បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ៦:១-១៣:២៣ ( មេរៀន​ទី ៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ៦:១-១៣:២៣ ( មេរៀន​ទី ៣ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង ​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ៦:១-១៣:២៣ ( មេរៀន​ទី ៣ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាថាយ ៦-៧ )

នៅ​ពេល​សិស្ស​បន្ត​ការ​សិក្សា​របស់​ពួកគេ​ស្ដីពី​ទេសនកថា​នៅ​លើ​ភ្នំ ពួកគេ​បាន​រៀន​ដូចតទៅ ៖ ប្រសិន​បើ​យើង​ធ្វើ​​ការ​លះបង់ ​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ជាជាង​ទាមទារ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ដទៃ នោះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​យើង​យ៉ាង​ធំ​ធេង ។ យើង​ពុំ​អាច​បម្រើ​ទាំង​ព្រះ​ និង​ ទ្រព្យ​សម្បត្តិ​ក្នុងពេលតែមួយបាន​ទេ ។ នៅ​ពេល​យើង​ទូល​សូមស្វែងរក ហើយ​គោះ​នៅ​ក្នុង​ការស្វែងរក​រក​សេចក្ដី​ពិត ព្រះវរបិតាសួគ៌​នឹង​ឆ្លើយតប ហើយ​ប្រទាន​វិវរណៈ​ផ្ទាល់​ខ្លួន​ដល់​យើង ។ យើង​អាច​ដឹង​ពីពួក​ព្យាការី​ក្លែង​ក្លាយ​ដោយ​ផល​របស់​ពួកគេ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ៨-១០ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវ​អាច​ព្យាបាល​ពិការភាព និង ជំងឺ​របស់​យើង ហើយ​ថា​ទ្រង់​បាន​ហៅ ពួក​សាវក​ព្រមទាំង​ប្រទាន​សិទ្ធិអំណាច​របស់​ទ្រង់​ដល់​ពួកគាត់ ។ សិស្ស​ក៏​រកឃើញ​ផង​ដែរ​ថា នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​បំផុស​ចិត្ត​យើង​ឲ្យ​ដឹងពី​អ្វីដែល​ត្រូវ​និយាយ​ពេល​ត្រូវការ ហើយ​ប្រសិន​បើ​យើង​លះបង់​ជីវិត​របស់​យើង ( លះបង់​ពេល​វេលា​របស់​យើង ) សម្រាប់បុព្វហេតុរបស់​​ព្រះគ្រីស្ទ នោះ​យើង​នឹង​រកឃើញ​គោលបំណង​នៅ​ក្នុង​ជីវិត ។

ថ្ងៃ​ទី ៣ ( ម៉ាថាយ ១១-១២ )

សិស្ស​បាន​រៀន​ថា នៅ​ពេល​យើង​ខិតខំ​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នៅ​ពេល​យើង​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ទីបន្ទាល់​របស់​យើង​ពី​ទ្រង់​អាចត្រូវបាន​ពង្រឹង​ ហើយ​ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​សម្រាល​បន្ទុក​យើង ហើយ​ឲ្យ​យើង​បាន​សម្រាក ។ លើស​ពី​នេះ​ទៀត សិស្ស​បាន​រៀន​ពី​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ចំពោះ​ព្រះ និង​ ការ​ជំនួស​ឥទ្ធិពល​អាក្រក់​នៅ​ក្នុង​ជីវិត​ពួកគេ​ដោយ​រឿង​ល្អៗ ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ១-២៣ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​រឿងប្រៀបប្រដូច​នៃ​អ្នក​ព្រួស​គ្រាប់​ពូជ ពួក​គេ​បាន​រៀន​ថា កង្វល់​ពី​លោកិយ​អាច​រំខាន​យើង ធ្វើ​ឲ្យ​យើង​ដក​ការ​ផ្ដោតយកចិត្តទុកដាក់ ​យើង​ចេញ​ពី​ព្រះអម្ចាស់ ហើយ​ជាន់ពន្លិចសេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​យើង​ពី​ព្រះបន្ទូល​របស់​ព្រះ ។ ដើម្បី​ការ​ពារ​រឿង​នេះ​កុំ​ឲ្យ​កើត​ឡើង ហើយ​ក្លាយ​ជា​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវ​ទទួល​ព្រះបន្ទូល​ព្រះ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ទីបន្ទាល់​យើង​បាន​ចាក់ឫស​យ៉ាង​ជ្រៅ ។

សេចក្តីផ្តើម

ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ម៉ាថាយ ៧​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ​ ដោយ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​កាត់​សេចក្ដី​ដោយ​សុចរិត ។ ទ្រង់​ក៏​បង្រៀន​ពី​ការ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន និង​ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ នៅ​ក្នុង​មេរៀន​សិក្សា​នៅ​ផ្ទះ​សម្រាប់​មេរៀន​ទី ១ និង​មេរៀន​ថ្ងៃ​ទី ៣​ សម្រាប់សប្ដាហ៍​នេះ សិស្ស​បាន​សិក្សា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ក្នុង ម៉ាថាយ ១១:២៨–៣០ ។ សូម​ពិចារណា​ចំណាយ​ពេល​ពីរ​បី​នាទី​មើល​វគ្គ​នោះ​ឡើង​វិញ​ជាមួយ​សិស្ស ។

ម៉ាថាយ ៧: ១-៥

ជា​ផ្នែក​មួយ​នៃ​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​កាត់​សេចក្ដី​ដោយ​សុចរិត ។

សូមសរសេរសំណួរខាងក្រោម​នេះ នៅលើក្ដារខៀនពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​យើង​គួរ ឬ​មិន​គួរ​កាត់​សេចក្ដី​អ្នក​ដទៃ ? នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន សុំ​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ ។

សូម​ដាក់រូប The Sermon on the MountGospel Art Book [ ឆ្នាំ​២០០៩] ល.រ. ៣៩ សូម​មើល​ផងដែរ LDS.org ) ។ សូម​ពន្យល់​ថា នៅពេល​ព្រះយេស៊ូវ​បាន​បន្ត​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​ការ​កាត់​សេចក្ដី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរកមើលអ្វីដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការ​កាត់​សេចក្ដី ។ សូម​ចង្អុល​បង្ហាញ​ថា ខ​ទី ១ ជា​រឿយៗ​ត្រូវ​បានគេ​យល់​ខុស​ដោយ​គិត​ថាយើង​ពុំ​គួរ​កាត់​សេចក្ដីនោះទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១ -២ ឲ្យឮៗ ។

  • តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​អ្វី​ខ្លះ​អំពី​ការ​កាត់​សេចក្ដី ?

  • តើ​អ្នក​គិត​ថា ការ​ការ​កាត់​សេចក្ដីដោយ​សុចរិត​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ៧:២ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាមរកមើល​អ្វី​ដែល​នឹង​កើតឡើងចំពោះយើង ​ ផ្អែក​តាម​របៀប​ដែល​យើង​កាត់​សេចក្ដី​អ្នក​ដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យរៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( អ្នក​គួរ​ពន្យល់​ថា ឃ្លា « គេ​នឹង​វាល់​ឲ្យ​អ្នករាល់គ្នា » មានន័យ​ថា របៀប​ដែល​អ្នក​រាល់គ្នា​វាស់ ឬ​ថ្កោលទោស ) ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​កាត់​សេចក្ដី​អ្នកដទៃ​ដោយ​សុចរិត ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​កាត់​សេចក្ដី​អ្នក​ដទៃ​ដោយ​សុចរិត នោះ​ព្រះ​នឹង​ប្រទាន​សេចក្ដី​មេត្តា​ករុណា និង​ ភាពស្មើ​ភាពគ្នា​ដូចគ្នា​ដល់​យើង ) ។

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ចែក​សំណៅ​នៃសេចក្ដី​ថ្លែងការណ៍ខាង​ក្រោម​ក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ប្រភេទ​នៃ​ការ​កាត់​សេចក្ដី​ដែល​យើង​គួរ និង ​ពុំ​គួរ​ធ្វើ ព្រមទាំង ​របៀប​ដែល​យើង​អាច​កាត់​សេចក្ដី​ដោយ​សុចរិត ។

« ពេល​ខ្លះ​មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការ​វិនិច្ឆ័យ​អ្នក​ដទៃ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ ។ ខណៈ​ដែលថា អ្នកពិតជា​មិនគួរថ្កោលទោស​អ្នក​ដទៃ ឬ វិនិច្ឆ័យ​ពួកគេ​ដោយ​អ​យុត្តិធម៌ នោះ​អ្នក​នឹង​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​ពី​គំនិត ពី​ស្ថានភាព និង ពី​មនុស្ស នៅក្នុង​ឆាក​ជីវិត​របស់​អ្នក ។ …

« ការវិនិច្ឆ័យ​គឺជា​ការ​ប្រើ​សេរីភាព​យ៉ាង​សំខាន់​របស់​អ្នក ហើយ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា ជា​ពិសេស ពេល​អ្នក​ធ្វើ​ការ​វិនិច្ឆ័យ​​មនុស្ស​ដទៃ​ទៀត ។ ការ​វិនិច្ឆ័យ​ទាំង​អស់​របស់​អ្នក​ត្រូវ​តែ​បាន​ដឹកនាំ​ដោយ​មាត្រដ្ឋាន​សុចរិត ។ សូម​ចងចាំ​ថា​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ ហើយ​ដែល​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​បង្អស់​ពី​បុគ្គល​ម្នាក់ៗ ( សូម​មើល វិវរណៈ ២០:១២, នីហ្វៃទី​៣ ២៧:១៤, គ. និង ស. ១៣៧:៩ ) ។ …

« … ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក វិនិច្ឆ័យ​ពី​ស្ថានភាព​របស់​មនុស្ស​ជាជាង​ទៅលើ​បុគ្គល​នោះ​ផ្ទាល់ ។ ពេលណាក៏​​ដោយ​ដែល​អាច​ធ្វើ​ទៅ​បាន ចូរ​ជៀសវាង​ធ្វើ​ការ​វិនិច្ឆ័យ​រហូតទាល់តែ​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ល្មម​នៃ​ការ​ពិត​នោះ ។ ចូរ​ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​អង្គ​ដឹកនាំ​ការ​សម្រេច​ចិត្ត​របស់​អ្នក » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ​២០០៤ ] ទំព័រ ៩០–៩១ ) ។

  • តើ​ការ​កាត់​សេចក្ដី​ប្រភេទ​ណា​ខ្លះ​ដែល​យើង​គួរ​ធ្វើ ?

  • តើ​យើង​អាច​កាត់​សេចក្ដី​ដោយសុចរិត​តាម​របៀប​ណា ?

  • តើ​ឧទាហរណ៍​មួយ​ចំនួន​ពី​គ្រា​ដែល​មនុស្ស​ម្នាក់​នឹង​ត្រូវ​ធ្វើ​ការ​កាត់សេចក្ដី​សុចរិត​មួយ​មាន​អ្វី​ខ្លះ ?

សូម​ដាក់​បង្ហាញ​បំណែក​ឈើ​តួច​មួយ និង ឈើ​មួយ​ដើម​វែង ហើយ​ក្រាស់ ។ សូម​ពន្យល់​ថា កាល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សិស្ស​ទ្រង់​ពី​ការ​កាត់​សេចក្ដី ទ្រង់​បាន​ហៅ​បំណែក​ឈើ​តូច​មួយ​ជា កម្ចេច និង ឈើ​មួយ​ដើម​ធំ​ជា ធ្នឹម  ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ៧:៣ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរកមើលអ្វីដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការ​កាត់​សេចក្ដី​អ្នក​ដទៃ ។

  • តើ​កម្ទេច និង ធ្នឹម​តំណាង​ឲ្យ​អ្វី​ដែរ នៅក្នុង​វិធី​រៀបរាប់​ភាព​ស្រដៀង​គ្នា​របស់​ព្រះអង្គ​សង្គ្រោះ ។ ( វា​តំណាង​ឲ្យ​កំហុស ភាព​ទន់ខ្សោយ ឬ​អំពើបាប​ទោះ​តូច​ឬ​ធំ​ក្ដី ) ។

  • តើ​អ្នក​អាច​និយាយ​ឡើងវិញ​នូវ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ៣យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​​ឲ្យ​សិស្ស​ពីរ​នាក់ឡើង​មក​ក្ដារខៀន ។ សូម​ណែនាំ​សិស្ស​ម្នាក់​ឲ្យ​កាត់​ធ្នឹម​ដាក់​ពី​មុខ​ភ្នែក​ខ្លួន ។ សូម​សួរ​សិស្ស​ទីពីរ ៖

  • តើ​ប្អូន​ចង់​ឲ្យ​មិត្ត​រួម​ថ្នាក់​ប្អូន​ដែល​កាន់​ធ្នឹម​ដក​យកកម្ទេច​ចេញ​ពី​ភ្នែក​ប្អូន​ដែរ​ឬទេ ? ហេតុអ្វីមិនចង់ ?

សូម​សួរ​សិស្ស​ដែល​កាន់​ធ្នឹម ៖

  • តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​បានមើល​ឃើញ​ច្បាស់​ពី​មុន​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​មិត្ត​រួម​ថ្នាក់​ប្អូន ?

សូម​អញ្ជើញ​សិស្ស​ទាំង​ពី​នាក់​នោះ​ត្រឡប់​ទៅ​អង្គុយ​វិញ ។ ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:៤-៥ ឲ្យឮៗ ។ សូម​អញ្ជើញសិស្ស​ក្នុង​ថ្នាក់​រក​មើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​គួរ​ព្រួយ​បារម្ភ​ពី​កំហុស​របស់​នរណា​ទៅ ។

  • តើ​កង្វល់ និង ​ការ​កែតម្រូវ​របស់​យើងគួរ​ផ្ដោត​លើ​កំហុស​អ្នក​ដទៃ ឬ​លើ​កំហុស​ខ្លួន​ឯង ? ហេតុអ្វី ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការ​កាត់​សេចក្ដី​អ្នកដទៃ​ដោយ​ឥត​សុចរិត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ផ្ដោត​លើ​ការ​ដក​យក​អំពើ​បាប និង​ភាពទន់ខ្សោយ​​​ផ្ទាល់​ខ្លួន នោះ​យើងនឹង​ពុំ​សូវ​កាត់​សេចក្ដី​អ្នក​ដទៃ​ដោយមិនសុចរិតឡើយ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​យើង​បែប​ណា​ដែរ ពេល​យើង​ឃើញកម្ទេច​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្សេង ?

អ្នក​អាច​ឲ្យ​បំណែក​ឈើ​តូច​មួយ​ទៅ​សិស្ស​ដើម្បី​ទុក​ជា​ការ​រំឭក​ចាំ​ពី​គោលការណ៍​នេះ ។ សូម​អញ្ជើញ​សិស្ស​​ឲ្យ​សញ្ជឹង​គិត​ពី​អំពើបាប ឬ​ភាព​ទន់ខ្សោយ​ដែល​ពួកគេ​អាច​ដក​ចេញ​ពី​ជីវិត​របស់​ខ្លួន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទូល​សូម​ជំនួយ​ពី​ព្រះអម្ចាស់​ ដើម្បី​ដកយក​គុណវិបត្តិ​របស់​ខ្លួន​ជាជាង​​ការ​កាត់​សេចក្ដី​អ្នក​ដទៃ​ដោយមិន​សុចរិត ។

ម៉ាថាយ ៧:២៤-២៧

ព្រះអង្គ​សង្គ្រោះ​សន្យា​នឹង​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ជនណាដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។

សូម​ដាក់​បង្ហាញ​ដុំ​ថ្ម​មួយ និង ខ្សាច់​មួយ​ថាស ។ សូម​សួរ​សិស្ស​ថាតើ​ពួកគេ​ចង់​សង់​ផ្ទះ​របស់​ខ្លួន​លើ​ខ្សាច់ ឬ​លើ​ថ្ម ។ សូម​អញ្ជើញ​ពួកគេ​ពន្យល់​ពី​មូលហេតុ ។

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:២៤-២៧ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ប្រៀប​បាន​នឹង​ការ​សង់​ផ្ទះ​លើ​ថ្មី និង អ្វី​ដែល​ប្រៀប​បាន​នឹង​ការ​សង់​ផ្ទះ​លើ​ខ្សាច់ ។

  • យោង​តាម ខ​ទី ២៤តើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រៀប​បាន​នឹង​មនុស្ស​ឆ្លាត​ដែល​សង់​ផ្ទះ​នៅ​លើ​ថ្ម ?

  • យោង​តាម ខ​ទី ២៦តើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្សម្នាក់​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់ខ្លៅ​ដែល​សង់​ផ្ទះ​នៅ​លើ​ខ្សាច់ ?

  • តើ​អ្នក​គិត​ថា ភ្លៀង ទឹក​ជំនន់ និង ខ្យល់ ( សូមមើល ខ​ទី ២៧ សូម​មើល​ផងដែរ ហេលេមិន ៥:១២ ) តំណាង​ឲ្យ​អ្វី​នៅ​ក្នុង​ការ​រៀបរាប់​ភាព​ស្រដៀង​គ្នា​ទាំងនេះ ?

  • តើការអនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ បង្ហាញដល់យើង​នូវ​គោលការណ៍​អ្វី​ខ្លះ​ចំពោះរឿងប្រៀបធៀបទាំងនេះ​ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​យើង​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​របស់​យើង ។ ប្រសិន​បើ​យើង​ស្ដាប់​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ប៉ុន្តែ​ពុំ​បាន​ធ្វើ​តាម នោះ​យើង​នឹង​ពុំ​ទទួល​បាន​ការ​គាំទ្រ​ដែល​យើង​ត្រូវការ នៅ​ពេល​ការ​សាកល្បង​បាន​មក​ដល់​ឡើយ ) ។

សូម​អញ្ជើញ​សិស្ស​ធ្វើ​ដូចជា​មនុស្ស​ឆ្លាត​នោះ ដោយ​សម្រេច​ចិត្ត​ធ្វើ​តាម​គោលការណ៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ អ្នក​គួរ​ឲ្យ​ពេល​សិស្ស​សរសេរ​ពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​មួយ ឬ​ច្រើន​នៅ​ក្នុង​មេរៀន​នេះ ឬ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ពី​ការ​បង្រៀន​ដែលនៅសេសសល់នៃ​ទេសនកថា​នៅ​លើ​ភ្នំ ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ១៣:២៤–១៧:២៧ )

សូម​ប្រាប់​សិស្ស​ថា នៅ​សប្ដាហ៍​ក្រោយ​ពួកគេ​នឹង​អាន​ពី​ផែនការ​អាក្រក់​ដែល​បាន​ដឹកនាំ​ឲ្យ​មាន​ការ​សម្លាប់ ​​យ៉ូហាន បាទីស្ទ ។ ពួក​គេ​ក៏​នឹង​រៀន​ផង​ដែរ​ ពី​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖ ហេតុអ្វី​បាន​ជាស្ដេចហេរូឌ​ បង្គាប់​ឲ្យ​កាត់​ក្បាល​​យ៉ូហាន ? ហេតុអ្វី​ពេត្រុស​លិច​ចូល​ទៅ​ក្នុង​ទឹក​បន្ទាប់​ពី​បាន​ដើរ​លើ​ទឹក​ប្រកប​ដោយ​ជោគជ័យ ? ចូរសុំ​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ប្រសិន​បើ​មាន​មិត្ត​ជិតស្និទ្ធ ឬ​សមាជិក​គ្រួសារ​ម្នាក់​ស្លាប់ ។ នៅ​ពេល​ពួកគេ​សិក្សា​មេរៀន​បន្ទាប់ សុំ​ឲ្យ​ពួកគេ​រក​មើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​ជាទីស្រឡាញ់ និង ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​ភ្នំ​ប្រែ​រូប​នោះ ។