បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ១-៥ ( មេរៀនទី ២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ១–៥ ( មេរៀន​ទី ២ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង ​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ម៉ាថាយ ១- ៥ ( មេរៀន​ទី ២) ពុំមែន​​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាថាយ ១–២ )

នៅ​ពេល​សិស្ស​បាន​សិក្សា​អំពី​ពង្សាវតា​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​សួគ៌ និង ម៉ារា ។ នៅ​ក្នុង​គំរូ​របស់​ពួកហោរា​ដែល​បាន​មក​ថ្វាយ​បង្គំ​ព្រះយេស៊ូវ សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះ និង ដោយ​ឧស្សាហ៍ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​ទ្រង់ ។ ការ​អាន​អំពី​របៀប​ដែល​យ៉ូសែប​ ត្រូវ​បាន​បំផុស​ឲ្យ​នាំ​គ្រួសារ​គាត់​ភៀស​ខ្លួន​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​មាន​សុវត្ថិភាព សិស្ស​បាន​រកឃើញ​ថា ប្រសិន​បើ​យើង​បន្ទន់ចិត្តយើងទៅតាម​ព្រះវិញ្ញាណ នោះយើង​អាច​ទទួល​បាន​វិវរណៈ និង ការ​ដឹកនាំ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ៣ )

នៅ​ពេល​សិស្ស​អាន​អំពី យ៉ូហាន បាទីស្ទ និង ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ។ យើង​បង្ហាញ​ការ​ប្រែចិត្ត​ពិត​ចំពោះ​ព្រះអម្ចាស់ នៅ​ពេលយើង​ផ្លាស់​ប្ដូរ​បំណង​ប្រាថ្នា និង ទង្វើ​របស់​យើង​ដើម្បី​ធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ ។ បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​ដោយ​បុគ្គលម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច គឺជា​រឿង​ដ៏​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ។ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​តួអង្គ​បី​អង្គ​ដាច់​ដោយ​ឡែក​ពីគ្នា ។

ថ្ងៃ​ទី ៣ ( ម៉ាថាយ ៤ )

នៅ​ពេល​សិស្ស​អាន​ពី​បន្ទូល​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​នឹង​ការ​ល្បួង​របស់​អារក្ស ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​នឹកចាំ ហើយ​អនុវត្ត​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ យើង​អាច​តតាំង​នឹង​ការ​ល្បួង​របស់​អារក្ស​បាន ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នាំ​យក​ពន្លឺ​ចូល​ទៅ​ក្នុង​ជីវិត​របស់​ជន​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ។ នៅ​ពេល​សិស្ស​អាន​ពី ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន ពួកគេ​បាន​រក​ឃើញ​សេចក្ដី​ពិត​ដូចខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ឆ្លើយ​តបភ្លាមៗ​ចំពោះ​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ ទ្រង់អាច​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ជាង ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ៥ )

នៅ​ក្នុង​មេរៀន​នេះ​សិស្ស​អាន​ផ្នែក​មួយ​នៃ​ទេសនកថា​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ភ្នំ ។ នៅ​ក្នុង​ទេសនកថា​នេះ ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ៖ នៅពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ នោះយើងនឹងកាន់តែរកឃើញសុភមង្គល ។ ការ​មាន​ភាព​កខ្វក់​ដោយ​អំពើបាប​នៃ​លោកិយ​អាច​រារាំង​យើង​ពី​ការ​ធ្វើ​ជា​ពរជ័យ​មួយ​សម្រាប់​មនុស្ស​ដទៃទៀត ។ គំរូ​សុចរិត​របស់​យើង​អាច​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ទៀត​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌ ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ពី​ក្រឹត្យវិន័យ​ខ្ពង់ខ្ពស់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។

សេចក្តីផ្តើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ លើស​ពី​នេះ​ទៀត នៅ​ពេល​សិស្ស​មើល​ក្រឹត្យវិន័យ​ខ្ពង់ខ្ពង់​របស់​ព្រះអម្ចាស់​ឡើង​វិញ ពួកគេ​អាច​ត្រិះរិះ​ពី​របៀប​ដើម្បី​កែលម្អ​របៀប​ដែល​ពួកគេ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៥:១៧-៤៨

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​សួគ៌

សូមសរសេរសំណួរខាងក្រោម​នេះ នៅលើក្ដារខៀនពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​ព្រះបញ្ញត្តិ​មួយ​ណា​ដែល​អ្នក​គិត​ថា​មនុស្ស​ពិបាក​គោរព​តាម​ជាងគេ​បំផុត ? នៅ​ពេល​ថ្នាក់​ចាប់ផ្ដើម សុំ​ឲ្យ​សិស្ស​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៤៨ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរកមើល​ព្រះបញ្ញត្តិ​មួយ​ដែល​ពិបាក​គោរព​តាម ។ អ្នក​គួរ​អាន​ការ​បកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ៥:៤៨ ។ដែល​ចែង​ថា « ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​បាន​បង្គាប់​ឲ្យ​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ។

  • តើ​ព្រះបញ្ញត្តិ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បែបណា​ដែរ ?

  • តើ​អ្នក​គិត​ថា ភាព​គ្រប់​លក្ខណ៍​មាន​ន័យ​ដូចម្ដេច ?

សូម​ពន្យល់​ថា ពាក្យ « គ្រប់លក្ខណ៍ » ត្រូវ​បាន​បក​ប្រែ​ចេញ​ពី​ពាក្យ​ក្រិក​មួយ​ពាក្យ​ដែល​មាន​ន័យ​ថា ឬ សុំ​ឲ្យ​សិស្ស​អាន « បង្ហើយ »« បញ្ចប់ »« បាន​អភិវឌ្ឍ​យ៉ាង​ពេញ​លេញ » ។ សូម​សួរ​សិស្ស​ពី​របៀប​ដែល​សេចក្ដី​ពន្យល់​នេះ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ខគម្ពីរ​នេះ​កាន់​តែ​ប្រសើរ​ឡើង ។ សូម​ពន្យល់​ថា​ដើម្បីឲ្យក្លាយទៅជា​ពេញ​លេញ ឬ​ត្រូវបានបាន​អភិវឌ្ឍ​យ៉ាង​ពេញ​លេញ​នោះ​មាន​ន័យ​ថា​ ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ។

នៅ​ពេល​សិស្ស​បន្ត​ការ​សិក្សា​អំពី​ទេសនកថា​នៅ​លើ​ភ្នំ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង ម៉ាថាយ ៥សុំ​ឲ្យ​ពួកគេ​រក​មើល​គោលការណ៍​ដែល​ពួកគេ​ត្រូវ​ធ្វើ​តាម ដើម្បី​បាន​ចម្រើន​ឡើង​ឆ្ពោះ​ទៅ​កាន់​ភាព​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

សូម​សង្ខេប ម៉ាថាយ ៥:១៧–២០ ដោយ​ពន្យល់​ថាព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ទ្រង់​បាន​យាង​មក​ដើម្បី​បំពេញ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ពុំ​មែន​យាង​មក​ដើម្បី​បំផ្លាញ ឬ​លុប​បំបាត់​ចោល​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ណា​មួយ​ នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ឡើង​វិញ​នូវ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​ដែល​បាន​បាត់​បង់​ដោយ​សារ​តែ​អំពើ​ទុច្ចរិត និង ការ​ក្បត់​សាសនា ទ្រង់​បាន​កែតម្រូវការ​ការ​បង្រៀន​ខុស​ឆ្គង ហើយ​បាន​បំពេញ​ការ​ព្យាករ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នៅ​ទីបំផុត ដោយ​សារ​ជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​ឡើង​វិញ កត្តា​មួយ​ចំនួន​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ត្រូវ​បាន​បញ្ឈប់ ដូច​ជា​ការ​កាត់​ស្បែក និង ​ការ​បូជា​សត្វ ។

សូម​ពន្យល់​ថា ម៉ាថាយ ៥:២១–៤៨ រួមបញ្ចូល​ទាំង​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ក្រឹត្យវិន័យ និង ទំនៀមទម្លាប់​នានា​ដែល​ពួក​សាសន៍​យូដា​បាន​បង្កើត ឬ​បន្ថែម​ទៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពន្យល់​ពី​អត្ថន័យ​ពិត​នៃ​ក្រឹត្យវិន័យ​នោះ ទ្រង់​បាន​បង្រៀន​ពីរបៀប​ដ៏​ខ្ពង់ខ្ពស់​មួយ​នៃ​សេចក្ដី​សុចរិត ។ សមាជិក​នៃ​នគរ​របស់​ទ្រង់​ត្រូវ​រស់​នៅ​តាម​ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់​នេះ ។ ក្រឹត្យវិន័យ​ដ៏​ខ្ពស់​ទាំងនេះ​បាន​ផ្ដល់​ការ​ដឹកនាំ​ដើម្បី​ជួយ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ចៀសវាង​ពី​ការ​បំពាន​ព្រះបញ្ញត្តិ​របស់​ព្រះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​នឹកចាំ​ពី​រឿង​មួយ​ចំនួន​ ដែល​ពួកគេ​បាន​រៀន​ពី​ក្រឹត្យវិន័យដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​មេរៀន​សិក្សា​នៅ​ផ្ទះ​របស់​ពួកគេ អ្នក​គួរ​សរសេរ​ប្រយោគខាង​ក្រោម​នៅ​លើ​ក្ដារ​ខៀន ៖ កុំ​ឲ្យសម្លាប់​មនុស្ស​ឲ្យ​សោះ។ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។

សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ពី​ក្រឹត្យវិន័យ​ទាំងនេះ ។ ( ប្រសិន​បើសិស្ស​មិន​ចាំ សុំ​ឲ្យ​ពួក​គេ​បើក​ទៅ ម៉ាថាយ ៥:២១–២៦ និង ម៉ាថាយ ៥:២៧–៣០តាម​លំដាប់​លំដោយ ) ។

  • តើ​គ្រោះថ្នាក់​ណាខ្លះដែលអាចកើតមានឡើង ដោយសារ​តែ​ការ​ពុំ​អាច​គ្រប់​គ្រង​កំហឹង​របស់​យើង​បាន ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​គ្រប់គ្រង​គំនិត​របស់​យើង ?

សូម​សង្ខេប ម៉ាថាយ ៥:៣១–៣៧ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការ​លែង​លះ អាពាហ៍ពិពាហ៍ និង ការ​ធ្វើ​សម្បថ ។

សូម​អញ្ជើញ​សិស្ស​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​នៅ​សាលា​បាន​និយាយ​រឿង​ដ៏​អាក្រក់​អំពី​ពួកគេ ។ សូម​សួរ​ទៅ​សិស្ស​ថា​តើ​ពួកគេ​នឹង​ឆ្លើយ​តប​យ៉ាង​ណា ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៣៨ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរកមើលអ្វី​ដែល​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​បង្រៀន​អំពី​ការ​ដាក់​ទោស​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើបាប ឬ​កំហុស ។ សូម​អញ្ជើញ​ឲ្យ​ពួកគេ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពន្យល់​ថា​ឃ្លា « ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ » មាន​ន័យ​ថា នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ការ​ដាក់​ទោស​ត្រូវ​តែ​សក្ដិសម​នឹង​ទម្ងន់ទោសនោះ ។

សូម​បំបែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃ​គូ​ម្នាក់​អាន ម៉ាថាយ ៥:៣៩–៤២ ហើយឲ្យ​ដៃ​គូ​ម្នាក់​ទៀត​អាន ម៉ាថាយ ៥:៤៣–៤៧ ។ ចូរសុំ​ឲ្យ​ពួកគេ​រក​មើល​ក្រឹត្យវិន័យ​ដ៏​ខ្ពង់ខ្ពស់ ។ លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​សំណួរ​ខាង​ក្រោម​ជាមួយ​នឹង​ដៃ​គូ​ខ្លួន ( អ្នក​គួរ​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ ក្ដារ​ខៀន ឬ​ចែក​ឯកសារ​ឲ្យ​ពួកគេ) ៖

យោងតាម​ព្រះអង្គ​សង្គ្រោះ តើ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់​គឺជា​អ្វីទៅ ?

តើ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់ខ្ពស់​នេះ​បង្រៀន​យើង​អ្វី​ខ្លះ ពី​របៀប​ដែល​យើង​គួរ​ធ្វើ​ដាក់​ជន​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ?

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យសិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃ ។

សូម​អញ្ចើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៤៥ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថាតើ​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​យើង​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​ធ្វើ​ល្អ​ដាក់​ជន​ដែល​ស្អប់​យើង ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​ធ្វើ​ល្អ​ដាក់​ជន​ដែល​ស្អប់​យើង ?

  • ដោយ​ដឹង​ថា យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​វិញ្ញាណ​របស់​ព្រះ តើ​អ្នក​គិត​ថា​ការ​ធ្វើ​ជា​កូនចៅ​នៃ​ព្រះវរ​បិតា​​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ដូចម្ដេច ? ( វា​មាន​ន័យ​ថា ការ​ក្លាយ​ដូចជា​ទ្រង់ ហើយ​ក្លាយ​ជា​អ្នក​គ្រង​នគរ​របស់​ទ្រង់ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​គំរូ​ពី​ការ​ស្រឡាញ់​ពួក​សត្រូវ​របស់​ទ្រង់ និង​ ការ​ធ្វើ​ល្អ​ដល់​អ្នក​ដទៃ​នៅ​ក្នុងជីវិតរមែងស្លាប់របស់​ទ្រង់​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​ពួក​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ៥ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​បាន​គ្រប់លក្ខណ៍​ដូចជា​ព្រះវរបិតា​សួគ៌ ។

  • តើ​កិច្ចការ​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​អ្វីខ្លះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀង​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ធ្វើ​តាម​ការ​បង្រៀន និង​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ) ។

សូម​រំឭក​សិស្ស​ថា មាន​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ទើប​យើង​អាច​បាន​គ្រប់​លក្ខណ៍ ( សូម​មើល មរ៉ូណៃ ១០:៣២ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំណើរ​ការ​នៃ​ការ​បាន​គ្រប់លក្ខណ៍ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ រ័សុល អិម ណិលសុន ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« យើង​ពុំចាំបាច់​ស្រងាក​ចិត្តទេ បើកិច្ចខិតខំ​ដ៏​ស្មោះបំផុត​របស់​យើង​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ ក្នុងពេល​នេះ​មើល​ទៅ​ហាក់ដូចជា ​[ ពិបាក ] ​ក្រៃលែង ឬ​គ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះ​គឺ​កំពុងនៅរង់ចាំ​ ។ វា​អាច​បាន​ពេញលេញ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ វា​កំពុង​រង់ចាំ​ពួក​អ្នក​ទាំងអស់​ណា​ដែល​ស្រឡាញ់​ទ្រង់ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » (« Perfection Pending » Ensign ខែ​ វិច្ឆិកា ឆ្នាំ ​១៩៩៥ ទំព័រ ៨៨ ) ។

  • យោង​តាម​អែលឌើរ ណិលសុន តើ​យើង​នឹង​បាន​គ្រប់លក្ខណ៍​នៅ​ពេល​ណា ?

  • តើ​សេចក្ដី​ថ្លែងការណ៍​នេះ​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​លើសលុប ហើយ​បាក់​ទឹក​ចិត្ត​ដោយ​សារ​តែ​ភាព​មិន​គ្រប់​លក្ខណ៍​របស់​ខ្លួន​ដោយ​របៀប​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្សឲ្យ​បន្ត​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ដើម្បី​នៅ​ទីបំផុត​ពួកគេ​អាច​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ៦:១–១៣:២៣ )

ដើម្បី​ជួយ​រៀបចំ​ខ្លួន​សិស្ស​សម្រាប់​មេរៀន​បន្ទាប់ សុំ​ឲ្យ​ពួកគេ​ត្រិះរិះ​ពី​សំណួរ​ដូច​ត​ទៅ ៖ តើ​ក្រឹត្យវិន័យ​មាសគឺជា​អ្វី ? តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​ ស្ដីពី​ការថ្កោលទោស​អ្នក​ដទៃ ? តើ​មាន​អ្វី​កើតឡើង​ចំពោះ​ជន​ដែល​បម្រើ​ចៅហ្វាយ​ពីរ ? តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បីឲ្យ​ព្រះអង្គ​សង្គ្រោះព្យាបាល ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​មាន​ឱកាស​រៀន​ពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ហើយ​រៀន​អំពី​ភារៈ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់ ។