូហាន​ចំពោះ​មនុស្ស​ដទៃ​ទៀត និង​អំណរ​ដែល​លោក​មាន​ចំពោះ​ជន​ដែល​ជ្រើស​យកជីវិត​នៃ​ការ​គោរព​ប្រតិបត្តិ ( សូមមើល យ៉ូហានទី៣ ១:៤ ) ។

គម្រោង

យ៉ូហានទី៣ ១ យ៉ូហាន​សរសើរ​កៃយុស​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​របស់​គាត់ ហើយ​បាន​ព្រមានប្រឆាំង​ថ្នាក់​ដឹកនាំ​ម្នាក់​ដែល​បាន​បដិសេធ​យ៉ូហាន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​របស់​សាសនាចក្រ ។