បណ្ណាល័យ
មេរៀនទី ៤ ៖ ការសិក្សា​ព្រះគម្ពីរ


មេរៀនទី ៤

ការសិក្សា​ព្រះគម្ពីរ

សេចក្ដីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ និង ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងស្រុងដែល​ជា​ផ្នែក​មួយ​នៃ​វគ្គ​សិក្សា​នេះ ។ សិស្ស​ក៏​អាច​រៀន​ពី​វិធី​កែលម្អ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

សេចក្ដី​ត្រូវការ​សម្រាប់ ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធភាព

សូម​ឲ្យ សំណៅ​ចម្លង មួយ​នៃ ការស្ទង់មតិខាង​ក្រោម​នេះ​ដល់​សិស្ស​គ្រប់​គ្នា ។ សូម​អញ្ជើញ ​សិស្ស​ពិចារណា​ពី​សេចក្ដី​ថ្លែងការណ៍​នោះ ហើយ​គូស​ចំណាំ​ចម្លើយ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ។ សូម​បញ្ជាក់​អះអាង​ដល់​សិស្ស​ថា អ្នក​នឹង​ពុំ​សុំ​ឲ្យ​ពួកគេ​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ​ឡើយ ។

រូបភាព
ឯកសារ​សម្រាប់​ចែក, ការស្ទង់មតិ

បន្ទាប់​ពី​សិស្ស​បញ្ចប់​ការស្ទង់មតិ​នេះ​ហើយ សូម​អញ្ជើញ​ឲ្យ​ពួកគេ​ពិចារណា​អំឡុង​ពេល​រៀន​មេរៀន​នេះ​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ព្រះគម្ពីរ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ហើយ​ជា​អាង​នៃ​ទឹក​រស់​ដែល​យើង​មាន​សិទ្ធិ​ប្រើ​បាន ហើយ​ដែល​យើង​អាច​ផឹក​បាន​យ៉ាង​ច្រើន ហើយ​យូរ​អង្វែង ។ …

« តាមរយៈ​សកម្មភាព​ធម្មតា​ជា​រៀងរាល់​ថ្ងៃ អ្នក និង ខ្ញុំ​បាត់បង់​សារជាតិ​ទឹក​យ៉ាង​ច្រើន​ដែល​ជាផ្នែក​យ៉ាង​សំខាន់​ដល់​រូបកាយ​របស់​យើង ។ ការ​ស្រេកទឹក​គឺជា​ការ​ត្រូវការ​ទឹក​ពី​កោសិកា​រាងកាយ ហើយ​សារជាតិទឹក​នៅក្នុង​រូបកាយ​យើង​ត្រូវ​តែ​បំពេញ​បន្ថែម​ជា​រៀងរាល់​ថ្ងៃ ។ តាម​ពិត​ទៅ វា​មិនសម​ឡើយ​ដែល​ត្រូវ​‹ បំពេញ › សារជាតិ​ទឹក​ម្ដង​ម្កាល ខណៈដែល​មាន​កង្វះ​ទឹក​ក្នុង​ខ្លួន​យ៉ាង​ច្រើន​នៅ​ចន្លោះ​ពេល​ដ៏​យូរ​នោះ ។ វា​គឺជា​រឿង​ពិត​ដូចគ្នា​ចំពោះ​តម្រូវការ​ខាង​វិញ្ញាណ​ដែរ ។ ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​គឺជា​សេចក្ដីត្រូវការ​មួយ​សម្រាប់​ទឹក​រស់ ។ លំហូរ​ទៀងទាត់​មួយ​នៃ​ទឹក​រស់​គឺមាន​ភាព​ប្រសើរ​ខ្លាំងណាស់​ចំពោះ​ការ​ភ្លក់​ម្ដង​ម្កាល » ( « A Reservoir of Living Water » [ Church Educational System fireside ថ្ងៃទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ១, ៧ broadcast.lds.org ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើងអាច​រៀន​ពី​អែលឌើរ បែដណា​អំពី​អ្វី​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ប្រចាំ ថ្ងៃ យើង​ទទួលបាន​« ទឹករស់ » ដែល​យើង​ត្រូវការ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្តារខៀន ) ។

តម្លៃ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​នៅ​សម័យ​របស់​យើង

ដើម្បី​ជួយ​សិស្ស​យល់​ពី​តម្លៃ និង សារៈសំខាន់​នៃ​ព្រះគម្ពីរ​នៅ​សម័យ​របស់​យើង អ្នក​គួរ​បង្ហាញ​វីដេអូ « The Blessings of Scripture » (៣:០៤ )​ដែល​មាន​នៅ LDS.org ។ នៅ​ក្នុង​វីដេអូ​នេះ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ពណ៌នា​ពី​ការ​លះបង់​ដែល​បុរស​ម្នាក់​បាន​ធ្វើ ដើម្បី​ជួយ​ឲ្យ​មនុស្ស​ជាច្រើន​ឲ្យ​អាច​អាន​ព្រះគម្ពីរ​ប៊ីប ។ ប្រសិនបើ​អ្នក​បង្ហាញ​វីដេអូ​នេះ សូម​ពិចារណា​ផ្អាក​វីដេអូ​នោះបន្តិច​ក្រោយ​ពី​អែលឌើរ គ្រីស្តូហ្វឺសិន​សួរ​ថា « តើ​អ្វី​ទៅ​ដែល​ពួកគេ​បាន​យល់ដឹង ហើយ​ជាអ្វី​ដែល​យើង​គួរ​តែ​យល់ដឹង​ផង​ដែរ ? » ( កូដ​ពេល​វេលា ១:៥៦ ) ដើម្បី​សួរ​សិស្ស​ថា តើ​ពួកគេ​នឹងឆ្លើយ​ចំពោះ​សំណួរ​របស់​លោក​ដោយ​របៀប​ណា ។ រួច​បន្ត​បង្ហាញ​វីដេអូ ។ នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​នោះ សូម​បន្ត​មេរៀន​នៅ​ត្រង់​ឃ្លា​ដែល​ចាប់ផ្ដើម​ដោយ « បន្ទាប់​ពី​វីដេអូ … »

ប្រសិន​បើ​អ្នក​មិន​បង្ហាញ​វីដេអូ ចូរ​សុំ​ឲ្យ​សិស្ស​បួន​នាក់​ឡើង​មក​មុខ​ក្ដារ​ខៀន ហើយ​អាន​ផ្នែក​នៃ​សុន្ទរកថា​របស់​អែលឌើរ គ្រីស្តូហ្វឺសិន​​ខាង​ក្រោម​។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

១. « នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​១៥៣៦ មាន​បុរស​កម្សត់​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​គុក​ងងឹត​នៅ​ប្រាសាទ​វិលវ័រឌេ ជិត​ប្រ៊ុសសេល ប៊េលជីម ។ ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​កន្លះ បុរស​ម្នាក់​នេះ​បាន​រងទុក្ខ​ដោយ​ភាពឯកោ​នៅ​ក្នុង​គុក​ដ៏​កខ្វក់​មួយ ។ ឥឡូវ​នេះ នៅ​ខាង​ក្រៅ​ជញ្ជាំង​ប្រាសាទ អ្នក​ទោស​នោះ​ត្រូវ​គេ​ចង​ភ្ជាប់​នឹង​បង្គោល​មួយ ។ គាត់​មាន​ពេល​បន្លឺ​សំឡេង​អធិស្ឋាន​ខ្លាំងៗ​ជា​ចុងក្រោយ ពីមុន​គាត់​ត្រូវ​គេ​ប្រហារ​ជីវិត​ដោយ​ការ​ព្យួរ-ក ដោយ​ពោល​ថា ‹ ឱ! ព្រះអម្ចាស់​អើយ សូម​បើក​ព្រះនេត្រ​ស្ដេច​ប្រទេស​អង់គ្លេស​ផង › រួច​គាត់​ត្រូវ​បាន​គេ​បង្ក្រាប ។ រំពេច​នោះ រូបកាយ​គាត់​ត្រូវ​គេ​ដុត​ត្រង់​បង្គោល​នោះ ។ តើ​បុរស​នេះ​ជា​នរណា តើ​ត្រូវ​គេ​ដាក់​ទោស​ដោយ​រឿង​ហេតុអ្វី​ដែរ … ? » ( « The Blessing of Scripture»Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២ ) ។

២. « គាត់​ឈ្មោះ​វិល្លិម ធីនឌេល បទ​ឧក្រិដ្ឋ​របស់​គាត់​គឺ​ដោយ​សារ​គាត់​បាន​បក​ប្រែ ហើយ​បោះពុម្ព​ព្រះគម្ពីរ​ប៊ីប​ជា​ភាសា​អង់គ្លេស ។

« … នៅ​ក្នុងការ​ប្រកែក​គ្នា​មួយ​ជាមួយ​នឹង​អាចារ្យ​ម្នាក់​ដែល​ជំទាស់​នឹង​ការ​យក​ព្រះគម្ពីរ​មក​ឲ្យ​មនុស្ស​សាមញ្ញ លោក​ធីនឌេល​បាន​សច្ចា​ថា ‹ ប្រសិន​បើ​ព្រះ​ទុក​ឲ្យ​ខ្ញុំ​មាន​ជីវិត​តែ​បន្តិច​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្មេង​ប្រុស​កសិករ​ម្នាក់ ដែល​ប្រើ​នង្គ័ល ចេះ​ដឹង​ព្រះគម្ពីរ​ច្រើន​ជាង​សម្ដេច​សង្ឃ​ទៅ​ទៀត ! › …

« លោក​វិល្លិម ធីន​ឌេល ពុំ​មែន​ជា​មនុស្ស​ដំបូង ឬ​ក៏​ចុងក្រោយ​គេ​នៃ​ជន​រស់នៅ​ក្នុង​ប្រទេស និង ភាសា​ជាច្រើន​ដែល​បាន​លះបង់ សូម្បី​តែ​សេចក្ដី​ស្លាប់ ដើម្បី​នាំ​ព្រះបន្ទូល​នៃ​ព្រះ​ឲ្យ​ចេញ​ផុត​ពី​ភាព​អាប់អួរ​ឡើយ ។ … តើ​ពួកគេ​បាន​ដឹង​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ដំណឹងល្អ​ដែល​យើង​ក៏​ត្រូវ​ដឹង​ដែរ​នោះ ? តើ​មនុស្ស​ដែល​បាន​រស់នៅ​ប្រទេស​អង់គ្លេស​ក្នុង​សវត្សរ៍​ទី ១៦ ជា​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ហើយ​បាន​ប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់​ដើម្បី​មាន​ព្រះគម្ពីរ​ប៊ីប​នោះ​បាន​យល់​ដឹង​អ្វីខ្លះ ជារឿង​ដែល​យើង​ក៏​គួរ​តែ​យល់​ដឹង​ដែរ​នោះ ? ( « The Blessing of Scripture »ទំព័រ ៣២ ) ។

សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​បាន​ធ្វើ​ការ​លះបង់​ដ៏​ធំ​បែប​នេះ​ដើម្បី​មាន​ព្រះគម្ពីរ ?

ចូរ​សុំ​ឲ្យ​អ្នក​អាន​ទី​បី​បន្ត​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

៣. « ក្នុង​សម័យ​លោក​ធីនឌេល ភាព​អវិជ្ជមាន​ខាង​បទគម្ពីរ​កាន់តែ​រីកសាយ​ភាយ ដោយសារ​មនុស្ស​គ្មាន​ព្រះគម្ពីរ​ប៊ីប​ប្រើ​ច្រើន ។ សព្វថ្ងៃ​នេះ​ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​ផ្សេងទៀត​មាន​គ្រប់​ទីកន្លែង ប៉ុន្តែ​មាន​ការ​កើនឡើង​នូវ​ភាព​អវិជ្ជា​ខាង​បទគម្ពីរ ដោយ​សារ​មនុស្ស​ពុំ​បើក​វា ។ ជា​លទ្ធផល ពួកគេ​បាន​បំភ្លេច​អ្វី​ដែល​ជីដូន​ជីតា​ពួកគេ​ដឹង » ( « The Blessing of Scripture »ទំព័រ ៣៣ ) ។

សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​អ្នក​គិត​ថា​មនុស្ស​ខ្លះ​នៅ​សម័យ​យើង​នេះ​មិន​អាន​ព្រះគម្ពីរ ស្របតាម​សមត្ថភាព​របស់ខ្ឡួន ?

ចូរ​សុំ​ឲ្យ​អ្នក​អាន​ទី​បួន​បន្ត​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

៤. « សូម​ពិចារណា​អំពី​ទំហំ​នៃ​ពរជ័យ​របស់​យើង​ក្នុងការ​មាន​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ ៩០០ ទំព័រ​បន្ថែម​ទៀត​រួម​មាន ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ … ប្រាកដ​ណាស់ តាមរយៈ​ពរជ័យ​នេះ ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ប្រាប់​យើង​ថា សេចក្ដី​ត្រូវការ​របស់​យើង​សម្រាប់​ការ​ប្រើ​ព្រះគម្ពីរ​ឲ្យ​បាន​ញឹក​ញាប់​គឺធំ​ជាង​ជំនាន់​ណាៗ​ទាំងអស់ » ( « The Blessing of Scripture »ទំព័រ ៣៥ ) ។

បន្ទាប់​ពី​វីដេអូ​នេះ ( ឬ​បន្ទាប់​ពី​អ្នក​អាន​ទី​បួន​បញ្ចប់​ការ​អាន​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ) សូម​អញ្ជើញ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ជឿ​ថា​អែលឌើរ គ្រីស្តូហ្វឺសិន​កំពុង​ថ្លែង​ពី​សេចក្ដី​ត្រូវការ​របស់​យើង​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ ។ បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​សូមសរសេរ​សេចក្ដី​ពិតខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ នៅ​សព្វថ្ងៃ​នេះ​យើង​ត្រូវការ​ព្រះគម្ពីរ​ជាង​ជំនាន់​ណាៗ​ទាំងអស់ ។

  • ហេតុ​អ្វី​អ្នក​គិតថា​នៅ​សព្វថ្ងៃ​នេះ​យើង​ត្រូវការ​ព្រះគម្ពីរ​ជាង​ជំនាន់​ណាៗ​ទាំងអស់ ?

ដើម្បី​ជួយ​សិស្ស​យល់​ដឹង​ថាតើ​ការ​សិក្សា​ព្រះគម្ពីរ​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​យើង​យ៉ាង​ណា​នោះ សូម​ពន្យល់​ថា សាវក​ប៉ុល​បាន​សរសេរ​លិខិត​មួយ​ដែល​នៅ​ក្នុង​នោះ​លោក​បាន​រៀបរាប់​ពី​ស្ថានភាព​មួយ​ចំនួន​នៃ​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី ២ ៣:១–៥, ១៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយ​រក​មើល​អំពើបាប និង ឥរិយាបថ​មួយ​ចំនួន​ដែល​កើត​មាន​ទូទៅ​នៅ​ក្នុង​ជំនាន់​យើង ។ ( អ្នក​គួរ​ប្រាប់​សិស្ស​ឲ្យ​មើល​ទៅ​លេខ​យោង​ដើម្បី​ទទួល​បាន​ជំនួយ​ឲ្យ​យល់​ន័យ​ពាក្យ ឬ​ឃ្លា​ពិបាកៗ​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ ) ។

  • តើ​អំពើបាប និង ឥរិយាបថ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ ដែល​អ្នក​ធ្លាប់​ឃើញ​នៅ​ក្នុង​សង្គម​យើង​នាសព្វថ្ងៃ​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ធីម៉ូថេទី ២ ៣:១៤–១៧ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​រក​មើល​ថា តើ​យើង​អាច​ស្វែងរក​សុវត្ថិភាព​នៅ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​ទាំង​នេះ​បាន​ដោយ​របៀប​ណា ។

  • តើ​យើង​អាច​ស្វែងរក​សុវត្ថិភាព​នៅ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​ទាំង​នេះ​បាន​ដោយ​របៀប​ណា ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​អាច​ទទួល​បាន 

  • យោងតាម ធីម៉ូថេទី ២ ៣:១៥–១៧តើ​យើង​ទទួល​បាន​ពរជ័យ​អ្វីខ្លះ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ ហើយ​រស់នៅ​តាម​ការ​បង្រៀន​ទាំង​នោះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន​ ដែល​មាន​ន័យ​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​អាច​ទទួល​បាន​ប្រាជ្ញា ការ​កែ​តម្រូវ និង ការ​ណែនាំ​ដែល​នឹង​ដឹកនាំ​យើង​ទៅ​រក​សេចក្ដី​សង្គ្រោះ ) ។

សូម​ពន្យល់​ថា សេចក្ដីថ្លែង​ការណ៍​នៅ​លើ​ក្ដារខៀន​គឺជា​ឧទាហរណ៍​នៃ​គោលការណ៍​មួយ ។ គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​សេចក្ដីពិត​គ្រឹះ ពុំ​ផ្លាស់ប្ដូរ ដែល​ផ្ដល់​ការ​ដឹកនាំ​ចំពោះ​ជីវិត​រស់​នៅ​របស់​យើង ។ ចំណុច​មួយ​នៃ​គោលបំណង​សំខាន់​របស់​ព្រះគម្ពីរ គឺ​ដើម្បី​បង្រៀន​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ យើង​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង​ឲ្យ​កាន់​តែ​មាន​អត្ថន័យ​ដោយ​ការ​ស្រាវជ្រាវ​រក​គោលលទ្ធិ និង គោលការណ៍​នានា ការ​សញ្ជឹងគិត​ពី​អត្ថន័យ​របស់​វា និង ការ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​យើង ។

សូម​យោង​ទៅ​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​លើ​ក្ដារខៀន​ម្ដងទៀត ។

  • តើ​អ្នក​គិត​ថា នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​អាច​ទទួល​បាន​ប្រាជ្ញា ការ​កែ​តម្រូវ និង ការ​ណែនាំ​មាន​ន័យ​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​បាន​ទទួល​ប្រាជ្ញា ការ​កែ​តម្រូវ ឬ ការ​ណែនាំ ដែល​ជា​លទ្ធផល​នៃ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​ពេល​ណា​ដែរ ? ( អ្នក​គួរ​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ ) ។

ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រចាំ​ថ្ងៃ

សូម​ពន្យល់​ថា ការ​រំពឹង​ទុក​មួយ​សម្រាប់​វគ្គសិក្សា​នេះ​ក្នុង​ថ្នាក់​សិក្ខាសាលា គឺ​ឲ្យ​សិស្ស​អាន ព្រះគម្ពីរ​សញ្ញា​ថ្មីទាំងមូល ។ នេះ​គឺជា​តម្រូវការ​មួយ​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា ។

សូម​ពន្យល់​ថា ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​នឹង​តម្រូវ​ឲ្យមាន​ការ​តាំង​ចិត្ត​ដ៏​មុតមាំ ប៉ុន្តែ​វា​គឺជា​ការ​ខិត​ខំ​ដ៏​មាន​តម្លៃ ។ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​នេះ សូម​បង្ហាញ​កែវ​ថ្លា​ពីរ​ដែល​មាន​ទឹក​ពេញ ( ឬ​ក៏ភេសជ្ជៈ ) ។ សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឈរនៅ​ក្បែរ​កែវ​នីមួយៗ ។ សូម​ឲ្យ​បំពង់​បឺតទៅ​សិស្ស​ម្នាក់ ។ ឲ្យ​បំពង់​បឺត​ប្រាំពីរ​ដើម ចង​ជា​បាច់​មួយទៅ​សិស្ស​ម្នាក់​ទៀត ។ សូម​ប្រាប់​ពួកគេ​ឲ្យ​បឺត​ទឹក​ទាំងអស់​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដោយ​ប្រើ​បំពង់​បឺត​នោះ ។ ( សិស្ស​ដែល​មាន​បំពង់​បឺតមួយ​គួរ​តែ​បឺតទឹក​អស់​មុន រីឯ​សិស្ស​ម្នាក់​ទៀត​គួរ​មាន​ការ​ពិបាក​ក្នុង​បឺតទឹក​តាម​បំពង់​បឺត​ទាំងនោះ ) ។ សូម​អញ្ជើញ​សិស្ស​ទាំង​ពីរ​នាក់​នេះ​ទៅ​អង្គុយ​វិញ រួច​សួរ​សិស្ស​ផ្សេងទៀត ៖

  • តើ​សកម្មភាព​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ណា​ដែរ​ទៅ​នឹង​គោលដៅ​របស់​យើង ចំពោះ​ការ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល​នៅ​ក្នុង​វគ្គ​សិក្សា​នេះ ? ( សិស្ស​ដែល​មាន​បំពង់​បឺតប្រាំពីរ ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្យាយាម​អាន​ផ្នែក​ដ៏​ធំ​ក្នុង​ព្រះគម្ពីរ​ក្នុង​ពេល​តែ​មួយ ) ។ សិស្ស​ដែល​មាន​បំពង់​បឺតមួយ​គឺ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​អាន​មួយ​ផ្នែក​តូច​ជា​រៀង​រាល់ថ្ងៃ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថាតើ​ពួកគេ​អាច​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល​ដោយ​អាន​បន្តិច​ម្ដងៗ​ជា​ទៀងទាត់​តាម​របៀប​ណា ចូរ​សុំ​ឲ្យ​ពួកគេ​ចែក​ទំព័រ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( មាន​៣៧៩ ទំព័រ នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប )​នឹង​ចំនួន​ថ្ងៃ​សរុប​រហូត​ដល់​ថ្ងៃ​បញ្ចប់​វគ្គសិក្សា​នេះ ។ ឧទាហរណ៍ ប្រសិន​បើ​វគ្គសិក្សា​នេះ​ត្រូវ​បង្រៀន​ក្នុង​រយៈពេល ២៨០ ថ្ងៃ សិស្ស​ត្រូវ​អាន​ប្រហែល​ជា ១ ទំព័រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បញ្ចប់​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ចុង​បញ្ចប់​នៃ​វគ្គ​សិក្សា​នេះ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​អាច​កើត​មាន​ដល់​សិស្ស នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដោយ​ឧស្សាហ៍ ។ សិស្ស​នឹង​ទទួល​បាន​ប្រាជ្ញា ការ​កែ​តម្រូវ និង ការ​ណែនាំ​ពី​ព្រះគម្ពីរ ហើយ​មាន​ពរ​ជាមួយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​យោង​ទៅ​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​លើ​ក្ដារខៀន​ម្ដង​ទៀត ហើយ​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ សិស្ស​នឹង​ដក​ពិសោធន៍​នូវ​ពរជ័យ​ដែល​ប៉ុល​បាន​រៀបរាប់​នៅ​ក្នុង ធីម៉ូថេទី ២ ៣:១៥–១៧ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គោលដៅ​ដើម្បី​ញែក​ពេលវេលា​រាល់​ថ្ងៃ សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ហើយ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងមូល ។ សូម​អញ្ជើញ​សិស្ស​សរសេរ​គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ពរជ័យ​កើត​មាន​នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​បាន​ថ្លែង ៖

« ព្រះអម្ចាស់​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​កែតម្រូវ​ការ​គិត​ខុសឆ្គង ទំនៀមទំលាប់​ខុស​ឆ្គង និង​អំពើបាប ព្រមទាំង ឥទ្ធិពល​ដ៏​អន្តរាយ​របស់​វា » ។ ទ្រង់​គឺ​ជា​ឪពុក​​ដ៏​មាន​មេត្តា​ករុណា ដែលមិន​ចង់ឲ្យ​យើង​រងទុក្ខ​វេទនា​ និង​ទុក្ខព្រួយ ដែល​ក្នុង​ពេល​ជាមួយ​គ្នានោះ​ទ្រង់​ជួយ​យើង​ឲ្យ​ដឹង​ពី​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​ទៀត​ផង ។ …

« នៅ​ចុង​បញ្ចប់ គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​ទាំងអស់ គឺ​ដើម្បី​បំពេញ​ព្រលឹង​របស់​យើង​ជាមួយ​សេចក្ដី​ជំនឿ​លើ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ( « The Blessing of Scripture »Liahona ខែ​ ឧសភា ឆ្នាំ​ ២០១០ ទំព័រ ​៣៣–៣៤ ) ។

ស៊ិស្ទើរ​ជូលី ប៊ី ប៊េក អតីត​ប្រធាន សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

« ប្រសិន​បើ​អ្នក​ពុំ​ទាន់​បាន​បង្កើត​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​នៅ​ឡើយ សូម​ចាប់​ផ្ដើម​វា​នៅ​ពេល​នេះចុះ ហើយ​បន្ត​សិក្សា​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ទំនួល​ខុសត្រូវ​របស់​អ្នក​នៅ​ក្នុង​ជីវិត​នេះ និង នៅ​ភាព​អស់​កល្ប​ជានិច្ច ។ …

« … កូនសោ​ដើម្បី​បើក​យក​ចំណេះដឹង​ដ៏សំខាន់​គឺ​ការ​បន្ត​សិក្សា ។ … ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​ពី​ព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ៥:៣៩ ) ។ វា​ប្រាប់​យើង​រាល់​កិច្ចការ​ដែល​យើង​គួរ​ធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៣) ។ វា​‹ នាំ​ឲ្យ [ យើង ] មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ › ( ធីម៉ូថេទី ២ ៣:១៥ ) ។

« … តាម​រយៈ​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​អ្នក អ្នក​នឹង​ត្រូវ​បាន​‹ នាំ​ឲ្យ​ជឿ​ដល់​ព្រះគម្ពីរ​បរិសុទ្ធ​ទាំងឡាយ មែនហើយ សេចក្ដី​ព្យាករ​ទាំងឡាយ​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ដែល​បាន​កត់​ទុក › ( ហេលេមិន ១៥:៧ ) ។ អ្នក​នឹង​ក្លាយ​ជា​ម្ដាយ [ និង ឪពុក ] ព្រមទាំង​ជា​ថ្នាក់ដឹកនាំ​ដែល​នឹង​ជួយ​រៀបចំ​ជំនាន់​ក្រោយ​ជាមួយ​នឹង​ការ​យល់ដឹង និង ទីបន្ទាល់​ពី​ដំណឹងល្អ » ( « My Soul Delighteth in the Scriptures »Liahona ខែ​ ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ១០៨–៩ ) ។

អព្ភូតហេតុ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ

នៅ​ក្នុង​សុន្ទរកថា​មួយ​សម្រាប់​សន្និសីទ​ទូទៅ​ដែល​មាន​ចំណង​ជើង​ថា « The Miracle of the Holy Bible »EnsignLiahona ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ ៨០–៨២ ) អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​សារៈសំខាន់ និង គុណតម្លៃ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ហើយ​បាន​ទទួល​ស្គាល់​ពី​ការ​ខិតខំ​នៃ​ការ​ធ្វើ​ទុក្ករកកម្ម និង​ពួក​អ្នក​កែទម្រង់​គ្រីស្ទាន ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ប៊ីប​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ លោក​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​អំណរ​គុណ​ចំពោះ​ព្រះគម្ពីរ​បរិសុទ្ធ ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា « វា​ពុំ​មែន​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​គាប់ជួន​ឡើយ ដែល​យើង​មាន​ព្រះគម្ពីរ​ប៊ីប​នៅ​សព្វថ្ងៃ​នេះ » ( « The Miracle of the Holy Bible »ទំព័រ ៨០ ) ។