បណ្ណាល័យ
មេរៀនទី ១ ៖ សេចក្ដី​ផ្ដើម​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី


មេរៀនទី ១

សេចក្ដី​ផ្ដើម​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី

សេចក្ដីផ្ដើម

ព្រះគម្ពីរ​សញ្ញា​ថ្មី គឺជា​កំណត់ត្រា​ដ៏​សំខាន់​មួយ​អំពី​ជីវិត​រមែង​ស្លាប់ ការ​បង្រៀន និង ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ការ​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ហើយ​និង​ការ​បម្រើ​នៃ​ពួកសិស្ស​របស់​ទ្រង់​កាល​ពី​បុរាណ នៅពេល​ទ្រង់​បាន​បន្ត​ដឹកនាំ​ពួកគេ បន្ទាប់ពី​ការ​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់ ។ មេរៀន​នេះ​មាន​គោលបំណង​រៀបចំ​ខ្លួន ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ដោយ​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ពី​មូលបទ​សំខាន់​ពីរ​ដែល​មាន​នៅ​ក្នុង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​សាវក​របស់​ទ្រង់​កាល​ពី​បុរាណ ៖ ការ​អញ្ជើញ​ម្ដង​ហើយ​ម្ដងទៀត​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ និង ទំនួល​ខុសត្រូវ​នៃ​ពួក​សិស្ស​របស់​ទ្រង់​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​រឿង​ដូចគ្នា ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះគម្ពីរ​សញ្ញា​ថ្មី​ជួយ​យើង​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន​ពី​មុន​ចាប់ផ្ដើម​បង្រៀន ៖ តើ​បន្ទុក​ដ៏​លំបាក​មួយ​ចំនួន​ដែល​យុវវ័យ​ជួប​នៅ​ក្នុងសម័យ​យើង​នេះ​មាន​អ្វី​ខ្លះ ?

សូម​យក​ប្រអប់​ទទេរ ឬ​កាបូប​ស្ពាយ​មួយ ព្រមទាំង​របស់​ធ្ងន់ៗ​ដើម្បី​ដាក់​នៅ​ក្នុង​ប្រអប់ ឬ​កាបូប​នោះ​ដូចជា ដុំ​ថ្ម ឬ​សៀវភៅ​ទៅ​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ក្ដារខៀន ហើយ​ឲ្យ​គាត់​កាន់​ប្រអប់​ទទេរ ឬ​ស្ពាយ​កាបូប​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ឆ្លើយ​នឹង​សំណួរ​ដែល​មាន​នៅ​លើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​ទៀត​ឡើង​មក​សរសេរ​ចម្លើយ​របស់​សិស្ស​នោះ នៅ​លើ​ក្ដារខៀន ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​នីមួយៗ សូម​ដាក់​របស់​ធ្ងន់​មួយ​នៅ​ក្នុង​ប្រអប់ ឬ​កាបូប​នោះ​រហូត​ដល់​វា​ពេញ ។

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា​ដែរ ប្រសិន​បើ​អ្នក​ត្រូវ​ទ្រ​បន្ទុក​នេះ​ពេញ​មួយ​ថ្ងៃ ?

សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​ការប្រឈម ឬ​ការលំបាក​នានា​ដែល​បន្ទុក​មួយ​ចំនួន ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​អាច​បង្ក​ដល់​មនុស្ស​ម្នាក់ ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​យើង​អំពី​ការ​បម្រើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ និង ក្រោយ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​បញ្ចូល​ទាំង​ការ​បង្រៀន អព្ភូតហេតុ ពលិកម្មធួន និង​ការ​យាង​របស់​ទ្រង់​ទៅ​ជួប​នឹង​ពួក​សិស្ស​នៃ​សាសនាចក្រ​កាល​ពី​បុរាណ ។ តាមរយៈ​ការ​បង្រៀន​ទាំងឡាយ និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​មនុស្ស​ដទៃទៀតនោះ​វាគឺជា​សេចក្ដី​ពិត​មួយ​ដែល​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​អាច​ជួយ​យើង​សម្រាល​បន្ទុក​ដែល​យើង​មាន ។

សូម​ពន្យល់​ថា ម៉ាថាយ ១១ មាន​ដាក់​បញ្ចូល​នូវ​ឧទាហរណ៍​មួយ​នៃ​បាវចនា​ដ៏​សំខាន់​នេះ​ដែល​សិស្ស​នឹង​ឃើញ​ជា​រឿយៗ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នា​ឆ្នាំ​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១១:២៨ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ដោយ​រកមើល​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​អស់​អ្នក​ដែលទ្រទ្រង់បន្ទុក​ធ្ងន់ ។

  • តើ​អ្នក​គិត​ថា ការ​នឿយ​ព្រួយ ហើយ​មាន​ផ្ទុក​ធ្ងន់ មាន​ន័យ​ដូចម្ដេច ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សេចក្តីសម្រាក​របស់​ទ្រង់ ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ​រួម​ជា​មួយ​នឹង​បន្ទុក​របស់​យើងនោះ ទ្រង់​នឹង​ឲ្យ​យើង​​បាន​សម្រាក ) ។

  • តើ​អ្នក​គិត​ថា ការ​មក​រក​ព្រះយេស៊ូ​គ្រីស្ទ​មាន​ន័យ​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​នៃ​ការ​មក​រក​ព្រះគ្រីស្ទ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១១:២៩–៣០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ស្វែងរក​បន្ទូល​ណែនាំ​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​អស់​អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ចង់​មក​រក​ទ្រង់ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​មក​រក​ព្រះគ្រីស្ទ ?

សូម​គូរ រូប នឹម​គោ​មួយ​នៅ​លើ​ក្ដារ​ខៀន ឬ​បង្ហាញ​រូប​នឹម​មួយ ។

រូបភាព
នឹម​ឈើ

សូម​ពន្យល់​ថា នឹម​គឺជាធ្នឹម ឈើមួយ ដែលភ្ជាប់ ឬ​ដាក់​គោ ឬ សត្វដទៃទៀត​មួយ​នឹម ដើម្បីឲ្យ​វា​អាច​ទាញ​បន្ទុក​មួយ​រួម​គ្នា ។

  • តើ​អ្វី​ទៅ​ជា​គោលបំណង និង អត្ថប្រយោជន៍​របស់​នឹម ? ( ទោះ​បី​ជា នឹម​នោះ​គឺជា​ទម្ងន់ ឬ​បន្ទុក​មួយ​ក្ដី ក៏​វា​អនុញ្ញាត​ឲ្យ​សត្វ​ទាំង​ពីរ​ក្បាល​រួម​ថាមពល និង កម្លាំង​របស់​វា ដើម្បី​បង្កើន​នូវ​ផលិតភាព​របស់​វា​ដែរ ) ។

  • តើ​អ្នក​គិត​ថា ការ​ទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​មក​លើ​យើង មានន័យ​ដូចម្ដេច ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​មក​ពី​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ៖ សុំ​ឲ្យ​សិស្ស​ស្ដាប់ ហើយ​គិត​ពី​របៀប​ដែល​យើង​អាច​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់​លើ​យើង ហើយ​ថា​តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ការ​ធ្វើ​ដូច្នេះ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« នឹម​មួយ​ទឹម​ សត្វ​ឲ្យ​ដើរ​ទន្ទឹមគ្នា ដើម្បី​វា​អាចឈានទៅមុខទាំងអស់គ្នា ក្នុងការសម្រេចកិច្ចការមួយ។

« ចូរ​ពិចារណា​អំពី​ការអញ្ជើញ​ដ៏ពិសេស​របស់​ព្រះ​អម្ចាស់​ដល់​យើង​ម្នាក់ៗ​ថា ‹ ចូរ​ទទួ​ល​នឹម​ខ្ញុំចុះ › ។ ការចុះ​និង​ការ​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ គឺ​ជា​ការ​ទឹម​យើង​ជាមួយនឹង​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ មានន័យ​ថា ព្រះ​អង្គ​សង្គ្រោះ កំពុង​តែ​អញ្ជើញ​យើង ឲ្យ​ពឹងផ្អែក ហើយ​ទាញ​ជាមួយ​នឹង​ទ្រង់ ទោះ​ជា​សមត្ថភាព​ល្អបំផុត​របស់​យើង មិនស្មើ ឬ​មិន​អាច​ប្រៀប​នឹង​ទ្រង់​ក៏​ដោយ ។ កាលណា​យើង​ទុកចិត្ត ហើយ​ទាញបន្ទុក​យើង​ជាមួយ​ទ្រង់ ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ នោះ​នឹម​ទ្រង់​ពិត​ជា​ងាយ ហើយ​បន្ទុក​ទ្រង់​ពិត​ជា​ស្រាល ។

« យើង​នឹង​ពុំ​នៅ​ម្នាក់​ឯងឡើយ ។ យើងអាច​ឆ្ពោះ​ទៅ​មុខ​ក្នុង​ ជីវិតប្រចាំ​ថ្ងៃ​របស់យើង ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង​អាច​ទទួល​បាន​សមត្ថភាព និង ‹ លើស​កម្លាំង​[របស់​យើង] › (‹ ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ › ទំនុកតម្កើង លេខ ១៣៥) » (« Bear Up Their Burdens with Ease »Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ​៨៨) ។

  • តើ​អ្វី​ទៅ​ដែល​« ទឹម »​យើង​នឹង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ?

  • យោង​តាម​អែលឌើរ បែដណា តើ​ពរជ័យ​នៃ​ការ​ជាប់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​អ្វី​ខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ​អំពី « សេចក្តីសំរាក » នៅ​ក្នុង ម៉ាថាយ ១១:២៨–២៩ ពុំ​មាន​ន័យ​ថា ទ្រង់​នឹង​ដក​យក​បញ្ហា ឬ​ការ​ប្រឈម​របស់​យើង​ជានិច្ច​នោះទេ ។ ជារឿយៗ ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​សេចក្ដី​សុខសាន្ត​ និង កម្លាំងដែល​យើង​ត្រូវ​ការ​ដល់​យើង​ដើម្បី​យក​ឈ្នះ ឬ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​របស់​យើង ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បន្ទុក​របស់​យើង​បាន​ស្រាល ។ ប្រសិន​បើ​យើង​ស្មោះត្រង់​នៅ​ក្នុង​ការ​ប្រឈម​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់ សេចក្តីសំរាក​ដែល​យើង​នឹង​ទទួល​បាន​គឺជា​ភាព​តម្កើង​ឡើង​ជាមួយ​នឹង​ព្រះ ( សូមមើល គ. និង ស. ៨៤:២៣–២៤ ) ។

សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​សេចក្តីសំរាក​ដល់​ពួកគេ នៅ​ពេល​ពួកគេ​មក​រក​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​ដទៃ​ទៀត​នៅក្នុង​ថ្នាក់ ។ អ្នក​គួរ​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​របស់​អ្នក ។

សូមអញ្ជើញ​សិស្ស​ដាក់​គោលដៅ​ជាក់លាក់​នានា​អំពី​របៀប​ដែល​ពួកគេ​អាច​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ឆ្នាំ ក្នុង​ការ​សិក្សា​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង ការ​អាន ព្រះគម្ពីរ​សញ្ញា​ថ្មី ទាំងមូល​នៅ​ឆ្នាំ​នេះ​ក្នុង​គោលដៅ​របស់​ពួកគេ ។

ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ទ្រង់ ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​នានា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​មាន​បំណង​ចង់​ប្រាប់​នរណា​ម្នាក់​ពី​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន ឬ​អ្វី​មួយ​ដែល​ពួកគេ​បាន​ឃើញ បាន​អាន ឬ​បាន​ស្ដាប់​ឮ​ដោយ​ក្ដី​រំភើប ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​រាយការណ៍​ពី​អ្វី​មួយ​ដែល​ពួកគេ​មាន​បំណង​ចង់​ប្រាប់​មនុស្ស​ម្នាក់​ដោយ​ក្ដី​រំភើប ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ថ្មី​មាន​ឧទាហរណ៍​ជាច្រើន​ពី​បុគ្គល​ដែល​ទទួល​បាន​ការ​ពង្រឹង ការ​បង្រៀន ឬ​មាន​ពរ​ដោយ​សារ​ព្រះអម្ចាស់ រួច​ហើយ​មាន​បំណង​ចង់​ប្រាប់​មនុស្ស​ដទៃ​ទៀត​អំពី​ទ្រង់ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ១:៣៧-៤២ ។ សុំ​ឲ្យ​សិស្ស​ផ្សេងទៀត​ផ្ទៀង​តាម ដោយ​ស្វែងរក​អ្វី​ដែល​ពួក​សិស្ស​ពីរ​នាក់​របស់​យ៉ូហាន បាទីស្ទ បាន​ធ្វើ ក្រោយ​ពី​ស្ដាប់​ឮ​ទី​បន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ ។

  • តើ​អនទ្រេ​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ពេល​លោក​និយាយ​នឹង​ទ្រង់ ?

  • តើ​អនទ្រេ​បាន​ធ្វើ​អ្វីខ្លះ​ក្រោយ​ពី​លោក​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ?

  • ហេតុអ្វី​អ្នក​គិត​ថា​គាត់​មាន​ចិត្ត​ត្រេក​អរ​ដើម្បី​ចែចាយ​ដំណឹង​នេះ​ដល់​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ ស៊ីម៉ូន-ពេត្រុស ?

សូម​សង្ខេប យ៉ូហាន ១:៤៣–៤៤ ដោយ​ប្រាប់​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ភីលីព​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:៤៥-៤៦ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ដោយ​រកមើល​ថាតើ​ភីលីព បាន​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពី​លោក​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ។

  • តើ​ភីលីព បាន​និយាយ​អ្វីខ្លះ​ទៅ​កាន់ ​ណាថាណែល​អំពី​ព្រះយេស៊ូវ​ពី​ស្រុក​ណាសារ៉ែត ?

  • តើ​ណាថាណែល បាន​ឆ្លើយតប​យ៉ាង​ណា​ដែរ​ចំពោះ​ទីបន្ទាល់​របស់​ភីលីព​ដែល​ថ្លែង​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ?

  • តើ​ការ​អញ្ជើញ​របស់​ភីលីព​ដល់​ណាថាណែល​គឺជា​អ្វី​ទៅ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ 

  • យោង​តាម​ឧទាហរណ៍​ទាំងនេះ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី តើ​យើង​នឹង​មាន​បំណង​ប្រាថ្នា​អ្វីខ្លះ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ? ( នៅ​ពេល​សិស្ស​ឆ្លើយ សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន ដើម្បី​វា​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​ធំធេង​មួយ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ទៀតឲ្យ​មក​រក​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ពី​គោលការណ៍​នេះ សូម​ចម្លង តារាង ដែល​ភ្ជាប់​មក​ជាមួយ​នេះ ដាក់​លើ​ក្ដារខៀន ៖

រូបភាព
arrow diagram
  • ហេតុអ្វី​អ្នក​គិត​ថា​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដ៏​ធំធេង​មួយ​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ នៅ​ពេល​យើង​មក​រក​ទ្រង់​ដោយ​ខ្លួន​ឯង​នោះ ?

សូម​ពន្យល់​ថា ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ពី​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​ទទួល​បាន នៅ​ពេល​យើង​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« នៅ​ពេល​អ្នក​អញ្ជើញ​មនុស្ស​ដទៃ​ទៀត ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត នោះ​ដួងចិត្ត​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ។ … តាមរយៈ​ការ​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ អ្នក​នឹង​រកឃើញ​ថា អ្នក​បាន​មក​រក​ទ្រង់​ដោយ​ខ្លួន​ឯង » ( « Come unto Christ » ខែ​ មីនា ឆ្នាំ​២០០៨ ទំព័រ ៤៩ ) ។

  • នៅ​ពេល​យើង​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ តើ​មាន​អ្វីអាច​កើត​ឡើង​នៅ​ក្នុង​ជីវិត​យើង ?

សូម​បន្ថែម​សញ្ញា​ព្រួញ​មួយ​ក្នុង​រូបគំនូរ​លើ​ក្ដារខៀន ដើម្បី​ឲ្យ​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង តារាង ដែល​ភ្ជាប់​មក​ជាមួយ​នោះ ៖

រូបភាព
two arrows diagram
  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការ​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ខិត​កាន់​តែ​ជិត​នឹង​ទ្រង់​ផង​ដែរ ?

  • តើ​នរណា​បាន​អញ្ជើញ​អ្នក​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ? តើ​ជីវិត​របស់​អ្នក​មាន​ពរជ័យ​យ៉ាង​ណា​ដែរ​ដោយសារ​ទង្វើ​នេះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​មនុស្ស ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​មនុស្ស​ដទៃទៀត​ឲ្យ​មក​រក​ទ្រង់ ?

សូម​ពន្យល់​ថា ការ​អញ្ជើញ​មិត្តភក្ដិ និង មិត្ត​រួម​ថ្នាក់​ឲ្យ​ចូល​រួម​ថ្នាក់​សិក្ខាសាលា​គឺជា​វិធី​មួយ​ដែល​សិស្ស​អាច​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ « មក​ឃើញ »​ថាតើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​នរណា និង​ឃើញ​ពី​របៀប​ដែល​ដំណឹងល្អ​របស់​ទ្រង់​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១:៤៧-៥០ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ដោយ​រកមើល​អ្វី​ដែល ណាថាណែល បាន​ដក​ពិសោធន៍​នៅ​ពេល​លោក​បាន​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ( សូម​ពន្យល់​ថា ឃ្លា « គ្មាន​កលឧបាយ »​មានន័យ​ថា គ្មាន​ការ​បោក​បញ្ឆោត ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​ទើប​ធ្វើ​ឲ្យ ណាថាណែល ប្រកាស​ថា ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ?

  • យោង​តាម ខ​ទី ៥០តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​អ្វី​ខ្លះ ដល់​ណាថាណែល ដោយសារ​តែ​លោក​បាន​ជឿ ?

សូម​ពន្យល់​ថា ណាថាណែល ព្រម​ជាមួយ​នឹង អនទ្រេ ពេត្រុស ភីលីព និង អ្នក​ផ្សេង​ទៀត​បាន​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ ។ ដោយ​សារ​ពួក​សាវក​ទាំង​នេះ​បាន​ស្ដាប់​តាម​ការ​អញ្ជើញ​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​បាន​ឃើញ « ការ​ដ៏ធំ​វិសេស » ( ខ​ទី ៥០ ) រួម​បញ្ចូល​ទាំង​អព្ភូតហេតុ និង ការ​បង្រៀន​ទាំងឡាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ ព្រមទាំង​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​របស់​ទ្រង់ ។

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​សិស្ស​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នា​ឆ្នាំ​នេះ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ពី​ការ​ទូល​អង្វរ​ជា​បន្ត​បន្ទាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ ។ នៅ​ពេល​ពួកគេ​អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​រៀន​នៅ​ក្នុង​ឆ្នាំ​នេះ ពួកគេ​នឹង​ទទួល​បាន​ជំនួយ​របស់​ទ្រង់​ដើម្បី​សម្រាល​បន្ទុក​របស់​ពួកគេ ហើយ​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ទ្រង់​ដូចជា​ពួក​សាវក​ពី​បុរាណ​ផង​ដែរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១១:២៩–៣០ ។ « ចូរ​ទទួល​នឹម​ខ្ញុំ »

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​ពី​ពរជ័យ​ដែល​កើត​មាន​នៅ​ពេល​យើង​ទទួល​នឹម​របស់​ព្រះគ្រីស្ទ ៖

« ក្នុង​សម័យ​ព្រះគម្ពីរ​ប៊ីប នឹម​គឺជា​ឧបករណ៍​មួយ​ដែល​ផ្ដល់​ជំនួយ​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​ភ្ជួរ​រាស់​ដី ។ វា​បាន​អនុញ្ញាត​ឲ្យ​កម្លាំង​របស់​សត្វ​ពាហនៈ​ទី​ពីរ​ជួយ​គាំទ្រ​ដល់​ការ​ខិតខំ​របស់​សត្វ​ពាហនៈ​តែ​មួយ ដោយ​ចែក​រំលែក ហើយ​កាត់បន្ថយ​ការ​ងារ​ដ៏​ធ្ងន់​របស់​ន័ង្គល ឬ​រទេះ​នោះ ។ បន្ទុក​មួយ​ដែល​មាន​ភាព​លើស​លុប ឬ​ប្រហែល​ជា​សត្វ​តែ​មួយ​ក្បាល​មិន​អាច​ទ្រាំទ្រ​បានតែឯង នោះ​វា​អាច​ទ្រាំទ្រ​បាន​យ៉ាង​ស្មើភាព​គ្នា ហើយ​ដោយ​ភាព ស្រណុក​ចិត្ត​ដោយ​សត្វ​ពីរ​ក្បាល​ដែល​បាន​ដាក់​ក្នុង​នឹម​តែ​មួយ ។ នឹម​របស់​ទ្រង់​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​មួយ​ដ៏​ធំអស្ចារ្យ ហើយ​ស្មោះ​អស់​ពី​ចិត្ត ប៉ុន្តែ​ចំពោះ​ជន​ដែល​បាន​ប្រែចិត្ត​ជឿ​ពិតប្រាកដ នោះ​នឹម​នេះ​មាន​ភាពងាយ​ស្រួល ហើយ​បន្ទុក​វា​ក៏​ស្រាល​ដែរ ។

« ព្រះគ្រីស្ទ​ទូល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ប្រឈម​នឹង​បន្ទុក​ជីវិត​តែ​ម្នាក់​ឯង ឬ​ហេតុ​អ្វី​បាន​ជា​ប្រឈម​នឹង​វា​ជាមួយ​នឹង​ជំនួយ​បណ្ដោះ​អាសន្ន​ដែល​នឹង​រលាយ​បាត់​ទៅ​វិញ​ដូច្នេះ ? ចំពោះ​ជន​ដែល​មាន​បន្ទុក​ធ្ងន់ មាន​តែ​នឹម​របស់​ព្រះគ្រីស្ទ និង​អំណាច និង សេចក្តី​សុខសាន្ត​នៃ​ការ​ឈរ​ក្បែរ​ព្រះ​ប៉ុណ្ណោះ​ដែល​នឹង​ផ្ដល់​ការ​គាំទ្រ តុល្យភាព និង កម្លាំង​ដើម្បី​តតាំង​នឹង​ការ​ប្រឈម​របស់យើង ហើយ​ស៊ូទ្រាំ​នឹង​កិច្ចការ​របស់​យើង​នៅ​ក្នុង … ជីវិត​រមែង​ស្លាប់​នេះ » ( « Come unto Me » ខែ ​វិច្ឆិកា ឆ្នាំ​១៩៩០ ទំព័រ ១៨ សូមមើល​ផង​ដែរ « Take My Yoke upon You »Ensign ខែ កញ្ញា ឆ្នាំ​ ២០១៣ ទំព័រ ២២–២៣ ] សម្រាប់​រូប​នឹម និង ការ​ពន្យល់​បន្ថែម​ទៀត​អំពី​ការ​ប្រើ និង មុខងារ​របស់​វា ) ។

យ៉ូហាន ១:៣៩, ៤៦ ។ « ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ »

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវ​ដប់​ពីរនាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការ​ចែក​ចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ​ទៀត ៖

« ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ពី​របៀប​ចែក​ចាយ​ដំណឹងល្អ ។ ខ្ញុំ​ចូល​ចិត្ត​រឿង​របស់​អនទ្រេ ដែល​បាន​ទូល​សួរ​ថា ‹ លោក​គ្រូ តើ​លោក​នៅ​ឯ​ណា ? › [ យ៉ូហាន ១:៣៨ ] ។ ព្រះយេស៊ូវ​អាច​មាន​បន្ទូល​តប​ប្រាប់​ពី​ទីតាំង​ដែល​ទ្រង់​គង់​នៅ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​ទៅ​អនទ្រេ​ថា ‹ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ › [ យ៉ូហាន ១:៣៩ ] ។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​មាន​បន្ទូល​ថា ‹ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ពុំ​មែន​គ្រាន់​តែ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​របៀប​ដែល​ខ្ញុំ​រស់​នៅ​ផង ។ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ថាតើ​ខ្ញុំ​ជា​នរណា ។ ចូរ​តាម​ខ្ញុំ​ដើម្បី​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ › ។ …

« ចំពោះ​ជន​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​សន្ទនា​របស់​យើង យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ ‹ តាម​ទៅ​មើល › ។ មនុស្ស​ខ្លះ​នឹង​ទទួល​យក​ការ​អញ្ជើញ​របស់​យើង ហើយ​មនុស្ស​ខ្លះ​ទៀត​នឹង​ពុំ​ទទួល​យក​ទេ ។ យើង​ទាំងអស់​គ្នា​ស្គាល់​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ច្រើន​ដង​ពី​មុន​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​‹ តាម​ទៅ​មើល › ។ ចូរ​យើង​គិត​ពី​ជន​ដែល​ពេល​មួយ​ធ្លាប់​នៅ​ជាមួយ​យើង ប៉ុន្តែ​ឥឡូវ​នេះ​កម្រ​នឹង​ឃើញ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ឃើញ​ម្ដង​ទៀត » ( « It’s a Miracle » ខែ​ ឧសភា ឆ្នាំ​២០១៣ ទំព័រ ៧៩ ) ។